រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

ធនាគារកាណាឌីយ៉ាបើកសាខាធនាគារវៃឆ្លាតថ្មី នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ

2023/04/26 01:19:17 pm        394
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសានេះ ធនាគារកាណាឌីយ៉ា បានដាក់សម្ពោធអោយប្រើប្រាស់​ជាផ្លូវការនូវសាខាឆ្លាតវៃទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ផ្លូវលេខ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា ថ្លែងថា សាខាធនាគារវៃឆ្លាតនេះ គឺមានបំពាក់សម្ភារៈប្រព័ន្ធ​ឌីជីថល ដាក់-ដក ទូទាត់ ផ្ទេរសាច់ប្រាក់ស្វ័យប្រវត្តិ ដែលផ្តល់ភាពងាយស្រួលជាងគេ នៅ​ប្រទេសកម្ពុជា។ក្នុងឱកាសបើកសាខាធនាគារកាណាឌីយ៉ាវៃឆ្លាតថ្មីស្ទឹងមានជ័យនេះ លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា បានថ្លែងថា អស់រយៈពេលជាង ៣២ឆ្នាំមកហើយ ដែលធនាគារកាណាឌីយ៉ា​បានបើកដំណើរផ្តល់សេវាហិរញ្ញវត្ថុ​នៅក្នុង​ប្រទេសកម្ពុជា មានស្ថេរភាពហិរញ្ញវត្ថុរឹងមាំ ​និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។លោកបន្តថា ធនាគារកាណាឌីយ៉ា សាខាស្ទឹងមានជ័យ គឺជាសាខាទី៦៨ ដែលសាខានេះមានផ្តល់​សេវាធនាគារពេញលេញ បំពាក់ដោយម៉ាស៊ីនស្វ័យសេវាធនាគារ ដូចជា ម៉ាស៊ីនឌីជីថលបង្កើត​គណនីដោយខ្លួនឯងបំពាក់ម៉ាស៊ីន CRM ដាក់ប្រាក់ ដកប្រាក់ និងដាក់មូលប្បទានប័ត្រ បំពាក់ម៉ាស៊ីនបោះពុម្ភកាតSEM ដែលអាចទទួលបានកាតឥណពន្ធពីធនាគារ កាណាឌីយ៉ា ក្នុងរយៈពេលខ្លី ព្រមទាំងមានបំពាក់ម៉ាស៊ីន ATM សម្រាប់ដាក់-ដកប្រាក់ជាច្រើនគ្រឿង​ជាដើមផងដែរ។ លោក Raymond Sia បន្តថា សេវាកម្មក្នុងសាខាឆ្លាតវៃថ្មីនេះ ក៏បានរៀបចំឱ្យស្របនឹងតម្រូវការ​ហិរញ្ញវត្ថុរបស់អតិថិជន ដែលមានដូចជា ការបើកគណនីប្រើប្រាស់ម៉ាស៊ីនស្វ័យសេវាធនាគារ ការស្នើសុំកម្ចីឥណទានសម្រាប់សហគ្រាសធនតូច ​និងមធ្យម សេវាកម្មផ្ទេរប្រាក់ក្នុង ឬក្រៅស្រុក ឬសេវា​បើកប្រាក់បៀវត្សសម្រាប់អាជីវកម្ម ​និងសាជីវកម្មផងដែរ ហើយកាន់តែងាយស្រួល អតិថិជន​អាចប្រើប្រាស់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ ​តាមតម្រូវការរបស់ខ្លួន តាមរយៈប្រើប្រាស់កម្មវិធី Canadia Bank App ជំនាន់ថ្មី ទូទាត់សាច់ប្រាក់មានភាពរហ័សផងដែរ។ក្នុងឱកាសនេះលោក ក៏បានថ្លែងអំណរគុណអតិថិជន​ទាំងអស់ ដែលតែងតែបន្តផ្តល់ទំនុកចិត្ត និង​ជ្រើសរើសធនាគារកាណាឌីយ៉ា ជា “ធនាគារជម្រើសដំបូង និងជាដៃគូហិរញ្ញវត្ថុ” ដែលធ្វើធនាគារ​បន្តការប្តេជ្ញាក្នុងការនាំយកនូវផលិតផល និងសេវាកម្ម ដើម្បីធានានូវលទ្ធភាពទទួលបានសេវា​កម្មហិរញ្ញវត្ថុល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ទូទាំងប្រទេស៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ដ នៅក្រុងច្បារមន

2023/04/26 10:32:59 am        400
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតខ្សែបង្គុំគ្រឿង​អេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុនយ៉ូរ៉ា ហាណេស ខេមបូឌា (Yura Harness Cambodia) ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។សូមជម្រាបជូនថា រោងចក្រ Yura Harness Cambodia ត្រូវបានសាងសង់ឡើងមានផ្ទៃក្រឡាសរុប ១៧,៥០០ម៉ែត្រការ៉េ និងមានបុគ្គលិកចំនួនប្រមាណ ១,១០០ នាក់ ដើម្បីផលិតខ្សែភ្លើងចំនួន ១១៥,០០០ ក្នុងមួយឆ្នាំ ក្នុងទុនវិនិយោគសរុបប្រមាណ ១៥លានដុល្លារអាម៉េរិក ខ្សែភ្លើងទាំងអស់​ដែលផលិតនៅទីនេះ នឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុរថយន្ដ Hyundai motor និង Kia motors ដែលនឹងជួយរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់​ពាណិជ្ជកម្ម​រវាង​ប្រទេសកូរ៉េ និងកម្ពុជា។ខ្សែភ្លើងគឺជាប្រព័ន្ធខ្សែដែលបញ្ជូន និងទទួលថាមពលអគ្គីសនី និងសញ្ញាអគ្គិសនីដល់ផ្នែក នីមួយៗនៃរថយន្ដ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនិងគុណភាពរបស់រថយន្ដ។ លើសពីនេះ វាក៏ជាផលិតផលដ៏ស្មុគស្មាញដែលទាមទារការកែច្នៃ ,ការផ្គុំវត្ថុធាតុដើមរាប់ពាន់មុខ និងកម្លាំងពលកម្មជំនាញ៕

កម្ពុជានាំចេញអង្ករទទួលបានចំណូលជាង ១២៦លានដុល្លារ ក្នុងត្រីមាសទី១

2023/04/26 09:46:59 am        458
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករសរុបចំនួនជាង ១៧ម៉ឺនតោន ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលប្រមាណជាង ១២៦ លានដុល្លារអាមេរិក។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយកាលពីថ្ងៃពុធថា ការនាំចេញអង្ករ​បាន​កើនឡើង ៣,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។អង្ករដែលនាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ។អង្ករកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ៤១។ ប្រទេសចិន នៅតែជាអ្នកទិញអង្ករកំពូលរបស់កម្ពុជា ដោយបានទិញអង្ករចំនួន ជាង៨,៤ ម៉ឺនតោន ឬ ៤៨ ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅក្នុងត្រីមាសទីមួយ។ ចំណែកទីផ្សារអឺរ៉ុប តំណាង ៣៨ភាគរយ ។ដោយឡែកបរិមាណស្រូវ ដែលបាននាំចេញចំនួន ជាង ១,៥ លានតោន ទៅកាន់ប្រទេសវៀតណាម ទទទួលបានចំណូលជាង ៣៩០លានដុល្លារ។នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករជាង ៦៣ម៉ឺនតោន ទៅកាន់ប្រទេសចំនួន៥៩ រកចំណូលបាន ៤១៤លានដុល្លារ ខណៈចំណូលពីការនាំចេញស្រូវមាន ៨៤១លានដុល្លារ។សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅប្រកបដោយ​មហិច្ឆិតា ក្នុងការនាំចេញអង្ករយ៉ាងតិច​មួយលានតោននៅឆ្នាំ២០២៥ ដែលកើនឡើងជាង៥០ភាគរយ បើធៀបនឹងតួលេខនាំចេញ​នៅឆ្នាំ២០២២។អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ ជំរុញឱ្យក្រសួងទូរគមនាគមន៍ បង្កើនគុណភាពសេវាអ៊ិនធើណេតទូទាំងប្រទេស

2023/04/25 10:50:04 am        470
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យបណ្តាញចែកចាយប្រព័ន្ធ Internet នៅកម្ពុជាកាន់តែមានទំហំធំ និងស្ថិរភាព ព្រោះការងារមួយចំនួនទាំងកម្រិតរាជរដ្ឋាភិបាល វិស័យឯកជន និងសាធារណជនទូទៅសុទ្ធតែប្រើប្រាស់ប្រព័ន្ធ Internet សម្រាប់បំពេញកិច្ចការ និងទំនាក់ទំនងប្រចាំថ្ងៃ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុងពិធីសំណេះសំណាលប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៥ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពង្រឹងសេវាទូរស័ព្ទ និង internet ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅ​តាមបណ្តាខេត្តនានា គឺស្របពេលដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលមានប្រតិភូកីឡា និងភ្ញៀវទេសចរអន្តរជាតិចូលក្នុងប្រទេសច្រើន។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍៖ “យើងបាននិងកំពុងពង្រឹងនូវស្ថានភាព អ៊ិនធើណេតនៅក្នុងប្រទេសរបស់យើង ឱ្យមានល្បឿនកាន់តែលឿន ហើយមានស្ថិរភាព និងដាក់ពង្រាយចែកចាយទៅច្រើនតំបន់។ ឥឡូវនេះ ស៊ីហ្គេមជិតមកដល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពង្រីងសមត្ថភាព ប្រព័ន្ធអ៊ិនធើណេត នៅតំបន់ផ្សព្វផ្សាយ”។កាលពីពេលថ្មីៗនេះសម្តេចតេជោ ក៏ធ្លាប់បាន ស្នើឱ្យគ្រប់បណ្ដាក្រុមហ៊ុនទូរស័ព្ទ អ៊ិនធើណេត ទាំងអស់ត្រូវពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង, ហើយពង្រីកវាទៅតាមតំបន់ទេសចរណ៍ ដើម្បីធ្វើការទាក់ទាញដល់អ្នកទេសចរណ៍ បានទៅលេងកម្សាន្ត នៅតំបន់ដាច់ស្រយាលឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធ គាំទ្រខាងផ្នែកអ៊ីនធឺណិត។យោងតាមស្ថិតិពីនិយ័តករទូរគមនាគមន៍កម្ពុជា ចំនួនអ្នកប្រើអ៊ីនធើណេតចល័ត និងអចល័ត មាន ១៧,២នាក់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ កើនឡើងទ្វេដង ធៀបនឹងឆ្នាំ២០១៦ ដែលមានអ្នកប្រើ​តែជាង ៨លាននាក់។ ចំណែក អ្នកប្រើទូរស័ព្ទចល័ត មានចំនួន ១៩,៤លាននាក់។បច្ចុប្បន្ន ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទ មានចំនួន ៥ មានដូចជា Cellcard, Smart, Viettel, Cootel និង SeaTel និងក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណេតចំនួន ៣៨៕អត្ថបទ៖ វណ្ណៈ

CGCCបានបញ្ចេញថវិកាជាង ១១៣ លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក

2023/04/24 02:39:11 pm        179
ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់​ឥណទានជាប្រាក់កម្ចី ទៅដល់ក្រុមហ៊ុនអាជីវកម្ម ចំនួនជិត ១ ៣០០ ក្រុមហ៊ុន គិតជាទឹកប្រាក់​កម្ចីមានទំហំប្រមាណជាង ៤៦០ ប៊ីលានរៀល ​ត្រូវជាង ១១៣ ​លានដុល្លារអាមេរិក ដើម្បីគាំទ្រ​ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម។ក្នុងព្រឹត្តិបត្រនៃវឌ្ឍនភាពនៃការធានាឥណទាន​ សម្រាប់ការផ្តល់កម្ចីជាប្រាក់រៀល ទំហំឥណទាន​ដែល​មានការធានា មានចំនួនប្រមាណជាង ៥១ ប៊ីលានរៀល ​ចំណែកការកម្ចីជាប្រាក់ដុល្លារ មាន​ទំហំឥណទានដែលមានការធានា ក្នុងទឹកប្រាក់ប្រមាណជាង ​១០១ លានដុល្លារអាមេរិក។ជុំវិញការផ្តល់ឥណទាននេះ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ឥណទានដែលគ្រប់គ្រង​អាជីវកម្ម​ដោយស្រ្តី មានចំនួន ៤៩៧ មូលដ្ឋាន នៅលើក្រុមហ៊ុនអាជីវកម្មសរុប ១ ២៧៥ ក្រុមហ៊ុន។ក្នុងនោះបានផ្តល់ដល់សហគ្រាសខ្នាតធំ ​មានចំនួន ១០២ មូលដ្ឋាន​ និងការផ្តល់ទៅដល់​សហគ្រាស​ខ្នាតមីក្រូ តូច និងមធ្យម មានចំនួន ១ ១៧៣ មូលដ្ឋាន។សូមបញ្ជាក់ថា ទាក់ទិនការផ្តល់កម្ចីឥណទាននេះ សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ចេញ​គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានទំហំទឹកប្រាក់ ២០០ ​លានដុល្លារអាមេរិក កាលពីខែ មីនា ឆ្នាំ ២០២១, សាជីវកម្មធានាឥណទានកម្ពុជា មានគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃ​សេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។កាលពេលថ្មីៗកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏បានសម្ពោធដាក់ឱ្យដំណើរការ​ជា​ផ្លូវការនូវ គម្រោងធានាឥណទានជាកញ្ចប់ជំហានបន្ត ​ដើម្បីជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ​ដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន OCIC និងក្រុមហ៊ុន Big C ព្រមព្រៀងគ្នា​សាងសង់ផ្សារទំនើប​ខ្នាតយក្ស​នៅ​ទីក្រុងរណប​ជ្រោយចង្វារ

2023/04/23 09:48:19 am        827
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសានេះ លោកស្រី Carolyne Pung អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សម្ព័ន្ធ​កាណា​ឌីយ៉ា ចុះហត្ថលេខាលើអនុសារណៈព្រមគ្នាជាមួយ លោក Gary Hardy ប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​ក្រុមហ៊ុនផ្សារទំនើប BIG C ដើម្បីសាងសង់ផ្សារទំនើបខ្នាតយក្ស BIG C លើ​ទំហំ​ដី​ ២.៧ហិចតា ជិតរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ។បើតាមលោកស្រី លឹម លីជិន នាយិការប្រចាំក្រុមហ៊ុន វិនិយោគអាណិកជនកម្ពុជា OCIC បាន​ឲ្យ​ដឹង​ថា គម្រោង សាងសង់ផ្សារទំនើបខ្នាតយក្ស BIG C របស់ក្រុមហ៊ុន OCIC និង ក្រុមហ៊ុនផ្សារ​ទំនើប​លក់​រាយ​ខ្នាត​យក្សរបស់ប្រទេសថៃ គឺមានគោលដៅសំខាន់បង្កើតភាពរីករាយ ដល់​ពលរដ្ឋ​ទូទៅ ទេសចរជាតិអន្តរជាតិដើរទស្សនាកម្សាន្ត និងផ្តល់ជម្រើសលើមុខទំនិញគ្រប់ប្រភេទ ទាំង​ផ្នែក​អាហារ​គ្រប់​ប្រភេទ ផ្នែកសំលៀកបំពាក់ និងបរិក្ខាបច្ចេកវិទ្យាទំនើបនានាទៀត ដែល​ជា​ផលិត​ផល​នាំ​ចូល​ពី​ក្រៅ​ប្រទេសថៃ ប្រទេសណាទៀត មានគុណភាពកំរិតខ្ពស់ ព្រមទាំង​បង្កើត​ឱកាស​ការងារ​ជាច្រើនទៀតផងដែរ។ លោកស្រី លឹម លីជិន បានថ្លែងថា គម្រោងសាងសង់ផ្សារទំនើបBIG C ធំជាងគេនៅកម្ពុជា ក៏នឹង​ក្លាយ​ជា​តំបន់បណ្តុំអាជីវកម្មកណ្តាលរាជធានីភ្នំពេញថ្មីមួយទៀតដែរ ។លោក Gary Hardy ថ្លែងថា នៅឆ្នាំ២០១៩ក្រុមហ៊ុនផ្សារទំនើប BIG C បានបង្កើត​ផ្សារ​ទំនើប​ខ្នាត​ធំដំបូង​គេមួយ នៅក្រុងប៉ោយប៉ែត ហើយ​បាន​ពង្រីក​ការ​សាងសង់​ផ្សារ​ទំនើប​ខ្នាត​តូច​មាន​ឈ្មោះ BIG C Mini ចំនួន២០កន្លែងទៀត នៅរាជធានីភ្នំពេញ និងខេត្តកំពត។លោក បន្តថា នៅក្នុងគម្រោងសាងសង់BIG C ជាមួយក្រុមហ៊ុនOCIC គឺជាជំហាន​ការ​ពង្រីកខ្លួន​ដ៏​ធំ​មួយ​ទៀត រយៈពេល៥ឆ្នាំទៅមុខទៀត ដើម្បីអភិវឌ្ឍប្រភេទទំនើប គ្រប់​ទំហំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។សូមបញ្ជាក់ថា ផ្សារទំនើបBIG C ជាផ្នែកមួយក្រុមហ៊ុន Berli Jucker Public ធំជាង​គេ​នៅ​ប្រទេសថៃ ។ បច្ចប្បន្ន ផ្សារទំនើបBIG C បាននិង​កំពុង​ដំណើរ​ការ​ផ្សារ​លក់​រាយ​ចំនួន ១៨១០​កន្លែង​នៅ​ប្រទេសថៃ ក្នុងនោះមានប្រភេទផ្សារទំនើបខ្នាតយក្ស BIG C ចំនួន ១៥៤ផ្សារ ក្រៅ​ពី​នេះ​ជា​ផ្សារ BIC C Mini។ដោយឡែក ក្រុមហ៊ុនOCIC ជាក្រុមហ៊ុនវិនិយោគច្រើនជាងគេនៅកម្ពុជា មានដូចជា វិនិយោគលើ​វិស័យ​អចលទ្រព្យ អប់រំ សុខាភិបាល អាកាសយានដ្ឋានអន្តរជាតតេជោ វិស័យសំណង់ ប្រព័ន្ធ​ផ្សព្វផ្សាយ និងកម្សាន្តផ្សេងៗ៕ អត្ថបទ៖ ស៊ុម សុខជា

ប្រជាពលរដ្ឋ អរគុណដល់រាជរដ្ឋាភិបាល ចំពោះការគ្រប់គ្រង មិនឱ្យក្រុមហ៊ុនឯកជនដំឡើងថ្លៃប្រេងតាមចិត្ត

2023/04/21 02:08:19 pm        306
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រកបមុខរបរក្នុងវិស័យដឹកជញ្ជូន លើកឡើងស្រដៀងគ្នាថា រហូតមកដល់បច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិសាកលយ៉ាងណាក៏ដោយ ក្នុងនោះបានកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អ ក្នុងការធានាឲ្យបរិមាណប្រេងប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃសមរម្យអាចទទទួលយកបាន។ជួបសម្ភាសន៍ផ្ទាល់រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២១ មេសា ឆ្នាំ២០២៣នេះ ស្ថិតនៅតំបន់បេនឡានផ្សារធំថ្មី រាជធានីភ្នំពេញ ពលរដ្ឋ សុខ ជា ប្រកបរបរដឹកជញ្ជូនត្រី និងគ្រឿងសមុទ្រ ពីខេត្តកំពត និងក្រុងភ្នំពេញ បានឲ្យដឹងថា លោកមានការសប្បាយចិត្តណាស់​ដែលរដ្ឋាភិបាលទប់ស្កាត់បានល្អក្នុងការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ។មិនខុសគ្នាខាងលើនេះ លោក ជុំ ប៊ុណ្ណា ម្ចាស់រថយន្តឈ្នួលរវាងភ្នំពេញ ខេត្តកំពង់ចាម និងលោក ចាន់ សាមុត អ្នករត់ម៉ូតូឌុប នៅរាជធានីភ្នំពេញ បានលើកឡើងថា ជុំវិញបញ្ហាតម្លៃប្រេងនៅកម្ពុជា ក្នុងពេលកន្លងមក ពួកគាត់ធ្លាប់មានការព្រួយបារម្ភខ្លះដែរ អំពីការខ្វះខាតប្រេង ដោយសារកម្ពុជា មិនមែនជាប្រទេសផលិតប្រេងបាន ​និងម្យ៉ាងវិញទៀត ដោយសារតែការប្រើប្រាស់​ក៏មានច្រើនជាង​មុន ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ពួកគាត់មិនមានការបារម្ភទៀតនោះទេ ដោយសារការដឹកនាំ​ដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា​នាពេលបច្ចុប្បន្ន។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទោះបីជាតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងច្រើនយ៉ាងណាក្តី ​ក៏កម្ពុជាមិនប្រឈមខ្វះខាតដែរ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនដែលនាំចូលប្រេង សុទ្ធតែ​បានរួមសហការគ្នាទៅវិញទៅមក ធ្វើយ៉ាងណាធានាឲ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទទួលយកបានទាំងសងខាង រវាងអ្នកលក់ និងទិញយកទៅប្រើប្រាស់។ជុំវិញបញ្ហាខាងលើនេះ កាលពីព្រឹកថ្ងៃទី២០ ខែមេសាម្សិលមិញនេះ នៅក្នុងពិធីសម្ពោធដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានថ្លែងថា កម្ពុជា ​មិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរដ្ឋ នឹងបន្តជួយគ្រប់គ្រង​ កុំឱ្យមានការដំឡើងថ្លៃប្រេងសាំងតាមចិត្តរបស់ក្រុមហ៊ុននាំចូល​៕អត្ថបទ៖ ឈិត បូរ៉ាវី

គម្រោងផ្លូវនាវាចរណ៍ នឹងលើកកម្ពស់ការដឹកជញ្ជូន បើកផ្លូវសេដ្ឋកិច្ចថ្មីមួយទៀតរបស់កម្ពុជា

2023/04/21 01:30:47 pm        340
ភ្នំពេញ៖ ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងថា គម្រោងបង្កើតឲ្យមានផ្លូវនាវាចរណ៍ទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ទៅកាន់ខេត្តកែប ពិតជាមានសារៈសំខាន់បំផុត គឺជាសរសៃឈាម និងជាការបើកផ្លូវសេដ្ឋកិច្ចថ្មីមួយទៀតរបស់កម្ពុជា សម្រាប់គាំទ្រដល់ការដឹកជញ្ជូន នឹងការទាក់ទាញដល់អ្នកវិនិយោគឲ្យមកបណ្តាក់ទុនបន្ថែម។ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា នៅថ្ងៃទី២០ ខែមេសា បានប្រាប់BTV Newsថា ចំពោះគម្រោងបង្កើតផ្លូវទឹករបស់រាជរដ្ឋាភិបាល,រូបលោកថ្លែងនូវការគាំទ្រពេញទំហឹង ចំពោះ​គំនិត​ផ្តូចផ្តើម​នៃគម្រោងបង្កើតផ្លូវទឹកព្រែកជីក ពីទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ​ទៅកាន់ខេត្តកែបនេះ នឹង​មានក្តីរំពឹងថា ​គម្រោងនេះនឹងលេចរូបរាងក្នុងពេលខាងមុខ ក្នុងនោះប្រសិនកម្ពុជាមានផ្លូវទឹក​ចាក់​ចូល​ដល់ទីផ្សារក្នុងស្រុក ​វាគឺជាសរសៃរឈាមដ៏សំខាន់របស់កម្ពុជា ហើយក៏ជាច្រកសេដ្ឋកិច្ច ថ្មីមួយទៀតរបស់កម្ពុជាផងដែរ​ ដែលនឹងអាចជំរុញការដឹកជញ្ជូនបានលឿនជាងមុន ​ទាន់ពេលវេលា និងកាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ ​ហើយតាមរយៈនេះ គឺជាផ្នែកមួយជួយគាំទ្រដល់វិស័យ​កសិកម្ម ​និងបរិស្ថាន ​និងការកាត់បន្ថយការរងផលប៉ះពាល់ខូចខាត ផ្លូវ ស្ពានផងដែរ។សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ​និងដឹកជញ្ជូន បានណែនាំ​ឱ្យក្រុមការងាររៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍សិក្សានេះ ​ស្របតាមសំណូមពរ និងតាមស្មារតី​នៃអង្គប្រជុំ ​និងត្រូវរៀបចំរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ ដើម្បីជម្រាបជូន​សម្តេចតេជោ និងរៀបចំរបាយការណ៍នៃការសិក្សានេះ ​ជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តផងដែរ។គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម ទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ទៅកាន់​ខេត្តកែប ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹក​ជញ្ជូន​តាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង ​មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត និងអាចកាត់បន្ថយការចំណាយ​លើថ្លៃដើមនៃការដឹកជញ្ជូន​ និងភស្តុភារកម្មរបស់កម្ពុជា ​ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព​ខ្ពស់​ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូន​ធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំង​ងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុង ការពង្រឹង ​និងពង្រីកការតភ្ជាប់ជាមួយតំបន់ និង​អន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់៕អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញកៅស៊ូមិនទាន់កែច្នៃទទួលបានចំណូលជិត៩០លានដុល្លារ ក្នុងត្រីមាសទី១

2023/04/21 10:51:47 am        342
ភ្នំពេញ៖ កម្ពុជានាំចេញកៅស៊ូបានជាង ៦,៥ ម៉ឺនតោន ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ទទួលបានចំណូលជិត ៩០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ មិនទាន់កែច្នៃ ។របាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ បង្ហាញថា ចំណូលពីការនាំចេញជ័រកៅស៊ូ ក្នុងត្រីមាសទី១ មានចំនួន ៨៩ ០៧៥ ៨៣៩ដុល្លារ ។ក្នុងត្រីមាសទី១ឆ្នាំនេះ ជ័រកៅស៊ូមានតម្លៃ ១ ៣៥១ដុល្លារក្នុង១តោន ថយចុះ ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។កម្ពុជា បាននាំចេញកៅស៊ូមិនទាន់កែច្នៃ ទៅទីផ្សារប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហាបុរី និងចិន។ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជា ទទួលបានចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕អត្ថបទ៖ វណ្ណៈ

កិច្ចព្រមព្រៀងភាពជាដៃគូរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងឈានទៅចុះហត្ថលេខានាពេលឆាប់ៗនេះ

2023/04/20 04:24:03 pm        417
ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលឆាប់ៗ ខាងមុខនេះ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ​ បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ដើម្បីពិនិត្យ​លទ្ធផល​នៃការចរចាបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និង​បានផ្តល់គោលការណ៍ណែនាំ ​លើកិច្ចការមួយចំនួនដល់ក្រុមការងារ ដើម្បី​មាន​មូលដ្ឋាន​សម្រាប់​ការ​ចរចា​បន្តនាពេលអនាគត ។កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកភាពជាដៃគូសេដ្ឋកិច្ច តាមរយៈការ​បង្កើន​ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ​និងការវិនិយោគទ្វេភាគី ដើម្បីឧត្តមប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសង្គមស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​ និងចក្ខុវិស័យកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច។កិច្ចព្រមព្រៀងបានចែកចេញជា១៨ ជំពូក, ២៨៤ មាត្រា និង ១២ ឧបសម្ព័ន្ធ​ក្នុងនោះ​មានដាក់​បញ្ចូល​នូវ​សមាសធាតុមួយចំនួន ​ដែលនឹងផ្តល់បន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​បច្ចេកវិទ្យា នវានុវត្តន៍ ​សម្រាប់ឧស្សាហកម្ម ​និងសេវាកម្មផងដែរ ។ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ​ នឹងកា្លយជា​សមិទ្ធផល​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគីថ្មី​បន្ថែមទៀតជូនជាតិ ​ស្របតាម​យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល​ ក្នុងការធ្វើពិពិធកម្ម​ទីផ្សារ​នាំចេញ ​និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ច ​កម្ពុជា​ទៅក្នុងសេដ្ឋកិច្ចតំបន់ពិភពលោក និង​ពិសេស​នៅ​តំបន់​មជ្ឈិមបូព៌ា ។ ចំពោះការវិនិយោគ, កិច្ចព្រមព្រៀងនេះ ​នឹងចូលរួមចំណែកក្នុងការទាក់ទាញ​វិនិយោគថ្មីៗ​បន្ថែម​ទៀតមកកម្ពុជា​ ដែលនឹងបង្កើតការងារថ្មីបន្ថែមជូន​ប្រជាពលរដ្ឋ ។ ​កត្តា​ទាំងនេះ នឹង​ចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍ​ និងទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ​ក៏ដូចជា​ពន្លឿន​ដំណើរការ​នៃការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុងតំបន់ ​និង​សកលលោក ​និង​គាំទ្រ​ដល់​ដំណើរការ​ចាកចេញ​របស់កម្ពុជា ​ពីប្រទេស​អភិវឌ្ឍន៍​តិចតួច​នាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM
ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត
04/25/2026 03:04 PM