BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

KCNA៖គណៈប្រតិភូជាន់ខ្ពស់ចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ

2023/07/25 02:24:16 pm        195
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈប្រតិភូជាន់ខ្ពស់ចិន នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចត្រូវបានទទួលស្គាល់ជាលើកដំបូង ចាប់តាំងពីទីក្រុងព្យុងយ៉ាង បិទព្រំដែនរបស់ខ្លួន បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។ KCNA រាយការណ៍ថា សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Li Hongzhong( លី ហុងចុង) នឹងចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមកូរ៉េ។ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ ២០២០ ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយសំខាន់របស់ចិនក៏ដោយ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃចន្ទ មិនបាននិយាយថាតើដំណើរទស្សនកិច្ចនេះ បានធ្វើការផ្លាស់ប្តូរណាមួយក្នុងគោលនយោបាយនោះទេ។KCNA បានឲ្យដឹងថា លោក Li ដែលជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិននឹងធ្វើទស្សនកិច្ច «ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី៧០នៃជ័យជម្នះក្នុងសង្គ្រាមរំដោះមាតុភូមិដ៏ អស្ចារ្យនេះ»៕

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីម៉ាលីជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងនឹងWagner Group

2023/07/25 01:43:25 pm        218
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទទី២៤ ខែកក្កដា បានដាក់ទណ្ឌកម្មលើមន្ត្រីម៉ាលីបីនាក់ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ ជុំវិញការចោទប្រកាន់ថា ពួកគេជួយសម្រួលដល់ការដាក់ពង្រាយ និងការពង្រីកសកម្មភាពរបស់ក្រុម Wagner Group របស់រុស្ស៊ី នៅក្នុងប្រទេសអាហ្វ្រិកខាងលិច។ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី លោក Sadio Camara ដែលខ្លួនបាននិយាយថា បានធ្វើដំណើរជាច្រើនលើកទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២១ ដើម្បីពង្រឹងកិច្ចព្រមព្រៀងរវាង Wagner Group និងរដ្ឋាភិបាលអន្តរកាលម៉ាលី ដើម្បីដាក់ពង្រាយកម្លាំងទាហានស៊ីឈ្នួល។ក្រសួងនេះ បាននិយាយថា ទណ្ឌកម្មកាលពីថ្ងៃចន្ទ ក៏មានគោលដៅលើនាយសេនាធិការនៃកងទ័ពអាកាសរបស់ប្រទេសម៉ាលី លោក Alou Boi Diarra និងនាយសេនាធិការរងកងទ័ពអាកាសម៉ាលី លោក Adama Bagayoko ផងដែរ។លោក Brian Nelson អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកការស៊ើបអង្កេតភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បាននិយាយថា៖«មន្ត្រីទាំងនេះ បានធ្វើឲ្យប្រជាជនរបស់ពួកគេ ងាយរងគ្រោះចំពោះសកម្មភាពអស្ថិរភាព និងការរំលោភបំពានសិទ្ធិមនុស្សរបស់ Wagner Group ខណៈពេលដែលត្រួសត្រាយផ្លូវសម្រាប់ការកេងប្រវ័ញ្ចធនធានអធិបតេយ្យភាពរបស់ប្រទេសពួកគេ ដើម្បីជាផលប្រយោជន៍នៃប្រតិបត្តិការរបស់ Wagner Group នៅក្នុងប្រទេសអ៊ុយក្រែន៕

ពលរដ្ឋសប្បាយចិត្តនឹងឃើញគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសដើម្បីការរីកចម្រើនបន្ថែម

2023/07/25 01:16:56 pm        104
 កំពត៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពត បានលើកឡើងថា ពួកគេគាំទ្រលទ្ធផល នៃការរាប់សន្លឹកឆ្នោត ដែលបានបង្ហាញថា គណបក្សប្រជាជន ទទួលបានសំឡេងច្រើនលើសលប់ ហើយក៏នឹងសប្បាយចិត្តនឹង ឃើញគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ដើម្បីរក្សាបាននូវ​សុខសន្តិភាព និងការអភិវឌ្ឍរីក​ ចម្រើនបន្ថែមទៀតតទៅអនាគត ។ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកំពត បានសម្ដែងនូវការយល់ឃើញថា ​ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ​នីតិកាលទី៧ កាន់តែដំណើរការល្អប្រសើរជាងការបោះឆ្នោតមុនៗ ចាប់តាំងពី​ការឃោសនា រហូតដល់ពេលបោះឆ្នោត ​និងការរាប់សន្លឹកឆ្នោត​ គឺត្រឹមត្រូវ ​យុត្តិធម៌ ​តម្លាភាព គ្មាន​ការ​គំរាមកំហែង ​ហើយប្រជាពលរដ្ឋ ​ក៏បានចេញទៅបោះឆ្នោត​ដោយ​សប្បាយចិត្ត ដើម្បីប្រើប្រាស់​សិទ្ធិជ្រើសរើសមេដឹកនាំ តាមបែបលទ្ធិប្រជាធិបតេយ្យ ។លទ្ធផល នៃការរាប់សន្លឹកឆ្នោត បើទោះជាមិនទាន់បានប្រកាសជាផ្លូវការក្ដី ប៉ុន្តែបានបង្ហាញឱ្យ ឃើញពីការនាំមុខលើសលប់របស់គណបក្សប្រជាជន ឈានទៅរកជ័យជម្នះ ក្នុងការបោះឆ្នោត​នេះ។ លទ្ធផលនេះ ​បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសអបអរសាទរ ។ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានឲ្យដឹងថា សម្រាប់ ខេត្តកំពត ​មានគណបក្សនយោបាយចំនួន១២ឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ ​ដែលមានប្រជាពលរដ្ឋ ​បានចូលរួមបោះឆ្នោត សរុបជាង ៣៦ម៉ឺននាក់ ស្មើ ៨៥.៧៣% នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ស្ថានភាពទូទៅល្អប្រសើរ ចាប់ពីពេលបើក ការិយាល័យ ​រហូតដល់បិទការិយាល័យ រាប់សន្លឹកឆ្នោត គ្មានបាតុភាពអ្វីមួយកើតឡើងទេ​ ពាក្យបណ្តឹង ក៏គ្មានដែរ។ ​ចំពោះលទ្ធផលក្រៅផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា បាននាំមុខគេដាច់ ​គឺទទួលបានកៅអី ៦លើ៦ ៕ អត្ថបទ៖ អន សារឹម 

សម្ដេច ម៉ែន សំអន អរគុណក្រុមការងារបក្ស និងពលរដ្ឋ ដែលបានផ្ដល់ការគាំទ្រ​ ដល់គណបក្សប្រជាជន

2023/07/25 01:06:00 pm        232
ស្វាយរៀង៖ សម្ដេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ក្រុមការងារបក្សខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យបក្សប្រជាជនទទួលបានជ័យជម្នះ និងអរគុណប្រជាពលរដ្ឋ ដែលបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ។សម្ដេច ម៉ែន សំអន បានថ្លែងអំណរគុណក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្រុមការងារគណៈចលនាមហាជន ​ក្រុមការងារថ្នាក់ខេត្ត ​ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ នៅខេត្តស្វាយរៀង ​និងក្រុមការងារយុវជន ​និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ចំពោះការកិច្ច ​ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ស្មារតី ថវិកា ​ធនធានសរុប ​ក្នុងការបំពេញ​ភារកិច្ច​យ៉ាងសស្រាក់ សស្រាំ ទោះបីមេឃក្តៅ ភ្លៀង ផ្គរ ដោយមិនខ្លាចនឿយហត់ ប្រកបដោយការ​ទទួលខុសត្រូវខ្ពស់ ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងផ្សព្វផ្សាយ ​និងបញ្ជ្រាបគោលនយោបាយ គណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងខេត្តស្វាយរៀង ឱ្យបាន​យល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រ លើសផែនការ ដែលបានកំណត់ និងទទួលបាន​ជ័យ​ជម្នះ​យ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា នៅនីតិកាលទី៧នេះ ។សម្ដេច បានបញ្ជាក់ថា​ ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ​ក្រោមបរិយាកាស ស្ងប់ស្ងាត់​ សុខសន្តិភាព​ និងគ្មានអំពើហិង្សា​ ដែលបានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ​ និងអន្តរជាតិ ឱ្យ ឃើញនូវភាពកាន់តែចាស់ទុំ​ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត​របស់​គណបក្សប្រជាជនកម្ពុជា​ ក្នុងការអនុវត្តគោលការណ៍ ​នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។សម្ដេច ​បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ​ដែលស្រឡាញ់ ​និងជឿទុកចិត្ត និងនៅតែបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតជូន​គណបក្សប្រជាជន​កម្ពុជាឱ្យ ឈ្នះនៅនីតិកាលទី៧នេះ ។សម្ដេច បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខេត្តស្វាយរៀង ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្សប្រជាជន​ ឱ្យឈ្នះដាច់ ដែល​តាម​លទ្ធផលជាបឋមរបស់​ណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ទទួលបានសំឡេង ៥ លើ ៥ ៕អត្ថបទ៖ ភា សារិទ្ធ

បណ្ដុំអង្គការសង្គមស៊ីវិល ប្រាប់ក្រុមប្រឆាំង និងអន្តរជាតិ ឱ្យគោរពសិទ្ធិពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោត

2023/07/25 12:49:07 pm        558
ភ្នំពេញ៖ បណ្ដុំយុវជន អង្គការ សមាគម និងសង្គមស៊ីវិល បានសម្ដែងការមិនពេញចិត្ត និង​ច្រានចោល​ទាំងស្រុងចំពោះការចោទប្រកាន់ពីក្រុមប្រឆាំង ​និងអន្តរជាតិមួយចំនួនដែលចោទថា ការបោះឆ្នោតនៅកម្ពុជាមិនមានភាពត្រឹមត្រូវ។ ពួកគេថា នេះជាការចោទប្រកាន់ខុសឆ្គង។ ជាការឆ្លើយតប ពួកគេប្រាប់ទៅក្រុមប្រឆាំង ក៏ដូចជាបរទេសគាំទ្រក្រុមប្រឆាំង សូមគោរពដល់សិទ្ធិពលរដ្ឋកម្ពុជា ជាង៨លាននាក់ដែលបានទៅចូលរួមបោះឆ្នោត។ក្រុមការងារនៃ បណ្ដុំយុវជន អង្គការ សមាគម និងសង្គមស៊ីវិល ​បានមើលឃើញពីភាពប្រសើរ នៃការរៀបចំការងារបោះឆ្នោត ​ក៏ដូចជាភាពប្រសើរនៃការចូលរួមរបស់គ្រប់​គណបក្សប្រកួតប្រជែង និង​ការចូលរួមទៅបោះឆ្នោតយ៉ាងច្រើន​លើសលុបពីប្រជាពលរដ្ឋទូទាំងប្រទេស។ពួកគេមើលឃើញថា​ ប្រជាពលរដ្ឋមានការពេញចិត្ត និងស្វែងយល់ពីសិទ្ធិរបស់ខ្លួនបានច្បាស់​ក្នុងការ​សម្រេចជោគវាសនាប្រទេសជាតិ ​ទើបនាំឱ្យមានកំណើនពលរដ្ឋទៅបោះឆ្នោត ។ដោយមើលឃើញពីភាពប្រសើរទាំងនេះ​ បណ្ដុំអង្គការសង្គមស៊ីវិល​ ក៏ផ្ដាំផ្ញើទៅកាន់ក្រុមប្រឆាំង ក៏ដូចជា​អន្តរជាតិគាំទ្រក្រុមប្រឆាំង ​សូមបញ្ឈប់សកម្មភាពរំខាន ​និងចង់បំផ្លាញកម្ពុជា។ ពួកគេសូមឱ្យក្រុមទាំងនោះ​ មើលជារួមនិងគោរពដល់សិទ្ធិប្រជាពលរដ្ឋជាង ៨លាននាក់​ដែលបានទៅចូលរួមបោះឆ្នោត។លើសពីនេះទៅទៀត ពួកគេសូមថ្កោលទោសចំពោះទង្វើខុសច្បាប់របស់ក្រុមប្រឆាំង​ទាំងអ្នករស់​នៅក្រៅ ​និងក្នុងប្រទេស។ ពួកគេក៏ផ្ដាំផ្ញើទៅកាន់ក្រុមខុសច្បាប់ទាំងនោះ​ ឱ្យបញ្ឈប់រាល់សកម្មភាព​ដែល​ចង់បំផ្លាញកម្ពុជា​ និងបញ្ជាក់ថា ​ការ​ញុះញង់​របស់ពួកគេមិនមាន​ប្រសិទ្ធភាព​លើពលរដ្ឋ​កម្ពុជាទៀតនោះទេ។តាមរយៈ គ.ជ.ប បង្ហាញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ​៧ ឆ្នាំ ២០២៣នេះ គឺមានប្រជាពលរដ្ឋជាង ​៨លាននាក់​ បានទៅបោះឆ្នោត។​ ចំនួននេះ ​គឺស្មើនឹង ​៨៤, ៥៨% នៃ​ចំនួនពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕ អត្ថបទ៖ គឹមហុក 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ប្រទេសចិននឹងពិនិត្យមើលការតែងតាំង និងបញ្ចប់តំណែងមន្ត្រី ក្នុងកិច្ចប្រជុំសភា

2023/07/25 12:34:11 pm        89
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិចិន (NPC) ដែលជាស្ថាប័នដ៏មានឥទ្ធិពល ក្នុងការអនុម័ត និងធ្វើវិសោធនកម្មច្បាប់ នៅពេលដែលសភាមិនទាន់ដល់ពេលប្រជុំ នឹងពិនិត្យមើលឡើងវិញនូវការតែងតាំង និងការបញ្ចប់តំណែងមន្ត្រីមួយចំនួន ក្នុងកិច្ចប្រជុំ នៅថ្ងៃអង្គារ (ទី២៥ ខែកក្កដា) នេះ។ការប្រកាសនេះ កើតមានឡើងមួយខែ គិតចាប់តាំងពេលដែលរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ត្រូវបានគេឃើញលើកចុងក្រោយ ដោយរដ្ឋាភិបាលរបស់ប្រទេសចិន បានគ្រាន់តែឲ្យដឹងថា លោករដ្ឋមន្ត្រី ឈប់សម្រាកដោយសារបញ្ហាសុខភាព តែមិនបានបញ្ជាក់ថាមានជំងឺអ្វីនោះឡើយ។ គណៈកម្មាធិការ NPC ដែលប្រជុំប្រហែលរៀងរាល់ ២ខែម្តង ដើម្បីធ្វើសេចក្តីព្រាងច្បាប់ និងអនុម័តច្បាប់ ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នា នៅខែសីហា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ដែលបានគ្រោងទុកក្នុងខែមិថុនា។មុខតំណែងគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន ដូចជារដ្ឋមន្ត្រីជាដើម ត្រូវបានតែងតាំងដោយនាយករដ្ឋមន្ត្រី ហើយបន្ទាប់មកត្រូវបានអនុម័តដោយ NPC ឬសភា។ ប៉ុន្តែ NPC តែងប្រជុំ ១ឆ្នាំម្តង តែក្នុងខែមីនា ហេតុដូច្នេះ ទើបគណៈកម្មាធិការអចិន្ត្រៃយ៍ NPC មានភារកិច្ចធ្វើការសម្រេចបណ្តោះអាសន្ន។ NPC ដែលមានសមាជិក ៣.០០០នាក់ គឺជាស្ថាប័នអង្គនីតិប្បញ្ញត្តិជាតិរបស់ប្រទេសចិន ហើយជាគោលការណ៍ ជាស្ថាប័នរដ្ឋដ៏មានឥទ្ធិពលបំផុតក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់ចិន ទោះបីជានៅក្នុងការអនុវត្តជាក់ស្តែង បក្សកុម្មុយនីស្តដែលកំពុងគ្រប់គ្រងប្រទេស មានអំណាចខ្លាំងក៏ដោយ។ក្រៅពីការប្រជុំប្រចាំឆ្នាំ ក្នុងគោលបំណងបង្កើតច្បាប់ និងតែងតាំងបុគ្គលិករដ្ឋាភិបាលហើយនោះ ស្ថាប័ននេះ មើលការខុសត្រូវលើក្រុមប្រឹក្សារដ្ឋ ដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន៕

ចិន និងរុស្ស៊ី បញ្ចប់សមយុទ្ធយោធារួមគ្នា នៅសមុទ្រជប៉ុន

2023/07/25 12:31:36 pm        110
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសចិន និងប្រទេសរុស្ស៊ី បានបញ្ចប់សមយុទ្ធកងទ័ពជើងទឹក និងអាកាស នៅសមុទ្រជប៉ុន ក្នុងគោលបំណងការពារសន្តិសុខផ្លូវទឹក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានថតឃ្លីបវីដេអូ នាវាចម្បាំងចិន និងរុស្ស៊ី ដែលកំពុងចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រ។ នាវាជាង១០គ្រឿង និងយន្តហោះចម្បាំង៣០គ្រឿងមកពីភាគីទាំងពីរ បានចូលរួមនៅក្នុងសមយុទ្ធ ឆ្នាំ២០២៣ រយៈពេល៤ថ្ងៃ ខណៈកងកម្លាំងទ័ពអាកាស និងកងទ័ពជើងទឹកចិន និងរុស្ស៊ី រួមគ្នាធ្វើសមយុទ្ធវាយរុញច្រាន រារាំង ការពារដែនអាកាសនិងដែនទឹក ដែលបានបញ្ជានិងតាមផែនការ។ ការបង្ហាញពីសាមគ្គីភាព រវាងយោធា ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក បង្កើនទំនាក់ទំនង ជាមួយប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលកំពុងសំឡឹងមើលដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដែលធ្វើឲ្យប្រទេសចិន និងរុស្ស៊ីមានកំហឹង៕

ពលរដ្ឋជឿជាក់ថា ជ័យជម្នះបោះឆ្នោតនឹងបានទៅបក្សប្រជាជន ដើម្បីបន្តដឹកនាំប្រទេសបន្តការអភិវឌ្ឍ

2023/07/25 12:31:09 pm        239
ភ្នំពេញ៖ ពលរដ្ឋបានសម្ដែងនូវការអបអរសាទរចំពោះលទ្ធផលក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយពួកគេជឿជាក់ថា គណបក្សប្រជាជនកម្ពុជា​ នឹងទទួលបានជ័យជម្នះ ដើម្បីបន្ត ដឹកនាំប្រទេសឱ្យកាន់តែ​មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ។ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្តកណ្ដាល បានលើកឡើងថា ការបោះឆ្នោតពីមួយអាណត្តិ ទៅមួយអាណត្តិ មានកំណើនប្រជាពលរដ្ឋទៅចូលរួម ​ជាពិសេសនៅអាណត្តិនេះ មានចំនួន​រហូត​ដល់ ជាង៨៤ភាគរយ ដែលចំនួននេះ​ បានបង្ហាញថា ​ពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ក្នុងការ​សម្រេចនូវ ជោគវាសនារបស់ខ្លួន ពោលគឺមិនធ្វើអ្វីតាមការ​ញុះញង់​របស់ជន​អគតិឡើយ ។ពលរដ្ឋ បានបន្តថា សម្រាប់អាណត្តិថ្មីនេះ ឃើញថាគណបក្សប្រជាជនកម្ពុជា ​បានទទួលការគាំទ្រ ដ៏ច្រើន​លើសលុប ​ពីសំណាក់ប្រជាពលរដ្ឋ ព្រោះតែស្រឡាញ់ ​ពេញចិត្ត ​និងជឿជាក់ ចំពោះការ​ដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ​ដែលមាន​សម្ដេចតេជោ ហ៊ុន សែន ​ជាប្រធាន និងជាបេក្ខភាព​នាយករដ្ឋមន្ត្រី ។ប្រជាពលរដ្ឋ ក៏បានបង្ហាញនូវការបន្តគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ​ហើយសង្ឃឹមថា ​នៅ អាណត្តិ​ក្រោយទៀត គណបក្សប្រជាជនកម្ពុជា ​បានជាប់ឆ្នោតដឹកនាំ​ប្រទេសបន្តទៀត ហើយពួកគេ​គាំទ្រ ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ​នាពេលអនាគត ។គួរបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧​ ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដានេះ ​បើតាមលទ្ធគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) គឺមានអ្នកទៅ​បោះឆ្នោត ​មានជាង៨លាន ២សែននាក់ ​ដែលស្មើនឹង៨៤,៥៨ភាគរយ និងមានគណបក្ស​នយោបាយ​ចំនួន១៨ បានចូលរួមប្រកួតប្រជែង ៕អត្ថបទ៖ បាន សុខរិទ្ធិ

ស្លាករបស់ Twitter ចាប់ផ្ដើមទម្លាក់ចុះ នៅទីស្នាក់ការកណ្តាល ដោយប្តូរឡូហ្គោ X ជំនួសវិញ

2023/07/25 12:23:59 pm        114
អាមេរិក៖ ស្លាក ដែលគេស្គាល់ជាទូទៅរបស់បណ្ដាញសង្គម Twitter ចាប់ផ្តើមទម្លាក់ចុះហើយ នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ដែលការទម្លាក់ចុះនេះ គឺជាផ្នែកនៃការប្តូរស្លាកសញ្ញាពាណិជ្ជកម្មថ្មី។បន្ទាប់ពីប្រើប្រាស់រយៈពេល ១៧ឆ្នាំជាមួយនឹងនិមិត្តសញ្ញាបក្សីពណ៌ខៀវ ដែលតំណាងឲ្យការផ្សព្វផ្សាយគំនិតទៅកាន់ពិភពលោក មហាសេដ្ឋីលោក Elon Musk បានសម្រេចប្តូរឈ្មោះពីអក្សរ Twitter ជាអក្សរ X វិញ ហើយបានបង្ហាញឡូហ្គោថ្មី ដែលផ្ដោតការយកចិត្តទុកដាក់លើការបង្កើត «កម្មវិធីគ្រប់ប្រភេទ»។ចាប់តាំងពីចូលមកគ្រប់គ្រងក្រុមហ៊ុនបណ្ដាញសង្គម Twitter ក្នុងខែតុលា លោក Musk បាននិយាយថា លោកស្រមៃដល់ការបង្កើតកម្មវិធីមួយ ដែលអាចផ្តល់សេវាកម្មជាច្រើនដល់អ្នកប្រើប្រាស់លើសពីបណ្ដាញទំនាក់ទំនងសង្គម ដូចជាការបង់ប្រាក់តាមប្រព័ន្ធកុំព្យូទ័រជាដើម ពោលគឺជាគំនិតមួយ ដែលឆ្លុះបញ្ចាំងពីបណ្ដាញសង្គម WeChat ដ៏ពេញនិយម នៅប្រទេសចិន។តែយ៉ាងណាក្ដី ចាប់តាំងពីមានការកាន់កាប់របស់លោក Musk ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ បានប្រឈមនឹងពេលវេលាច្របូកច្របល់មិនចេះចប់ ដោយមានការបញ្ឈប់បុគ្គលិក ការធ្លាក់ចុះយ៉ាងខ្លាំងនៃអ្នកផ្សាយពាណិជ្ជកម្ម និងការកើនឡើងយ៉ាងឆាប់រហ័សនៃប្រើប្រាស់កម្មវិធីថ្មី Threads ដែលជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពរបស់ក្រុមហ៊ុន Meta ចំពោះក្រុមហ៊ុន Twitter៕

អ្នកការទូតកំពូលចិន និងប្រធានសន្តិសុខរុស្ស៊ី សន្យាសាមគ្គីភាព

2023/07/25 12:20:24 pm        118
ចិន៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក Wang Yi និងលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev បានជួបគ្នានៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចទើបលូតលាស់ឬក្រុមប្រទេស BRICS នៅប្រទេសអាហ្វ្រិកខាងត្បូង។ អំឡុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ក្នុងទីក្រុង Johannesburg លោក Wang បានប្រាប់លោក Patrushev ដែលជាមនុស្សជំនិតជិតបំផុតរបស់ប្រធានាធិបតីលោក Vladimir Putin ថា ប្រទេសចិន មានបំណងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសរុស្ស៊ី។ លោក Wang បង្ហើបថា ប្រទេសចិនព្យាយាមបង្កើតសណ្តាប់ធ្នាប់អន្តរជាតិពហុប៉ូល ដើម្បីប្រយុទ្ធប្រឆាំងជាមួយបណ្តាប្រទេសលោកខាងលិច។ លោកនិយាយថា ប្រទេសចិន មានឆន្ទះធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងក្រុមប្រទេសBRICS ដ៏ទៃទៀត ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ជាក់ស្តែង ក្នុងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នាចិន-អាមេរិក លោក Patrushev និយាយថារុស្ស៊ីនិងចិន ប្រឆាំងនឹងផ្នត់គំនិតសង្គ្រាមត្រជាក់ ដែលធ្វើឲ្យមានភាពតានតឹងស្ថានភាពក្នុងតំបន់និងអន្តរជាតិ។ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ជំនួបនេះបង្កើតបានជាឱកាសមួយសម្រាប់ប្រទេសចិន និងរុស្ស៊ី ដើម្បីបញ្ជាក់ឡើងវិញថា ពួកគេប្តេជ្ជាចិត្តធ្វើការរួមគ្នា និងបង្ហាញពីសារៈសំខាន់នៃក្របខណ្ឌប្រទេស BRICS ខណៈពួកគេប្រឈមមុខជាមួយសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសអេហ្ស៊ីប បានបញ្ជូនរថយន្តជំនួយជិត ១.៣០០គ្រឿង ទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីចុងខែ កក្កដា
08/21/2025 02:08 PM
ទឹកជំនន់វាយប្រហារអូស្រា្តលី ខណៈទីក្រុងស៊ីដនី កត់ត្រាថ្ងៃមានភ្លៀងធ្លាក់ខ្លាំងបំផុតប្រចាំឆ្នាំ
08/21/2025 02:08 PM
នូវែលសេឡង់ នឹងចាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជំនួសកងយន្តហោះការពារដ៏ចំណាស់របស់ខ្លួន
08/21/2025 02:08 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញសំណេះសំណាលជាមួយមេឃុំ នាយកវិទ្យាល័យ ប្រធាន​និង​គ្រូប្រចាំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទាំង១៨ វិទ្យាល័យ នៅខេត្តតាកែវ តាមប្រព័ន្ធ​អនឡាញ
08/21/2025 02:08 PM
អ្នកវិទ្យាសាស្ត្រព្រមានថា ផ្សែងចំហេះព្រៃបង្កគ្រោះថ្នាក់ដល់សុខភាព ខ្លាំងជាងការគិតទៅទៀត
08/21/2025 02:08 PM
ទឹកជំនន់ក្នុងរដូវមូសុងដ៏កម្រោល បានសម្លាប់មនុស្សយ៉ាងតិច ១.៨៦០នាក់ នៅឥណ្ឌា និងប៉ាគីស្ថាន
08/21/2025 02:08 PM
[UPDATE] រញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ របស់មីយ៉ាន់ម៉ា រង្គើដល់ក្រុងបាងកក ដោយបង្កភាពភ័យស្លន់សោរ
08/21/2025 01:08 PM
គណបក្សភឿថៃ បដិសេធពាក្យចចាមអារ៉ាមពីការវិលត្រលប់របស់លោក Prayut
08/21/2025 01:08 PM
ក្នុងមួយថ្ងៃក្រសួងការងារផ្គូរផ្គងការងាររវាងភាគីនិយោជក និងអ្នកស្វែងរកការងារជាង៥ពាន់នាក់
08/21/2025 01:08 PM
អ៊ីស្រាអែល សម្លាប់ជនប៉ាឡេស្ទីនជាង ៨០នាក់ ខណៈយោធាចាប់ផ្តើមវាយដណ្តើមយកទីក្រុងហ្កាហ្សា
08/21/2025 01:08 PM