TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គាំទ្រសម្តេចតេជោ ចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ​សន្តិភាព​មីយ៉ាន់ម៉ា

2022/01/14 11:29:37 am        861
ភ្នំពេញ៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសម្តែងការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបេសកជនពិសេសកម្ពុជា ដើម្បីស្វែងរកសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺសមស្របទៅនឹងផែនការសកម្មភាពរបស់សហគមអន្តរជាតិ ជាមួយប្រទេសមីយ៉ាន់ម៉ា។ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីប្រារព្ធពិធីស្វាគមន៍និស្សិត​ពេទ្យកម្ពុជា​ដែល​បាន​បញ្ចប់កម្មសិក្សានៅប្រទេសបារាំង ក្នុងរយៈពេលមួយឆ្នាំ នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ នៅក្នុង​បរិវេណ​ស្ថានទូតបារាំង​ លោក ហ្សាក់ ប៉ឺឡេ បានលើកឡើងថា បារាំងបានតាមដានអំពី​ដំណើរ​ទស្សនកិច្ច​របស់សម្តេចតេជោ ​ហ៊ុន សែន ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរក​ការ​ចរចា​សម្រាប់​ប្រជាជន​ និងប្រទេសមីយ៉ាន់ម៉ា​ ។ លោកសង្ឃឹមថា វិបត្តិនៅប្រទេសនេះ​នឹងត្រូវបានដោះ​ស្រាយតាម​រយៈការចរចារនយោបាយ​ដោយ​បើកចំហ និងប្រកបដោយ​បរិយាប័ន្ន​ជា​មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ព្រមជាមួយ​ការ​បញ្ជូន​ជំនួយមនុស្សធម៌ជាដើមនោះ។សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីទៅកាន់​ប្រទេសមីយ៉ាន់ម៉ា នាកាលកន្លងទៅនេះ ទទួលបានជោគជ័យ​ជា​ច្រើន​ក្នុង​កិច្ចការ​សន្ទនា ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ប្រទេសនេះ ​ខណៈលទ្ធផលទទួលបានគឺថ្នាក់ដឹកនាំរបបយោធា​របស់​មីយ៉ាន់ម៉ា គឺលោក មីន អោងឡាំង ​សម្រេចទទួលយកការ​ស្នើសុំ​របស់​សម្តេចតេជោ ពន្យាពេល​ក្នុងការឈប់បាញ់គ្នា ​ទទួល​យករាល់ជំនួយ​សម្រាប់ជួយដល់ពលរដ្ឋរបស់ខ្លួន គាំទ្រ​ប្រេសិតពិសេស​របស់ប្រធានអាស៊ានលើ ​បញ្ហានៅប្រទេសមីយ៉ាន់ម៉ា ​និងលទ្ធផលជាច្រើនទៀត។យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ គឺមានគោល​ដៅតែ២គត់​ដែលសំខាន់​ គឺទី១.ស្វែងរកការ​ចរចា​ឲ្យមាន​ការឈប់បាញ់ និងទី២.​គឺ​ដើម្បីផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនជាតិ​មីយ៉ាន់ម៉ា ​ដែលកំពុងរងគ្រោះដោយ​សារ​ការប្រឈម​នឹង​អត់អាហារ​ជាដើមនោះ។ជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ ​មានបណ្តា ប្រទេស​មហាអំណាចមួយចំនួន ​ដូចជាប្រទេសចិន ​អាមេរិក ​ជប៉ុន ​បារាំង​បានសម្តែងការគាំទ្រ និង​រំពឹងថា​កិច្ច​ចរចា​របស់​សម្តេចតេជោ ជាមួយ​នឹង​របប​សឹក​យោធាមីយ៉ាន់ម៉ានេះ​នឹង​ទទួល​បាន​លទ្ធផលល្អ​ដើម្បី​ផលប្រយោជន៍របស់ប្រជាជន​ និងប្រទេសមីយ៉ាន់ម៉ានោះ៕ អត្ថបទ៖ បាន ចក់

អាជ្ញាធរក្រុងស្ទឹងសែន ប្រជុំផ្ទៀងផ្ទាត់ផ្ទៃដីតំបន់ក្នុងភូមិសាស្រ្តក្នុងស្ទឹងសែន

2022/01/14 11:21:00 am        389
កំពង់ធំ៖ អាជ្ញាធរក្រុងស្ទឹងសែន បញ្ជាក់ថា ផ្ទៃដីតំបន់ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានពីរសង្កាត់ គឺសង្កាត់អូរកន្ធរ និងសង្កាត់ស្រយ៉ូវ សរុបមានចំនួនជាង៥ ៥៦៩ហិកតា។នៅថ្ងៃទី១៤ ខែមករាឆ្នាំ២០២២ រដ្ឋបាលក្រុងស្ទឹងសែន រៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់​ដីតំបន់បី​ឡើងវិញ។ តាមឯកសារបញ្ជាក់​របស់រដ្ឋបាលក្រុងស្ទឹងសែន បញ្ជាក់ថា ផ្ទៃដីតំបន់បីក្នុងភូមិសាស្រ្តក្រុង​ក្រុង​ស្ទឹងសែន​ទាំងមូល មានសរុបរួមចំនួនជាង ៥ ៥៦៩ហិកតា ក្នុងនោះ ផ្ទៃដីដែលបាន​អាស្រ័យផល សរុបរួមប្រមាណ ៣ ៥៤២ហិកតា ផ្ទៃដីអាងទឹកសរុបជាង ៥៧៣ហិកតា ផ្ទៃដីបឹងបួ ទំបន់ ប្រឡាយទឹក និងផ្លូវ សរុបចំនួនជាង២៣៧ ហិកតា និងផ្ទៃដីព្រៃលិចទឹកដែលនៅសេសសល់ ក្នុងដែន​សមត្ថកិច្ចរដ្ឋបាលជលផល ​មានចំនួនសរុបជាង ១ ២១៥ហិកតា។ ជាមួយគ្នានេះដែរ លោក ឆូយ កុសល អភិបាលរងក្រុងស្ទឹងសែន បញ្ជាក់ថា ព្រៃលិចដែលនៅ​សេសសល់​ជាង១ ២១៥ហិកតា ​ជាដីដែលធ្លាប់មានការទន្ទ្រាន ធ្វើស្រែមួយចំនួន ​ប៉ុន្តែមិនមានទឹក ប្រើប្រាស់សម្រាប់អាស្រ័យផលទើបធ្វើមានឲ្យមានព្រៃលិចទឹកដុះឡើងវិញ ដែលមាន​ប្រភេទ​ព្រៃភាគច្រើន​ មានព្រៃអញ្ជាញ ព្រៃស្បូវ ព្រៃត្រែង ដើមខ្ទំ និងប្រភេទព្រៃជំរកត្រីពងផ្សេងទៀត។ លោកបញ្ជាក់ថា ក្នុងចំណោមផ្ទៃដីសរុបទាំងអស់នេះ ​មានចំនួន១១២ក្បាលដី និងអ្នកតំណាង​ចំនួន ១១២នាក់។ ទន្ទឹមជាមួយគ្នានេះផងដែរ លោក ខ្ចៅ ប៊ុនហ៊ីម អភិបាលរងក្រុងបញ្ជាក់ដែរថា របាយការណ៍​ដែល​រដ្ឋបាលក្រុងស្ទឹងសែន​ចងក្រង​ឡើង គឺផ្អែកលើលទ្ធផលជាក់ស្តែង ​ស្ថានភាពពិតបច្ចុប្បន្ន ក្នុងភូមិសាស្រ្ត ​ដែលរដ្ឋបាលក្រុងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត។ ជាពិសេសកំពុងអនុវត្តន៍យ៉ាង​ម៉តចត់តាមអនុសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាទុកដី ព្រៃលិច តំបន់បីឡើងវិញ។គួរបញ្ជាក់ថា ឈ្មោះ១១២នាក់​ ដែលកាន់កាប់លើផ្ទៃដីតំបន់បី ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន មាន​ប្រជាពលរដ្ឋឈរឈ្មោះឲ្យសរុប ៣៣០គ្រួសារ ​ដែលដីទាំងអស់នេះ ក្នុងឆ្នាំ ២០១៥​ និងឆ្នាំ២០១៦ ការ​អនុញ្ញាត​ឲ្យកាន់កាប់ ​និងអាស្រ័យផលម្នាក់ចំនួន៥ហិកតា ​តែប៉ុន្តែ! ដូច្នេះ ​ឈ្មោះប្រជាពលរដ្ឋ ដែលអាស្រ័យផល ប្រមាណជាង ៣៣០គ្រួសារ ក្នុងបញ្ជីភាពច្រើនជាមនុស្សក្លែងក្លាយ មាន​ការ​ឃុបឃិតគ្នាជាប្រព័ន្ធ​ដាក់ឈ្មោះ ​ដើម្បី​បាន​ប្រើប្រាស់​ដី​តែ​ប៉ុណ្ណោះ៕

លោកជំទាវ ឃួន សុដារី ជំរុញអាជ្ញាធរកត់ត្រាទុកសំណូមពរពលរដ្ឋឲ្យច្បាស់លាស់ ដើម្បីដោះស្រាយ

2022/01/14 10:54:33 am        387
កណ្ដាល៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភាជាតិ និងជាប្រធានគណៈអចិន្ត្រៃក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក ខេត្តកណ្ដាល បានជំរុញទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវកត់ត្រានូវសំណូមពរ របស់ពលរដ្ឋឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយជូនពួកគាត់ ។ក្នុងសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកដាច់ ស្រុកលើកដែក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា បើតាមការពិនិត្យ ឃើញ ក្នុង​ពេលក្រុមការងារចុះសាកសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់ ​គ្រប់កាលៈទេសៈ ឃើញថាពួកគាត់​គ្រប់​ស្រទាប់ មានទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា និងចូលរួមយ៉ាង​សស្រាក់សស្រាំ​រាល់​ទុក្ខលំបាក ​និងភាពសប្បាយរីករាយនានា ។លោកជំទាវបន្តថា ពាក់ព័ន្ធការចុះសួរសុខទុក្ខនេះ ​អាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះនៅ​តាមខ្នងផ្ទះ​របស់​ប្រជាពលរដ្ឋឲ្យបាន​ញឹកញាប់​ ក្នុងមូលដ្ឋានរបស់ខ្លួន ​ដើម្បីស្វែងយល់ពីតម្រូវរបស់ពួកគាត់ និង​សំណូមពរផ្សេងៗ ​ហើយប្រមូលកត់ត្រាទុក ​នូវរាល់សំណូមពររបស់ពលរដ្ឋ ​ដើម្បីដោះស្រាយ និង​ចងក្រងជាគំនិតក្នុងការបំផុសចេញជាគោលនយោបាយ​ និងផែនការអភិវឌ្ឍ ។ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានអំពាវនាវទៅដល់ពលរដ្ឋទាំងអស់​ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ ​ឲ្យគ្រប់ចំនួនដូស​ ដែលរាជរដ្ឋាភិបាលបានអំពាវនាវជាបន្តបន្ទាប់ និងរួមគ្នាបន្តអនុវត្តនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យកម្ពុជា មានការឆ្លងរាលដាលខ្លាំងជាថ្មី ​នៃជំងឺកូវីដ១៩ ​ពិសេសប្រភេទបម្លែងថ្មីអូមីក្រុង ។គួរបញ្ជាក់ថា ​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​នៅអាណត្តិទី៥ ឆ្នាំ២០២២នេះ សមាសភាពបេក្ខជនគណបក្សប្រជាជនកម្ពុជា ​ឈរក្រុមប្រឹក្សាឃុំព្រែកដាច់ ស្រុកលើកដែល ពេញសិទ្ធិមានចំនួន ៧រូប និងបម្រុងមានចំនួន ៩រូប ៕

បារាំងនៅបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជានិច្ច បើទោះបីខ្លួនជួបវិបត្តិកូវីដ១៩ក្តី

2022/01/14 09:10:36 am        262
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលបារាំងនៅតែបន្តផ្តល់អហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាដដែល បើទោះបីខ្លួនកំពុងជួបនូវវិបត្តិកូវីដ១៩ក្តី ខណៈការផ្តល់នេះ គឺជាការរួមចំណែករបស់បារាំងក្នុងការជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីរៀបចំពិធីទទួលស្វាគមន៍គ្រូពេទ្យវ័យក្មេងកម្ពុជា ចំនួន៧៩នាក់ ដែលបានបញ្ចប់កម្មសិក្សារយៈពេលមួយឆ្នាំនៅតាមមន្ទីរពេទ្យនានា នៅប្រទេសបារាំង នាល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២នេះ នៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានលើកឡើងថា គោលនយោបាយរបស់រដ្ឋាភិបាល​បារាំង​គ្មាន​អ្វីប្រែប្រួលនោះទេ ​ចំពោះការផ្តល់អាហារូបករណ៍ ដល់សិស្ស និស្សិតកម្ពុជាបើទោះបីនាពេល​បច្ចុប្បន្ន​បារាំង​កំពុងជួបនូវបញ្ហាផ្នែកសុខាភិបាល ​ឬហៅថា​បញ្ហាមេរោគកូវីដ១៩ក្តី បារាំង​នៅ​តែ​បន្តផ្តល់ជានិច្ច ពោលគឺនៅតែបន្តផ្តល់ចាប់ពី ១៥០ទៅ២០០ដដែល​ជាមធ្យមក្នុងមួយឆ្នាំៗនោះ។លោក ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ទៀតថា ​និស្សិតកម្ពុជា ​ដែលបានទៅសិក្សានៅប្រទេសបារាំង តាមរយៈអាហារូបករណ៍ដែលរដ្ឋាភិបាលបារាំង​បានផ្តល់ជូននេះ គឺមានជំនាញទូទៅ ដូចជា​ផ្នែកច្បាប់ អក្សរសាស្ត្រ ​ពេទ្យ វិស័យអប់រំ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យជាច្រើនទៀត។លោក ហ្សាក់ ប៉ឺឡេ បាន​លើកឡើងទៀតថា ​សុខាភិបាលស្ថិតនៅក្នុង​ចំណោមវិស័យនានា នៃ​ភាពជាដៃគូដែលមានតាំងពីយូរលង់ណាស់មកហើយរវាងបារាំង ​និងកម្ពុជា ហើយក៏ជាវិស័យ​ដ៏​រស់រវើក និងសំខាន់បំផុតមួយផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៦មក និស្សិតកម្ពុជាផ្នែកវេជ្ជសាស្រ្ត និងឱសថសាស្រ្តជិតមួយពាន់នាក់ ​បានទៅបន្តការសិក្សានៅប្រទេសបារាំង ដើម្បីចាប់យក​ជំនាញ​វេជ្ជសាស្រ្ត ផ្សេងៗក្នុងក្របខ័ណ្ឌកម្មវិធី DFMS/A (សញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្ត​ជំនាញ/​វេជ្ជសាស្រ្ត​ជាន់ខ្ពស់)។ក្នុងចំណោម ៤៤ប្រទេស​កម្ពុជាស្ថិតក្នុងលំដាប់ទី៤នៃប្រទេសដែលបញ្ជូន​និស្សិត​ទៅ​សិក្សា​ផ្នែកសុខាភិបាល​នៅបារាំងច្រើនជាងគេ។ ក្រៅពីការបណ្តុះបណ្តាល ប្រទេសបារាំងក៏ផ្តល់ការគាំទ្រផងដែរដល់ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្រ្ត​នៅកម្ពុជា ​តាមរយៈការផ្តល់ជំនួយ​ដល់​គម្រោងនានា​ និងការបញ្ជូនមន្ត្រីជំនាញឱ្យមកបំពេញការងារ​នៅកម្ពុជា ​ដូចជាអ្នកជំនាញរបស់ទីភ្នាក់ងារ ANRS (ទីភ្នាក់ងារជាតិបារាំង​សម្រាប់​ការស្រាវជ្រាវ​វិស័យ​សុខាភិបាល)។ប្រទេសបារាំងក៏ជាអ្នកផ្តល់ជំនួយធំទី២ ដល់មូលនិធិសាកលសម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ របេង​ និងគ្រុនចាញ់ ​ដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជា​យ៉ាងហោចណាស់ ១០៨លានដុល្លារ​សម្រាប់​ឆ្នាំ២០២១-២០២៣៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលការចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃនេះ

2022/01/14 02:03:05 am        217
ភ្នំពេញ៖ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារកូវីដ-១៩។ សម្តេចបញ្ជាក់ថា គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារ និង៣កុំនោះទេ។នេះបើយោងតាមហ្វេសប៊ុក​របស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២២នេះ ដោយសម្ដេចតេជោ មានប្រសាសន៍ថា ថ្ងៃនេះខ្ញុំ ​និងភរិយាចាក់វ៉ាក់សាំងដូសជំរុញ​ដើម្បី​ការពារកូវីដ.១៩។ សម្ដេច បានបញ្ជាក់ទៀតថា គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំង​គួបផ្សំ​ជាមួយវិធានការសុខាភិបាល៣ការពារ និង៣កុំនោះទេ។សម្ដេច មានប្រសាសន៍ថា ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការ​ពារ​ខ្ញុំមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។ ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិន​អាចការពារ​ខ្ញុំបានដែរ។ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយគឺមាន​តែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះ​ទើប​អាចការពារខ្លួនខ្ញុំបាន។សម្តេចតេជោ ហ៊ុន សែន ក៏​សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗគ្នា​ទាំងដូសមូលដ្ឋានទាំងដូសជំរុញដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិយើង៕

មន្ដ្រី ប.ស.ស អះអាងថា នៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តី និងកម្មការិនីពពោះ

2022/01/13 02:16:12 pm        604
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់នៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនដល់កម្មករនិយោជិតជាស្រ្តីសម្រាលកូនរួច ខណៈរយៈពេលមួយឆ្នាំពេញ២០២១ រដ្ឋបានបើកប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនរួច ចំនួនសរុបជាង ៦ម៉ឺន ៥ពាន់នាក់។ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២២នេះថា គិតចាប់ពីខែមករា ​រហូតដល់ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បេឡាជាតិរបបសន្តិសុខសង្គម បានបើកសាច់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលដល់ស្រ្តី​សម្រាល​កូនរួច​ចំនួន​សរុបជាង ៦៥ ១០០នាក់ ក្នុងនោះចំនួនកូនមានជាង ៦៥ ៥០០នាក់ ដោយចំណាយទឹកប្រាក់​អស់​ប្រមាណ​ជាង ១៤ពាន់លានរៀល​ ស្មើនឹងប្រមាណជាង ៣,៦លានដុល្លារអាម៉េរិក។ ឯកឧត្តម បានឲ្យដឹងទៀតថា ការផ្តល់ជូនប្រាក់ឧបត្ថម្ភនេះ បើធៀបទៅនឹងឆ្នាំ២០២០កន្លងទៅ​នេះ​ឃើញថា ស្រ្តីសម្រាលកូនមានការថយចុះជាង ​១១ ០០០នាក់ មានកូនជាង ​១២ ០០០នាក់។ បន្ថែមពីលើនេះ​ ឯកឧត្តម បានបញ្ជាក់ដល់កម្មករ កម្មការិនីទាំងអស់ថា នៅពេលមានបញ្ហាសុខភាព ឬជួបគ្រោះថ្នាក់ដោយចៃដន្យ អាចទៅប្រើប្រាស់សេវាថែទាំសុខភាពនៅគ្រប់មូលដ្ឋាន​សុខាភិបាល​ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម ​បាន២៤លើ២៤ម៉ោង ហើយ​សម្រាប់ស្ត្រីដែលមានផ្ទៃពោះ ឬសម្រាលរួច អាចមកដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភ ឬមកបើកប្រាក់​ឧបត្ថម្ភ​របស់រដ្ឋាភិបាលបានដដែល​ ដោយបេឡាជាតិរបបសន្តិសុខសង្គមនៅតែចាំទទួល និង​ដោះស្រាយគ្រប់បញ្ហាដល់សមាជិកទាំងអស់គ្រប់ពេលវេលា។សូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូន ​ក្នុងនោះសំរាប់ស្រ្តីសម្រាលកូនមួយ (ទោល) ទទួល​បានប្រាក់ចំនួន៤០ម៉ឺនរៀល, កូនភ្លោះ២ (ពីរនាក់)ទទួលបាន៨០ម៉ឺនរៀល, កូនភ្លោះ៣ ទទួលបាន ១២០ម៉ឺនរៀល។ លើសពីនេះទៀត ចំពោះកូនភ្លោះ០៣នាក់ ជាកូនរបស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលបន្ថែមទៀតពី​សម្តេចតេជោ​ផ្ទាល់ផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

ពលរដ្ឋខេត្តតាកែវចំនួន៣៩ភាគរយហើយ ​ដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣

2022/01/13 12:54:34 pm        425
តាកែវ៖ ដំណើការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ រហូតមកដល់ពេលនេះ សម្រេចបាន៣៩ភាគរយហើយ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តតាកែវ។លោក​វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋចំនួនជាង ២០ម៉ឺននាក់ នៅក្នុងខេត្តតាកែវ ឬប្រមាណ ៣៩ភាគរយ បានចាក់ដូសទី៣ ឬដូសជម្រុញរួចរាល់ហើយ ហើយក្រុមគ្រូពេទ្យក៏កំពុងតែបន្តសកម្មភាពចាក់ជារៀងរាល់ថ្ងៃផងដែរ ។ដោយឡែកអាជ្ញាធពាក់ព័ន្ធរួម​ និងអាជ្ញាធមូលដ្ឋានកំពុងតែជម្រុញ​អោយបងប្អូនប្រជាពលរដ្ឋចូល​មកចាក់ដូសទី៣ ​អោយបានគ្រប់គ្នាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការ​ឆ្លងរីក​​រាលដាល​ជំងឺកូវីដ១៩ ជាពិសេសជំងឺបំលែងខ្លួនថ្មីអូមេក្រុង ដែលបានចាប់ផ្ដើមឆ្លង​ចូល​សហគមន៍​នៅក្នុងប្រទេសកម្ពុជាយើង។លោក កេត ម៉ៅ អភិបាលសំរោង បានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវីឲ្យដឹងថា សម្រាប់ស្រុកសំរោង​ដែល​ដំណើរការចាក់វ៉ាក់សាំងលើកទី៣ ដែលជាដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅ ដោយក្រុមគ្រូពេទ្យទ័ពអាកាសរបស់ក្រសួងការពារជាតិ ក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ សម្រេច​បានលទ្ធផលប្រមាណ ៩៥ភាគរយហើយ ។ ក្រុមគ្រូពេទ្យ​ក៏​កំពុងតែបន្តចាក់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជារៀងរាល់ថ្ងៃ បន្តទៀតផងដែរ។បើតាមលោកអភិបាលស្រុកសំរោង ក្រុមគ្រូពេទ្យ ក៏​បានចាប់ផ្ដើមចាក់ដូសទី៣ ដែល​ជា​ដូសជម្រុញ​ជូន​ដល់យុវជន និងកុមារអាយុ១២ឆ្នាំដល់១៧ ​ដែលដំណើរការបាន២ថ្ងៃ សម្រេចបានជាង ២ពាន់​នាក់​ ឬប្រមាណជាង ១០ភាគរយ​នៃយុវជន​និងកុមារនៅ​ក្នុង​ស្រុកសំរោង​ដែល​ត្រូវ​ចាក់វ់ាក់សាំង។ គួរបញ្ជាក់ថា សម្រាប់ខេត្តតាកែវ​ប្រជាពលរដ្ឋ​ដែល​បានចាក់​វ់ាក់​សាំង​បង្កាជំងឺកូវីដ១៩ លើកទី១​មានចំនួនជាង៨០ម៉ឺននាក់ ឬជាង៩៨ភាគរយ អ្នកដែលបានចាក់វ់ាក់សាំងដូសទី២ មាន​ចំនួន៩១ភាគរយ ​និងការចាក់លើកទី៣ទើបតែបានចំនួន៣៩ភាគរយប៉ុណ្ណោះ៕

ពលរដ្ឋខេត្តបាត់ដំបង៩នាក់ ​ពាក់ព័ន្ធ​ទេសចរ​បរទេសឆ្លងអូមីក្រុង ត្រូវបានរកឃើញវិជ្ជមានDelta ម្នាក់

2022/01/13 12:25:08 pm        403
បាត់ដំបង៖ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចំនួន ៩នាក់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទេសចរជនជាតិស្វីស២នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ត្រូវបានរកឃើញវិជ្ជមានDeltaម្នាក់ ខណៈ៨នាក់ទៀតអវិជ្ជមាន។លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានថ្លែងថាបន្ទាប់ពីអ្នកទេសចរជនជាតិស្វីស២នាក់ ឆ្លងអូមីក្រុង មន្រ្តីសុខាភិបាល បាន​ចុះ​ស្រាវ​ជ្រាវ និង​ធ្វើ​សំណាកលើ​អ្នក​ពាក់ព័ន្ធទាំងអស់ចំនួន ៩នាក់ ​កាលពីយប់ថ្ងៃទី ​១១ខែមករាឆ្នាំ២០២២។ជាលទ្ធផលដែលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័របង្ហាញថា មានម្នាក់ឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី​ប្រភេទDelta និង៨នាក់ទៀតអវិជ្ជមានត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក​ និងបន្តតាមដានសុខភាព។ប្រធានមន្ទីរសុខាភិបាលបញ្ជាក់បន្ថែមថា អ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីDeltaម្នាក់នោះ មានស្ថានភាព​សុខភាពល្អប្រសើរ និងជិតជាសះស្បើយឡើយវិញហើយ ខណៈអ្នកវិជ្ជមានរូបនេះត្រូវបាន​សន្និដ្ឋានថា​ឆ្លងកូវីដមុនពេលប៉ះពាល់ជាមួយអ្នកទេសចរបរទេស។ សូមរំលឹកថា​ អ្នកទេសចរជនជាតិស្វីស២នាក់​ ដែលបានស្នាក់នៅ និងធ្វើដំណើរកម្សាន្តក្នុងទឹកដី​ខេត្តបាត់ដំបង ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានដាក់​ឱ្យ​សម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន(បន្ទប់លេខ ICU)៕

កម្ពុជា-ហ្វីលីពីន​បន្តពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​លើ​គ្រប់វិស័យ

2022/01/13 11:44:51 am        632
ភ្នំពេញ៖ នៅក្នុងកិច្ចជំនួបទ្វេភាគី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ម្សិលមិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនលើកិច្ចសហប្រតិបត្តិ ទ្វេភាគី ទំាងក្របខណ្ឌប្រទេស និងតំបន់។នៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ខណៈនៅក្នុងឆ្នាំ២០២២នេះ​កម្ពុជា​ទទួល​ធ្វើជាប្រធានអាស៊ាននោះ សម្ដេចសង្ឃឹមថា​ប្រទេសហ្វីលីពីននឹងបន្តចូលរួមគាំទ្រ​ដល់​ការបំពេញតួនាទីនេះរបស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជា​រួមចំណែក​ដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា​ និងហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលរួមមានទី​មួយ​គឺវិស័យសន្តិសុខ និងទីពីរគឺពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលថ្នាក់​ក្រោមជាតិនោះ សម្ដេចក្រឡា​ហោម បានសម្ដែងក្ដីសង្ឃឹមថា​ ភាគីទាំងពីរនឹងបន្តពង្រីកកិច្ច​សហប្រតិបត្តិការនេះ​ឲ្យកាន់តែទូលំទូលាយ​ថែមទៀត ជាពិសេសទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង​ការចែករំលែកបទពិសោធន៍ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតផងដែរ ពាក់ព័ន្ធទៅនឹងដំណើរការកំណែ​ទម្រង់​រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាដែរ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកំពុងអនុវត្តផែន​ការជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី២របស់ខ្លួន។សម្ដេច ក៏បានជម្រាបជូនទៀតថា សម្ដេចពិតជាមានមោទនភាពដែលបានមើលឃើញ​នូវលទ្ធផល​នៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជានាពេលកន្លងមក និងថានៅដំណាក់កាលទី២នេះ​ក៏ជាដំណាក់កាលដ៏មានសារៈសំខាន់ក្នុងការផ្ទេរនូវធនធាន និងអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែរ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ អ្នកស្រីMaria Amelita C.Aquino បានជម្រាបសម្ដេចក្រឡា​ហោម​ឧបនាយករដ្ឋមន្ត្រី នូវការចូលរួមសម្ដែងការអបអរសាទរចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបញ្ហាជំងឺកូវិត១៩ និងបានសម្ដែងការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក​យ៉ាង​សកម្មរបស់ក្រសួងមហាផ្ទៃក្នុងការសម្រេចបាននូវជោគជ័យទៅលើការងារគ្រប់គ្រង ក៏ដូចជា​យុទ្ធនាការ​ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។ អ្នកស្រី ក៏បានជម្រាបជូនសម្ដេចក្រឡាហោមទៀតថា ហ្វីលីពីននៅតែបន្តគាំទ្រកិច្ច​សហប្រតិបត្តិការ​ជាមួយកម្ពុជា ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងនឹងបន្តចូលរួមគាំទ្រ​រាល់ព្រឹត្តិការណ៍ ដែលក្រសួងមហាផ្ទៃត្រូវធ្វើជាប្រធានដឹកនាំនៅក្រោម​ក្របខណ្ឌ​នៃអាស៊ាននេះ​ផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌ​អាស៊ាន លោកស្រី ក៏បានសម្ដែងនូវចំណាប់​អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសនៅក្នុងវិស័យសន្តិសុខ ដែលមានកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំង​បទ​ល្មើសឆ្លងដែន បញ្ហាគ្រឿងញៀន ​បញ្ហាបទល្មើសបច្ចេកវិទ្យា ​និងអំពើជួញដូរមនុស្សជាដើម ដែល​កិច្ចការទាំងនេះមួយផ្នែកធំស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

UNសាទរ​សម្តេច​តេជោ ជាប្រធានអាស៊ាន​បានដើរតួរនាទី​ក្នុង​ស្មារតី​ជា​បន្ទាន់​ជួយ​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា

2022/01/13 10:46:56 am        551
ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ តាមរយៈបេសកជនពិសេសរបស់ខ្លួន បានសម្ដែងនូវការសាទរ និងរីករាយចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានដើរតួនាទីក្នុងស្មារតីជាបន្ទាន់ ចូលរួមជួយសម្របសម្រួលដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ក្នុង​ជំនួប​តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១៣មករា រវាងសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ​លោក​ជំទាវ​បណ្ឌិត ណូលីន ហេយហ្សឺ(Noeleen Hayze​r​)​ បេសកជនពិសេស​រប​ស់​អ​គ្គ​លេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​បញ្ហាមីយ៉ាន់ម៉ានេះ ​បើតាមឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអម​នាយ​ករដ្ឋមន្ត្រី​ បាន​ឱ្យ​ដឹង​ថា៖​ លោកជំទាវ បណ្ឌិត ណូលីន ហេយហ្សឺ​ និងសម្ដេ​ច​តេ​ជោ​នា​យ​ក​រដ្ឋមន្ត្រី ធ្លាប់​បាន​ជួប​គ្នា​ម្ដង​រួចមកហើយ​កាល​ពីឆ្នាំ២០១២​ ពេលនោះ​​លោ​ក​ជំ​ទា​វ​បា​ន​ម​កបំពេញទស្សនកិច្ចនៅ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌអង្គ​ការ«អេស្កេប​»​ ហើយពេលនេះ ​គឺជួបក្នុង​ក្រប​ខណ្ឌកិច្ចសហការរវាងអាស៊ាន និង អង្គការសហប្រជាជាតិ ​ដោយសារឆ្នាំនេះកម្ពុជា​ជា​ប្រធាន​អាស៊ាន ហើយ​លោកជំទាវជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ​។លោក​ជំទាវក៏​បាន​សាទរចំពោះ​សម្តេច​តេជោ ដែលបានដើរតួរនាទីក្នុងស្មារតី​ជាបន្ទាន់ជួយ​ដោះ​ស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​ ។ឯកឧត្តម បានឱ្យដឹងដែរថា៖ សម្ដេច​តេជោ​ក៏​បាន​អរគុណ​លោក​ជំទាវ​បណ្ឌិត ​ណូលីន ហេយហ្សឺ ដែល​កន្លង​មក​បាន​ធ្វើការ​ជា​មួយ​​គ្នា, ​ហើយលើកនេះ ជា​មួយ​នឹងការសាទរចំពោះលោក​ជំទា​វ​ដែលត្រូវ​បា​ន​តែ​ង​តាំ​ង​ឱ្យដើរតួនាទី​ជាបេ​ស​កជន​ពិសេស​របស់​អគ្គ​លេ​ខា​ធិ​កា​រ​អ​ង្គការ​ស​ហប្រជាជាតិ​ស្ដីពីមីយ៉ាន់ម៉ា​ សម្ដេច​ក៏មា​នប្រសា​សន៍ថា ​ដំណើរ​ទស្សន​កិច្ចការងាររបស់សម្ដេចទៅ​​មី​យ៉ា​ន់​ម៉ា​កន្លងទៅនេះ ​ការងារសំខាន់គឺមិនចេញឆ្ងាយពី​ធម្មនុញ្ញអាស៊ាន និងកុង​សុង​ស៊ីស៥ចំណុច ដែលអាស៊ាន​បានឯកភាពគ្នា​ជា​ឯកច្ឆន្ទរួចហើយនោះទេ។ សម្ដេច បានគូសបញ្ជាក់ថា ថ្វីត្បិតឆ្នាំ២០២១ ការងាររបស់អាស៊ានមិនបានដើរដោយរលូន ដូច្នេះ​បញ្ហា​នៅសល់មកដល់នៅឆ្នាំ២០២២ ​កម្ពុជាធ្វើ​ជា​ប្រធាន​អាស៊ានគោលដៅសំខាន់​របស់​សម្ដេច​គឺទៅកាន់មីយ៉ាន់ម៉ា​ ដើម្បីរកមធ្យោបាយ​បញ្ឈប់​ហិង្សា ​និង​បទ​ឈ​ប់​បាញ់​។សម្តេច​ថា យើងមិនអាចនៅជាប់គាំងក្នុងស្ថានភាពបែបនេះបានទេ ​គឺត្រូ​វ​រ​ក​មធ្យោបាយ ​ដើម្បី​ទម្លុះ​ទម្លាយ​ស្ថាន​ភាព​ដែល​ជាប់គាំង ​ដោយ​ត្រូ​វ​ជំរុញ​កា​រ​ចរចា ​ជា​ពិ​សេ​ស​ផ្ទៃ​ក្នុ​ងអាស៊ាន ​គឺត្រូ​វ​តែ​ធ្វើ​កា​រ​ជាមួយ​គ្នាដើ​ម្បី​ឲ្យ​មាន​ការឯក​ភាព​។សម្ដេចនៅតែគូសបញ្ជាក់​ អំពីការងារពីរជាអាទិភាព ​ក្នុងចំណោមកុងសុងស៊ីស​៥ចំណុច ,ទី១.គឺផ្តោ​ត​ជា​សំខាន់​ទៅ​លើបទ​ឈប់បាញ់ និងបញ្ឈប់ហិង្សា, និងទី២.ការ​ផ្ដល់​ជំនួ​យ​មនុ​ស្ស​ធ​ម៌​ចូល​ទៅ​ប្រទេស​មី​យ៉ាន់​​ម៉ា​ដោយ​គ្មាន​ការ​រើស​រើង​សម្រាប់​អ្នកដែលត្រូវការជំនួយ។សម្តេ​ច​ បា​ន​គូសបញ្ជាក់ថា​ អ្វីដែលសំខាន់គឺយើង​ត្រូ​វ​តែ​ធ្វើ​កា​រ​ជា​មួ​យ​គ្នា​ដែ​ល​មិ​ន​មែ​ន​តែ​អា​ស៊ា​ន​ទេ​គឺ​ពី​គ្រប់ភាគី​ពាក់​ព័ន្ធ​រួមទាំង​អង្គការសហប្រជាជាតិតែម្តង។សម្ដេចបន្តថា នឹងធ្វើយ៉ាងណាជំរុញឲ្យមានអាស៊ានមាន«ត្រូយកា»​ដែល​​មានកម្ពុជា​ជាប្រធាន​អាស៊ាន​បច្ចុ​ប្ប​ន្ន​,​ អ​តី​ត​ប្រ​ទេ​​សប្រុ​​យ​ណេប្រធានអាស៊ាន ​និង​អនាគត​ប្រទេស​ឥណ្ឌូនេស៊ី ​ជា​ប្រ​ធាន​អាស៊ាន​បូក​នឹង​អគ្គលេខាធិការអាស៊ាន​ ដើម្បីជំរុញការងារ​សម្រប​សម្រួលកា​រងា​រ ​អំ​ពី​ប​ទ​ឈ​ប់​បាញ់ និង​កា​រងារមនុស្ស​ធម៌​ដែលជាការងារអាទិភាព។ សម្ដេច បា​ន​មានប្រសាសន៍​បន្តថា​ តួនាទីទាំងនេះ ប្រេ​សិ​ត​ពិ​សេស​ រ​ប​ស់​ប្រ​ធា​ន​អាស៊ាន​,អគ្គ​លេខាធិការអាស៊ាន និង ​មជ្ឈ​ម​ណ្ឌ​ល​អា​ហា​រ ​រួ​ម​ទាំ​ង​កា​រ​ស​ម្រ​ប​ស​ម្រួ​ល​គ្រប់ភាគីនៅមី​យ៉ាន់ម៉ា​រួម​ទាំង​ពីភាគី​អង្គ​ការ​សហប្រជាជាតិធ្វើការជាមួយគ្នា​ ជាពិសេ​ស​ក្នុ​ង​ការិយាល័យណា​មួ​យ​រ​ប​ស់អង្គកា​រ​ស​ហ​ប្រ​ជា​ជា​តិ​ដែ​ល​លោ​ក​ជំ​ទាវអាច​ចូល​រួម​ចំណែក​បាន​។លើសពីនេះទៀតស​ម្ដេ​ច​តេ​ជោ​និ​ង​លោ​ក​ជំ​ទា​វ​មា​ន​កា​រ​ឯ​ក​ភា​ព​គ្នា​ត្រូ​វ​តែ​មា​ន​កា​រ​ងា​រ​ប​ន្ទា​ន់​ ជា​ពិ​សេ​ស​បញ្ឈប់​នឹង​បទឈប់បាញ់។ ​លោកជំទាវ​បាន​ជាអ​រ​គុ​ណថ្មីចំពោះសម្តេចតេ​ជោដែ​ល​បា​ន​និ​ងកំពុង​ធ្វើនេះ​ព្រោះ អង្គ​ការ​សហប្រជា​ជា​តិ​បា​ន​មើ​ល​ឃើ​ញ​តួ​នា​ទី​ដ៏​សំ​ខា​ន់​របស់​អ​ង្គ​កា​រ​តំ​ប​ន់​ដូ​ច​ជា​អា​ស៊ាន​ជាដើមនេះ​ហើយ​ជំទាវ​បានប្ដេជ្ញាថា ​នឹងធ្វើការងារជាមួយអាស៊ាន​ និងប្រធានអាស៊ាន ជាពិ​សេ​ស​ធ្វើ​យ៉ា​ង​ណា​កុំឲ្យ​​ស្ថាន​ភា​ព​នៅ​មី​យ៉ាន់​ម៉ាធ្លាក់​ចុះ​ជាង​បច្ចុប្បន្ន​ ជាពិ​សេសលោកជំ​ទាវនៅតែគិត​ថា​តួ​នា​ទី​ប្រ​ធា​ន​អា​ស៊ា​ន​និ​ង​ភា​គី​​ពា​ក់​ព័​ន្ធ​នឹងខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កុង​សង់​ស៊ីស៥​ចំណុច ហើយ​លោកជំទា​​វ​ក៏​មានប្រសា​ស​ន៍​​ថា ​យើ​ង​ត្រូវ​​តែ​ជំ​រុ​ញធ្វើយ៉ាង​ណា​ឱ្យ​​នៅពេល​ខាងមុខ​អាស៊ាន​និង​អង្គការ​សហប្រជាជាតិនៅធ្វើកា​រជាមួ​យ​គ្នា​បា​ន​ជិ​ត​ស្និ​ទ្ធ​។​ ជា​ចុ​ងក្រោយស​ម្ដេ​ច​តេ​ជោ​ បា​ន​ស្នើ​ឲ្យ​លោ​ក​ជំទាវ​ធ្វើ​ការងារផ្ទាល់ជាមួយប្រេសិត​ពិសេសរបស់​ប្រធាន​អាស៊ាន គឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​និង​សហការជាមួយអង្គការស​ហប្រជា​ជា​តិ ​ដើ​ម្បី​ដោះ​ស្រា​យវិបត្តិ​នៅមីយ៉ាន់​ម៉ា៕អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហគ្រាសក្នុងស្រុកកំពុងជំរុញផលិតយ៉ាងផុលផុស ផ្គត់ផ្គង់លើទីផ្សារ ខណៈកម្ពុជាកំពុងជួបវិបត្តិ
08/04/2025 08:08 PM
ជនសង្ស័យស្ថិតក្នុងដំណើរការកាត់ទោស ពាក់ព័ន្ធនឹងការវាយប្រហារកន្លែងប្រគុំតន្ត្រីសម្លាប់មនុស្ស ១៤៩នាក់ នៅមូស្គូ
08/04/2025 08:08 PM
អ៊ីរ៉ង់៖ ការទទួលខុសត្រូវរបស់អាមេរិក ចំពោះការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ គឺជាផ្នែកនៃកិច្ចពិភាក្សា នាពេលអនាគត
08/04/2025 08:08 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​១៥.០០០​ដុល្លារ រួមជាមួយស្បៀង​ និងសម្ភារមួយចំនួនទៀត ចំពោះកាកបាទក្រហមកម្ពុជា ​សម្រាប់ជួយដល់ប្រជារាស្ត្រភៀសសឹក...!!
08/04/2025 08:08 PM
កងកម្លាំងអ៊ុយក្រែនវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ី នៅគ្រីម៉ា ដោយយន្តហោះ ១គ្រឿង ត្រូវបានបំផ្លាញ ខណៈ ៤គ្រឿងខូចខាត
08/04/2025 07:08 PM
ក្រសួងការងារនាំយកឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប
08/04/2025 07:08 PM
ភាពអត់ឃ្លានកើនឡើង ហើយទីបញ្ចុះសពមានកាន់តែច្រើន នៅទីក្រុង Al-Fashir របស់ស៊ូដង់
08/04/2025 07:08 PM
TOP STORY | សម្ដេចតេជោ៖«សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, នៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ»!
08/04/2025 07:08 PM
វិមានក្រឹមឡាំង៖ លោក Putinអាចជួបប្រេសិតពិសេសអាមេរិកក្នុងសប្តាហ៍នេះ
08/04/2025 07:08 PM
ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្ស ១៥នាក់នៅប្រទេសហ្គីណេ
08/04/2025 07:08 PM