រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

WB៖ កម្ពុជាស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក

2023/04/20 03:12:10 pm        261
ភ្នំពេញ៖ យោងតាមធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា កម្ពុជាស្ថិតក្នុងចំណោម​ប្រទេស​មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក ​ខណៈសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបន្តងើបឡើងវិញនៅឆ្នាំ២០២២ ហើយការងើបឡើងវិញនៃវិស័យសេវាកម្ម កំពុងមានភាពកាន់តែ​ស្វាហាប់ ភាគច្រើនតម្រូវការរបស់អ្នកប្រើប្រាស់កើនឡើង។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣នេះ។ធនាគារពិភពលោក បានគត់សម្គាល់ឃើញថា ប្រទេសកម្ពុជា​មានការលូតលាស់ផ្នែកសេដ្ឋកិច្ច​គួរ​ឱ្យកត់សម្គាល់ក្នុងរយៈពេលជាងពីរ​ទសវត្សរ៍​ មុននឹងមានការវាយលុកពីសំណាក់​ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០។ ​ក្រោយពីបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប​នៅក្នុងឆ្នាំ២០១៥ កម្ពុជា​បានកំណត់គោលដៅរបស់ខ្លួនក្នុងការឈានទៅសម្រេច​ឱ្យបាននូវឋានៈជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដោយសារការនាំចេញ​សំលៀកបំពាក់ និង​វិស័យ​ទេសចរណ៍ ​សេដ្ឋកិច្ចរបស់កម្ពុជា ​មានកំណើនក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៧,៧ ភាគរយ ពីចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០១៩ ដែលជាអត្រាមួយធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោម​ប្រទេសដែលមាន​សេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោកក្នុងរយៈពេលនោះ។ធនាគារពិភពលោកបន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ​បានបន្តងើបឡើងវិញ​នៅឆ្នាំ២០២២។ ការងើបឡើងវិញនៃវិស័យ​សេវា​កម្មកំពុងមាន​ភាពកាន់​តែស្វាហាប់ ភាគច្រើន​ដោយតម្រូវការរបស់​អ្នក​ប្រើប្រាស់កើនឡើង។បើតាមធនាគារពិភពលោក សម្រាប់ឆ្នាំ២០២៣ ​សេដ្ឋកិច្ចត្រូវបាន​ព្យាករថាមានកំណើនដល់ ៥,២ ភាគរយ។ ​ជាមួយគ្នានេះ ទៅមុខទៀតក៏អាចនៅមានហានិភ័យខ្លះដែរ ដូចជា​ការធ្លាក់ចុះគួរឱ្យកត់​សម្គាល់​នៃតម្រូវការនៅបរទេស, ការរឹតបន្តឹងកាន់តែខ្លាំង​នៃ​ផ្នែក​ហិរញ្ញវត្ថុ​សកល ​និង​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​សាជាថ្មី។ ផ្ទុយទៅវិញ ​ការបើកដំណើរការឡើងវិញ​នៃសេដ្ឋកិច្ចប្រទេសចិន​ គឺ​ជា​ឱកាសមួយ​សម្រាប់​កម្ពុជា​ក្នុងការជំរុញ​ឧស្សាហកម្មធ្វើដំណើរ​ និងទេសចរណ៍របស់ខ្លួន ​និង​ទាក់ទាញ​ការ​វិនិយោគបរទេស​ចូលប្រទេស៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តជួយគ្រប់គ្រង កុំឱ្យមានការដំឡើងតម្លៃប្រេងសាំងតាមចិត្ត

2023/04/20 10:35:21 am        311
ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកល ចាប់ផ្តើមឡើងថ្លៃវិញហើយ ដែលការណ៍នេះ នឹងធ្វើឱ្យតម្លៃប្រេងសាំងក្នុងស្រុកឡើងថ្លៃប្រេងទៅតាមយន្តការទីផ្សារ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងមិនមែនជាអ្នកផលិតប្រេងទេ តម្លៃប្រេងសាំងតែងតែមានការឡើងចុះៗ ប៉ុន្តែយើងជួយគ្រប់គ្រងកុំឱ្យដំឡើងថ្លៃតាមចិត្ត”។ក្រសួងពាណិជ្ជកម្ម លើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ ចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រដដែល ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា។តាមរបាយការណ៍ក្រសួងសាធារណការ បច្ចុប្បន្ន កម្ពុជា មានរថយន្តសរុបជាង១លាន គ្រឿង និងម៉ូតូ ជាង៥លានគ្រឿង៕អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋប្រមូលចំណូលពន្ធបានជាង១.០០០លានដុល្លារអាមេរិក ក្នុងខែមីនា ឆ្នាំ២០២៣

2023/04/20 10:26:48 am        300
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានទទួលចំណូលពន្ធ ទាំងពន្ធគយ និងពន្ធដារ សរុបចំនួន ១ពាន់លានដុល្លារអាមេរិក ក្នុងខែមីនា ដែលចំនួននេះបានកើនឡើងពី៩០០លាន ដែលសម្រេចបានក្នុងខែមីនាឆ្នាំមុន។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖“ក្នុងខែមីនា យើងទទួលបានចំណូលពន្ធ ប្រមាណ១០០០លានដុល្លារ ដោយសារខែមិនា ជាខែដែលមានចំណូលពន្ធកើនឡើង ដោយឆ្នាំមុន យើងបានតែប្រហែលជាង៩០០លានដុល្លារ”។ កម្ពុជាមានស្ថាប័នចំនួនពីរ ដែលទទួលខុសត្រូវក្នុងការប្រមូលពន្ធ គឺអគ្គនាយកដ្ឋានពន្ធដារ ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូលពន្ធ លើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ និងមួយទៀតគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលប្រមូលពន្ធលើទំនិញចូល និងចេញពីប្រទេស។យោងតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបានប្រមូលចំណូលពន្ធ បានចំនួន ១ ៩០៧ លានដុល្លារក្នុងត្រីមាស១ ឆ្នាំ២០២៣នេះ កើនឡើង ២,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ

ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ី នឹងទាក់ទាញទេសចរ ធុរកិច្ចជន និងវិនិយោគិនចូលកម្ពុជាកាន់តែច្រើន

2023/04/19 01:45:16 pm        198
ភ្នំពេញ៖ ការចាប់ផ្តើមបើកជើងហោះហើរត្រង់ រវាងទីក្រុងហ្សាកាតា និងរាជធានីភ្នំពេញ ជា​ការបើកទំព័រសករាជថ្មី លើគោលដៅគាំទ្រកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និង​ឥណ្ឌូនេស៊ី ​ក្នុងការស្តារវិស័យទេសចរណ៍ ​សម្រួលដល់ការធ្វើដំណើររបស់ធុរកិច្ចជន និង​វិនិយោគិន។លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងនៃការ​បើក​ជើង​ហោះហើរត្រង់រវាងកម្ពុជា ​និងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះថា ប្រទេស​ឥណ្ឌូនេស៊ី គឺជាប្រទេសធំ ​និងមានប្រជាជនច្រើន​ មានសក្តានុពលលើវិស័យទេសចរណ៍​ដ៏​សំខាន់ផងដែរ​ ដោយ​មានភ្ញៀវទេសចរណ៍អន្តរជាតិ​ចាប់​អារម្មណ៍​និង​ទៅ​ទស្សនាកម្សាន្ត​នៅ​ប្រទេសនោះក៏ច្រើន។ ចំពោះតាមរយៈនៃការបើកជើងហោះហើរត្រង់​ ពីទីក្រុងហ្សាការតា-ភ្នំពេញនេះ នឹងជួយដល់ការ​ធ្វើ​ដំណើរចំពោះអ្នកដែលមានគោលដៅឆ្លងកាត់រវាងប្រទេសទាំងពីរ ​អ្នកធ្វើជំនួញផ្សេងៗ​ និងការ​ហូរចូល​ភ្ញៀវទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើន ជាពិសេសការហូរចូលភ្ញៀវទេសចរណ៍​អន្តរជាតិផ្សេងៗ ​ដែលមកទស្សនានៅប្រទេសឥណ្ឌូនេស៊ី​ នឹងអាចតភ្ជាប់ចូលមកកាន់ប្រទេសកម្ពុជា ដែលនឹង​អាចធ្វើឲ្យកម្ពុជា​ ទទួល​បាន​ភ្ញៀវទេសចរណ៍កាន់តែច្រើន ព្រោះកម្ពុជា​គឺ​ជាប្រទេសមួយ​មាន​សក្តានុពលវិស័យទេសចរណ៍គ្រប់បែបយ៉ាង។ជុំវិញការបើកជើងហោះហើរនេះដែរ,ឧកញ៉ា លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ​កន្លងមកសភាពាណិជ្ជកម្មកម្ពុជា​ បានជួបជាមួយសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី ក្នុងនោះ​រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ​ ក៏បានជំរុញនៃការតភ្ជាប់ជើងហោះហើរនេះផងដែរ។ឧកញ៉ា លឹម ហេង បន្តថា ជាលទ្ធផល ប្រទេសទាំងពីរឈានដល់ការតភ្ជាប់គ្នាបាន ដែល​តាមរយៈនេះ គឺជាការជំរុញដល់កំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ តាមរយៈការស្រូបយក​សក្តានុពល​វិនិយោគ និងការធ្វើពាណិជ្ជកម្មផ្សេងៗ ​និងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ខណៈដែល​ប្រទេសទាំងពីរមានសក្តានុពលលើវិស័យទេសចណ៍ដូចគ្នា។សូមបញ្ជាក់ថា ​នៅថ្ងៃទី ១៩ នេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia របស់ប្រទេសឥណ្ឌូនេស៊ី បានបើក​សម្ពោធជើងហោះហើរពីហ្សាកាតា-ភ្នំពេញ ដោយធ្វើឡើងនៅការិយាល័យស្ថានទូត​ឥណ្ឌូនេស៊ី នៅរាជធានីភ្នំពេញ។ចំពោះផ្លូវហោះហើរថ្មីនេះ នឹងត្រូវផ្តល់សេវាដោយយន្តហោះ A320 ដែលអាចផ្ទុកភ្ញៀវបាន ១៨០ នាក់ ដោយក្នុងមួយសប្តាហ៍ធ្វើការហោះហើរចំនួន៤ លើក ក្នុងនោះការហោះហើរពីទីក្រុងហ្សាកាតា មកកាន់ទីក្រុងភ្នំពេញ ​នៅរៀងរាល់ថ្ងៃ ច័ន្ទ ពុធ សុក្រ ​និងថ្ងៃអាទិត្យ, ចំណែកពីភ្នំពេញ ទៅ​ហ្សាកាតា ពីថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍​ ដោយមាននឹងតម្លៃសំបុត្រចាប់ពី ៨០ ដុល្លារ ៕ អត្ថបទ៖ សុន រ៉ាឌី

IFCជួយកម្ពុជា សិក្សាបង្កើតមជ្ឍមណ្ឌល​ភស្តុភារកម្ម ដើម្បីលើកកម្ពស់ការតភ្ជាប់ និងសមាហរណកម្មក្នុងតំបន់

2023/04/19 11:41:46 am        425
ភ្នំពេញ៖ ដើម្បីជួយកម្ពុជាឲ្យសម្រេចបាននូវគោលបំណងរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ IFC នៃធនាគារពិភពលោក បានចុះកិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើតភាពជាដៃគូរវាងវិស័យសាធារនៈ និងវិស័យឯកជន សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មមួយក្នុងខេត្តព្រះសីហនុ។ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងថ្មីនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន និងលោក Asad Yaqub តំណាងរបស់ IFC ប្រចាំប្រទេសកម្ពុជា។ក្រោមកិច្ចព្រមព្រៀងថ្មីនេះ IFC ជាទីប្រឹក្សាដឹកនាំផ្តាច់មុខ ក្នុងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការ PPP និងគាំទ្ររដ្ឋាភិបាលក្នុងការដេញថ្លៃដែលមានលក្ខណៈប្រកួតប្រជែងជាអន្តរជាតិ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុនវិនិយោគឯកជនដែលមានគុណវុឌ្ឍិស្របតាមច្បាប់​ ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ​របស់ប្រទេសកម្ពុជា។គម្រោងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានដំណើរការឡើងជាដំណាក់​កាល​ ជាមួយ​នឹងដើមទុន​សរុប​ប្រមាណជា​ ២០០ លានដុល្លារ។ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា មជ្ឈមណ្ឌល​ភស្តុភារកម្មក្រុងព្រះសីហនុ គឺជា​មជ្ឈមណ្ឌល​ភស្តុភារកម្មអាទិភាពមួយក្នុងចំណោម ​មជ្ឈមណ្ឌល​ភស្តុភារកម្ម​អាទិភាពចំនួនពីរ ដែល​ត្រូវអភិវឌ្ឍន៍​ក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់យើង ​គឺយកប្រទេសកម្ពុជាធ្វើជាមជ្ឈមណ្ឌល​ផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តម ថ្លែងថា៖ "តាមរយៈការធ្វើការជាមួយ IFC យើងអាច​ទាញយកផលពីជំនាញ​ជាសាកល​របស់​ពួកគេ នៅពេលដែល យើងស្វែងរកជម្រើសដ៏ល្អបំផុត ដើម្បីជំរុញការចូលរួមពីវិស័យឯកជន​ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏សំខាន់នេះ​នៅក្នុងប្រទេសកម្ពុជា។"ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅ​ភាគនិរតី​តាមឆ្នេរសមុទ្រកម្ពុជា និងដោយមានការ​តភ្ជាប់​ល្អ ជាមួយផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស មជ្ឈមណ្ឌល​មណ្ឌល​ភស្តុភារកម្មនេះអាចបំពេញ​បន្ថែម​ទៅឲ្យកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់​របស់កម្ពុជា​ ដែលគ្រប់គ្រងពីរភាគបីនៃចំនួន​កុងតឺន័រទាំង​អស់ដែលឆ្លងកាត់ប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលភស្តុភារកម្មទំនើប រួមជាមួយការដឹកជញ្ជូនដែលគាំទ្រកំពង់ផែនេះ នឹងជួយ​ពន្លឿន​ចលនានៃការនាំចេញ ការនាំចូល​ និងកាត់បន្ថយការកកស្ទះនៅកំពង់ផែ។គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងកាត់បន្ថយ ថ្លៃដើមដឹកជញ្ជូននៅក្នុងប្រទេស ដែលបច្ចុប្បន្ននេះកម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានថ្លៃដឹកជញ្ជូនខ្ពស់​បំផុតនៅ​អាស៊ីបូព៌ា និងជាឧបសគ្គដ៏ធំមួយចំពោះការប្រកួតប្រជែង​ និងការធ្វើពិពិធកម្ម។ក្រុមហ៊ុនវិនិយោគត្រូវបានរំពឹងថា​ នឹងផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍន៍​ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធ គ្រឿង បរិក្ខារ ​និងប្រព័ន្ធនានានៅក្នុងមជ្ឈមណ្ឌល​ភស្តុភារកម្ម​ក្រោមកិច្ច​សន្យារយៈពេលវែង​ក្នុង​ភាពជាដៃគូររវាងរដ្ឋាភិបាល ​និងវិស័យឯកជន។ ការផ្តល់កិច្ចសន្យាទៅឲ្យអ្នកដេញថ្លៃឈ្នះ ទំនង​ជានឹងត្រូវធ្វើឡើង​នៅចុងឆ្នាំ ២០២៤ ដោយ​មជ្ឈមណ្ឌល​នេះនឹងត្រូវសាងសង់ក្នុងរយៈពេល ៣ ឆ្នាំ៕ អត្ថបទ ៖ វណ្ណៈ

រាជរដ្ឋាភិបាល បានបញ្ចេញថវិកាជាង១៦លានដុល្លារ សម្រាប់គ្រួសារងាយរងហានិភ័យជំហានទី២

2023/04/18 01:05:01 pm        157
ភ្នំពេញ៖ គ្រួសារងាយរងហានិភ័យ ដោយសារការរងប៉ះពាល់សម្ពាធអតិផរណាប្រមាណជា ៩០ ភាគរយ នៅទូទាំងប្រទេស ទទួលបានកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល នៅក្នុងកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់​ជំហានទី២ ក្នុងរង្វង់ប្រមាណជាង ១៦ លានដុល្លារ ។ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជាអគ្គនាយក​និយ័តករសន្តិសុខសង្គម លើកឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះថា រាជរដ្ឋាភិបាល​បាន​សម្រេចផ្តល់​ឧបត្ថម្ភ​ជួយដល់​គ្រួសារងាយ​រងហានិភ័យ​ គឺបានធ្វើឡើងចំនួន ៣ លើក ដោយ​មួយលើកៗ រាជរដ្ឋាភិបាលចំណាយថវិកាក្នុងរង្វង់ប្រមាណ ​១៨ ​លានដុល្លារអាមេរិក សម្រាប់​ប្រជាពលរដ្ឋជាង ១,៥ លាននាក់ ​ដោយមានគោលដៅសំខាន់ ដើម្បីរក្សាលំនឹងស្ថិរភាពជីវភាព​របស់ប្រជាពលរដ្ឋ។ឯកឧត្តម បន្តឲ្យដឹងថា ​ចំពោះការ​ឧបត្ថម្ភ​សាច់ប្រាក់នៅក្នុងជំហានទី២​ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ គិតមកដល់ពេលនេះ គ្រួសារងាយរង​ហានិភ័យ​ប្រមាណជា ៩០ ភាគរយ​ហើយ ដែលទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ​ក្នុងរង្វង់សាច់ប្រាក់ប្រមាណជាង ​១៦ លាន​ដុល្លារ​អាមេរិក ។ ចំណែកគ្រួសារងាយរងហានិភ័យ​ប្រមាណ​ ១០ ភាគរយ​ ដែលមិនទាន់​បាន​បើក​ការ​ឧបត្ថម្ភ​សាច់ប្រាក់នេះ ​ពួកគាត់នឹងមកទទួលបានជាបន្តបន្ទាប់។សូមបញ្ជាក់ថា នៅក្នុង​សម្ពាធ​អតិផរណាជា​សកលនេះ រាជរដ្ឋាភិបាលគ្រោងចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង៥០ លានដុល្លារអាមេរិក ​សម្រាប់បើកផ្តល់គ្រួសារងាយរងហានិភ័យចំនួន​ ៣ លើក ក្នុងនោះលើកទី១ ​បានចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២២, លើកទី២ នៅថ្ងៃទី១០ ខែ មេសា ដែលកំពុងអនុវត្ត, ចំណែកលើកទី៣ គ្រោង​ចាប់ផ្តើម​នៅថ្ងៃទី ​១០ខែកក្កដា ឆ្នាំ២០២៣​ ខាងមុខ ក្នុងនោះ​សម្រាប់​ការ​ឧបត្ថម្ភ​សាច់​ប្រាក់មួយលើកៗ ​រាជរដ្ឋាភិបាលបានចំណាយថវិការប្រមាណជា ១៨ លាន​ដុល្លារអាមេរិក ​នៅក្នុងគ្រួសារងាយរងហានិភ័យជាង​១,៥ លាននាក់​ នៅទូទំាងប្រទេស៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ឥណ្ឌា បង្កើតកិច្ចសហប្រតិបត្តិការលើការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែន

2023/04/18 09:51:49 am        237
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និង ស្ថាប័ន NPCI International Payments Limited (NIPL) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា។ការចុះអនុស្សរណៈយោគយល់គ្នាលើ កិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន​រវាងធនាគារជាតិនៃកម្ពុជា និងស្ថាប័ន NIPL ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក Ritesh Shukla នាយកប្រតិបត្តិនៃស្ថាប័ន NIPL។សេចក្តីប្រកាសព័ត៌មាន លើកឡើងថា អនុស្សរណៈយោគយល់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់ប្រទេសទាំងពីរ សិក្សា និងពិភាក្សា​បន្ថែមលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម ប្រតិបត្តិការ និងផ្នែកផ្សេងៗទៀត ក្នុងការអភិវឌ្ឍការតភ្ជាប់ និងអន្តរប្រតិបត្តិការជាឌីជីថល គាំទ្រដល់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរ។នៅក្រោមអនុស្សរណៈយោគយល់នេះ ធនាគារជាតិនៃកម្ពុជា និងសា្ថប័ន NIPL នឹង​ធ្វើការរួមគ្នា​ដើម្បីសិក្សាពីលទ្ធភាព ក្នុងការដាក់ឱ្យដំណើរការការផ្ទេរប្រាក់ភ្លាមៗ រវាងប្រទេសកម្ពុជា និង​ប្រទេស​ឥណ្ឌា ហើយលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានជឿថា នឹងផ្តល់ជាធាតុចូល​ដ៏សំខាន់ សម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន។អនុស្សរណៈយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ដល់ប្រជាពលរដ្ឋនៃប្រទេស​ទាំងពីរ ក្នុងការប្រើប្រាស់បណ្តាញផ្លូវការ សម្រាប់ធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនប្រកបដោយសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ។លើសពីនេះការតភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនខាងលើត្រូវបានរំពឹងថា នឹងក្លាយជាកិច្ច​សហប្រតិបត្តិការដ៏មានសក្តានុពលមួយ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម សម្រាប់ប្រទេសទាំងពីរនាពេលអនាគត៕អត្ថបទ៖ វណ្ណៈ

ម្ចាស់អាជីវកម្មបើកដំណើរការអំឡុងបុណ្យចូលឆ្នាំ ទទួលបានប្រាក់ចំណូលច្រើនជាងថ្ងៃធម្មតា

2023/04/17 12:36:24 pm        137
ភ្នំពេញ៖ ក្រុមអាជីវករនៅរាជធានីភ្នំពេញ ដែលបន្តបើកដំណើរការអាជីវកម្មក្នុងថ្ងៃឈប់សម្រាក​បុណ្យចូលឆ្នាំខ្មែរ បានឲ្យដឹងថា ​ពួកគាត់ទទួលបានប្រាក់ចំណូលបានច្រើន​ជាងថ្ងៃធម្មតា ខណៈអាជីវកម្ម​មួយចំនួនធំ​ និងប្រជាពលរដ្ឋ ឈប់សម្រាក ​ដើម្បីជួបជុំក្រុមគ្រួសារ និង​ខ្លះទៀត​ធ្វើដំណើរ​កម្សាន្ត។អ្នកស្រី ពៅ ចាន់ អាជីករលក់ចេកនៅផ្សារច្បារអំពៅ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅ​ព្រឹកថ្ងៃទី១៧ ខែមេសានេះថា រាល់ពិធីបុណ្យទានម្តងៗ អ្នកស្រីមិនមាន​គម្រោង​ទៅ​កម្សាន្តទីណាទេ​ដោយ​បន្តលក់ដូរដូចសព្វដង​ និងអាចរកប្រាក់បានច្រើនជាងថ្ងៃធម្មតា។ ស្រដៀងគ្នាខាងលើនេះ អាជីករលក់សាច់គោ កញ្ញា លីនីន ​បាននិយាយដោយសប្បាយរីករាយថា ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ​ ការលក់ដូរគឺដាច់បានច្រើន ​ដោយ​មានម៉ូយ និងអ្នកដំណើរ​មកទិញ​ជាហូហែរ ដោយថ្ងៃធម្មតា ​ជាមធ្យមអាចលក់សាច់គោអស់ពី ៧០ ​ទៅ៨០គីឡូ ប៉ុន្តែក្នុងថ្ងៃចូល​ឆ្នាំលក់ដាច់ដល់ពី ១១០ ទៅ១២០គីឡូ ក្នុង១ថ្ងៃៗ។ជារៀងរាល់ឆ្នាំ រាល់ពិធីបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែ​ចាកចេញពីរាជធានីភ្នំពេញ​ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើដំណើរកម្សាន្ត​ទាំងក្នុងនិងក្រៅប្រទេស ​មួយចំនួនផ្សេងទៀត​បន្តស្នាក់​នៅភ្នំពេញ និងខ្លះទៀតបន្តបើក​អាជីវកម្មធម្មតា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាល ដាក់ចេញវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី

2023/04/17 11:06:54 am        490
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបាន​ចាត់ទុក​ជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ក្នុងសេចក្តីណែនាំ អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី របស់ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមេសានេះ រាជរដ្ឋាភិបាល​បាន​សម្រេចដាក់ចេញនូវវិធានការ​បន្ថែម​ជា​កញ្ចប់ ​មានដូចជា បន្តពន្យារពេលការអនុវត្តការបង់​ពន្ធ​ជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋានជាបុរី ដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅឋានដែលមាន​អាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុន​អ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង១ លានដុល្លារអាមេរិក និងពី ២៤ ខែដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក និង ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍត្រូវបង់ពន្ធ ស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យ​ឱ្យបានត្រឹមត្រូវ។បន្ថែមពីលើនេះ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យ រហូត​ដល់ដំណាច់ឆ្នាំ ២០២៤ និងបន្តការលើកលែងពន្ធប្រថាប់ត្រា ​លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ​កាន់កាប់​លំនៅ​ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬ ស្មើ៧ម៉ឺនដុល្លារ​អាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤។តាមសេចក្តីណែនាំដដែល រាជរដ្ឋាភិបាល លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោល​ការណ៍​ស្ម័គ្រចិត្ត ​និងការព្រមព្រៀងរវាងគ្រឹះស្ថាន ​និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី និង​លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍​ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៨៩ សហវ ប្រក.ស្ដីពី «ការគ្រប់គ្រងអាជីវ- កម្មអភិវឌ្ឍអចលនវត្ថុ»។ចំណុចចុងក្រោយ គឺពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៣ លើសេចក្ដីប្រកាសលេខ ៥៦៣ សហវ. ប្រក ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពី «កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យ​រងសវនកម្មឯករាជ្យ» ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​នឹងរៀបចំយន្តការ ការងារ ដើម្បី​តាមដាន​ពិនិត្យ និងវាយតម្លៃជាប្រចាំ លើស្ថានភាពនៃវិស័យសំណង់ ​និងអចលនទ្រព្យ សំដៅស្នើឡើង​នូវវិធានការគោលនយោបាយ ជាក់លាក់បន្ថែមទៀត ​ក្រៅពីវិធានការ ដែលរាជរដ្ឋាភិបាល​បានដាក់ចេញរួច៕អត្ថបទ៖ វណ្ណៈ

កម្ពុជាប្រមូលចំណូលពីគយបានជាង ៥០០លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣

2023/04/13 11:55:18 am        147
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលចូលជាតិបានប្រមាណ ៥៦៤លានដុល្លារ ក្នុងត្រីទី១នៃឆ្នាំ២០២៣​ ធ្លាក់ចុះជាង៥ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២២។តួលេខចំណូលគយនេះ​ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និង​រដ្ឋាករត្រីមាសទីមួយ នាថ្ងៃទី១១ មេសា ឆ្នាំ២០២៣​ ដឹកនាំដោយ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជាក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករ។ ឯកឧត្តម លើកឡើងថា លទ្ធផលដែលសម្រេចបាននេះ ​គឺស្មើ២០,៥ភាគរយ នៃផែនការដែល​កំណត់​ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។របាយការណ៍ដែលបង្ហាញថា ក្នុងចំណោម​ចំណូល​គយសរុប ​៥៦៤,១លានដុល្លារ ​គឺមាន ៩៤៩,៨ពាន់​លានរៀល ​បានពីអាករលើតម្លៃ​បន្ថែម​ ។អាករពិសេសមាន ៧៥២,២ ពាន់លានរៀល, ពន្ធគយមាន៤៥៩,៥ ពាន់លាន​រៀល​, អាករបន្ថែមលើ​ផលិតផល​ប្រេងមាន៨៧,៦ពាន់លានរៀល ​និង​អាករនាំចេញ​និង​កម្រៃ​ផ្សេងៗ​មាន​៥៣,៨ពាន់លានរៀល ។​ការប្រមូលពីពន្ធ យានយន្ត និងគ្រឿងចក្រមានចំនួន ​៨៣៥,៦ពាន់លានរៀល​ ទំនិញ​ចម្រុះមានចំនួន ៧៥៧,២ពាន់លានរៀល , តេលសិលាមានចំនួន ៥៥៣,៥ពាន់លានរៀល, គ្រឿងសំណង់ និងកម្រៃផ្សេងៗ​មាន១៥៦,៦ ពាន់លានរៀល។​កាលឆ្នាំ​២០២២​ អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជារកចំណូល​បាន​ចំនួន ១០ ៩៩៨,៩ ប៊ី​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ ​២ ៦៩០,៥ លាន​ដុល្លារ កើនឡើង ​១៨​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​៕​អត្ថបទ៖ វណ្ណៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM