ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

សេដ្ឋកិច្ច និង កសិកម្ម

CATA ចង់ឲ្យរដ្ឋពន្លឿនសាងសង់អគារទុកចោលនៅខេត្តព្រះសីហនុ ដើម្បីបង្កើតភាពទាក់ទាញភ្ញៀវទេចចរណ៍

2022/08/27 03:50:14 pm        799
ព្រះសីហនុ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ចង់ឲ្យដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពន្លឿន​ការរៀបចំ និងដោះស្រាយសាងសង់អគារដែលទុកចោលនៅខេត្តព្រះសីហនុ ​ឲ្យបានឆាប់រហ័ស ដើម្បីបង្កើតនូវសោភ័ណ្ឌភាពទីក្រុង ប្រកបដោយភាពទាក់ទាញ ខណៈដែលកម្ពុជា​កំពុងធ្វើការ​ផ្សព្វផ្សាយ ក៏ដូចជាការដាក់បង្ហាញផលិតផលនានា​ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងនៅក្នុងកិច្ច​សម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន ស្តីពីគោលដៅតំបន់ទេសចរណ៍ និងការទាក់ទាញភ្ញៀវ​ទេសចរក្រោយវិបត្តិកូវីដ១៩ នេះថា កម្ពុជាគឺជាប្រទេសគោលដៅដ៏​ល្អប្រសើរ ប្រកបដោយ​ភាព​ទាក់ទាញ​ភ្ញៀវទេសចរណ៍ជាតិ ​និងអន្តរជាតិ ​ជាក់ស្តែងស្ថិតក្នុងដំណាក់កាលនេះ យើងសង្កេត​ឃើញថា ភ្ញៀវទេសចរ​បរទេស បានចាប់ផ្តើមកក់សំបុត្រចូលមកទស្សនា​កម្សាន្តនៅ​ព្រះរាជាណា​ចក្រ​កម្ពុជា ជាបណ្តើរៗហើយ ស្របពេលជើងហោះហើរក៏មានចំនួនកើនឡើង​បន្តិចម្តងៗ ដែលធ្វើឲ្យកម្ពុជាចាប់ផ្តើមស្រូបយកចំនួនភ្ញៀវទេសចរអន្តរជាតិ កាន់តែច្រើន។លោកជំទាវ បន្តថា ជុំវិញវិស័យទេសចរណ៍នេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជា​ពិសេសក្រសួងទេចរណ៍​ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងនោះចំពោះវិស័យឯកជន​ក៏បានចូលរួមយ៉ាងសកម្ម ​ក្នុងការផ្សព្វផ្សាយ ​និងការដាក់បង្ហាញផលិត​ ផលនានា ធ្វើយ៉ាងណា​ជម្រុញ​ទាក់ទាញភ្ញៀវទេសចរ​បរទេសចូលមកទស្សនានៅកម្ពុជា ។ជុំវិញវិស័យសំណង់នេះ ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​លើកឡើងនៅក្នុង​សន្និសីទ​សារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តីថ្មីៗនេះថា បន្ទាប់​ពី​ស្ថានភាពនៃការរីករាលជំងឺកូវីដ ១៩​ កើតឡើងជាសកល បាន​ជះឥទ្ធិពលដល់​ការធ្វើអាជីវកម្ម​គ្រប់​បែបយ៉ាង ក្នុងនោះវិស័យសំណង់ក៏បានផ្អាកជាច្រើនកន្លងផងដែរ ជាពិសេសសំណង់​អគារនៅ​ខេត្តព្រះសីហនុជាដើម។ ឯកឧត្តម បញ្ជាក់ថា បញ្ហានេះមិនយូរមិនឆាប់ ការ​ជាប់គាំង​លើ​វិស័យ​សំណង់នឹងត្រូវដោះស្រាយ។សូបញ្ជាក់ថា បញ្ហាសំណង់អគារជាច្រើន ដែលទុកចោលនៅខេត្តព្រះសីហនុ បើ​តាមអ្នកនាំពាក្យ​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺឯកឧត្តម​ មាស សុខ សេនសាន បានឲ្យដឹងថា ​ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុងគិតគូរនឹងរៀបចំបង្កើតក្រុមការងារ ​និងមានគណៈកម្មាធិការត្រួតពិនិត្យ និង​វាយតម្លៃ ដើម្បីដោះស្រាយ ​នឹងការកៀរគរស្វែងរកអ្នកវិនិយោគថ្មីអភិវឌ្ឍន៍បន្ត៕ អត្ថបទ៖ សុន រ៉ាឌី

៧ខែដើមឆ្នាំ២០២២ តម្រូវការកម្លាំងពលកម្មនៅខេត្តកំពតកើនឡើង

2022/08/27 01:25:47 pm        812
កំពត៖ មន្ត្រីជំនាញបានអះអាងថា តម្រូវការកម្លាំងពលកម្មនៅខេត្តកំពតមានការកើនឡើង ខណៈដែលក្រុមហ៊ុន រោងចក្រ សហគ្រាស ជាងបីរយកន្លែង បានបើកដំណើរការឡើងវិញ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយចំនួនកំពុងចាប់ផ្តើមជ្រើសរើសបុគ្គលិកបន្ថែម ប្រមាណ ១០ភាគរយទៀត។ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត លោកអ៊ឹង ប៉ោហេង ប្រាប់ឲ្យដឹងថា បច្ចុប្បន្ន ខេត្តកំពត មានក្រុមហ៊ុនរោងចក្រ សហគ្រាស សរុបចំនួន ៣៧៩កន្លែង មាន​កម្លាំងពលកម្មសរុប៖ ២២,៤៣១នាក់ (ស្រី១៣,៤១៣នាក់) ក្នុងនោះ វិស័យកាត់ដេរមាន ០៨ក្រុមហ៊ុន បុគ្គលិកសរុប ១១,០៩៦នាក់ ស្រី៩,២៨៩នាក់, វិស័យសំណង់ ២៦ក្រុមហ៊ុន បុគ្គលិកសរុប ២,៦២៨នាក់ ស្រី២៥៣នាក់ , វិស័យសេវាកម្សាន្ត១២១កន្លែង បុគ្គលិកសរុប ២,៧៧៩នាក់ ស្រី១,៥៣៩នាក់ , អាជីកម្មផ្សេងៗទៀត ចំនួន ២៤២កន្លែង មានបុគ្គលិកសរុប ៥,៩២៨នាក់ ស្រី២,៣៣០នាក់។ ហើយក្នុងចំណោមកម្លាំងពលកម្មសរុប ខេត្តកំពត ក៏មានបុគ្គលិកបរទេសសរុប ៨១៧នាក់ ស្រី ១៦០នាក់ផងដែរ ភាគច្រើនបម្រើការងារ​នៅលើ​វិស័យទេសចរណ៍ ​វិស័យកាត់ដេរ ។ប្រធានមន្ទីរ បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មនៅខេត្តកំពត មានការកើនឡើង ១,៣១៥នាក់ នៅ៧ខែដើមឆ្នាំ២០២២នេះ ​ បើធៀបនឹងឆ្នាំ២០២១ ដែលកម្លាំងពលកម្មចំនួន ២១,១១៦នាក់ ហើយកើនឡើង​ជាង៥០៦៥នាក់ បើប្រៀបធៀបនៅឆ្នាំ២០១៩ មុនផ្ទុះជំងឺកូវីដ១៩។ លោក បានបន្ថែមថា តម្រូវការកម្លាំងពលកម្មនៅខេត្តកំពតនឹងបន្តកើនឡើងច្រើនទៀត ព្រោះ​បច្ចុច្បន្ន​ក្រុមហ៊ុន​ជាច្រើនចាប់ផ្ដើម ​ប្រតិបត្តិការផលិតកម្មរបស់ខ្លួនឡើងវិញ ​ក្នុងនោះមាន​ក្រុមហ៊ុន​ចំនួន ​ពិសេស​លើ​វិស័យកាត់ដេរជាដើម ចាប់ផ្ដើមរើសបុគ្គលិកប្រមាណ ១០រយ​បន្ថែម​ទៀត។ លោកប្រធានមន្ទីរបានបញ្ជាក់ប្រាប់ដែរថា ប្រាក់ខែគោលរបស់បុគ្គលិកកម្មកររោងចក្រនានាក្នុងខេត្ត បានចំនួន ១៩៤ ដុល្លារ ។ជំនួយការរដ្ឋបាល ក្រុមហ៊ុនរោងចក្រ ឃីមីហ្គាមេន នៅក្រុងបូកគោ អ្នកស្រី សុខ សាវី បានប្រាប់​ឲ្យដឹងថា រោងចក្រខ្លួនបានជ្រើសរើបបុគ្គលិកម្តងរួចហើយ កាលពីដើមឆ្នាំ ប៉ុន្តែបច្ចុប្បន្ន​មិនទាន់​មានរើសបុគ្គលិក បន្ថែមទៀតទេ ដោយសារការងារមិនទាន់សប្បូរ ប៉ុន្តែទៅថ្ងៃមុខរោងចក្រគ្រោង​នឹងរើស​បន្ថែមទៀត។ ជំនួយការរូបនេះបញ្ជាក់ដែរថា បច្ចុប្បន្នប្រាក់ខែគោលបុគ្គលិក​ផ្នែកកម្មករកាត់ដេរពេញសិទ្ធិ បាន​ចំនួន ១៩៤ដុល្លា ប៉ុន្តែបើបូកបញ្ចូលលុយថែមម៉ោង ​និងប្រាក់បន្ថែមផ្សេងៗទៀត ១ខែទាបបំផុត ២៤០ដុល្លាឡើង រហូតដល់ជិត៤០០ដុល្លា ៕អត្ថបទ៖ អន សារឹម

គ្រាប់ស្វាយចន្ទី ៩ពាន់គីឡូ នឹងត្រូវនាំចេញទៅទីផ្សារជប៉ុននាខែកញ្ញាខាងមុខ

2022/08/27 12:32:50 pm        490
ភ្នំពេញ៖ តាមការគ្រោងទុកនៅខែកញ្ញាខាងមុខនេះ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នឹងធ្វើការនាំចេញគ្រាប់ស្វាយចន្ទីរចំនួនប្រមាណ ៩ពាន់គីឡូក្រាម (៩តោន) ទៅកាន់ទីផ្សារ​ប្រទេសជប៉ុន បន្ទាប់ពីអាក់ខាននាំចេញមួយរយៈ ដោយសាររង់ចាំវិញ្ញាបនបត្រ​បញ្ជាក់គុណភាព។ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទដៃ លោកស្រី អ៊ិន ឡៃហ៊ួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយ​ចន្ទីជ័យសំបូរ ស្ថិតនៅខេត្តកំពង់ធំ ​បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្រោមកិច្ច​សហការ​ជាមួយក្រុមហ៊ុនជប៉ុន Top Planning Japan (TPJ) ​សិប្បកម្មកែលោកស្រី បានចាប់ផ្តើមនាំចេញ​ស្វាយចន្ទីទៅទីផ្សារជប៉ុនជាលើកដំបូងកាលពីឆ្នាំ២០២១ ​ដោយគិតត្រឹមខែមីនាកន្លងទៅ សិប្បកម្ម​បាននាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារជប៉ុនសរុបជាង ៤៥តោន។ ប៉ុន្តែក្រោយមក ដោយសារ​ភាគីជប៉ុន តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់គុណភាព និងការវេចខ្ចប់តាមលក្ខណៈស្តង់ដា ដែលភាគីជប៉ុនចង់បាន ទើបធ្វើឲ្យខកខានមួយរយៈពេល។ លោកស្រី លើកឡើងបន្តថា បច្ចុប្បន្នក្រុមការងារកំពុង​មមាញឹក​ក្នុងការវេចខ្ចប់ទំនិញ ដើម្បី​ត្រៀម​នាំចេញទៅជប៉ុន ​បន្ទាប់ពីទទួលបានវិញ្ញាបនបត្រត្រួតពិនិត្យគុណភាពយ៉ាងត្រឹមត្រូវពីក្រសួង ស្ថាបនពាក់ព័ន្ធ។ទោះបីជាការនាំចេញគ្រាប់ស្វាយចន្ទី នឹងត្រូវចាប់ផ្តើមពីខែក្រោយនេះទៅ លោកស្រីបានបង្ហាញ​ការ​ព្រួយបារម្ភចំពោះតម្លៃទាប ​ដោយសារប្រទេសជិតខាងបន្ទាបតម្លៃ ធ្វើឲ្យជួបការលំបាកក្នុងការលក់​ចេញ និងមួយវិញទៀត ​អាកាសធាតុឆ្នាំនេះក៏មិនសូវអំណោយផល ដែលធ្វើឲ្យគ្រាប់ស្វាយ​ចន្ទីរ​លូតលាស់មិនបានផលល្អ។ ជាមួយគ្នានេះ លោកស្រីបានទទូចស្នើសុំរដ្ឋាភិបាលជួយបើកចំហរទីផ្សារ​ផលិតសម្រេច​ឲ្យមាន​ស្ថេរភាពសម្រាប់ការផលិតរបស់សិប្បកម្មតូចៗ ​ឲ្យមានទីផ្សារសមរម្យ ដើម្បីជាការលើកទឹកចិត្ត​ដល់ប្រជាកសិករដែលខិតខំដាំដុះ។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជា ក្រៅពីស្រូវ និងអង្ករ មានដូចជា ​ចេកស្រស់ ដំឡូងមី គ្រាប់ស្វាយចន្ទីរ គ្រាប់ពោត ផ្លែស្វាយស្រស់ជាដើម ​មានចំនួន ៣,៩លានតោន គិតជាទឹក​ប្រាក់សរុបចំនួនប្រមាណជាង ១ ៧០០លានដុល្លារ។ បច្ចុប្បន្ន ក្រសួងកសិកម្ម បាននិងកំពុងខិតខំលើកកម្ពស់ផលិតផលប្រកបដោយគុណភាព និង​សុវត្ថិភាពខ្ពស់ ស្របតាមតម្រូវការរបស់ប្រទេសនាំចូល​ និងចរចាអំពីតម្រូវការអនាម័យបន្ថែមទៀត សម្រាប់ការនាំចេញកសិផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស៕អត្ថបទ៖ ឈិត បូរ៉ាវី

PPCBank ផ្តល់ប្រាក់កម្ចីរហូតដល់ ៩០% នៃតម្លៃសរុប សម្រាប់ការទិញផ្ទះនៅគម្រោងបុរី PR Property

2022/08/26 03:15:20 pm        963
ភ្នំពេញ៖ ធនាគារ PPCBank ផ្តល់ប្រាក់កម្ចីសម្រាប់ទិញលំនៅឋាន នៅគម្រោងបុរី PR Property រហូត​ដល់ ៩០% នៃតម្លៃផ្ទះសរុប និងផ្តល់ការកម្ចីមានរយៈពេល ២០ឆ្នាំ ជា​លក្ខខណ្ឌ​ផ្តល់​ប្រាក់​កម្ចី​ពិសេស​មិនធ្លាប់មាន និង​អតិថិជនទទួលបានការអនុម័តកម្ចីកាន់តែងាយស្រួល និង​លឿន​ជាង​មុន។លោក ញ៉ក់ គឹមស្រួយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank លើក​ឡើង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុង​ការ​ផ្តល់​ឥណទាន​គេហដ្ឋាន រវាងធនាគារ PPCBank និងក្រុមហ៊ុន PR Property (Cambodia) Co., Ltd. នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ នេះថា ជុំវិញលក្ខណៈផ្សេងៗ ធនាគារ PPCBank តែង​តែ​នាំយកសេវាកម្មល្អៗ និងការអភិវឌ្ឍផលិតផលធនាគារដែលមានស្រាប់ ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ ដើម្បីផ្ដល់គុណតម្លៃល្អប្រសើរ និងភាពសម្បូរបែបជូនដល់អតិថិជន, ជាក់​ស្តែង​តាម​រយៈការចាប់ដៃគូនៅពេលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុង​ការ​បង្កើត​ឱកាស​កាន់​តែ​ប្រសើរ​ សម្រាប់អតិថិជន ក៏ដូចជាការប្តេជ្ញាចិត្តមួយកម្រិតទៀត របស់ស្ថាប័នទាំងពីរក្នុងក្តីស្រមៃ ជា​មួយ​នឹង​លក្ខខណ្ឌពិសេស ពីឥណទានគេហដ្ឋានរបស់ធនាគារ PPCBank ក្នុង​នោះ​សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍ទិញផ្ទះនៅបុរី PR Property នឹង​ទទួល​បាន​ការ​អនុម័ត​កម្ចី​កាន់​តែ​ងាយ​ស្រួល និងលឿនជាងមុន ជាមួយនឹងទំហំកម្ចីរហូតដល់ ៩០% នៃតម្លៃផ្ទះសរុប។ទាក់ទងការផ្តល់ប្រាក់កម្ចីនេះ លោក សង្ឃឹមថា ព្រឹត្តិការណ៍នៅក្នុងថ្ងៃនេះ នឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ប្រកបដោយផ្លែផ្កា រវាងភាគីទាំងពីរ ក្នុងការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ល្អ ដែល​បង្ក​ឲ្យ​មាន​ភាពងាយស្រួលដល់អតិថិជន ក្នុងការបង់ប្រាក់ទៅតាមដំណាក់កាលនីមួយៗ រហូត​ការ​សាងសង់ត្រូវបានបញ្ចប់ ជាពិសេសទៀតនោះ គឺអាចជួយសម្រួលមួយផ្នែកធំ ដល់​លទ្ធភាព​ នៃ​ការ​ទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគាត់ ក៏ដូចជាការទទួលបាននូវភាពកក់ក្តៅ ដោយ​សារ​ធនាគារ PPCBank អនុញ្ញាតឲ្យធ្វើការបង់ប្រាក់ប្រចាំខែមានរយៈពេលយូរ រហូតដល់ទៅ ២០​ឆ្នាំ​។ចំណែកលោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន PR Property (Cambodia) Co., Ltd. ថ្លែងថា អតិថិជន​របស់បុរី PR Property ទាំងអស់ នឹងទទួល​បាន​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​សម្រាប់​ទិញ​ផ្ទះ​កាន់​តែ​ងាយ​ស្រួល តាមរយៈការប្រើប្រាស់សេវា FAST ACCOUNT ដែលអតិថិជន​គ្រាន់​តែ​តម្លើង​កម្ម​វិធី PPCBank Mobile បន្ទាប់មកទៀត យើងអាចបើកគណនីរបស់ធនាគារ PPCBank បាន​ដោយ​ខ្លួន​ឯង និងអាចធ្វើការផ្ទេរប្រាក់មកក្រុមហ៊ុន PR Property បានកាន់តែរហ័ស ដោយ​មិន​អស់​កម្រៃ​សេវាតាមរយៈកម្មវិធី KHQR ផងដែរ។លោក ទេស ភារុន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយធនាគារ PPCBank គឺជា​កិច្ច​សហការ​មួយ​ដ៏រឹងមាំ និងយូរអង្វែង ដោយហេតុថា ធនាគារ PPCBank ជា​ធនាគារ​ដំបូង​បង្អស់​មួយ​នៅ​ប្រទេស​កម្ពុជា ដែលបានផ្ដល់លក្ខខណ្ឌវិនិយោគ ពិសេស​សម្រាប់​អ្នក​អភិវឌ្ឍន៍​ផ្នែក​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា និងផ្ដល់កម្ចីដល់គ្រប់ស្រទាប់អតិថិជនទាំងអស់។ ជាមួយគ្នានេះ តាមរយៈ​ការ​ចុះ​អនុស្សារណៈយោគយល់គ្នា អតិថិជនរបស់បុរី PR Property ទាំងអស់ ដែលមក​ជាវ​គម្រោង​ថ្មី​ៗ​ នឹង​ទទួល​បាន​នូវ​លក្ខខណ្ឌ​អនុម័ត​ប្រាក់​កម្ចី​ដ៏​ពិសេស​គឺ​ទទួល​បាន​កម្ចី​ចាប់​តាំង​ពី​សំណង់​ចាប់​ផ្តើម​បុក​គ្រឹះលើកដំបូង ជាមួយទំហំប្រាក់កម្ចី ៩០% និងរយៈពេលស ២០ឆ្នាំ ព្រមទាំង​ទទួល​បាន​ការ​បញ្ចុះតម្លៃពិសេសពីគម្រោងបុរី PR Property ផងដែរ។ សម្រាប់ព័ត៌មានលម្អិត អតិថិជន​អាច​ទាក់​ទងទូរស័ព្ទលេខ៖ 086 758 889 / 061 758 889 / 060 758 889 ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាដាក់ដំណើរការកម្មវិធីកំណត់អត្តសញ្ញាណប្រភេទឈើប្រើក្នុងវិស័យវាយនភណ្ឌ

2022/08/26 02:29:42 pm        725
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា រួមនឹងដៃគូអភិវឌ្ឍន៍ ឯកភាពសាកល្បងដាក់ដំណើរការកម្មវិធីកំណត់​អត្តសញ្ញាណប្រភេទឈើដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម ដូចជា​ការបោកគក់ និងការអ៊ុត​សំលៀកបំពាក់​ ក្នុង​ឧស្សាហកម្មរោងចក្រកាត់ដេរ និងវិស័យ​វាយនភណ្ឌ ដើម្បីជាប្រយោជន៍ចូលរួមការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិ។ កម្មវិធីថ្មីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឈ្មោះថា “WoodAI” ត្រូវបានប្រកាសដាក់ឱ្យដំណើរការ កាលពីរសៀលថ្ងៃទី២៥ ខែសីហា អាចកំណត់អត្តសញ្ញាណប្រភេទឈើបានរហ័ស និងអាចគាំទ្រ​ដល់​រោងចក្រកាត់ដេរ ក្នុងការដោះស្រាយបញ្ហាកង្វះព័ត៌មានជុំវិញប្រភពជីវម៉ាស​ដែល​ពួកគេ​ប្រើប្រាស់។ កម្មវិធីនេះ អាចកំណត់អត្តសញ្ញាណប្រភេទឈើដោយប្រើទូរស័ព្ទដៃទំនើប និងកញ្ចក់ម៉ាក្រូ នៅច្រក​ចូល​នៃរោងចក្រ​ដើម្បីជួយរោងចក្រ ក្នុងការត្រួតពិនិត្យមើលដោយធានាថាប្រភេទឈើដែលពួក​គេ​ប្រើ​សម្រាប់ផលិតជាថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម អនុលោមតាមគោលការណ៍យកឈើ​ពី​ចម្ការឈើដាំដូចជាស្វាយ ​និងស្វាយចន្ទីជាដើម និងធានាថាមិនរួមចំណែកដល់ការកាប់បំផ្លាញ​ព្រៃឈើធម្មជាតិ នោះឡើយ។ មានប្រសាសន៍ក្នុងពិធីដាក់ដំណើរការ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មាន​ប្រសាសន៍ថា កម្មវិធី WoodAI គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការដោះស្រាយកត្តាចម្បងៗ​មួយចំនួន​ដែលបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងថា ក្រសួង លើកទឹកចិត្តដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដទៃៗ​ទៀតអនុវត្តតាមគំរូនេះ ​និងចូលរួមក្នុងកិច្ចការពារ ​និងថែរក្សាធនធានព្រៃឈើធម្មជាតិ​ និងសត្វព្រៃ ដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់មនុស្ស និងធម្មជាតិ។លោក Christer Horn af Aminne នាយកក្រុមហ៊ុន H&M Group ប្រចាំប្រទេសកម្ពុជាបានគាំទ្រ​ចំពោះ​ការសាកល្បង​អនុវត្តបច្ចេកវិទ្យាថ្មីនេះនៅកម្ពុជា និង​ប្តេជ្ញា​ស្វែងរកនូវវិធីសាស្ត្រថ្មីៗដើម្បីគាំទ្រដល់​កិច្ចការ​របស់ខ្លួនជាមួយបណ្តាក្រុមអ្នក​ផ្គត់ផ្គង់ ​ដែលអាចជួយកាត់បន្ថយហេតុ​ប៉ះពាល់​អវិជ្ជមាន​លើ​ព្រៃឈើ​ធម្មជាតិរបស់កម្ពុជា​។សូមបញ្ជាក់ថា ក្រុមហ៊ុន H&M Group មានរោងចក្រជាសមាជិកប្រមាណ ៣០ក្រុមហ៊ុន​នៅកម្ពុជា​បានដាក់ឱ្យប្រើប្រាស់ប្រមាណ ​២ ខែមកហើយនូវបច្ចេកវិទ្យានេះ និង​អនុញ្ញាត​ប្រើប្រាស់​ឈើដាំ​ប្រមាណ ១០ ប្រភេទជាប្រភពថាមពលរបស់ខ្លួន រួមមាន៖​ ដើមអាកាស្យា ដើមស្វាយចន្ទី ដើមអំពិល ​ដើម កៅស៊ូ ដើមច្រេស ស្វាយ ត្រសេក អង្កាំជាដើម៕ អត្ថបទ៖ វណ្ណៈ 

ក្រុមហ៊ុនវិនិយោគជប៉ុន Minebea គ្រោងវិនិយោគលើថាមពលកកើតឡើងវិញអនុភាព៥០មេហ្គាវ៉ាត

2022/08/25 01:17:22 pm        680
ភ្នំពេញ៖ ក្រុមហ៊ុន Minebea របស់ប្រទេសជប៉ុន គ្រោងវិនិយោគថាមពលកកើតឡើងវិញ ក្នុង​គម្រោងផែនការ ៥០ មេហ្គាវ៉ាត់ មានទុនវិនិយោគចំនួន ៤៥ លានដុល្លារអាមេរិក សម្រាប់គាំទ្រ​ដល់ការវិនិយោគ ​និងគម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗរបស់ខ្លួននៅកម្ពុជា និងការផ្តល់ជូន​ទៅ​អគ្គិសនីកម្ពុជាសម្រាប់ធ្វើការចែកចាយ។លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី (Yoshihiro Sakanushi) នាយកគ្រប់គ្រងក្រុមហ៊ុន Minebea (Cambodia) Co., LTD. លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ​ថាក្រុមហ៊ុន Minebea ងាកទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយសារក្រុមហ៊ុន​ដែលជាដៃគូរដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុនToyota ជាដើម ដែល​ជា​ក្រុម​ហ៊ុន​គិតគូរ​ដល់ការ​អភិវឌ្ឍ​ប្រកប​ដោយនិរន្តរភាព។លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី បញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាពក្នុងការបង្កើតនូវថាមពលកកើត​ឡើង​វិញ ​ដោយថា​ មពលពន្លឺព្រះអាទិត្យ ដែលតម្រូវឱ្យមានទីតាំងមួយសម្រាប់ការដាក់ ​Sola Panel នេះ និងការបង្កើត Sola Farm មួយ ​ក្នុងគម្រោងបង្កើតថាមពលកម្រិត ៥០មេហ្កាវ៉ាត់ ដែលប្រើប្រាស់ទុន​វិនិយោគ​ប្រមាណ ​៤៥ លានដុល្លារអាមេរិក។គម្រោងនេះ គឺសម្រាប់គាំទ្រដល់ការវិនិយោគលើវិស័យផ្សេងៗ និងគាំទ្រទៅដល់ដៃគូរវិនិយោគ​របស់ខ្លួន ​និងដើម្បីចូលរួមចំណែកនៃការប្រើប្រាស់​ថាមពលស្អាតនៅកម្ពុជា ស្របតាម​អនុវត្ត​អនុសញ្ញា​ក្របខណ្ឌសហប្រជាជាតិ ​ស្តីពីកា​រប្រែប្រួល​អាកាសធាតុ ​ហើយក្នុងនោះចំពោះថាមពល​ដែល​នៅសេសសល់ ក្រុមហ៊ុននឹងការផ្តល់ជូនទៅអគ្គិសនីកម្ពុជាសម្រាប់ការចែកចាយ។ជាការឆ្លើយតប ​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល​ បានថ្លែងនូវការកោតសរសើរ និងការអភិវឌ្ឍ​រីកចម្រើនរបស់ក្រុមហ៊ុន Minebea ​ដែលសម្តេចតេជោ ​នាយករដ្ឋមន្រ្តី បានចាត់ទុក ក្រុមហ៊ុន Minebea ​ជាកូនដែលសម្តេចតេជោ បានបង្កើតឡើង។ទាក់ទងគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ​ដោយប្រើពន្លឺព្រះអាទិត្យ ឯកឧត្តម ប្រកាស​នូវការ​គាំទ្រជានិច្ច ឲ្យតែក្រុមហ៊ុន Minebea ​អនុវត្តតាមគោលការណ៍ច្បាប់បានត្រឹមត្រូវ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​​ ទាក់ទាញ​គម្រោង​វិនិយោគ​សំណង់​ ​មាន​តម្លៃ​១.២ ​ប៊ី​លាន​ដុល្លារ ​ក្នុង​រយៈពេល​៦​ខែ​

2022/08/25 01:10:35 pm        530
ភ្នំពេញ៖ ក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តគម្រោងវិនិយោគក្នុង​វិស័យ​សំណង់ប្រមាណ ២ពាន់គម្រោង ​ក្នុងទំហំទឹកប្រាក់ជាង ១ ២០០លានដុល្លារ ក្នុងឆមាសទី១​ ឆ្នាំ២០២២ ដែល​ឆ្លុះបញ្ចាំង​ទំនុកចិត្តរបស់អ្នកវិនិយោគលើសន្តិភាព សន្តិសុខ និងស្ថិរភាព​នយោបាយ​របស់ប្រទេស។មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ប្រមាណ ​២,០០០គម្រោង ជាមួយ​នឹង​ការវិនិយោគសរុបចំនួន ១.២ប៊ី លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំ​ ២០២២។ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម ​និងសំណង់ បាន​និយាយ​ក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងថៃ គឺជាអ្នកវិនិយោគធំជាង​គេ​នៅក្នុងវិស័យសំណង់ ​និងអចលនទ្រព្យរបស់កម្ពុជា។ឯកឧត្តម ចាត់ទុកថា ការបន្តកើនឡើងនៃតម្លៃនៃគម្រោង​សាងសង់​ដែលត្រូវបានអនុម័ត ទៅនឹង​ទំនុកចិត្តរបស់អ្នកវិនិយោគលើសន្តិភាព​ សន្តិសុខ ​និងស្ថិរភាពនយោបាយរបស់ប្រទេស។វិស័យសំណង់ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរ​ស្តម្ភទាំង​បួនដែលជួយដល់សេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា ក្នុងចំណោម វិស័យ​បី​ផ្សេង​ទៀត គឺ​ការ​នាំ​ចេញ​សំលៀកបំពាក់ ទេសចរណ៍ និង​កសិកម្ម។យោងតាម ​​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីឆ្នាំ ២០០០ ដល់ត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសំណង់ចំនួន៥៧ ៥៩០គម្រោង នៅទូទាំងប្រទេស ជាមួយនឹងទុនវិនិយោគសរុបចំនួន ៦៦.២ ប៊ីលានដុល្លារ៕អត្ថបទ៖ វណ្ណៈ

កម្មករកាត់ដេរ ចង់បានការដំឡើងប្រាក់ខែជាង២០០ដុល្លារ ដើម្បីទប់នឹងអតិផរណា និងចំណាយផ្សេងៗ

2022/08/25 12:43:28 pm        784
ភ្នំពេញ៖ កម្មករ កម្មការិនីវិស័យកាត់ដេរ បានសាទរទៅនឹងតួលេខប្រាក់ឈ្នួលដែលស្នើដំឡើង​ដោយភាគីសហជីប ២១ដុល្លារបន្ថែម សម្រាប់ប្រាក់ឈ្នួលអតិប្បរមាឆ្នាំ២០២៣ ដោយបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលនេះ នឹងឆ្លើយតបនិងការកើនឡើងនៃអតិផរណាតម្លៃមុខទំនិញ ចំណាយផ្សេងៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករកម្មការិនីរោងចក្រ។កម្មករ កម្មការិនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ ខ្វាន់ទុម ខ្លូស៊ីង (ខេមបូឌា) ​លីមីធីត ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែន រាជធានីភ្នំពេញ បានលើកឡើងថា ការទាម​ទារចង់បានប្រាក់ឈ្នួលកើនដល់ជាង​ ២០០ដុល្លារ ក្នុង១ខែ ដើម្បីទប់ទល់នឹងការ​ចំណាយប្រចាំថ្ងៃ និងទំនិញគ្រប់ប្រភេទឡើងថ្លៃដូចគ្នា ​ដែលធ្វើឲ្យការចាយវាយរបស់ពួកគាត់ត្រូវត្បិតត្បៀត។ពួកគាត់ បានលើកឡើងស្រដៀងគ្នាទៀតថា ប្រាក់ឈ្នួលអប្បបរមា យ៉ាងហោច​ណាស់ក៏គួរកើន​លើស​ជាង ២០០ដុល្លារដែរ ដើម្បីឲ្យងាយស្រួល​ផ្គត់ផ្គង់​ក្នុងការចំណាយនានា និងគ្រាន់​សល់​ប្រាក់កាក់ខ្លះ​ ដើម្បីដោះបំណុល និងផ្ញើរទៅ​សាច់ញាតិ​រស់នៅស្រុកកំណើត។ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី២​ នៅរសៀលថ្ងៃទី២៤ សីហា ឆ្នាំ២០២២ គីសហជីពស្នើដំឡើងចំនួន ២១ដុល្លារ ។ ​លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ​សហជីព​ចលនា​កម្មករកម្ពុជា បានលើកឡើងថា ​ឆ្លងកាត់ការពិភាក្សា និងប្រជុំផ្ទៃរបស់ក្រុមសហជីព បាន​សម្រេចឯកភាពគ្នាទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតចំនួន ​២១៥ដុល្លារ ដោយយោងទៅកត្តាអតិផរណា កត្តាផលិតភាព និង​កត្តា​ប្រាក់ចំណេញថ្នាក់វិស័យក៏កើន​ឡើង​ដូចគ្នា ។ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ ​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ចំនួន ​៦ ​ដង​ទៀត ដើម្បី​ពិភាក្សា​ទៅលើ​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ ​ដោយបាន​កំណត់​យក​ថ្ងៃទី​ ២៣ ខែកញ្ញា ​ជា​ថ្ងៃ​កំណត់​ចុងក្រោយ ដែល​ត្រូវ​ប្រកាស​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​កាត់ដេរ ​សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០២៣​។​ ក្នុងឆ្នាំ២០២២នេះ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួន ​១៩៤ ដុល្លារអាម៉េរិក។ បូកទាំងប្រាក់ឈ្នួលអប្បបរមា ​ប្រាក់ថែមម៉ោងការងារ និងប្រាក់​ឧបត្ថម្ភផ្សេងៗ​ទៀត ​កម្មករនិយោជិតម្នាក់ ​អាចទទួលប្រាក់ខែចន្លោះ ​២៥០ ទៅ ៣០០ដុល្លារ ​នៅក្នុងមួយខែ៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-ចិនពិភាក្សា​គ្នា​​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្មច្រើនថែមទៀត​​ទៅ​ប្រទេស​ចិន​

2022/08/24 01:48:32 pm        798
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បាន​ជួប​ពិភាក្សា​គ្នា​ ដើម្បី​ស្វែង​យល់​​ពី​កាលានុ​វត្ត​ភាព និង​បញ្ហា​ប្រឈម​នានា​​ក្នុង​វិស័យ​កសិកម្ម​​កម្ពុជា ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​ឱ្យ​បាន​កាន់​តែ​ច្រើនថែម​ទៀត​​​។នេះជាការលើកឡើង ក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តម ប៊ុន ចន្ធី អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម និង​​​លោក ZHANG Lubiao អគ្គ​នាយក​នៃ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ក្រៅ​ប្រទេស​នៃ​ក្រសួង​កសិកម្ម និង​កិច្ច​ការ​ជន​បទ​ចិន នៅ​ថ្ងៃទី​ ២២ ខែ​សីហា នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជ​កម្ម ។យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ​ចំណុច​សំខាន់​ៗ​ចំនួន ៣ ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុង​ពេល​នោះ​​រួម​មាន ការ​សិក្សា​​បន្ថែម​អំពី​ស្ថាន​ភាព​នៃ​ពាណិជ្ជ​កម្ម​នាំ​ចេញ-​ចូល ផលិត​ផល​កសិកម្ម និង​ទីផ្សារ​ផលិត​ផល​កសិ​កម្ម​ក្នុងស្រុក, ការ​សិក្សា​បន្ថែម​អំពី​គោល​នយោបាយ​ និង​ផែនការ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម, និង​ការ​ប្រឹក្សា​យោបល់​នានា​លើ​គម្រោង​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​ផែនការ​ទំនើប​កម្ម​វិស័យ​កសិកម្ម​កម្ពុជា-​ចិន​ឱ្យ​ចំ​គោលដៅ សំដៅ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ និង​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​ប្រទេស​ចិន​។ឯកឧត្តម ប៊ុន ចន្ធី បាន​លើក​ឡើង​ថា សេដ្ឋកិច្ច និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​លក្ខណៈ​អន្តរ​ជាតិ​របស់​កម្ពុជា ​កំពុង​មាន​ដំណើរ​ការ​ល្អ​ជា​លំដាប់​ ហើយ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ក៏​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ​។ បច្ចុប្បន្ន​កម្ពុជា​មាន​ផលិត​ផល​កសិកម្ម​សក្ដានុពល​ជា​ច្រើន​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​​​ចិន ​មាន​ដូចជាចេក​ ស្វាយ អង្ករ ពោត ដំឡូងមី និងស្វាយចន្ទី ជាដើម​។លោក ZHANG Lubiao បាន​និយាយ​ថា គោល​បំណង​នៃ​ដំណើរ​បេសកកម្ម​របស់​លោក​ គឺ​ផ្តោត​សំខាន់​លើ​ការ​ស្វែង​យល់​បន្ថែម​អំពី​កាលានុវត្ត​ភាព ​និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ផែនការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម​កម្ពុជា-​ចិន ​ក៏​ដូចជា​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ​និង​ប្រទេស​ចិន។លោក​ បន្ថែម​ទៀត​ថា ដើម្បី​ជំរុញ​ឱ្យ​សកម្ម​ភាព​ពាណិជ្ជកម្ម​កម្ពុជា-​ចិន ​កាន់​តែ​ល្អ​បន្ថែម​ទៀត កម្ពុជា​គួរ​ពិចារណា​ចំពោះ​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​សម្រាប់​វិស័យ​កសិកម្ម, ការ​រៀបចំ​ឱ្យ​មាន​ក្រុម​ការងារ​ប្រចាំ​នៅ​ស្ថាន​ទូត​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ជា​មួយ​ភាគី​ចិន​បាន​ទាន់​ពេល​វេលា, ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ និង​ការ​បង្កើត​ឱ្យ​មាន​តំបន់​អនុ​គ្រោះ​ពន្ធ​ជាដើម។ ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ដឹង​ថា​ ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-ចិន ​ក្នុង​រយៈ​ពេល ៧ ​ខែ​ដំបូង ឆ្នាំ ​២០២២ មាន​ទឹក​ប្រាក់​សរុប ​៦ ៩៧១ ​​លាន​ដុល្លារ​ កើន​ឡើង​ ១៥.៥​ ភាគរយ​បើ​ធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១​។ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទំនិញ​ក្នុង​ទឹក​ប្រាក់ ​៧០១​,១៩​ លាន​ដុល្លារ ធ្លាក់​ចុះ ១៥ ​ភាគ​រយ និង​ការ​នាំ​ទំនិញ​ពី​ចិន​មក​កម្ពុជា​ មាន​ទឹក​ប្រាក់​ ៦ ២៧០ ​លាន​ដុល្លារ កើន​ឡើង ២០.៤ ភាគរយ​៕ អត្ថបទ៖ វណ្ណៈ

ក្រសួងការងារបន្តកិច្ចប្រជុំជាលើកទី២ ដើម្បីពិភាក្សាលើប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣

2022/08/24 01:07:30 pm        810
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី២ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាស្វែងរកយន្តការឯកភាពមួយ ដែលនឹងលើកយកទៅពិភាក្សាគ្នានៅពេលក្រោយទៀត។កិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ ​ នៅថ្ងៃនេះ ដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដោយមានការចូលរួមជាត្រីភាគី (មួយក្រុមមាន១៧នាក់) រួមមាន ​ភាគីរដ្ឋាភិបាល ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក។សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៧ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យ​ឧស្សាហកម្ម​កាត់ដេរ​មានចំនួន ៤៥ដុល្លារអាម៉េរិក​ និងកើនឡើងជាបន្តបន្ទាប់រហូតដល់ចំនួន ១៩៤ដុល្លារ​អាម៉េរិក ក្នុងមួយខែ នៅក្នុងឆ្នាំ ២០២១។ គិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា​ ប្រាក់ថែមម៉ោងការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត កម្មករនិយោជិតក្នុងមួយនាក់ អាចទទួលប្រាក់ខែចន្លោះ​ ២៥០ទៅ៣០០ដុល្លារ ឬឈាន​ដល់៣៥០ដុល្លារ ​នៅក្នុងមួយខែៗ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ បច្ចុប្បន្ន កម្ពុជា ​មានសហគ្រាស គ្រឹះស្ថាន​ វិស័យកាត់ដេរ ​និងផលិតស្បែកជើងចំនួន ​១ ១៨២ ដែលស្មើនឹងកម្មករនិយោជិត​សរុប​ចំនួនជាង ៨៣ម៉ឺននាក់៕អត្ថបទ បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM