សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង
សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

នៅដើមខែមីនាខាងមុខ ឯកឧត្តម ប្រាក់ សុខុន នឹង​ទៅ​ទស្សនកិច្ចនៅមីយ៉ាន់ម៉ា

2022/02/17 04:27:10 pm        469
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅដើមខែមីនាឆ្នាំ២០២២ខាងមុខ​ឯកឧត្តម ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមឯកឧត្តម​ជាប្រសិតពិសេស​របស់​ប្រធាន​អាស៊ាន ​នឹងធ្វើដំណើរ​ទៅទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា​ ដើម្បី​ជួប​ជាមួយលោក មីន អោង លាំង និងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ព្រមទាំងភាគីពាក់ព័ន្ធនៃជម្លោះនៅក្នុងប្រទេសនេះ។នេះបើយោងតាមប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពីលទ្ធផលកិច្ចប្រជុំចង្អៀត​ រដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា នារសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ។ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា វិបត្តិមីយ៉ាន់ម៉ា គឺមានភាពស្មុគស្មាញខ្លាំងណាស់ ដែល​មិន​អាចរំពឹងច្រើនពេកនោះទេ​ ពោលគឺត្រូវទាមទារពេលវេលា ទាមទារការ​អត់ធ្មត់ និង​ទាមទារ​នូវ​អភិក្រម​មួយដែលប្រកដោយភាពជាក់ស្តែងនិយម ​ព្រោះនៅមីយ៉ាន់ម៉ា ជាប្រទេស​មួយ​ដែល​ដឹកនាំ​ដោយរបបយោធា​តាំង​ពី​ទទួលបានឯករាជ្យជាង៧០ឆ្នាំ​មកម្ល៉េះ​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រទេសនេះ ​ហើយ​ប្រទេសនេះ​មាន​វប្បធម៌​នយោបាយ​ក៏​ពិបាក​ ប្រវត្តិ​សាស្រ្ត​នយោបាយ​នៅក្នុង​ប្រទេសនេះ ​ក៏ពិបាក។ពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ានេះផងដែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ក​ន្លងមក បានទទួលជួបសន្ទនា​តាមប្រព័ន្ធ​វីដេ​អូ​ជាមួយ​លោកជំទាវបណ្ឌិត ណូលីន ហេយហ្សឺ (Noeleen Hayzer) ​ប្រេសិតពិសេសថ្មី របស់​អគ្គលេខា​ធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ។ក្នុងជំនួបកាលណោះលោកជំទាវ បានអបអរសាទរ ​ចំពោះ​សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ដែល​មានតួនាទីជាប្រធានអាស៊ាន​ក្នុងឆ្នាំ២០២២នេះ ហើយ​កម្ពុជា​ក៏មាន​បេសកជនពិសេស​នៃ​អាស៊ាន​ទទួល​បន្ទុក​មីយ៉ាន់ម៉ា​ផងដែរ ។គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ចការងាររបស់សម្ដេចតេជោ ហ៊ុន សែន ទៅ​មីយ៉ាន់ម៉ា​កាល​ពី​ពេលថ្មីៗនេះ ​មិន​ចេញ​ឆ្ងាយ​ពី​ធម្មនុញ្ញ​អាស៊ាន​ ហើយ​ចំណុច​ដែល​បាន​ឯកភាពគ្នាចំនួន៥ ក្នុង​ប្រទេស​អាស៊ាន​ទាំង១០ នាពេលកន្លងទៅនោះទេ៕

ក្រសួងឧស្សាហកម្ម៖ ការផលិតទឹកស្អាតក្នុងខេត្តបាត់ដំបង នឹងបានជាង ៨ម៉ឺនម៉ែត្រត្រីគុណ​ក្នុងមួយថ្ងៃ

2022/02/17 04:13:50 pm        498
បាត់ដំបង៖ ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញពីមហិច្ឆតា ពង្រីកការផលិត ទឹកស្អាតនៅក្នុងខេត្តបាត់ដំបង ឱ្យបានជាង ៨ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង កាលពីម្សិលមិញ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង មាន​សមត្ថភាពផលិត បានប្រមាណ៣៣ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ​ដែលបរិមាណនេះ មិនទាន់​គ្រប់គ្រាន់​តាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះឡើយ។ឆ្លើយតបនឹងកំណើន នៃការប្រើប្រាស់ទឹកស្អាតនេះ ឯកឧត្តម គឹម ទូច បានលើកឡើងថា ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា ​និងនវានុវត្តន៍ បានចុះ ហត្ថ​លេខារួចរាល់ហើយជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) ដើម្បីបង្កើនសមត្ថភាព​ផលិត​ទឹកស្អាតក្នុងខេត្តបាត់ដំបង បន្ថែមចំនួន៥ម៉ឺនម៉ែត្រត្រីគុណទៀតក្នុងមួយថ្ងៃ។ឯកឧត្តម បានបញ្ជាក់ថា ការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង មិនអាចខ្វះបានឡើយ ពីការផ្គត់ផ្គង់ ទឹកស្អាត ដូច្នេះក្រសួងឧស្សាហកម្ម បានជំរុញធ្វើយ៉ាងណាឱ្យខេត្តបាត់ដំបង នាពេលខាងមុខ មានសមត្ថ ភាពផលិតទឹកស្អាតរហូតដល់ជាង៨ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ឯកឧត្តម គឹម ទូច បានឱ្យដឹងទៀតថា សព្វថ្ងៃ ក្រសួងឧស្សាហកម្ម បានផ្ទេរមុខងារមួយចំនួន ទៅ ដល់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីធ្វើការងារជំនួសក្រសួង ហើយនៅពេលខាងមុខ នឹង​ផ្ទេរមុខងារ​ទៅដល់ ក្រុង ស្រុក ខណ្ឌ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមគឺកត្តាកង្វះធនធានមនុស្ស ដូច្នេះ ក្រសួង​នឹង​ខិតខំ​បណ្ដុះបណ្ដាលមន្រ្តីក្រុង ស្រុក ខណ្ឌ ឱ្យ​មាន​សមត្ថភាព​ទទួល​ជា​ភ្នាក់ងារ​ឧស្សាហកម្មនៅ​ពេល​ខាងមុខ យ៉ាងយូរបំផុតនៅត្រីមាសទី១ ឬទី២ ឆ្នាំនេះ ក្នុង​គោលដៅ​បម្រើសេវាឱ្យកាន់​តែ​កៀកប្រជាពលរដ្ឋ៕អត្ថបទ៖ នឿត សុភក្ត្រ

នៅឯផ្សារស្រែអំបិល នៅតែបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់ទប់ទល់នឹងជំងឺកូវីដ-១៩

2022/02/17 03:32:15 pm        437
កោះកុង៖ ប្រជាពលរដ្ឋ និងអាជីវករនៅផ្សារស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង នៅតែបន្តចូលរួមអនុវត្ត វិធានការសុខាភិបាលបង្ការជំងឺកូវីដ១៩ ដដែលទោះបីជាពួកគេ បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ រួចរាល់ហើយក្តី។ត្បិតបានចាក់វ៉ាក់សាំងជាច្រើនដូសតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលហើយក៏ដោយ ក៏ គេសង្កេតឃើញថា ទាំងអ្នកគ្រប់គ្រងផ្សារ ពលរដ្ឋ និងអាជីវករក្នុងផ្សារស្រែអំបិល យកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន គ្រានៅតែបារម្ភជំងឺកូវីដ-១៩។លោក លាង ឆៃឃី តំណាងអ្នកគ្រប់គ្រងផ្សារស្រែអំបិល បានប្រាប់BTVថា ជាសារត្មីពង្រឹងការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់សហគមន៍ជាថ្មី លោក និងក្រុមការងារ បាន​ផ្សព្វផ្សាយអប់រំណែនាំដល់ពលរដ្ឋ និងអាជីវកររៀងរាល់ថ្ងៃ ​តាមរយៈពន្យល់បង្ហាញ​ផ្ទាល់មាត់ និង​ចាក់សារជាសំឡេង ប្រាប់ដល់មនុស្ស ដែលចេញចូលផ្សារ ​ត្រូវអនុវត្តវិធានការសុខាភិបាល​ និងបីកុំ បីការពារ។ ដើម្បីសុវត្ថិភាព ខ្ពស់ជូនអាជីវករ និងពលរដ្ឋ ដែលជាអតិថិជនចេញចូលទិញទំនិញក្នុងផ្សារស្រែ​អំបិលក្នុង១សប្តាហ៍ ក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគម្តង។អាជីករ និងពលរដ្ឋ បាននិយាយថា កាលដែលពួកគេចូលរួមអនុវត្តវិធានការសុខាភិបាលនេះ ក៏ ព្រោះតែបារម្ភពីបញ្ហាសុខភាពខ្លាចឆ្លងជំងឺកូវីដ១៩ ​ទោះបីជាបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤រួចរាល់ហើយក្តី។នៅតាមបណ្តាឃុំមួយចំនួនរបស់ស្រុកស្រែអំបិល ធ្លាប់ត្រូវបានបិទខ្ទប់ជាច្រើនថ្ងៃផងដែរ អំឡុង ការ​រីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍លក្ខណៈទ្រង់ទ្រាយធំ​ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ៕ អត្ថបទ៖ ឈឹម មករា

ខេត្តកណ្តាលបង្កើនការផ្សព្វផ្សាយឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ខណៈការចាក់ដូសជំរុញមានកំណើនយឺត

2022/02/17 03:02:08 pm        481
កណ្ដាល៖ មន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្នគ្រប់មន្ទីរពេទ្យបងែ្អក និងមណ្ឌលសុខភាព ១១៧កន្លែង បាននឹងកំពុងសហការជាមួយអាជ្ញាធរភូមិឃុំសង្កាត់បង្កើនការផ្សព្វផ្សាយ ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសជម្រុញដូសទី៣ និងទី៤ ជូនពលរដ្ឋដើម្បីពង្រឹងភាពស៊ាំក្នុងខ្លួន ខណៈការចាក់វ៉ាក់សាំងដូសជម្រុញដូសទី៣ និងដូសទី៤មានកំណើនយឺត ។វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែង BTV នៅថ្ងៃទី១៧ ខែកុម្ភៈនេះថា នៅគ្រប់មន្ទីរពេទ្យបង្អែកចំនួន ១១ក្រុង-ស្រុក និងនៅតាមមណ្ឌលសុខភាពចំនួន ១០៦កន្លែង ​ទូទាំងខេត្តកណ្តាល ​គឺបានកំពុងបើកដំណើរចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ រហូត​ដល់ដូសទី៤ ក្រៅពីនេះក្រុមពេទ្យក៏បានពង្រីងការចាក់នៅតាមសាលារៀន ​អង្គភាពរដ្ឋ រោងចក្រនានា​ទៀតផងដែរ។ទោះយ៉ាងណា ក្នុងអំឡុងពេលនេះវេជ្ជបណ្ឌិត គួយ ប៊ុនធឿន សំគាល់ឃើញថា ការចាក់វ៉ាក់​សាំង​ដូសទី៣ និងទី៤នេះ ​គឺមាន​កំណើន​យឺត ខណៈក្នុងមួយថ្ងៃៗទូទាំងខេត្ត​បានដំណើរការចាក់​បាន​តែរង្វង់​ ១៥០០នាក់ ប៉ុណ្ណោះ។បើពិនិត្យស្ថានភាពជារួម៖ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំងអស់នៅទូទាំងខេត្តកណ្តាល កន្លងមក បានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ជូនពលរដ្ឋប្រមាណជាង ៨០% ក្រៅពីនេះ​ក្រុមពេទ្យ​បាន​ប៉ាន់ស្មានថា ​មានពលរដ្ឋខេត្តកណ្តាលប្រមាណជាង ១០% បានទៅចាក់វ៉ាក់សាំងនៅក្រៅខេត្ត នៅ​តាមកន្លែង​គេបំរើការងារនានា ​ហើយក្រៅពីនេះ ក៏ពលរដ្ឋខេត្តកណ្តាល​មួយ​ចំនួន​តូចទៀត​ដែរ​មានជំងឺ និងភ័យខ្លាច​មិនហ៊ានចាក់វ៉ាក់សាំង។ បើតាមពលរដ្ឋទំាងជាតិ-អន្តរជាតិបានទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកក្រុងតាខ្មៅ​ថ្លែងថា ការចាក់វ៉ាក់សំាងការពារកូវីដនៅពេលនេះ ​គឺដោយសារគេព្រួយបារម្ភខ្លាំង ​ខណៈដែលមេរោគកូវីដ-១៩ និងមេរោគ ​អូមីក្រុង ​កំពុង​រាតត្បាតក្នុង​សហគមន៍ ហើយអ្នកដែលឆ្លងកើតជំងឺកូវីដនេះភាគ​ច្រើន​ត្រូវបានដាក់​អោយព្យាបាល​នៅតាមផ្ទះទៀតផង​ដែរ។សូមបញ្ជាក់ទូទាំងខេត្តកណ្តាល ​បច្ចុប្បន្នមានក្រុមមនុស្សវ័យចាប់ពី​ ១៨ឆ្នាំឡើងទៅ បាន​ចាក់​វ៉ាក់សំាងដូសទី៣បាន​ជាង ៣៦ម៉ឺននាក់ ​ស្មើនឹង ៤២% នៃប្រជាជនសរុប ​និងស្មើនឹង ៥២.៦២% នៃចំនួនអ្នកចាក់ដូសទី២ ​ដោយឡែក​ដូសទី៤ ​ចាក់បានជាង​ ១៧ម៉ឺននាក់ ​ស្មើនឹង ៥% នៃចំនួនប្រជាជនសរុប ៕ អត្ថបទ ស៊ុម សុខជា

ប្រមុខការទូតកម្ពុជា៖ អាស៊ានមានឧបសគ្គច្រើនត្រូវរួមគ្នា ដើម្បីធ្វើឲ្យអាស៊ានរឹងមាំ

2022/02/17 01:04:15 pm        556
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា អាស៊ានមានឧបសគ្គជាច្រើនដែលត្រូវរួមគ្នា ដើម្បីធានាធ្វើឲ្យអាស៊ានកាន់តែរឹមាំ។ថ្លែងក្នុងពិធីជប់លៀងស្វាគមន៍គណៈប្រតិភូសមាជិកអាស៊ាន ដែលអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ជាការសោកស្តាយចំពោះការខកខាន​រៀបចំកិច្ច​ប្រជុំ​កាលពីកន្លងទៅនៅខេត្តសៀមរាប ​ហើយប្តូរមកជាការរៀបចំនាពេលនេះ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម បន្តថា ក្នុង​ឱកាសអញ្ជើញចូលរួមរបស់​គណៈប្រតិភូច្បាស់​ជាមានការភ្ញាក់ផ្អើល​ចំពោះភាពខុស​ប្លែកក្នុងរាជធានីភ្នំពេញ ​និង​ការរីកចម្រើនជាបន្តបន្ទាប់។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បាន​កត់​សម្គាល់ថា អាស៊ានមានឧបសគ្គជាច្រើន​ដែល​ទាមទារឲ្យទាំងអស់គ្នារួមគ្នា ​ដើម្បីធ្វើឲ្យអាស៊ានកាន់តែរឹងមាំ។ ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បាន​សង្កត់ធ្ងន់ថា ​អាស៊ានជាគ្រួសារមូយដែលរឹងមាំ​ ហើយតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជា​ពិសេសអ្នកដែលស្ថិតក្នុងកាលៈទេសៈដ៏លំបាក។ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺជាការពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់​ថ្នាក់​ដឹកនាំ​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​និងលើកទី៣៩ សំដៅធ្វើការផ្លាស់ប្តូរ​ទស្សនៈគ្នា​លើមធ្យោបាយ ​ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​ខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេលអាស៊ាន​បានថែរក្សា​ និងលើក​កម្ពស់​មជ្ឈភាព​ សាមគ្គីភាព ​និងឯកភាពអាស៊ាន ព្រមទាំង​ពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ​ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាង​សហគមន៍​អាស៊ានមួយ ​ដែលកាន់តែធន់រឹងមាំ​ ប្រកប​ដោយថាមពល ហើយពោរពេញ​ដោយ​សន្តិភាព ​និងវិបុលភាព។បន្ថែមលើសពីនេះ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​នឹង​ជម្រាប​ជូន​ក្នុងកិច្ចប្រជុំចង្អៀតថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​អំពី​សមិទ្ធផល​សំខាន់ៗ ដែល​នឹង​ត្រូវ​សម្រេច​បាន​ក្នុងអំឡុង​ពេលភាព​ជា​ប្រធានអាស៊ានរបស់កម្ពុជា​ ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំង​អស់គ្នា» ​ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ​ដែលកំពុងកើតឡើង​នៅក្នុងតំបន់ រួមមាន​ ការគ្រប់គ្រងជំងឺ​រាតត្បាត​កូវីដ-១៩ ប្រកប​ដោយ​ប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញ​ប្រកប​ដោយបរិយាប័ន្ន ​ការប្រកួតប្រជែងភូមិសាស្រ្ត-នយោបាយ ​បញ្ហាជាប្រពៃណី និង​មិនប្រពៃណីដែលមានស្រាប់​ និងការពង្រឹងភាព​ស្អិតរមួត មជ្ឈភាព និងភាពធន់​រឹងមាំ​របស់អាស៊ាន៕ អត្ថបទ សេក ឧត្តម

រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដជាងពីរពាន់នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ និងព្យាបាលតាមផ្ទះ

2022/02/17 12:50:05 pm        354
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ ជាទីតាំងដែលមានករណីឆ្លងកូវីដ-១៩ច្រើន មានអ្នកជំងឺជាង ២០០០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងព្យាបាលនៅតាមផ្ទះ។ឯកឧត្តមអភិបាលរង បានប្រាប់ BTV នៅល្ងាចថ្ងៃទី ១៦ ខែកុម្ភៈថា សម្រាប់រាជធានីភ្នំពេញ ខណៈពេលនេះ គឺមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួនជាង ២០០០នាក់ ក្នុងនោះជាង ១០០០នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជាង ១០០០នាក់ផ្សេងទៀត​គឺ​កំពុងព្យាបាល​នៅតាមផ្ទះ ក្រោមការ​គ្រប់គ្រង​តាម​ដាន​សុខភាពពីអាជ្ញាធរ។បច្ចុប្បន្នកម្ពុជា មានការឆ្លងកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង កើនឡើងដល់៣ខ្ទង់ជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងទៅករណីឆ្លងបានកើនដល់ ៥១២ករណីជាប្រភេទអូមីក្រុងទាំងអស់។ ការឆ្លងរីករាលដាលនាពេលនេះ គឺរាជធានីភ្នំពេញជាទីតាំងដែលមានករណីឆ្លងច្រើនជាងគេ។ នេះជាការបញ្ជាក់របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។ ផ្អែកតាមការពិនិត្យមើលចំពោះស្ថានភាពអ្នកជំងឺក្នុងពេលច្ចុប្បន្ន លោកអភិបាលរងពិនិត្យឃើញថា អ្នកជំងឺកម្រមានការវិវត្តទៅភាពធ្ងន់ធ្ងរណាស់។ ​យ៉ាងណាម៉ិញ ​ប្រជាពលរដ្ឋដែល​បានឆ្លង ហើយ​ពុំបាន​ចាក់​វ៉ាក់សាំងទាល់តែសោះ ​គឺ​មាន​ស្ថានភាព​អាក្រក់​ជាង ប្រជាពលរដ្ឋដែល​ឆ្លង​ហើយបានចាក់វ៉ាក់សាំងតាមកាលកំណត់ត្រឹមត្រូវ។ពាក់ព័ន្ធនឹងការកើនឡើងនៃករណីវិជ្ជមានជាច្រើននៅរាជធានីភ្នំពេញនេះ រដ្ឋបាលរាជធានី​ក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់​ ដោយរាប់​បញ្ចូល​ទាំងការ​ផាកពិន័យ ​តាមមាត្រា២ នៃប្រកាស​អន្តរក្រសួង របស់ក្រសួងសេដ្ឋកិច្ច ​និងក្រសួងសុខាភិបាល ស្ដីពីការពិន័យ​ជាប្រាក់​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ដែលប្រព្រឹត្តិអំពើល្មើស​ នឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់​ការ​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត។ ការដាក់ពន្ធនាគារ​ ស្របតាមមាត្រា ១០មាត្រា ១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ​លើសពីនេះ គឺ​មានការកំណត់ ចំនួនមនុស្សនៅតាមទីតាំងប្រមូលផ្ដុំ ​ដូចជាពិធីមង្គលការ ​ភោជនីយដ្ឋាន ពិធីបុណ្យទាន ​ដោយត្រូវកំណត់ចំនួនមនុស្សមិនឱ្យលើស ​៧នាក់ ក្នុង១តុ នោះទេ។បច្ចុប្បន្នតាមការបញ្ជាក់របស់ ​លោក ងី មានហេង ​ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់​កាលពីសប្ដាហ៍មុនថា មានទីតាំងព្យាបាលចំនួន២ គឺ ស្តាតអូឡាំពិក និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯទីតាំងពិនិត្យ កូវីដ-១៩ ដោយប្រើប្រាស់ម៉ាស៊ីន PCR គឺមាន ៣ទីតាំងក្នុងរាជធានី​ភ្នំពេញ ដូចជា កោះពេជ្រ វិហារយេស៊ូគ្រឹះស្ទឹងមានជ័យ ​និងក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ អត្ថបទ៖ គឹមហុក  

មនី្ទរសុខាភិបាលភ្នំពេញ ស្នើពលរដ្ឋរៀនរស់តាមបែបគន្លងថ្មី ដោយអនុវត្តវិធានការពារឱ្យបានល្អ

2022/02/17 11:14:06 am        349
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានស្នើដល់បងប្អូនប្រជាពលរដ្ឋរៀនរស់ តាម បែបគន្លងថ្មី ដោយអនុវត្តវិធានការសុខាភិបាលឲ្យបានល្អ ៣កុំ ៣ការពារ រៀនធ្វើតេស្តរហ័សរកកូវីដ-១៩ ដោយខ្លួនឯង និងចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នា។លោកវេជ្ជបណ្ឌិត ងី មានហេង ​បានឲ្យដឹងទៀតថា ​ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាល​ក្នុងសហគមន៍ ​ជាពិសេសវីរុសកូវីដ១៩ បំប្លែងថ្មី ​ប្រភេទអូមីក្រុង (Omicron) វិធានការដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ ត្រូវចូលរួមអនុវត្ត ដើម្បីទប់ស្កាត់ការចម្លងគឺនៅដដែល ៣កុំ ៣ការពារ។ និយាយដោយឡែកក្នុងមូលដ្ឋានរាជធានីភ្នំពេញ ​គិតត្រឹមព្រឹកនេះ មានអ្នកឆ្លងមេរោគកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅតាមមណ្ឌល និងតាមខ្នងផ្ទះ មានចំនួនជាង ២០០០នាក់។ទន្ទឹមនឹងនោះដែរ លោកវេជ្ជបណ្ឌិត ងី មានហេង បន្តអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ យើងទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមគន្លងនៃការ រៀនរស់នៅធម្មតាជា មួយ វីរុស កូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និង​កាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ​ជាពិសេសពពួកប្រភេទបំប្លែងថ្មី ​អូមីក្រុងនេះ និង​ប្រភេទថ្មី​បន្តបន្ទាប់ ​ផ្សេងទៀតផងដែរ៕ អត្ថបទ៖ រដ្ឋា

ជប៉ុនចង់ក្លាយជាដៃគូកម្ពុជា ក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក

2022/02/16 04:33:24 pm        661
​ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា ប្រទេសជប៉ុន បានចាត់ទុកកម្ពុជា ជាមិត្តដ៏ល្អ និងចង់ឃើញប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្លាយជាដៃគូដ៏ល្អផងដែរ ក្នុងការថែរក្សាសន្តិភាព ទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។នៅក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៦ ខែកុម្ភៈនេះ នៅទីក្រុងតូខ្យូ ឯកឧត្តម ហ្វូមីអូ គិស៊ី ដា (FUMIO Kishida) បានលើកឡើងថា ប្រទេសជប៉ុន បានចាត់ទុកកម្ពុជា ជាមិត្តដ៏ល្អ និងចង់ឱ្យជប៉ុន-កម្ពុជា មានទំនាក់ទំនងកាន់តែស៊ីជម្រៅ និង​ជាដៃគូក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់​យុទ្ធសាស្ត្រ FOIP ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពរួម។ឯកឧត្តម បានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជា​ ក្នុងនាមជាប្រធានអាស៊ាន ជា​ពិសេសគំនិត​ផ្តួចផ្តើម ​និងកិច្ចការនានា​ ដែលសម្តេចតេជោ ហ៊ុន សែន បានរៀបចំ ដើម្បីព្យាយាម​ដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ​ហើយឯកឧត្តមសង្ឃឹមផងដែរថា ​កម្ពុជា ដែល​មាន​សម្តេចតេជោ ​ជាប្រមុខដឹកនាំ​ នឹងអាចចូលរួមចំណែកដោះស្រាយ​បញ្ហាផ្សេងៗទៀត ដែល​អាស៊ាន​កំពុង​មានកង្វល់នោះ។ ឯកឧត្ដម បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ​ចំពោះការចូលរួមប្រារព្ធខួបទី៣០ឆ្នាំ ​នៃប្រតិបត្តិការ PKO ​របស់ជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជា ​ដែលជាប្រទេសគោលដៅទី១ ដោយនេះ​គឺជាការបង្ហាញឱ្យឃើញអំពីទំនាក់ទំនង​ដ៏រឹងមាំ​រវាងជប៉ុន-កម្ពុជា នៅក្នុងបុព្វហេតុ​សន្តិភាព​សកល ​ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ​ហ៊ុន​ ម៉ាណែត​ នាពេលនេះ ក៏ជា​ផ្នែកមួយ​ នៃការប្រារព្ធខួបដ៏មានអត្ថន័យនេះផងដែរ។ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូននាយករដ្ឋមន្ត្រីជប៉ុនអំពីការគាំទ្រ​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំប្រារព្ធខួបទី៣០ឆ្នាំ​ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់​កងស្វ័យការពារជើងគោកជប៉ុនក្នុងប្រទេសកម្ពុជា ​នៅខេត្តព្រះសីហនុ ​នាពេលខាងមុខ ដែល​សម្តេចតេជោ ​ក៏ធ្លាប់បានប្រាថ្នាថា "គប្បីធ្វើយ៉ាងណាឱ្យខួបនេះ ក្លាយទៅជាការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ​រវាងប្រទេសទាំងពីរលើ​វិស័យ​ការពារជាតិ។ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា កម្ពុជា ធ្លាប់ទទួលកម្លាំង PKO ​ក្នុងឆ្នាំ១៩៩២-១៩៩៣ បច្ចុប្បន្ន កម្ពុជា ​ជាប្រទេសចូលរួមចំណែកការ​ពារថែរក្សាសន្តិភាព ដោយបានបញ្ជូនកម្លាំងក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិទៅកាន់បណ្តាប្រទេសនានាជាច្រើន ​ដែលកំពុងមានជម្លោះ។ ជំហររបស់កម្ពុជា គឺនឹងខិតខំចូល រួមថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងណាឱ្យមានវិបុល​ភាព​រួម​សម្រាប់ទាំងអស់គ្នា។ ក្រៅពីនេះលើឆាកអន្តរជាតិ កម្ពុជា-ជប៉ុន ជានិច្ចកាល តែងតែគាំទ្រគ្នា​ទៅវិញទៅមកជាប់ជាប្រចាំផងដែរ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាន​ផ្តួចផ្តើមគំនិត​ក្នុងការ​លើក​កម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុង​ជ្រោយ ប្រសិនបើអាចធ្វើបាននៅពេលអនាគត៕អត្ថបទ៖ បាន ចក់

ក្រុមការងារចុះជួយស្រុកឱរ៉ាល់ អំពាវនាវដល់ប្រជាពលរដ្ឋ​បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ​វិធានការសុខាភិបាល

2022/02/16 02:17:35 pm        164
កំពង់ស្ពឺ៖ អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ឯកឧត្តម យឿន យឿត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តប្រុងប្រយ័ត្នបន្ថែមទៀត និងត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ និង៣ការពារនេះតែម្តង ។ក្នុងឱកាស​ចុះសំណេះសំណាល និង​បញ្ចូល​សមាជិក​ថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅ​ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម យឿន យឿត ​បានលើកឡើងថា ​បើទោះបីជា បច្ចុប្បន្ននេះ កម្ពុជាយើងពុំមានករណីស្លាប់ដោយសារកូវីដ១៩ក្តី ប៉ុន្តែការរីករាលដាល​នូវ​មេរោគ​កូវីដ១៩ បំប្លែង​ថ្មីនៅតែបន្ត​ ដូច្នេះយើងទាំង​អស់គ្នាត្រូវ​អនុវត្តទៅ​តាមក្រសួងសុខាភិបាល ក៏ដូចជា​ប្រមុខរាជរដ្ឋាភិបាល ដែលលោកបានខិតខំទប់ស្កាត់ ដើម្បី​សុខុមាលភាព​របស់ប្រជាជន​យើងទាំង​អស់គ្នា។ឯកឧត្តម បានលើកឡើងទៀតថា​ មានតែប្រទេសកម្ពុជាទេ ក្រោម​ការដឹកនាំរបស់សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃម្ពុជា ដែលបានយកវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ចាក់​ស្រោច​ពេញ​ប្រទេស​ដល់ប្រជាពលរដ្ឋ​ដោយមិនគិតថ្លៃ ​ហើយ​មិន​ប្រកាន់​ពូជសាសន៍ និង​និន្នាការ​នយោបាយថែមទៀតផង។ឯកឧត្តម បានបន្តទៀតថា ​ខណៈដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកវ៉ាក់សាំង​មក​ចាក់​ជូនដល់​បងប្អូន គ្រប់រូបនៅទូទាំងប្រទេសនោះ ហើយបងប្អូន​ណា​ដែលមិនទាន់បានចាក់គប្បី​ប្រញាប់​ទៅ​ចាក់ ដើម្បីបង្ការខ្លួនឲ្យរួចផុតពីការឆ្លងនូវមេរោគកូវីដ១៩ ​ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តង។ ឯកឧត្តម បានលើកឡើងទៀតថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពនៃការ​បិទខ្ទប់​ប្រទេស រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែ​គិតគូរ​យកចិត្តទុកដាក់ពីសុខទុក្ខ ​និងជីវភាពការរស់នៅទេ ដោយ​សម្តេចបាន​ឱ្យ​មន្រ្តីគ្រប់​លំដាប់​ថ្នាក់​ផ្តល់​ទាំងស្បៀងអាហារ ​ថែទាំសុខភាពអ្នកដែលបានឆ្លងជម្ងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។ ជាងនេះទៅទៀត សម្តេចតេជោ ក៏បាន​ជម្រុញដល់មន្រ្តីសុខាភិបាល​ និងកងទ័ព បង្កើនល្បឿន​ក្នុង​ការយក​វ៉ាក់សាំង​ការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ​ដល់ក្នុងមូលដ្ឋានដោយឥតគិតថ្លៃ រួមទាំង​ជនបរទេស​ផងដែរ​ឱ្យតែនៅក្នុងប្រទេសកម្ពុជា​ ៕

ADBអនុម័តប្រាក់កម្ចីជិត ១០០លានដុល្លារដល់កម្ពុជា សម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋ

2022/02/16 02:07:50 pm        344
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ បានអនុម័តប្រាក់កម្ចីចំនួន ៩៥ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ រួមមាន ការចាក់វ៉ាក់សាំងជំរុញប្រចាំឆ្នាំ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និង ការចាក់វ៉ាក់សាំងមូលដ្ឋាន សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ។ នេះបើយោងតាមគេហទំព័រ ផ្លូវការរបស់ADB។លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB មានប្រសាសន៍ថា គម្រោង នេះនឹងជួយកម្ពុជា ដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និង​បង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។ ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន ១លានដុល្លារ ផងដែរ ដើម្បីជួយកម្ពុជា​បង្កើនប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន និងផ្គត់ផ្គង់​វ៉ាក់សំាង ព្រមទាំង​កាត់​បន្ថយបញ្ហាប្រឈមក្នុងការទទួល​បាន​វ៉ាក់សំាង​ក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ។ជាមួយគ្នានោះដែរ ADB បាន​កោតសរសើរប្រទេសកម្ពុជា​ទទួលបានជោគជ័យ​យ៉ាង​ធំធេង ក្នុងការ​គ្រប់គ្រង​ការរីករាលដាលនៃកូវីដ១៩​ ក្នុងឆ្នាំ២០២០។ ​ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ ២០២១ បាន​បង្កជាសម្ពោធ​យ៉ាង​ធ្ងន់ធ្ងរ​ដល់ប្រព័ន្ធថែទាំសុខភាព ​ហើយ​បណ្តាល​ឱ្យមានការបិទសាលារៀន និង​អាជីវកម្មជាច្រើន ​មួយរយៈពេលធំក្នុងឆ្នាំនោះ។ប្រភព បានបន្តទៀតថា ប្រទេសកម្ពុជា​បានផ្តល់ចាក់វ៉ាក់សាំង​យ៉ាងពេញលេញដល់​ប្រជាពលរដ្ឋ​ប្រមាណ ​៨០% នៃប្រជាពលរដ្ឋសរុប ១៦,៧ លាននាក់ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ​ចាក់​វ៉ាក់សាំងថ្នាក់​ជាតិ នៅថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ២០២១មក។ ជាមធ្យមពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុង​ចំណោមពលរដ្ឋប្រាំនាក់ ឬ ២១,៨% ​បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ទោះបីជាយ៉ាងនេះក្តី​ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនៅតែងាយរងគ្រោះចំពោះការកើនឡើង​នៃការ​ឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។បន្ថែមពីលើប្រាក់កម្ចី ដែលបានមកពីមូលនិធិសម្រាប់​ការ​ទទួល​បានវ៉ាក់សាំងនៅ​អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Vaccine Access Facility ឬហៅកាត់ថា APVAX) ធនាគារវិនិយោគហេដ្ឋា​រចនា​សម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) រំពឹងថា នឹងផ្តល់ជាសហហិរញ្ញប្បទានចំនួន ៥០លានដុល្លារ​ បើមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន។គម្រោងខាងលើ ជាការគាំទ្របន្ថែម​ទៅ​លើជំនួយ​ទាក់ទង​នឹងកូវីដ១៩ កន្លងទៅ​របស់​ADBដល់កម្ពុជា។ ​កាលពីថ្ងៃទី ៨ខែកក្កដា ឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ​ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សុខភាព ​សង្គម និង​សេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ ១,៧ លានគ្រឿងដល់កម្ពុជាក្នុងឆ្នាំ ២០២១ ផងដែរ។សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៥ មក ADB បានគាំទ្រ​គម្រោងគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ របស់​ក្រសួងសុខាភិបាលកម្ពុជា។ ​នៅខែតុលា ឆ្នាំ២០២១ ADB បានអនុម័ត​ហិរញ្ញប្បទាន​បន្ថែមចំនួន ៣០ លានដុល្លារសម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ​ (Greater Mekong Subregion Health Security Project) ​ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈពេលមាន​ការកើនឡើងនៃករណីជំងឺកូវីដ១៩។ជាមួយគ្នានេះដែរ ​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ​ វិបុលភាព ​បរិយាប័ន្ន ភាពធន់ ​និងនិរន្តរភាព ​ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក​ ស្របជាមួយ​នឹងការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រខ្លាំងផងដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម
06/28/2025 09:06 PM
ពលរដ្ឋ២០១គ្រួសារ នៅស្រុកពញាឮ សប្បាយចិត្ត បានចូលសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ស្រួលរកទីផ្សារជាងមុន
06/28/2025 06:06 PM
ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសការងារដល់ពួកគាត់
06/28/2025 06:06 PM
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
06/28/2025 06:06 PM
គណៈកម្មាការUN និយាយថា ប្រទេសស៊ីរី ត្រូវតែបញ្ចប់អំពើហិង្សាលើជនជាតិភាគតិច Alawites និងការពារកន្លែងគោរពបូជា
06/28/2025 05:06 PM
ក្រុមហ៊ួទីនៅយេម៉ែន អះអាងថា ខ្លួនបានវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល ប៉ុន្តែត្រូវស្ទាក់ចាប់បាន
06/28/2025 05:06 PM
មន្ត្រី៖ ទាហាន ១៣នាក់ បានស្លាប់ ក្នុងការវាយប្រហារអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
06/28/2025 05:06 PM
ក្រុមអង្គការជំនួយអន្តរជាតិ កំពុងខិតខំសម្របសម្រួលការផ្គត់ផ្គង់ជំនួយបន្ថែមទៀត ដល់ប្រជាជននៅតំបន់ហ្កាហ្សា
06/28/2025 05:06 PM
ប្រធានរក្សាសន្តិភាពUN«ព្រួយបារម្ភខ្លាំងណាស់» អំពីអនាគតនៃកិច្ចព្រមព្រៀងបទឈប់បាញ់លីបង់និងអ៊ីស្រាអែល
06/28/2025 05:06 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរម្ចាស់កសិដ្ឋាន នៅខេត្តបន្ទាយមានជ័យ
06/28/2025 05:06 PM