TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សាលា WestPointចេញមកបកស្រាយហើយថា សាលាខ្លួនគ្មានសញ្ញាបត្រកិត្តិយស​ដូចការ​ចោទ​ប្រកាន់​នោះទេ

2022/01/07 08:10:05 am        2027
ភ្នំពេញ៖ ទីបំផុតមន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ នៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaron Jr. បានបញ្ជាក់ថា តម្លៃសញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក West Point គ្មានការបែងចែក ឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ ហើយលោកសង្ឃឹមថា ការបញ្ជាក់លើកនេះនឹងបញ្ចប់ភាពចម្រូងចម្រាស់នៃតម្លៃសញ្ញាបត្រសាលារបស់លោកផងដែរ។យោងតាមការចុះរបស់សារព័ត៌មាន EAC News នាព្រឹកថ្ងៃទី៧ ខែមករានេះ បានឲ្យដឹងថា ក្នុង​សារអេឡិចត្រូនិកអ៊ីម៉ែលរបស់លោក Francis J DeMaron Jr. បានបញ្ជាក់ថា៖ «អ្នកគ្រប់គ្នាដែល​បាន​បញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនឹងទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគឺគ្មានភាពខុសគ្នា ឬការតម្រូវផ្សេងសម្រាប់បេក្ខជនអន្តរជាតិនោះទេ។ ខ្ញុំសង្ឃឹមថា នេះអាចជួយបញ្ជាក់ពីភាពចម្រូងចម្រាសបាន» ។ការបញ្ជាក់របស់បណ្ឌិតសភាយោធាអាមេរិក នៅពេលនេះអាចចាត់ទុកជាការបញ្ចប់នូវការ​លើក​ឡើង​ដោយ​គ្មានអំណះអំណាងរបស់លោក សម រង្ស៊ី កាលពីកន្លងទៅដែលបានវាយ​ប្រហារមកលើ​តម្លៃសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់។ប្រភព បានបន្តថា លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកជាជនជាតិខ្មែរដំបូងគេដែលបញ្ចប់ការសិក្សានៅបណ្ឌិតយោធា West Point របស់អាមេរិក ហើយលោកក៏បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យញ៉ូវយ៉ក និងបណ្ឌិតសេដ្ឋកិច្ចនៃសាកលវិទ្យាល័យប្រ៊ីសស្ដូល​នៃ​ចក្រភព​អង់គ្លេស​ផងដែរ។កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេស​ដែល​ផ្សាយជាភាសាខ្មែរដោយបានលើកឡើងថា សញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួល​បាន​ទាំងពីសាលាបណ្ឌិតយោធា West Point​ និងសាកលវិទ្យាល័យញូវយ៉ក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីសស្ដូល នៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។បន្ទាប់មកដើម្បីការពារពីភាពត្រឹមត្រូវនៃសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បាន​ដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ​ឈប់ធ្វើនយោបាយទៅ ព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនដែលបង្ហាញពីភាពមិនមែនជាគំរូដល់ពលរដ្ឋ។កាលពីម្សិលមិញ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បាន​ឆ្លើយតបថា បញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់​សាលាអាមេរិក​មិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។ការលេចឡើងបែបនេះ គឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានដល់ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថា​សញ្ញាបត្រ​ដែល​និស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញាបត្រយោគយល់ ដោយថា​ដើម្បី​ការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក៕អត្ថបទបាន ចក់

សម្តេចតេជោ អញ្ជើញចាកចេញ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ាហើយ ដើម្បី​សម្របសម្រួល​បញ្ឈប់​ហិង្សា

2022/01/07 01:25:37 am        498
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានបានអញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅព្រឹកថ្ងៃទី៧ខែមករានេះ ដើម្បីទៅចូលរួមជួយសម្របសម្រួល ផ្សះផ្សាបញ្ឈប់ហិង្សាដែលបាននិងកំពុងកើតមានជារៀងរាល់ថ្ងៃនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ដំណើរអញ្ជើញទៅកាន់មីយ៉ាន់ម៉ានេះ គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។វត្តមានរបស់សម្តេច២ថ្ងៃ ទៅកាន់មីយ៉ាន់ម៉ាពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា អមដំណើរដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋា ភិបាលកម្ពុជាមួយចំនួនទៀត។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមាន ជំនួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្ដូរ ទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។គួរបញ្ជាក់ថា៖ ក្នុងឋានៈជាប្រធានអាស៊ានទៅកាន់មីយ៉ាន់ម៉ានេះ សម្តេចធ្លាប់មាន ប្រសាសន៍​ហើយថា៖ សភាពការណ៍នៅមីយ៉ាន់ម៉ាមិនសាមញ្ញទេ ដូច្នេះសម្តេចត្រូវតែធ្វើដំណើរទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ហើយថ្មីៗនេះ សម្តេចក៏បញ្ជាក់អះអាងថា៖ ការដែលសម្តេចទៅចូលរួមជួយ​សម្របសម្រួល ផ្សះផ្សាមីយ៉ាន់ម៉ានេះ គឺមិនឃ្លាតឆ្ងាយ ​ពីកុងសុងស៊ីស៥ ចំណុច ដែលអាស៊ាន​បានឯកភាពគ្នានៅហ្សាការតាកាលពីខែមេសាឆ្នាំ២០២១នោះទេ ។កុងសុងស៊ីស៥ចំណុចនោះចំណុចទី១គឺការអត់ធ្មត់ បញ្ឈប់ហិង្សា។សម្ដេចបានមានប្រសាសន៍ថា៖ អ្នកវិភាគខ្លះបានលើកឡើងថាតើការទៅមីយ៉ាន់ម៉ានេះ​ជា​ការទៅ​ដើម្បី​ដោះស្រាយបញ្ហាដែលជាពរជ័យ ឬជាបណ្ដាសា ? ហើយខ្លះទៀតថា៖ប្រធាន​អាស៊ាន​មានការ​ដោះស្រាយគ្រប់រឿងទាំងអស់ជំនួសឲ្យប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសនានាទាំង១០ ។ប៉ុន្តែទោះជាយ៉ាងណាសម្ដេចថា ​សម្ដេចធ្លាប់និយាយហើយថា ​សុំកុំទុក ​ចិត្តលើប្រធានអាស៊ានពេក តែកុំអាល​បន្ទោសប្រធានអាស៊ានអី ​! គឺរង់ចាំមើល សិនទៅ។សម្តេចបន្តថា ៖ការដែលសម្ដេចទៅនេះ អត់ មានឃ្លាតឆ្ងាយពីកុងសង់ស៊ីស៥ចំណុចដែល​បាន​ឯកភាពគ្នា​នៅហ្សាការតា កាលពីខែមេសាឆ្នាំ ២០២១នោះទេ។ប៉ុន្តែសម្ដេចមិនដាក់​លក្ខខណ្ឌ​ទុកជាមុនក្នុងដំណើររបស់សម្ដេចទៅនោះឡើយ ។ការដែលសម្តេចទៅនេះ គឺជាការជជែក​ក្នុង​កុង​សង់ស៊ីស ៥ចំណុចនេះឯង ។សម្ដេចក៏បានចោទសួរទៅប្រជាជនមីយ៉ាន់ម៉ាថា៖ អ៊ីចឹងទេបងប្អូនប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា តើ​អ្នក​ចង់​ឲ្យប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលពិតប្រាកដ ​ឬក៏ចង់ដោះស្រាយ? ការ​ដោះស្រាយ​នេះ​គឺតួនាទីត្រូវបានផ្ដល់មកឱ្យបណ្ដាប្រទេសអាស៊ាន ​ហើយអាស៊ានបាន ឯកភាពគ្នារាប់ទាំង​មីយ៉ាន់ម៉ា​ខ្លួនឯង​ ក៏បានព្រមព្រៀងលើកុងសង់ស៊ីស៥ចំណុចនេះហើយដែរ ប៉ុន្តែ​មិនទាន់​បានអនុវត្ត។ប្រទេសនានានៅក្រៅតំបន់ក៏មានការព្រមព្រៀងក្នុងការផ្ដល់តួនាទីនេះសម្រាប់អាស៊ាន រាប់ទាំង​ការផ្ដល់​ជំនួយ​មនុស្សធម៌ផងដែរ។អ៊ីចឹងទេ ​ការដែលសម្ដេចទៅនេះ គោលបំណងគឺគ្មានប្រយោជន៍​អ្វីទេ ដោយសម្តេចថា​ប្រទេស​កម្ពុជា​តូច​ ជាងប្រទេសមីយ៉ាន់ម៉ាច្រើនដង ​ហើយប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដង តែ​យើងចង់​ជួយសម្រួល​ សភាពការណ៍ទាំងឡាយដើម្បីបញ្ឈប់ហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា៕អត្ថបទ៖ មុត សុទ្ធ

អាជ្ញាធរខេត្ដប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រភេទអាស្ដ្រាហ្សេនីកា “ដូសជម្រុញ”ជូនពលរដ្ឋនៅសៀមរាបនាសប្ដាហ៍ក្រោយ

2022/01/06 03:35:17 pm        578
សៀមរាប៖ រដ្ឋបាលខេត្ដសៀមរាប បានឱ្យដឹងថា អាជ្ញាធរនឹងធ្វើយុទ្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ លើកទី៣ “ដូសជម្រុញ” ជូនប្រជាពលរដ្ឋនៅក្នុងខេត្ដនេះនៅសប្ដាហ៍ក្រោយ គឺចាប់ពីថ្ងៃទី ១០ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី៥ខែមករានេះថា ប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩លើកទី៣ ឬហៅថា ដូសជម្រុញនេះ គឺពួកគាត់ដែលមានអាយុ១៨ឆ្នាំ ឡើងទៅ ដែលបានចាក់វ៉ាក់សាំងដូសទី១ និងទី២រួចរាល់​កាល​ខែសីហា​ឆ្នាំ២០២១កន្លងមក ។លោក​បានបញ្ជាក់ថា ​ជាប្រភេទវ៉ាក់សាំង ដែលចាក់ជាដូសជម្រុញនោះ​គឺជាប្រភេទវ៉ាក់សាំង​ប្រភេទ​អស្ដ្រាហ្សេនីកា។ លោក បន្ដថា យុទ្ធនាការវ៉ាក់សាំងដូសជម្រុញនេះ ធ្វើឡើងនៅទូទំាងបណ្ដា​ស្រុកក្រុងទាំង១២​ នៃខេត្ដសៀមរាប ​ពោលធ្វើឡើងថា ទីតាំងដែលបានចាក់វ៉ាក់សាំង​ដូសទី១ និង​ដូសទី២កន្លងមក។លោកបន្ដថា ប្រជាពលរដ្ឋដែលត្រូវបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី៣​មាន​ប្រមាណ​៥០ម៉ឺនាក់ ។លោក បន្ថែមថា ដោយឡែក​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ចាក់វ៉ាក់​សាំងការពារ​ជំងឺកូវីដ១៩ ទាំងដូសទី១ និងដូសទី២ ​អាចទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ៕

ព្រឹទ្ធសភាជាតិអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

2022/01/06 03:25:43 pm        341
ភ្នំពេញ៖ បន្ទាប់ពីបើកកិច្ចប្រជុំពិនិត្យពិភាក្សា អស់រយៈពេលមួយព្រឹកធំ ព្រឹទ្ធសភាជាតិ បានធ្វើការសម្រេចអនុម័ត នូវសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េ ដោយព្រឹទ្ធសភាជាតិ បានចាត់ទុកថា នឹងធ្វើឲ្យមានរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ក្រោយសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ដឹក នាំប្រជុំ​ដោយ​សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ ឯកឧត្តម ម៉ម ប៊ុននាង មាន​ប្រសាសន៍ថា ​សេចក្តីព្រាងច្បាប់នេះ បានរៀបចំធ្វើឡើង ដើម្បីសម្រេចបាននូវការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្មរវាងគូភាគី​ ដោយអនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជំរុញ​ការ​ប្រកួតប្រជែង​រវាងគូភាគី ​ជាពិសេសការប្រកួតប្រជែង ​ដែលពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លើក​កម្ពស់តម្លាភាព ​នៃវិធានការពាណិជ្ជកម្ម ​និងវិនិយោគរបស់គូភាគី តាមរយៈការចែករំលែក​នូវ​ឧត្តមានុវត្តន៍និយ័តកម្ម ។ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់នេះ នឹងជំរុញនវានុវត្តន៍ ក្នុងវិស័យដែលមាន​ផល​ប្រយោជន៍​ទៅវិញទៅមក​ បង្កើតក្របខ័ណ្ឌសម្រាប់ជំរុញបន្ថែម ​នូវកិច្ចសហប្រតិបត្តិការ សំដៅពង្រីក និង​លើកកម្ពស់សារៈប្រយោជន៍ ​នៃកិច្ចព្រមព្រៀងនេះ ​និងជំរុញការនាំចេញ និងបង្កើនទំហំ​ផលិត​កម្មទំនិញ ​ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ​សម័យប្រជុំលើកទី៨នៃព្រឹទ្ធសភានេះ ​ក៏បាន​ធ្វើការ​អនុម័ត ទៅលើ​របៀបវារៈចំនួន ៥ទៀត ​មានពិនិត្យ ​និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម​ច្បាប់ ​ស្តីពីវិធានពាណិជ្ជកម្ម ​និងបញ្ជីពាណិជ្ជកម្ម ​និងពិនិត្យ ​និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់​ ស្តីពីសហគ្រាសពាណិជ្ជកម្មជាដើម ៕

រមណីយដ្ឋាន​ធម្មជាតិដីដុះរលួសធំ កំពុងបង្ហាញភាពទាក់ទាញពីភ្ញៀវទេសចរក្នុងស្រុក

2022/01/06 01:24:16 pm        733
ឧត្តរមានជ័យ៖ តំបន់រមណីយដ្ឋានទេសចរធម្មជាតិដីដុះរលួសធំ មួយកន្លែងស្ថិតនៅភូមិខ្នាចឬក្សី សង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងតែបង្ហាញរូបរាង នឹងមានការការទាក់ទាញ ការចាប់អារម្មណ៍ច្រើន ពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក ដើម្បីមកថតផ្តិតយករូបភាពនឹងទស្សនាកំសាន្តរាល់ពេលថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្សទានម្តងៗ។ជាមួយគ្នានោះ លោក ស្រី ធិន នីមន្នីរស្មី ប្រធានមន្ទីរទេសចរខេត្តឧត្តរមានជ័យ បានលើកឡើងថា តំបន់ទេសចរណ៍ដីដុះរលួសធំមួយនេះ គឺជាតំបន់ទេសចរបែប​លក្ខណៈធម្មជាតិ មិន​មាន​ការ​កែច្នៃ​នឹងរូបភាព​រំលេច​ទៅ​ដោយ​សម្រស់​ពណ៌​ដ៏ស្រស់ស្អាត​នៅពេល​ដែល​យើង​បាន​ថតផ្តិតយករូបនៅក្នុងតំបន់នេះ។លោកស្រី បានបន្តថា មន្ទីរទេសចរណ៍​ខេត្តក្នុងឆ្នាំ២០២២​នេះ នឹងគ្រោងបន្ត​ធ្វើការ​ផ្សព្វផ្សាយ​តាម​រយៈការ​បោះពុម្ព​សៀវភៅ​ នឹង​បិទ​ស្លាក​សញ្ញា​នានា នឹងបង្កើតការរៀបចំ​សហគមន៍​ទេសចរណ៍​បន្ថែម​ ក្នុងតំបន់នោះ​ ឲ្យមានភាពល្អប្រសើរឡើង​ ដើម្បីធ្វើការអភិរក្ស​នៅតំបន់នេះ​ឲ្យបាន​នៅ​គង់វង្ស​ដើម្បី​ទាក់ទាញទេសចរ។យ៉ាងណាម៉ិញ​លោកស្រី បាន​បញ្ជាក់ថា ចំនួនភ្ញៀវទេសចរ​ឆ្នាំ២០២១ មានចំនួន ៥២ ៥៥១នាក់ បើធៀបឆ្នាំ២០២២០ គឺថយចុះ ៦២ភាគរយ រីឯភ្ញៀវអន្តរជាតិមាន ៦នាក់ ថយចុះ ៩៩.៩ភាគរយ បញ្ហានេះ ដោយសារជំងឺកូវីដ-១៩​ ទើប​កំណើន​ភ្ញៀវ​មាន​ការ​ថយ​ចុះយ៉ាងដូច្នេះ៕ អត្ថបទ៖ ឃិនសារិទ្ធ

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត

2022/01/06 01:11:14 pm        611
សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ឬហៅថា «បាកាណ» ដើម្បីពង្រឹងតួប្រាង្គឱ្យរឹងមាំឡើងវិញ។លោក ហួន សុខជាតិ វិស្វករនិងជាមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ​នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៦ខែមករានេះថា ប្រាង្គបាកាណ មានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗតាមចំណុចជ្រុង។ ការរំកិលថ្មនេះ គឺដោយសារកត្តាធម្មជាតិ ដូចជាទឹកភ្លៀងបានហូរច្រោះកម្ទេចដី និង​ថ្មតូចៗ​ចូល​ក្នុងចន្លោះថ្ម ​ឫសរុក្ខជាតិដុះហែក ​រួមទាំងអាយុកាល នៃប្រាសាទជាហេតុធ្វើឱ្យថ្មបាយក្រៀម​នៅ​ផ្នែកខាងក្នុងតួប្រាង្គ​ពុកផុយ​ បណ្ដាលឱ្យទម្ងន់​ទាំង​ស្រុង​សង្កត់​មក​លើថ្មភក់ស្រទាប់​ខាង​ក្រៅបាក់បែក​ និងរំកិលចេញ។លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាង្គបាកាណ ឱ្យដឹងដែរថា ក្រុម​ការងារ​បាន​ជួសជុល​នៅ​ជ្រុង​និរតីតាំង​ពី​ខែវិច្ឆិកា​ ឆ្នាំ២០២១ ​ហើយគ្រោង​នឹង​បញ្ចប់​នៅខែមីនា ឬខែមេសា ឆ្នាំ២០២២ខាងមុខ។ ​ការជួសជុលនេះ ធ្វើឡើងស្របនឹងធម្មនុញ្ញអង្គរ និងមានការត្រួត​ពិនិត្យ​បច្ចេកទេស​យ៉ាង​ហ្មត់ចត់បំផុត។ ប្រាង្គ​បាកាណនេះ ធ្លាប់ទទួលបានការ​ជួសជុល​ម្ដង​មក​ហើយ​កាលពីអំឡុង​ទសវត្សឆ្នាំ១៩៣០៕

ឯកឧត្តម ប្រាក់ សុខុន៖​ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា សំដៅស្វែងរកផលប្រយោជន៍ជូនអាស៊ាន សន្តិភាពតំបន់ និងមីយ៉ាន់ម៉ាទាំងមូល

2022/01/06 06:04:43 am        583
ភ្នំពេញ៖ នៅថ្ងៃទី៧ខែមករាស្អែកនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា អមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូថ្នាក់ដឹក​នាំជាន់ខ្ពស់ទៅកាន់​ប្រទេសមីយ៉ាន់នោះ មិនមែនធ្វើឡើងដើម្បី​គាំទ្រ​របប​យោធា​នៅ​ប្រទេសមីយ៉ាន់ម៉ានោះទេ ពោល​គឺធ្វើដើម្បីនាំ​សន្តិភាព​ជូនប្រទេសមីយ៉ាន់ម៉ា។ក្នុងពិធីជួបសំណេះសំណាលទ័ពមួកខៀវកម្ពុជា ត្រៀម​បញ្ជូន​បំពេញបេសកកម្មរក្សា​សន្តិភាព​នៅ​ប្រទេសលីបង់​ និងសាធារណៈអាហ្វ្រឹកកណ្តាល ​នៅអគារមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី៦ ខែមករានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ​នៅពេលនេះបើទោះ កម្ពុជា ទទួល​ការ​ថ្កោលទោស​ និង​មាន​ការ​រិះគន់​ខ្លាំង​បែបណាក៏ដោយ ក៏ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​នៅតែទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលដៅ ដើម្បីស្វែង​រកផល​ប្រយោជន៍ជូនអាស៊ាន សន្តិភាពនៅក្នុងតំបន់ ​ដើម្បីផលប្រយោជន៍ប្រទេសមីយ៉ាន់ម៉ា និង​ផលប្រយោជន៍ប្រជាជនមីយ៉ាន់ម៉ាទាំងមូល។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជា ​ជួយស្វែងរកសុខសន្តិភាព​ប្រទេស​មីយ៉ាន់ម៉ានេះ ​យើងធ្វើឡើងក៏មិនមែនស្វែងរកផលប្រយោជន៍​ខាងនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ ​យកគុណសម្បត្តិ ​កេរ្តិ៍ឈ្មោះ​ណានោះទេ។រដ្ឋមន្ត្រីក្រសួងការបរទេសការបទេសកម្ពុជា​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ការជួយ​ប្រទេសមីយ៉ាន់ម៉ា​ នោះ ​គឺធ្វើឡើងដោយសារតែ កម្ពុជា ក៏ជាប្រទេសធ្លាប់ឆ្លងកាត់​របប​សោកនាដកម្ម​នេះ ហើយកម្ពុជាក៏បានមើលឃើញថា​ ស្ថានភាពនៅមីយ៉ាន់ម៉ា វាមាន​គ្រឿង​ផ្សំ​គ្រប់គ្រាន់​ ដែលអាចបង្កចេញជា​សង្គ្រាម​ស៊ីវិល​មួយបាន ​ដោយសារស្ថានភាពនោះគឺ​មាន​ឈ្នាន់​អន្តរាគមន៍​ពីក្រៅ ​ដែល​មានផ្តល់ជា​អាវុធសំភារៈនានា និង​មាន​ការ​អំពាវនាវ​ឲ្យ​ធ្វើ​បដិវត្ត​ទូទាំង​ប្រទេស​ក៏មាន ​ហើយ​ការ​លប​បាញ់​សម្លាប់​ក៏​កើត​មាន​សឹង​តែ​រាល់​ថ្ងៃដែរ៕អត្ថបទ៖ ស៊ុម សុខជា

អភិបាលរាជធានី ជំរុញឱ្យចៅសង្កាត់និងស្មៀនបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ

2022/01/06 12:40:11 pm        359
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យចៅសង្កាត់ និងស្មៀន ធ្វើយ៉ាងណាបម្រើសេវាសាធារណៈ និងសេវាផ្សេងៗទៀត ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ព្រោះចៅសង្កាត់ និងស្មៀនសង្កាត់ គឺជាអ្នកដែលនៅផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ ដូច្នេះអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែបម្រើ ពិសេសការផ្តល់សេវាជូនឱ្យមានតម្លាភាព និងទាន់ពេលវេលា ។ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុង​ពិធី​សំណេះសំណាល​ជាមួយលោក ​លោកស្រីជាចៅសង្កាត់ និងស្មៀនសង្កាត់ទាំងអស់នៅ​ក្នុង​រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង ​ក៏បានថ្លែងនូវការអរគុណយ៉ាងធំធេងផងដែរ ​ចំពោះអាជ្ញាធរសង្កាត់ ដែល​បាន​យកអស់កម្លាំងកាយចិត្តក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺ​នេះ​បាន​ធូរស្រាល​ និងបានឈានដល់រាជរដ្ឋាភិបាល​បិទបញ្ចប់​នូវ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ​បាន​ដំណើរការជាប្រក្រតីឡើងវិញ ដូចសព្វថ្ងៃនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រាជរដ្ឋាភិបាលកម្ពុជា នឹងផ្ដល់ជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ​ជូន​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​នៅ​ថ្ងៃស្អែក

2022/01/06 04:44:56 am        334
ភ្នំពេញ៖ រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ដល់ជំនួយម៉ាសចំនួន៣លាន , ម៉ាសN95ចំនួន២សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រជាច្រើនទៀត ដល់រដ្ឋាភិបាល និងប្រជាជន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ស្អែកនេះ ស្របនឹងដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់សហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ផងដែរ។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់​បណ្តាញ​អ្នក​សារព័ត៌មាន ​នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះថា ថ្ងៃនេះក្រសួងសុខាភិបាល សហការជាមួយអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន Cambodia Aiways ដែល​មានភារកិច្ចដឹក​ជញ្ជូន​សម្ភារៈបរិក្ខារដែល​ជាអំណោយ​របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជា​ណា​ចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រី្ត ដែលនឹង​ដឹកនាំ​ប្រតិភូជាន់ខ្ពស់ ទៅទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ទន្ទឹមនឹងនោះ សម្តេចតេជោ មានជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ​ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា​ ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា ​គិតត្រឹមថ្ងៃនេះ កម្ពុជា បានប្រគល់​ជំនួយ​ម៉ាស និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ​ជូនដល់ប្រទេសចំនួន៦រួចមកហើយ ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩។ និយាយដោយឡែកសម្រាប់មីយ៉ាន់ម៉ា គឺជាលើកទី៣ហើយ​ដែលកម្ពុជាប្រគល់​ជំនួយ​ជូនប៉ុន្តែការប្រគល់ជំនួយនេះ កម្ពុជាមិនបញ្ឈប់ត្រឹមនេះទេ។កម្ពុជានឹងបន្តចែករំលែកសាមគ្គីភាពរវាងប្រទេស ​ដែលជាសមាជិកអាស៊ាន ទាំងការងារ និង​យុទ្ធសាស្រ្ត ​ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងសម្ភារៈ ​និងបរិក្ខារវេជ្ជសាស្រ្តជាដើម៕អត្ថបទ រដ្ឋា 

មីយ៉ាន់ម៉ារឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពសម្រាប់ដំណើរទស្សនិច្ចរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលពីរថ្ងៃ

2022/01/06 11:34:29 am        436
ភ្នំពេញ៖ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្របពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាន់តែខិតជិតមកដល់ អាជ្ញាធរមីយ៉ាន់ម៉ាបានរឹតបន្តឹងសន្តិសុខ និងការការពារសុវត្ថិភាពខ្ពស់ជាងមុន។តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុម​ប្រឹក្សា​រដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រកម្ពុជា ​នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ​ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។មុនមួយសប្តាហ៍នៃការបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា មានករណីផ្ទុះគ្រាប់បែកកែច្នៃចំនួនពីរគ្រាប់ក្បែរស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា ដែល​បញ្ហានេះ​ត្រូវបានឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ក្នុងនាម​ជាម្ចាស់ផ្ទះ​ដែល​បានអញ្ជើញប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ទៅ​កាន់​ប្រទេស​របស់ខ្លួន ​មីយ៉ាន់ម៉ាប្រាកដ​ជាយល់ច្បាស់​អំពីស្ថានការណ៍ មានន័យថា​មីយ៉ាន់ម៉ា​បាន​គិតគូរ​ខ្ពស់​ចំពោះការ​ទទួល​ស្វាគមន៍វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន។ឆ្លើយតបជុំវិញបញ្ហាសន្តិសុខ និងការការពារសុវត្ថិភាពជូនសម្តេចតេជោ​ នាយករដ្ឋមន្រ្តី​មុនការ​អញ្ជើញ​ទស្សនកិច្ចផ្លូវការ​ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ​បានបញ្ជាក់ថា ស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេសមីយ៉ាន់ម៉ា ​រួមជាមួយអាជ្ញាធរមីយ៉ាន់ម៉ា​បានទំនាក់ទំនង​ និងសហហការគ្នាជាប្រចាំ។ ក្នុងនោះ ​ក្រោយករណីផ្ទុះគ្រាប់កែច្នៃមក បញ្ហាសន្តិសុខមីយ៉ាន់ម៉ាត្រូវបាន​បង្កើនការការ​ពារ​សុវតិ្ថភាព​ខ្ពស់​ ពិសេសការទទួលខុសត្រូវចំពោះការការពារសុវត្ថិភាព​ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងពេលដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។គួរបញ្ជាក់ថា ករណីផ្ទុះគ្រាប់បែកកែច្នៃចំនួនពីរលើក ​នៅក្បែរស្ថានទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា បាន​កើតឡើង ​កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដោយការផ្ទុះលើកទី១​នោះ​មាន​ចម្ងាយពី​ ១០០ម៉ែត្រ និងលើកទី២មានចម្ងាយ១៥០ម៉ែត្រ​ពីស្ថានទូតរបស់កម្ពុជា ប៉ុន្តែករណីផ្ទុះគ្រាប់​បែក​កៃច្នៃ​នេះ​មិន​បានបង្កឲ្យនរណាម្នាក់គ្រោះថ្នាក់ឡើយ៕អត្ថបទ៖ ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតមកដល់ពេលនេះ ពលករខ្មែរចាកចេញពីថៃមកកម្ពុជាវិញ មានចំនួនប្រមាណ ៥៥ម៉ឺននាក់
08/05/2025 12:08 PM
[UPDATE] ក្រសួងការពារជាតិ៖ កាលពីម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា
08/05/2025 12:08 PM
«គណៈកម្មការរៀបចំការប្រឡងប្រជែង និងគ្រប់ភាគីពាក់ព័ន្ធ ប្រឹងប្រែងធានាតម្លាភាពភាពរលូន និងប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងជំនឿទុកចិត្តដែលបេក្ខជនគ្រប់ៗរូបផ្តល់ឱ្យ»
08/05/2025 12:08 PM
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំណាតូ៖ ហូឡង់ទិញសព្វាវុធជាច្រើនរបស់អាមេរិកសម្រាប់អ៊ុយក្រែនជាលើកដំបូង
08/05/2025 12:08 PM
សន្តិភាពបៃតង ជំរុញសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីប្លាស្ទិក «កាត់បន្ថយការផលិតផ្លាស្ទិក»
08/05/2025 12:08 PM
​សប្បុរស​ជន នាំយក​គ្រឿង​ឧប​ភោគបរិភោគ និង​ថវិកា​ជូន​កង​ទ័ព​ជួរមុខ
08/05/2025 12:08 PM
អ៊ុយក្រែននិយាយថា «ទាហានស៊ីឈ្នួល» បរទេស មកពីប្រទេសផ្សេងៗកំពុងជួយរុស្ស៊ី
08/05/2025 12:08 PM
អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម
08/05/2025 12:08 PM
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( 5 August, 2025 )
08/05/2025 12:08 PM
ក្រសួងការពារជាតិកម្ពុជា ជំរុញឲ្យថៃរុះរើបន្លាលួស និងដកគ្រឿងចក្ររបស់ខ្លួន ចេញពីដែនអធិបតេយ្យភាពកម្ពុជាជាបន្ទាន់
08/05/2025 12:08 PM