សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

2022/09/13 08:04:13 am        586
សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី៕

ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន បន្តប្រជុំត្រៀមរបៀបវារៈសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

2022/09/12 01:13:29 pm        510
សៀមរាប៖ ដំណើរការនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំនេះ បាននិងកំពុងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ហើយនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានបន្តពិភាក្សាគ្នាពីរបៀបវារៈសំខាន់ៗ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្រុមឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅថ្ងៃនេះ បានបន្តបើកកិច្ចកិច្ចប្រជុំពិភាក្សាពីរបៀបវារៈនានា ដើម្បីដាក់ជូនក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅក្នុង​ខេត្តសៀមរាប​រយៈពេល ១សប្តាហ៍ ពោលគឺពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២។ ចំពោះកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី ១៤រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានិងកិច្ចប្រជុំពាក់ព័ន្ធ បាន​លើកឡើងថា កិច្ចប្រជុំនេះ គឺជាឱកាសសម្រាប់កម្ពុជា ​បង្ហាញពីវឌ្ឍភាពនៃសេដ្ឋកិច្ចរបស់ខ្លួន និង​ផ្តល់មតិយោបល់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចតំបន់ ​និងពិភពលោក ដែលបានរង​ផល​ប៉ះពាល់​ដោយសារវិបត្តិកូវីដ១៩ និងបញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ បន្ថែមពីលើនេះ ឯកឧត្តមបញ្ជាក់ថា តាមយៈកិច្ចប្រជុំនេះ កម្ពុជា ក៏បានបង្ហាញពីសក្តានុពលទេស​ចរណ៍​របស់ខ្លួនដ៏អស្ចារ្យ ​ជាពិសេសនៅក្នុងខេត្តសៀមរាបតែម្តង ​ទៅដល់ថ្នាក់ដឹកនាំ​ អ្នកវិនិយោគ នៃបណ្តាប្រទេសដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។សូមបញ្ចាក់ថា ពិធីបើកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធ ជាផ្លូវការ នឹង​ធ្វើឡើងនៅថ្ងៃទី ១៤ ​ខែកញ្ញា ឆ្នាំ ២០២២ ​នៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ ជា ធិរិទ្ធ

សម្តេច ហេង សំរិន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងឡាវ

2022/09/12 01:04:07 pm        609
ភ្នំពេញ៖ នៅថ្ងៃនេះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា អញ្ជើញដឹកនាំ​គណៈប្រតិភូជាន់​ ខ្ពស់រដ្ឋសភា ​ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម និងប្រទេសឡាវ ។ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ​និង​ប្រធានរដ្ឋ សភានៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ​នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​បានអញ្ជើញដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញ​ទស្សនកិច្ច ជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម​ ចាប់ពីថ្ងៃទី១២​ ដល់ថ្ងៃទី១៤ ខែកញ្ញា ​ខណៈទស្សនកិច្ចជា​ ផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភា ​ទៅកាន់ប្រទេសទាំងពីរនេះ ក្នុង គោល​បំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ​នីតិប្បញ្ញត្តិ ​ក៏ដូចជានីតិ ប្រតិបត្តិរបស់កម្ពុជា ​និងប្រទេសទាំងពីរ។ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម​ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា ​គ្រោងនឹងចូលជួបពិភាក្សាទ្វេភាគី ​និងសម្តែងការគួរសម​ជាមួយថ្នាក់ដឹកនាំសំខាន់ៗ​របស់​វៀតណាម រួមមាន ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្ស, ឯកឧត្តម ង្វៀន សុនហ្វូគ ប្រមុខរដ្ឋ, ឯកឧត្តម វឿង ឌិញវ៉េ ប្រធានរដ្ឋសភា, ឯកឧត្តម ហ្វាម មីញជីញ ​នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹក​នាំ​ជាច្រើនរូបទៀត ខណៈនាឱកាសនោះ ​នឹងចុះហត្ថលេខាលើសៀវភៅ​អនុស្សាវរីយ៍​មាស​នៅវិមានរដ្ឋសភាវៀតណាម។ដោយឡែក ចំពោះដំណើរទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅប្រទេសឡាវ គណៈប្រតិភូជាន់ ខ្ពស់​រដ្ឋ​សភាកម្ពុជា ​គ្រោង​នឹងចូលជួប​ពិភាក្សាទ្វេភាគី ​និង​សម្តែងការ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ របស់​ភាគីឡាវ រួមមាន ឯកឧត្តម ថង លូនស៊ីសូលីត ​ប្រធានាធិបតី, ឯកឧត្តម សាយ សំភូនភូមិវិហាន ប្រធានរដ្ឋសភា, ឯកឧត្តម ផន ខាំវីផាវ៉ាន់​ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំឡាវ​ជា​ច្រើនរូបទៀត​ផងដែរ៕អត្ថបទ៖ សេក ឧត្តម

សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់៥ចំណុច ជូនវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២

2022/09/12 10:50:43 am        455
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹក​ថ្ងៃ​ទី១២​កញ្ញា​នេះ បាន​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាព​ជាដៃ​គូ​អាស៊ាន​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័ស​របស់​អាស៊ាន​» ​។ក្នុងវេទិកាដែលប្រារព្ធនៅសណ្ឋាគារហៃយ៉ាតរីជិនស៊ី ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់៥ចំណុច ជូនវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដោយ​សម្តេច​បញ្ជាក់ថា ក្នុងក្របខណ្ឌតំបន់អាស៊ានភាពជាអ្នកដឹកនាំ និងភាព​ជាដៃ​គូ​គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យយើង​អាច​ជំ​នះ​គ្រប់​ឧបសគ្គ​និង​ប្រែក្លាយ​តំបន់​អាស៊ាន​ទៅ​ជាតំបន់​មួយលេច​ធ្លោ​ និង​មាន​ការ​រីកចម្រើនលើគ្រប់វិស័យ។ក្នុងស្មារតីនេះ ស្ថិតក្នុង ស្ថានភាពសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន យើង​មិន​ត្រឹមតែមិនបែកបាក់សាមគ្គីប៉ុណ្ណោះទេ តែផ្ទុយទៅ​វិញ​យើង​ត្រូវ​ពង្រឹង​ភាព​ជា​ដៃគូរ​ និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ស្អិត​ល្មួត​ថែម​ទៀត​ស្រប​តាម​មូល​បទ​អាស៊ាន​រួម​គ្នា​ធ្វើ​ដោះ​ស្រាយ​បញ្ហា​ប្រឈមទាំងអស់គ្នាដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២​២​នេះ​ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខចំពោះអនាគតភ្លឺស្វាង និងវិបុលភាពរួម។សម្រាប់​វេទិកានេះ សម្ដេចបានលើកទឹកចិត្ត ឱ្យមានការពិភាក្សាដោយត្រង់ទៅ ត្រង់មក ក្នុង​ស្មារតី​​យោគយល់​គ្នាទៅវិញទៅមក ដើម្បីអាច​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ និង​ពិតប្រាកដ និង​បង្ហាញ​ឲ្យ​សកល​លោក​បាន​ឃើញ​ពី​ឆន្ទៈ​ និង​ការ​បន្ត​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ភាព​ជា​ដៃ​គូ​របស់​អាស៊ាន​ដោយ​យកការសន្ទនាដោយសន្តិវិធីជាយន្តការដោះស្រាយបញ្ហា ទោះបីស្ថិតក្នុង បរិការ​មួយ​ដែល​ច្របូក​ច្របល់​ និង​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​ជឿទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ា​ង​ណាក៏ដោយ។ដើម្បីជាធាតុចូលបន្ថែម សម្ដេចតេជោ ហ៊ុន សែន បានចូលរួមផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម៖ទី១. ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និង​សុខ​សន្តិភាព​ពេញលេញ ក្នុងន័យនេះ, អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើង​សង្គ្រាមដែ​ល​គ្មាន​អ្នកឈ្នះ​ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់​អាយុជីវិត​របស់​ប្រជាជនកម្ពុជា ដែលជាប្រទេស ធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូម​ក្រើន​រំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បង បំផុត គឺជា​នយោបាយ​ឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ។ទី២. ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្តៅគគុក, អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព, ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្ថែមលើនេះ, អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្តាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន និងយកច្បាប់ជាគោល។ទី៣. ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន, យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជីវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ, និងការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពនឿនការ អនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសកលលោក។ទី៤. អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅបំពេញ​រាល់​តម្រូវ​ការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និង​សមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាព និងផ្តល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំពារសង្គម, ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ, ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង។ទី៥. អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា​អតិបរមា​ពី​សក្តា​នុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ, សេដ្ឋកិច្ច​បៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ​ឱ្យបានយ៉ាង​ឆាប់​រហ័ស ស្របតាមមូលបទរបស់យើងក្នុងថ្ងៃនេះ ។សម្តេចបានបន្តថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២នេះ កម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូក្នុងការគ្រប់គ្រងក្នុងគ្រប់ទម្រង់និងគ្រប់វិស័យ ទាំងផ្នែកសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនិងនយោបាយជាមួយនឹងប្រទេស ជាមិត្តនិងសហគមន៍អន្តរជាតិទាំងក្នុងក្របខណ្ឌប្រទេសនិងតំបន់ ជាពិសេសតាមរយៈការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កម្ពុជាចង់ឃើញតំបន់អាស៊ានក៏ដូចជាសាកលលោកទាំងមូលមានសុខសន្តិភាព ស្ថេរភាពនិងវិបុលភាព ប្រកបដោយចីរភាព និងបរិយាប័នយ៉ាងពិតប្រាកដ ជាមួយនឹងអធិបតេយ្យភាពនៃប្រទេសនីមួយៗ ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិនិងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយមដែលមានការចូលរួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធនិងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីជាមួយនឹងស្មារតីបើកចំហយោគយល់និងអត់ធ្មត់ឲ្យគ្នាទៅវិញទៅមក៕

សម្តេចតេជោ អំពាវនាវ​ដល់រដ្ឋបាលរាជធានីភ្នំពេញ​ពិចារណាក្នុងការផ្តល់​រថយន្តក្រុង​ដឹកពលរដ្ឋ​ទៅ​តាមខេត្តក្នុងពេលបុណ្យភ្ជុំបិណ្ឌ

2022/09/12 10:35:10 am        546
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​សាលា​រាជ​ធានី​ភ្នំពេញ​សូម​ពិនិត្យ​ពិចារណា ក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូន(រថយន្តក្រុងសាធារណៈ)ដល់ប្រជាពលរដ្ឋ ទៅ​កាន់​បណ្តា​ខេត្ត​-ក្រុងនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចដែលបានធ្លាប់ធ្វើកន្លងមក គឺ​មុន​ពេល នៃ​ការ​រីករាល​ដាល​ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋ និង​ទប់ជា​មួយ​ការ​ដំឡើង​ថ្លៃ​រថយន្តឈ្នួល(TAXI)ជាដើមនោះ។តាមរយៈសារសំឡេងពិសេសនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា សម្តេច​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ផ្តល់​លទ្ធភាព​ក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា ក្នុង​ពេល​បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ហើយក៏បានអំពាវនាដល់បងប្អូនរត់តាក់ស៊ី និង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មេត្តាកុំដំឡើងថ្លៃក្នុងពេលបុណ្យភ្ជុំខាងមុខនេះផងដែរ។ទាក់ទងនឹងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកម្ពុជានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះផងដែរ។តាមរយៈសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ក៏​បាន​ប្រាប់​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ផង​ដែរថា ឆ្នាំ២០២២នេះ សម្តេចមិនបានចូលរួមបុណ្យភ្ជុំបិណ្ឌនៅក្នុងប្រទេសនោះទេ ដោយ​សារតែសម្តេចជាប់រវល់បេសកកម្មនៅក្រៅប្រទេសដូចជា ទៅចូលរួមមហាសន្និបាតUN នៅញូយ៉ក ពីថ្ងៃទី២១-២៣ ខែកញ្ញា, ទស្សនកិច្ចផ្លូវការនៅគុយបា ពីថ្ងៃទី២៣-២៥ ខែកញ្ញា និងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ទៅ​ទីក្រុង​តូក្យូ ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២២ជាំដើម៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោហ៊ុន សែន៖ បញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយគ្រែន​បាន​បន្ទច់​បង្អាក់​ការ​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ

2022/09/12 10:16:57 am        601
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអូសបន្លាយនៃសង្រ្គាម រវាងរុស្ស៊ី និងអ៊ុយគ្រែនបានបន្ទច់បង្អាក់ ការស្តារសង្គម-សេដ្ឋកិច្ច​ឡើងវិញ ហើយបញ្ហានេះក៏បានបង្កើនការដាក់សម្ពាធអតិផរណា និង​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះប្រ​ព័ន្ធ​ដឹក​ជញ្ជូន​សកលផងដែរ។ថ្លែងនៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ក្រោម​ប្រធាន​បទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» ដែល​បាន​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ខណៈពេល នេះអាស៊ានទាំងមូលកំពុងមានមោទកភាព ពោពេញទៅដោយសន្តិភាព សន្តិសុខ ស្ថិរភាព ជីវភាព និងវិបុលភាពក្តី ប៉ុន្តែភាពផុយស្រួយ នៅអាស៊ាន ក៏ដូចជា​សកល​លោក​នៅ​តែអាចកើតមាន ដោយសារតែបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយគ្រែននោះ។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា ក្នុងនាមប្រធាន អាស៊ានក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការ និងភាពជាដៃគូក្នុងគ្រប់ទម្រង់ និងគ្រប់វិស័យទាំងផ្នែកសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយជាមួយប្រទេសជាមិត្ត,ដៃគូអភិវឌ្ឍន៍ និង​សហគមន៍​អន្តរជាតិ​ទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ជាពិសេសតាមរយៈការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា«កម្ពុជាចង់ឃើញតំបន់អាស៊ានក៏ដូចជា សកល​លោក​ទាំងមូល​មានសុខសន្តិភាព, ស្ថិរភាពនិងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្ន​យ៉ាង​ពិត​ប្រាកដ ជាមួយនឹងការគោរពអធិបតេយ្យភាពនៃប្រទេសនីមួយៗ,ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយម ដែល​មានការចូលរួមសន្ទនាពីគ្រប់ភាភីពាក់ព័ន្ធ និងការរួមគ្នា​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​ដោយសន្តិវិធី ជាមួយនឹងស្មារតីបើកចំហ,យោគយល់ និងអត់ធ្មត់ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម​៕ អត្ថបទ៖ បាន ចក់

ពីថ្ងៃទី១១-២០ ខែកញ្ញា ទាំងសាំង និងម៉ាស៊ូត ចុះចំនួន ៣០០រៀល ធៀបនឹងសន្ទស្សន៍ចាស់

2022/09/12 10:12:34 am        612
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៤០០រៀល/លីត្រ(ចុះ៣០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.២០០រៀល/លីត្រ (ចុះ ៣០០រៀល)។

សម្ដេចតេជោ​ ហ៊ុន​​ សែន​ បន្តអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្នពីការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

2022/09/12 09:56:05 am        488
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី១២កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រុងប្រយ័ត្នពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយរក្សាវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ពីម្សិលម៉ិញការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មា​ន​ចំនួន​តិចតួចបំផុត ដែលនៅថ្ងៃនេះយើងសង្ឃឹមថា ការមានការឆ្លងកម្រិតតិចតួចដូចគ្នា ដែល​សមិទ្ធ​ផល​ទាំងអស់នេះ ផ្តើម​ចេញ​ពី​ភាព​ជោគ​ជ័យ​ នៃប្រ​ជាជាតិ​យើង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំរួមមាន៖ ការនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ និងវិធានការនានា។សម្តេចតេជោបានរំលឹកផងដែរថា កម្ពុជាមានអត្រាឆ្លងកូវីដ-១៩ កម្រិតសូន្យរយៈពេល៥២ថ្ងៃ និង​គ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ តាំងពីខែមេសា ឆ្នាំ២០២២មកម្លេះ (រយៈ៦ខែ) ដែល​ជា​ភាពជោគជ័យមួយដ៏ធំធេងរបស់កម្ពុជា និងជាការចាប់ផ្តើម នៃដំណើរការសេដ្ឋកិច្ច-សង្គម។សម្តេចតេជោ ហ៊ុន សែន បន្តថា ពេលនេះ ឆ្នាំមុន​យើង​ស្ថិត​នៅ​មាត់​ជ្រោះ​មរណៈ​ដែល​បណ្តាល​មក​ពីជំ​ងឺកូវីដ-១៩ តែពេលនេះយើងនាំគ្នាទៅធ្វើបុណ្យដោយមុខសប្បាយរីករាយបំផុត។ 

សម្ដេចតេជោ ហ៊ុន សែន​ អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និង​ភាពជាដៃគូ​អាស៊ាន​ឆ្នាំ​២០២២

2022/09/12 09:11:34 am        662
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បាន​អញ្ជើញជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកាភាព​ជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។​វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការ​រៀប​ចំ​ដោយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា ក្រោមប្រធានបទ “ ភាពជា​ដៃ​គូ​សម្រាប់​អាស៊ាន​​ដែ​លមានភាពស្អិតរមួត និងឆ្លើយតបរហ័ស ”។ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០

2022/09/09 02:09:04 pm        482
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន​ក្នុងនោះបានអនុម័ត ​សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍កម្ពុជា ២០២២-២០៣០ ។សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០​ ត្រូវបានចាត់ ទុកថា​មាន​សក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើន​សេដ្ឋកិច្ច និងការលើក​កម្ពស់គុណ ​ភាពជីវិត​ របស់ប្រជាជននៅកម្ពុជា ​ដោយបាន​ផ្សារភា្ជប់​ជាមួយ​ជីវភាពប្រចាំថ្ងៃ នៅ​ទីក្រុង និងជនបទ។វឌ្ឍនភាពនៃវិស័យផ្សេងៗ ​ការកើនឡើង ​នៃការប្រើប្រាស់សេវាអ៊ីនធឺណិត ​និងបណ្ដាញសង្គម ព្រមទាំង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​បានបង្កើតកាលានុវត្តភាព ​សម្រាប់ទីផ្សារ សេវាប្រៃសណីយ៍ ក៏ដូចជា​លក្ខខណ្ឌ​អំណោយ​ផលសម្រាប់ជំរុញ​ការអភិវឌ្ឍវិស័យ​ប្រៃសណីយ៍​កម្ពុជា។ ការអភិវឌ្ឍវិស័យនេះ ​នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើន ​ដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាព​នៃការផ្តល់សេវាប្រៃសណីយ៍​ នៅពុំទាន់​បាន​គ្របដណ្ដប់ទូលំទូលាយ ការ​អភិវឌ្ឍ​របស់​សហគ្រាស​ ប្រៃសណីយ៍កម្ពុជា ​និងបណ្ដាញប្រៃសណីយ៍​នៅមានកម្រិតនៅឡើយ ការ​ធ្វើអាជីវកម្មលើការផ្តល់សេវា ​បញ្ញើរបស់ផ្នែក ​ឯកជន​ ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ និងល្អប្រសើរ ​គួបផ្សំនឹងការខ្វះខាត ​ក្របខណ្ឌគោល​ នយោបាយ​ លិខិតបទដ្ឋានគតិយុត្ត ការ​ធ្វើ​ពិពិធកម្មសេវាយន្តការគ្រប់គ្រង​ យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃការចាប់យកបច្ចេកវិទ្យា។ដូច្នេះការកសាងគោលនយោបាយអភិវឌ្ឍន៍​វិស័យប្រៃសណីយ៍ ​ពិតជាមានសារសំខាន់ សម្រាប់​ជា ប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព​ ដើម្បីឆ្លើយតប​ទៅ​នឹងនិន្នាការ​វិវត្ត នៃតម្រូវការទាំងក្នុងផ្នែកសង្គម ​និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ប្រៃសណីយ៍​អន្តរជាតិ សំដៅពង្រីក​វិសាលភាព​សេវា​ប្រៃសណីយ៍ ​ប្រកប​ដោយគុណភាព​ ប្រសិទ្ធភាព និង​ចីរភាពជូនប្រជាជន។ គោលនយោបាយនេះមានចក្ខុវិស័យអភិវឌ្ឍន៍​វិស័យប្រៃសណីយ៍​ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជន ​ប្រកបដោយប្រសិទ្ធភាព ​និរន្តរភាព ​និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ​មានគោលបំណងពង្រឹង និងពង្រីកការ ផ្តល់សេវាប្រៃសណីយ៍ឱ្យបាន​ទូលំទូលាយ ​ប្រកបដោយគុណភាពប្រសិទ្ធភាព ប្រសិទ្ធផល ​សុវត្ថិភាព និង ​ភាពជឿទុកចិត្ត ព្រមទាំង​គាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ ​និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យ ប្រៃសណីយ៍​ ជាមួយនឹងការ​ជំរុញ​ការធ្វើ​ទំនើបកម្ម ​និងប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បីរួម​ចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង​គាំទ្រ​ដល់ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM