រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា-ឥណ្ឌូនេស៊ី នឹងភ្ជាប់ការហោះហើរត្រង់ ចាប់ពីថ្ងៃទី១៩ ខែមេសានេះតទៅ

2023/04/11 12:58:53 pm        323
ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូនេស៊ី បានប្រកាសជាផ្លូវការថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣​ខាងមុខនេះ នឹងបើកឲ្យមានការហោះហើរត្រង់រវាងរាជធានីភ្នំពេញ ​និងទីក្រុងហ្សាកាតា ផ្តល់ការសម្រួលការធ្វើដំណើរតាមផ្លូវការអាកាស​ ដល់ទេសចរធុរកិច្ច និងវិនិយោគិន។ឯកឧត្តម ជា អូន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងពិធីប្រកាសបើកការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី១០ ខែមេសា​កន្លងទៅនេះ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការជើងហោះហើរត្រង់ ​រវាងប្រទេសទាំងពីរ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយ​បើកចំហរជើងមេឃ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម សង្ឃឹមថា​​ ការហោះហើរត្រង់ នឹង​មានភ្ញៀវទេសចរច្រើនឡើង​បន្ថែមទៀត ជាពិសេស​ទេសចរ​ឥណ្ឌូនេស៊ី ខណៈដែលបច្ចុប្បន្នមានត្រឹមតែជាង ​៥ម៉ឺននាក់ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ បន្ថែមពីនេះ ​​ ការហោះហើរត្រង់ នឹងជំរុញឲ្យទំនាក់ទំនងកាន់តែ​ជិតស្និទ្ធ​លើវិស័យពាណិជ្ជកម្ម វប្បធម៌ ​និងការ​ផ្លាស់ប្តូរ​ប្រជាជន​រវាងប្រទេសទាំងពីរផងដែរ។លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ​បានលើកឡើងថា ឥណ្ឌូនេស៊ី​ជាទីផ្សារធំមួយដែរ ហើយ​​ ការ​ហោះហើរត្រង់នេះ ​គឺជាឱកាសដ៏ធំសម្រាប់កម្ពុជា ក្នុងការ​ទាក់ទាញកំណើនភ្ញៀវទេសចរណ៍ ដែលនឹងអាចជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា​ឆាប់​ស្តារបានឡើងវិញ ​ក្រោយពីវិបត្តិសាកលកូវីដ-១៩។យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជា ទទួលបាន​ទេសចរណ៍​អន្តរជាតិចំនួនជាង ២លាន ២សែននាក់ ​កើនឡើងប្រមាណជាង​ ១ពាន់ភាគរយ ក្នុងនោះទេសចរ​ឥណ្ឌូនេស៊ីមានចំនួនជាង ៧,៥ម៉ឺន កើនឡើងជិត៨០០នាក់ ៕អត្ថបទ៖ ឈិត បូរ៉ាវី

អន្តរក្រសួងដៃគូអភិវឌ្ឍន៍ កំពុងស្វែងរកគន្លឹះជំរុញវិស័យកសិកម្មកាន់តែមានសក្តានុពល

2023/04/11 12:40:45 pm        483
ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួង និងអង្គការដៃគូរអភិវឌ្ឍន៍ កំពុងស្វែងរកវិធីសាស្រ្ត ​និង​ដោះ​ស្រាយ​បញ្ហាប្រឈមលើវិស័យកសិកម្ម ​ដើម្បីជំរុញ ​និង​អភិវឌ្ឍន៍​វិស័យកសិកម្ម ទៅជាវិស័យ​កាន់​តែមាន​សក្តានុពល​ ធ្វើយ៉ាងណា​ឲ្យកសិកម្មមាន​ប្រសិទ្ធភាពជាងមុន ​មានពិពិធកម្មជាងមុន ។ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ ​នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ​និងត្រួតពិនិត្យឡើងវិញ លើវិស័យកសិកម្មនៅ​កម្ពុជា នៅថ្ងៃទី ១០ខែមេសា ឆ្នាំ២០២៣នេះថា កាលជាង១០ឆ្នាំមុន វិស័យនេះកំណើនជា​មធ្យម​កើនឡើងប្រមាណ ១៥ ភាគរយ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ គឺមានកំណើនទាប ក្នុងនោះ​ផលិត​ផលកសិកម្មបើធៀបទៅ និងវិស័យផ្សេងទៀត ​ក៏មិនសូវខុសគ្នាប៉ុន្មាននោះដែរ ។ចំណែកកំលាំងពលកម្មក្នុងវិស័យកសិកម្ម ​គឺមានជាង ៣០ ភាគរយ ដោយមានចំណែកក្នុង​ផលិតផល​ក្នុងស្រុកសរុប (GDP) មានប្រមាណ ២០​ ភាគរយ។ឯកឧត្ដម បន្តថា បញ្ហាជាច្រើនដែលត្រូវដោះស្រាយរួមគ្នា ដើម្បីស្វែងរករូបមន្ត ​បន្តអភិវឌ្ឍន៍ ឲ្យ​ក្លាយ​ជាចន្ទល់​រឹងមាំ​របស់សេដ្ឋកិច្ចជាតិ ​ដោយកម្ពុជាមិនត្រឹមតែអភិវឌ្ឍន៍សម្រាប់ទ្រងទ្រង់​នូវ​សន្តិសុខ​ស្បៀងប៉ុណ្ណោះនោះទេ ​គឺកម្ពុជាដោះស្រាយសម្រាប់សេដ្ឋកិច្ចទាំងមូល ។ឯកឧត្ដម វង្សី វិស្សុត លើកឡើងបន្តថា ដើម្បីជំរុញវិស័យកសិកម្មឲ្យកាន់តែមានសក្តានុពល និងជា​ការពឹងផ្អែក​នៃកំណើនសេដ្ឋកិច្ចរបស់ ជាតិ រដ្ឋាភិបាលនឹងដោះស្រាយរួមគ្នានូវគម្រោង​ផ្សេងៗ​ដែលបានអនុវត្តន៍កន្លងមកនេះ ​នូវអ្វីដែលជាចំណុចខ្លាំង? ឬជាសមិទ្ធផលល្អ ដើម្បីពង្រឹងបន្ថែម។ចំណែកចំណុចដែលនៅខ្វះខាត ត្រូវកែលម្អឡើងវិញ ​ដើម្បីឲ្យប្រព័ន្ធកសិកម្មមានប្រសិទ្ធភាពជាមុន ការ​ធ្វើពាណិជ្ជកម្មខ្លាំងក្លាជាងមុន ​មានពិពិធកម្មជាងមុន និងឈរលើកំណើនរឹងមាំ សម្រាប់​ទ្រទ្រង់​កំណើនក្នុងរយៈមធ្យម​ និងម្ខាងគឺចង់ឲ្យក្លាយទៅជាប្រព័ន្ធមួយ ​ដែលជា យុទ្ធសាស្រ្តសម្រាប់​គាំទ្រ​ដល់សន្តិសុខជាតិ ​និងសម្រាប់​គាំទ្រ​ទាក់ទង​ និងការធ្វើពាណិជ្ជកម្មជាអន្តរជាតិ៕អត្ថបទ៖ សុន រ៉ាឌី 

រដ្ឋមន្រ្តីកសិកម្ម ស្នើរុស្ស៊ីពិចារណាក្នុងការនាំជីកសិកម្មមកកម្ពុជា ក្នុងតម្លៃទីផ្សារសមរម្យ

2023/04/08 04:16:35 pm        501
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​ទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គ​រដ្ឋ​ទូត​រុស្ស៊ីប្រចាំនៅកម្ពុជា ដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ នៅ​ទីស្តី​ការក្រសួង។ ក្នុងជំនួបនេះនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណភាគីរុស្សី ចំពោះកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-រុស្សី និងបានលើកឡើងអំពី MOU រវាងប្រទេសទាំងពីរ លើ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមក ព្រមទាំង​បាន​រំលឹក​អំពី​ពេល​វេលា​ដ៏​លំបា​ក​នៃ​ការ​បាត់​បង់​ជំនាញការសូវៀត ដោយកងទ័ពខ្មែរក្រហមអំឡុងទសវត្សរ៍ឆ្នាំ៨០ នៅក្នុង​ខេត្តកំពង់ចាម។  សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ​ឱ្យ​ភាគី​រុស្ស៊ី​ពិនិត្យ​មើល​សក្តានុពលផលិតផលកសិកម្ម​កម្ពុជាពិសេសកៅស៊ូ និងស្វាយចន្ទី និង​ឱកាស​នៃ​ការ​នាំចូល​ទីផ្សា​ររុស្ស៊ី​ដោយ​ក្រុមហ៊ុនរុស្ស៊ីផ្ទាល់ ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​ក្រុម​ហ៊ុន​ខ្មែរ​នាំ​ចូល​ទៅ​ប្រទេសរុស្ស៊ី។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើឱ្យភាគីរុស្ស៊ី​ធ្វើ​ការ​ពិចារណា​ក្នុង​ការ​នាំ​ជីកសិកម្មមកកម្ពុជាក្នុងតម្លៃទីផ្សារសមរម្យផងដែរ។ ដោយឡែក ចំពោះការងារស្រាវជ្រាវ វិទ្យាសាស្ត្រ និងអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម ឌិត ទីណា បានស្នើភាគីរុស្ស៊ី​ពិនិត្យលទ្ធភាពក្នុងការបញ្ជូនគ្រូមកកម្ពុជា ព្រោះគ្រូម្នាក់អាចបង្រៀន​សិស្ស​បាន​ច្រើននាក់។ ការងារនេះផ្តោតលើជំនាញសំខាន់ៗដូចជាកសិកម្ម និងវិស្វករ​មេកានិច​ជា​ដើម ដែលនឹងជួយដល់វិស័យកសិកម្ម ហើយកម្ពុជាមានសាលាកសិកម្មចំនួន៣ រង់ចាំសហការ។ យ៉ាង​ណាមិញចំពោះសំណើភាគីរុស្ស៊ី ឯកឧត្តម នឹងពិចារណា​ និង​ពិភាក្សា​បន្ថែម​ទៀត​ជា​មួយ​ភាគី​រុស្ស៊ី​ដែលចង់ឱ្យមានការរៀបចំទិវា នៃការចងចាំពលរដ្ឋសូវៀតដែលបានស្លាប់នៅកម្ពុជា៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី នឹងជួយបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ

2023/04/05 12:09:26 pm        162
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីដើមខែធ្នូ ឆ្នាំ២០២២ នឹងជួយ​បង្កើនទំហំពាណិជ្ជកម្មនៃ​ការ​នាំចេញ-នាំចូលរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងក្នុងជំនួបសម្តែងការគួរសម ​ជាមួយឯកឧត្តម​បណ្ឌិត ​Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ ​និងពេញសមត្ថភាព​នៃសាធារណៈរដ្ឋកូរ៉េ ថ្មី​ ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣ ខែមេសា។យោងតាមសេចក្តីព័ត៌មាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងថា តាមរយៈកិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់ការយកពន្ធត្រួតគ្នា ​រវាងកម្ពុជា-កូរ៉េ ក៏នឹងជាឧបករណ៍សម្រាប់​ជួយបង្ក​បរិយាកាស​នៃការវិនិយោគពីប្រទេសកូរ៉េ ​ឱ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញវិនិយោគិន​ឱ្យមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់កូរ៉េ បានមកបណ្តាក់ទុនវិនិយោគបង្កើត​រោងចក្របង្គុំរថយន្ត​ម៉ាកល្បីៗ​នៅប្រទេសកម្ពុជាផងដែរ។ឯកឧត្តម​បណ្ឌិត Park Jung-Wook បានគូសបញ្ជាក់ថា ​ក្នុងអាណត្តិបំពេញភារកិច្ចការទូតនេះ​ ឯកឧត្តម​ នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យអាទិភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំងបន្តគាំទ្រ​នូវការផ្តល់​ហិរញ្ញប្បទាន​សម្រាប់កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវការទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឥណទាន​សម្បទាន ​ជំនួយបច្ចេកទេស និង​ក​ម្មវិធីចែករំលែកចំណេះដឹង​ ជាពិសេស ​ជំរុញការអភិវឌ្ឍវិស័យឯកជននានា ឱ្យកាន់តែរីកចម្រើនថែមទៀត។គិតចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន​ឥតសំណង ​មានចំនួនប្រមាណ ៤៥៥ ​លានដុល្លារអាមេរិក និងក្នុងក្របខ័ណ្ឌឥណទានសម្បទាន ​គិតចាប់ពីឆ្នាំ២០០១ ដល់​ដំណាច់ឆ្នាំ២០២២ ភាគីកូរ៉េ ​បានសន្យា ​ផ្តល់ឥណទានសម្បទាន ​មានទឹកប្រាក់សរុបប្រមាណ ជា ១ ៨០០ លានដុល្លារអាមេរិក​​។ចេញពីកិច្ចសន្យានេះ មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន​ ៣២ កិច្ចព្រមព្រៀង បាន​ចុះហត្ថលេខា ​ដែលមានទឹកប្រាក់សរុប ១ ៦០០ ​លានដុល្លារអាមេរិក សម្រាប់​ហិរញ្ញប្បទាន​ដល់​គម្រោងអភិវឌ្ឍន៍ ​និងកម្មវិធីចំនួន ២៩ ។ទន្ទឹមនឹងនេះ ភាគីកូរ៉េ ក៏បានសន្យាផ្តល់ឥណទានបន្តទៀត ​តាមរយៈកិច្ចព្រមព្រៀងសម្របសម្រួល​ក្របខ័ណ្ឌថ្មី ដែលមានទឹកប្រាក់ ​១ ៥០០ លានដុល្លារ ​សម្រាប់ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៦ ដោយ​ផ្តោត​លើបេក្ខភាពគម្រោង​លើគម្រោងអភិវឌ្ឍន៍​ស្របតាមវិស័យអាទិភាពសំខាន់ៗ។ ​ភាគីទាំងពីរ ក៏បានពិភាក្សា ​អំពីគម្រោងអភិវឌ្ឍន៍ ​និងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េផងដែរ៕អត្ថបទ៖ វណ្ណៈ រូប៖ រ៉ាឌី

ADB រៀបចំកម្មវិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជា នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២៣

2023/04/04 10:27:17 am        131
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជា នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២៣។ ជំពូកស្តីពីកម្ពុជានេះ នឹងរួមបញ្ចូលការព្យាករសេដ្ឋកិច្ចឆ្នាំ២០២៣-២០២៤ សម្រាប់ប្រទេសកម្ពុជា និងការវិភាគរបស់ ADB អំពីបញ្ហាប្រឈមគោលនយោបាយដែលកំពុងកើតមាននៅក្នុងប្រទេស។ សម្រាប់ឆ្នាំនេះ បញ្ហាប្រឈមមួយដែលបានកំណត់ គឺការពង្រីកការវិនិយោគបៃតងក្នុងវិស័យអាទិភាពជាយុទ្ធសាស្ត្រ ដើម្បីជួយកម្ពុជាសម្រេចសក្តានុពលកំណើនរយៈពេលវែងរបស់ខ្លួន។តាមធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានព្យាករ៍ថា នឹងកើនឡើងក្នុងអត្រា ៥,៥% ក្នុងឆ្នាំ២០២៣ និង ៦,០% នៅឆ្នាំ២០២៤ ជំរុញដោយការងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

សហគ្រិនជាស្រ្តី រំពឹងខ្ពស់ ចំពោះតម្រូវការផលិតផលរបស់ខ្លូនទៅក្នុងទីផ្សារកាន់តែច្រើន

2023/03/31 02:18:23 pm        632
ភ្នំពេញ៖ ម្ចាស់អាជីវកម្មដែលជាសហគ្រិនស្រ្តី បានបង្ហាញនូវមោទនភាពយ៉ាង និងមានក្តីរំពឹង​យ៉ាងមុតមាំថា​ ផលិតផលដែលវេចខ្ចប់ និងកែច្នៃដោយស្រ្តី នឹងទទួលបានការគាំទ្រលើ​ទីផ្សារកាន់តែច្រើន រួមទាំងទីផ្សារក្រៅស្រុក ផងដែរ។សហគ្រិនស្រ្តីដែលជាម្ចាស់អាជីវកម្ម ​បានលើកឡើងនៅក្នុងពិព័រណ៍ផលិតផលសហគ្រិនស្រ្តី​នៅ​កម្ពុជា ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នៅផ្សារទំនើប​អូឡាំព្យានេះថា ការចូលរួមប្រមូលផ្តុំព្រឹត្តិការណ៍ពិព័រណ៍ ​ដោយសហគ្រិន ជាស្រ្តីនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដាក់តាំងបង្ហាញ ​ដើម្បីផ្សព្វផ្សាយផលិតផល របស់ខ្លួន អំពីស្នាដៃដែលកើតឡើងដោយស្រ្តី ។សហគ្រិនស្រ្តីទាំងនេះ បានថ្លែងស្រដៀងគ្នាទៀតថា ​ដោយមានការខិតខំប្រឹងប្រែងពីក្រសួង​ស្ថាប័ន​របស់រាជរដ្ឋាភិបាល ក៏ដូចជា សមាគម ក្នុងការជួយជ្រោមជ្រែង ​លើកកម្ពស់ការកែច្នៃ និងវិចខ្ចប់ បាន​ធ្វើឲ្យផលិតផលរបស់សហគ្រិនស្រ្តីជាច្រើន​ មានគុណភាពខ្ពស់ មិនចាញ់ផលិតផល​បរទេស​នោះឡើយ។ ពួកគាត់ រំពឹងថា ផលិតផលរបស់សហគ្រិនជាស្រ្តី នឹងហូរចេញទៅ​ទីផ្សារខាង​ក្រៅកាន់តែច្រើន ។លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា នៅក្នុងការរីករាលដាល​ជំងឺកូវីដ១៩ ផលិតផលដែល វិចខ្ចប់ដោយសហគ្រាសគ្រប់គ្រងដោយស្រ្តី បានហូរចូលលើ​ទីផ្សារ​យ៉ាងច្រើន ប៉ុន្តែបន្ទាប់ពីវិបត្តិបានធូរស្រាល ការហូរចូលទៅកាន់ទីផ្សារនៅមានកម្រិត​ គឺដោយសារ ការហូរចូលទំនិញមកពីក្រៅ។ ​ចំពោះបញ្ហានេះ សមាគមបានកំពុងខិតខំប្រឹងប្រែងរកទីផ្សារ ជាក់ស្តែង​ព្រឹត្តិការណ៍​ពិព័រណ៍នៅពេលនេះ ជាដើម, ក្រៅពីនេះការជំរុញឲ្យសហគ្រិន​ដែលជា​សមាជិក​ សិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍ​ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ​សម្រាប់ជាយាន ពង្រីកទីផ្សារ និង​ក៏ដូចជាការជួយជ្រោមជ្រែងពីក្រសួងស្ថាប័ន ​ជា ពិសេសក្រសួងពាណិជ្ជកម្មដោយផ្ទាល់ ដើម្បីជួយ​លើកកម្ពស់ដល់ការធ្វើ ​អាជីវកម្មរបស់សហគ្រិនឲ្យកាន់តែរីកចម្រើន។លោកជំទាវ កែវ មុំ បានបញ្ជាក់ឲ្យដឹងថា ​សមាគមសហគ្រិនស្រ្តីកម្ពុជា មកដល់បច្ចុប្បន្នមាន​សមាជិកប្រមាណ​ ២ពាន់នាក់ ដោយមាន អាជីវកម្មចម្រុះរួមមាន៖ ​កសិកម្ម, ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្មជាដើម ក្នុងនោះសមាគមមានសាខា​ចំនួនពីរ​ គឺនៅខេត្តសៀមរាប និង​ខេត្តបាត់ដំបង ហើយនៅក្នុងសហគ្រិនស្រ្តី ឲ្យតែស្រ្តីជាម្ចាស់អាជីវកម្ម គឺមានសិទ្ធចូលជាសមាជិក​សមាគម​សហគ្រិនស្រ្តីកម្ពុជាបាន៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅប្រទេសចិនចំនួន៥ទីតាំង ដើម្បីផ្សព្វផ្សាយ​ផលិតផលខ្មែរ

2023/03/30 04:13:45 pm        757
ភ្នំពេញ៖ កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចំនួន ៥កន្លែងនៅក្នុងប្រទេសចិន ដើម្បីដាក់តំាងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរឲ្យកាន់តែទូលាយ​ នៅលើទីផ្សារក្រៅស្រុក ដើម្បីឈានទៅប្រកួតប្រជែង​ និងជំរុញការនាំចេញផលិតផលខ្មែរឲ្យបានកាន់តែច្រើន។លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​លើកឡើងនៅក្នុងពិធីសម្ពោធការតាំង​ពិព័រណ៍​ផលិតផលសហគ្រិន ស្រ្តីនៅកម្ពុជា នៅថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៣ នេះថា ក្នុងផែនការ​ពង្រីក​ទីផ្សារនេះ សម្រាប់ឆ្នំា២០២៣ និង ២០២៤​ ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យ នៅលទ្ធភាព​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្មឯកជនចំនួន ៥ ទីតំាងថ្មីទៀត ស្ថិតនៅប្រទេសចិន ដើម្បី​លើក​កម្ពស់​និងផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលខ្មែរនៅលើទីផ្សារប្រទេសចិនផងដែរ។លោកជំទាវ បន្តថា នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្ម ​និង​ការធ្វើពិពិធកម្មទីផ្សារវិញ ក្រសួងបាន​ដាក់​ចេញនិងសម្ពោធឱ្យ ដំណើរនៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជនកម្ពុជា ហើយថ្មីៗនេះ​បាន​បង្កើត​នៅប្រទេសជប៉ុន​ ដើម្បីដាក់តំាងបង្ហាញ ​និងផ្សព្វផ្សាយលក់​ ផលិតផល​ខ្មែរជាអចិន្ត្រៃយ៍ បន្ថែមទៅ​លើទីតាំងចំនួន១០ ​ដែលបានបើកដំណើរការកន្លងមកហើយ។ ក្រសួង​ បានចូលរួមជំរុញឱ្យមានកំណើននៃការនាំចេញ​ តាមរយៈការប្រើប្រាស់ទីផ្សារ​អនុគ្រោះ​ពន្ធដែល​មានស្រាប់ ​និងការធ្វើពិពិធកម្មទីផ្សារបន្ថែម​ ដូចជា​ការចរចារបង្កើនតំបន់ពាណិជ្ជកម្ម​សេរីទ្វេភាគីរវាងកម្ពុជា-ចិន, កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូរ​ សេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយ តំបន់ RCEP ​និងកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងកម្ពុជា​និង​អេមីរ៉ាត់រួម ​ដែលទើប​ចរចា​បញ្ចប់ថ្មីៗនេះ ​និងកិច្ច​ព្រមព្រៀង ​ពាណិជ្ជកម្មសេរីទ្វេភាគី ​និងពហុភាគីជាមួយដៃគូរពាណិជ្ជកម្ម​នានា ​ដែលជាកាតលិករជំរុញទីផ្សារទំនិញនាំចេញ។ជុំវិញផលិតផលខ្មែរនេះដែរ, លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បាន​បង្ហាញ​នូវមោទនភាពចំពោះផលិត ផលខ្មែរ ​ជាពិសេសផលិតផល​របស់​សហគ្រិនជាស្រ្តី ដែលបាន​កំពុង​កើតឡើង​យ៉ាង​ផុលផុស និង​បាន​កំពុង​ចូលរួម​ប្រកួតប្រជែង ​លើទីផ្សារក្នុងស្រុក។ជាក់ស្តែងការរៀបចំ​ពិព័រណ៍​នៅពេលនេះ ​គឺដើម្បីបង្ហាញនូវផលិតផល​ជាច្រើន​ដែល​កើត​ចេញពីស្រ្តី គឺជា​ផលិតផល​ ដែលមានគុណភាព ​និងមាន​អនាម័យ​ខ្ពស់ ​ហើយរំពឹងថា ​ផលិតផល​ដែលកើត​ចេញ​ពីស្រ្តី នឹង​រីក​ចម្រើន​ខ្លាំងក្លា ​ដែលជាផ្នែកមួយក្នុងការ​ ចូលរួមដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម៕អត្ថបទ៖ សុន រ៉ាឌី

តម្រូវការជ្រូកខ្វៃច្រើនក្នុងរដូវសែនឆេងម៉េង ធ្វើឱ្យតម្លៃកើនឡើងធៀបនឹងថ្ងៃធម្មតា

2023/03/28 12:23:52 pm        322
ភ្នំពេញ៖ ក្រុមអាជីវករលក់ជ្រូកខ្វៃ បានអះអាងថា ជ្រូកខ្វៃដែលជាសំណែនចាំបាច់​ក្នុង​រដូវសែនឆេងម៉េង ឬសែនផ្នូរឆ្នាំនេះ បើធៀបទៅនឹង​រដូវសែនចិន ​ឡើងថ្លៃពី ១ទៅ២ម៉ឺនរៀល ក្នុងមួយគីឡូ ឬប្រមាណ ​១០ម៉ឺនរៀល ​ក្នុងជ្រូកមួយក្បាល ។អ្នកស្រី លឹម ប៊ុនលីន អាជីវករលក់ជ្រូកខ្វៃ ទាខ្វៃ នៅផ្សារអូរឬស្សី ​បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៨ ​ខែមីនានេះថា​ ក្នុងរដូវសែនឆេងម៉េងឆ្នាំនេះ តម្លៃជ្រូកពិតជាខ្ពស់ជាង​រដូវសែនចិន ​ដោយសារតម្រូវការមានចំនួនច្រើនជាង ។ ស្រដៀងគ្នានេះ អ្នកស្រី លីម លីវួច អាជីវករលក់ជ្រូកខ្វៃប្រមាណ ៣០ឆ្នាំមកនេះ ​បានឲ្យដឹងដែរថា ក្នុងរដូវសែនឆេងម៉េង​ ចាប់ពីពេលនេះ​ រហូតដល់ដើមខែក្រោយ​ អ្នកស្រីទទួលបានការកម្ម៉ង់ពីភ្ញៀវ និងលក់ចេញជាហូហែរចេញអស់ប្រមាណ ១ពាន់ក្បាលហើយ ។​ អ្នកស្រី ​បានឲ្យដឹងទៀតថា ក្នុងជ្រូកមួយក្បាល ទម្ងន់ពី ៧ទៅ៨គីឡូ តម្លៃ ១លានរៀល ​និងពី ១០ទៅ១២គីឡូ តម្លៃប្រមាណ ៣០០ដុល្លារ ។លោក សុខ ផល ប្រជាពលរដ្ឋរស់នៅភ្នំពេញ យល់ឃើញថា ​រាល់ពិធីបុណ្យទាន ​ឬរដូវសែនម្តងៗ ទំនិញតែង​មានការឡើងថ្លៃ ក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ​ជាមួយគ្នានេះ លោក​បានចែករំលែកបទពិសោធន៍មួយចំនួន ​ក្នុងការទិញទំនិញ ចៀសវាងចំណាយខ្ពស់ ជា​ពិសេសជ្រូកខ្វៃ ​ដែលតែងតែឡើងថ្លៃ ​ព្រោះតែតម្រូវការច្រើន។ពិធីបុណ្យឆេងម៉េង​ ជាកិច្ចពិធីដ៏ប្រពៃថ្លៃថ្លាបងប្អូនជនជាតិចិន ​ឬបងប្អូនខ្មែរ ​ជាប់សែស្រឡាយចិន តែង​ប្រារព្ធ​យ៉ាង ​ខ្ចប់ខ្ជួនដើម្បីឧទ្ទិស​ដល់កុងម៉ា ​ដូនតា ឬ បុព្វការីជន​ដែល ​បានចែកឋានទៅ ប្រកបដោយ​ទឹកចិត្ដសុទ្ធាជ្រះថ្លាយ៉ាងប្រពៃ៕ អត្ថបទ៖ឈិត បូរ៉ាវី 

ច្រកព្រំដែនខេត្តបន្ទាយមានជ័យ ក្នុងមួយថ្ងៃៗអាចរកចំណូលថវិកាចូលរដ្ឋជាង ១លានដុល្លារ

2023/03/28 11:15:35 am        658
ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ចំណូលពន្ធគយដែលអាចទាញបានពីតាមច្រកព្រំដែននានា ក្នុងខេត្តបន្ទាយមានជ័យ រកដាក់ចូលក្នុងចំណូលជាតិ បានប្រមាណពី១-១,៥លានដុល្លារអាម៉េរិកក្នុងមួយថ្ងៃៗ ។ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អុំ រាត្រី មានប្រសាសន៍ថា ​ដោយខេត្តនៅជាប់នឹងព្រំដែន​ប្រទេសថៃ ​ដែលជាកត្តាអំណោយផលល្អ ​ដល់ការដោះដូរ ដឹកជញ្ជូនទំនិញ ​ការធ្វើពាណិជ្ជកម្ម ការ​ធ្វើដំណើរចេញ-ចូល ទេសចរណ៍ ​ការធ្វើកិច្ចសហប្រតិបត្តិការ ​និងបានជួយជំរុញដល់​កំណើន​សេដ្ឋកិច្ចរបស់ខេត្តផងដែរ ។ឯកឧត្តមបន្តថា ច្រកព្រំដែនខេត្តបន្ទាយមានជ័យ​ ក្នុងថ្ងៃខ្លះ ​អាចប្រមូលពន្ធគយទាបជាង​ច្រក​ខេត្តព្រះសីហនុ និងថ្ងៃខ្លះមានចំនួនច្រើនជាង ​ដែលជាមធ្យមបានប្រមាណពី ១លាន ទៅ១លានដុល្លារ​កន្លះ សម្រាប់ដាក់ចូលក្នុងចំណូលជាតិ​ ដែលនេះនៅមិនទាន់និយាយ ពីការ ប្រមូល​ចំណូលផ្ទៃក្នុងនោះទេ ។ឯកឧត្តមអភិបាលខេត្តបន្តថា ​បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ មានកសិផលមានសក្ដានុពល​ជា​ច្រើនប្រភេទ នាំទៅកាន់ប្រទេសថៃ ​មានដូចជា ដំឡូងមី ម្ទេសក្រៀម អំពៅ ពោតក្រហម ស្វាយចន្ទី និងស្រូវជាដើម ​ខណៈខេត្តបន្ទាយមានជ័យ ​មានច្រកព្រំដែនធំៗមួយចំនួន​ ដើម្បីធ្វើពាណិជ្ជកម្ម និង​ចេញ-ចូលឆ្លងដែន ក្នុងមានច្រកអន្តរជាតិប៉ោយប៉ែត​ ច្រកស្ទឹងបត់ ច្រកអូរបីជាន់ និងច្រកបឹងត្រកួនជាដើម ។ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ចំពោះច្រកស្ទឹងបត់ ​រហូតមកដល់ពេលនេះ នៅមិនទាន់​សម្រេចការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធបាន ​១០០ភាគរយនៅឡើយទេ ប៉ុន្តែដើម្បី​ជួយ​សម្រួលការដល់ដឹកទំនិញ ​ភាគីកម្ពុជា ​និងថៃ ​ក៏បានសម្រេចបើកច្រកនេះ ឲ្យមានការ​ដឹកជញ្ជូន​ទំនិញឆ្លងដែន ​ដើម្បី​បញ្ចៀស​ការកក់ស្ទះនៅតាមច្រកផ្សេងៗ ៕

ទីផ្សារភាគហ៊ុនអាស៊ីមានការឡើងចុះខុសគ្នានៅពេលបិទបញ្ចប់ការជួញដូរ

2023/03/28 08:07:08 am        66
អន្តរជាតិ៖ ភាគហ៊ុនអាស៊ីបានបិទការជួញដូរដែលមានការឡើងចុះចម្រុះគ្នាកាលពីថ្ងៃចន្ទ ខណៈការព្រួយបារម្ភនៅតែបន្ដកើតមានអំពីវិបត្ដិធនាគារសកល បានដាក់សម្ពាធទៅលើភាគហ៊ុនហិរញ្ញវត្ថុដែលរារាំងដល់ការកើនឡើង។សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៅឯទីផ្សារមូលបត្រ ACY security Clifford Bennett បាននិយាយថា ទំនុកចិត្តលើសេវាធនាគារនៅពេលនេះស្ថិតក្នុងសភាពប្រែប្រួលជាបន្តបន្ទាប់។ តារាសន្ទស្សន៍ភាគរហ៊ុននៃក្រុមហ៊ុន Nikkei របស់ជប៉ុនបាន​ហក់ឡើងលើកដំបូងក្នុងរយៈពេល ៣ថ្ងៃនៃការបើកជួញដូរ និងបានបិទការជួញដូរក្នុងកំណើន ០.៣៣%។ ចំណែកតារាងសន្ទស្សន៍ផ្សារហ៊ុនកូរ៉េខាងត្បូង KOSPI បានបង្ហាញការខាតបង់នៅថ្ងៃទី២ ដោយបានធ្លាក់ចុះ ៥,៧៤ពិន្ទុ ឬស្មើ ៩,២៤% ខណៈវិនិយោគិននៅរក្សាជំហរប្រយ័ត្នប្រយែងពាក់ព័ន្ធនឹងហានិភ័យ ក្នុងប្រព័ន្ធសេវាធនាគារសកល។ ចំណែកតារាងសន្ទស្សន៍ហុងកុង Hang Seng បានធ្លាក់ចុះ ១,៨%។ ចំណែកតារាងសន្ទស្សន៍ផ្សារភាគហ៊ុន Hang Seng China Enterprises បានធ្លាក់ចុះ ២,២%។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM