TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បង្កើនការចាក់វ៉ាក់សាំងដូសទី៤ និងដូសជំរុញ ជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ

2022/01/17 11:40:00 am        408
ភ្នំពេញ៖ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញ ឬដូសទី៣ និងដូសមូលដ្ឋានជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង។បើតាមលោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា ថ្ងៃនេះមនី្ទរពេទ្យ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ តាមរយៈការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការ​ចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង។ជាពិសេសការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា បានដំណើរការទៅយ៉ាង​ល្អប្រសើរ ដោយមានការសហការជាមួយអាជ្ញាធរភូមិ​ សង្កាត់ ខណ្ឌ ព្រមទាំងមានការចូលរួមពី​សំណាក់​របស់ប្រជាពលរដ្ឋ ​ស្វែងយល់បន្ថែមពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បី​ជៀសផុត​ពីមេរោគរាតត្បាតដ៏កាចសាហាវនេះ។ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​បានបង្ហាញកី្តរំភើបសប្បាយរីករាយ ដែលពួកគាត់បានមកទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុ​ង​កាលៈទេសៈដ៏លំបាក​នេះ​ សម្តេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង ​និងការបញ្ជាទិញវ៉ាក់សាំង មកចាក់​ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃថវិកា។ជាមួយគ្នានោះដែរ ក្នុងនាមលោកវេជ្ជបណ្ឌិត តំណាងឲ្យលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរ​ពេទ្យ​បង្អែករាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញមកទទួលសេវានៅក្នុង​មនី្ទរពេទ្យ​បង្អែករាជធានីភ្នំពេញ ដោយយើងមានរៀបចំចាត់ចែងកម្លាំងក្រុមការងារគ្រូពេទ្យ​ចំនួន​០៨ក្រុម ​ដើម្បីផ្តល់ការចាក់វ៉ាក់សាំង​ ជូនបងប្អូនប្រជាពលរដ្ឋ។ក្រៅពីនោះ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ក៏ដំណើរការជាធម្មតា ក្នុងការពិនិត្យព្យាបាលជំងឺជូន​ប្រជាពលរដ្ឋ ដូចជាផ្នែកសង្រ្គោះបន្ទាន់ សេវាសម្រាលកូន សេវារោគស្រី្ត សេវាវៈកាត់ សេវាពិនិត្យ ព្យាបាលជំងឺទូទៅ ​ត្រចៀក ច្រមុះ បំពង់ក សើស្បែក ​ជំងឺកុមារ ភ្នែក ជំងឺផ្លូវចិត្ត និងសេវា​អមវេជ្ជសាស្រ្ត​ផ្សេងៗទៀត (ពិនិត្យឈាម អ៊ិចសារ៉េ វិទ្យុសាស្រ្ត និងអេកូសាស្រ្ត)ផងដែរ៕ អត្ថបទ រដ្ឋា

អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនបន្តសហការរួមគ្នាលើកតម្លៃបរិវេណប្រាសាទតាកែវ

2022/01/16 01:13:25 pm        813
សៀមរាប៖ អាជ្ញាធរជាតិអប្សា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៦ ខែមករានេះថា អាជ្ញាធរជាតិអប្សរា បាននឹងកំពុងអនុវត្តគម្រោង ដើម្បីលើកតម្លៃបរិវេណប្រាសាទតាកែវ ។ឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សា បានបន្ថែមថា ដោយ​ពិនិត្យ​ឃើញថា ផ្លូវដែលភ្ជាប់ពីប៉ែកខាងត្បូងទៅខាងលិចនៅប្រាសាទតាកែវ ​បាន​សាងសង់លើកសិន្ធុនៃប្រាសាទ ដែល​ធ្វើឱ្យបាត់បង់តម្លៃបុរាណវិទ្យា ប្រវត្តិសាស្រ្ត និងភាពអស្ចារ្យនៃបរិវេណនោះ និង​ក្នុង​គោលបំណងផ្ដល់ឱ្យភ្ញៀវទេសចរ ​មានឱកាសទស្សនាប្រាសាទផ្សេងៗ នៅក្បែរនោះដូចជា ប្រាសាទរមាស់ ប្រាសាទតានៃ និងអ័ក្សផ្លូវបុរាណដ៏សំខាន់មួយ ដែលភ្ជាប់ពីខ្លោងទ្វារជ័យ​នៃ​អតីតរាជធានីអង្គរធំ ​មកកាន់កំពង់ទឹកបុរាណនៃបារាយណ៍ខាងកើតជាដើម។អាជ្ញាធរជាតិអប្សរា ​បាននិងកំពុងរៀបចំអនុវត្តផ្លូវទស្សនា ស្ថិតនៅប៉ែកខាងកើតភ្ជាប់ទៅ​ខាងជើង​នៃប្រាសាទតាកែវជំនួសវិញ។ដោយសារ​លទ្ធភាព​ថវិការបស់​អាជ្ញាធរជាតិអប្សរា​មានត្រឹមតែ​អ៊ុតបេតុងកៅស៊ូ(AC)ពីលើប៉ុណ្ណោះ ​ទើបលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បាន​ចំណាយធនធានផ្ទាល់ខ្លួន​រួមចំណែក​ជាមួយ​អាជ្ញាធរជាតិអប្សរាក្នុងការធ្វើគ្រឹះផ្លូវថ្មីនេះ ​ដែលមានប្រវែងជាង ៧០០ម៉ែត្រនិងទទឹង៦ម៉ែត្រ។បច្ចុប្បន្នការងារខាងលើនេះ ​សម្រេចបានប្រហែល ៨០%ហើយ។ឯកឧត្ដម បានបញ្ជាក់ថា សមិទ្ធផល​កសាង​កន្លងមក រួមមាន ​ការជួសជុលរហាត់ទឹក ប្រាសាទស្រះស្រង់ ​ខ្លោងទ្វារតាកាវ ព្រះពុទ្ធបដិមាលើរួតបាកាណលើកំពូលប្រាសាទអង្គរវត្ត ផ្តល់ថ្មបាយក្រៀមចំនួនមួយម៉ឺនដុំ ​ចូលរួមរៀបចំបរិវេណមុខភ្នំបាខែង ​ស្តារពើកនៅកសិន្ធុអង្គរធំ ចូលរួមដាំ ​និងចែកដើមឈើ។ល៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនបន្តវេនរបស់គណបក្សប្រជាជន ត្រូវមាន​ជំហរ​រឹងមាំ ក្នុងការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ

2022/01/16 12:55:58 pm        600
កំពង់ឆ្នាំង៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹងឱ្យបានច្បាស់លាស់នូវរបត់ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក ដើម្បីធានាបាននូវការ ថែរក្សា ការពារសុខសន្តិភាពលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ន ។ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្តាល និងជា​ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាស សមាសភាព​ក្រុមការងារ​យុវជន​គណបក្ស​ខេត្តកំពង់ឆ្នាំង ​កាលពីថ្ងៃទី១៥ ​ខែមករា ​ម្សិលមិញនេះ។ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការរំលឹកថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំ សមាជិក​សមាជិកា បាន​ស្រោចស្រង់​ជីវិតរបស់ពលរដ្ឋកម្ពុជា បានចំនួនបីដងធំៗរួចមកហើយរួមមាន៖ ទី១.ការរំដោះប្រជាពលរដ្ឋ​ចេញពីការ​សម្លាប់​រង្គាល​របស់​របបប៉ុលពត​ ទី២.ការជួយ​ពលរដ្ឋឱ្យចាកចេញពី​សង្គ្រាម​បង្ហូរឈាម​រវាង​ខ្មែរ និងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយ​នាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទី៣.ការយកឈ្នះ​លើ​សមរភូមិកូវីដ-១៩​ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៏ខ្លី ដោយសម្តេចតេជោ​បានធ្វើ​ការ​សម្រច​ចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ តាមរយៈការ​ពិចារណា​វិនិច្ឆ័យ​ និង​សម្រេច​អារកាត់​រហ័ស ​ ទាន់ ពេលវេលា ​ទាំងក្នុងការទិញ​វ៉ាក់សាំង​ និងការចំណាយថវិកា​ព្យាបាលប្រជាពលរដ្ឋ រហូតបង្ក​លក្ខណៈឱ្យមានការបើកដំណើ​ការប្រទេសឡើងវិញ​លើ​គ្រប់​វិស័យ​ព្រម​ទាំង​បន្តស្រោចស្រព​ វ៉ាក់សាំងដូសជំរុញទីបី និងទីបួន ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាច សាហាវនេះ។ ទាំង​នេះ​គឺជា​សមិទ្ធផល​ដ៏មិនអាចកាត់ថ្លៃពុំបាន​ដែលប្រមុខដឹកនាំ​គណបក្សប្រជាជន​និងសមាជិក សមាជិកាបានខិតខំប្រឹងប្រែងលើសពីការងារ​ស្នូលរបស់ខ្លួន​ក្នុងបុព្វហេតុការពារអាយុជីវិត ពលរដ្ឋ ធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិ។ឯកឧត្តម ប្រធានយុវជនថ្នាក់កណ្តាល បានគោរព និងកោតសរសើរនូវគំរូវីរភាពរបស់យុវជន ជំនាន់មុនដែលជាគំរូពោរពេញដោយភាពអំណត់អត់ធន់ព្យាយាម និងក្តីសង្ឃឹម ព្រមទាំង​មានចក្ខុវិស័យ និងការ​ផ្តួចផ្តើម​ខ្ពស់​ក្នុងការតស៊ូរំដោះជាតិ ចេញពីរបបខ្មៅងងឹត​បែកបាក់​ខ្ទេចខ្ទាំ ឱ្យមក​ជា​មានការរៀបចំ​ដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ ដូច្នេះ ជាយុវជនជំនាន់ក្រោយត្រូវចង់ចាំ និងអនុវត្តតាមគំរូវីរភាពដ៏ប្រពៃថ្លៃថ្លាល្អផូរផង់នៃអ្នកដឹកនាំ ជំនាន់មុនដើម្បីពង្រឹងនិងពង្រីកចក្ខុវិស័យក្នុងការលើកកម្ពស់នូវសមត្ថភាពប្រកាន់ខ្ជាប់នូវគុណតម្លៃ ជាបុគ្គល ស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជនព្រមទាំងការពារនិងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែល​ជា​មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ជូនជាតិមាតុភូមិ និងប្រជាជន៕

ក្រុម​អាទិភាព៖ ការចាក់វ៉ាក់សាំងដូសទី៤ ជួយ​បង្កើន​ទំនុក​ចិត្ត​បន្ថែម​ទៀត ​ក្នុងការ​រស់នៅ​តាមបែប​គន្លងថ្មី

2022/01/15 03:47:03 pm        467
ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក្រុមអាទិភាពរស់នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមករានេះ បន្តទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ប្រភេទPfizer ដែលកម្ពុជាទទួលបានជំនួយពីប្រទេសអូស្រ្តាលីជាង ២លាន៣សែនដូស។ក្រុមអាទិភាពជួរមុខ នៅថ្ងៃទី១៥ខែមករានេះ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ស្ថិតនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ បានប្រាប់BTVឲ្យដឹងថា ក្រោយពីបានចាក់វ៉ាក់សាំងដូសទី៤រួច គឺជួយបង្កើនទំនុកចិត្តមិនសូវភ័យខ្លាច ក្នុងការរស់នៅតាមបែបគន្លថ្មីជាមួយជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ក្រៅពីនេះ ពួកគាត់បានអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែ​យក​ចិត្តទុកចំពោះប្រជាពលរដ្ឋ ​ជាពិសេសក្រុមទិភាពជួរមុខ ​ដែលប្រឈម​និងការឆ្លងជំងឺកូវីដ-១៩ ជាងប្រជាពលរដ្ឋទូទៅ។បើតាមសេចក្តីជូនដំណឹងរបស់គ.វ.ក.១៩ ចេញផ្សាយនៅពេលថ្មីៗនេះ​ បានបង្ហាញថា យុទ្ធនាចាក់វ៉ាក់​សាំងកូវីដ-១៩ ដូសទី៤ ប្រភេទPfizer ជូន​ក្រុមអាទិភាព និងពលរដ្ឋអាយុពី ៦០ឡើងទៅ បច្ចុប្បន្នគឺ​អនុវត្តនៅតែ​រាជធានីភ្នំពេញ ​ព្រោះវ៉ាក់សាំងនេះ ត្រូវ​ផ្ទុក​ក្នុង​សីតុណ្ហភាពត្រជាក់ -៨០អង្សាសេ។សម្រាប់បណ្តារាជធានី-ខេត្ត ២៤ផ្សេងទៀត នឹង​ចាប់​ផ្តើមអនុវត្ត​នៅពេលខាងមុខ​ បន្ទាប់ពីកម្ពុជាទទួលបានប្រព័ន្ធត្រជាក់ពីអង្គការ​ Unicef ​ជា​ផ្គត់ផ្គង់។កន្លងទៅសម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា ​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ធ្វើឡើង​ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវី-១៩ ជាពិសេសមេរោគបំប្លែងថ្មី ​ប្រភេទអូមីក្រុង ដែល​មាន​ការឆ្លងលឿន​ជាងប្រភេទមុនៗ ​បង្ករផលប៉ះពាល់ដល់រស់នៅប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ក្រៅពីនេះ ​សម្តេចតេជោបានក្រើនរំលឹកដល់ពលរដ្ឋ ​កុំភ័យ​ស្លន់ស្លោ​ ត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ​បូករួម​និងការទៅ​ទទួលការ​ចាក់​វ៉ាក់សាំង​កូវីដ​ឲ្យ​គ្រប់​ចំនួន​ដូស តាមការ​កំណត់​របស់​គ្រូពេទ្យ។បច្ចុប្បន្នកម្ពុជា​បាន​បើកដំណើរការប្រទេសឡើងវិញ​តាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគជ័យ​លើ​នយោបាយចាក់វ៉ាក់សាំងកូវីដ ​ជូនពលរដ្ឋបានជាច្រើនលាននាក់៕ អត្ថបទ៖ ទូច សោភ័ណ 

ឯកឧត្តម ឱម យិនទៀង​ បើកសន្និបាតបូកសរុបវាយតម្លៃអំពី​សមិទ្ធផល បញ្ហាប្រឈម ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥

2022/01/15 03:27:53 pm        917
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សសង្កាត់ផ្សារដេប៉ូទី១ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានប្រារព្ធសន្និបាតបូកសរុប វាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍សង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។សន្និបាតនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធាន​ក្រុមការងារ​ចុះជួយខណ្ឌទួលគោក និងលោកស្រី ព្រំ រដ្ឋា តំណាងគណបក្សខណ្ឌទួលគោក នៅ​អគារសាលារៀនក្ខាងចាវនៅកម្ពុជា។លោកស្រី ពៅ សាមោច ប្រធានគណបក្សសង្កាត់ផ្សារដេប៉ូទី១ បានលើកឡើងថា គិតមកថ្ងៃនេះ ការអនុវត្តគោលនយោបាយរបស់គណបក្សសង្កាត់ផ្សារដេប៉ូទី១ ក្នុងអាណត្តិទី៤ បាននាំ​មក​នូវ​សមិទ្ធិផល ជាច្រើនដែលធ្វើឲ្យសង្កាត់ផ្សារដេប៉ូទី១ មានការ​ប្រែប្រួល​រីកចម្រើន​ជាលំដាប់។ ភាពជោគជ័យទាំងនេះ គឺពិតជាបានមកពីការដឹកនាំតាមគោលនយោបាយ​ដ៏​ត្រឹមត្រូវរបស់​គណបក្ស​សង្កាត់ការដឹកនាំដ៏ឈ្លាសវៃ​ និងជាប្រចាំរបស់គណបក្សថ្នាក់លើ ការសហការល្អជាមួយ​ក្រុម​ការងារចុះជួយមូលដ្ឋាន ​ការចូលរួមរបស់សមាជិក ​សមាជិកា របស់គណបក្ស និង​ប្រជាពលរដ្ឋ​របស់​យើងបានល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីគោលនយោបាយអភិវឌ្ឍនមូលដ្ឋានរបស់គណបក្សយើង​ក្នុង​អាណត្តិទី៤នេះ ​មិនទាន់អនុវត្តចប់​សព្វគ្រប់នៅឡើយទេ។ ជាមួយនេះ យើងក៏បានលើកឡើងនូវគោលនយោបាយរបស់គណបក្សសង្កាត់ សម្រាប់អភិវឌ្ឍ​មូលដ្ឋាន​សង្កាត់​ផ្សារដេប៉ូទី១​ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) បន្តទៀតដើម្បីអនុវត្តឲ្យ​បាន​សម្រេច​ការ​ងារដែលនៅសេសសល់ កំណត់ឲ្យបាន​នូវគោល​នយោបាយ​មួយដែលមានភាពប្រាកដ​ប្រជា​ឆ្លើយ​តបតាមសំណូមពរ​របស់ប្រជាជនមហាជន។ក្នុងឱកាសនោះ​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ក្នុងសន្និបាតនេះ​បាន​លើក​ឡើងថា​ សន្និបាតនេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ចំណុច​ល្អ​និង​ចំណុចមិនល្អ យកមក​ច្របាច់​បញ្ចូល​គ្នា ​ដើម្បី​យើងឈានទៅរកចំណុចឲ្យកាន់តែល្អបន្ថែមទៀត។ ​ការងារធំៗ ដែលយើងអនុវត្តន៍​បានល្អប្រសើរកន្លងមក ​មិនមែនធ្វើតែមួយថ្ងៃពីរថ្ងៃនោះទេ គឺយើង​បាន​ខិតខំ​ប្រឹង​ប្រែង​ធ្វើវាជាយូរណាស់មកហើយ។ឯកឧត្តម បន្តថា ការងារដែលយើងបានសន្យាក្នុងឆ្នាំ២០១៧ ហើយយើងមិនទាន់អនុវត្តបាននោះ យើង​ត្រូវតែបន្តធ្វើ ​ឲ្យបានល្អប្រសើរ ​ដើម្បីយើងឈានទៅ​យក​ជ័យជំនះ​នៃការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅពេលដ៏ខ្លីខាងមុខនេះ។បន្ថែមពីនេះ​ ឯកឧត្តម ឱម យិនទៀង ក៏បាន​សម្តែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​លោកស្រី ពៅ សាមោច ​ប្រធានគណបក្សសង្កាត់ផ្សារដេប៉ូទី១​ ដែល​បាន​បំពេញ​ការងារ​បក្សបាន​យ៉ាងល្អ​ទាំង​ការកសាង ​ពង្រឹង ​និងពង្រីកសមាជិកបក្ស៕ អត្ថបទ៖ កុម្ភះ

កំពង់ផែទេសចរណ៍កោះទន្សាយ សាងសង់រួចរាល់​ឯការ​សម្ពោធ​នឹង​ធ្វើ​ឡើង​នៅសប្តាហ៍ក្រោយនេះ

2022/01/15 03:03:11 pm        561
កែប៖ ក្រោយពីដំណើរការសាងសង់អស់រយៈពេល២ឆ្នាំ ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ពេលនេះកំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចការសាងសង់ជាស្ថាពររួចរាល់១០០%ហើយ។ បើតាមអាជ្ញាធរខេត្តថា កំពង់ផែនេះ នឹងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។វិស្វករសាងសង់គម្រោងកំពង់ផែកោះទន្សាយនេះ លោក លីប ជាង បានឲ្យដឹងថា ការ​សាងសង់​កំពង់ផែ​ទេសចរណ៍ (កោះទន្សាយ) មកដល់ពេលនេះ​អនុវត្តន៍តាមបទដ្ឋាន​បច្ចេកទេសរបស់ជំនាញ​នៅក្រសួងសាធារណការ ​និងដឹកជញ្ជូន។ក្នុងនោះយើងបានសាងសង់ផ្លូវបេតុងសរសៃដែក ​អគារលក់សំបុត្រ និងកន្លែងអង្គុយរង់ចាំ បន្ថែម​ពីនោះ​មាន​ស្ពានចូលផែ តួផែដែលមានរាងស្នូកក្តាម និងដៃផែចំនួន៤ មានតូច២ ធំ២។ ហើយទីតាំង​ផែដែលទើបសាងសង់រួចនេះ ​ស្ថិតនៅកំពង់ផែចាស់ ​(កោះទន្សាយ) ​ក្រុងកែប ​ខេត្តកែប ដែលយើង​បានប្រើរយៈពេលសាងសង់២៤ខែ ​ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។លោកបានបញ្ជាក់ថា កំពង់ផែទេសចរណ៍ កោះទន្សាយនេះ ចំណាយថវិការសាងសង់ប្រមាណជិត ៥ពាន់លានរៀល ដោយមានសណ្ឋានជារូបក្តាម ចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណជាង ៤ពាន់ម៉ែត្រការ៉េ (៤៦៦១,៥០ម៉ែត្រ​ការ៉េ)។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ឲ្យដឹងថា គម្រោងសាងសង់កំពង់ផែ​ទេសចរណ៍កោះទន្សាយនេះ ​សម្រាប់ត្រៀមបម្រើដល់​វិស័យទេសចរណ៍ ដែលមានលទ្ធភាព​អាច​ទទួលចតនាវាផ្ទុកអ្នកដំណើរបានក្រោម ៣០០នាក់ ​ចំពោះទំនិញផ្សេងៗ ​អាចដឹកបាន​ មិនលើសពី ១៥​តោននោះទេ ​ហើយនេះគឺជាការពង្រីកសក្តានុពលវិស័យទេសចរណ៍​ និងសេដ្ឋកិច្ច របស់​ខេត្តកែប​តាមរយៈផ្លូវទឹកទ្វេភាគី​ ជាមួយប្រទេសក្នុងតំបន់ ដែល​ផែនេះ​អាចឈានទៅដល់ទទួល​ភ្ញៀវ​កម្រិតថ្នាក់​អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត ហើយការ​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជា​ផ្លូវការនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ៕

ប្រធានក្រុមការងារចុះជួយឃុំព្រះផុស អំពាវនាវដល់ពលរដ្ឋត្រូវបន្តអនុវត្ដន៍វិធានសុខាភិបាល ទោះចាក់វ៉ាក់សាំងគ្រប់ដូស

2022/01/15 02:47:45 pm        521
បាត់ដំបង៖ ក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំព្រះផុស បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋ ត្រូវបន្តអនុវត្ដន៍វិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ទោះបីជាបានចាក់វ៉ាក់គ្រប់ដូសហើយក្ដី ខណៈបច្ចុប្បន្នប្រទេសកម្ពុជាក៏មានករណីឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍ហើយនោះ។ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ១១៤គ្រួសារក្នុងឃុំព្រះផុស នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុស បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ត​អនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃឱ្យ​បាន​ស្អាតជានិច្ច ​ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ​រក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា បើទោះជា​បាន​ទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូសក្តី ។ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសចំពោះលោកយាយ លោកតា ដែលមានវ័យជរា និង​ជំងឺប្រចាំកាយ ​ព្រោះអាចងាយនឹងប្រឈមជាមួយជំងឺផ្សេងៗ​ ក្នុងអំឡុងពេលចុះត្រជាក់នេះ ។ឯកឧត្ដម បន្ថែមថា ចំពោះអាជ្ញាធរពាក់ព័ន្ធសូមបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង​សហគមន៍តាមរយៈវិធានការអប់រំផ្សព្វផ្សាយ និងការអនុវត្តរាល់វិធានការរដ្ឋបាល ក្នុង​ករណីចាំបាច់ ។ ឯកឧត្ដមបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូបត្រូវស្វែងរកកិច្ចអន្តរាគមន៍​ជាបន្ទាន់ពីអាជ្ញាធរដែនដី​ក្នុង​ករណី​ត្រូវការជំនួយ​សង្គ្រោះបន្ទាន់នានា ជាចាំបាច់ ឬរាយការណ៍មកកាន់ក្រុម​ការងារ​នៅ​ទីស្នាក់ការ​ផ្ទាល់​ក៏បាន ។អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តតាមដានរាល់​ស្ថានភាពជីវភាព ​របស់បងប្អូនប្រជាពលរដ្ឋ ដោយ​កំណត់​មុខ​សញ្ញាជនរងគ្រោះ ​និងជនងាយរងគ្រោះក្នុងបរិការណ៍នៃវិបត្តិកូវីដ១៩ ឱ្យបាន ដើម្បី​ងាយ​ស្រួល​ក្នុងការត្រៀមលក្ខណៈជួយអន្តរាគមន៍​បានទាន់ពេលវេលា ។មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់​ ដែលមានបញ្ហា​ ឱ្យនៅរងាឯកា​ ដោយយើងមិនបានដឹងនោះទេ ជា​ពិសេស​មិនត្រូវ​ឲ្យមាន​ការ​រើសអើង​កើត​ឡើងឡើយ​៕

បេក្ខជន​ជាង ៦៥​ភាគរយ​ជាប់​បាក់ឌុប ខណៈ​បេក្ខជន​ជាប់​និទ្ទេស​ A កើន​ឡើង​ច្រើន គ្រប់​រាជ​ធានី-ខេត្ត​

2022/01/14 03:16:49 pm        597
ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ឱ្យ​ដឹង​ថា ​បេក្ខជន​ជាង ៦៥​ភាគរយ បាន​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​២០២១​កន្លង​មក​នេះ ប៉ុន្តែ បេក្ខជន​ជាប់​និទ្ទេស A កាន់​តែ​ច្រើន និង​មាន​នៅ​គ្រប់​រាជ​ធានី​-ខេត្ត​ទាំង​អស់​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​អប់រំ យុជន និង​កីឡា បាន​ឱ្យ​ដឹង​ថា បេក្ខជន​ជាង ៧​២,០១៦​នាក់ ឬ​ស្មើ​នឹង​ ៦៥.៦៥​ភាគរយ បាន​ប្រឡង​ជាប់​បាក់ឌុប​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​ធ្នូ​កន្លងម​ក​នេះ។ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ផង​ដែរ​ថា បេក្ខជន​រហូត​ដល់​ទៅ ១,៧៥៣​នាក់ បាន​ប្រឡង​ជាប់​ជាមួយ​ចំណាត់​ថ្នាក់​និទ្ទេស A ឬ​កើន​ឡើង​ជាង ៤​ដង​បើ​ធៀប​នឹង​​ឆ្នាំ​២០១៩​កន្លង​មក​ដែល​មាន​​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​ត្រឹម ៤៤៣​នាក់។ចំណែក​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស B ក្រសួង​អប់រំ​បញ្ជាក់​ថា មាន​ចំនួន​ដល់​ទៅ ៥,២១៥​នាក់ ឬ​កើន​ឡើង​ជាង ២​ដង បើធៀប​នឹង​ឆ្នាំ​២០១៩​ ដែល​មាន​ចំនួន​ត្រឹម​តែ ២,៤៣០​នាក់​ប៉ុណ្ណោះ។បើ​តាម​ក្រសួង​អប់រំ រាជ​ធានី​ភ្នំពេញ មាន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A ច្រើន​ជាង​គេង​រហូត​ដល់ ៥៦៥​នាក់ បន្ទាប់​មក​ខេត្ត​សៀមរាប​ស្ថិត​នៅ​លំដាប់​ទី២ ដែល​មាន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A ចំនួន ១៥៣​នាក់ ខណៈ​ដែល​ខេត្ត​កណ្ដាល​មាន​ចំនួន ១២៧​នាក់ ខេត្ត​បាត់ដំបង ១២៣​នាក់ ខេត្ត​កំពង់ចាម ១១៨​នាក់។ក្រសួង​អប់រំ​ បាន​ឱ្យ​ដឹង​ទៀត​ថា ខេត្ត​បន្ទាយមានជ័យ មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ៩៩​នាក់ និង​ខេត្ត​តាកែវ មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ៩៩​នាក់​ដូច​គ្នា។បន្ទាប់មក ខេត្ត​ព្រៃវែង មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ៨៧​នាក់ ខេត្ត​កំពត ៧៥​នាក់ ខេត្ត​ត្បូងឃ្មុំ ៥៤​នាក់ ខេត្ត​ក្រចេះ ៤៥​នាក់ ខេត្ត​កំពង់ធំ ១៤​នាក់ ខេត្ត​កំពង់ស្ពឺ ៣៣​នាក់ ខេត្ត​ពោធិ៍សាត់ ២៨​នាក់ ខេត្ត​ស្វាយរៀង ២៦​នាក់ ខេត្ត​កំពង់ឆ្នាំង ២២​នាក់ ខេត្ត​ព្រះសីហនុ ២០​នាក់ ខេត្ត​រតនគិរី ៩​នាក់ ខេត្ត​ស្ទឹងត្រែង ៦​នាក់ ខេត្ត​ប៉ៃលិន ៦​នាក់ ខេត្ត​ឧត្ដរមានជ័យ ៥​នាក់ ខេត្ត​កោះកុង ៤​នាក់ ខេត្ត​ព្រះវិហារ ៤​នាក់ ខេត្ត​កែប ៣​នាក់ និង​ខេត្ត​មណ្ឌលគិរី ១​នាក់។ក្រសួង​អប់រំ បាន​រៀបចំ​ការ​ប្រឡង​បាក់ឌុប​កាល​ពី​ថ្ងៃ​ទី​២៧ និង ២៨​ ខែ​ធ្នូ​កន្លង​មក​នេះ ដោយ​មាន​បេក្ខជន​សរុប ១១៤,១៨៧​នាក់ បាន​ចុះ​ឈ្មោះ​ប្រឡង​ទូទាំង​ប្រទេស៕

អាជ្ញាធរជាតិ​អប្សរា​បញ្ចប់​ការងារ​ជួសជុលផ្នែក​​ខាងត្បូង ​នៃ​ខ្លោងទ្វារ​ខាង​កើត​ប្រាសាទ​ប្រែរូប នាចុងឆ្នាំ២០២១

2022/01/14 02:23:26 pm        441
សៀមរាប៖ ការងារជួសជុលសង្រ្គោះផ្នែកខាងត្បូង នៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូប រងនូវការខូចខាតធ្ងន់ធ្ងរ ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១មកនោះ បានបញ្ចប់រួចរាល់១០០ភាគរយហើយ នាដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ។ ក្នុងរយៈពេលជិត១ឆ្នាំនៃដំណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្ត នូវការងារសំខាន់ៗ​មួយ​ចំនួនដូចជា ​ពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោម ​ផ្នែកទប់​ជំហរ​ជញ្ជាំង និង​ជួសជុល​ជញ្ជាំង​ដែល​ប្រេះស្រាំ ​និងពុកផុយ ។បច្ចុប្បន្ន​ក្រុមការងារធ្វើការសម្អាត​ទូទៅ​ក្នុងការដ្ឋាន​ និង​ពិនិត្យ​មើល​បណ្តា​ចំណុច​ពាក់ព័ន្ធ​ដែល​ប្រឈម​នឹង​ហានិភ័យខ្ពស់៕

ថ្នល់កៅស៊ូប្រវែងជាង២គីឡូម៉ែត្រ នឹងលេចរូបរាងបម្រើដល់ពលរដ្ឋនៅឃុំថ្មសឆាប់ៗនេះ

2022/01/14 11:43:26 am        967
កោះកុង៖ ផ្លូវកៅស៊ូប្រភេទDBSTប្រវែងជាង ២គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ដែលកំពុងស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នឹងលេចរូបរាងជាបណ្តើរហើយ សម្រាប់បម្រើដល់ប្រយោជន៍ជូនប្រជាពលរដ្ឋនៅឃុំថ្មស នាបំណាច់ខែមីនាខាងមុខនេះ។គម្រោងស្ថាបនាផ្លូវកៅស៊ូ ប្រភេទស្រទាប់២ស្តើង DBST ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ផ្តើមស្ថាបនាប្រមាណ២ខែមកហើយ គិតមកដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០២២នេះ ក្នុងគោលបំណង​សម្រួលដល់ប្រព័ន្ធចរាចរណ៍ធ្វើដំណើរដឹក​ជញ្ជូន​កសិកម្ម ​ព្រម​ទាំង​ធនធាន​ជលផល​ទៅកាន់ទីផ្សារ​បាន​ឆាប់រហ័ស។ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ ​និងដឹក​ជញ្ជូន​ខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ថា ​សកម្មភាពស្ថាបនាផ្លូវកៅស៊ូ ​ទទឹង៨ម៉ែត្រនេះ​ សម្រេចបានជិត៥០ភាគរយហើយ ដោយ​តាមផែនការ​គ្រោង​បញ្ចប់​នៅបំណាច់ខែមីនា​ ឆ្នាំ២០២២ខាងមុខ។ អ្វីដែលអាចធ្វើឱ្យដំណើរការ​សាងសង់​ផ្លូវកៅស៊ូ១ខែនេះ ក៏ព្រោះតែភាព​យឺតយ៉ាវ​ដឹក​ជញ្ជូន​គ្រួសមក​ពីខេត្តកំពង់ស្ពឺ​ប៉ុណ្ណោះ ដែល​មានរយៈចម្ងាយឆ្ងាយ​ពីតំបន់គម្រោង។បើតាម​លោក ​អន ដាវុធ មែនទែន​ទៅ​មន្រ្តីជំនាញធ្លាប់​លើ​គម្រោង​ស្នើសុំស្ថាបនា​ប្រវែង ១៧គីឡូម៉ែត្រ ប៉ុន្តែត្រូវកាត់​បន្ថយថវិកា​អភិវឌ្ឍន៍​មួយចំនួនធំ ​អំឡុងការរីករាលដាលជំងឺកូវីដ១៩។ ដូច្នេះទើបតែធ្វើប្រវែង២គីឡូម៉ែត្រតែម្តង។លោក អិក គួន មេឃុំថ្មស និងប្រជាពលរដ្ឋទាំងមូលក្នុងភូមិថ្មស ​ពេញចិត្ត​នឹង​សមិទ្ធផល​មានជា​ផ្លូវកៅស៊ូបែបនេះ​ កើតមានឡើងនៅក្នុងសហគមន៍ ​ទោះបីជាពុំបានប្រវែងច្រើនក៏ដោយ ចៀសវាង​អត់មាន។ មុននឹង​មានគម្រោងធ្វើផ្លូវនេះ ​កាលនៅជាផ្លូវ​គ្រួស​ក្រហម​វា​តែង​រង​ការ​ខូចខាត​ស្ទើរ​តែរាល់ឆ្នាំពេលរដូវវស្សា។ទាំងលោកមេឃុំថ្មស និងពលរដ្ឋ រំពឹងទុកជាមុនថា នៅពេល​ផ្លូវថ្នល់​កៅស៊ូបញ្ចប់​គម្រោង​សាងសង់​រួចរាល់ ​ការធ្វើដំណើរ​ចរាចរណ៍ និងដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្មផ្សេងៗ​ទៅកាន់ទីផ្សារ​បាន​ឆាប់រហ័ស​ បន្ថយការចំណាយ ​ហើយចំណេញពេលវេលាច្រើន។ រាល់ផ្លូវធ្វើដំណើរទៅកាន់ឃុំថ្មស ជាផ្លូវលំគ្រួសក្រហមប្រវែងជាង ២០គីឡូម៉ែត្រ ប្រសិនផ្តើម​ចរាចរណ៍​ចេញ​ពីមហាវិថី សាយ ភូថង ដោយសព្វថ្ងៃវាមានលក្ខណៈងាយស្រួលធ្វើដំណើរបន្តិច​ជាង​ពេល​រដូវវស្សា៕ អត្ថបទ ឈឹម មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហគ្រាសក្នុងស្រុកកំពុងជំរុញផលិតយ៉ាងផុលផុស ផ្គត់ផ្គង់លើទីផ្សារ ខណៈកម្ពុជាកំពុងជួបវិបត្តិ
08/04/2025 08:08 PM
ជនសង្ស័យស្ថិតក្នុងដំណើរការកាត់ទោស ពាក់ព័ន្ធនឹងការវាយប្រហារកន្លែងប្រគុំតន្ត្រីសម្លាប់មនុស្ស ១៤៩នាក់ នៅមូស្គូ
08/04/2025 08:08 PM
អ៊ីរ៉ង់៖ ការទទួលខុសត្រូវរបស់អាមេរិក ចំពោះការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ គឺជាផ្នែកនៃកិច្ចពិភាក្សា នាពេលអនាគត
08/04/2025 08:08 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​១៥.០០០​ដុល្លារ រួមជាមួយស្បៀង​ និងសម្ភារមួយចំនួនទៀត ចំពោះកាកបាទក្រហមកម្ពុជា ​សម្រាប់ជួយដល់ប្រជារាស្ត្រភៀសសឹក...!!
08/04/2025 08:08 PM
កងកម្លាំងអ៊ុយក្រែនវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ី នៅគ្រីម៉ា ដោយយន្តហោះ ១គ្រឿង ត្រូវបានបំផ្លាញ ខណៈ ៤គ្រឿងខូចខាត
08/04/2025 07:08 PM
ក្រសួងការងារនាំយកឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប
08/04/2025 07:08 PM
ភាពអត់ឃ្លានកើនឡើង ហើយទីបញ្ចុះសពមានកាន់តែច្រើន នៅទីក្រុង Al-Fashir របស់ស៊ូដង់
08/04/2025 07:08 PM
TOP STORY | សម្ដេចតេជោ៖«សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, នៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ»!
08/04/2025 07:08 PM
វិមានក្រឹមឡាំង៖ លោក Putinអាចជួបប្រេសិតពិសេសអាមេរិកក្នុងសប្តាហ៍នេះ
08/04/2025 07:08 PM
ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្ស ១៥នាក់នៅប្រទេសហ្គីណេ
08/04/2025 07:08 PM