រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ទីរបញ្ចកោណ នឹងដកកងទ័ព១.១០០នាក់ពីបេសកកម្មព្រំដែនអាមេរិក-ម៉ិកស៊ិក

2023/08/02 02:46:34 pm        80
អាមេរិក៖ មន្ទីរបញ្ចកោណនឹងដកកងទ័ពទទួលភារៈកិច្ចសកម្មចំនួន១.១០០នាក់ ពីព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលមន្ទីរបានដាក់ពង្រាយកាលពីដើមឆ្នាំនេះ ខណៈរដ្ឋាភិបាល បានត្រោមខ្លួនសម្រាប់ការបញ្ចប់វិធានការរឹតត្បិតសុំសិទ្ធជ្រកកោនទាក់ទងទៅនឹងជំងឺរាតត្បាត។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានអនុម័តការដាក់ពង្រាយកងទ័ពទទួលភារកិច្ចសកម្មសរុប១.៥០០នាក់សម្រាប់ការបង្កើនវត្តមានយោធារយៈពេល៩០ថ្ងៃជាបណ្តោះអាសន្ន នៅព្រំដែនកាលពីខែឧសភា។នៅពេលនោះ ការឆ្លងកាត់ព្រំដែនដោយខុសច្បាប់បានកើនឡើងយ៉ាងឆាប់រហ័សនូវការព្រួយបារម្ភកាន់តែខ្ពស់ បន្ទាប់ពីវិធានការរឹតត្បិតបានបញ្ចប់ ប៉ុន្តែជំនួសមកវិញចំនួននៃការឆ្លងកាត់បានធ្លាក់ចុះ។មន្ត្រីក្រសួងការពារជាតិ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាពីបញ្ហាលម្អិតមុនការប្រកាសថា កងទ័ព១.១០០នាក់ នឹងបញ្ចប់បេសកកម្មរយៈពេល៩០ថ្ងៃរបស់ពួកគេ នៅត្រឹមថ្ងៃទី៨ ខែសីហា ហើយកងទ័ព៤០០នាក់ទៀតដែលនៅសល់នឹងត្រូវបន្ថែមុំពេលរហូតដល់ថ្ងៃទី៣១ ខែសីហា។ កងទ័ពត្រូវបានដាក់ពង្រាយដើម្បី ជួយការពារព្រំដែន ដែលក្រុមមន្ត្រីកំពុងដោះស្រាយការបញ្ចប់ទីនៃមាត្រា៤២។ វិធានការនេះត្រូវបានអនុញ្ញាតឲ្យរដ្ឋាភិបាលបណ្តេញទៅវិញជាបន្ទាន់នូវជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ចេញពីប្រទេសនេះ ក្នុងនាមការពារអាមេរិកពីជំងឺ Covid-19៕

CMACស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង២រយតោន ចេញពីទន្លេ ក្នុងឆមាសទី១ឆ្នាំនេះ

2023/08/02 02:45:03 pm        550
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់ មីនកម្ពុជា (CMAC) បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ស្ថិតនៅការដ្ឋានកោះពាមរាំង សម្រេចលទ្ធផល ស្រង់គ្រាប់ពីបាត ទន្លេមេង្គ បានជាង១ម៉ឺន២ពាន់គ្រាប់ បើគិតជាទម្ងន់មានជាង២រយតោន និងស្រង់បំណែកនាវាបានជាច្រើនទៀតផងដែរ ។ឯកឧត្តម ហេង រតនា បានប្រាប់BTVថា ប្រតិបត្តិការ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ក្នុងភូមិសាស្ត្រស្រុកពាមជ័រ ខេត្តព្រៃវែង ត្រូវបានធ្វើឡើង បន្ទាប់ពី​មានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​និងសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតដល់អង្គភាព CMAC សហការជា​មួយក្រសួងការពារជាតិ​ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ​និងស្រង់នាវាលិចក្នុងទន្លេ។ ប្រតិបត្តិការនេះ ​មានរយៈពេល១៨ខែ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២២ ​មកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំ ។ឯកឧត្តម បានឱ្យដឹងទៀតថា តាមផែនការស្រាវជ្រាវដំបូង ​បានរាវរកទិន្នន័យនៅបាតទន្លេជាង ២៥០០ចំណុច ​មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយវាយតម្លៃការបោសម្អាត​ មានរយៈពេល១៨ខែ តែ ការអនុវត្តជាក់ស្តែង ​មិនសម្រេចតាមផែនការនោះទេ ​ដោយសារមូលហេតុមួយចំនួន ហួសសមត្ថភាព ដែលបានវាយតម្លៃ។ នាវាដែលលិចក្នុងទន្លេនេះ មានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជា៣ពាន់ តោន ទៅ៣ពាន់៥រយតោន ។ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ​និងស្រង់នាវាក្នុងទន្លេ ​នៅការដ្ឋានកោះពាមរាំង​ ត្រូវបាន ក្រុមជំនាញ ​នៃក្រុមការងារអន្តរក្រសួង​ កំណត់នូវទំហំប្រមាណជិត​៣០០ហិកតា ដែលចែក​ចេញជាបីផ្នែក រួមមាន៖ ទី១. តំបន់ដីគោក ទី២. តំបន់មានហានិភ័យទាប និងទី៣. ជាតំបន់មានហានិភ័យខ្ពស់៕ អត្ថបទ៖ទូច សោភ័ណ

ប្រទេសស្វីសនឹងលុបចោលការរឹតបន្តឹងស្ដីពីគ្រោះមហន្តរាយ ហ្វ៊ូគូស៊ីម៉ា លើការនាំចូលអាហារជប៉ុន

2023/08/02 02:43:49 pm        74
ជប៉ុន៖ រដ្ឋាភិបាលខេត្ត ហ្វ៊ូគូស៊ីម៉ា បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស្វីសគ្រោងនឹងលុបចោលការរឹតបន្តឹងការនាំចូលដែលខ្លួនបានដាក់កាលពីថ្ងៃទី១៥ ខែសីហា លើផលិតផលម្ហូបអាហារពីផ្នែកខ្លះនៃប្រទេសជប៉ុន បន្ទាប់ពីគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា កាលពីឆ្នាំ២០១១មក។ប្រទេសស្វីសនឹងដើរតាមគន្លងរបស់សហភាពអឺរ៉ុប ដោយនឹងដកចេញនូវការរឹតបន្តឹងដែលនៅសេសសល់ ដែលតម្រូវឱ្យមានការធ្វើតេស្តវិទ្យុសកម្មលើផលិតផលកសិកម្ម និងនេសាទមួយចំនួនពីខេត្តចំនួន១០ រួមទាំងខេត្ត ហ្វ៊ូគូស៊ីម៉ា នៅថ្ងៃព្រហស្បតិ៍ (៣ សីហា) នេះ។ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសជប៉ុន លោក Andreas Baum បានប្រាប់អភិបាលខេត្ត ហ្វ៊ូគូស៊ីម៉ា លោក Masao Uchibori អំពីការសម្រេចដកការរឹតបន្តឹង នៅពេលដែលពួកគេបានជួបគ្នានៅស្ថានទូតស្វីសក្នុងទីក្រុងតូក្យូកាលពីថ្ងៃចន្ទ នេះបើយោងតាមរដ្ឋាភិបាលខេត្ត។នៅអាស៊ី ប្រទេសចិន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ រក្សាការរឹតបន្តឹងការនាំចូលលើផលិតផលអាហារជប៉ុន។ ប្រទេសចិន និងទីក្រុងហុងកុងបានពង្រឹងការត្រួតពិនិត្យវិទ្យុសកម្មនៃការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន មុនពេលគម្រោងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូច ចូលទៅក្នុងសមុទ្រផងដែរ៕

ពលរដ្ឋអាមេរិកនៅទីក្រុងស៊ីដនី សម្ដែងអារម្មណ៍ផ្សេងគ្នាចំពោះការចោទប្រកាន់លោក ដូណាល់ ត្រាំ

2023/08/02 02:40:12 pm        47
អូស្ត្រាលី៖ ក្រុមអ្នកគាំទ្របាល់ទាត់ជនជាតិអាមេរិកនៅទីក្រុងស៊ីដនីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក វើល ខាប់ ស្ត្រី (Women World Cup) បាននិយាយនៅថ្ងៃពុធ (២ សីហា) នេះថា ពួកគេរីករាយណាស់ដែលបានឮថាលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់ខ្លួនដើម្បីបង្វែរការបោះឆ្នោតឆ្នាំ២០២០ ខណៈពេលដែលអ្នកគាំទ្រផ្សេងទៀតមានអារម្មណ៍ថាទិដ្ឋភាពនយោបាយរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នគឺ "ប្រៀបដូចជាសៀករហស្សកម្ម"។នេះជាលើកទីបីហើយក្នុងរយៈពេល ៤ខែ ដែលលោក ត្រាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ទោះបីជាអតីតប្រធានាធិបតីអាមេរិករូបនេះ កំពុងធ្វើយុទ្ធនាការដើម្បីដណ្តើមតំណែងប្រធានាធិបតីឡើងវិញនៅឆ្នាំក្រោយក៏ដោយ។ បទចោទចំនួន៤ករណីបានចោទប្រកាន់ថា លោក ត្រាំ បានសមគំនិតក្នុងការបោកប្រាស់សហរដ្ឋអាមេរិក ដោយរារាំងសភាពីការបញ្ជាក់ពីជ័យជំនះរបស់លោកប្រធានាធិបតី ចូ បៃឌិន និងដកហូតសិទ្ធិបោះឆ្នោតរបស់ពួកគេក្នុងការបោះឆ្នោតដោយយុត្តិធម៌។ លោក ត្រាំ ត្រូវបានបញ្ជាឱ្យបង្ហាញខ្លួនដំបូងនៅតុលាការសហព័ន្ធវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ (៣ សីហា) ខាងមុខនេះ៕

ការកាត់បន្ថយជំនួយបរទេសរបស់ចក្រភពអង់គ្លេស នឹងប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ក្នុងទ្វីបអាហ្វ្រិក

2023/08/02 02:37:17 pm        59
អាហ្វ្រិក៖ រដ្ឋមន្ត្រីជាច្រើននៅទ្វីបអាហ្វ្រិក ត្រូវបានព្រមានថា ស្ត្រីរាប់ពាន់នាក់នៅក្នុងទ្វីបអាហ្រ្វិកនឹងស្លាប់ក្នុងពេលមានផ្ទៃពោះ និងការសម្រាលកូន ដោយសារតែការកាត់បន្ថយថវិកាជំនួយក្រៅប្រទេសរបស់ចក្រភពអង់គ្លេស។ យោងតាមការវាយតម្លៃផ្ទៃក្នុងរបស់មន្ត្រីរាជការ ស្ត្រីជិត២០០.០០០នាក់ទៀតក៏នឹងប្រឈមមុខនឹងការរម្លូតកូនដោយមិនមានសុវត្ថិភាពផងដែរ។របាយការណ៍ទាំងនោះ បង្ហាញពីផលប៉ះពាល់នៃការកាត់បន្ថយថវិកាជំនួយក្រៅប្រទេសនៅឆ្នាំនេះ។ ការិយាល័យក្រសួងបរទេសរបស់ចក្រភពអង់គ្លេសនិយាយថា ថវិការបស់ខ្លួនសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបត្រូវបានកាត់បន្ថយក្នុងរយៈពេលខ្លី ដើម្បីឈានដល់គោលដៅសន្សំ ប៉ុន្តែបន្ទាប់មកជំនួយនឹងកើនឡើងជិតទ្វេដង។ឯកសារផ្ទៃក្នុងនិយាយថា ការកាត់បន្ថយជំនួយចំនួន ៧៦% សម្រាប់អាហ្វហ្គានីស្ថាន នឹងធ្វើឱ្យស្ត្រី និងកុមារីជាច្រើនដែលងាយរងគ្រោះបំផុតក្នុងពិភពលោកមួយចំនួនមិនទទួលបានសេវាសុខភាពសំខាន់ៗ ហើយស្ត្រីនិងកុមារកន្លះលាននាក់នៅប្រទេសយេម៉ែននឹងមិនទទួលបានការថែទាំសុខភាពទេ។ការសម្រេចនេះកើតឡើងនៅក្នុងការវាយតម្លៃមួយ ដែលធ្វើឡើងដោយមន្ត្រីរាជការការិយាល័យក្រសួងការបរទេសអង់គ្លេសកាលពីដើមឆ្នាំនេះ ដើម្បីជូនដំណឹងដល់បណ្ដារដ្ឋមន្ត្រីនានាក្នុងទ្វីបអាហ្វ្រិក មុនពេលពួកគេសម្រេចកាត់បន្ថយជំនួយ៕

ក្រសួងទេសចរណ៍ក្រើនរំលឹកឲ្យអាជីវកម្មទេសចរណ៍ចូលរួមចលនាប្រឡងប្រណាំងអាជីវកម្មឆ្នើម

2023/08/02 02:36:38 pm        73
ភ្នំពេញ៖ នៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា ឆ្នាំ២០២៣ » ក្រសួងទេសចរណ៍បានប្រកាសក្រើនរំលឹកឲ្យបណ្តាអាជីវកម្មទេសចរណ៍នានាទៀត ចូលរួមអនុវត្តចលនាប្រឡងប្រណាំងអាជីវកម្មទេសចរណ៍ឆ្នើមឋ​ ដើម្បីជំរុញការប្រកួតប្រជែង និងធានាការផ្តល់សេវាកម្មឱ្យកាន់តែល្អ សេវាកម្មរហ័ស មានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។បើតាមលោក គីម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូប​អាហារ នៃក្រសួងទេសចរណ៍ ​បានថ្លែងប្រាប់BTVនៅថ្ងៃទី២ ខែសីហានេះថា ចលនាប្រឡង​ប្រណាំង​អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ គឺបាន​ចាប់ផ្តើម​អនុវត្តតាំងពីខែមីនា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃនេះ មានអាជីវកម្មទេសចរណ៍ចំនួនជាង ៧០អាជីវកម្ម ដែលភាគច្រើនជាអាជីវកម្មភោជនីយដ្ឋាន ​និងសណ្ឋាគារ បានដាក់ពាក្យចូលរួមប្រឡងប្រណាំង ហើយលោកក៏បានស្នើអាជីវកម្មទេសចរណ៍នានា​ទៀត​ចូលរួមថែមទៀត ខណៈចលនាប្រឡងប្រណាំងអាជីវកម្មទេសចរណ៍ឆ្នើមនេះ នឹងត្រូវបានប្រកាសលទ្ធផល នៅដំណាច់ឆ្នាំ២០២៣នេះ។បើតាមភោជនីយដ្ឋានយីសាង សាខាRiverside នៅរាជធានីភ្នំពេញ លោកស្រី ជឹម ស៊ីណា ថ្លែងថា ភោជនីយដ្ឋានយីសាង គឺបានដាក់ពាក្យចូលរួមប្រឡងប្រណាំង​អាជីវកម្មទេសចរណ៍ឆ្នើម​នេះរួចហើយ ហើយបច្ចុប្បន្ន យើងកំពុងបានអនុវត្តតាមគោលការណ៍ប្រឡងប្រណាំង៥ចំណុច របស់IBEST(អាយបេស) សំដៅធានាបាននូវសេវាកម្មរហ័ស ​ងាយស្រួល​ ទំនុកចិត្ត ភាពជឿជាក់ គុណភាព​ សុវត្ថិភាព ភាពបៃតង​ និងតម្លៃសមរម្យ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩។សូមបញ្ជាក់ថា នៅក្នុងសកម្មភាពអនុវត្តយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ គឺមានសកម្មភាព​ដែលជាវិធានការគោលនយោបាយត្រូវអនុវត្តចំនួន១៩ចំណុច ក្នុងនោះ វិធានការចលនាប្រឡង​ប្រណាំង អាជីវកម្មទេសចរណ៍ឆ្នើម គឺស្ថិតក្នុងចំណុចទី៩ ដែលត្រូវជំរុញចលនា​ឲ្យវិស័យ​សាធារណៈ និងឯកជន រួមគ្នាកំណត់តម្លៃសមរម្យ ផ្តល់សេវាមានគុណភាព ភាពជឿជាក់ ភាពទាក់ទាញ និងការប្រកួតប្រជែង ក្នុងវិស័យទេសចរណ៍៕អត្ថបទ ស៊ុម សុខជា

នាយទាហានជាន់ខ្ពស់ថៃបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនាយសេនាធិការជាន់ខ្ពស់លើកទី៧

2023/08/02 02:25:08 pm        129
ភ្នំពេញ៖ ប្រតិភូនាយទាហានជាន់ខ្ពស់ថៃ ដឹកនាំដោយនាយសេនាធិការចម្រុះរបស់កងទ័ពភូមិន្ទថៃ នៅព្រឹកថ្ងៃទី២ ខែសីហានេះ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនាយទាហានសេនាធិការ ​ជាន់ខ្ពស់លើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយកិច្ចប្រជុំនេះ ​នឹងបន្តពិភាក្សាជាច្រើនអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី (កម្ពុជា-ថៃ) ។កិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់លើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺភាគីកម្ពុជា ដឹក នាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ​នៃកងយោធធលខេមរភូមិន្ទ និងជានាយ សេនាធិការចម្រុះ ខណៈភាគីថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ធីទិឆៃ ទៀនតុង (Thitichai Tiantong) នាយសេនាធិការចម្រុះរបស់កងទ័ពភូមិន្ទថៃ ​ហើយកិច្ចប្រជុំ នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី៣ ខែសីហា នេះ នៅរាជធានីភ្នំពេញ ។កិច្ចប្រជុំកិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់ កម្ពុជា-ថៃ លើកទី៧នេះ នឹងផ្ដោតទៅលើខ្លឹម សារមួយចំនួន ដូចជា កិច្ចសហប្រតិបត្តិការការអប់រំ និងហ្វឹកហ្វឺន, ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្ដូរកិច្ច សហប្រតិបត្តិការចារកិច្ច, កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិគម្រោង​ហ្វឹកហ្វឺនកសិកម្ម, កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព (ជើងគោក ជើងទឹក ជើងអាកាស) និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ។ខ្លឹមសារដ៏មានសារសំខាន់សម្រាប់កងទ័ព នៃប្រទេសទាំងពីរ នឹងលើកមកពិភាក្សា និងបន្ថែមនូវ គំនិតល្អៗ ដើម្បីឱ្យកងទ័ពទាំងពីរ ​យកទៅអនុវត្តនៅពេលខាងមុខ ដែលរាល់ខ្លឹមសារ នៃកិច្ចសហប្រតិបត្តិ ការសុទ្ធសឹងជាការពង្រឹង​ និងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែល​ជាប្រទេសជិតខាងនឹងគ្នា និងរួមចំណែកគ្នាក្នុងកិច្ចការពារសុខសន្តិភាពដល់ប្រទេសទាំងពីរ និងតំបន់ផងដែរ ៕អត្ថបទបាន ចក់

ឯកឧត្តម គីម រិទ្ធី៖ ការងារស្ម័គ្រចិត្តរបស់និស្សិតមកពីប្រទេសបារាំង បានចែករំលែកចំណេះដឹងថ្មីៗ និងបទពិសោធន៍ដែលខ្លួនមិនធ្លាប់មាន

2023/08/02 02:13:43 pm        141
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែសីហា ម្សិលមិញនេះ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសបារាំង ដែលចុះបំពេញបេសកកម្មជួយជួសជុល នឹងសាងសង់អគារសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងអំណរគុណ នឹងការកោតសរសើរ ហើយវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់ ក្រុមនិស្សិតស្ម័គ្រ​ចិត្តបារាំង លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរស្រុកទាំងអស់គ្នា។ ការខិតខំរបស់ក្រុម និស្សិតស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ គឺបានរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ​ក៏ដូចជា អាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ឯកឧត្តមបន្តថា ការងារស្ម័គ្រចិត្តរបស់និស្សិតមកពីប្រទេសបារាំងនេះ បានផ្តល់នូវ ចំណេះដឹងទូលំទូលាយដែលយើងមិនធ្លាប់ជួបប្រទះ ជាពិសេសវាផ្ដល់ឱកាសឲ្យពួកគេ ប្រាស័្រយទាក់ទងជាមួយមនុស្សនៅក្នុងសង្គម ដែលមានជំនាញចំណេះដឹងចំណង់ចំណូលចិត្ត ខុសៗគ្នា បង្កើតចំណងមិត្តភាព និងសម្ថតភាពការងារជាក្រុម ចែករំលែកចំណេះដឹងថ្មីៗ បទ ពិសោធន៍ដែលខ្លួនមិនធ្លាប់មាន តាមរយៈការចូលរួមសកម្មភាពដោះស្រាយបញ្ហា និងការសិក្សា កែលម្អគ្នាទៅវិញទៅមក។បន្ថែមពីនេះឯកឧត្តមក៏បានជំរុញឱ្យ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ត្រូវចូលរួមសហការ​ជាមួយនិស្សិតបារាំងទាំងអស់ អោយបានផុសផុលដើម្បីពន្លឿនការសាងសង់អគារនេះ ដើម្បីឆាប់បានសិស្សានុសិស្សចូលសិក្សារៀនសូត្រ។ ជាមួយនេះ ក្រុមនិស្សិតស្ម័គ្រចិត្តបារាំងទាំងអស់ បានសំដែងនូវការសប្បាយរីករាយចំពោះវត្ត​មានរបស់ ឯកឧត្តមអភិបាលខេត្តនាឱកាសនោះ នឹងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលផ្តល់ កន្លែងស្នាក់នៅ ហូបចុក និងសន្តិសុខផ្សេងៗទៀតជូនពួកគេផងដែរ។នៅថ្ងៃដដែលនេះដែរ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំសហការីបានចុះពិនិត្យប្រព័ន្ធ ធារាសាស្រ្ត​ទំនប់ស្រីស្នំ ស្ថិតនៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ដែលបានហូរច្រោះដាច់ខ្នង ​ទំនប់ប្រវែង ៥ម៉ែត្រ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានក្រុមការងារមន្ទីរ ​ធនធានទឹក និង​ឧតុនិយមខេត្តព្រះវិហារ សម្រេចការងារជួសជុលរួចរាល់ទាំងស្រុងកាល ពីពេលថ្មីៗនេះ៕ 

បុគ្គលិកទួរគី បានរងរបួសក្នុងការវាយប្រហារដោយប្រដាប់អាវុធលើស្ថានកុងស៊ុលស៊ុយអែត នៅក្រុង Izmir

2023/08/02 02:00:09 pm        85
ទួរគី៖ ការិយាល័យអភិបាលក្រុង Izmir បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនមានជំងឺផ្លូវចិត្ត» ម្នាក់ បានវាយប្រហារស្ថានកុងស៊ុលស៊ុយអែត នៅខេត្ត Izmir របស់ប្រទេសទួរគី កាលពីថ្ងៃអង្គារ ដោយបានធ្វើឲ្យបុគ្គលិកស្ថានកុងស៊ុលទួរគីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។យោងងតាមសេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា ជនជាតិទួរគីដែលរងរបួសនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបណ្តុះបណ្តាល និងស្រាវជ្រាវ Tepecik ដើម្បីព្យាបាល បន្ទាប់ពីរងនូវការវាយប្រហារដែលបានកើតឡើងនៅម៉ោង ១២:៤៥យប់ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៩:៤៥ ម៉ោងសកល)។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា អ្នកវាយប្រហារត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតផ្នែកច្បាប់ កំពុងដំណើរការ។ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីមានបាតុករ ២នាក់ ដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ានរបស់អ្នកកាន់អ៊ីស្លាម នៅខាងក្រៅសភារបស់ប្រទេសស៊ុយអែត ក្នុងទីក្រុង Stockholm កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) ដែលជាការប្រព្រឹត្តចុងក្រោយបង្អស់ សម្រាប់ហេតុការណ៍បែបនេះ ក្នុងរដ្ឋធានីស៊ុយអែត នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

កូរ៉េខាងត្បូង បង្កើនការព្រមានពីកម្ដៅដល់កម្រិតខ្ពស់បំផុត ក្នុងពេលអាកាសធាតុក្តៅខ្លាំងស្ទើរទ្រាំមិនបាន

2023/08/02 01:52:56 pm        101
កូរ៉េខាងត្បូង៖ ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឲ្យដឹង នៅថ្ងៃពុធ (ទី២ ខែសីហា) នេះ ថា ប្រទេសកូរ៉េខាងត្បូងបានបង្កើនការព្រមានអំពីអាកាសធាតុក្តៅដល់កម្រិតខ្ពស់បំផុត ដែលជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ខណៈផ្នែកខ្លះនៃប្រទេស មានសីតុណ្ហភាពឡើងលើស ៣៨អង្សារសេ។ដោយដកស្រង់សម្តីអាជ្ញាធរពន្លត់អគ្គិភ័យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កម្ដៅដ៏ហួតហែងនេះ ត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ នៅទូទាំងប្រទេស ពោលគឺកើន ៣ដងនៃចំនួន៧នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បាននិយាយថា សីតុណ្ហភាពផ្លូវការ ដែលត្រូវបានវាស់ ក្នុងទីក្រុងយ៉ូជូ (Yeoju) នៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល បានឡើងដល់ ៣៨,៤អង្សារសេ កាលពីថ្ងៃអង្គារ (ទី១ ខែសីហា)។ កូរ៉េខាងត្បូង បានបង្កើនកម្រិតការព្រមានអំពីកម្ដៅនៅ ក្នុងប្រព័ន្ធ ៤ថ្នាក់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត គិតត្រឹមម៉ោង ៦ល្ងាច កាលពីថ្ងៃអង្គារ ដែលជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ការព្រមានក្នុងកម្រិតដ៏ «ធ្ងន់ធ្ងរ» បំផុតនេះ ត្រូវបានចេញ នៅពេលដែលសីតុណ្ហភាពជាក់ស្តែង ត្រូវបានរំពឹងទុកឡើងដល់ ៣៥អង្សារសេ ឬខ្ពស់ជាងនេះ ដោយយ៉ាងហោចណាស់ ៤០ភាគរយនៃតំបន់ទាំង ១៨០ របស់ប្រទេស ត្រូវបានវាយប្រហារដោយរលកកម្ដៅ សម្រាប់រយៈពេល ៣ថ្ងៃ ឬក៏ច្រើនជាងនេះ។ ការព្រមាននោះ ក៏អាចត្រូវបានចេញផងដែរ នៅពេលដែលសីតុណ្ហភាពជាក់ស្តែងទំនងជាឡើងដល់ ៣៨អង្សារសេ ឬខ្ពស់ជាងនេះ សម្រាប់រយៈពេល ៣ថ្ងៃ ឬច្រើនជាងនេះ ក្នុងតំបន់ ១០ភាគរយនៃប្រទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើឯកឧត្តម ដូណាល់ ត្រាំ បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃដោយសន្តិវិធី ស្របតាមបំណងប្រាថ្នាពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព
08/28/2025 02:08 PM
អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានផ្ទះ និងដីឡូត៍​បានប្រគល់ជូន​អតីតយុទ្ធជន​ចំនួន ៤០គ្រួសារ នៅខេត្តបាត់ដំបង
08/28/2025 01:08 PM
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មីប្រសិទ្ធនាមសម្តេចតេជោថា «ជាវីរបុរសចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ»
08/28/2025 01:08 PM
ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា៖ សម្ដេចបវរធិបតីជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍
08/28/2025 01:08 PM
ការផ្លាស់ប្តូរពន្ធរបស់លោកTrump ធ្វើឲ្យរាំងស្ទះដល់ការបញ្ជូនកញ្ចប់ទំនិញមានតម្លៃទាបទៅអាមេរិក
08/28/2025 12:08 PM
អ៊ុយក្រែនដណ្តើមបានមកវិញទីតាំងលំនៅបីកន្លែងនៅភាគខាងកើតទីក្រុង Donetsk
08/28/2025 12:08 PM
ការប៉ះទង្គិចបានផ្ទុះឡើងនៅក្នុងព្រឹទ្ធសភាប្រទេសម៉ិកស៊ិក ក្នុងពេលបញ្ចប់សម័យប្រជុំដ៏តានតឹង
08/28/2025 12:08 PM
UN អំពាវនាវឱ្យចាត់វិធានការដាច់ណាត់ដើម្បីបញ្ចប់ជម្លោះ ខណៈវិបត្តិហ្កាហ្សា និងវេសបែង កាន់តែជ្រៅ
08/28/2025 11:08 AM
ទីភ្នាក់ងារ UN ព្រមានថា បុគ្គលិកសុខាភិបាល និងជំនួយ បានក្លាយជាគោលដៅក្នុងជម្លោះជុំវិញពិភពលោក
08/28/2025 11:08 AM
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងចូលរួមពិធីព្យុហយាត្រាយោធានៅទីក្រុងប៉េកាំង សប្តាហ៍ក្រោយនេះ
08/28/2025 11:08 AM