ប្រធានសហព័ន្ធស្រូវអង្ករ៖ ការនំាចេញកម្ពុជាក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបាន ១ លានតោន
ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង

សេដ្ឋកិច្ច និង កសិកម្ម

ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ

2026/04/24 05:34:55 pm        208
កម្ពុជានាំចេញសំបកកង់រថយន្ត និងគ្រឿងបន្លាស់រថយន្ត ម៉ូតូ និងកង់ នៅក្នុងត្រីមាសទី១ ឆ្នាំ​២០២៦, មានទំហំទឹកប្រាក់សរុបជាង ៥៨០ លានដុល្លារអាមេរិក, ដែលការនាំចេញ​ប្រភេទ​ទំនិញ​ទាំង​នេះ មានកំណើនកើនឡើងល្អប្រសើរ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា។ជុំវិញទីផ្សារនាំចេញទំនិញនេះ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅក្នុ​ង​រយៈ​ពេ​ល​៣ខែ ឆ្នាំ២០២៦ កម្ពុជា បាននាំចេញ​ទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ ​ក្នុងនោះមានប្រភេទទំនិញថ្មីៗជាច្រើន បានកំពុងជួយជ្រោម ជ្រោងដល់​ការ​នំា​ចេញ​ទំនិញ​របស់​កម្ពុជា ជាក់ស្តែងការនាំចេញគ្រឿងបន្លាស់រថយន្ត នៅក្នុងត្រីមាសទី១នេះ មាន​ទឹក​ប្រាក់ស​រុប​ជាង ៩២ លានដុល្លារ បានកើនឡើងជាង ៣០ ភាគរយ បើធៀបរយៈពេល​ដូច​គ្នា​និង​ឆ្នាំ​២០២៥ ក្នុងនោះកម្ពុជាបាននាំចេញទៅប្រទេស ជប៉ុន មានទឹកប្រាក់ជាង ២១ លានដុល្លារ, ថៃ ជាង ១៦ លានដុល្លារ, អាមេរិកជាង ៥ លានដុល្លារ និងការនាំចេញទៅកាន់ប្រទេស ផ្សេង​ៗ​ទៀត​។ ចំណែកការនាំចេញគ្រឿងបន្លាស់កង់ និងម៉ូតូ នៅក្នុងរយៈពេលនេះដែរ មានទឹក​ប្រាក់​សរុប​ជាង ១៦ លានដុល្លារ កើន ឡើងជិត ២៧ ភាគរយ ក្នុងនោះប្រទេសហូឡង់ ជាង ៨ លាន​ដុល្លារ​, ចិនជាង ២ លានដុល្លារ និងនាំចេញទៅប្រទេសផ្សេងទៀត។ដោយឡែកការនាំចេញសំបកកង់រថយន្ត នៅក្នុងត្រីមាសទី១នេះដែរ មានទឹកប្រាក់សរុបជាង ៤៧២លានដុល្លារ កើនឡើង ជាង ៤២ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ក្នុង​នោះ​ទីផ្សារ​ដែល​បានជួយគាំទ្រដល់ការនាំចេញសំបកកង់រថយន្តរួមមាន៖ សហរដ្ឋអាមេរិក គិត​ជា​ទឹក​ប្រាក់​ជាង​ ៣៥៨ លានដុល្លារ, ប្រេស៊ីល ជិត ៣៩ លានដុល្លារ, កាណាដា ជាង ២០ លានដុល្លារ, បារាំង ជិត ១១ លានដុល្លារ, អង់គ្លេស ជាង ៥ លានដុល្លារ និងការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ជុំវិញការនាំចេញទំនិញរបស់កម្ពុជា, ថ្មីៗនេះ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម ​បានលើកឡើង ថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន​និងកំពុងបន្តធ្វើការកែទម្រង់យ៉ាងមុតស្រួច ជាពិសេសលើកិច្ច សម្រួលពាណិជ្ជកម្ម ដើម្បី​ជំរុញ​ការ​នាំចេញ និងទាក់ទាញ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា​តាមរយៈ ការកសាងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម, ការ​បន្ត​ធ្វើ​ទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្ម លើការផ្តល់ សេវាសាធារណៈរបស់ក្រសួង, ការចរចា​បើក​ទីផ្សារ​ តាមរយៈការរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ឌទ្វេ ភាគី ពហុភាគី តំបន់និងពិភពលោកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

2026/04/24 02:59:49 pm        362
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ជូន​ដំណឹង​ថ្មី​ចំពោះ​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​ព្រះរា​ជា​ណាចក្រកម្ពុជា អនុវត្តចាប់ពី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូន​ដំណឹង​បន្ទាប់​ ក្នុងនោះប្រេងសាំងឡើងពី៤៩៥០ ដល់ ៥០០០ រៀល/លីត្រ ខណៈម៉ាស៊ូត​ធ្លាក់​ចុះ​ពី​៥៧០០ ​មកសល់ត្រឹម ៥ ៤០០ រៀល/លីត្រ។ តាមសេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា យោងប្រកាសអន្តរក្រសួង ចុះថ្ងៃទី២២ ខែ​មីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និង​ថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា និង​យោង​លើ​ការ​ព្រមព្រៀង លើរូបមន្តកំ​ណត់​តម្លៃ​ជាមួយ​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ដែល​ប្រកប​អាជីវ​កម្ម​នៅ​កម្ពុជា​។យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិ, រាជរដ្ឋាភិបាល បាន​បន្ត​បញ្ចុះ​ចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាព។ រាជ​រដ្ឋាភិបាល បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃ​ប្រេង​សាំង​អន្តរជាតិ​ឡើង​លើស​ពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធ​គយ ​០ (សូន្យ) ន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃ​ប្រេង​ឥន្ធនៈ​បន្ត​កើន​ឡើង​នៅ​ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រីបានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ​, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូត ពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។សេចក្ដី​ជូនដំណឹងបញ្ជាក់ថា៖«ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥០០០រៀលលីត្រ សម្រាប់​ប្រេង​សាំង​ធម្មតា​ (Gasoline 92) និង ៥៤០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)»៕

ការធ្វើបច្ចុប្បន្នភាព NFIS ដើម្បីធានាដល់គ្រួសារ និងអាជីវកម្មឱ្យទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​សម​ស្រប

2026/04/23 11:01:54 pm        309
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងថា ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិ​ស្តីពី​ការ​រួម​បញ្ចូល​ហិរញ្ញវត្ថុ (NFIS) ធានាដល់ បុគ្គល គ្រួសារ និងអាជីវកម្មអាចទទួលបាន និង​ប្រើ​ប្រាស់​សេវា​កម្ម​ហិរញ្ញវត្ថុសមស្រប ប្រកបដោយប្រសិទ្ធភាព គាំទ្រដល់កំណើន ប្រកបដោយចីរភាព។ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើង​នៅក្នុ​ង​ពិធី​ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការធ្វើបច្ចុប្បន្ន ភាពយុទ្ធសាស្ត្រជាតិ ស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ (NFIS) សម្រាប់​រយៈ​ពេល ​២០២៦-២០៣០ និងពិគ្រោះយោបល់ នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៦ នេះថា ក្នុង​រយៈពេលពីរទសវត្សរ៍កន្លងមកនេះ វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​បាន​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់មួយ គឺចាប់ផ្តើមផ្តោតលើការកសាងទំនុកចិត្តឡើងវិញនៅក្នុងស្ថាប័នហិរញ្ញវត្ថុ ដោយក​ម្ពុជាបានអភិវឌ្ឍន៍ប្រព័ន្ធដែលមាន ស្ថេរភាព និងគាំទ្រ​ដោយ​ការ​ច្នៃ​ប្រឌិត​ឌីជីថល​យ៉ាង​ឆាប់​រហ័ស​។ដោយឡែកការធ្វើបច្ចុប្បន្នភាព NFIS បានឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់កម្ពុជា ក្នុង​ការ​លើកកម្ពស់សេវាកម្ម ហិរញ្ញវត្ថុ ដែលមានលក្ខណៈរួមបញ្ចូលអាចចូលដំណើរការបាន និង​មាន​ទំនួល​ខុសត្រូវសម្រាប់ប្រជាជនកម្ពុជាទាំងអស់ បានឆ្លើយតប ទៅនឹងតម្រូវ​ការ​វិវត្ត​នៃ​សេដ្ឋកិច្ច ​និងសង្គម។ ការធ្វើបច្ចុប្បន្នភាព NFIS នឹងបន្តលើ​វឌ្ឍនភាព​ដែល​សម្រេច​បាន​ក្រោម​យុទ្ធ​សាស្ត្រ​មុន និងពង្រឹងបន្ថែមទៀត នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីធានាថា បុគ្គល​ គ្រួសារ និងអាជីវកម្មអាចទទួលបាន និងប្រើប្រាស់ សេវាកម្ម​ហិរញ្ញ​វត្ថុ​សម​ស្រប​ប្រកប​ដោយ​ប្រសិទ្ធភាព ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព។លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើក​ឡើង​ផង​ដែរ​ថា ​បច្ចុប្បន្ននេះពិភព លោកមិនទាន់មានភាពប្រាកដប្រជានៅឡើយដូចជា នៅមជ្ឈឹមបូព៌ា ពាណិជ្ជ​កម្ម​សកល ការឡើងអតិផរណា និងអំណាចទិញជាដើម បានកំពុងរងផលប៉ះពាល់ ក្នុង​នោះ​ស​ម្រាប់ប្រទេសកម្ពុជា ជុំវិញការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នឹងអាចមានផលជះដល់គ្រួសារ ក៏ដូចជាបុគ្គល អាចនឹងងាយរងគ្រោះបំផុតនៃការឡើងថ្លៃនេះ។ ប៉ុន្តែប្រទេស​កម្ពុជា​បាន​បង្ហាញ​ទៅ​ដល់​ប្រទេសផ្សេងៗក្នុងតំបន់ អំពីការធ្វើ បច្ចុប្បន្នភាពបរិយាបន្នហិរញ្ញវត្ថុ ដែលបាន​កំពុង​ដើរ​ទៅ​មុខ​ជានិច្ច។ ដូច្នេះការពង្រឹកលើវិស័យនេះគឺជាចំណុចសំខាន់មួយ តែវាមិនអាច ឆ្លើយតបបាន​គ្រប់​គ្រាន់​ទេ គឺទាមទារឱ្យរាជរដ្ឋាភិបាលគិតគូលើវិស័យផ្សេងៗទៀត ដើម្បីទប់នឹងវិបត្តិទាំងនេះ។សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​រួម​បញ្ចូលហិរញ្ញវត្ថុ (NFIS) ឆ្នាំ ២០១៩-២០២៥ លើកដំបូង ដែលមានគោល​បំណង​ក្នុង​ចំណោម​គោល​បំណងផ្សេងទៀត ដើម្បីបង្កើនការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ផ្លូវការពី ៥៩% ដល់ ៧០% និងកាត់បន្ថយគម្លាត នៃការដកចេញពីហិរញ្ញវត្ថុសម្រាប់ស្ត្រីពី ២៧% ដល់ ១៣%។ កិច្ច​ខិតខំប្រឹងប្រែង ទាំងនេះ រួមចំណែកដល់ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%

2026/04/22 07:40:45 pm        209
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP របស់​កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១១ ពាន់ លានដុល្លារអាមេរិក កើនជាង ១៨% បើធៀប​រយៈ​ពេល​ដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទីផ្សារអាស៊ានមានទំហំជាង ៤.៨០០ លានដុល្លារ, អឺរ៉ុបជាង ១.៣០០ លានដុល្លារអាមេរិក និងបណ្តាប្រទេសសមាជិកផ្សេងៗទៀតមានកើនឡើងផងដែរ។ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) នៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦ នេះ មានទំហំទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ កើនជាង ១៨% ក្នុងនោះកម្ពុជា បាននាំចេញ មានទឹកប្រាក់ជាង ២.៨០០ លានដុល្លារ កើនជាង ៤% និងការនាំចូល មានទឹកប្រាក់ជាង ៨.៤០០ លានដុល្លារ កើន ២៤% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ចំណែកជាមួយទីផ្សារអាស៊ានដែលជាសមាជិក RCEP (ចំនួន១០ប្រទេស), ការដោះដូរពាណិជ្ជកម្មនៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦នេះដែរ មានទំហំទឹកប្រាក់ជាង ៤.៨០០ លានដុល្លារ កើនឡើងជាង ១០% ក្នុងនោះកម្ពុជា បាននាំចេញមានទឹកប្រាក់ជាង ១.៦០០ លានដុល្លារ ថយចុះ ៧% ខណៈការនាំចូលពីទីផ្សារអាស៊ាន មានទឹកប្រាក់ជាង ៣.២០០ លានដុល្លារ កើនជិត ២២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ដោយឡែកការធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលជាសមាជិក RCEP ចំនួន ៥ផ្សេងទៀតរួមមាន៖ ប្រទេសចិន មានទឹកប្រាក់ជាង ៥.១០០ លានដុល្លារ កើនឡើងជាង ២៦%, ជប៉ុន ជាង ៧៥៣ លានដុល្លារ កើនជាង ១៤%, កូរ៉េខាងត្បូង ជាង ២៦២ លានដុល្លារ កើន ២២%, អូស្រា្តលី ចំនួន ១១៧ លានដុល្លារ កើនជាង ៤២% និងនូវែលសេឡង់ មានទឹកប្រាក់ជាង ១៣ លានដុល្លារ កើនឡើងជិត ៥% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ សូមបញ្ជាក់ថា ក្រៅពីការធ្វើពាណិជ្ជកម្មជាមួយ RCEP កម្ពុជានៅមានការធ្វើពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសផ្សេងៗជាច្រើនទៀត ដូចជា៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជិត ៣.៥០០ លានដុល្លារ កើនជិត ៤០%, កម្ពុជា-អង់គ្លេស ជាង ២៣០ លានដុល្លារ ថយចុះជាង ១%, កម្ពុជា-កាណាដា ជិត ៣០០ លានដុល្លារ កើនជិត ១%, កម្ពុជា-ឥណ្ឌា ជិត ១២០ លាន ដុល្លារ កើនជាង ៣១%, កម្ពុជា-អារ៉ាបអីម៉ារ៉ាត់ ២០ លានដុល្លារ ថយចុះ ១៥%, សហភាពអឺរ៉ុប (៥ប្រទេស) មានទឹកប្រាក់ជាង ១.៣០០ លានដុល្លារ កើនជាង ៨% និងជាមួយបណ្តាប្រទេសផ្សេងៗទៀត មានទឹកប្រាក់ជិត ៨០០ លានដុល្លារ កើន ១៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ

2026/04/21 10:28:11 pm        312
គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យ និងពិភាក្សា លើសំណើ​សុំចុះ​បញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ចំនួន ៧ គម្រោង និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៩០ លានដុល្លារអាម៉េរិក។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២៦​នេះ បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយលើកទី៤ ដោយមានការអញ្ជើញ​ចូល​រួម​ពី​តំណាង​ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បី ពិនិត្យ ពិភាក្សា លើសំណើ​សុំ​ចុះ​បញ្ជី​គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង និងគម្រោង​ពង្រីក​បន្ថែម​មុខ​សញ្ញាផលិតកម្មចំនួន ១ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៩០ លាន​ដុល្លារ​អាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ២ ពាន់កន្លែង។គម្រោងវិនិយោគទាំងនេះរួមមាន៖ រោងក្រផលិត ផ្គុំ និងដំឡើងសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ, ផលិ​តពូ​កខ្យល់ សាឡុង ខ្យល់ ពោងហែលទឹក អាងហែលទឹក ទូកខ្យល់ កាបូបក្លាស្សេ សម្ភារៈ​កីឡា និងសម្ភារៈក្មេងលេង (ពីប្លាស្ទិក), រោងចក្រផលិតអំបោះ និងជ្រលក់ពណ៌ និង​ពង្រីក​បន្ថែម​មុខ​សញ្ញាផលិតកម្ម “បោកគក់សម្លៀកបំពាក់” លើមុខសញ្ញាចាស់ (កាត់ដេរសម្លៀកបំពាក់ និង ប៉ាក់) នៅលើទីតាំងដដែល។ចំណែក​ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន២គម្រោងរួមមាន បង្កើត​រោង​ចក្រ​កែច្នៃដំឡូងមី, និង បង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទ។ វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ មាន២គម្រោង គឺការអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ មាន​អានុ​ភាព ​១៥០ មេហ្គាវ៉ាត់ និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ មាន អានុភាព ៣៥០ មេហ្គាវ៉ាត់។ គម្រោងវិនិយោគទាំង៨ខាងលើនេះ គ្រោង​វិនិយោគ​នៅ​តំបន់​ផ្សេង​ៗ​គ្នា​រួមមាន នៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និង​ខេត្ត​មណ្ឌលគីរី៕ អត្ថបទ៖ សុន រ៉ាឌី

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ

2026/04/21 10:07:38 pm        265
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការនាំចេញ​មុខ​ទំនិញ​របស់​កម្ពុជា​ស្ទើរ​គ្រប់​ប្រភេទ​បាន​កើ​ន​ឡើង​ល្អ​ប្រសើរ ក្នុងនោះមានប្រភេទទំនិញមួយចំនួនបានកើនឡើងខ្ពស់លើសពី ៥០ភាគរយ ខណៈ​កំណើន​នេះ ​កំពុងគាំទ្រដល់កំណើននៃការនាំចេញ និងការជួយជ្រោម​ជ្រែង​ដល់​កំណើននៃ​សេដ្ឋកិច្ច​ជាតិ​។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម ​នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦, មាន​ទំហំទឹកប្រាក់ប្រមាណជាង ៨ ពាន់លានដុល្លារ កើនឡើងជិត ១៨ ភាគរយ បើប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នានិងឆ្នាំ២០២៥ ក្នុងនោះមានប្រភេទទំនិញជាច្រើន បានចូលរួម​ចំណែក​ដល់​កំណើន​នៃ​ការនាំចេញទំនិញ របស់កម្ពុជា និងគំាទ្រដល់កំណើននៃសេដ្ឋកិច្ចជាតិ ចំពោះ​ប្រភេទ​ទំនិញ​ដែលបានបន្តកើនឡើងរួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿង​បន្ទា​ប់​បន្សំ​ធ្វើ​ពី​ក្រណាត់ និងមិនធ្វើពី ក្រណាត់ មានទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ កើនឡើងជាង ៣ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូជាង ៦៤៨ លានដុល្លារ កើនជាង ៤២ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ៥១៦ លានដុល្លារ កើនជិត ១២ ភាគរយ, ស្បែកជើង ស្រោមជើងជាង ៣៧៨ លានដុល្លារ កើនជិត ១២ ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ៣៧៨ កើន ២៤ ភាគរយ, យានក្រៅពីអយស្ម័យយាន ២៤៧ លានដុល្លារ កើនជាង ៤៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥, ក្រៅពីនេះនៅមានប្រភេទទំនិញផ្សេងៗជាច្រើនទៀត បាន បន្តកើនឡើងគួកត់សម្គាល់ផងដែរ។ដោយឡែកប្រភេទំនិញដែលកើនខ្ពស់លើសពី ៥០ ភាគរយ នៅក្នុងត្រីមាសទី១នេះរួមមាន៖ គ្រឿងសង្ហារឹម មានទឹកប្រាក់ជិត ៤១០ លានដុល្លារ កើនជាង ៦៤ ភាគរយ, អាលុយមីញ៉ូម និងវត្ថុធ្វើអំពីអាលុយមីញ៉ូម ជាង ១៣២ លានដុល្លារ កើនជិត ៥០០ ភាគរយ, ប្រដាប់ ប្រដាក្មេងលេង និងវត្ថុសម្រាប់កីឡា មានទឹកប្រាក់ជាង ១២៦ លានដុល្លារ កើនជិត ១៦៤ ភាគរយ, អំបិល ស្ពាន់ ដី ថ្ម និងស៊ីម៉ង់ត៍ ជិត ១០៨ លានដុល្លារ កើន ៥៣ ភាគរយ, វាយនភណ្ឌកែច្នៃ ឈុត និងសម្លៀកបំពាក់ ជាង ១១១ លានដុល្លារ កើន ៦១ ភាគរយ និងស្ពាន់ និងវត្ថុធ្វើ ពីស្ពាន់ មានទឹកប្រាក់ ៦៧ លានដុល្លារ កើនដល់ ១៧០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ

2026/04/20 07:16:11 pm        259
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំង​ការ​ចុះ​បញ្ជី​ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងចុះបញ្ជី​ដោយ​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី​ខេត្ត ​(អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ ប៊ីលាន​ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។ នេះបើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។បើតាម CDC ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មាន គម្រោងចំនួន ៩៥ ត្រូវ​បាន​ចុះ​បញ្ជី​ដោយ CDC (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុង តំបន់សេដ្ឋកិច្ច​ពិសេស​ចំនួន ​៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការ​វិនិយោគ​រាជ​ធានី ខេត្ត (អ.គ.វ.រ.ខ.)។CDC បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានៅតែអាច​ទាក់​ទាញគ​ម្រោង​វិនិយោគ​ធំ​ៗ ​ដូចជាគម្រោង បង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិ​និយោគ​អភិវឌ្ឍន៍​ស្ថានីយ​ផលិត​អគ្គិសនី​ដើរដោ​យថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត, ផ្គុំដំឡើង​ម៉ូតូ​, ​និងផលិតសំបកកង់រថយន្ត ដូចមានគូស រំលេចក្នុងចំណុចគម្រោងលេចធ្លោខាងក្រោម។ បើតាម CDC វត្តមាននៃគម្រោងវិនិយោគទាំងនេះ នឹងជួយផ្សព្វផ្សាយពី ភាពល្អ​ប្រសើរ​នៃ​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការជាបន្ត បន្ទាប់​ដើម្បី​ឆ្លើយ​តប​នឹងបញ្ហាវិបត្តិសកលដែលបានជះឥទ្ធិពលមកលើកម្ពុជា សំដៅថែទាំវិនិយោគដែលមាន ស្រាប់ និងជំរុញទាក់ទាញវិនិយោគថ្មី ពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា៕ 

រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

2026/04/10 11:28:36 pm        348
ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា គិត​ជាទឹកប្រាក់មានចំនួនសរុប ជាង ៣,៣ ពាន់លានដុល្លារអាមេរិក កើនជាង ៣៨ ភាគរយ ដែលនេះជាកំណើនមួយខ្ពស់ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជា ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការ​នាំ​ចេញ​រប​ស់កម្ពុជា មានកំណើន កើនឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និង​បាន​បង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក អំពីការរីកលូត លាស់នៃសេដ្ឋកិច្ច និង​ក៏​ជា​ការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិន ក្នុងការបណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ មាន​ទំហំ​ទឹកប្រាក់សរុបជាង ៨ ពាន់ លានដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ២០២៥ (មានទឹកប្រាក់ជាង ៦,៨ ពាន់លានដុល្លារប៉ុណ្ណោះ)។ ចំណែក​ការ​នាំ​ចេញ​ទំនិញ​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកវិញ, នៅក្នុងរយៈពេលនេះ មានទឹកប្រាក់សរុបជាង ៣,៣ ​ពាន់លានដុល្លារអាមេរិក កើនជាង ៣៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (មាន​ជាង​ ២,៤ ពាន់លានដុល្លារប៉ុណ្ណោះ) ក្នុងនោះប្រភេទទំនិញសំខាន់ៗដែល កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិករួមមាន៖ សម្លៀកបំពាក់, ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ ការនាំចេញ​ផលិត​ផល​ពី​កសិកម្ម និងផ្សេងៗទៀត។ ពោលគឺទីផ្សារអាមេរិក បានជួយជ្រោម​ជ្រែង​ដល់​ការ​នាំ​ចេញ ​និងឈរក្នុងលំដាប់ទី១ នៃការនាំចេញផលិតផលសរុបរបស់ កម្ពុជា។  ចំណែកការនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ នៅក្នុងត្រីមាសទី១ នេះដែរ មាន​ទឹក​ប្រាក់​ប្រមាណ ១២៦លានដុល្លារអាមេរិក កើន ឡើងជិត ៦៨ ភាគរយ បើធៀបរយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៥​ ក្នុងនោះប្រភេទទំនិញនាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ យានយន្ត គ្រឿងបង្គុំ គ្រឿង​អេឡិចត្រូនិច និងមានប្រភេទទំនិញាច្រើនផ្សេងៗទៀត។សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ​២០២៦នេះ មានទំហំទឹកប្រាក់សរុបជិត ១៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគ​រយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី 

ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបានប្រមាណ ១៧ពាន់លានដុល្លារក្នុងត្រីមាសទី១

2026/04/10 11:12:15 pm        301
ភ្នំពេញ៖ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានផ្សាយនៅថ្ងៃទី ១០ ខែ​មេសា ឆ្នាំ ២០២៦ បង្ហាញថា ការដោះដូរទំនិញរវាងកម្ពុជា ជាមួយ​ដៃគូ​ពាណិជ្ជ​កម្ម​អន្តរជាតិ​សំខាន់​ៗ​សម្រេចក្នុងទំហំទឹកប្រាក់ជាង ១៦,៩៣ ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ ឆ្នាំ​២០២៦ ​កើនឡើង ១៧,២% ប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២៥ មានទឹកប្រាក់ ១៤,៤ ពាន់​លាន​ដុល្លារអាម៉េរិក។ទិន្នន័យដដែល បញ្ជាក់ទៀតថា ក្នុងនោះ កម្ពុជានាំចេញទំនិញមានតម្លៃជាប្រាក់ជាង ៨,០៩ ពាន់​លានដុល្លារអាម៉េរិក កើនឡើង ១៧,៧% ខណៈ​កម្ពុជា​នាំ​ចូល​ទំនិញ​មក​វិញ​មាន​តម្លៃ​ជា​ប្រាក់​ជាង ​៨,៨៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,៧%។ក្នុងត្រីមាសទី១នេះ សហរដ្ឋអាម៉េរិកគឺជាទីផ្សារឈានមុខគេសម្រាប់កម្ពុជា ដែលបាន​ស្រូប​យក​ផលិត​ផល​ពីកម្ពុជាមានតម្លៃជាប្រាក់ ៣,៣៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣៨,៤% ខណៈ​កម្ពុជានាំចូលពីអាម៉េរិកមកវិញក្នុងទំហំទឹកប្រាក់ជាង ១២៦លានដុល្លារអាម៉េរិក កើនឡើង ៦៧,៩%។ដោយឡែក ប្រទេសវៀតណាមគឺជាទីផ្សារឈានមុខគេលំដាប់ទី២ ដែលបាន​នាំចូ​លទំ​និញ​ពី​កម្ពុជា​ក្នុងទំហំប្រាក់ជាង ១,២៤ពាន់លានដុល្លារអាម៉េរិក (-១,៨%) ខណៈ ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​ឈាន​មុខគេលំដាប់ទី៣ របស់កម្ពុជា ដែលបាននាំចូលទំនិញពីកម្ពុជាមានតម្លៃជាប្រាក់ជាង ៤៥៩​លានដុល្លារអាម៉េរិក (កើន ៣២%) នៃការនាំចេញសរុប។ទីផ្សារសំខាន់ៗរបស់កម្ពុជាមួយចំនួនទៀត រួមមាន ជប៉ុន,សិង្ហបុរី, ម៉ាឡេស៊ី, អេស្ប៉ាញ, ឥណ្ឌូនេស៊ី,​ កាណាដា, កូរ៉េខាងត្បូង, និងប្រទេស៩ផ្សេងទៀត គឺសុទ្ធសឹងបង្ហាញ​ពី​អត្រា​កំណើន​ជា​វិជ្ជមាន​៕ អត្ថបទ៖ ធូ វិរៈ 

ADBព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,៥% ក្នុងឆ្នាំ២០២៦ នាំមុខដោយវិស័យ​កម្មន្តសាល

2026/04/10 07:48:21 pm        212
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើង៤,៥%ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដ​ល់​ទីផ្សារ​ទំនិញ​សកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។ នេះ​បើ​យោង​តាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងអំបីវិស័យកម្មន្តសាល នឹង​នៅ​តែ​ជា​ក្បាល​ម៉ាស៊ីន​កំ​ណើន​សំខាន់​របស់សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្ម ត្រូវ​បាន​រំពឹ​ងថា​ នឹងកើនឡើង៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និង​កំណើន ​នៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គំអគ្គិសនី សំប​ក​កង់ និងគ្រឿងសង្ហារឹម។ ក្រៅពីនេះ កំណើនមធ្យម នៃវិស័យ​កសិកម្ម​នឹង​បន្ត​ទទួល​បាន​០,៩%​។ រីឯវិស័យសេវាកម្មត្រូវបានព្យាករថា នឹងធ្លាក់ចុះពី ៣,៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម ២.៣% ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ចំពោះ​អតិផរណា ត្រូវបានព្យាករថា នឹងកើនឡើងដល់២,៨% ជាមធ្យម នៅឆ្នាំ២០២៦ ប្រសិន​បើ​ការកើនឡើងនៃថ្លៃទំនិញសកល ដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។ ការប៉ះ​ទង្គិចតម្លៃប្រេងឥន្ធនៈដែលអូសបន្លាយពេលយូរ អាចបង្កើនថ្លៃដើមនាំចូល និងជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់វិស័យកសិកម្ម ផលិតកម្ម និងទេសចរណ៍។លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បាន​មាន​ប្រសាសន៍ថា កម្ពុជាបន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្ត​សាល​នៅតែ​រឹង​មាំ​ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍ នឹ​ង​ជួយ​រក្សា​សន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ។គួររម្លឹកដែរថា កាលពីឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,២​ភាគ​រយ​ តែនៅឆ្នាំ២០២៦ ព្យាករកំណើនសេដ្ឋកិច្ចមកត្រឹមតែ៤,៥ភាគរយ ពោលគឺ​ធ្លាក់​ចុះ​០.៧​ភាគរយ​។ ការធ្លាក់ចុះនេះ ដោយសារជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ និងវិបត្តិជាសកល ដោយ​សារ​សង្គ្រាមនៅមជ្ឈិមបូព៌ា និងតាមបណ្តាប្រទេសមួយចំនួនទៀត៕ អត្ថបទ៖ ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM