សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សនយោបាយនានាបន្តធ្វើកម្មភាពឃោសនារកសំឡេងឆ្នោតតាមលទ្ធភាព

2023/07/10 05:56:17 pm        87
ភ្នំពេញ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទី ១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយ​គណបក្ស​នយោបាយនានាបន្តធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតតាមលទ្ធភាពរបស់ខ្លួន ក្នុងនោះមានតែ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយប៉ុណ្ណោះដែលធ្វើសកម្មភាព​ហែក្បួននៅរាជធានីភ្នំពេញ។ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ BTV នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះថា បើពិនិត្យជារួមសម្រាប់​ការ​វាយតម្លៃស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោត​របស់គណបក្សនយោបាយនានា គឺបាន​ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព​ សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សាណាមួយកើត​ឡើងឡើយ។ឯកឧត្ដមបន្តថា កាលពីម្សិលមិញមានគណបក្សនយោបាយចំនួន ១៥ បានធ្វើសកម្មភាពឃោសនា បោះឆ្នោតក្នុងនោះមានគណបក្សនយោបាយ ចំនួន ៨ បានហែក្បួនឃោសនា។ ​ដោយឡែកថ្ងៃនេះ​មានតែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ធ្វើការហែក្បួនឃោសនាចាប់ពីម៉ោង ៨ នៅរាជធានីភ្នំពេញ។បើតាម ឯកឧត្ដម ហង្ស ពុទ្ធា គណបក្សនយោបាយនានាបានធ្វើការឃោសនាបោះឆ្នោត​តាម​រយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការ ​គណបក្ស និងចល័តតាមភូមិ ចែក​ខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ​ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់​បញ្ចាំង ស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរ ឈ្មោះ។សូមជម្រាបជូនថា​ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ វ៉ន ដារ៉ា

បេក្ខជននាំមុខនាយករដ្ឋមន្ត្រីថៃរៀបចំការជួបជុំមុនថ្ងៃបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីនៅសភាទី១៣ កក្កដា

2023/07/10 05:51:43 pm        145
ថៃ៖ ក្រុមអ្នកគាំទ្របេក្ខជននាំមុននាយករដ្ឋមន្ត្រីថៃរាប់រយនាក់ របស់លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីបាងកកកាលពីថ្ងៃអាទិត្យទី៩កក្កដា មុនការបោះឆ្នោតនៅសភា សម្រាប់ជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនៅសប្ដាហ៍នេះ ។  លោក ភីថា  មេដឹកនាំគណបក្សឆ្ពោះទៅមុខ Move Forward Party ប្រឈមនឹងវិថីមិនច្បាស់លាស់ឈានទៅកាន់តំណែងជានាយករដ្ឋមន្ត្រី ទោះបីជាទទួលបានសំឡេងគាំទ្រច្រើនជាងបក្សដទៃក្នុងការបោះឆ្នោតកាលពីខែឧសភា ដែលបានមើលឃើញ ប្រជាជនថៃបានច្រានចោលការដឹកនាំគាំទ្រដោយរបបយោធាជិត៩ឆ្នាំមកនេះ។  ពេលនេះ លោក ចាំបាច់ត្រូវមានការគាំទ្រពេញលេញពីព្រឹទ្ធសភា ដែលពុំត្រូវបានជ្រើសរើស ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ក្នុងការជំនួសនាយករដ្ឋមន្ត្រីចាំផ្ទះលោក Prayuth Chan-ocha ក្នុងការបោះឆ្នោតដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៣ខែកក្កដាសប្ដាហ៍នេះ។  ក្រុមសម្ព័ន្ធដែលមានការរួមគ្នាជាមួយគណបក្សចំនួន៨របស់លោក មានសំឡេងចំនួន៣១២អសានៈនៅក្នុងសភា ប៉ុន្តែចាំបាច់ត្រូវកាសំឡេងគាំទ្រយ៉ាងហោចណាស់៣៧៦អសានៈក្នុងការចូលរួមស័មយប្រជុំសភាពរួមគ្នា ដែលរួមទាំងសមាជិក២៥០រូបត្រូវបានតែងតាំងអំឡុងរបបគ្រប់គ្រងដោយយោធា។ លោក ភីថា បាននិយាយថា ការពិភាក្សាជាមួយក្រុមសមាជិក ព្រឹទ្ធសភា ត្រូវបានធ្វើរួចហើយ ហើយថាពួកគេមិនគួរបោះឆ្នោតប្រឆាំងឆន្ទៈរបស់ប្រជាពលរដ្ឋឡើយ៕

ការចរចាកូដកម្មកំពង់ផែកាណាដាបន្ត ដោយមានការគាំទ្រពីអ្នកសម្របសម្រួលសហព័ន្ធ

2023/07/10 05:46:33 pm        113
កាណាដា៖ សេចក្តីថ្លែងការណ៍មួយរបស់សមាគមនិយោជកដែនសមុទ្រខេត្ត(ប៊ីរដធីសកូឡុំបៀ) British Columbia (BCMEA) កាលពីថ្ងៃសៅរ៍ បានបង្ហាញថា កិច្ចពិភាក្សានៅកាណាដាប៉ាស៊ីហ្វិករវាងកម្មករកំពង់ផែដែលកំពុងធ្វើកូដកម្ម និងនិយោជករបស់ពួកគេ បានបន្ត បន្ទាប់ពីរយៈពេល៤ថ្ងៃ មិនបានចូលតុចរចា។សេចក្តីថ្លែងការណ៍ដដែល បានឲ្យដឹងថា BCMEA និងសហជីពឆ្នេរសមុទ្រនិងឃ្លាំងស្តុកទំនិញអន្តរជាតិកាណាដា(ILWU Canada) បានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ ដែលគាំទ្រដោយក្រុមអ្នកសម្របសម្រួលសហព័ន្ធ។ កិច្ចចរចា បានជាប់គាំងកាលពីថ្ងៃអង្គារ ហើយភាគីទាំងពីរ បានកាត់ផ្តាច់ការចរចា។កម្មករកំពង់ផែប្រហែល ៧.៥០០ នាក់ បានធ្វើកូដកម្មនៅថ្ងៃទី១ខែកក្កដា ដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់ ដោយបន្តប្រតិបត្តិការនៅកំពង់ផែ Vancouver និងកំពង់ផែ Prince Rupert ដែលជាច្រកផ្លូវសំខាន់ៗសម្រាប់ការនាំចេញធនធានធម្មជាតិ និងទំនិញរបស់ប្រទេស ក៏ដូចជាសម្រាប់ការនាំចូលវត្ថុធាតុដើមផងដែរ។រដ្ឋាភិបាលសហព័ន្ធ និងខេត្តរបស់ប្រទេសកាណាដា បានជំរុញឱ្យភាគីនានា ចាប់ផ្តើមកិច្ចចរចាឡើងវិញ ខណៈដែលកាលពីថ្ងៃសៅរ៍ ប្រមុខរដ្ឋាភិបាលខេត្ត Alberta លោកស្រី Danielle Smith បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខេត្តរបស់លោកស្រីគាំទ្រការកោះប្រជុំបន្ទាន់របស់សភាឲ្យពិចារណាលើច្បាប់ ដើម្បីដោះស្រាយការរាំងស្ទះការងារ។BCMEA បានឲ្យដឹងថា ខ្លួនបានដាក់សំណើកែសម្រួល ដើម្បីដោះស្រាយកង្វះខាតពាណិជ្ជកម្មជំនាញ និងដោះស្រាយតម្រូវការរបស់ ILWU Canada ដើម្បីពង្រីកយុត្តាធិការរបស់ពួកគេលើការងារថែទាំជាប្រចាំនៅចំណតនានា ដែលត្រូវបានច្រានចោលដោយILWU Canada៕

កូរ៉េខាងជើង រិះគន់ចំណាត់ការរបស់អាមេរិក នាំយកនាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទីក មកកាន់ឧបទ្វីបកូរ៉េ

2023/07/10 05:33:39 pm        125
កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានរិះគន់ជាអ្វីដែលខ្លួនចាត់ទុកថាជាចំណាត់ការមួយធ្វើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបង្ហាញនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរមកកាន់ដែនទឹក នៅជិតឧបទ្វិបកូរ៉េ ដោយនិយាយថា វានឹងបង្កើតស្ថានភាពមួយដែលនាំយកមកនូវជម្លោះនុយក្លេអ៊ែរខិតកាន់តែជិតការពិត។ អ្នកនាំពាក្យក្រសួងការពារជាតិនៅក្នុងសេចក្តីថ្លែងការណ៍ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌ផ្លូវការ KCNA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានអះអាងថា យន្តហោះស៊ើបការណ៍សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបំពានដែនអកាសរបស់ខ្លួន នៅជិតឆ្នេរភាគខាងកើត។អ្នកនាំពាក្យនិយាយថា គ្មានការធានាទេថា ឧបទ្ទវហេតុដ៏ភ្ញាក់ផ្អើលនៅកន្លែងដែលយន្តហោះឈ្លបយកការណ៍ជាយុទ្ធសាស្ត្ររបស់កងកម្លាំងសហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់នៅលើសមុទ្រខាងកើត នឹងមិនកើតឡើងនោះទេ។ សេចក្តីថ្លែងការណ៍ បានលើកឡើងថា មានឧបទ្ទវហេតុកាលពីពេលមុនៗ នៃការបាញ់ទម្លាក់ឬស្ទាក់ចាប់យន្តហោះអាមេរិក របស់ប្រទេសកូរ៉េខាងជើង នៅព្រំដែនជាមួយកូរ៉េខាងត្បូង និងនៅជិតឆ្នេរ។ ប្រទេសកូរ៉េខាងជើងតែងតែត្អូញត្អែរអំពីយន្តហោះឈ្លបយកការណ៍របស់អាមេរិក នៅជិតឧបទ្វិបនេះ។ ទីភ្នាក់ងារ KCNA បានរាយការណ៍ថា ចំណាត់ការដោយសហរដ្ឋអាមេរិក ដើម្បីណែនាំអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមកកាន់ឧបទ្វិបកូរ៉េ គឺជាការគំរាមនុយក្លេអ៊ែរពិតប្រាកដប្រឆាំងប្រទេសកូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់ និងបង្ហាញពីការគំរាមដ៏ខ្លាំងក្លាចំពោះសន្តិភាព។នាវាមុជទឹកបំពាក់មីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានមកដល់កំពង់ផែ Busan ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន៕

ក្មេងស្រីទី២ បានស្លាប់ បន្ទាប់ពីមានហេតុការណ៍រថយន្តបុកចូលសាលាបឋមសិក្សា នៅទីក្រុងឡុងដ្រ៍

2023/07/10 05:29:13 pm        87
អង់គ្លេស៖ នគរបាល បាននិយាយកាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) ថា ពេលនេះ ក្មេងស្រីទី២ម្នាក់ទៀត អាយុ ៨ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីមានហេតុណ៍ការណ៍រថយន្តមួយ បានបុកចូលអគារ នៅឯសាលាបឋមសិក្សា នៅភាគខាងត្បូងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា)។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សិស្សានុសិស្ស បានរៀបចំពិធីជប់លៀងពិសាតែបញ្ចប់ឆមាសជាមួយឪពុកម្តាយ និងគ្រូបង្រៀន ក្នុងសួនច្បាររបស់សាលារៀនត្រៀម (Study Prep School) នៅសង្កាត់ Wimbledon ដែលមានចម្ងាយមិនដល់ ១ម៉ាយល៍ (ជាង ១,៦០៩គីឡូម៉ែត្រ) ពីកន្លែងនៃការប្រកួតកីឡាវាយកូនបាល់ដែលកំពុងតែប្រព្រឹត្តទៅ។នគរបាលបាននិយាយថា អ្នកបើកបររថយន្ត ភេទស្រីវ័យ ៤៦ឆ្នាំ ដែលជាអ្នករស់នៅតំបន់នោះ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ពីបទសង្ស័យថា បង្កហេតុឲ្យមានមនុស្សបាត់បង់ជីវិត ដោយសារការបើកបរប្រកបដោយគ្រោះថ្នាក់ តែនគរបាល បានបញ្ជាក់បន្ថែម នៅថ្ងៃព្រហស្បតិ៍នោះថា ឧបទ្ទវហេតុនេះ មិនមាន«ពាក់ព័ន្ធនឹងភេរវកម្មនោះទេ»។ពេលកើតហេតុភ្លាមៗ នោះថ្ងៃព្រហស្បតិ៍នោះ កុមារី Selena Lau ត្រូវបានបញ្ជាក់ថា ស្លាប់ដោយសាររបួសរបស់ក្មេងស្រីនោះ ហើយនគរបាលបាននិយាយថា ក្មេងស្រីទី២ ដែលមានឈ្មោះថា Nuria Sajjad បានស្លាប់ កាលពីថ្ងៃអាទិត្យ។គ្រួសាររបស់ក្មេងស្រីបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងស្រីនេះ តំណាងឲ្យក្តីរីករាយ ចិត្តល្អ និងក្ដីសប្បុរស ហើយនាងទទួលបានការស្រឡាញ់ពីអ្នកជុំវិញខ្លួននាងគ្រប់គ្នា៕

Biden ចាប់ផ្តើមដំណើរទស្សនកិច្ច៣ប្រទេសដោយមានទីឈប់ចតដំបូងនៅអង់គ្លេស

2023/07/10 05:25:44 pm        81
អង់គ្លេស៖ ប្រធានាធិនតីសហរដ្ឋអាមេរិក លោក Joe Biden បានមកដល់ចក្រភពអង់គ្លេស ដោយចាប់ផ្តើមដំណើរទស្សកិច្ចរយៈពេល៣ថ្ងៃ ដែលនឹងត្រូវបានផ្តោតសំខាន់លើកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូ ក្នុងប្រទេសលីទុយអានី ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងរុស្ស៊ី ខណៈនៅមិនទាន់ទទួលទីក្រុងគីវ ជាសមាជិករបស់សម្ព័ន្ធនេះនៅឡើយ។ ប៉ុន្តែបញ្ហាប្រឈមនានានៃការកសាងសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកចំនួន៣១ប្រទេសរបស់សម្ព័ន្ធយោធាណាតូ បានបញ្ជាក់នៅក្នុងការអំពាវនាវមួយរវាងលោក Biden និងប្រធានាធិបតីទួរគី លោក Tayyip Erdogan មុនពេលកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្តនេះនៅក្នុងប្រទេសលីទុយអានី នៅសប្តាហ៍នេះ ជាមួយនឹងបំណងរបស់ប្រទេសស៊ុយអែតសម្រាប់សមាជិកភាពក្នុងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច ជាចំនុចបន្តនៃការមិនចុះសម្រុងគ្នា។លោក Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅវិមាន10 Downing Street នៅថ្ងៃចន្ទនេះ។ បន្តមកលោកនឹងធ្វើដំណើរទៅកាន់ប្រសាទ Windsor Castle ដើម្បីចូលគាល់ព្រះមហាក្សត្រឆាលស៍។ ជំនួបជាមួយព្រះមហាក្សត្រឆាលស៍ ត្រូវបានគេរំពឹងថា រួមមាន គំនិតផ្តួចផ្តើមអាកាសធាតុ ដែលនឹងផ្តល់ឲ្យលោក Biden នូវគំនិតកាន់តែទូលំទូលាយពីមហាក្សត្រដែលបន្តគ្រងរាជពីមាតារបស់ព្រះអង្គ ម្ចាស់ក្សត្រី Elizabeth បន្ទាប់ពីការយាងចូលព្រះពិរាល័យ កាលពីខែកញ្ញា។លោក Biden នឹងធ្វើដំណើរទៅកាន់ ទីក្រុងវីលញូស (Vilnius ) ប្រទេសលីទុយអានី នៅយប់ថ្ងៃចន្ទ និងពិភាក្សាជាមួយមេដឹកនាំសម្ព័ន្ធយោធាណាតូ នៅទីនោះនៅថ្ងៃអង្គារ និងថ្ងៃពុធ។ លោកBiden និងសម្ព័ន្ធយោធាណាតូ មានបំណងបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែន និងផ្តល់ឲ្យលោក Volodymyr Zelenskiy ប្រធានាធិបតី នូវគំនិតសម្រាប់អ្វីដែលនឹងត្រូវធ្វើ ដើម្បីទទួលបានសមាជិកភាពណាតូ នៅពេលណាមួយ ក្នុងពេលអនាគត៕

ចិនគ្រោងវិនិយោគប្រាក់១,៤៤ពាន់លានដុល្លារសម្រាប់ការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ

2023/07/10 05:09:10 pm        145
ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនកំពុងហូរចូលទៅក្នុងប្រទេសថៃ ដោយសន្យាវិនិយោគក្នុងទំហំទឹកប្រាក់១,៤៤ពាន់លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រផលិតរថយន្តនៅក្នុងទីផ្សារផលិតរថយន្តធំបំផុតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលធ្លាប់បានវាយលុកទីផ្សារយ៉ាងខ្លាំងដោយក្រុមហ៊ុននានារបស់ជប៉ុន។ រលកនៃការវិនិយោគថ្មីនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលរបស់ប្រទេសថៃ ដែលបានដាក់ចេញនូវការលើកទឹកចិត្ត និងផ្តល់ការប្រឹក្សាដល់ក្រុមហ៊ុនចិន ដោយមានគោលដៅផ្លាស់ប្តូរប្រហែល ៣០% នៃផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ប្រទេសនេះទៅជារថយន្ត អគ្គិសនី ឬEV នៅឆ្នាំ ២០៣០។  ក្រុមហ៊ុន Great Wall Motor របស់ប្រទេសចិន បានវាយលុកដំបូងលើទីផ្សារប្រទេសថៃកាលពីឆ្នាំ២០២០ នៅពេលខ្លួនបានទិញរោងចក្រពីក្រុមហ៊ុន General Motors ដែលនឹងចំណាយប្រាក់ ចំនួន២២,៦ ពាន់លានបាត ស្មើរនឹង ៦៤៧,៣៨ លានដុល្លារ ដោយក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់សម្រាប់រថយន្ត EV និងរថយន្តកូនកាត់ឬ hybrid។   ក្រុមហ៊ុនផលិតរថយន្តនេះនឹងចាប់ផ្តើមផលិតរថយន្ត Ora Good Cat EV ដ៏ពេញនិយមរបស់ខ្លួននៅក្នុងប្រទេសថៃនៅឆ្នាំក្រោយ ហើយក៏កំពុងនាំយកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផងដែរគឺ MIND Electronics, HYCET និង Nobo Auto ដែលផលិតគ្រឿងអេឡិចត្រូនិច ប្រព័ន្ធបញ្ជូនថាមពល និងកន្លែងអង្គុយ។ គូប្រជែងរបស់ចិន SAIC Motor ដែលជាម្ចាស់ក្រុមហ៊ុន MG Motor និងមានភាពជាដៃគូជាមួយក្រុមហ៊ុនថៃ Charoen Pokphand Group បានបើកដំណើរការរថយន្ត EV ដំបូងរបស់ខ្លួននៅក្នុងប្រទេសនេះកាលពីឆ្នាំ ២០១៩ ។ ក្រុមហ៊ុនបាននិយាយកាលពីខែមេសាថា ខ្លួនកំពុងវិនិយោគ ៥០០ លានបាត ដើម្បីពង្រីករោងចក្រដែលមានស្រាប់របស់ខ្លួនសម្រាប់គ្រឿងបន្លាស់របស់រថយន្ត EV និងការផលិតអាគុយ៕

សម្តេចតេជោ ហ៊ុន សែន៖ ការចូលរួមរបស់ចិនក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍

2023/07/10 05:07:44 pm        124
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងដោយជឿជាក់ថា ការ​ចូលរួមដ៏សកម្មរបស់ចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការបន្ត​លើកស្ទួយ​ពហុភាគី​និយម បានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងបែបនេះក្នុង “កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃ​វេទិកាស្តី​ពីសកម្មភាពសកល សម្រាប់ការអភិវឌ្ឍរួម» នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២៣ តាមរយៈ​ប្រព័ន្ធវីដេអូដែលកិច្ចប្រជុំរៀបចំឡើងដោយឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។សម្តេចបានថ្លែងថា ពិតណាស់ថា, យើងបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩, ប៉ុន្តែ ស្ថានភាព​សេដ្ឋកិច្ច និងការអភិឌ្ឍសកលបន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និង ស្រួច​ស្រាល់​ឡើង​ៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច,សង្គមនិងបរិសា្ថន)។នៅក្នុង​បរិបទខាងលើនេះ, យើងបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ សាធារណរដ្ឋ​ប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការ​បន្ត​លើក​ស្ទួយ​ពហុភាគី​និយម ជាពិសេសការដាក់ចេញនូវ «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI)» និង «គំនិត​ផ្តួចផ្តើម សន្តិសុខសកល (GSI)» ដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ដែល​បាន​និង​កំពុង​ក្លាយ​ជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុង​ការ​ស្ដារ​សង្គម-សេដ្ឋកិច្ច ឡើងវិញ និងការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ២០៣០។សម្ដេចតេជោ បានមានប្រសាសន៍ថា «នៅក្នុង​បរិការណ៍​សកលបច្ចុប្បន្ន​ដែល​មាន​និន្នាការ​បែក​ខ្ញែក​ទៅ​ជាពហុប៉ូល, ការលើកកម្ពស់​ការជួយបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់អភិវឌ្ឍន៍ ពិត​ជា​មាន​ភាព​ចំបាច់ មិនអាចខ្វះបាន តាមរយៈ​ការដាក់​ចេញ​នូវ​សកម្មភាព​អនុវត្ត​ជាក់​ស្ដែង​លើ​ការ​អភិវឌ្ឍ​មូល​ធនមនុស្ស, កាត់បន្ថយ​គម្លាតឌីជីថល, ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មតំបន់ និងសកល, ការជំរុញការវិនិយោគ ដោយផ្ទាល់, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំង​ការ​គាំទ្រ​ផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយ នូវបញ្ហាប្រឈម និង ចាប់​ឱ្យ​បាន​នូវ​កាលានុវត្ត​ភាព​នៅក្នុង​ប្រទេសនីមួយៗ។»តាមរយៈសុន្ទរកថានេះ សម្តេចបានបង្ហាញការយល់ឃើញថា យើងគប្បីគួរមានក្របខណ្ឌរួមមួយ ដែល​គិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការ ជាពិសេស ការរៀបចំផែនការ និងកា​រផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងអាទិភាពនានា សំដៅធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះ ។នៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់ កម្រិត​កំពូល ក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និង បានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)» ។ សម្តេចជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញ​បន្ថែម​ដល់​គំនិត​ផ្តួច​ផ្តើមនានា សម្រាប់ការអភិវឌ្ឍសកលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ មុត សុត 

អ្នកជំនាញUNមកដល់ហុងឌុយរ៉ាស ដើម្បីស្វែងរកការបង្កើតបេសកកម្មប្រឆាំងអំពើពុករលួយ

2023/07/10 05:00:49 pm        110
ហុងឌុយរ៉ាស៖ អាជ្ញាធរហុងឌុយរ៉ាស បានប្រកាសកាលពីថ្ងៃអាទិត្យថា បេសកកម្មរបស់ក្រុមអ្នកជំនាញUN បានមកដល់ប្រទេសហុងឌូរ៉ាស ដើម្បីត្រួតពិនិត្យពីការដំឡើងបេសកកម្មអន្តរជាតិប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសអាមេរិកកណ្តាលនេះ ដែលញាំញីដោយអំពើពុករលួយរាលដាល ដែលបានធ្វើឲ្យភាពក្រីក្រ និងអន្តោប្រវេសន៍កាន់តែធ្ងន់ធ្ងរឡើង។  ប្រធានាធិបតីឆ្វេងនិយម លោកស្រី ស៊ីអូម៉ារ៉ា កាស្រ្តូ ( Xiomara Castro) បានសន្យាក្នុងអំឡុងយុទ្ធនាការរបស់លោកស្រីក្នុងការតែងតាំងគណៈកម្មការប្រឆាំងអំពើពុករលួយ ដែលគេស្គាល់ថា ជាគណៈកម្មការអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ និងនិទណ្ឌភាពក្នុងប្រទេសហុងឌូរ៉ាស (CICIH)។ រយៈពេលមួយឆ្នាំកន្លះ បន្ទាប់ពីការឡើងកាន់តំណែង ក្រុមសង្គមស៊ីវិលមានការខកចិត្តនឹងការពន្យារពេលក្នុងដំណើរការនេះ ដោយសាររដ្ឋាភិបាល និងអង្គការសហប្រជាជាតិ មិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីវិសាលភាពនៃគណៈកម្មការដែលមានសក្តានុពល៕

លោក Zelenskiy ៖ កងកម្លាំងអ៊ុយក្រែនបានវាយរុលទៅមុខនិងបានគ្រប់គ្រងតំបន់ភាគខាងត្បូងក្រុងបាកមូដ

2023/07/10 04:56:49 pm        150
អ៊ុយក្រែន៖ ទាហានអ៊ុយក្រែន បានវាយសម្រុកតាមរយៈយុទ្ធនាការដណ្ដើមមកវិញនូវដែនដីទាំងឡាយដែលរុស្ស៊ី បានគ្រប់គ្រងនៅក្នុងភាគអាគ្នេយ៍កាលពីថ្ងៃអាទិត្យ ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយនៅក្នុងការអត្ថាធិប្បាយនៅក្នុងពេលចាកផ្សាយតាមទូរទស្សន៍ថា កងកម្លាំងប្រទេសរបស់លោកបានដណ្ដើមគ្រប់គ្រងដែនដីដំបូងបន្ទាប់ពីការវាយបកទៅមុខមានសភាពយឺតយ៉ាវ។  កងទ័ពរុស្ស៊ី និយាយថា ការវាយប្រហារដ៏ខ្លាំងក្លាបានកក្រើកពេញតំបន់នានានៅខាងក្រៅភាគខាងកើតទីក្រុងបាកមូដ (Bakhmut) ដែលត្រូវបានកងកម្លាំងទាហានស៊ីឈ្នួលរុស្ស៊ីដណ្ដើមកាន់កាប់កាលពីខែឧសភា បន្ទាប់ពីសមរភូមិប្រយុទ្ធដ៏ក្ដៅគគុកជាច្រើនខែ។ មេដឹកនាំតំបន់ ឆេកឈ្នី( Chechen) លោក រុំាំហ្សាន កាឌីរ៉ូ (Ramzan Kadyrov) បាននិយាយថា មួយក្នុងចំណោមអង្គភាពជាច្រើនរបស់លោកត្រូវបានដាក់ពង្រាយក្នុងតំបន់នេះ។ ដោយត្រូវបានបំពាក់កាន់តែច្រើនដោយគ្រឿងសព្វាវុធទំនើបៗ របស់លោកខាងលិច បន្ទាប់ពីសង្រ្គាមមានរយៈពេលជាង៥០០ថ្ងៃ អ៊ុយក្រែន បានបើកការវាយលុកដែលបានរំពឹងទុកផ្ដោតលើការដណ្ដើមយកមកវិញនូវភូមិឋានមួយចំនួន ក្នុងភាគនិរតី ។ កងកម្លាំងរបស់ខ្លួនក៏បានព្យាយាមដណ្ដើមតំបន់នានាជុំវិញទីក្រុង Bakhmut យកមកវិញផងដែរ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហាណាម៉ាលីយ៉ា (Hanna Maliar) បានសរសេរលើតេឡេក្រាមថា ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានកើនឡើងក្នុងតំបន់២នៅភាគអាគ្នេយ៍។  លោក Zelenskiy ត្រូវបានផ្ដល់បទសម្ភាសន៍នៅលើបណ្ដាញទូរទស្សន៍ ABC របស់សហរដ្ឋអាមេរិក មុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នៅសប្ដាហ៍នេះ ក្នុងប្រទេសលីទុយអានី ជាទីដែលអ៊ុយក្រែនសង្ឃឹមថានឹងទទួលបានការចង្អុលបង្ហាញដ៏ច្បាស់លាស់អំពីទាំងអនាគតនៃការចូលជាសមាជិក ក្នុងសម្ព័ន្ធយោធារបស់លោកខាងលិចមួយនេះ ទាំងការធានាសន្តិសុខឲ្យអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ៖ សម្តេចធិបតី តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោល
09/30/2026 02:09 PM
ប្រាក់ឈ្នួលគោលកម្មករកាត់ដេរឆ្នាំ២០២៧កើនដល់ ២១២ដុល្លារ និងបន្តរក្សាប្រាក់​ឧបត្ថម្ភ​បណ្តោះ​អាសន្ន​លើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ២,៥ដុល្លារ
09/30/2026 02:09 PM
រុស្ស៊ីបង្កើនវោហារសាស្ត្រជុំវិញតំបន់ Kaliningrad ដោយគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអង្គការ NATO
09/30/2026 01:09 PM
សម្ដេចធិបតី៖ ប្រាក់ឈ្នួលគោលរួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតឆ្នាំ២០២៧ កម្មករនិយោជិត ត្រូវ​ទទួលបានចន្លោះពី ២៣១,៥ដុល្លារ ដល់ ២៤២,៥ ដុល្លារក្នុងមួយខែ
09/30/2026 01:09 PM
មេដឹកនាំអ៊ុយក្រែន៖ ប្រទេសបែលហ្ស៊ិកនឹងផ្ទេរយន្តហោះF-16 បីគ្រឿងទៅឱ្យអ៊ុយក្រែននៅឆ្នាំនេះ
09/30/2026 01:09 PM
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា
09/30/2026 01:09 PM
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដាក់ដំណើរការផែនការប្រតិបត្តិសម្រាប់អនុវត្តន៍គោលការណ៍ណែនាំក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នឆ្នាំ២០២៦-២០៣០
09/30/2026 12:09 PM
គ.ជ.ប នឹងរៀបចំសម្រួលដល់ពលរដ្ឋភៀសសឹក ​សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២៦
09/30/2026 12:09 PM
សម្តេច ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង​៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ
09/30/2026 12:09 PM
ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ ដុល្លារ
09/30/2026 12:09 PM