ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

សេដ្ឋកិច្ច និង កសិកម្ម

អ្នកទេសចរជិត១ម៉ឺននាក់ មកសម្រាកលំហែរកាយនៅខេត្តមណ្ឌលគិរី អំឡុងពេលភ្ជុំបិណ្ឌ

2022/09/27 03:00:24 pm        515
មណ្ឌលគិរី៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាថ្ងៃឈប់សម្រាកឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ​ខេត្តមណ្ឌលគិរីដែលជាគោលដៅទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសកម្ពុជា ដែលមានយ៉ាងច្រើនចូលមកលេងកម្សាន្ត ស្របពេលដែលអាកាសធាតុមិនសូវអំណោយផល ដោយមានភ្លៀងធ្លាក់ច្រើន ​អំឡុងពេលទេសចរដើរកម្សាន្ត ។លោកស្រី ម៉ី សារឹម ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ​បានប្រាប់BTVថា ៣ថ្ងៃឱកាស​បុណ្យភ្ជុំបិណ្ឌ មណ្ឌលគិរីទាក់ទាញអ្នកទេសចរណ៍បានជិត ១ម៉ឺននាក់ ​ក្នុងនោះ ទេសចរជាតិ ៩,៦២៧នាក់ (ឆ្នាំ២០២១ ទេសចរជាតិសរុប ២៣,០២០នាក់) ចំណែកទេសចរបរទេស សរុប ២២២នាក់ (ឆ្នាំ២០២១ ទេសចរបរទេសសរុប ៣០៣នាក់) ។ តួលេខនេះ ទេសចរជាតិ ថយចុះ ៥៨,១៧% រីឯទេសចរបរទេសថយចុះ ២៦,៧៣% ។លោកស្រី ម៉ី សារឹម បញ្ជាក់ថា​ មូលហេតុនៃការថយចុះ ដោយសារឆ្នាំនេះនៅរដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅទូទាំង​ប្រទេសភ្ញៀវទេសចរ​ពិបាកដើរកំសាន្ត ​ភ្ញៀវភាគច្រើន​ទៅលេងស្រុកកំណើត​ដែល​មានចម្ងាយផ្លូវជិត ​អាចពាក់ព័ន្ធនឹងការចំណាយច្រើន ​និង​កត្តា​ផ្សេងៗ​ទៀត ។ ចំណែកស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់គឺមានភាពល្អប្រសើរជាធម្មតា ។គួរ​រម្លឹក​ដែរ​ថា​ ទោះបី​ជា​អាកាសធាតុមិនសូវអំណោយ​ផល​ល្អដល់​ភ្ញៀវទេសចរ ក្នុង​ដំណើរ​កម្សាន្ត​អំឡុង​ពេលភ្ជុំបិណ្ឌនេះ​ ប៉ុន្តែសម្រាប់ខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី២៤ កញ្ញា ​បាន​សម្គាល់ឃើញថា មាន​អ្នកទេសចរមួយចំនួនបានធ្វើដំណើរ​មក​ដល់ក្រុងសែម​នោរម្យ ​និងបាន​ទៅទស្សនា​តាម​រមណីយដ្ឋាន​ទេសចរណ៍នានា ​ស្របពេលកំពុងមានភ្ញៀងរលឹមផងដែរ ។រមណីយដ្ឋានដែលភ្ញៀវបានធ្វើដំណើរទៅទស្សនាច្រើន​ មានដូចជាទឹកជ្រោះប៊ូស្រា ​ភ្នំដោះក្រមុំ និងសមុទ្រជាដើម ​ហើយផ្អែកតាមការសង្កេតជាក់ស្ដែង ចំនួនភ្ញៀវទេសចរមិនសូវច្រើនប៉ុន្មានទេ បើធៀប​និងអំឡុងពេលមុនៗដែលភ្ញៀវសម្រុកចូលមកលេងច្រើននា​ឱកាស​បុណ្យទាន ប៉ុន្តែ​ចំនួននេះអាចវាយតម្លៃល្អប្រសើរហើយ ​បើធៀបក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ ដែល​ខេត្តមណ្ឌលគិរី​ និងប្រទេសកម្ពុជា​បានរងគ្រោះព្រោះកូវីដ១៩ ៕ អត្ថបទ៖ អ៊ិត ភីរុណ

World Bank ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ៤.៨ភាគរយ ក្នុងឆ្នាំ២០២២ និង ៥.២ ភាគយឆ្នាំក្រោយ

2022/09/27 02:44:41 pm        618
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) ព្យាករណ៍ថា កំណើន GDP ​ពិតប្រាកដ​របស់​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹងឈានដល់ ៤.៨ ភាគរយនៅឆ្នាំ ២០២២។ កត្តា​ជំរុញ​កំណើន​ដែលផ្តោត​លើការនាំចេញតាមបែបប្រពៃណី​ ជាពិសេសវិស័យកាត់ដេរ ​ស្បែកជើង ផលិតផលធ្វើដំណើរ និងឧស្សាហកម្មផលិតកង់ ​ក៏ដូចជាកសិកម្ម ​នៅតែបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច។នៅឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងដល់ ៥.២ភាគរយ​ដែល​ត្រូវបាន​គាំទ្រ​ដោយការស្ទុះងើបឡើងវិញ នៃការប្រើប្រាស់ក្នុងស្រុក ខណៈដែលអត្រាការងារមានភាព​ប្រសើរឡើង​រួមជាមួយការប្រើប្រាស់របស់រដ្ឋាភិបាលខ្លាំងក្នុងអំឡុងពេលបោះឆ្នោត ហើយ​អតិផរណាបានធ្លាក់ចុះ។នេះបើយោងតាមរបាយការណ៍ធនាគារពិភព​លោកចេញផ្សាយ​នៅថ្ងៃទី២៧ ខែកញ្ញានេះ។​វិស័យទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​ការ​ជំរុញ​ដោយ​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ក្នុង​ស្រុក ​និង​ទេសចរណ៍។ សមតុល្យសារពើពន្ធត្រូវបាន​ព្យាករណ៍​ថា នឹងបន្តធ្វើឱ្យ​មាន​លក្ខណៈធម្មតានៅលើផ្ទៃខាងក្រោយនៃកំណើនដ៏រឹងមាំ​ ស្ថិរភាព និងកម្រិតបំណុល។ភាពក្រីក្រ ត្រូវបានគេរំពឹង ថានឹងធ្លាក់ចុះដោយសារតែការស្តារសេដ្ឋកិច្ច​ដែលបានព្យាករណ៍ និង​អតិផរណាកម្រិតមធ្យម។ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យរយៈពេលមធ្យម​គឺស្ថិតនៅក្រោមហានិភ័យ​នៃការធ្លាក់ចុះ​នៃបរិស្ថានពិភពលោក។​ការផលិតដែលផ្តោតលើការនាំ​ចេញរបស់កម្ពុជាគឺងាយរងគ្រោះទៅ​​នឹង​ការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក ​និងការធ្លាក់ចុះនៃរចនាសម្ព័ន្ធនៅក្នុងប្រទេសចិន។ដូចគ្នានេះដែរ ប្រសិនបើតម្លៃថាមពលកើនឡើងកាន់តែយូរ ភាពយ៉ាប់យ៉ឺននៃលក្ខខណ្ឌ​ពាណិជ្ជកម្ម​នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុក​ចិត្តអ្នកប្រើប្រាស់ ​ប្រាក់ចំណេញសាជីវកម្ម និងអាចរារាំងសេដ្ឋកិច្ចមិន​យឈាន​ដល់​កំណើន​សក្តានុពលនៅ​ឆ្នាំ ២០២៤ ៕ អត្ថបទ៖ វណ្ណៈ 

ភ្ញៀវទេសចរអន្តរជាតិ លើកឡើងថា កម្ពុជាជាប្រទេសមានភាពទាក់ទាញក្នុងតំបន់អាស៊ាន

2022/09/27 01:00:21 pm        531
ភ្នំពេញ៖ ក្នុងឱកាសបណ្តាប្រទេសលើពិភពលោក ប្រារព្ធ​ទិវាទេសចរណ៍ពិភពលោកឆ្នាំ ២៧ កញ្ញា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិដែលទស្សនានៅកម្ពុជា លើកឡើងថា កម្ពុជា ជាប្រទេសទេសចរណ៍ មានភាពទាក់ទាញខ្លាំងនៅក្នុងតំបន់អាស៊ាន។ក្រុមភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តតាមតំបន់ឆ្នេរនៅកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា មានគោលដៅទេសចរណ៍ជាច្រើន មានភាពទាក់ទាញខ្លាំងដែលទេសចរបរទេសចង់ទស្សនា។ លើសពីនេះ ​មិនត្រឹមតែមានវប្បធម៍ចំណាស់នោះទេ​ ប្រជាជននៅកម្ពុជា គឺមានភាពរួសរាយ​រាក់ទាក់ ​ចេះជួយគ្នា ​និងធ្វើឲ្យទេសចរមកទស្សនាកម្ពុជា មានភាពកក់ក្តៅ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការដ្ឋាន​ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ទិវា​ទេសចរណ៍ពិភពលោក២៧ កញ្ញា ឆ្នាំ២០២២នេះ មានការ​ប្រារព្ធ​ធំនៅប្រទេសឥណ្ឌូនេស៊ី ហើយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា កំពុងអញ្ជើញចូលរួមកម្មវិធីនោះដែរ។ យ៉ាងណាក៏ដោយតាមរយៈការ​ប្រារព្ធ​ទិវា​នេះ ឯកឧត្តម តុប សុភ័ក បានលើកឡើងថា កម្ពុជាបាន​និង​កំពុងប្តេជ្ញាចិត្តជម្រុញអភិវឌ្ឍគោលដៅទេសចរណ៍ឲ្យមានគុណភាព​ មានសុវត្ថិភាព មាន​ជំនឿទុកចិត្ត និងមានភាពទាក់ទាញប្រកបដោយភាពច្នៃប្រឌិត។នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានចេញសារ​លិខិត​អបអរសាទរទិវាទេសចរណ៍ពិភពលោក​ ២៧កញ្ញានេះដែរ​ ដោយបានកំណត់ថា ឆ្នាំ២០២២នេះ ​ជាឆ្នាំដំបូង ​ស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ។ព្រមជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុល​បន្ថែមទៀត​ ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា​ ទាំងទៅលើទិដ្ឋភាពគុណភាព ​និងបរិមាណ ប្រកប​ដោយនិរន្តរភាព ប​រិយាប័ន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ៕ អត្ថបទ៖ ស៊ុមសុខជា 

សកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ ចាប់ផ្តើមលក់ដូរឡើងវិញ បន្ទាប់ពីឈប់សម្រាក៣ថ្ងៃមក

2022/09/27 12:51:13 pm        458
ភ្នំពេញ៖ ក្រុមអាជីវករតាមបណ្តាផ្សារតូច ធំៗ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមប្រកបរបរ​អាជីវកម្ម​លក់​ដូរឡើងវិញហើយ បន្ទាប់ពីឈប់សម្រាករយៈពេល ​៣ថ្ងៃ​ ក្នុងឱកាសភ្ជុំបិណ្ឌ ហើយពួកគាត់រំពឹង​លក់ដាច់ដូចមុន ​បន្ទាប់ពីប្រជាពលរដ្ឋបានត្រឡប់មករាជធានីភ្នំពេញ​អ៊ូអរ​ដូចមុន។ក្រុមអាជីវករជាច្រើននៅរាជធានីភ្នំពេញ ​លើកឡើងនៅក្នុងកិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នក​យក​ព័ត៌មាន BTV នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ​នៅក្នុងឱកាសឆ្លងភ្ជុំបិណ្ឌ ពួកគាត់បាន​សម្រាក​លក់ដូរ រយៈពេល ៣ថ្ងៃ ដើម្បីចូលរួមអបអរសាទ ​ក្នុងឱកាសភ្ជុំបិណ្ឌប្រពៃណីជាតិ បន្ទាប់​ការបញ្ចប់រយៈពេលបីថ្ងៃមកនេះ ​ ពួកគាត់​បានផ្តើមបើកអាជីវកម្មឡើងវិញ ខណៈដែលប្រពលរដ្ឋ​បានកំពុងវិលត្រឡប់មកពីស្រុកកំណើត​ ចូលមករាជធានីភ្នំពេញវិញ ​នៅក្នុងថ្ងៃនេះ។ពួកគាត់រំពឹងថា ​ការលក់ដូរនឹងលក់ដាច់ជាធម្មតាដូចមុនរដូវភ្ជុំបិណ្ឌ​ ឬអាចលក់ដាច់ល្អប្រសើរជាង ខណៈបច្ចុប្បន្នប្រជាពលរដ្ឋទទួលបានប្រាក់​ចំណូល​សមរម្យ សម្រាប់ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់ពួកគាត់។ក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ ប្រជាពលរដ្ឋបានចាប់ផ្តើមដើរលេងដូចមុនការរីករាលដាលជំងឺកូវីដ ១៩ ចំណែកសកម្មភាពនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ​តាមបណ្តារោងចក្រ ​សហគ្រាសនានា ក៏បាន​កំពុង​ដំណើរការទៅដោយរលូន ឆ្លុះបញ្ចាំង​ពី​ សកម្មភាពក្នុងសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា បានកំពុងងើបរស់រវើកឡើងវិញ៕អត្ថបទ៖ សុន រ៉ាឌី

ប្រព័ន្ធសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល នឹងផ្តល់ទំនុកចិត្តដល់អ្នកដែលស្ថិតនៅក្រោមការគាំពារ

2022/09/23 12:45:10 pm        647
​ភ្នំពេញ៖ រាជរដ្ឋាភិបាលបង្កើតប្រព័ន្ធសន្តិសុខសង្គម សម្រាប់ជាបង្គោលតម្លាភាព និងប្រសិទ្ធភាព ដើម្បីធានា​ប្រាក់ចំណូលដល់អ្នកដែលស្ថិតនៅក្រោមការគាំពារ ដែលវិសាលភាពនេះ​អាច​ពង្រីក​កាន់ធំឡើងៗ​ ទៅដល់មនុស្សគ្រប់គ្នា ​ក្រោមគម្រោងថវិកា​នៃការចូលរួមបង់វិភាគទាន។ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​អគ្គនាយក​នៃនិយ័តករសន្តិសុខសង្គម ​លើកឡើងក្នុងសិក្ខាសាលាស្តីពី និយ័តកម្មប្រព័ន្ធសន្តិសុខ​សង្គម​នៅកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ នេះថា ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាបានបែងចែក​ជាពីរប្រភេទ គឺប្រព័ន្ធសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត ដែលស្ថិតនៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់ការងារ (សម្រាប់វិស័យឯកជន) ​និងប្រព័ន្ធសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ ឬបុគ្គល​ដែល​ស្ថិត​នៅក្នុងវិស័យសាធារណៈ (រដ្ឋបាលសាធារណៈ) ​ក្នុងនោះសម្រាប់វិស័យឯកជន គឺជា​ប្រព័ន្ធ​ឈរលើមូលដ្ឋានបង់វិភាគទានពីនិយោជិកផង ​និងពីនិយោជកផង។ដោយឡែក សម្រាប់របរសន្តិសុខសង្គមថែទាំសុខភាព ​និងផ្នែកហានីភ័យការងារ រាជរដ្ឋាភិបាល​បាន​សម្រេច ដើម្បីជួយសម្រាលបន្ទុកបងប្អូននិយោជិក ​តាមរយៈការបង់វិភាគទាន ដែលជាការ​កត្តាសំខាន់ ​ដើម្បីឲ្យរបរនានានៅក្នុងប្រព័ន្ធសន្តិសុខសង្គមអាចដំណើរការទៅបាន។ឯកឧត្តម ​បន្តឲ្យដឹងថា ​ប្រព័ន្ធសន្តិសុខសង្គម ​មានលក្ខណៈខុសគ្នាពីប្រព័ន្ធជំនួយសង្គម ដោយ​ប្រព័ន្ធ​សន្តិសុខសង្គម ​គឺបានបង្កើតឡើងធ្វើជាបង្គោល​ នៃទំនុកចិត្តដល់ភាគីពាក់ព័ន្ធ ដើម្បីធានា​ប្រាក់​ចំណូលដល់អ្នកដែលស្ថិតនៅក្រោមការគាំពារ ដែលវិសាលភាពនេះអាចពង្រីកកាន់​ធំឡើងៗ​ទៅដល់មនុស្សគ្រប់គ្នា ​ក្រោមថវិកា​នៃការចូលរួមបង់វិភាគទាន ​ដោយការបង់វិភាគទាននេះ គឺជា​បន្ទុករួមគ្នារវាងនិយោជិក និងនិយោជកផង។សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពីនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា គឺមានសារៈសំខាន់​ណាស់ ដើម្បីផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ អំពីនិយ័តករសន្តិសុខសង្គម ​ដែលជាផ្នែកមួយនៃអាជ្ញាធរ​សេវាហិរញ្ញវត្ថុមិនមែន​ធនាគារ​ ដល់និយោជក ​និងកម្មករនិយោជិក ​ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ក៏ដូចជា​ការផ្សព្វផ្សាយអនុក្រិត្យ ​ស្តីពីការធ្វើនិយ័តកម្មប្រព័ន្ធ​សន្តិសុខសង្គម ដែលនឹងត្រូវ​អនុវត្ត​ដោយនិយ័តករសន្តិសុខសង្គម ​ឲ្យបានកាន់តែទូលាយជូនដល់ភាគីពាក់ព័ន្ធ អំពីកិច្ចដំណើរ​នៃ​និយ័តករ​សន្តិសុខសង្គមនេះ៕អត្ថបទ៖ សុន រ៉ាឌី

វិនិយោគិន​កូរ៉េ ​សម្លឹង​ឃើញ​កាលានុវត្តភាព​នៃ​ការវិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​កាន់តែច្រើន​

2022/09/22 01:08:16 pm        729
ភ្នំពេញ៖ វិនិយោគិន​កូរ៉េ​ ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ចំពោះ​កាលានុវត្តភាព​នៃ​ការ​វិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ បាន​កាន់តែ​ច្រើន។គណៈប្រតិភូសមាគមន៍អ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) ​ដឹកនាំដោយ លោក KIM Byung Kwan, ប្រធានសមាគមន៍អ្នកនាំចូលកូរ៉េ និងជាប្រធានអគ្គនាយកក្រុមហ៊ុន Bronte Family Ltd បាន​ស្វែងយល់ពីឱកាសពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា។ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលជួប​គណៈប្រតិភូ​សមាគមន៍អ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) ដឹកនាំដោយ លោក KIM Byung Kwan, ប្រធានសមាគមន៍អ្នកនាំចូលកូរ៉េ ​និងជាប្រធានអគ្គនាយកក្រុមហ៊ុន Bronte Family Ltd. នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ថ្លែងក្នុងមតិស្វាមគមន៍ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ​បានគូសបញ្ជាក់ថា ចំពោះការ​អញ្ជើញ​មកទស្សនកិច្ចស្វែងយល់ និងចាប់យកនូវកាលានុវត្តភាពសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម របស់ លោក Kim Byung Kwan ប្រធានសមាគម​អ្នកនាំចូលកូរ៉េ និងគណៈប្រតិភូ នៅព្រះរាជាណាចក្រ​កម្ពុជា និយាយជារួម​ នឹងជួយឱ្យ គណៈប្រតិភូ ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។ឯកឧត្តម លើកទឹកចិត្តដល់គណៈប្រតិភូសមាគមន៍អ្នក​នាំចូលកូរ៉េ ប្រើប្រាស់នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់ ​និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ​ជាពិសេស កិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម។លោក KIM Byung Kwan បានជម្រាបជូនថា ​សហគមន៍​អ្នកនាំចូលកូរ៉េ ​បង្កើតឡើងនៅឆ្នាំ១៩៧២ គិតមកទល់ពេលនេះ​មានអាយុកាល៥២ ឆ្នាំ ហើយមានក្រុមហ៊ុនជាសមាជិកចំនួន ៨៣០០ ក្រុមហ៊ុន​ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យចំណីអាហារ ​គ្រឿងបន្លាស់ Software គ្រឿងសម្អាង វត្ថុធាតុដើម វាយនភណ្ឌ កសិកម្ម និងសេវាកម្មជាដើម។ សហគមន៍អ្នកនាំចូលកូរ៉េ ក៏បានប្រទេសជាដៃគូចំនួន ៦៩ និងមានទំនាក់ទំនងជិតស្និទជាមួយស្ថាទូតនៃ​ប្រទេសនានា​ប្រចាំសាធារណរដ្ឋកូរ៉េ ចំនួន១០៤ ផងដែរ៕អត្ថបទ៖ វណ្ណៈ 

ការផលិត និងវេចខ្ចប់ទំនិញក្នុងស្រុក កំពុងមមាញឹកឡើងវិញ បន្ទាប់ពីវិបត្តិកូវីដកាន់តែធូស្រាល

2022/09/21 01:47:58 pm        582
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល (FASMEC) ថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ កាន់តែមាន​ភាព​ល្អប្រសើរ សម្រាប់ការផលិត និងវេចខ្ចប់​ នៅក្នុងសហគ្រាសធុនតូច និងមធ្យម បានកំពុង​ដំណើរការ​ខ្សែច្រវ៉ាក់ផលិតកម្មប្រព្រឹត្តទៅដោយរលូន ​ខណៈការផ្គត់ផ្គង់ និងចែកចាយផលិតផល​ទាំងនេះ កំពុងមានតម្រូវការនៅលើទីផ្សារ។លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគម​សហគ្រាសធុនតូច និងមធ្យម​កម្ពុជា (FASMEC) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន​ BTV ស្តីពីការ​អភិវឌ្ឍ​ខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងសហគ្រាសធុនតូច​ និងមធ្យម និងការ​ផ្គត់ផ្គង់​ផលិតផល​វេចខ្ចប់​នៅតាមទីផ្សារថា, នៅក្នុងស្ថានភាពនៃវិបត្តិជម្ងឺកូវីដ ១៩​ ស្របពេលប្រទេសមានការបិទខ្ទប់ អាជីវកម្ម​ជាច្រើនត្រូវបានផ្អាក ស្របពេលជីវភាពរស់នៅរបស់ប្រជាជន​ក៏មានកម្រិត ក្នុងនោះ​សម្រាប់ការផលិត និងវេចខ្ចប់ ​នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ​សហគ្រាសធុនតូច ​និងមធ្យមវិញ ក៏បាន​ថមថយចុះផងដែរ ខណៈការចែកចាយ ​និងលក់ដូរនៅតាមទីផ្សារមានការធ្លាក់ចុះ។លោកឧកញ៉ា លើកឡើងបន្តថា ​រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និងសង្គម ​ពី​ព្រោះវិស័យនេះ​ មាន​ លក្ខណៈអន្តរសកម្មភាពច្រើន ងាយបត់បែន និងសម្របខ្លួនបានយ៉ាងឆាប់រហ័ស ទៅ​តាមកាលៈទេសៈនៃការអភិវឌ្ឍបច្ចេកវិទ្យា ជាក់ស្តែងបន្ទាប់ពីស្ថានភាពវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល, មកដល់ពេលនេះ ផលិតកម្មនៅក្នុងសហគ្រាសធុនតូច ​និងមធ្យម បានកំពុង​ដំណើរនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មយ៉ាងមមាញឹក​ សម្រាប់ការផលិត ​និងវេចខ្ចប់។ ចំណែក​ការផ្គត់ផ្គង់ទំនិញតាមទីផ្សារវិញ ​មកដល់បច្ចុប្បន្ន ផលិតផលដែលវេចខ្ចប់ក្នុងស្រុក បាន​កំពុងហូរចូលទៅកាន់ទីផ្សារកាន់តែច្រើនឡើងៗ​ ដោយបានធ្វើឲ្យចំនួននៃការលក់ ​ក៏បានកើនឡើង និងមានប្រសើរជាងមុន។ជុំវិញវិស័យ SME, បើតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ បានបង្ហាញឲ្យដឹងថា, គិតត្រឹមខែ កក្កដា ក្នុងឆ្នាំ ២០២២ នេះ ​សហគ្រាសធុនតូច មធ្យម និង​សិប្បកម្ម បានចុះបញ្ជីនៅក្រសួង មានចំនួនប្រមាណជិត ​៤៤ ពាន់មូលដ្ឋាន ដោយ​មានទុនវិនិយោគជាង ៧៥៦ ​លានដុល្លាអាមេរិក ​និងបានបង្កើតការងារជិត ​៥០ម៉ឺនកន្លែង។ ចំពោះបញ្ហានេះ ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំពុង​ជម្រុញ​លើកទឹកចិត្ត ឲ្យមានការកែច្នៃផលិផលកសិកម្ម ​ឬផលិតផលផ្សងៗទៀត ដើម្បី​បង្កើត​តម្លៃបន្ថែមនៅក្នុងផលិតផលឲ្យកាន់តែច្រើន៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជារកចំណូលបាន ៣០០លានដុល្លារពីការនាំចេញកៅស៊ូ ក្នុងរយៈពេល៨ខែដំបូង

2022/09/21 01:28:57 pm        556
ភ្នំពេញ៖ កម្ពុជា​រក​ចំណូល​សរុបបាន ៣០០លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ​ស្ងួត ​អំឡុង​ពេល ៨ខែ​ដើម​ឆ្នាំ២០២២ នេះ​បើ​តាម​របាយការណ៍​ផ្លូវការ​កាលពី​ថ្ងៃ​ទី២០ ខែកញ្ញានេះ ។របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៩៤,០១៤ តោនក្នុង អំឡុងខែមករាដល់ខែសីហាឆ្នាំនេះ ពោលគឺកើនឡើង ១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍ បានបន្តថា ប្រទេសកម្ពុជា រកចំណូលបាន ៣០០ លានដុល្លារពីការនាំចេញ​ទំនិញ​ក្នុងរយៈពេល ៨ខែឆ្នាំនេះ ធ្លាក់ចុះ ៦.៤ ភាគរយបើធៀបនឹងឆ្នាំមុន។ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន​កៅស៊ូ​ បាននិយាយនៅក្នុងរបាយការណ៍ថា កៅ​ស៊ូ​ស្ងួត​មួយតោនមានតម្លៃជាមធ្យម $១,៥៥៣ ក្នុងអំឡុងពេល៨ខែដំបូងនៃឆ្នាំ២០២២ ​ប្រហែល ១១៩ដុល្លារ ​ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។យោង​តាម​អគ្គនាយកដ្ឋាន​កៅស៊ូ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ដី​ដាំ​កៅស៊ូ​សរុប ៤០៤ ០៤៤​ ហិកតា ក្នុង​នោះ​ផ្ទៃដី​កំពុង​ចៀរជ័រ ​ចំនួន ៣១០ ១៩៣ ​ហិកតា ​និង​​ផ្ទៃដី​ថែទាំ​​ចំនួន ៩៣ ៨៥១ ​​ហិកតា​។ ជ័រ​កៅស៊ូ​ពី​ខែ​មករា-ខែ​សីហា ឆ្នាំ​ ២០២២ មាន​តម្លៃ​ជា​មធ្យម​​ ១ ៥៥៣​ ដុល្លារ​ក្នុង​ ១​ តោន​ ថយចុះ ១១៩ ​​​ដុល្លារ​ ឬ​​ស្មើ​នឹង -៧ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១។កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​ប្រមូល​ផល​ជ័រ​កៅស៊ូ​បាន​ចំនួន ៣៦៨ ០០០ ​តោន ក្នុង​នោះ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ​៣៦៦ ០០០ ​តោន ​រក​​​​ចំណូល​បាន ៦១០ ២៥៥ ៨០០ ​ដុល្លារ។​នេះ​​បើ​​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ៕អត្ថបទ៖ វណ្ណៈ 

និយ័តករបរធនបាលកិច្ច លើកកម្ពស់ការយល់ដឹងដល់ SME សម្រាប់ការធ្វើធុរកិច្ច និងការវិនិយោគ

2022/09/20 12:48:26 pm        558
ភ្នំពេញ៖ និយ័តករបរធនបាលកិច្ចផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ដល់សហគ្រាសធុនតូច និងមធ្យម និងជម្រុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច សម្រាប់ការធ្វើធុរកិច្ច និងការចាប់គូរជាវិនិយោគិនមានសក្តានុពលនានា តាមយន្តការនៃបរធនបាលកិច្ច។ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៃអាជា្ញធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និង​សម្ព័ន្ធសមាគម​សហគ្រាសធុនតូច ​និងមធ្យមកម្ពុជា (FASMEC) ស្តីពីកិច្ចសហប្រតិបត្តិការ​លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ ២០២២ ។អនុស្សារណៈយោគយល់គ្នានៅពេលនេះ មានសារៈសំខាន់ណាស់ សម្រាប់ការពង្រឹងកិច្ច​សហប្រតិបត្តិការ ​ដើម្បីត្រឹមខ្លួនទាញយកផលប្រយោជន៍នៅក្នុងបរធនបាលកិច្ច ក្នុងនោះ​សម្រាប់ជំហាន​ដំបូង គឺការជម្រុញបណ្តុះបណ្តាល ​និងផ្សព្វផ្សាយ ក៏ដូចជាការឆ្លើយតបរាល់​សំណូមពរពាក់ព័ន្ធ ​នៃដំណើរចុះបញ្ជីបរធនបាលកិច្ច ក្នុងគោលដៅសម្រេចឱ្យបាននូវការយល់​ដឹងកាន់តែទូលំទូលាយ​ នៅក្នុងវិស័យបរធនបាលកិច្ច ក៏ដូចជាវិស័យមូលបត្រទាំងមូល។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងថា ​មានម្ចាស់សហគ្រាសធុនតូច ​និងមធ្យមកម្ពុជាជាច្រើន មិនទាន់យល់អំពីវិស័យបរធនបាលកិច្ច ដូច្នេះតាមរយៈសម្ពន្ធ័សហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺចង់ឲ្យSME​ទាំងអស់គ្នាបានយល់ និងចូលរួម ​ព្រោះវិស័យបរធនបាលកិច្ច និងតាមរយៈសេវា​ហិរញ្ញវត្ថុមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ​ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ​ សម្រាប់ជាប្រយោជន៍ដល់យើងទាំងអស់គ្នា ។ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ថ្លែងឲ្យដឹងថា គិតត្រឹមចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ​បរធនបាលកិច្ច នឹងមានទំហំបរធន កើនឡើងក្នុងរង្វង់ប្រមាណជា ​៦០០ លានដុល្លារ​អាមេរិក ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច កំពុងពិនិត្យ ​និងវាយតម្លៃ នៃការ​ចុះបញ្ជីបរធនបាលកិច្ច មានចំនួនប្រមាណជាង​ ៥០០ សំណើរបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ទំនាក់ទំនងការទូត និងប្រព័ន្ធអនុគ្រោះពន្ធ ធ្វើឲ្យការនាំចេញទៅអាមេរិកមានកំណើនល្អ

2022/09/16 03:16:17 pm        533
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច ថា គោលនយោបាយការបរទេសរបស់កម្ពុជា ដែលមានទំនាក់​ទំនង​ការ​ទូតល្អជាមួយ សហរដ្ឋអាមេរិក បានកំពុងធ្វើឲ្យសហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា ​និងស្របពេលដែលប្រទេសមួយនេះ ​បានបន្តផ្តល់ GSP លើមុខទំនិញមួយចំនួន ​នៃការនាំចេញរបស់កម្ពុជា។ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង នៅ​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ នេះថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានលក្ខណៈខុស​គ្នា ខណៈទីផ្សារអាមេរិក ​បានផ្តោតសំខាន់លើផលិតកម្មនៃឧស្សាហកម្មធុនធ្ងន់ និងការផលិតទំនិញ​ដែលមានបច្ចេកវិទ្យាខ្ពស់ជាដើម​ ខណៈកម្ពុជាផលិតនូវសម្លៀកបំពាក់ ស្បែកជើង និងកាបូប​សម្រាប់​ធ្វើដំណើរ ​និងផលិតផលកសិកម្មជាដើម​ ដែលបច្ចុប្បន្នធ្វើឲ្យផលិតផលទាំងនេះ កំពុង​ហូរចូល​ទៅកាន់ទីផ្សារអាមេរិកមានកំណើនល្អប្រសើរ។ឯកឧត្តម បន្តថា ចំពោះកត្តាដែលធ្វើឲ្យទំនិញកម្ពុជា​ នាំចេញទៅកាន់សហរដ្ឋអាមេរិកមានកំណើន គួរជាទីកត់សម្គាល់នេះ ​គឺបានកើតចេញពីទំនាក់ទំនង​រវាងប្រទេសទាំងពីរ ជាពិសេស​គោល​នយោបាយ ការបរទេស​ របស់កម្ពុជា ​ដែលមានទំនាក់ទំនងការទូតល្អជាមួយសហរដ្ឋអាមេរិក ក្នុងនោះ​ចំពោះការធ្វើពាណិជ្ជកម្ម, ​សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ និងបានកំពុង​បន្តផ្តល់ GSP ដល់ ​ទំនិញមួយចំនួន ​សម្រាប់ទីផ្សារ ​នាំចេញរបស់កម្ពុជា។លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ ​និងស្បែកនៅកម្ពុជា ​ថ្លែងឲ្យដឹងថា នៅ​ក្នុងឆមាសទី១ ឆ្នាំ ២០២២​ ខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងស្រុក ​បាន​មមាញឹក​យ៉ាងខ្លាំង និង​បាន​ស្រូប​យក​កំលាំង​ពលកម្មបន្ថែមយ៉ាង ​ច្រើន​នៅតាមរោងចក្រនីមួយៗ ​ខណៈដែល​មាន​ការបញ្ជា​មាន​ចំនួនច្រើន ជាពិសេសពីផ្សារសហរដ្ឋអាមេរិក ​និងសហគមន៍អឺរ៉ុបជាដើម ​ប៉ុន្តែនៅក្នុងឆមាសទី២ នេះ ចំណែកការផលិតហាក់ដូចជានៅទ្រឹង​ នឹងមិនមានការថែមម៉ោងច្រើនដូចមុនឡើយ ស្រប​ពេលការបញ្ជាទិញមានចំនួនថមថយចុះ។សូមបញ្ជាក់ថា គិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មនាំចេញទំទិញ​របស់កម្ពុជា មាន​ទំហំទឹកប្រាក់ប្រមាណជាង ១៥,៦ ​ពាន់លានដុល្លារ កើនឡើងជាង ២៦% បើធៀបរយៈពេល​ដូចគ្នា​ទៅឆ្នាំ ២០២១ ក្នុងនោះសម្រាប់ការនាំចេញទៅកាន់ទីផ្សារអាមេរិក ​មានទំហំជាង ៦,៤ ពាន់លានដុល្លារ កើនឡើងជាង ៣៧% ខណៈការនាំចូលពីសហរដ្ឋអាមេរិក មានត្រឹម ២២៤ លានដុល្លារ ថយចុះជាង ៣% ​បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផែនការបញ្ចប់សង្គ្រាមរបស់អ៊ីរ៉ង់ មាន ៣ដំណាក់កាល ខណៈភាពតានតឹងនៅច្រកសមុទ្រ Hormuz កើនឡើង
04/27/2026 04:04 PM
លោក Trump ពិពណ៌នាអំពីការបាញ់ប្រហារថា ជាភស្តុតាងនៃអំណាចប្រធានាធិបតីរបស់លោក
04/27/2026 04:04 PM
ក្រសួងការងារ ចុះដោះស្រាយភ្លាមៗនូវការទាមទាររបស់បងប្អូនកម្មករ រោងចក្រ អឹមអិល ដោយគិតគូរពីអត្ថប្រយោជន៍របស់បងប្អូនកម្មករជាអាទិភាព
04/27/2026 04:04 PM
ហេសបូឡា៖ កងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ ត្រូវបានវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះ
04/27/2026 04:04 PM
មេដឹកនាំអ៊ុយក្រែន រិះគន់ការវាយប្រហាររបស់រុស្ស៊ីនៅឆ្នាំ២០២៥ លើរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl
04/27/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់ផ្តល់ឲ្យអាមេរិកនូវសំណើបើកច្រកសមុទ្រ Hormuz និងពន្យារការចរចានុយក្លេអ៊ែរ
04/27/2026 04:04 PM
ប្រជាជនអ៊ីរ៉ង់សង្ឃឹមសម្រាប់សន្តិភាព ប៉ុន្តែទទូចឱ្យការពារផលប្រយោជន៍ជាតិ ខណៈការចរចាជាមួយអាមេរិកជាប់គាំង
04/27/2026 04:04 PM
អ៊ីរ៉ង់៖ អ្នកស្លាប់ជាជនស៊ីវិលមានដល់៤៥ភាគរយក្នុងសង្គ្រាមរយៈពេល៤០ថ្ងៃជាមួយអ៊ីស្រាអែល និងអាមេរិក
04/27/2026 03:04 PM
សារព័ត៌មាន៖ អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការគំរាមកំហែង ដើម្បីបន្តកិច្ចចរចាឡើងវិញ
04/27/2026 03:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ជំនួបជាមួយលោក Putin «នឹងជាឱកាសល្អដើម្បីពិភាក្សាពីការវិវឌ្ឍនៃសង្គ្រាម»
04/27/2026 03:04 PM