សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមសហគមន៍ជនជាតិដើមភាគតិច Zapatista ដង្ហែក្បួននៅទីក្រុង Mexico City ដើម្បីទាមទារឲ្យបញ្ចប់រលកនៃអំពើហិង្សា

2023/06/09 08:04:39 pm        159
ម៉ិកស៊ិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សមាជិករាប់រយនាក់របស់សហគមន៍ជនជាតិដើមភាគតិច Zapatista និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានដង្ហែក្បួននៅទីក្រុង Mexico City ប្រទេសម៉ិកស៊ិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់រលកនៃអំពើហិង្សាដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ជនជាតិដើមភាគតិចរបស់ពួកគេ ។  ក្រុមបាតុករទាំងនេះ បានទាមទារឲ្យបញ្ចប់អំពើហិង្សាដែលពួកគេនិយាយថា គឺជាការវាយប្រហារប្រឆាំងនឹងកងទ័ពរំដោះជាតិ Zapatista ឬ EZLNដែលជាកងកម្លាំងប្រដាប់អាវុធប្រយុទ្ធ ដើម្បីសិទ្ធិជនជាតិដើមភាគតិច នៅរដ្ឋ Chiapas។  សហគមន៍ Zapatista និយាយថា ក្រុមប្រដាប់អាវុធមួយនេះ រងការវាយប្រហារពីក្រុមទាហានប៉ារ៉ា នៅក្នុងរដ្ឋ Chiapas ។  លោក Raul Romero គឺជាបាតុករ និងជាសង្គមវិទូមួយរូប និយាយថា ពួកយើងស្នើសុំឲ្យបញ្ឈប់ការវាយប្រហារពីក្រុមទាហានប៉ារ៉ា ដែលបានរួមដៃគ្នាជាមួយក្រុមឧក្រិដ្ឋជន ធ្វើឲ្យរដ្ឋ Chiapas ជិតធ្លាក់ក្នុងសង្រ្គាមស៊ីវិល ៕

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីទាមទារឲ្យមានការបញ្ជូនអាវុធ និងគ្រាប់រំសេវកាន់តែលឿនទៅកាន់សមរភូមិមុខ

2023/06/09 07:34:31 pm        207
រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទាមទារឲ្យមានការបញ្ជូនអាវុធ និងគ្រាប់រំសេវកាន់តែលឿនដល់កងកងកម្លាំងដែលចូលរួមធ្វើសង្រ្គាមនៅប្រទេសអ៊ុយក្រែ។  លោក Shoigu បាននិយាយប្រាប់ក្រុមមន្រ្តីភស្តុភារ និងក្រុមអ្នកតំណាងឧស្សាហកម្មយោធាថា រថពាសដែកថ្មី យានប្រយុទ្ធថ្មើរជើង និងរថក្រោះ ត្រូវការយ៉ាងបន្ទាន់នៅសមរភូមិមុខ ។  លោកបានលើឡើងផងដែរថា កងកម្លាំងរុស្ស៊ី បានរារាំងការវាយបករបស់អ៊ុយក្រែននៅតំបន់ Zaporizhzhia កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។  ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ ពីលទ្ធផលនៅសមរភូមិមុខ ។  លោក Shoigu និយាយថា គ្រាន់តែចូលរួមប្រយុទ្ធរយៈពេល ២ម៉ោងប៉ុណ្ណោះ ទាហានរបស់ពួកយើងបានបំផ្លាញរថក្រោះ ៣០គ្រឿង និងយានប្រយុទ្ធថ្មើរជើង ១០គ្រឿង ។ គ្រឿងយុទ្ធោបករណ៍បែបនេះ ត្រូវការបន្ទាន់នៅទីនោះ ។ ពួកយើងត្រូវតែប្រញាប់បញ្ជូនទៅកាន់ទីនោះ ។  ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបយានដ្រូនបន្ថែមទៀតផងដែរ ដោយបង្ហាញឲ្យឃើញអ្វីដែលពួកគេនិយាយថា គឺជាការវាយប្រហាររបស់រុស្ស៊ី ទៅលើរថក្រោះអ៊ុយក្រែននៅតំបន់ Zaporizhzhia ៕

មេធាវី៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំពីបទចោទប្រកាន់ករណីឃាតកម្ម

2023/06/09 07:02:22 pm        179
ប៉ាគីស្ថាន៖ មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយថា លោក Imran Khan ត្រូវបានធានាឲ្យនៅក្រៅឃុំកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមិថុនា ពីតុលាការជាន់ខ្ពស់ទីក្រុងអ៊ីស្លាម៉ាបាត ជុំវិញបទចោទប្រកាន់ករណីឃាតកម្មថ្មី ដែលមានន័យថា លោកពុំអាចត្រូវបានគេឃាត់ខ្លួនសាជាថ្មីនោះទេ នៅក្នុងការជាប់ទាក់ទង់ជាមួយបទចោទប្រកាន់ទាំងឡាយសម្រាប់រយៈពេល១៤ថ្ងៃបន្ទាប់។ លោក Khan ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែឧសភា ហើយត្រូវបានឃុំខ្លួនរយៈពេល៣ថ្ងៃ ដែលបង្កឲ្យមានការតវ៉ាហិង្សាដោយក្រុមអ្នកគាំទ្ររបស់លោក។ នៅពេលនេះ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក្នុងករណីព្រហ្មទណ្ឌជាបន្តបន្ទាប់។មេធាវីរបស់លោក គឺលោក Gohar Khan បាននិយាយថា លោកបានធ្វើដំណើរទៅកាន់រដ្ឋធានីពីទីក្រុងកំណើតLahoreរបស់លោក ដើម្បីស្វែងរកការនៅក្រៅឃុំ ក្នុងករណីឃាតកម្ម និងបន្ថែមពេលការនៅក្រៅឃុំរបស់លោកក្នុងបទចោទរាប់សិបករណីផ្សេងទៀត ដើម្បីបញ្ចៀសការចាប់ខ្លួនជាថ្មី។ មេធាវីរបស់លោក ម្នាក់ទៀតលោក Naeem Haider បាននិយាយថា លោកបានទទួលការអនុញ្ញាតឲ្យនៅក្រៅឃុំ ក្នុងគ្រប់ករណីផ្សេងៗទៀតទាំងអស់ ដែលលោកបានស្នើសុំ។ការចាប់ខ្លួនកាលពីថ្ងៃទី៩ ខែឧសភារបស់លោក Khan លើបទចោទប្រកាន់អំពើពុករលួយ ដែលលោក បានបដិសេធនោះ បានបង្កការតវ៉ាដោយក្រុមអ្នកគាំទ្ររបស់លោក ដែលបានរើកកាយទីតាំងយោធា ដែលបង្កើនការព្រួយបារម្ភថ្មីអំពីស្ថិរភាពរបស់ប្រទេសមានអាវុធនុយក្លេអ៊ែរ ដែលមានប្រជាជន២២០លាននាក់នេះ ខណៈប្រទេសកំពុងព្យាយាមក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។  កាលពីថ្ងៃពុធ នគរបាល បានដាក់លោកក្នុងការជាប់ពាក់ព័ន្ធជាមួយករណីឃាតកម្មលើមេធាវីម្នាក់ ដែលស្វែងរកការចោទប្រកាន់ពីបទញុះញង់ឲ្យមានការប៉ះបោរប្រឆាំងនឹងរូបលោក៕

សម្តេចតេជោ៖ អ្នកខ្លះរិះគន់រដ្ឋាភិបាលថា បញ្ជូនខ្មែរឲ្យទៅខ្ញុំគេ តែខ្លួនបែជាទៅរៃអង្គាស់អ្នកដែលធ្វើខ្ញុំគេទៅវិញ

2023/06/09 05:50:01 pm        307
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យគណបក្សខ្លះ​ជាពិសេសគណបក្សប្រឆាំង ដែលតែងតែរិះគន់ដល់រាជរដ្ឋាភិបាលជារឿយៗថា បាន​បញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឲ្យទៅធ្វើការនៅស្រុកគេ ប៉ុន្តែពួកក្រុមទាំងនោះ បែជានាំគ្នាទៅរៃអង្គាស់លុយពីបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅទីនោះទៅវិញ ជាក់ស្តែងដូចជានៅប្រទេសកូរ៉េជាដើម។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកខ្លះនិយាយពីដៀល រាជរដ្ឋាភិបាលថា បញ្ជូនពលរដ្ឋខ្លួនឲ្យទៅខ្ញុំគេ តែខ្លួនបែជាទៅយកលុយពីអ្នកដែលកំពុងធ្វើខ្ញុំគេនោះទៅវិញ។ តែទោះជាយ៉ាងណាក៏ដោយពេលនេះបងប្អូនដែលកំពុងនៅក្រៅប្រទេសគេនោះ ពួកគាត់​លែងចាញ់​បោក​ពួកខ្លួនតទៅទៀតហើយ ​បើទោះបីជាខិតខំច្រៀង និងនិយាយយ៉ាងណា​ក៏ដោយនោះ។ការថ្លែងរបស់សម្តេចនេះគឺបានធ្វើឡើង ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាល​ជា​មួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ នៅស្រុកកំពង់ត្រឡាច ​និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ៕អត្ថបទ៖ បានចក់

សម្ដេចតេជោ៖ ត្រូវរួមគ្នារក្សាសន្តិភាព ខណៈសន្ដិភាពពិបាករកខ្លាំងណាស់

2023/06/09 05:44:30 pm        261
កំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់​កម្មការកម្មការិនី និងម្ចាស់រោងចក្រសហគ្រាសទាំងអស់ ចូលរួមថែរក្សាសន្តិភាព​របស់ប្រទេស​កម្ពុជា ជាមួយរាជរដ្ឋាភិបាល ពីព្រោះតម្លៃនៃសន្ដិភាពមានសារៈសំខាន់ខ្លាំងណាស់ ដែលប្រទេស​ជាច្រើននៅលើពិភពលោក​កំពុងចង់បាន ប៉ុន្ដែមិនអាចរកសន្ដិភាពបានឡើយ ហើយកំពុងរងគ្រោះ​ដោយ​សារសង្គ្រាម បង្ហូរឈាម ក្នុងនោះមានប្រជាពលរដ្ឋជាច្រើនកំពុងរងគ្រោះរហូតដល់ស្លាប់ និងកុមារកំព្រាជាដើម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញចុះជួប​សំណេះសំណាល​ជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ទៀត នៅតាមបណ្ដារោងចក្រ​សហគ្រាសចំនួន ១១ នៅក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងឪពុកម្ដាយកម្មករកម្មការិនី​ទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា និង​ចូលរួមលុបបំបាត់សង្គ្រាមចេញពីប្រទេសកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីក​ចម្រើន​ដូចសព្វថ្ងៃនេះ។ សូមជាម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃកម្ពុជា សម្ដេចបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដ ដូចជានយោបាយ ឈ្នះ ឈ្នះ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា និងបានអនុវត្តយុទ្ធសាស្រ្ដ​ចតុកោណ​ដោយជោគជ័យ​ដឹកនាំប្រទេសកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មី ​មានការអភិវឌ្ឍលើគ្រប់វិស័យ គួរជាទីមោទនៈបំផុត៕ អត្ថបទ វ៉ន ដារ៉ា

គុយបាបដិសេធរបាយការណ៍របស់សារព័ត៌មានWSJ ស្តីពីការមានមូលដ្ឋានចារកម្មចិន នៅលើកោះនេះ

2023/06/09 05:12:33 pm        134
គុយបា៖ប្រទេសគុយបា កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមិថុនា) បានបដិសេធពីការមាននូវកិច្ចព្រមព្រៀងណាមួយរវាងកោះនេះ និងប្រទេសចិន ដើម្បីសាងសង់កន្លែងលួចស្តាប់អេឡិចត្រូនិច នៅលើកោះ ដែលមានចម្ងាយប្រហែល ១០០ម៉ាយល៍ (១៦០គីឡូម៉ែត្រ) ពីរដ្ឋផ្លរីដា (Florida) ដូចអ្វីដែលសារព័ត៌មាន Wall Street Journal (WSJ) បានធ្វើសេចក្ដីរាយការណ៍នោះឡើយ។អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជារបាយការណ៍កុហក ដែលបង្កើតឡើងដោយមន្ត្រីសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រទេសមានអស្ថិរភាព ហើយនិងធ្វើឲ្យការបិទផ្លូវសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយកាន់តែអាក្រក់ទៅៗ។លោកអនុរដ្ឋមន្ត្រីរូបនោះ បានថ្លែងថា៖ «យើងបដិសេធនូវវត្តមានយោធាបរទេសណាមួយ នៅតំបន់អាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីព (Caribbean) ក្នុងនោះរួមទាំងមូលដ្ឋាន និងកងកម្លាំងយោធាជាច្រើនរបស់សហរដ្ឋអាមេរិកផងដែរ»។សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងពីចារកម្មសម្ងាត់ថា ការដំឡើងទីកន្លែងចារកម្ម នឹងអនុញ្ញាតឲ្យទីក្រុងប៉េកាំងប្រមូលផ្តុំការប្រាស្រ័យទាក់ទងអេឡិចត្រូនិកពីសហរដ្ឋអាមេរិកភាគអាគ្នេយ៍ ដែលជាកន្លែងតាំងមូលដ្ឋានទ័ពអាមេរិកជាច្រើន ក៏ដូចជាត្រួតពិនិត្យចរាចរណ៍នាវាផងដែរ។ សារព័ត៌មានដដែល បានឲ្យដឹងទៀតថា ក្រុមមន្ត្រីបាននិយាយថា ប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ដោយប្រទេសចិននឹងបង់ប្រាក់ឲ្យគុយបា«ជាច្រើនពាន់លានដុល្លារ» ដើម្បីជាថ្នូរឲ្យសាងសង់ស្ថានីយលួចស្តាប់ការណ៍សម្ងាត់នេះ៕

លោក Biden និងលោក Sunak ព្រមព្រៀងលើផែនការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអង់គ្លេស-អាមេរិក

2023/06/09 05:02:45 pm        190
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទំាងពីរ នឹងធ្វើជាដៃគូលើបច្ចេកវិទ្យាឈានមុខ ថាមពលស្អាត និងរ៉ែសំខាន់ៗ ខណៈមេដឹកនាំទំាងពីរពង្រឹងសម្ព័ន្ធភាពសន្តិសុខជាប្រវត្តិសាស្ត្រ។ លោក Biden និងលោក Sunnak បានចុះហត្ថលេខាលើ«សេចក្តីប្រកាសមហាសមុទ្រអាត្លង់ទិក» ដែលលោក Sunak បានចាត់ទុកថាជាភាពជាដៃគូសេដ្ឋកិច្ចប្រភេទដំបូងរបស់ខ្លួនលើបញ្ញាសប្បនិមិត្ត (AI) និងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចផ្សេងទៀត ខណៈមេដឹកនាំអង់គ្លេស បានធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់សេតវិមាន។ភាពជាដៃគូសន្តិសុខ និងយោធាជាយូរអង្វែងរបស់អង់គ្លេសនិងសហរដ្ឋអាមេរិក បានពង្រឹងក្នុងពេលសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងការបង្ហាញឥរិយាបថកាន់តែបំពារបំពានកាន់តែច្រើនរបស់ប្រទេសចិននៅតំបន់អាស៊ី ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានក្តីសង្ឃឹមច្រើនពុំបានលេចចេញជារូបរាងនោះទេ។ លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មានថាភាពជាដៃគូសេដ្ឋកិច្ចរបស់យើង គឺមានភាពរឹងមាំអស្ចារ្យ ជាប្រភពនៃភាពរឹងមាំដែលភ្ជាប់គ្រប់អ្វីៗទាំងអស់ដែលយើងបានធ្វើរួមគ្នា។ លោក Sunak និយាយថា ខ្ញុំដឹងថាមនុស្សមួយចំនួនមានការងឿងឆ្ងល់ថាតើអង់គ្លេសនឹងជាដៃគូប្រភេទណា បន្ទាប់ពីខ្លួនចាកចេញពីសហភាពអឺរ៉ុប ដោយប្រកាសពីកិច្ចព្រមព្រៀងថ្មី។ ខ្ញុំសូមនិយាយថា សូមវិនិច្ឆ័យពួកយើងដោយសកម្មភាពរបស់យើង។ចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុបកាលពីថ្ងៃទី៣១ ខែមករា ឆ្នំ២០២០។ លោក Sunak ដែលបានចូលកាន់តំណែងកាលពីខែតុលា បន្ទាប់ពីអំឡុងពេលនៃអស្ថិរភាពនយោបាយមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស បានជំរុញដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងអង់គ្លេសទោះបីជាមានការរំពឹងទុកដ៏ស្ងាត់ស្ងៀមសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបក៏ដោយ។ លោក Biden និងលោក Sunak បានចាប់ផ្តើមការចរចា លើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់ដែលអាចអនុញ្ញាតរ៉ែផលិតយានយន្តអគ្គិសនី ត្រូវផលិតនៅអង់គ្លេស ដែលត្រូវរាប់បញ្ចូលឥណ្ឌទានពន្ធសម្រាប់យានយន្តថាមពលស្អាត ត្រូវផ្តបានផ្តល់ឲ្យក្រោមច្បាប់កាត់បន្ថយអតិផរណារបស់លោក Biden៕

ប្រធានាធិបតីម៉ិកស៊ិកយកការរួបរួមជាសំខាន់ សម្រាប់ការចូលសម្របសម្រួល ក្នុងការប្រជែងស្នងតំណែងពីលោក

2023/06/09 04:59:39 pm        140
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅសប្តាហ៍នេះ បានចូលធ្វើអន្តរាគមន៍ សម្រាប់ការប្រណាំងប្រជែងគ្នាដ៏ខ្លាំងក្លា ដើម្បីស្នងតំណែងបន្តពីរូបលោក ដោយអ្នកខាងក្នុងគណបក្ស បាននិយាយថា លោកមានគោលបំណងការពារការបែកបាក់ដែលអាចនឹងកើតមាន និងការពារមូលដ្ឋានអំណាចនយោបាយ ដែលលោកបានសាងឡើង។រដ្ឋមន្ត្រីការបរទេស លោក Marcelo Ebrard បានដាក់សម្ពាធអស់ជាច្រើនខែ ក្នុងការឲ្យគូប្រជែងដែលមានបំណងចង់បានការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សចលនាសង្គ្រោះជាតិ (MORENA) ដែលកំពុងកាន់អំណាច លាលែងពីតំណែងសិន មុននឹងធ្វើយុទ្ធនាការ ហើយយោងតាមប្រភពពីគណបក្សចំនួនបីដែលដឹងពីរឿងរ៉ាវនេះ បានឲ្យដឹងថា នៅទីបំផុត លោក Lopez Obrador នៅសប្ដាហ៍នេះ បានស្របនឹងគំនិតនោះ។ ប្រភពបាននិយាយថា នៅឯកន្លែងអាហារពេលល្ងាចជាមួយថ្នាក់ដឹកនាំគណបក្ស នៅទីក្រុងម៉ិកស៊ិកូស៊ីធី (Mexico City) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Lopez Obrador បានស្នើឲ្យគូប្រជែងរបស់គណបក្ស MORENA លាលែងពីតំណែង ដើម្បីធានាបាននូវសមរភូមិប្រកួតប្រជែងស្មើភាព ហើយថា គណបក្ស នៅចុងសប្តាហ៍នេះ សម្រេចនូវច្បាប់សម្រាប់ដំណើរការជ្រើសរើស។កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពេលត្រូវបានសួរពីអ្វីដែលត្រូវបានពិភាក្សា នៅឯអាហារពេលល្ងាចរបស់គណបក្ស MORENA នោះ លោក Lopez Obrador បានឆ្លើយថា៖ «យើងបាននិយាយអំពីតម្រូវការ ដើម្បីបន្តរក្សាការរួបរួម ដើម្បីធានាឲ្យមានការផ្លាស់ប្តូរ សម្រាប់ប្រទេសម៉ិកស៊ិក»។គណបក្សចលនាសង្គ្រោះជាតិ (MORENA) ត្រូវបានគេរំពឹងថា នឹងជ្រើសរើសបេក្ខភាពឆាប់ៗ នៅក្នុងខែកញ្ញា។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសម៉ិកស៊ិក គឺនៅខែមិថុនា ឆ្នាំ២០២៤៕

មនុស្សរាប់រយនាក់ ត្រូវបានជួយសង្រ្គោះចេញពីលំនៅឋានលិចទឹក ខណៈអ៊ុយក្រែនច្រានចោលរបាយការណ៍ស្តីពីការវាយបក

2023/06/09 04:45:30 pm        194
អ៊ុយក្រែន៖ មនុស្សរាប់រយនាក់ ត្រូវបានជួយសង្គ្រោះចេញពីដំបូលផ្ទះនានា ២ថ្ងៃបន្ទាប់ពី ទឹកហូរចេញពីទំនប់វារីអគ្គិសនីដែលត្រូវបានបំផ្លាញបានជន់លិចភូមិឋាន ដីកសិកម្ម ផ្លូវថ្នល់ ជាច្រើននៅក្នុងតំបន់ Khersonភាគខាងត្បូងខណៈអ៊ុយក្រែនច្រានចោលរបាយការណ៍នានាដែលថាយោធារបស់ខ្លួនបានចាប់ផ្ដើមបើកការវាយបកលើកងកម្លាំងរុស្ស៊ីនោះ។  វីដេអូពីលើអាកាសបានបង្ហាញតំបន់នានាជាទីដែលទឹកជន់លិចលំនៅឋានមើលឃើញតែដំបូល។ អភិបាលតំបន់នេះ បាននិយាយថា ផ្ទៃដីប្រមាណ៦០០គីឡូម៉ែត្រក្រឡា  ត្រូវបានទឹកលិចកាលពីថ្ងៃព្រហស្បតិ៍ ។ ការបាក់ទំនប់ទឹក Nova Kakhovka បានកើតឡើង ខណៈអ៊ុយក្រែន ត្រៀមវាយបកដែលទំនងជាដំណាក់កាលសំខាន់បន្ទាប់ ក្នុងសង្រ្គាម ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ លំនៅឋានរាប់លានខ្នងដួលរាបដល់ដី និងទីក្រុងទាំងមូលត្រូវបានបំផ្លាញ ចាប់តាំងពីប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំមុន។  ដោយសំអាងប្រភពពីមន្ត្រីជាន់ខ្ពស់មួយរូប និងទាហានម្នាក់នៅជិតសមរភូមិមុខ សារព័ត៌មាន NBC បាននិយាយថា កាវាយបកបានចាប់ផ្ដើមហើយ។ អ៊ុយក្រែន និយាយថា ទឹកជំនន់នេះ នឹងបណ្ដាលឲ្យមនុស្សរាប់លាននាក់គ្មានទឹកទទួលទាន បំផ្លិចបំផ្លាញដីកសិកម្មរាប់ម៉ឺនហិចតា និងធ្វើឲ្យប្រព័ន្ធធានារាស្ត្រយ៉ាងហោចណាស់៥០ម៉ឺនហិចតាក្លាយជាវាលរហោឋាន៕

សម្តេចតេជោ ប្រកាសទទួលអ្នកគ្រប់និន្នាការទំាងអស់ចង់ចូលជាមួយបក្សប្រជាជន លើកលែងតែទណ្ឌិតក្បត់ជាតិបីជំនាន់

2023/06/09 04:27:15 pm        473
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា សម្តេចនឹងទទួលស្វាគមន៍ជានិច្ចចំពោះបុគ្គលទាំងឡាយណា ដែលចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលើកលែងតែទណ្ឌិតក្បត់ជាតិម្នាក់គត់ដែលសម្តេចមិនទទួលយកជាដាច់ខាត។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចសូមស្វាគមន៍ ចំពោះសមាជិក-សមាជិកា និងអ្នកគាំទ្រគ្រប់និន្នាការទាំងអស់ ដែលមាន​បំណង​មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាក៏សាងប្រទេសជាតិឲ្យកាន់​តែរីកចម្រើនបន្ថែមទៀត។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្ដងទៀតដែរថា សម្ដេចនឹង​ធ្វើការលើកលែងទោសឲ្យបុគ្គលទាំងឡាយណាដែលធ្វើការផ្ដាច់ខ្លួន ចេញពីទណ្ឌិតក្បត់ជាតិ​បីជំនាន់ ខណៈអ្នកដែលនៅបន្តដង្ហែជាមួយក្បត់ជាតិខាងលើនេះ សម្តេចចាត់ទុកថា ជាអ្នកក្បត់ជាតិដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មុនជួបអ៊ីតាលីយប់នេះ Zidane ថាគ្មានការសោកស្តាយចំពោះការបុកក្បាល Materazzi កាលឆ្នាំ ២០០៦
10/02/2026 01:10 PM
ឥណ្ឌូនេស៊ី និងកូរ៉េឈ្នះមេដាយមាសបាញ់ធ្នូ ខណៈជប៉ុនគ្រប់គ្រងវិញ្ញាសាយូដូក្នុង Asian Games
10/02/2026 01:10 PM
សម្ដេច​ធិបតី ណែដល់នាំគ្រូ និងសិស្ស ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា AI តែកុំពឹងផ្អែកទាំងស្រុង
10/02/2026 12:10 PM
សម្ដេច​ធិបតី៖ វិស័យអប់រំ និងសុខាភិបាលជាវិស័យអាទិភាពបំផុតត្រូវបានបង្កើនថវិកា គ្មានកាត់បន្ថយឡើយ
10/02/2026 12:10 PM
អាមេរិកផ្តល់កិច្ចសន្យាទឹកប្រាក់ ២៤,៤ ពាន់លានដុល្លារដល់ក្រុមហ៊ុន Raytheon ដើម្បីជំរុញការផលិតមីស៊ីល SM-6
10/02/2026 11:10 AM
លោក Trump៖ អ៊ីរ៉ង់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏យុត្តិធម៌ ឬក៏ត្រូវរលាយបាត់ពីផែនដីក្រោយបដិសេធសំណើ
10/02/2026 11:10 AM
តម្លៃប្រេងកើនឡើងបន្តិច ខណៈអាមេរិកបញ្ជូននាវាដឹកយន្តហោះនិងទ័ពបន្ថែមទៀតទៅកាន់ មជ្ឈិមបូព៌ា
10/02/2026 11:10 AM
លោក Trump ប្តេជ្ញាវាយប្រហារអ៊ីរ៉ង់ដ៏ខ្លាំងក្លា បើរកឃើញថាជាប់ពាក់ព័ន្ធការវាយប្រហារជើងហោះហើរក្រុមហ៊ុន flydubai
10/02/2026 11:10 AM
​ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
10/02/2026 10:10 AM
អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ​
10/02/2026 08:10 AM