សម្ដេចតេជោជំរុញឱ្យសិង្ហបុរីមានជើងហោះហើរកាន់តែច្រើនមកកាន់កម្ពុជាបន្ទាប់ពីដាក់ឱ្យដំណើរ​ការព្រលានយន្តហោះអន្តរជាតិតេជោ
សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី
TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»

នយោបាយ​ និង ការអភិវឌ្ឍន៍

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ការពាររុក្ខជាតិ និង​ភូតគាម​អនាម័យ

2022/02/04 11:29:31 am        162
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព បើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ៖១. សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។២.បញ្ហាផ្សេងៗ។បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវបាន​រៀបចំ​ឡើង​ដោយផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោម​តាម​មូលដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធជាធរមាននៅក្នុងព្រះជាណាចក្រកម្ពុជា ព្រមទាំងកិច្ចព្រៀង​និងអនុសញ្ញា​ក្នុងតំបន់ និងអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹង​និន្នាការ​រីកចម្រើន​របស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផល​កសិកម្ម ​ការបង្កើនការនាំចេញកសិផល និង​ធានាចីរភាព​អភិវឌ្ឍន៍​ក្នុង​បរិការណ៍​សមាហរណកម្ម​សេដ្ឋកិច្ចពិភព​លោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។សេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ​ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធាន​ការភូតគាមអនាម័យ​ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ​ ការទប់ស្កាត់ការបង្ក ការរាល​ដាលឆ្លង​និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ​ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខ​ស្បៀងអនាម័យគុណភាព ​និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យ​នៃ​រុក្ខជាតិ ផលិតផលរុក្ខជាតិ ​និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ​ការសម្រួលការ​ធ្វើ​ពាណិជ្ជកម្ម ការនាំចេញ ​ការនាំចូល ​ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និង​ផលិត​ផល​រុក្ខជាតិ ព្រមទាំងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ​និងការ​លើក​កម្ពស់​សុខុមាលភាព​និង​សុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិ​ និង​ប្រព័ន្ធក្សេត្រ​បរិស្ថាន ​ដើម្បីធានាការគ្រប់គ្រង ​ការការពាររុក្ខជាតិ​ និងភូតគាមអនាម័យ​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា។ រួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មដូចជា៖ - ការពារផលប្រយោជន៍របស់ប្រជាកសិករ តាមរយៈការគ្រប់គ្រង ការការពាររុក្ខជាតិ និងការ​អនុវត្តវិធាន​ការ​ភូតគាមអនាម័យ ​ដើម្បីកាត់បន្ថយការខាតបង់​ដែលអាចបង្កឡើង​ដោយ​សមាសភាពច​ង្រៃ​ចំពោះធនធានរុក្ខជាតិ ​និងផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម។- គាំទ្រគោលនយោបាយ​ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និង​ពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច ​ជួយកាត់បន្ថយភាពក្រីក្រ និង​លើកកម្ពស់​ជីវភាពប្រជាកសិករ- ផ្តល់នូវឧបករណ៍​បទដ្ឋាន​គតិយុត្តិដ៏រឹងមាំ ​និងយន្តការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តវិធាន​ការការ​ពាររុក្ខជាតិ និងភូតគាមអនាម័យ ​ដើម្បីទប់ស្កាត់ការបង្ក ​ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញ​ពី​សំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ- ផ្តល់នូវវិធានការច្បាស់លាស់ក្នុងការការពារធនធានរុក្ខជាតិ គ្រប់គ្រងសុខភាពរុក្ខជាតិ លើក​កម្ពស់​ផលិតភាព គុណភាព និង​សុវត្ថិភាពផលិតផលកសិកម្មប្រកបដោយភាតរបរិស្ថាន និងនិរន្តរភាព ដើម្បីរួម​ចំណែក​លើក​កម្ពស់​សុខភាពសាធារណៈ ​និងធ្វើឱ្យមាននិរន្តរភាពធនធានធម្មជាតិ និង​ប្រព័ន្ធក្សេត្របរិស្ថាន-រក្សាអធិបតេយ្យភាព និងសន្តិសុខ​ភូតគាមអនាម័យ​តាមរយៈការទប់ស្កាត់​ការហូរចូល​ផលិតផល​កសិកម្មគ្រប់ប្រភេទ​ដែលមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ចំពោះ​សុខភាព (សំណល់ថ្នាំកសិកម្ម សារធាតុគីមី សំណល់ជីវសាស្រ្ត និងលោហៈធ្ងន់)។ជាពិសេសទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពាន ដែល​បង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ ​និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា។ជាក់ស្តែងការផ្ទុះឡើងនូវសមាសភាពចង្រៃដូចជា ខ្យងមាស ខ្នងដូង ជំងឺស្លឹកប្រាក់លើដំណាំក្រូច ឆៃផ្កាឈូកលើដំណាំដំឡូងមី​ ជំងឺស្រពោនលឿងស្លឹកលើដំណាំដំឡូងមី និងដង្កូវហ្វូងប្រភេទថ្មី​លើ​ដំណាំពោតជាដើម ​ពិតជាបានបង្កឱ្យមានផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជាតិគួរ​ឱ្យ​កត់សម្គាល់​ ដែល​បណ្តាល​មក​ពី​ការ​រាតត្បាត​សមាសភាព​ចង្រៃ​ខាងលើនេះ។បំពេញបាននូវលក្ខខណ្ឌតម្រូវ ​និងស្តង់ដារ​ភូតគាម​អនាម័យ ដោយមានសង្គតិភាព​នឹង​អនុសញ្ញា​អន្តរជាតិ​ស្តីពីការការពាររុក្ខជាតិ​ អង្គការពាណិជ្ជកម្មពិភពលោក ​ក្របខ័ណ្ឌអាស៊ានជាដើម ។- ផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារ​នាំចេញ​កសិផលកម្ពុជា​ជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេសបន្ទាប់​ពី​សម្រេច​បាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ក្នុងក្របខ័ណ្ឌទ្វេភាគី ​និងពហុភាគី និង​ជួយ​សម្រួល​ការនាំចេញ​ ការនាំចូល ​ការដឹកជញ្ជូនឆ្លងកាត់​នូវទំនិញជារុក្ខជាតិ និង​ផលិតផល​រុក្ខជាតិនានា៕ អត្ថបទ មុត សុទ្ធ

សហគមន៍ទេសចរណ៍ និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើ​នៅ​តំបន់ព្រៃលិច​ទឹកបឹង​ទន្លេសាប

2022/02/03 05:13:30 pm        258
ភ្នំពេញ៖ សហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារំាង និងអង្គការអហ្វហ្វាម ព្រមទាំងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល បានរួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បាននាំគ្នាដាំកូនឈើស្ដារព្រៃឈើឡើងវិញ នៅតំបន់៣នៃតំបន់ព្រៃលិចទឹកបឹងទន្លេសាប ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ។លោក គង់ មង្គល ប្រធានសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង លោកមាន​ប្រសាសន៍​នៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២២នេះថា កូនឈើព្រៃលិចទឹកនេះ​ មានជាង១ពាន់ដើម បានដាក់ដាំ​នៅលើផ្ទៃដីជាង៣ហិកតា ដែលបានដកហូតពីជនខិលខូចកន្លងមក ក្នុងគោល​បំណង​ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ ។លោក បានបន្ដថា កូនឈើទាំងនោះមានជាច្រើប្រភេទ​ រួមមាន​ដើមរាំងទឹក ដើមឬស្សី ដើមម្ដេញ ដើមសណ្ដាន់​ដែលបាជំនួយពីអង្គការអហ្វហ្វាមផង​ និងជា​របស់​សហគមន៍​ទេសចរណ៍ផង។លោក បានបន្ដថា ​សហគមន៍​ទេសចរណ៍មួយនេះ នឹងបន្ដបណ្ដុះកូនឈើព្រៃលិចទឹក​រាប់ពាន់​ដើមទៀត ដើម្បី​យកទៅដាក់ដាំក្នុងតំបន់៣នៃព្រៃកិចទឹកនៅតំបន់​ទេសចរណ៍ធម្មជាតិបឹងពារំាង​បន្ថែមទៀតនៅលើផ្ទៃដីប្រមាណ៥០ហិកតា ​ដែលរងការឆាបឆេះកាលពីឆ្នាំទៅមិញ។ដោយឡែក លោក មិញ ប៊ុនលី អ្នកសម្របសម្រួលអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា (Fact ហ្វេក) លោកមានប្រសាសន៍ថា ការដាំព្រៃលិចទឹកនេះមានសារៈសំខាន់ខ្លាំង​ណាស់ ​ព្រោះព្រៃលិចទឹកជាជម្រកត្រីពងកូន​ កាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់​កន្ថយ​ការហូរច្រោះដីចូលបឹងទន្លេសាប​ ជម្រក​សត្វស្លាប ជាពិសេសព្រៃលិចទឹកមានភាពទាក់ទាញ​អ្នក​ទេសចរផងដែរ។លោក បានបន្ដថា អង្គការFact មានការគាំទ្រយ៉ាងខ្លាំងដែលបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដកហូតដីព្រៃលិចទឹកពីជនខិលខូច​ ហើយធ្វើការដាំកូនឈើដើម្បីស្ដារព្រៃឈើ​ឡើងវិញនេះ។លោក ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច​ ចូលរួមទប់ស្កាត់ការ​នេសាទខុសច្បាប់ និង​ការកាប់បំផ្លាញព្រៃលិចទឹក ​ហើយរួមគ្នាដាំដើមឈើលិចទឹកឡើងវិញផងដែរ។លោក បូ ម៉េងទ្រី ​អភិបាលរងក្រុងសៀមរាប ​មានប្រសាសន៍ថា ដីព្រៃលិចទឹកក្នុងតំបន់៣ដែលបាន​ដក​ហូតពីជនខិលខូចកន្លងមកនៅទូទាំងខេត្ដសៀមរាប ​មានចំនួនជាង២ពាន់៤រយហិកតា ប៉ុន្ដែ​រដ្ឋបាលក្រុងមានផែនការដាំស្ដារឡើងវិញ ជាបន្ដបន្ទាប់ ​នូវដើមឬស្សី ​ដើមរាំង គ្រាប់ត្នោត ក្នុងតសង្កាត់ទាំង៧សង្កាត់ នៅ​លើទីតាំង​ជាប់​បឹងទន្លេសាប​ដែលបានទន្ទ្រាន​ឈូសឆាយ​កាន់​កាប់ក​ន្លងមក។លោក បន្ដថា ​នៅ​ពេលដែលទឹកទន្លេសាប​ស្រក ​នឹងបន្ដដាំកូនឈើលិចទឹកបន្ថែមទៀត​រហូត​ដល់​គ្រប់ផែនការដែល​រាជរដ្ឋាភិបាលបានកំណត់៕

អាជ្ញាធរជាតិអប្សរា ធ្វើកំណាយនៅទួលឡដុត​កុលាលភាជន៍​ នៅក្រុមឡទ្វារដីឆ្នាំង

2022/02/03 04:39:50 pm        302
ភ្នំពេញ៖ នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅទួលឡដុតកុលាលភាជន៍មួយទៀត នៅក្រុមឡទ្វារដីឆ្នាំង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង ក្រុងអង្គរធំ។លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មាន​ប្រសាសន៍​ នៅថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២២នេះថា ​កាលពីចុងឆ្នាំ២០១៩ កន្លងមក ក្រុមការងារ​របស់​លោកបានធ្វើកំណាយជាលើកដំបូងនៅទួលបុរាណមួយ ដែលមានឈ្មោះថា ទួលត្រពាំងបុស្ស ដោយរកឃើញឡដុតកុលាលភាជន៍​មួយកន្លែង ​ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង។លោកបន្តថា ​ការធ្វើកំណាយដែលចាប់ផ្តើមនៅខែវិច្ឆិកា​ ឆ្នាំ២០១៩​ និង​បញ្ចប់នៅខែ​ កុម្ភៈ ឆ្នាំ២០២០ អ្នកស្រាវជ្រាវ​បាន​រកឃើញ ជា​រចនា​សម្ព័ន្ធ​ឡ​បុរាណ​មួយ​ដែល​ចាប់ផ្តើម​ផលិត​កុលាលភាជន៍​នៅ​ពាក់កណ្ដាលសតវត្សរ៍ទី១២​ និងបញ្ចប់នៅពាក់កណ្ដាល​សតវត្សរ៍ទី១៣។លោក បន្ថែមថា ការធ្វើកំណាយនៅត្រពាំងទួលបុស្ស ​ដែល​អ្នកស្រាវជ្រាវឱ្យឈ្មោះថា TDCK1 ឃើញ​មាន​រចនា​សម្ព័ន្ធខុសពីឡដុតកុលាលភាជន៍នៅតំបន់អង្គរ ​ដូចជានៅតានី​ ខ្នារពោធិ៍ សសិ និង​អន្លង់ធំ ដែលឡទាំងនោះ​មានប្រវែងវែង​ តែឡបុរាណ​នៅត្រពាំងទួលបុស្សនេះ​ មាន​ទំហំ​ស្ទើរមូល ដោយ​មានមុខកាត់២ម៉ែត្រ​ និងបណ្ដោយ៣ម៉ែត្រ។ ​ហើយ​ការធ្វើកំណាយ​នៅទួលថ្មីនេះ គឺ​ដើម្បី​ប្រៀបធៀប​លទ្ធផល​ស្រាវជ្រាវ​នៅ​នឹងទីតាំងឡទី១ ​ដោយ​ចង់​បញ្ជាក់​ថា​ តើ​រចនា​សម្ព័ន្ធទីតាំង​ទាំង២​ដូចគ្នា​ ឬយ៉ាងណា ​ដ្បិត​ថា ​គេឃើញ​ទួល​តូច​ធំចំនួន​ ២៤កន្លែង ​ដោយ​មាន​មន្ទិល ក្រែង​ឡ​ទាំង​នោះ​មាន​មុខងារ​ផ្សេង​គ្នា​ជាដើម៕

កម្ពុជា-ថៃ ចុះហត្ថលេខារួមគ្នាលើ«លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ» រវាង​កង​ទ័ពជើង​គោក​នៃប្រទេសទាំងពីរ

2022/02/03 02:45:32 pm        314
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ ភាគីទាំងពីរ បានសម្រេចចុះហត្ថលេខារួមគ្នាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Terms of Reference - ToR) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកភូមិន្ទថៃ» ក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការជំរុញឱ្យមានកិច្ចពិភាក្សាដោយបើកចំហលើប្រធានបទដែលផ្តល់ផលប្រយោជន៍រួម។តបតាមការអញ្ជើញរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង។នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកភូមិន្ទថៃ ចូលជួប​ពិភាក្សាការ​ងារទ្វេភាគីជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានសម្តែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីភាពជា អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដែលនាំ​មកនូវផលប្រយោជន៍ទៅវិញទៅមក​ និងការអភិវឌ្ឍរីកចម្រើនរួមគ្នាទាំងក្នុងពេលបច្ចុប្បន្ន និងសក្តានុពលបន្តទៅមុខ ​ជាពិសេសកិច្ចខិតខំប្រឹងប្រែងជួយគ្នា ​និង​ឧបត្ថម្ភគាំទ្រគ្នាទៅវិញ​ទៅមក ក្នុង​ពេលជួបគ្រោះយថាហេតុផ្សេងៗ ដូចជា៖ កិច្ចសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះជាដើម។ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ថៃ ដែល​បាន​ដំណើរការបោះជំហានរីកចម្រើនទៅមុខ និង​សម្រេចបានលទ្ធផលផ្លែផ្កា​ជាច្រើនទាំង​នៅ​ក្នុងក្របខ័ណ្ឌ​ជារួម និងក្នុងកម្រិតកងទ័ពជើងគោកជាអាទិ៍ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការ​អនុវត្តលំហាត់​ហ្វឹកហ្វឺន ​និងការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ក៏ដូចជាការរក្សាបាន​ទំនាក់ទំនង​ការងារជាប់ជាប្រចាំរវាងបណ្តាអង្គភាពសំខាន់ៗចំណុះកងទ័ពជើងគោកទាំងពីរ ដែលនៅឈរជើងនៅតាមបណ្តោយព្រំដែន​ ដើម្បីបន្តរួមគ្នាសហការ អនុវត្តតាមបទបញ្ជា និង​ទិសដៅរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ​ក្នុងការថែរក្សាសន្តិភាព ​សន្តិសុខ និង​ការ​ទប់ស្កាត់​បង្ក្រាបបទល្មើសឆ្លងដែននានា។ទន្ទឹមគ្នានេះ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ​បានប្តេជ្ញាខិតខំចូលរួមចំណែកក្នុងការកសាង ​និង ពង្រឹង​តំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ​ និងការអភិវឌ្ឍ ​ដោយឈរលើស្មារតី​អត់ធ្មត់ និង​សម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការគ្រប់កម្រិត​ ក្នុងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ ​និងបូរណភាពទឹកដីទៅវិញទៅមក។ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាម​បណ្តោយ​ព្រំដែន គឺពិតជាបានបង្កនូវលក្ខណៈអំណោយ​ផលដល់ការ​ដោះដូរ​ពាណិជ្ជកម្ម​ឆ្លងដែន ដែល​ជា​ការចូលរួមចំណែកយ៉ាងសំខាន់ ​ក្នុងការបង្កើត​ឱកាសការងារ និងការលើកកម្ពស់ជីវភាព​របស់​ប្រជាជននៃប្រទេសទាំងពីរ។នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ​ទស្សនៈគ្នាទៅវិញទៅមកលើ​បញ្ហា​សន្តិសុខ​សាកល ​និងតំបន់ ដែលកំពុងកើតមានឡើង ​និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និង​លើក​កម្ពស់​ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ទាំងក្នុង​ក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបន្ត ចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក្រោម​ធ្លុង​សាមគ្គីភាពនៃកងទ័ពជើងគោក បណ្តាប្រទេសសមាជិកអាស៊ាន។ឯកឧត្តម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក ក៏​បានថ្លែង​អំណរគុណដល់រាជរដ្ឋាភិបាលថៃ​ ចំពោះការគាំទ្រលទ្ធផលដំណើរទស្សនកិច្ចរបស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមភាព​ជា​ប្រធាន​អាស៊ានឆ្នាំ២០២២​ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុង​គោលបំណង​ដើម្បីចូលរួមចំណែកបញ្ចៀស​អំពើ​ហិង្សា សង្គ្រាមស៊ីវិល​ និងវិបត្តិមនុស្សធម៌ ​ក៏ដូចជា​ដើម្បីធ្វើយ៉ាងណារកមធ្យោបាយធ្វើឱ្យអាស៊ាន​អាចរក្សា​បាននូវ​មជ្ឈិមភាព​របស់ខ្លួន​ និងអាចពង្រឹងសាមគ្គីភាពល្អឡើងវិញ ដោយឈរលើ​គោលការណ៍នានា​ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន​ ជាអាទិ៍ការគោរពអធិបតេយ្យ ការ​មិន​ជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុង ​និងគោលការណ៍កុងសង់ស៊ីស៕

រាជធានីភ្នំពេញព្រមានផាកពិន័យ និងដាក់ពន្ធនាគារ ចំពោះអ្នកវិជ្ជមានកូវីដ​ដែល​មិនរាយការណ៍​ជូន​អាជ្ញាធរ

2022/02/03 11:57:33 am        512
ភ្នំពេញ៖ រាជធានីភ្នំពេញ បានប្រកាសប្រើប្រាស់វិធានការក្ដៅចំពោះជនគ្រប់រូប ដែលវិជ្ជមានកូវីដ-១៩ លួចព្យាបាលនៅផ្ទះ ដោយមិនបានរាយការណ៍ជូនដំណឹងមក អាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីសុខាភិបាល ។ នេះបើយោងតាម សេចក្ដីណែនាំបន្ថែម ស្ដីពី ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលចេញផ្សាយកាលពីម្សិលម៉ិញ។ស្របពេលដែលករណីវិជ្ជមានវីរុសបំប្លែងថ្មី អូមីក្រុងក្នុងសហគមន៍ត្រូវបានរកឃើញជាបន្តបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពី ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ សេចក្ដីណែនាំនេះ ជាវិធានការក្ដៅក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ជាពិសេសវីរុស​បំប្លែងថ្មី អូមីក្រុង​ ដោយបញ្ជាក់ពីការផាកពិន័យ ​តាមមាត្រា២​ នៃប្រកាសអន្តរក្រសួង​ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១របស់ក្រសួងសេដ្ឋកិច្ច ​និងក្រសួងសុខាភិបាល ស្ដីពី​ការពិន័យជាប្រាក់ចំពោះ​បុគ្គល​ ឬនីតិបុគ្គលដែលប្រព្រឹត្តិអំពើល្មើស​ នឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ ​និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត។ លើសពីនេះ​គឺការដាក់ពន្ធនាគារ ​ស្របតាមមាត្រា​ ១០មាត្រា ១១ នៃច្បាប់​ស្ដីពីវិធានការទប់ស្កាត់ការ​ឆ្លង​រាលដាលនៃជំងឺកូវីដ-១៩​ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេងទៀត។លើសពីនេះ ​រដ្ឋបាលរាជធានីភ្នំពេញលើកទឹកចិត្ត ​ឱ្យប្រជាពលរដ្ឋជួយរាយការណ៍ ចំពោះករណី​សង្ស័យថា មានអ្នកជំងឺកូវីដ-១៩​ ដែលកំពុងលួចលាក់ព្យាបាលដោយខ្លួនឯង ដោយគ្មាន​ការវាយ​តម្លៃពីអាជ្ញាធរ រឺមន្រ្តីជំនាញសុខាភិបាល។ អាជ្ញាធរនឹងរក្សាការ​សម្ងាត់​ជូន​ ចំពោះអ្នករាយការណ៍។ ការធ្វើបែបនេះ ​គឺដើម្បី អាជ្ញាធរអាចចាត់វិធានការបានទាន់ពេលវេលា ​ចៀសវាង​ការចម្លងបន្ត ជាពិសេស​វីរុសបំប្លែងថ្មី ​អូមីក្រុង ​ចូលទៅក្នុងមូលដ្ឋានភូមិ ​សង្កាត់ដែលខ្លួនរស់នៅ។សម្រាប់ការងារនេះ ​លោក ជា សុខៃ ជាចៅសង្កាត់ចាក់អង្រែក្រោម​ លើកឡើងថា សង្កាត់ជា​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅជាមួយពលរដ្ឋដោយផ្ទាល់ ​ក្នុង​ជំហ៊ាន​ដំបូងនេះ គឺធ្វើការផ្សព្វផ្សាយ​ដល់​ពលរដ្ឋឱ្យបានទំលូទំលាយជាមុនសិន។ ​រីឯជំហ៊ានបន្ទាប់គឺបង្កើតក្រុមតាមដាន ដើម្បីធានាថា ពលរដ្ឋក្នុង​មូលដ្ឋានរបស់ខ្លួនមិនប្រព្រឹត្តិខុស។ស្ថានភាពបច្ចុប្បន្ននៃការឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង កម្ពុជាមានការរកឃើញ​ទាំង​ករណីនាំចូល និង​ករណីឆ្លងក្នុងសហគមន៍។ ចំពោះករណីឆ្លងក្នុងសហគមន៍ គឺបានកើនលើសពី ៥០០ករណី ទៅហើយ។ ពាក់ព័ន្ធនឹងករណីវិជ្ជមានវីរុសបំប្លែងថ្មី អូមីក្រុង ​រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាត​ឱ្យមាន​ការ​សម្រាកព្យាល​បាលនៅតាមផ្ទះបានដែរ​ តែត្រូវផ្អែក​លើ​ស្ថានភាព​ជំងឺជាក់ស្ដែង៕ អត្ថបទ៖ គឹមហុក 

ព្រះមហាក្សត្រយាងទៅក្រុងប៉េកាំង ដើម្បីចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងា

2022/02/03 11:44:22 am        368
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីយាងចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេច ថ្នាក់ដឹកនាំកំពូល នៃស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងឥស្សរជនសំខាន់ៗមួយ​ចំនួន​ទៀត នៃស្ថាប័នរាជរដ្ឋាភិបាល បាន​អញ្ជើញ​ថ្វាយព្រះរាជដំណើររបស់ព្រះករុណាព្រះ​បាទ​សម្តេចព្រះរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​យាងទៅ​កាន់​ទីក្រុងប៉េកាំង ដើម្បីចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងា ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈនេះ។យោងតាមព្រះរាជសារ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ព្រះករុណា នឹងអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ នេះ ​ដើម្បីចូលរួមក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡា អូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំង ​នៃសាធារណរដ្ឋប្រជាមានិតចិន ។នៅក្នុងឱកាសអវត្តមានព្រះអង្គនេះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ​សភា នឹងទទួល ជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ​នៃព្រះរាជាណាចក្រកម្ពុជា ។ប្រទេសចិន បាន​ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវក្តៅ ​និង​រដូវរងារឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការរៀបចំកម្មវិធីដ៏មានន័យជាប្រវត្តិសាស្រ្តនេះ សម្រាប់ មនុស្សជាតិ​ ក្នុងពេលដែលពិភពលោ​ក​ទាំងមូល​ បាននឹងកំពុងប្រឈម​មុ​ខ​នឹងវិបត្តិ នៃជំងឺកូវីដ-១៩។ ​ប្រទេសចិន ​កំពុងស្ថិតនៅ​ក្នុង​ដំណាក់​កាលថ្មីមួយទៀត​ ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ​ ទាំងសុវត្ថិភាព សុខាភិបាល​សាធារណៈ សម្រាប់គណៈប្រតិភូកីឡា ​និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ។ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ដែលរៀបចំឡើងក្នុងបរិបទ ​នៃជំងឺកូវីដ-១៩នេះ នឹង ក្លាយ​ជាការប្រកួតដ៏ឱឡារិក​ និងជារឿងមង្គលជាសកលដ៏កម្រមាន។ ​បណ្តាទីក្រុងនៅប្រទេសចិន បានដាក់ចេញចំណាត់ការ​តឹងរ៉ឹង ​ដើម្បី​គ្រប់គ្រង​ការ​ឆ្លងរាលដាលថ្មីៗ នៃកូវីដ-១៩៕អត្ថបទ៖ មុត សុទ្ធ

អ្នកដំណើរអន្តរជាតិមកកម្ពុជាមានកំណើនឡើង ក្រោយអាស៊ានប្រកាសបើកទេសចរណ៍ក្នុងតំបន់

2022/02/03 11:36:03 am        444
ភ្នំពេញ៖ គិតចាប់តាំងពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅឯខេត្តព្រះសីហនុ កាលពីអំឡុងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះមក រហូតមកដល់ពេលនេះ ចំនួនអ្នកដំណើរអន្តរជាតិធ្វើដំណើរតាមផ្លូវអាកាសចូលមកកម្ពុជា មានកំណើនឡើងជាង១៦% ដែលមានចំនួនជើងហោះហើរកើនពី៧ជើងទៅដល់១២ជើងក្នុងមួយថ្ងៃ។បើតាម​ឯកឧត្តម ជា អូន រដ្ឋលេខាធិការ ​និង​ជាអ្នក​នាំពាក្យ​នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល ​បានថ្លែងប្រាប់BTV​ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ​ជារួមចាប់តាំង​ពី​ប្រទេស​កម្ពុជា​ប្រកាស​បើកប្រទេសវិញ​ កាលពីអំឡុងថ្ងៃទី១៥ ​ខែ វិច្ឆិកា ឆ្នាំ២០២១ ធៀប​នឹង​ចាប់ពីអាស៊ាន​ប្រកាស​បើក​ទេសចរណ៍​អាស៊ានវិញមក​ អ្វីដែលប្លែកគឺ​ ខេត្តសៀមរាប ចាប់ផ្តើម​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ទៅ​ទស្សនាឡើងវិញ ដោយក្នុងមួយថ្ងៃនៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​គឺ​បាន​ទទួលភ្ញៀវក្នុងកម្រិតពី ៥០នាក់ទៅ២០០នាក់ ​។ ដោយឡែកអាកាសដ្ឋានអន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ​គឺមានកំណើនតិចតួចជាង ១០០០នាក់ ក្នុងមួយថ្ងៃ ខណៈអាកាសដ្ឋានអន្តរជាតិ​នៅ​ខេត្តព្រះសីហនុ ​ក៏ចាប់​ផ្តើម​មានកម្រើកវិញដែរ។តាមតួលេខពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងដែរថា គិតត្រឹមកម្ពុជា​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ានAFTថ្ងៃទី១៦ ខែមករា​ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ អ្នកដំណើរអន្តរជាតិចូលតាមអាកាសយានដ្ឋានអន្តរជាតិ មានចំនួន១៧,៣៤១នាក់ ជា​មធ្យម​មាន​ប្រមាណជាង១,០០០នាក់ក្នុង១ថ្ងៃ ពោលគឺកើនឡើង១៦.៤៥% បើធៀបនឹងរយៈពេល​ដូចគ្នា​មុន​វេទិកាទេសចរណ៍អាស៊ាន។ឯកឧត្តម ជា អូន បញ្ជាក់ថា នៅពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ជាតិអន្តរជាតិ​ប្រមាណ ៧ក្រុមហ៊ុន បានចុះបញ្ជីបើកជើងហោះហើរមកកម្ពុជា​ ក្នុងក្រុមហ៊ុនដែលសកម្ម ហោះហើរ​ច្រើន​ប្រចាំថ្ងៃគឺមាន​ក្រុមហ៊ុន Singapore Airline, Jetstar, Malaysia Airline, bankok airline,និង Air asia, ជាដើម ។ ដោយឡែកក្រុមហ៊ុនASEANA ដែលហោះមកពីប្រទេសកូរ៉េក្នុង១សប្តាហ៍​គឺ​មាន​អ្នកប្រមាណ ៥០០ទៅ ៦០០នាក់ ខណៈហោះមកពីប្រទេសចិន​ ក៏ចាប់ផ្តើមមានដែរ តែលក់​សំបុត្រ​មានតំលៃថ្លៃ។បើតាមលោក ធូន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាភិច PATAប្រចាំនៅកម្ពុជា បាន​ថ្លែងថា ចាប់តាំងពីអាស៊ាន​បើករនាំងទេសចរណ៍​អាស៊ានមក បាន​ជម្រុញ​ការ​លក់កក់ទិញ​កញ្ចប់​ទេសចរណ៍​ក្នុងតំបន់អាស៊ាន មានកំណើនឡើង ​មកទស្សនាកម្ពុជា​ដោយចាប់ផ្តើមពីខែមីនាតទៅ ខណៈបណ្តាប្រទេសនៅអឺរ៉ុប ក៏មានកក់ដែរតែត្រូវការពេលវេលារៀបចំប្រមាណពី ៨ខែទៅ ១២ខែទើបអាចធ្វើដំណើរបាន៕ អត្ថបទ៖ ស៊ុម សុខជា

ឯកឧត្តម ឈិន កេតនា ជំរុញអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយពីការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋ

2022/02/03 11:17:54 am        203
កំពង់ឆ្នាំង៖ ឯកឧត្តម ឈិន កេតនា អនុប្រធានក្រុមការងារចុះជួយស្រុកបរិបូរណ៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំមេលំ និងឃុំផ្សារ បានជំរុញដល់អាជ្ញាធរឃុំទាំងពីរនេះ ត្រូវបន្តផ្សព្វផ្សាយ ពីការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ ខណៈកម្ពុជាបន្តរកឃើញអ្នកវិជ្ជមានប្រភេទថ្មីអូមីក្រុងជាបន្ដបន្ទាប់​ ។ ក្នុងឱកាសចុះលើកស្លាកគណបក្សដាក់តាមផ្ទះពលរដ្ឋតាមផ្លូវ និង​នាំ​យក​អំណោយរបស់​សម្ដេច​ចៅ​ហ្វាវាំង គង់ សំអុល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកបរិបូរណ៍ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឈិន កេតនា មានប្រសាសន៍ថា ស្ថិតក្នុងបរិបទប្រឈម នឹងបញ្ហាកូវីដ១៩ មិនទាន់​ឃ្លាត​ចេញ​ឆ្ងាយ​ពី​លើ​សកល​លោក​ សូមពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់​តាមការណែនាំរបស់ក្រសួងសុខាភិបាល ​និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ទាំងទម្រង់ចាស់ និងថ្មី ។ឯកឧត្តម បន្តថា ជាមួយគ្នានេះ អាជ្ញាធរត្រូវជំរុញមូលដ្ឋាននីមួយៗ ពិនិត្យមើលចំពោះប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ ​ហើយ​ផ្សព្វផ្សាយ​បន្ថែមទៀត ​សម្រាប់ការចាក់ដូសទី៣ ឲ្យ​បាន​ឆាប់​រហ័ស ដើម្បីមានភាពសាំជាមួយជំងឺកូវីដ១៩​ នៅក្នុងសហគមន៍ ។ឯកឧត្តម ប្រធានក្រុមការងារ បាន​ផ្តាំផ្ញើ​ការ​សាកសួរសុខទុក្ខ ​ពី​សំណាក់​សម្ដេចតេជោ ​ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ​និងសម្តេចចៅហ្វាវាំង​ គង់ សំអុល ​ដល់សមាជិក សមាជិកា​គណបក្ស​ នៅក្នុងមូលដ្ឋានឃុំមេលំ ​និងឃុំផ្សារ ​ជានិច្ចកាលតែងតែយកចិត្តទុកដាក់​ចំពោះ​សមាជិក សមាជិកា​គណបក្ស ​និងបានដោះស្រាយ​ទុក្ខលំបាក​នានា ជាពិសេសក្នុងគ្រា​ដែល​ប្រទេស​កម្ពុជា​រងផល​ប៉ះពាល់​ដោយសារជំងឺកូវីដ-១៩ ។គួរបញ្ជាក់ថា ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ​ដែល​ទទួល​អំណោយ​ពី​សម្ដេចចៅហ្វាវាំង ​សរុបចំនួន ២៤គ្រួសារ ក្នុង១គ្រួសារ ទទួល​បានអង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកដោះគោ, ស្កសរ, ត្រីខ, សារុង, ក្រម៉ា និងថវិកា ៥០ ០០០ រៀល ៕

អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យទីតាំងសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ ឈ្នះ ឈ្នះ តេជោសែន​អន្លង់វែង

2022/02/03 10:56:59 am        391
ឧត្តរមានជ័យ៖ ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ រួមទាំងក្រុមការងារមន្ទីរស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងប្រវត្តិសាស្រ្ត សំរាប់សាងសងស្ទូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ តេជោសែន ដែលមានទីតាំងស្ថិតលើចំណុចភ្នំ២០០ ជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២ ខែកុម្ភៈ ម្សិលមិញនេះ ។ក្នុងការចុះត្រួតពិនិត្យទីតាំងប្រវត្តិសាស្រ្តនេះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា ទឹកដីស្រុកអន្លង់វេង​ គឺជាទឹកដីប្រវត្តិសាស្រ្តមួយដ៏​ជូចត់ ដែល​បានបន្សល់​ទុកកាល​ពីសម័យសង្រ្គាម ហើយតំបន់នេះ បច្ចុប្បន្នកំពុងតែមាន​ការអភិវឌ្ឍ​រីក​ចម្រើនច្រើននូវលើគ្រប់វិស័យរាល់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋាននេះ។ឯកឧត្តម ​បានបញ្ជាក់ថា ​ការ​សាងសង់​ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ តេជោសែន នៅលើចំណុចភ្នំ២០០ ច្រកជាំសាងាំនេះ នៅពេលខាងមុខ​អាច​ធ្វើការ​ទាក់ទាញ​ការចាប់​អារម្មណ៍​បានច្រើនផងដែរ ពីផ្នែកលើវិស័យទេសចរ សំរាប់ភ្ញៀវជាតិ និង​អន្តរជាតិ ​មកទស្សនា និង​សិក្សា​ស្វែងយល់​ស្រាវជ្រាវ​ពីរឿង​ប្រវត្តិសាស្រ្តនានា ក្នុងតំបន់នេះផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

កម្ពុជាបញ្ជូនទ័ពមួកខៀវទៅកាន់ប្រទេសលីបង់តាមបែបថ្មី ដើម្បីទប់ស្កាត់ការរាតត្បាតអូមីក្រុង

2022/02/02 04:58:00 pm        565
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈនេះ កងទ័ពមួកខៀវកម្ពុជាចំនួន១៨៤នាក់ ក្នុងនោះមានស្រីចំនួន ៣០នាក់ បានចេញដំណើរទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសលីបង់។ ក្នុងពិធីជូនដំណើរនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រងគ្រងកម្លាំង​ថែរក្សា​សន្តិភាព ថ្លែងថា នៅបញ្ជូន​កង​ទ័ព​ថែរក្សា​សន្តិភា​ព​ទៅប្រទេសលីបង់ គឺ​ត្រូវបាន​ធ្វើការ​បញ្ជូន​តាមរបៀបថ្មីនឹង​អាច​ទប់​ស្កាត់​បាន​ការ​រាតត្បាត​មេរោគ​កូវីដ១៩។ បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ​សម្របសម្រួល​ការ​បញ្ជូន​កងកម្លាំង ថ្លែង​ថា សម្រាប់ការ​បញ្ជូន​កង​កម្លាំង​នៅ​ក្នុងអំឡុងពិភពលោក​កំពុង​ជួប​ការ​រាត​ត្បាត​មេរោគកូវីដ១៩​ និងកូវីដអូមីក្រុងនេះ កម្ពុជា​បាន​បាន​ធ្វើការ​ផ្លាស់ប្តូរ​របៀបគ្រប់គ្រង​និង​ការ​បញ្ជូន​កង​កម្លាំងតាមគន្លងថ្មី ​ក្នុងនោះគ្រប់​កងកម្លាំង គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​អោយបាន៤ដូស ហើយ​ការ​បំពេញ​បេសកកម្មត្រូវធ្វើការ​រឹតបន្តឹង ​ដោយត្រូវ​បាន​អនុវត្ត​តាម​បទ​បញ្ជា​ថ្មី​របស់​អង្គភាព និង​គោលការណ៍ថ្មីនានា​ជាច្រើន​របស់រាជរដ្ឋាភិបាលសំដៅ ​ពង្រឹង​ប្រសិទ្ធភាព​ការ​បំពេញបេសកកម្ម និង​ការ​ទប់​ស្កាត់ការចម្លងមេរោគកូវីដ១៩ និង​មេរោគកូវីដប្រភេទថ្មីទៅ​កាន់ប្រទេសគេ។បើតាមវរៈសេនីយ៍ឯក ចក់ ស៊ីថល មេបញ្ជាការកងវិស្វកម្មពហុជំនាញ ​លេខ៨២៩ថ្លែងថា ជារួមការ​អនុវត្តវិន័យ ​និង​ការ​អនុវត្ត​បញ្ជា​នៅក្នុងអង្គភាពត្រូវបានរឹតបន្តឹងដាច់ខាត​ ដោយសារ​ការ​បំពេញ​បេសកកម្មដោះមីន និង​សង់​សំណង់​ដេក ​និង​សំណង់​បញ្ឈរ​នានា​នៅក្នុងប្រទេសលីបង់​ ជាប់ព្រំដែន​ប្រទេស​អ៊ីស្រាអែល​ ក៏​មាន​ការរាតត្បាត​មេរោគ​កូវីដ១៩ ដែរ។បើតាមកងពេទ្យនៃកងវិស្វកម្មពហុជំនាញលេខ៨២៩នេះបានថ្លែងថា​ សម្រាប់​ការ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​លីបង់នេះ ​ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជាពិសេស​ប្រមុខថ្នាក់ដឹកនាំរាជ​រដ្ឋា​ភិបាល ​បានផ្តល់​សំភារៈ​បរិក្ខារ​ពេទ្យគ្រប់គ្រាន់ដើម្បីបង្ការ​ និងត្រៀមព្យាបាល​នូវរាល់ជំងឺនានា ជា​ពិសេស​ការ​ការ​ពារទប់ស្កាត់​ និង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩។គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ​ កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរក្សាសន្តិភាព ជាង ៧ពាន់នាក់ ទៅ​បំពេញ​បេសកកម្ម មនុស្សធម៌​ជាមួយអង្គការសហប្រជាជាតិ ​នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់​ខាង​ត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល ​សាយប្រឺស និងយេមែនជាដើម។ បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​កង​ទ័ព​មួក​ខៀវជិត៨០០នាក់​ ក្នុងនោះ​មាននារីជិត៨០នាក់ បាននឹង​កំពុង​បំពេញ​បេសកកម្មរក្សាសន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិនៅ​ប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ​ម៉ាលី ​និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕អត្ថបទ៖ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឧទ្ធម្ភាគចក្រយោធាសហភាពអាហ្វ្រិក ១គ្រឿង ធ្លាក់នៅរដ្ឋធានីរបស់សូម៉ាលី បណ្ដាលឲ្យមនុស្សយ៉ាងតិច ៣នាក់សា្លប់
07/02/2025 07:07 PM
ក្រុមហាម៉ាសបញ្ជាមេដឹកនាំកុលសម្ព័ន្ធហ្កាហ្សាឲ្យព្រមចុះចាញ់ ដោយចោទលោកថា ក្បត់ជាតិ
07/02/2025 06:07 PM
អ៊ីរ៉ង់ផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ IAEA
07/02/2025 06:07 PM
ស្ថានអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា (CGTI) រួមគ្នាផ្តល់ជំនួយមនុស្ស ធម៌ដល់សិស្សនិងកុមារដែលសិក្សារនិងកំពុងស្នាក់នៅក្នុងអង្គការអរុណរះកម្ពុជា (Sunrise Cambodia)
07/02/2025 06:07 PM
កងកម្លាំងការពារអ៊ីស្រាអែល ចាប់ខ្លួនក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងអំឡុងពេលប្រតិបត្តិការនៅស៊ីរី
07/02/2025 05:07 PM
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ នគរបាលទួរគី បានចាប់ខ្លួនមនុស្ស ៣០នាក់ និងរឹបអូសហេរ៉ូអ៊ីន ៨២៥គីឡូក្រាម
07/02/2025 05:07 PM
រញ្ជួយដីកម្រិត ៥,៥រ៉ិចទ័រ កើតមាននៅម្ដុំកោះ Tokara របស់ជប៉ុន
07/02/2025 05:07 PM
មានអ្នកស្លាប់ ២នាក់ នៅអេស្ប៉ាញ ខណៈរលកកម្តៅវាយលុកអឺរ៉ុប
07/02/2025 05:07 PM
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
07/02/2025 05:07 PM
យុទ្ធសាស្ត្រអភិវឌ្ឍន៍គណនេយ្យនិងសវនកម្ម ជាផែនទីបង្ហាញផ្លូវធានាដល់ការរីកចម្រើននៅកម្ពុជា
07/02/2025 05:07 PM