ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

សេដ្ឋកិច្ច និង កសិកម្ម

គយ និងរដ្ឋាករប្រមូលចំណូលសម្រេចបានសម្រេចបានជាង ៥០% នៃផែនការច្បាប់

2022/08/04 12:06:25 pm        422
ភ្នំពេញ៖ គយ និងរដ្ឋាករ នៅក្នុងឆមាសទី១នេះ ប្រមូលចំណូលសម្រេចបានសម្រេចបានជាង ៥០% នៃផែនការច្បាប់ ឆ្លុះបញ្ជាំងពីតម្រូវប្រើប្រាស់ ក្នុងស្រុក​និង​សកម្មភាពសេដ្ឋកិច្ចងើបឡើងវិញ​ពីវិបត្តិកូវីដ១៩។របាយការណ៍ចំណូលនេះ ត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែសីហា ក្រោមវត្តមានរបស់ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ នេះគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ៥ ២៥៩ ប៊ីលានរៀល ស្មើជាង ១ ២៩៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុង ឆមាសទី១ ឆ្នាំ២០២១, ដោយលទ្ធផលនេះ គឺសម្រេចបាន ៥០,២%​នៃផែនការដែលកំណត់​ដោយ​ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ដោយឡែកទំហំនៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ ២០២២នេះវិញ, ការនាំចេញផលិតផលកាត់ដេរ មានចំនួនជិត ៦ ៥៦២ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១ ៨៤០ លានដុល្លារអាមេរិក ស្មើនឹង ៣៩%, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែក​អេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត ​និងផលិតផល​ឧស្សាហកម្ម​ផ្សេងៗទៀត)​ មានចំនួនជាង ២ ៦៥៩ ​លានដុល្លារអាមេរិក ​កើនឡើងជាង ៧៥៩ លានដុល្លារ​អាមេរិក ស្មើនឹង ៤០%។ ​ចំណែកការនាំចេញកសិផលមាន​ចំនួន ១ ៧៤១ លាន​ដុល្លារអាមេរិក កើនឡើងជាង ១៦០ លានដុល្លារអាមេរិក ស្មើជាង ១០%៕ អត្ថបទ៖ សុន រ៉ាឌី

អូស៊ីអាយស៊ី និង EAKON សហការគ្នាជំរុញការលក់រាយនៅកម្ពុជា

2022/08/03 02:42:46 pm        833
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគទុន​អាណិកជន​កម្ពុជា អូស៊ីអាយស៊ី (OCIC) កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានចុះអនុស្សារណៈជាមួយគ្នា ក្រុមហ៊ុន EAKON គ្រុប របស់ប្រទេសម៉ាឡេស៊ី ដើម្បីជំរុញទៅលើវិស័យលក់រាយនៅកម្ពុជា។ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពជាសាក្សីរបស់ ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា និងអ្នកឧកញ៉ា ឆាល វ៉ាន់ (Charles Vann) អនុប្រធានប្រតិបត្តិ នៃក្រុមហ៊ុន កាណាឌីយា ដែលធ្វើឡើងរវាងលោកស្រី លឹម លីជិន តំណាងឲ្យក្រុមហ៊ុន អូស៊ីអាយស៊ី និងលោក Dato Sri Ricky Yaw តំណាងឲ្យក្រុមហ៊ុន Eakon គ្រុប ក្នុងគោលបំណងចែករំលែកព័ត៌មានលម្អិត និងសំខាន់ៗដូចជា៖ វិសាលភាពការងារ និងការប្ដេជ្ញាចិត្តក្នុងការសហការនៃការធ្វើអាជីវកម្ម។តាមការលើកឡើងរបស់លោកតំណាងឲ្យក្រុមហ៊ុន Eakon គ្រុប បានឲ្យដឹងថា Eakon នឹង​ធ្វើការ​ចែករំលែកចំណេះដឹង និងជំនាញដែលមានក្នុងវិស័យជាច្រើនដូចជា វិស្វកម្ម ស្ថាបត្យកម្ម សំណង់ និងបច្ចេកទេសជាដើម ទៅកាន់ដៃគូ អូស៊ីអាយស៊ី ក៏ដូចជា ដើម្បីជួយពង្រឹងប្រភព​ចំណូលអ្នកជួល និងវិនិយោគិនអន្តរជាតិ ទៅលើគម្រោង Elysee ដើម្បីអភិវឌ្ឍអចលនទ្រព្យ ឲ្យដូចលំដាប់ពិភព​លោក ដែលនឹងបង្ករបង្កើនជីវភាពរស់នៅ​ និងអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ។លោក បានបន្តថា ដោយមានការច្នៃប្រឌិតដូចទៅនឹងទីក្រុង Champs Elysees ក្នុងទីក្រុងប៉ារីស The Elysee គឺជាការអភិវឌ្ឍទីក្រុងមួយ ក្នុងចំណោមការអភិវឌ្ឍទីក្រុងទាំងអស់របស់ អូស៊ីអាយស៊ី នៅ​រាជធានីភ្នំពេញ ដែលនាំមកនូវវប្បធម៌ដ៏ល្បីល្បាញ​មកពីប៉ែកអឺរ៉ុប ​ភាគពាយ័ព្យ មកកសាង​នៅក្នុងប្រទេសកម្ពុជា។លោក បានអះអាងទៀតថា នឹងទាក់ទាញវិនិយោគិនម៉ាឡេស៊ី ឲ្យកាន់ច្រើនជាងនេះ ដើម្បីវិនិយោគ​លើគម្រោងផ្សេងៗទៀតនៅកម្ពុជា ជាពិសេស ដូចដែលឃើញស្រាប់ហើយថា កម្ពុជាបាន​នឹងកំពុងតែមានអ្នកវិនិយោគអន្ដរជាតិកើនឡើងយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជួបប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ១៩យ៉ាណាក៏ដោយ។ តាមរយៈភាពជាដៃគូនេះ យើងនឹងទន្ទឹងរង់ចាំទទួលយកនូវអត្ថប្រយោជន៍ជាច្រើន នៃឱកាសវិនិយោគនៅកម្ពុជាតាមរយៈ អូស៊ីអាយស៊ី។សូមបញ្ជាក់ថា អូស៊ីអាយស៊ី គឺជាក្រុមហ៊ុនសាជីវកម្មធំជាងគេបំផុតនៅកម្ពុជា ដែលក្រៅពីវិស័យ​ពាណិជ្ជកម្មផ្សេងៗ ​ក្រុមហ៊ុនក៏ធ្វើការទៅលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋា​រចនា​សម្ព័ន្ធខ្នាតធំ ជាពិសេសក៏មានវិស័យអាកាសចរណ៍ វិទ្យាស្ថានអប់រំ និងគំរោងធំផ្សេងទៀតផងដែរ។ ដោយឡែក EKG Development Sdn Bhd គឺជាគំរោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុន Eakon គ្រុប និងជាក្រុមហ៊ុនរបស់ម៉ាឡេស៊ី ​ដែលមានជំនាញខាងសេវាកម្មមេកានិច អគ្គិសនី និង​សេវាកម្មសំអាត សម្រាប់គម្រោងពាណិជ្ជកម្ម ​លំនៅដ្ឋានធំៗ ​និងគ្រឹះស្ថានអប់រំជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី

កាតព្វកិច្ចទិញធានារ៉ាប់រងយានយន្ត ជាការពង្រីកប្រព័ន្ធការពារសុវត្ថិភាពសង្គម

2022/08/03 01:02:14 pm        648
ភ្នំពេញ៖ ការកំណត់កាតព្វកិច្ចទិញធានារ៉ាប់រងសម្រាប់យានយន្តឯកជន ជាការជួយសម្រួលឱ្យចេះ​សន្សំលុយ ក្នុងបង់ថ្លៃទិញធានារ៉ាប់រង ​ដើម្បីដោះស្រាយនៅពេលគ្រោះថ្នាក់កើតឡើង និងជាការពង្រីក​ប្រព័ន្ធសំណាញ់ការពារសុវត្ថិភាពសង្គម ​ឱ្យដើរទន្ទឹមគ្នា នឹងប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា នៃសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្លែងលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន​ ស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ ២០១៧-២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះថា រាជរដ្ឋាភិបាល​មាន​ច្បាប់ដែលត្រូវអនុវត្តតាំងពីឆ្នាំ២០១៤ មកម្ល៉េះ ​ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ត្រូវការពេលវេលាសិក្សាទៅលើយានយន្ត ។ឯកឧត្តម បញ្ជាក់ថា ការកំណត់កាតព្វកិច្ចទិញធានារ៉ាប់រងសម្រាប់យានយន្តឯកជន ទៅជា​បន្ទុកនោះ គឺវាមិនមែនដូច្នោះនោះឡើយ ​ដែលបញ្ហានេះ វាជាការជួយដោះស្រាយពេលមាន​គ្រោះថ្នាក់ ដូច្នេះមហាជនគួរកុំមានការយល់ច្រឡំ ។ សូមបញ្ជាក់ថា៖ នាថ្មីៗកន្លងទៅនេះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានថ្លែងលើកឡើងថា ​ដើម្បីលើកកម្ពស់វិស័យធានារ៉ាប់រងឱ្យកាន់តែរីក​ចម្រើន​បន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា ​គ្រោងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងជាកាតព្វកិច្ច ដែល​វាជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង ​និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ​ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះសម្រាប់ផលប្រយោជន៍នៃការដាក់ឱ្យដំណើរការ​ការធានារ៉ាប់រងយានយន្តឯកជន ​ជាកាតព្វកិច្ចនេះ​ នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសំណាញ់ការពារសុវត្ថិភាព​សង្គមឱ្យដើរទន្ទឹមគ្នា នឹងប្រព័ន្ធគាំពារ​សង្គមរបស់​រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញផលិតសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ កើនឡើង៤០ភាគរយ ក្នុងឆមាសទី១

2022/08/03 11:52:10 am        549
ភ្នំពេញ៖ ការនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា​ បានកើនឡើង​ប្រមាណ៤០ភាគរយ ក្នុងឆមាសទី១ ​ឆ្នាំ២០២២នេះ។ ​កំណើននេះ​ ឆ្លុះបញ្ចាំង​ពី​តម្រូវការផលិតផល ​ផលិតនៅកម្ពុជា ​លើទីផ្សារអន្តរជាតិ បើទោះបីពិភពលោកនៅបន្តរង​ផល​ប៉ះពាល់​ដោយសារជំងឺកូវីដ១៩។យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បាននាំចេញមានកំណើន៤០ ភាគរយនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ធៀបនឹងឆមាសទី១ឆ្នាំមុន។របាយការណ៍ដដែល បានបង្ហាញថា ប្រទេសកម្ពុជា ​បាននាំចេញផលិតផលកាត់ដេរ​សំលៀកបំពាក់ ស្បែកជើង​ និងផលិតផលធ្វើដំណើរមានតម្លៃសរុប ៦.៦ ប៊ីលានដុល្លារអាមេរិក ក្នុងអំឡុងខែមករា​ដល់​ខែមិថុនាឆ្នាំនេះ កើនឡើង ពី​ ៤.៧២ ប៊ីលានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានចាត់ទុក​កំណើននៃការនាំចេញទំនិញជាទូទៅរបស់កម្ពុជា ដោយសារតែការចាប់ផ្តើមឡើងវិញ​ពេញលេញ​នៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ​ការអនុគ្រោះពាណិជ្ជកម្ម និងការកើនឡើងនៃ​តម្រូវ​ការសកល។ឯកឧត្តម លើកឡើងកាលពីពេលថ្មីៗនេះថា​ កំណើននៃការនាំចេញរបស់កម្ពុជា នឹងបន្តកើនឡើង​ពេញមួយឆ្នាំពេញ ​ដោយសារការថមថយនៃជំងឺរាតត្បាត ជាពិសេសការអនុវត្តពេញលេញ​នូវ​កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់​ និងទ្វេភាគី។ឧស្សាហកម្មកាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ រួមចំណែកធំជាងគេ​នៃការរក​ចំណូលសម្រាប់កម្ពុជា។ វិស័យនេះ​មានរោងចក្រ និងសាខាប្រហែល ១,១០០ ដែលមានបុគ្គលិក​ប្រមាណ ៧៥០,០០០ នាក់ ដែលភាគច្រើនជាស្ត្រី។ធនាគារជាតិនៃកម្ពុជា ទើបតែបានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ​សម្រេចបានក្នុងរង្វង់៥.៣ភាគរយ ក្នុងឆ្នាំ២០២២នេះ​ដោយ​សារការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក និងការវិលទៅរកភាប្រក្រតី​ឡើងវិញ​នៃ​សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ធនាគារជាតិនៃកម្ពុជា លើកឡើងថា ​កំណើនសេដ្ឋកិច្ចនេះ បន្តគាំទ្រដោយវិស័យចម្បងៗ រួមមាន វិស័យកាត់ដេរ​ ដែលមានចំណែកធំជាងគេក្នុងវិស័យឧស្សាហកម្មកម្ពុជា​ វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជានាំចូលប្រេង និងផលិតផលប្រេង មានតម្លៃសរុប ជិត២ប៊ីលានដុល្លារ ក្នុងឆមាសទី១

2022/08/03 11:47:05 am        534
ភ្នំពេញ៖ តម្លៃនៃការនាំចូលប្រេង និងផលិតផលប្រេងរបស់កម្ពុជា បានកើនឡើងខ្លាំង ក្នុង​ឆមាសទី១ឆ្នាំនេះ បន្ទាប់ពីតម្លៃប្រេងបានកើនឡើងខ្ពស់ ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន​បានផ្ទុះឡើងកាលពីខែកុម្ភៈ។របាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ប្រទេស​កម្ពុជា​បាននាំចូលផលិតផលប្រេងមានតម្លៃ ១.៩១ប៊ីលានលានដុល្លារអាមេរិក នៅក្នុង​ឆមាស​ទីមួយ​នៃឆ្នាំ២០២២ កើនឡើង២៥ ភាគរយពី ១.៥២ប៊ីលានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។កម្ពុជា មិនមែនជាប្រទេសផលិតប្រេងទេ ​ប៉ុន្តែពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង ​ពីក្រៅប្រទេស ប៉ុណ្ណោះ ដោយសារស្តុកបម្រុងប្រេង ​និងឧស្ម័ននៅបាតសមុទ្រ នៅមិនទាន់ត្រូវបានទាញយក​នៅ​ឡើយ។អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេន បាននិយាយក្នុងសន្និសីទសារ​ព័ត៌មាន​នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ​កាលពីថ្ងៃអង្គារថា តម្លៃ​ប្រេងឥន្ធនៈអន្តរជាតិ​បាន​កើនឡើងចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ។ឯកឧត្តម ​បាន​ថ្លែងថា កម្ពជា​មិន​មែន​ជា​អ្នក​ផលិត​ប្រេង​ទេ ប៉ុន្តែ​ជា​អ្នក​នាំ​ចូល ដូច្នេះ​តម្លៃ​ប្រេង​ប្រែប្រួល​ទៅ​តាម​ទីផ្សារ​អន្តរជាតិ។តារាង​តម្លៃ​ប្រេង​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ​សាំង​ធម្មតា​តម្លៃ ៤ ៧៥០ រៀល ក្នុង​មួយ​លីត្រ​កាលពី​ថ្ងៃ​អង្គារ ខណៈ​ប្រេងម៉ាស៊ូត​តម្លៃ ៥ ១៥០ រៀល ។យោង​តាមកំណត់ត្រា តម្លៃ​ប្រេងសាំង​ធម្មតា និង​ម៉ាស៊ូត​បាន​កើនឡើង ៥,៥ ភាគរយ និង ២១ ភាគរយ​រៀងគ្នា បើ​ធៀប​នឹង​តម្លៃ​នៅ​ដើមខែ​កុម្ភៈ​។រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ​ឯកឧត្តម ស៊ុយ សែម ​បានលើកឡើងកាលពីសប្តាហ៍មុនថា តម្រូវការ​ផលិតផលប្រេងនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ​៤,៨ ​លានតោនក្នុងឆ្នាំ ​២០៣០ កើនឡើងពី ២,៨ ​លានតោនក្នុងឆ្នាំ ២០២០។ឯកឧត្តម បានជំរុញ​ការ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​វិស័យ​នេះ​ ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​នេះ​​៕ អត្ថបទ៖​ វណ្ណៈ

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តសម្រេចបានក្នុងរង្វង់ ៥.៣ ភាគរយ ក្នុងឆ្នាំ២០២២នេះ

2022/08/02 03:35:33 pm        1047
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា បន្តកើនឡើង ក្នុងរង្វង់៥.៣ភាគរយក្នុងឆ្នាំ២០២២នេះ ​ដោយសារការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក និងការវិលទៅរកភាពប្រក្រតីឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។នៅក្នុងរបាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ចេញផ្សាយកាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា លើកឡើងថា កំណើនសេដ្ឋកិច្ចនេះ បន្តគាំទ្រដោយវិស័យចម្បងៗ រួមមាន វិស័យកាត់ដេរ ដែលមានចំណែកធំជាងគេក្នុងវិស័យឧស្សាហកម្មកម្ពុជា វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់។នៅឆមាសទី១ឆ្នាំ២០២២នេះ សេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើង ដោយសារភាព​ធូរស្រាល​នៃវិបត្តិកូវីដ១៩​ ដែលអំណោយផលដល់ដំណើរការផលិតកម្ម ​ពាណិជ្ជកម្ម ​ទេសចរណ៍ និង​ការ​វិនិយោគ។ ប៉ុន្តែកំណើនសេដ្ឋកិច្ចមានល្បឿនយឺតជាងការរំពឹងទុក និងខុសគ្នាទៅតាម​តំបន់​ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ​និងការចាប់ផ្តើមដកចេញនូវនយោបាយរូបិយវត្ថុ និង​សារពើពន្ធវិត្ថារកម្ម ជាពិសេសក្នុងប្រទេសអភិវឌ្ឍន៍។ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ​មានប្រសាសន៍ថា នៅកម្ពុជា ការចាត់​វិធាន​ការបង្ការជំងឺកូវីដ១៩ ​ប្រកបដោយប្រសិទ្ធភាព ​ជាពិសេសការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំ​របស់​ប្រជាជនបានរហូតដល់ជាង​ ៩៤ភាគរយនៃចំនួនប្រជាជនសរុប បានធ្វើឱ្យស្ថានភាព​ជំងឺ​កូវីដ១៩ ​មានភាពធូរស្រាល ​ហើយរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញ​ដោយដកចេញ​នូវវិធានការសុខាភិបាលនានាចំពោះភ្ញៀវទេសចរបរទេសចូលមកកម្ពុជា។ឯកឧត្តម ជា ចាន់តូ ថ្លែងថា៖ កត្តាអំណោយក្នុងស្រុក គួបផ្សំនឹងការងើបឡើងនៃសេដ្ឋកិច្ចពិភព​លោក បានជំរុញការនាំចេញ​ផលិតផល​កម្មន្តសាល ​និងគាំទ្រ​ដល់សកម្មភាពក្នុងវិស័យ​សំណង់ និងអចលនទ្រព្យ។សូមបញ្ជាក់ថា​ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ ត្រូវប៉ាន់ស្មានថា​ សម្រេចបាន ក្នុងរង្វង់ ៣ភាគរយ​ ដែលសាររាជរដ្ឋាភិបាល ​សម្រេច​បានប្រទេស ​ និង​សកម្មភាពសង្គម​ សេដ្ឋកិច្ច ឡើងវិញ កាលពីខែវិច្ឆិកាឆ្នាំ២០២១ ៕ អត្ថបទ៖ វណ្ណៈ

កម្ពុជានាំចេញកសិកផលទៅទីផ្សារប្រទេសចិន ប្រមាណ២.៤លានតោន មានតម្លៃជិត ២ប៊ីលានដុល្លារ

2022/08/02 02:18:31 pm        688
ភ្នំពេញ៖ ចាប់ពីឆ្នាំ២០១៩មក កម្ពុជាបាននាំចេញកសិផលទៅទីផ្សារចិនប្រមាណ ២,៤លានតោន ដែលមានតម្លៃជិត ២ពាន់លានដុល្លារ ហើយអង្ករ ត្រូវបាននាំចេញច្រើនជាងគេ។យោងតាមទិន្ន័យចេញផ្សាយដោយស្ថានទូតចិនប្រចាំកម្ពុជា ចាប់ពីឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២២ កម្ពុជា បាននាំចេញកសិផលសរុប ២,៤ លានតោនទៅប្រទេសចិន ដែលមានទឹក​ប្រាក់​ស្មើនឹង ១ ៩៤២លានដុល្លារ។ កសិផលទាំងនោះរួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។បច្ចុប្បន្ន កម្ពុជា​ សម្រេចបានការនាំចេញផលិតផលកសិកម្មចំនួន ៣៥ មុខ ទៅកាន់ទីផ្សារចិន ខណៈត្រីប្រា មៀនប៉ៃលិន ទុរេន ម្រេច ដូងក្រអូប និងទឹកមាត់ត្រចៀកកាំ ជាគោលដៅ​នាំចេញបន្ទាប់។ជាមួយគ្នានេះ កម្ពុជា និងចិន បានផ្ដួចផ្ដើមបង្កើតឱ្យមាន «ខ្សែក្រវាត់ និងផ្លូវ» ដែលអាចផ្ដល់​ប្រយោជន៍​បន្ថែមដល់វិស័យកសិកម្មកម្ពុជា ​ជាពិសេសជួយដល់ដំណាំស្រូវ ​ដំឡូងមី ផ្លែឈើ​តំបន់​ត្រូពិច និងជ័រកៅស៊ូជាដើម។ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានលើកឡើងថា គំនិត​ផ្ដួចផ្ដើម «ខ្សែក្រវាត់ ​និងផ្លូវ»របស់ប្រទេសចិន​ បានជួយបង្កើនតម្លៃបន្ថែមដល់​កសិផល តាម​រយៈការបង្កើតតំបន់ឧទ្យានកែច្នៃផលិតផលកសិកម្ម ការលើកកម្ពស់បច្ចេកវិទ្យាកសិផល កសាង​ហេដ្ឋារចនាសម្ព័ន្ធ ​និងដោះស្រាយបញ្ហាប្រភពហិរញ្ញវត្ថុ ​តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី​រវាង​កម្ពុជា និងចិន។បើតាមតួលេខរបស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ​នៅឆមាសទី១ ​ឆ្នាំ២០២២នេះ ទំហំ​ពាណិជ្ជកម្មរវាងកម្ពុជា ​និងចិនឈានដល់ ៥ ៩៨៥ លានដុល្លារ ​កើនឡើង ១៩ភាគរយ ធៀប​នឹងរយៈពេលដូច គ្នាឆ្នាំ២០២១៕ អត្ថបទ៖ វណ្ណៈ 

វិស័យធនាគារកម្ពុជា ទទួលបានកំណើនដ៏រឹងមាំនៅក្នុងឆមាសទី១ ឆ្នាំ២០២២

2022/08/01 01:45:30 pm        862
ភ្នំពេញ៖ វិស័យធនាគារកម្ពុជា ទទួលបានកំណើនដ៏រឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ជើ ក្នុង​ឆមាសទី១ ឆ្នាំ២០២២នេះ​ដែល​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ពីទំនុកចិត្តរបស់សាធារណជន​ចំពោះប្រព័ន្ធ​ធនាគារនៅក្នុងប្រទេស។យោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ឆ្នាំ២០២២ ចេញផ្សាយ​កាលពីពេលថ្មីៗនេះ ឧស្សាហកម្មធនាគាររបស់កម្ពុជាទទួលបាន​កំណើនដ៏រឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើក្នុងឆមាសទី១ ឆ្នាំ២០២២។ របាយការណ៍ បានបង្ហាញថា ប្រាក់កម្ចីបានកើនឡើង ២៣.៤ ភាគរយ ដល់ ៥១.៥ ប៊ីលានដុល្លារ​អាមេរិក គិតត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែល​ប្រាក់បញ្ញើ​របស់​អតិថិជនបានកើនឡើង ១៦ ភាគរយ ដល់ ៤២ប៊ីលានដុល្លារអាមេរិក។ប្រាក់កម្ចីនេះ ត្រូវបានផ្តល់ទៅឱ្យវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម លំនៅឋាន សំណង់ កសិកម្ម សណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យផលិតកម្ម ក្នុងចំណោមប្រាក់កម្ចីផ្សេងទៀត។នេះបើយោងតាមរបាយការណ៍ ដោយបន្ថែមថា​ ឥណទានមិនដំណើរការ​ នៅធនាគារ និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចគ្រប់គ្រងបាន អត្រា ២.៩ ភាគរយ និង ២.៣ រៀងគ្នា។របាយការណ៍​ បានបញ្ជាក់ថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារនៅប្រទេសកម្ពុជា ​បានកើនឡើងដល់ ៧៥ .២ ប៊ីលានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ កើនឡើង ១៧.២ ភាគរយធៀបនឹង​រយៈពេល​ដូចគ្នាកាល​ពីឆ្នាំមុន។នៅក្នុងរបាយការណ៍ខាងលើនេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មាន​ប្រសាសន៍ថា កំណើនទាំងប្រាក់កម្ចី ​និងប្រាក់បញ្ញើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តរបស់​សាធារណជនចំពោះប្រព័ន្ធធនាគាររបស់ប្រទេស។ឯកឧត្តម បានបន្ថែមថា ​កំណើនដ៏រឹងមាំនេះ​ ក៏បង្ហាញឱ្យឃើញផងដែរថា សកម្មភាព​សេដ្ឋកិច្ចសង្គម​ទាំងអស់ត្រូវបានដំណើរការឡើងវិញទាំងស្រុង បន្ទាប់ពីប្រជាជនភាគច្រើននៃចំនួន ១៦ លាននាក់ បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩ ។ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា ភាពរឹងមាំនៃប្រព័ន្ធធនាគារនេះបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​ស្រូបយកការប៉ះទង្គិចមួយផ្នែកនៃវិបត្តិមកលើសេដ្ឋកិច្ចជាតិ ​និងរួមចំណែកទ្រទ្រង់​សកម្មភាព​អាជីវកម្ម ការវិនិយោគ និងការប្រើប្រាស់៕ អត្ថបទ៖ វណ្ណៈ  

ចាប់ពីថ្ងៃទី១-១០ខែសីហា សាំងធម្មតាត្រូវលក់ ៤.៧៥០រៀល/លីត្រ (ចុះ៥០រៀល) និងម៉ាស៊ូត ៥.១៥០រៀល/លីត្រ (ចុះ ១៥០រៀល)

2022/08/01 01:06:47 pm        857
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៧៥០រៀល/លីត្រ (ចុះ ៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.១៥០រៀល/លីត្រ (ចុះ ១៥០រៀល)។

ខេត្តព្រះសីហនុ នឹងទទួលបានកំណើនភ្ញៀវទេសចរល្អប្រសើរនៅឆ្នាំក្រោយ

2022/08/01 12:38:03 pm        605
ព្រះសីហនុ៖ ចំនួនភ្ញៀវទេសចរណ៍ជាតិ ជាពិសេសអន្តរជាតិដែលធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ តាមជើងហោះហើរដោយត្រង់ បានបន្តសកម្មភាពជាហូរហែរ ហើយចំនួននេះនឹងមាន​កំណើន​កើនឡើង​ល្អប្រសើរបន្ថែមទៀត​នៅឆ្នាំក្រោយ បន្ទាប់ពីកម្ពុជារៀបចំព្រឹត្តិការណ៍​ប្រកួតកីឡាស៊ីហ្គេម។លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីបរិយាកាស ​និងបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍ ​នៅខេត្តព្រះសីហនុថា បន្ទាប់ពីការបើក​ប្រទេសមកដល់ពេលនេះ​ ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ មកកាន់ខេត្តព្រះសីហនុ​មានជា​បន្ត​បន្ទាប់ ​ទាំងអ្នកវិនិយោគ ​និងភ្ញៀវទេសចរណ៍ ​ក្នុងនោះចំពោះការវិនិយោគ នៅក្នុងរយៈពេល​ប៉ុន្មាន​ខែចុងក្រោយនេះ ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគធំៗ​ជាហូរហែរឡើងវិញ ដែលចំនួន​នេះបង្ហាញឲ្យឃើញ អំពីស្ថានភាពល្អប្រសើរនៃការទប់ស្កាត់ជំងឺកូវីដ ១៩ និងបរិយាកាសវិនិយោគ​នៅព្រះរាជាណាចក្រកម្ពុជា។ដោយឡែកភ្ញៀវទេសចរណ៍វិញ,លោក បន្តឲ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងបានបង្កើតនូវបរិយាកាសទាក់ទាញដល់ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ​ក្នុងនោះចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ ​បន្ទាប់ពីការបើកជើងហោះហើយមក ចំនួន​ភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តព្រះសីហនុ ​បានបន្តសកម្មភាពជាហូរហែរ ចំពោះ​ចំនួនភ្ញៀវ​ទេសចរណ៍​ដែលចូលមកទស្សនាកម្សាន្តច្រើនជាងគេមាន ​វៀតណាម, ចិន, កូរ៉េ និងអាមេរិកជាដើម។សូមបញ្ជាក់ថា ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងសភាពការណ៍កូវីដ ១៩ ល្អប្រសើរ ក្នុងនោះ​មានការបង្កើនជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា​មានដូចជា រាជ​ធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ជាក់ស្តែងនៅក្នុងរយៈពេល​ ៦ខែ ឆ្នាំ ២០២២ នេះ មាន​ភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ​មានប្រមាណជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ៥ លាននាក់បន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM