សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
សម្ដេចធិបតីជំរុញការគាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់
សម្ដេចធិបតី៖ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយកប្រតិបត្តិក្រុមហ៊ុនតេស្លាលោក Musk ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi នៅទីក្រុងញូវយ៉ក

2023/06/21 09:19:24 pm        152
អាមេរិក៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត តេស្លា លោក Elon Musk បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កំពុងជំរុញក្រុមហ៊ុនផលិតរថយន្តឱ្យធ្វើ "ការវិនិយោគដ៏ធំ" នៅក្នុងប្រទេសឥណ្ឌា នេះជាការអត្ថាធិប្បាយមួយដែលបានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានជួបគ្នាកាលពីថ្ងៃអង្គារ (២០ មិថុនា) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។មេដឹកនាំឥណ្ឌាកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌាបាននិយាយនៅក្នុងបណ្ដាញសង្គម Tweeter ថា "ការពិភាក្សាបានផ្តោតសំខាន់ជុំវិញប្រធានបទការអនុវត្តកំណែទម្រង់សេដ្ឋកិច្ចក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងលើកកម្ពស់ការរំពឹងទុកនៃការវិនិយោគនៅក្នុងប្រទេសឥណ្ឌា" ។ក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនតេស្លា បានទៅទស្សនកិច្ចនៅប្រទេសឥណ្ឌា ហើយបានពិភាក្សាជាមួយក្រុមការងារផ្នែកការិយាល័យធិបតេយ្យ និងរដ្ឋមន្ត្រីឥណ្ឌាកាលពីខែមុនស្តីពីការបង្កើតមូលដ្ឋានផលិតកម្មសម្រាប់រថយន្ត និងកន្លែងសាកថ្មរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា៕

សារព័ត៌មាន WSJ រាយការណ៍ថា ចិនកំពុងចរចាលើទីតាំងបណ្តុះបណ្តាលយោធារួមគ្នានៅគុយបា

2023/06/21 09:14:15 pm        178
អាមេរិក៖ សារព័ត៌មាន Wall Street Journal រាយការណ៍ថា ចិនកំពុងចរចាជាមួយប្រទេសគុយបា ដើម្បីសាងសង់ទីតាំងបណ្តុះបណ្តាលយោធារួមគ្នាក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។ ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកបច្ចុប្បន្ន និងអតីត សារព័ត៌មានដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកមួយនេះ បានរាយការណ៍កាលពីថ្ងៃអង្គារថា ការចរចាកំពុងធ្វើឡើងរវាងប្រទេសចិន និងគុយបា ដើម្បីបង្កើតទីតាំងនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសកោះនេះ។ការរាយការណ៍បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិករបស់លោក Joe Biden មានការព្រួយបារម្ភថាការចំណាត់ការនេះអាចនាំទៅដល់ការដាក់ទីតាំងរបស់កងទ័ពចិន និងប្រតិបត្តិការសន្តិសុខ និងការស៊ើបការណ៍ផ្សេងទៀត ដែលមានចម្ងាយត្រឹមតែ ១០០ ម៉ាយពីឆ្នេរសមុទ្រ រដ្ឋ Florida។ អ្នកនាំពាក្យរង របស់មន្ទីរបញ្ចកោណលោកស្រី Sabrina Singh បានបញ្ចៀសការអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍នៅពេលលោកស្រីនិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ។ ប៉ុន្តែលោកស្រី បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹងថា ប្រទេសចិនកំពុងបន្តបង្ហាញចំណាប់អារម្មណ៍នៅអឌ្ឍគោលខាងលិច និងមានបំណងពង្រីកវត្តមានយោធារបស់ខ្លួន។ លោកស្រីបាននិយាយថា យើងនឹងបន្តតាមដានបញ្ហានេះ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងដ៍្រ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា លោកបានផ្តល់ដំណឹងថា ប្រទេសរបស់លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពស៊ើបការណ៍សម្ងាត់របស់ចិន ឬសកម្មភាពយោធានៅក្នុងប្រទេសគុយបា នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសចិនមានទីតាំងប្រមូលព័ត៌មានសម្ងាត់នៅក្នុងប្រទេសគុយបា និងបានបង្កើនចំនួនទីតាំងបែបនេះ នៅឆ្នាំ ២០១៩។ ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបំណងរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតដីគោករបស់សហរដ្ឋអាមេរិក៕

អេស្តូនីក្លាយជាប្រទេសលើកដំបូងគេនៅអឺរ៉ុបកណ្តាល អនុញ្ញាតឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នា

2023/06/21 09:10:03 pm        412
អេស្តូនី៖ កាលពីថ្ងៃអង្គារម្សិលមិញ សភាអេស្តូនី បានអនុម័តច្បាប់ឲ្យស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសលើកដំបូងគេនៅអឺរ៉ុបកណ្តាល ធ្វើបែបនេះ ។  គួរឲ្យដឹងថា អាពាហ៍ពិពាហ៍ភេទដូចគ្នា ស្របច្បាប់នៅតាមតំបន់ជាច្រើននៅអឺរ៉ុបខាងលិច ប៉ុន្តែមិនមែននៅតាមបណ្តាប្រទេសអឺរ៉ុបកណ្តាលនោះទេ ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់របបកុំម្មុយនិស្ត និងសមាជិកសម្ព័ន្ធកិច្ចព្រមព្រៀងវ៉ាសូវី ដឹកនាំដោយទីក្រុងម៉ូស្គូ តែបច្ចុប្បន្នជាសមាជិកអង្គការណាតូ ហើយនិងតាមបណ្តាប្រទេសជាច្រើននៅសហភាពអឺរ៉ុប ។  អ្នកស្រី Annely Lepamaa ដែលជាស្រ្តីស្រលាញ់ភេទដូចគ្នាវ័យ ៤៦ឆ្នាំ និយាយថា វាដូចជារដ្ឋទទួលយកខ្ញុំអញ្ចឹង ។  សេចក្តីស្នើច្បាប់ទទួលបានការគាំទ្រ ៥៥សំឡេងនៅក្នុងសភាមាន ១០១អាសនៈ មកពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សសេរីនិយម និងសង្គមប្រជាធិបតេយ្យដែលលោកស្រីនាយករដ្ឋមន្រ្តី Kaja Kallas បានកោះប្រជុំ បន្ទាប់ពីការឈ្នះឆ្នោតឆ្នាំ ២០២៣របស់លោកស្រី ។  លោកស្រី Kallas និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្រោយការបោះឆ្នោតថា សាររបស់ខ្ញុំទៅកាន់អឺរ៉ុបកណ្តាល គឺថាវាគឺជាការតស៊ូដ៏លំបាក ប៉ុន្តែអាពាហ៍ពិពាហ៍ និងសេចក្តីស្រលាញ់ គឺជាអ្វីមួយដែលអ្នកត្រូវតែលើកកម្ពស់ ។ " លោកស្រីបន្តថា ពួកយើងបានអភិវឌ្ឍច្រើនណាស់ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ចាប់តាំងពីពួកយើងរំដោះខ្លួនឯងពីការកាន់កាប់របស់សហភាពសូវៀត ។ ពួកយើងស្មើភាពគ្នានៅក្នុងចំណោមប្រទេសដែលមានតម្លៃដូចគ្នា ។សូមបញ្ជាក់ថា ច្បាប់មួយនេះ នឹងចូលជាធរមាន ចាប់ពីឆ្នាំ ២០២៤តទៅ ៕

ប្រទេសជិត៤០នៅ UN គាំទ្រគ្រួសារអ្នកស្រលាញ់ភេទដូចគ្នា

2023/06/21 09:06:01 pm        197
UN៖ ប្រទេសជិត៤០ នៅអង្គការសហប្រជាជាតិបានគាំទ្រគ្រួសារអ្នកស្រលាញ់ភេទដូចគ្នា កាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា នៅពេលដែលប្រទេសមូស្លីម និងអាហ្វ្រិកមួយចំនួនកំពុងប្រជែងការចង្អុលបង្ហាញពីភេទ និងភាសាអត្តសញ្ញាណភេទ នៅក្នុងវេទិការបស់អង្គការសហប្រជាជាតិ។ ប្រទេសចំនួន ៣៧ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា «គ្រួសារជាច្រើនដើរតួនាទីជាមូលដ្ឋាននៅក្នុងសង្គម។ ការគាំទ្រគ្រួសារទាំងនេះគឺជាធាតុសំខាន់មួយក្នុងការជួយជំរុញ និងការពារសិទ្ធិមនុស្ស។អ្នកតំណាងរបស់ប្រទេសអូស្ត្រាលីបាននិយាយក្នុងនាមប្រទេសមួយចំនួនថា «ការគាំទ្រនេះត្រូវតែរួមបញ្ចូលនូវសមាសភាពគ្រួសារទាំងអស់ រួមទាំងគ្រួសារពហុជំនាន់ និងគ្រួសារដែលពង្រីកបន្ថែម គ្រួសារមេទោល គ្រួសារអ្នកស្រលាញ់ភេទដូចគ្នា និងក្រុមសាច់ញាតជនជាតិដើមភាគតិច។ ពួកគេភាគច្រើនមកពីអឺរ៉ុប និងទ្វីបអាមេរិក បូករួមទាំងប្រទេសអ៊ីស្រាអែល នូវ៉ែលហ្សេឡង់ និងទីម័រខាងកើត។ពួកគេបានអំពាវនាវឱ្យបណ្តាប្រទេស និងស្ថាប័នអង្គការសហប្រជាជាតិ បន្តអនុវត្តរួមមួយចំពោះគ្រួសារនានា និងដើម្បីធានាបានថាសមភាព ការមិនរើសអើង និងភាពសកលនៃសិទ្ធិមនុស្ស នៅតែជាចំណុចកណ្តាលនៃការចូលរួមក្នុងការគាំទ្រគ្រួសារ។ប្រទេសអាហ្សង់ទីន ប្រេស៊ីល អង់គ្លេស កាណាដា អាល្លឺម៉ង់ ម៉ិកស៊ិក អេស្ប៉ាញ និងសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេសហត្ថលេខី៕

ប្រធាន UNHCRអំពាវនាវឲ្យស្វែងរកសន្តិភាពដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួន

2023/06/21 08:53:07 pm        133
UNHCR៖  ប្រធានទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បាននិយាយកាលពីថ្ងៃអង្គារថា ពិភពលោកត្រូវការស្វែងរកសមត្ថភាពខ្លួនឯងឡើងវិញ ដើម្បីនាំសន្តិភាពដល់ប្រទេសជួបបញ្ហាជាច្រើន ក៏ដូចជាទប់ស្កាត់លំហូរកើនឡើងនៃជនភៀសខ្លួន ។  មាននូវជនភៀសខ្លួន ១១០លាននាក់នៅជុំវិញពិភពលោក ពោលគឺកើនឡើងពីចំនួន ១០៣លាននាក់កាលពីឆ្នាំទៅ និងពាក់កណ្តាលនៃចំនួននេះ កាលពីរយៈពេល ១ទសវត្សរ៍មុន ។   លោក Filippo Grandi គឺជាឧត្តមស្នងការជនភៀសខ្លួន UN បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅក្នុងរដ្ឋធានីប្រទេសកេនយ៉ាថា ក្រុមប្រឹក្សាសន្តិសុខ UN ដែលជាស្ថាប័នអន្តរជាតិកំពូលសម្រាប់ដោះស្រាយបញ្ហាសន្តិភាព និងសន្តិសុខ ធ្វើការលែងកើតហើយ ។ ពួកគេពុំអាចយល់ព្រមលើអ្វីៗទាំងអស់ ។  លោកបន្ត ដូច្នេះហើយ ពួកយើងត្រូវការស្តាសមត្ថភាពឡើងវិញ ដើម្បីដឹកនាំបង្កើតសន្តិភាព ពីព្រោះថា នោះគឺជាវិថីតែមួយគត់ដែលពួកយើងអាចដោះស្រាយលំហូរជនភៀសខ្លួនទាំងនេះ ។  លោក Grandi និយាយថា នៅថ្ងៃនេះដែលជាទិវាជនភៀសខ្លួនពិភពលោក ពួកយើងបានមើលឃើញជនភៀសខ្លួន ៥០ម៉ឺននាក់មកពីប្រទេសស៊ូដង់ ។ " គួរឲ្យដឹងថា កាលពីដើមឆ្នាំនេះ ក្រុមមន្រ្តីការទូត អតីតរដ្ឋបុរស និងក្រុមមន្រ្តី UN បានចាប់ផ្តើមស្វែងរកការគាំទ្រផ្នែកនយោបាយ សម្រាប់ផែនការបង្កើតសន្តិភាព បង្កើតស្តង់ដាថ្មីសម្រាប់សោះស្រាយជម្លោះ ៕

អំពើហិង្សាផ្ទុះឡើងនៅភាគឦសានអាហ្សង់ទីនប្រឆាំងនឹងកំណែទម្រង់រដ្ឋធម្មនុញ្ញថ្នាក់ខេត្ត

2023/06/21 08:49:42 pm        130
អាហ្សង់ទីន៖ អំពើហិង្សា បានផ្ទុះឡើងនៅតំបន់ភាគឦសានប្រទេសអាហ្សង់ទីន អំឡុងបាតុកម្មប្រឆាំងនឹងការអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញថ្នាក់ខេត្ត ស្របពេលដែលសមាជិកសភាស្បថគោរពតាមរដ្ឋធម្ននុញ្ញថ្មី ។  ក្រុមនគរបាលបង្ក្រាបកុបកម្ម បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ក្រោយបាតុកម្មហិង្សានៅទីក្រុង San Salvador ក្នុងនោះក្រុមបាតុករ នាំគ្នាចោលវត្ថុរឹង ដុតកម្ទេចរថយន្ត និងសម្រុកចូលអគារនីតិបញ្ញត្តិដោយហិង្សា ខណៈពេលដែលក្រុមនគរបាល ព្យាយាមបំបែកហ្វូងបាតុករដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។   គួរឲ្យដឹងថា សមាជិកសភាក្នុងស្រុក បានអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញថ្នាក់ខេត្ត ដែលហាមឃាត់ការបិទផ្លូវ ក៏ដូចជាការកាន់កាប់អគាររដ្ឋ ។  ការជជែកដេញដោលលើកំណែទម្រង់នេះ ត្រូវបានធ្វើឡើងក្នុងបរិបទបាតុកម្មដោយអង្គភាពជាច្រើន ជាពិសេសក្រុមគ្រូបង្រៀន និងក្រុមជនជាតិដើមភាគតិច ៕

លោក Ebrahim Raisi៖ អ៊ីរ៉ង់នឹងមិនឱនក្បាលអង្វរសុំកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ

2023/06/21 08:34:37 pm        123
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងមិនឱនក្បាលអង្វរសុំកិច្ចប្រជុំកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ ។  ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីរ៉ង់ Channel 1 លោក Raisi និយាយថា ប្រទេសរបស់លោកស្វែងរកការពិភាក្សាកិច្ចប្រជុំដោយកិត្តិយស គតិបណ្ឌិត និងបំណងល្អ ។  មេដឹកនាំអ៊ីរ៉ង់រូបនេះ បន្តចាត់ទុកសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាសត្រូវរបស់ខ្លួន ប៉ុន្តែលោកពុំបានមើលឃើញថា អារ៉ាប៊ីសាអូឌីតជាសត្រូវនោះទេ ។  យោងតាមការអះអាងរបស់ក្រុមមន្រ្តីអ៊ីរ៉ង់ និងលោកខាងលិច បានឲ្យដឹងថា បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងជជែកជាមួយអ៊ីរ៉ង់ ដើម្បីគូសវាសជំហាននានានៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោះលែងពលរដ្ឋសហរដ្ឋអាមេរិកដែលត្រូវបានឃាត់ខ្លួន និងលែងបង្កកទ្រព្យសកម្មអ៊ីរ៉ង់នៅបរទេស ៕

ព្រឹទ្ធសភាបញ្ចប់ការពិនិត្យឲ្យយោបល់ លើច្បាប់អត្រានុកូលដ្ឋាន និងច្បាប់ស្តីពីវិធានការដើមកំណើតទំនិញ

2023/06/21 07:13:15 pm        198
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិបញ្ចប់ការពិនិត្យ ហើយឲ្យយោបល់ទៅលើច្បាប់ចំនួន២ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី វិធានការដើមកំណើតទំនិញ ដោយបានឯកភាពទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។បន្ទាប់ពីសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង១៨២មាត្រា ​ជួយធានាឱ្យមានវិធាន ​និងនីតិវិធីច្បាស់លាស់ ទាក់ទងទៅនឹងការ​ចុះបញ្ជីអត្រានុកូលដ្ឋាន ​ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ​ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹង​បន្ថែមទៀត​នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទជូន​ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ។ឯកឧត្តមបន្តថា ធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់រៀបចំ​គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន ​បញ្ជីប្រជាជន ​និងរៀបចំផែនការអភិវឌ្ឍផងដែរ ។ ច្បាប់នេះជាសមិទ្ធផលថ្មីមួយទៀត រៀបចំឡើងមិនត្រឹមតែអាចឆ្លើយតប ក្នុងការដោះស្រាយបញ្ហា បានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែងកន្លងមកប៉ុណ្ណោះទេ គឺធានាបាននូវតម្លាភាពក្នុងការ​ផ្តល់​សេវា និងបានរៀបចំបទប្បញ្ញតិ្តមានលក្ខណៈទំនើបកម្ម​ ស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំង​បានរៀបចំដោយព្យាករទុកជាមុនរួចស្រេច​ ទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យា​ឌីជីថល នាថ្ងៃអនាគត ។ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ចំណែកច្បាប់ស្តីពី ​វិធានដើមកំណើតទំនិញមានចំនួន៩ជំពូក និង៣៥មាត្រា ​នឹងជួយកំណត់គោលការណ៍​នៃវិធានដើមកំណើតទំនិញក្រោម និងក្រៅប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម ​ដើម្បីបំពេញតាមការសន្យារបស់កម្ពុជា ជាមួយអង្គការពាណិជ្ជកម្ម​ពិភពលោក ​និងដោយអនុលោមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិនានា ។អ្នកនាំពាក្យព្រឹទ្ធសភា បន្តថា ​ច្បាប់នេះ​នឹងជួយជំរុញ ​និងសម្រួលពាណិជ្ជកម្ម, ទប់ស្កាត់ការ​ក្លែងបន្លំ​ដើមកំណើតទំនិញ ​ពិសេសដើមកំណើតទំនិញកម្ពុជា,​ ជាឧបករណ៍គតិយុត្ត មានលក្ខណៈពេញលេញ ​និងគ្រប់ជ្រុងជ្រោយ​ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការកំណត់អំពី​គោលការណ៍ និងវិធានដើមកំណើតទំនិញ​ ទាំងវិធានដើមកំណើតទំនិញស្ថិតក្រោមប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ​ខណៈបច្ចុប្បន្ននេះ កម្ពុជាពុំទាន់មាន​ច្បាប់ចែង​ដោយឡែក អំពីវិធានដើមកំណើតទំនិញ ​ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ​និងក្រៅប្រព័ន្ធនៅ​ឡើយទេ ​ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក។ឯកឧត្តម បានបញ្ជាក់ថា ច្បាប់នេះ នឹងផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់​ ដល់អាជ្ញាធរ មាន​សមត្ថកិច្ចជាពិសេសក្រសួងពាណិជ្ជកម្ម ​ដែលទទួលបន្ទុក ចេញវិញ្ញាបនបត្របញ្ជាក់​ដើម​កំណើត​ទំនិញ ​និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ក្នុងការ​អនុវត្ត​ការងារ​ទាក់ទង​នឹងវិធាន​ដើម​កំណើតទំនិញ... ៕ អត្ថបទ បាន សុខរិទ្ធិ

ប្រមុខ UN អំពាវនាវឱ្យបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

2023/06/21 06:39:40 pm        168
UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានជំរុញឱ្យភាគីទំាងអស់ធ្វើការឱ្យអស់ពីសមត្ថភាពដើម្បីធានាបានការបន្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងៗទៀតពីកំពង់ផែសមុទ្រខ្មៅ។នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញដោយអ្នកនាំពាក្យរបស់លោក លោក Guterres បានអំពាវនាវដល់ភាគីនានាឱ្យពន្លឿនប្រតិបត្តិការ ដោយចង្អុលបង្ហាញទៅរកការថយចុះនៃសកម្មភាពនាវាចូល និងចេញពីកំពង់ផែសមុទ្ររបស់អ៊ុយក្រែន និងការធ្លាក់ចុះនៃការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗទៅកាន់ទីផ្សារពិភពលោក។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការនាំចេញស្បៀងអាហារតាមសមុទ្រខ្មៅ បានធ្លាក់ចុះពីចំនួនខ្ពស់បំផុត ៤,២ លានតោនកាលពីខែតុលា ឆ្នាំ ២០២២ មកនៅត្រឹម ១,៣ លានតោនក្នុងខែឧសភា ជាបរិមាណទាបបំផុតចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដាក់ឲ្យដំណើរការ។ គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានចុះហត្ថលេខាដាច់ដោយឡែកដោយរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយប្រទេសទួរគីនិងអង្គការសហប្រជាជាតិក្នុងខែកក្កដា ឆ្នាំ ២០២២។ គំនិតផ្តួចផ្តើម ដែលចូលជាធរមានរយៈពេល ១២០ ថ្ងៃ ត្រូវបានបន្តនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២២ សម្រាប់រយៈពេល ១២០ ថ្ងៃទៀតរហូតដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣។ នៅពេលនោះ រុស្ស៊ីបានព្រមព្រៀងបន្ថែមពេលកិច្ចព្រមព្រៀងរយៈពេលតែ ៦០ ថ្ងៃប៉ុណ្ណោះ រហូតដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣។ នៅថ្ងៃទី ១៧ខែឧសភា រុស្ស៊ីបានព្រមព្រៀងបន្ថែមពេលកិច្ចព្រមព្រៀងនេះរយៈពេល ៦០ ថ្ងៃទៀត។ ខណៈកិច្ចព្រមព្រៀងស្របគ្នា រុស្ស៊ី និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការសម្របសម្រួលការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍របស់ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា អង្គការសហប្រជាជាតិបានប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអនុវត្តន៍ទាំងគំនិតផ្តួចផ្តើម ទាំងអនុស្សរណៈនៃការយោគយល់ ដើម្បីឱ្យការនាំចេញស្បៀងអាហារ និងជី រួមទាំងសារធាតុអាម៉ូញាក់ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែនទៅកាន់ទីផ្សារជុំវិញពិភពលោកដោយសុវត្ថិភាព និងតាមការគិតទុក៕

សម្តេចតេជោ៖ ​សង្រ្គាមបង្កឡើងដោយជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស បានសន្យល់ទុកជនពិការជាច្រើន

2023/06/21 06:20:51 pm        229
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា បានលើកឡើងថា សង្គ្រាមបង្កឡើងដោយជនក្បត់ជាតិមួយក្ដាប់តូច ដែលបានឃុបឃិត​ជាមួយបរទេស បានបន្សល់ទុកនូវជនពិការ បាត់បង់ការងារ និងបានពលីជីវិតជាច្រើននៅកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក្រោយថ្ងៃរំដោះ៧មករា១៩៧៩ រាជរដ្ឋាភិបាលបានស្តារឲ្យពួកគាត់មានភាពល្អប្រសើរឡើងវិញ ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«សង្រ្គាមដែលបង្កឡើងដោយជន ក្បត់ជាតិមួយក្តាប់តូច​ឃុបឃិត​ជាមួយបរទេស​ បានបង្ក​សង្គ្រាម​វិនាសកម្ម​ និងរបប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​បំផ្លិតបំផ្លាញ​សង្គមសេដ្ឋកិច្ចឲ្យ​ខ្ទេចខ្ទី​ដល់​ឫសគល់​ ថែមទាំងបានបន្សល់ទុកនូវ​អតីតយុទ្ធ ជន​ដែលជាជនពិការ និវត្តជន​ ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជន​ពលី​មរណៈជាច្រើន»។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអតីតយុទ្ធជន គឺជាគំរូវីរភាព ដ៏​មុះមុត​ និង​គុណបំណាច​ដ៏ធំធេងរបស់ប្រទេសជាតិ ​និង​ប្រជាជន​គ្រប់ស្រទាប់​ទាំងអស់ ខណៈ​អតីតយុទ្ធជន គឺបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ​បូជា​សាច់ស្រស់ ​ឈាមស្រស់ ដើម្បី​បុព្វហេតុជាតិ​មាតុភូមិ ហើយរាជរដ្ឋាភិបាល និងប្រជាជនគ្រប់រូបនៅទូទាំង​ប្រទេសពិតជាចងចាំ​ជា​និច្ចនូវ​ការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ​។សម្តេច បានបន្តទៀតថា ​ក្រោយ​ថ្ងៃរំដោះ៧មករា​ រាជរដ្ឋាភិបាលបានយកចិត្តទុកដាកខ្ពស់ក្នុងការ អនុវត្តគោល​នយោបាយនានា​ ដើម្បីលើកកម្ពស់​សុខុមាលភាព និងជីវភាពរស់នៅ​របស់បងប្អូន​អតីតយុទ្ធ​ ជនឲ្យបានល្អប្រសើរជា​បន្តបន្ទាប់ ​ជាក់ស្តែងរហូតមកដល់ពេលនេះ​រាជរដ្ឋាភិបាល​បាន​ផ្តល់ផ្ទះជូនដល់អតីតយុទ្ធ ​និងគ្រួសារសរុបបានចំនួន ៥១៥៤ខ្នង ខណៈប្រាក់​ឧបត្ថម្ភ​ប្រចាំខែជាង ១៥ម៉ឺននាក់​ ក្នុងម្នាក់ៗទទួលបានជាង៧០ម៉ឺនរៀល៕អត្ថបទ៖ បាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ WHO បំពេញទស្សនកិច្ចទៅកាន់មន្ទីរពេទ្យកុមារគុយបា និងសន្យាគាំទ្រប្រទេសកោះមួយនេះ
11/24/2026 03:11 PM
គណៈកម្មការអឺរ៉ុប ស្នើសុំកញ្ចប់ទណ្ឌកម្មទី ២២ ដាក់លើរុស្ស៊ី
11/24/2026 03:11 PM
ថ្ងៃសម្រាកបុណ្យអុំទូក៖ ពលរដ្ឋនាំគ្រួសារពីខេត្តមកឈ្វេងយល់ប្រវត្តិសាស្រ្ដនៅសារមន្ទីរជាតិ
11/24/2026 01:11 PM
មនុស្សយ៉ាងហោច ៣៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារកាលពីចុងសប្តាហ៍នៅនីហ្សេរីយ៉ា
11/24/2026 01:11 PM
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លា និងផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើទឹកដីកម្ពុជា
11/24/2026 01:11 PM
នាវាពិឃាតចិន និងសម្ភារយោធាជាច្រើនបានមកដល់កម្ពុជា ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធរួមគ្នា​ជាមួយ​កម្ពុជា
11/24/2026 12:11 PM
ប្រធានាធិបតីអេហ្ស៊ីប និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ពិភាក្សាលើបញ្ហាសន្តិសុខក្នុងតំបន់ និងវិបត្តិនៅយេម៉ែន
11/24/2026 12:11 PM
ទីភ្នាក់ងារស្បៀងអាហារ UN ព្រមានថា សង្រ្គាមនឹងធ្វើឲ្យគ្រោះថ្នាក់ដល់ជំនួយសម្រាប់មនុស្សជាង ៧,៣លាននាក់
11/24/2026 12:11 PM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា VECONAC បន្តពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន
11/24/2026 12:11 PM
ក្រុមមេដឹកនាំអឺរ៉ុបកណ្តាល ច្រានចោលសំណើថវិកាថ្មីរបស់សហភាពអឺរ៉ុប
11/24/2026 12:11 PM