BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

វិមានក្រឹមឡាំង ចោទប្រកាន់លោកខាងលិចរំខានដល់កិច្ចប្រជុំកំពូលទ្វីបអាហ្វ្រិក

2023/07/26 12:34:44 pm        129
រុស្ស៊ី៖ កាលពីថ្ងៃអង្គារវិមានក្រឹមឡាំង បានចោទប្រកាន់ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមរិក ពីបទព្យាយាមរំខានកិច្ចប្រជុំកំពូលអាហ្វ្រិក-រុស្ស៊ី នូវការបង្ហាញវត្តមានរបស់ខ្លួននៅចុងសប្តាហ៍នេះ។ អ្នកនាំពាក្យលោក Dmitry Peskov បាននិយាយថា បណ្តារដ្ឋនៅអាហ្វ្រិក ត្រូវបង្ខំឲ្យទទួលយកបញ្ជា ជាសម្ពាធពុំធ្លាប់មានពីមុនមក ដើម្បីកុំឲ្យចូលរួមនោះទេ។ លោកនិយាយថា ជារឿងសំខាន់ណាស់ ពួកគេមិនបានទទួលយកសិទ្ធដែនអធិបតេយ្យភាពរបស់រដ្ឋអាហ្វ្រិកនោះទេដើម្បីកំណត់ដោយឯករាជ្យនូវដៃគូរបស់ពួកគេសម្រាប់កិច្ចសហប្រតិបត្តិការ និងអន្តរកម្មទៅវិញទៅមកក្នុងវិស័យផ្សេងៗ។ កិច្ចប្រជុំកំពូល នៅក្នុងទីក្រុង St Petersburg នៅថ្ងៃព្រហស្បតិ៍ទី២៧ និងថ្ងៃសុក្រទី២៨ នឹងត្រូវបានចូលរួមដោយប្រធានាធិបតីលោក Vladimir Putin។ លោកត្រូវបានគេរំពឹងថានឹងមានកិច្ចពិភាក្សាពីមួយទៅមួយដោយល្អិតល្អន់ជាមួយមេដឹកនាំអាហ្វ្រិកជាលក្ខណៈបុគ្គល លើអ្វីគ្រប់យ៉ាងមានចាប់ពីពាណិជ្ជកម្ម និងសន្តិសុខ រហូតដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។ វាជាផ្នែកនៃការជំរុញដ៏រឹងមាំសម្រាប់ឥទ្ធិពល ដែលត្រូវបានអះអាងដោយប្រទេសលោកខាងលិច ប្រឆាំងការនៅពីក្រោយនៃសង្គ្រាមនៅអ៊ុយក្រែន។ វាបានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូ បានប្រកាសកាលពីសប្តាហ៍មុនថាខ្លួនបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ វាកាន់តែមានសារៈសំខាន់ដើម្បីជួបប្រជុំគ្នាជាមួយបណ្តាប្រទេសអាហ្វ្រិក និងពិភាក្សាគ្នា ជាពិសេស កាតព្វកិច្ចស្បៀងអាហារ និងមូលហេតុសម្រាប់ភាពបរាជ័យសម្រាប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ជាកិច្ចប្រឹងប្រែងរបស់រុស្ស៊ីដើម្បីគាំទ្រទីផ្សារពិភពលោក និងជាដំណោះស្រាយទទួលខុសត្រូវរបស់រុស្ស៊ី ចំពោះបញ្ហានេះ និងអ្វីដែលកាតព្វកិច្ចលើផ្នែកទាំងឡាយ ដែលមិនត្រូវបានបំពេញ។ រុស្ស៊ីបាននិយាយពីលទ្ធភាពនៃការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃ និងមានតម្លៃថោក ទៅកាន់ប្រទេសក្រីក្របំផុតនៅអាហ្វ្រិកដើម្បីជំនួសគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដើម្បីបំពេញការខ្វះខាតណាមួយ៕

អង់គ្លេសព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារកប៉ាល់ ខណៈដែលសហភាពអឺរ៉ុបសន្យាជំរុញការនាំចេញរបស់ អ៊ុយក្រែន

2023/07/26 12:32:02 pm        78
អង់គ្លេស៖ ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដាថា ខ្លួនមានព័ត៌មានដែលបង្ហាញថា យោធារុស្ស៊ីអាចចាប់ផ្តើមកំណត់គោលដៅដឹកជញ្ជូនជនស៊ីវិល នៅក្នុងសមុទ្រខ្មៅ ខណៈដែលសហភាពអឺរ៉ុប បានសន្យាជួយអ៊ុយក្រែននាំចេញកសិផលស្ទើរតែទាំងអស់របស់ខ្លួនតាមរយៈផ្លូវដែក និងផ្លូវគោក។តម្លៃស្រូវសាលីសកល បានកើនឡើង ១៥ភាគរយក្នុងសប្តាហ៍មុន បន្ទាប់ពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យការនាំចេញធញ្ញជាតិនៅសមុទ្រខ្មៅប្រកបដោយសុវត្ថិភាពសម្រាប់រយៈពេលមួយឆ្នាំ ហើយបានចាប់ផ្តើមកំណត់គោលដៅកំពង់ផែអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិនៅលើសមុទ្រខ្មៅ និងទន្លេដានូប៊ី (Danube) ។លោកស្រី បាបារ៉ា វ៉ូវ៉ាដ ( Barbara Woodward) ឯកអគ្គរដ្ឋទូតអង្គគ្លេសប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា៖«ព័ត៌មានរបស់យើងបង្ហាញថា យោធារុស្ស៊ីអាចពង្រីកគោលដៅរបស់ពួកគេទៅលើរោងចក្រគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបន្ថែមទៀត ដើម្បីរួមបញ្ចូលការវាយប្រហារប្រឆាំងនឹងការដឹកជញ្ជូនជនស៊ីវិល នៅក្នុងសមុទ្រខ្មៅ»។លោកស្រីវ៉ូវ៉ាដ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្រ្តីអង់គ្លេស រីស៊ី ស៊ុណាក់ (Rishi Sunak) បានចែករំលែកព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀរ ហ្សេឡិនស្គី(Volodymyr Zelenskyy) ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃអង្គារ លោក Woodward បានប្រាប់អ្នកយកព័ត៌មាន។ លោស្រីបានបន្ថែមថា ប្រទេសអង់គ្លេសក៏មានព័ត៌មានថា រុស្ស៊ីបានដាក់មីនសមុទ្របន្ថែម នៅតាមក្នុងការចូលទៅជិតកំពង់ផែនានារបស់អ៊ុយក្រែន៕

មនុស្ស ៥នាក់ ស្លាប់ ខណៈព្យុះវាយប្រហារភាគខាងជើងអ៊ីតាលី និងភ្លើងឆេះព្រៃ នៅកោះ Sicily

2023/07/26 12:27:02 pm        122
ជើងអ៊ីតាលី៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បន្ទាប់ពីមានព្យុះដ៏មានឥទ្ធិពល នៅភាគខាងជើង និងភ្លើងឆេះព្រៃ នៅកោះ Sicily ដែលអាចនាំឲ្យរដ្ឋាភិបាលប្រកាសភាពអាសន្ន នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni បាននិយាយថា ក្មេងស្រីវ័យ ១៦ឆ្នាំម្នាក់ ដែលកំពុងធ្វើដំណើរទៅបោះជំរំ ស្ថិតក្នុងចំណោមមនុស្ស ២នាក់ ដែលបានស្លាប់ដោយសារព្យុះ ដែលបានវាយប្រហារភាគខាងជើងប្រទេសអ៊ីតាលី។ ក្មេងស្រីជំទង់នោះ បានបាត់បង់ជីវិតនៅពេលដែលដើមឈើមួយដើមដួលរលំសង្កត់តង់របស់នាង អំឡុងពេលបោះជំរំកាយរិទ្ធនៅជិតទីក្រុង Brescia បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ពេញមួយយប់។ ហើយកាលពីថ្ងៃចន្ទ ស្ត្រីវ័យកណ្តាលម្នាក់ បានស្លាប់ បន្ទាប់ពីដើមឈើដួលរលំពីលើ នៅទីប្រជុំជន Lissone ភាគខាងជើងទីក្រុង Milan។ចំណែកនៅកោះ Sicily ឯណោះវិញ អ្នកគ្រប់គ្រងតំបន់ លោក Renato Schifani បាននិយាយថា លោកមានគម្រោងស្នើរដ្ឋាភិបាល នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីប្រកាសភាពអាសន្ន សម្រាប់កោះមេឌីទែរ៉ាណេមួយនេះ។អ្នកពន្លត់អគ្គីភ័យនៅលើកោះនេះ បានចំណាយពេលមួយយប់ ដើម្បីទប់ទល់នឹងចំហេះព្រៃ ដែលជាការឆេះមួយ ក្នុងចំណោមការឆេះ នៅជិតខ្លាំងនឹងអាកាសយានដ្ឋាន Palermo ដែលកន្លែងនោះ ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃអង្គារ។នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ បានរាយការណ៍ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅទូទាំងភាគខាងត្បូង ដោយនិយាយថា ជំនួយផ្លូវអាកាសត្រូវបានស្នើសុំ សម្រាប់ឧបទ្ទវហេតុចំនួន៩ នៅកោះ Sicily ចំនួន៩ នៅតំបន់កាឡាប៊្រីយ៉ា (Calabria) និងមួយទៀតនៅកោះសាឌីណាយ៉ា (Sardinia)៕

សប្ដាហ៍ក្រោយរដ្ឋាភិបាលអនុវត្តការដំឡើងកម្រិតឧបត្ថម្ភ ស្រ្តីមានផ្ទៃពោះក្រីក្រ កម្មការិនី និងមន្ត្រីរាជការជាស្ត្រី

2023/07/26 12:23:59 pm        167
ភ្នំពេញ៖ សប្ដាហ៍ក្រោយចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការដំឡើងប្រាក់ឧបត្ថម្ភជូនស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា កម្មការិនីជាសមាជិក ប.ស.ស ក៏ដូចជាស្រ្តីមានផ្ទៃពោះរស់នៅក្នុងគ្រួសារមានបណ្ណសមធម៌។ ការដំឡើងថវិកាឧបត្ថម្ភនេះ គឺដំឡើងជូនទ្វេដង។រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍ​មូលធនមនុស្ស ក៏បានសម្រេចដំឡើងកម្រិតថវិកាឧបត្ថម្ភជូនស្រ្តី​មានផ្ទៃពោះក្នុងគ្រួសារ​មានបណ្ណសមធម៌ កម្មការនីជាសមាជិក ប.ស.ស និងស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីចុះកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា។ ការដំឡើងថវិកាឧបត្ថម្ភគឺ ផ្ដល់ជូនទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះចំនួន ៤ដង ការសម្រាល និងក្រោយសម្រាលចំនួន ​១០ដង រហូតកូនអាយុ ២ឆ្នាំ។​ ប្រាក់ឧបត្ថម្ភទាំងនេះ គឺផ្តល់ជូននៅ​ពេលក្រុមគោលដៅទៅទទួលសេវាពិនិត្យថែទាំសុខភាពមាតា ​ទារកនៅគ្រប់មន្ទីរពេទ្យរដ្ឋ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ​និងសម្រាលកូនរួច ជាក្រុមគោលដៅ ​បង្ហាញការសប្បាយចិត្តជាខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលសម្រេចបន្ថែមថវិកាឧបត្ថម្ភ។ បច្ចុប្បន្នពួកគេទទួលបានការ យកចិត្តទុកដាក់ជាខ្លាំងពីក្រុមគ្រូពេទ្យ ​និងទទួលបានថវិកាជាប្រចាំតាមការកំណត់។ ពួកគេក៏សូមអរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការគិតគូខ្ពស់ចំពោះពួកគេ។ពាក់ព័ន្ធនឹងការងារនេះដែរ លោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ លើកឡើងថាមន្ទីរពេទ្យ ក្រៅពីការផ្ដល់សេវាថែទាំដោយយកចិត្តទុកដាក់ ​ក៏បានផ្ដល់ការណែនាំ និងជួយសម្រួលលើការងារមួយចំនួន ដើម្បីឱ្យក្រុមគោលដៅទាំងនោះទទួលបាននូវអត្ថប្រយោជន៍​ដែលពួកគេអាចទទួលបានពីរាជរដ្ឋាភិបាល។តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាការដំឡើងកម្រិត​ថវិកាឧបត្ថម្ភនេះ គឺបង្ហាញពី ​ការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ កុមារតូច ​ស្របតាមអាទិភាពដែលកំណត់យក មនុស្ស ជាចម្បង ​និងគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់៕អត្ថបទ៖ គឹមហុក

តុលាការបែលហ្ស៊ិក កាត់ទោសជនជាប់ចោទ ៦នាក់ពីបទឃាតកម្ម ជុំវិញករណីបំផ្ទុះគ្រាប់បែក នៅទីក្រុងប៊្រុចសែល ឆ្នាំ២០១៦

2023/07/26 12:22:37 pm        139
បែលហ្ស៊ិក៖ តុលាការក្រុងប្រ៊ុចសែល កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បានកាត់ទោសបុរស ៦នាក់ ពីបទឃាតកម្ម និង ២នាក់ផ្សេងទៀត ពីបទបង្កភេរវកម្ម បន្ទាប់ពីមានការកាត់ក្តីដ៏ធំបំផុត ដែលមិនធ្លាប់មានរបស់ប្រទេសនេះ ចំពោះករណីបំផ្ទុះគ្រាប់បែករបស់ពួកអ៊ីស្លាមនិយម កាលពីឆ្នាំ២០១៦ នៅរដ្ឋធានីរបស់ប្រទេសបែលហ្ស៊ិក ដែលបានឆក់យកជីវិតមនុស្ស ៣២នាក់។ជនទាំង ៦នាក់ ក្នុងចំណោមជនជាប់ចោទចំនួន១០នាក់ ត្រូវបានរកឃើញថា មានទោសពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត ក្នុងបរិបទអ្នកបង្កភេរវកម្ម ពាក់ព័ន្ធនឹងការរួមចំណែករបស់ពួកគេ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន២ នៅព្រលានយន្តហោះ Brussels និងការបំផ្ទុះគ្រាប់បែកលើកទី៣ នៅលើរថភ្លើងក្រោមដីរបស់ទីក្រុងប៊្រុចសែល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។ជនទាំង ៦នាក់នោះ និងមនុស្ស ២នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសពីបទចូលរួមក្នុងសកម្មភាពរបស់អង្គការភេរវកម្មផងដែរ។ ចំណែកឯ បុរស ២នាក់ផ្សេងទៀត ត្រូវបានដោះលែង។ ការសម្រេចក្ដី នឹងមានការបើកសវនាការដាច់ដោយឡែក ដើម្បីកំណត់ទោសនានា នៅខែកញ្ញា។ អ្នកដែលត្រូវបានរកឃើញថា មានទោសក្នុងបទឃាតកម្ម អាចប្រឈមនឹងការជាប់ទោសអស់មួយជីវិត។ក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសនោះ មានម្នាក់ឈ្មោះលោក Salah Abdeslam គឺជាជនសង្ស័យសំខាន់ជាងគេ ក្នុងសវនាការនេះ ពាក់ព័ន្ធនឹងការវាយប្រហារក្រុងប៉ារីសរបស់ប្រទេសបារាំង ដែលបានសម្លាប់មនុស្ស ១៣០នាក់។ នៅពេលរត់គេចខ្លួនពីរដ្ឋធានីរបស់ប្រទេសបារាំង រូបគេត្រូវបានចាប់ខ្លួន នៅទីក្រុងប្រ៊ុចសែល ៤ថ្ងៃមុនមានការវាយប្រហារ នៅប្រទេសបែលហ្ស៊ិក៕

ជនស៊ីវិល ១៦នាក់ បានស្លាប់នៅក្នុងការវាយប្រហារលើក្រុងអូមឌើម៉ានរបស់ប្រទេសស៊ូដង់

2023/07/26 12:18:01 pm        89
ស៊ូដង់៖ គណៈកម្មាធិការរបស់អង្គភាពតស៊ូមតិមួយ បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ១៦នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) ក្នុងការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំ នៅឯសង្កាត់មួយ ក្នុងទីក្រុងអូមឌើម៉ាន (Omdurman) នៅភាគខាងលិចនៃរដ្ឋធានីខាទូម (Khartoum) របស់ប្រទេសស៊ូដង់។ជាមួយគ្នានេះ គណៈកម្មាធិការតស៊ូមតិរបស់អង្គភាព Ombada ដែលជាក្រុមយុវជនដ៏មានប្រជាប្រិយនេះ ក៏បានប្រាប់ផងដែរថា មានជនរងគ្រោះផ្សេងទៀត នៅផ្សារ Souk Libya ដែលជាផ្សារមូលដ្ឋាន ក្នុងក្រុងអូមឌើម៉ាន ដោយសារការវាយប្រហារនេះ។ទន្ទឹមនឹងនេះ លោកស្រី ក្លេម៉ុនទីន អិនក្វេតា-សាឡាមី (Clementine Nkweta-Salami) អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសស៊ូដង់ នៅថ្ងៃអង្គារនោះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពមនុស្សធម៌ ក្នុងប្រទេសស៊ូដង់ បានប្រែកា្លយទៅជាមហន្តរាយទាំងស្រុងហើយ។យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ទីកន្លែងមនុស្សធម៌ ក៏ត្រូវបានវាយប្រហារផងដែរ ដោយឃ្លាំងស្តុកសម្ភារៈមនុស្សធម៌យ៉ាងហោចណាស់៥០កន្លែង ត្រូវបានចូលលួច ហើយការិយាល័យចំនួន ៨២កន្លែង ត្រូវបានចូលទៅរុករើ។សូមបញ្ជាក់ថា ប្រទេសស៊ូដង់បាន និងកំពុងកើតមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា នៅទីក្រុងខាទូម (Khartoum) និងតំបន់ផ្សេងទៀត ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក ហើយយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា មនុស្សជាង ៣.០០០នាក់ បានបាត់បង់ជីវិត និងជាង ៦.០០០នាក់ រងរបួស៕

គ.ជ.ប នឹងបើកសវនាការបណ្តឹងញុះញង់គូសបំផ្លាញសន្លឹកឆ្នោត ខណៈ៣០បណ្តឹងដោះស្រាយរួចរាល់

2023/07/26 12:16:42 pm        128
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃស្អែកនេះ នឹងបើកសវនាការ​លើបណ្តឹងញុះញង់​​ឲ្យគូសបំផ្លាញសន្លឹកឆ្នោតចំនួន ​៥ បណ្តឹងទៀត ខណៈបណ្ដឹងចំនួន ៣០ បណ្តឹងផ្សេងទៀត​សម្រេច​ផ្តន្ទាទោសពិន័យជាប្រាក់​ និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី២៦ ​ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា អំឡុងពេល ​និងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ បានបញ្ចប់ និងបានប្រកាសលទ្ធផលបឋមក្តី ប៉ុន្តែគណៈកម្មការឃុំ-សង្កាត់រៀបចំការ​បោះឆ្នោត បាន​ទទួលបណ្តឹងសរុបចំនួន៣៥​ បណ្តឹង​ពី​តាមបណ្តារាជធានី-ខេត្ត ​ដែលពាក់ព័ន្ធនឹងករណីញុះញង់​គូស​បំផ្លាញ​សន្លឹកឆ្នោត។ ឯកឧត្តមបន្តថា ក្នុងចំណោមទាំង៣៥បណ្តឹងនោះ មាន ៣០ បណ្តឹងបានសម្រេចផ្តន្ទាទោស ដោយមានទាំងការផាក​ពិន័យ​ជាប្រាក់ ​រួមទាំងលុប​ឈ្មោះក្នុង​បញ្ជីឈ្មោះបោះឆ្នោត និង​ដកសិទ្ធិមិនឲ្យឈរឈ្មោះបោះឆ្នោត ​ខណៈបណ្ដឹង​ចំនួន ៥ បណ្តឹងផ្សេងទៀតនឹងត្រូវ​លើក​ក្នុង​សវនាការជម្រះនៅថ្ងៃទី ២៧ កក្កដា ស្អែកនេះ។ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា ក្នុងចំណោមបណ្តឹងពាក់ព័ន្ធនឹង​ការញុះញង់គូសបំផ្លាញ​សន្លឹកឆ្នោត​នេះ ភាគច្រើនប្តឹងដោយតំណាងរបស់​គណបក្សប្រជាជនកម្ពុជា​ និង​ប្រជាពលរដ្ឋមួយចំនួន ខណៈបណ្តឹងទាំង៥ នឹងលើកទៅក្នុងសវនាកានោះមកពីខេត្តត្បូងឃ្មុំ​ ២បណ្តឹង ប៉ៃលិន ២បណ្តឹង និងកំពង់ចាម ១ បណ្តឹង។ ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងបណ្តឹងទាំង៥ខាងលើ បន្ទាប់ពី គ.ជ.ប​ ចេញសេចក្តីសម្រេច តំណាង​ដើមចោទ ឬចុងចោទអាចបន្តប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង។ សូមជម្រាបថា ​ក្រោយការដោះស្រាយបណ្តឹង​បញ្ចប់ជាស្ថាពរ គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផល​បណ្តោះអាសន្ន នាថ្ងៃទី៥ សីហា និងលទ្ធផលផ្លូវការប្រកាសនាថ្ងៃទី៩ សីហាខាងមុខ៕ អត្ថបទ សេក ឧត្តម

ក្រសួងការបរទេស៖ អាមេរិកដឹងថា អតីតទាហានម៉ារីន បានរងរបួសនៅពេលប្រយុទ្ធនៅអ៊ុយក្រែន

2023/07/26 12:11:38 pm        101
អាមេរិក៖ អ្នកនាំពាក្យរងក្រសួងការបរទេស លោក វីដានធ៍ ប៉ាតែល (Vedant Patel) បាននិយាយកាលពីថ្ងៃអង្គារ (ទី២៥ កក្កដា)ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកដឹងថា លោក ទ្រីវ័រ រីដ (Trevor Reed) អតីតទាហានម៉ារីនអាមេរិក ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ី ហើយបន្ទាប់មកត្រូវបានដោះលែងនៅក្នុងការដោះដូរអ្នកទោសកាលពីឆ្នាំមុន បានរងរបួសក្នុងពេលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ លោកប៉ាតែល ក៏បាននិយាយផងដែរថា គាត់មិនបានដឹងពីការទំនាក់ទំនងណាមួយ ដែលផ្តល់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិកអំពីផែនការធ្វើដំណើររបស់លោកទ្រីវ័រ រីដ ទៅកាន់អ៊ុយក្រែននោះទេ។លោកប៉ាតែល បាននិយាយទៀតថា លោករីដ ត្រូវបានដឹកជញ្ជូនដោយមានការជំនួយពីអង្គការក្រៅរដ្ឋាភិបាលមួយទៅកាន់ប្រទេសអាល្លឺម៉ង់សម្រាប់ការថែទាំសុខភាព។សហរដ្ឋអាមេរិក បានព្រមានម្តងហើយម្តងទៀត មិនឲ្យជនជាតិអាមេរិកធ្វើដំណើរទៅអ៊ុយក្រែន ឬចូលរួមក្នុងការប្រយុទ្ធគ្នា ហើយទីប្រឹក្សាផ្នែការធ្វើដំណើររបស់ក្រសួងការបរទេសសម្រាប់អ៊ុយក្រែន ព្រមានថាមានរបាយការណ៍អំពីជនជាតិរុស្សី បានដាក់គោលដៅលើពលរដ្ឋអាមេរិកនៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ការឃុំខ្លួន ការសួរចម្លើយឬ ការបៀតបៀន៕

ក្រុមវេជ្ជបណ្ឌិតអ៊ីស្រាអែល ចេញធ្វើកូដកម្មតវ៉ាប្រឆាំង ទៅនឹងការអនុម័តច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការ

2023/07/26 12:06:47 pm        128
អ៊ីស្រាអែល៖ ក្រុមវេជ្ជបណ្ឌិតអ៊ីស្រាអែលបានចាប់ផ្ដើមធ្វើកូដកម្មរយៈពេល២៤ម៉ោងកាលពីថ្ងៃអង្គារ ទី២៥ខែកក្កដា ឆ្លើយតបទៅនឹង ការផ្ដល់សច្ចាប័នរបស់រដ្ឋាភិបាលស្ដាំនិយមប្រកាន់តឹង ដំណាក់កាលដំបូងរបស់ច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការ ដែលក្រុមអ្នករិះគន់ បារម្ភពីគ្រោះថ្នាក់ដល់ឯករាជភាពរបស់តុលាការ។ ច្បាប់មិនសមហេតុផលនេះ នឹងកំណត់អំណាចរបស់តុលាការកំពូលក្នុងការប្រឆាំងសេចក្ដីសម្រេចរបស់រដ្ឋាភិបាល និងការតែងតាំងរដ្ឋមន្ត្រី ដែលខ្លួនមើលឃើញថាជារឿងមិនសមហេតុផល។ ពង្រាងច្បាប់នេះ បានឆ្លងផុតអំណានទី២និងទី៣ កាលពីថ្ងៃចន្ទ ដោយសំឡេងភាគច្រើន ចំនួន៦៤ ក្នុងចំណោមសមាជិកសភា សរុប១២០ រូប ទោះបីជាផ្ទុះការតវ៉ាប្រឆាំងទូទាំងប្រទេស និងការតវ៉ាបានឈានចូលដល់សប្ដាហ៍ទី២៩ ក៏ដោយ។ ក្រុមអ្នកប្រឆាំងមួយចំនួនបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ពីបទរុញអ៊ីស្រាអែលទម្លាក់ចូលក្នុងរបបដឹកនាំផ្ដាច់ការ។សមាគមន៍វេជ្ជសាស្ត្រអ៊ីស្រាអែល បានបញ្ជឲ្យក្រុមវេជ្ជបណ្ឌិតធ្វើកូដកម្មរយៈពេល២៤ម៉ោង នៅទូទាំងប្រទេសលើកលែងតែទីក្រុងហ្ស៊េរ៉ុយសាឡឹម ។នគរបាលបាញ់ទឹកដើម្បីបំបែកក្រុមអ្នកតវ៉ា  និងមនុស្សមួយចំនួនត្រូវបានទាញចេញដោយនគរបាល ។ នគរបាលអ៊ីស្រាអែលនិយាយថា មនុស្សយ៉ាងហោចណាស់២២នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ៕

មន្រី្តសុខាភិបាល ស្នើពលរដ្ឋកុំធ្វេសប្រហែស មកពិគ្រោះព្យាបាលជំងឺជាមួយគ្រូពេទ្យជំនាញ

2023/07/26 12:05:07 pm        848
ភ្នំពេញ៖ លោកឱសថការី ថៃ កុសល​ នាយផ្នែកមនី្ទរពិសោធន៍ នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមរយៈBTV ព័ត៌មាន បានស្នើដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែស និងអញ្ជើញមកពិគ្រោះព្យាបាលជំងឺជាមួយគ្រូពេទ្យជំនាញ ទទួលបានការវិភាគពិនិត្យឈាមរកមេរោគប្រកបដោយគុណភាព។លោកឱសថការី ថៃ កុសល នាយផ្នែកមនី្ទរពិសោធន៍ បានបន្តថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែមក​ពិគ្រោះ ពិនិត្យសុខភាពតាមរយៈការពិនិត្យឈាម និងពិនិត្យមើលទៅលើវត្ថុភាគផ្សេងៗទៀត​ឲ្យបានទៀងទាត់ យ៉ាងហោចណាស់១ឆ្នាំ​ ឲ្យបាន២ដង។ ​ពិព្រោះថាការពិនិត្យឈាមនេះ ជួយបានច្រើនណាស់ ​អាចឲ្យយើងរកឃើញនូវជំងឺ​ ដែលយើងមិនបានដឹងខ្លួនពីមុន បានទាន់​ពេលវេលា ហើយទទួលបានរោគ​វិនិច្ឆ័យ​ត្រឹមត្រូវ ក៏ដូចជាទទួលបានការព្យាបាល​ជំងឺទាន់​ពេលវេលាផងដែរ។ ​ជាមួយគ្នានេះមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំបំពាក់ឧបករណ៍​វេជ្ជសាស្រ្តទំនើប​ចុងក្រោយ​ ដើម្បីឲ្យការវិភាគកាន់តែមានសុក្រឹតភាព ត្រឹមត្រូវប្រកបដោយ​គុណភាពរហ័សទាន់ពេលវេលាផងដែរ។លោកឱសថការី បានលើកឡើងទៀតថា ផ្នែកមនី្ទរពិសោធន៍មួយនេះ រួមផ្សំជាមួយនឹងមនី្ទរ​ពិសោធន៍​ចំនួន​៥បន្ថែមទៀត ​ដែលផ្តល់សេវាវិភាគឈាមគ្រប់ប្រភេទដល់អ្នកជំងឺដែលមកទទួល​សេវានៅក្នុងមនី្ទរពេទ្យ ជាមធ្យមអ្នកជំងឺដែលមកទទួលសេវានៅផ្នែកខាងលើនេះ ​ចន្លោះពី៣០០ ទៅ៤០០នាក់ក្នុងមួយថ្ងៃ គ្រប់ប្រភេទនៃអ្នកជំងឺ ដូចជា៖ ពិគ្រោះព្យាបាល ឬក៏ប្រភេទអ្នកជំងឺដែល​មកសម្រាកព្យាបាលក្នុងមនី្ទរពេទ្យផ្ទាល់។ មនី្ទរពេទ្យផ្តល់សេវាជូនអ្នកជំងឺមានជីវភាពខ្វះខាត អ្នកជំងឺប្រើប្រាស់បណ្ណមូលនិធិសមធម៌ ​និងអ្នកជំងឺប្រើប្រាស់បណ្ណ ប.ស.ស.ផងដែរ។ ជាមួយគ្នានោះដែរ លោកឱសថការី ក៏សូមគោរពថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាល ​លោកតែងតែគិតគូរដល់សុខមាលភាព របស់បងប្អូន​ប្រជាពលរដ្ឋយើងទូទាំងប្រទេស។ដោយឃើញនូវតម្រូវការនៃការកើនឡើងនូវអ្នកជំងឺដ៏ច្រើនក្នុងមនី្ទរពេទ្យ តាមរយៈក្រសួង​សុខាភិបាល ​ដែលមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ជារដ្ឋមន្រី្ត លោកបានផ្តល់អគារថ្មី ដែលមានកំពស់៤ជាន់ ​ហើយអគារមួយនេះ ​ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ណាស់ សម្រាប់អ្នក​ជំងឺចូលមកសម្រាកព្យាបាល ​ក៏ដូចជាអនុញ្ញាតឲ្យផ្នែកធំៗ​ ទាំង៣​ បានចូលរួមអភិវឌ្ឍ បំពាក់នូវ​សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ម៉ាស៊ីនថ្មីៗ សម្រាប់ឆ្លើយតបទៅ​នឹងសេចកី្តត្រូវការរបស់បងប្អូន​ប្រជាពលរដ្ឋ ​សមិទ្ធផលទាំងអស់នេះ ​អាចឲ្យក្រុមការងារគ្រូពេទ្យទាំងអស់ ផ្តល់សេវាកម្ម កាន់​តែកៀកខិតជិតជូនបងប្អូនប្រជាពលរដ្ឋ ​ដែលខ្វះខាតរកកន្លែងសម្រាកព្យាបាល និងសូមថ្លែង​អំណរគុណឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ​នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត តែងតែយកចិត្តទុកដាក់ ​និងផ្តល់ឱកាស​ឲ្យក្រុមគ្រូពេទ្យ​អភិវឌ្ឍន៍​ និងរីកចម្រើន។ ​សុខសន្តិភាព គឺជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍ ក្នុងនោះវិស័យសុខាភិបាល ​បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើសុខមាលភាព សុខភាពជូនប្រជាជន៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM
សរទរដូវជិតមកដល់ ប៉ុន្តែកូរ៉េខាងត្បូង នៅតែស្ថិតក្នុងអាកាសធាតុក្តៅហួតហែង
08/21/2025 07:08 PM
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
08/21/2025 06:08 PM
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
08/21/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហុងគ្រីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី
08/21/2025 06:08 PM
អ៊ូហ្គង់ដា ប្រាប់ថា ខ្លួនបានព្រមព្រៀងជាមួយអាមេរិក ដើម្បីយកអ្នកដែលមិនអាចទទួលបានសិទ្ធិជ្រកកោន
08/21/2025 06:08 PM
មេដឹកនាំប្រទេសយេម៉ែន ជួបពិភាក្សាជាមួយប្រេសិតUN អំពីការស្តារដំណើរការសន្តិភាពឡើងវិញ
08/21/2025 06:08 PM
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកាច្បាប់អាស៊ាន ២០២៥ (ASEAN LAW FORUM 2025) និងការគាំទ្រសេចក្តីថ្លែងការណ៍រួមដោយរដ្ឋមន្រ្តីច្បាប់ និងយុត្តិធម៌អាស៊ាន
08/21/2025 06:08 PM
កម្ពុជាបន្តកោតសរសើរចំពោះតួនាទីចម្បងរបស់ប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់
08/21/2025 06:08 PM