ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

រាជរដ្ឋាភិបាល បន្តលើកលែងពន្ធ ចំពោះវិស័យប៉ះពាល់ដោយកូវីដ១៩ ដល់ពាក់កណ្តាលឆ្នាំ២០២២

2021/11/24 11:39:42 am        343
ភ្នំពេញ ៖ វិស័យឯកជន ថ្លែងនូវការសាទរចំពោះរាជរដ្ឋាភិបាល ដែលបានបន្តលើកទឹកចិត្ត អនុគ្រោះការលើកលែងពន្ធ ចំពោះ វិស័យដែលកំពុងរងនូវការប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដើម្បី​ជួយទ្រទ្រង់ដល់វិស័យប៉ះពាល់ទាំងនោះ ​អាចស្តារ និងអភិវឌ្ឍន៍អាជីវកម្ម របស់ខ្លួនឡើងវិញ ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាន​បញ្ជាក់ថា ដោយមើលឃើញពីការលំបាក​របស់ម្ចាស់​អាជីវកម្ម ក្នុងវិស័យដែលរងផល​ប៉ះ​ពាល់​ខ្លាំង ដោយសារជំងឺកូវីដ១៩ រួមមាន ៖ វិស័យទេសចរណ៍​ វិស័យអាកាសចរណ៍​ រួមទាំងវិស័យ ដែលរ​ងផល​ប៉ះពាល់ផ្សេងៗទៀតនោះ​ រាជរដ្ឋាភិបាលបានបន្តផ្តល់ការអនុគ្រោះពន្ធ ​រយៈពេល ៦ខែ ថែមទៀត ក្នុងឆ្នាំ ២០២២ ខាងមុខ។លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងនៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីអំពីការអនុវត្តន៍វិធានការអន្តរាគមន៍របស់រាជ​រដ្ឋាភិបាល ​ដើម្បីជួយ​គាំទ្រ​ដល់វិស័យ​ ដែលផល​ប៉ះពាល់ខ្លាំងដោយវិបត្តិកូវីដ១៩ ​នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះថា ​នៅក្នុងកំឡុងពេលជិត ២ ឆ្នាំមកនេះ វិស័យ ដែលបម្រើសេវាកម្ម​ទេសចរណ៍​ ត្រូវ​បាន​បិទទ្វារទាំងស្រុង ក្នុងនោះបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាស​បើក​ប្រទេស​ឡើងវិញ ​យើងឃើញថា​ អាជីវកម្មមួយចំនួនបានកំពុងរៀបចំគម្រោងរបស់ខ្លួនឡើងវិញ និងមួយ​ចំនួន​អាច​រៀបចំគម្រោងផែនការ ​ជាបន្តបន្ទាប់ផងដែរ ។ចំពោះវិធានការអន្តរាគមន៍ ​លើកលែងពន្ធលើវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ រួមទាំង​វិស័យ​ដែល​រងផល ប៉ះពាល់ផ្សេងៗទៀត មានរយៈពេល ៦ខែ ក្នុងឆ្នាំ ២០២២ ខាងមុខនេះ, លោកស្រី ឆាយ ​ស៊ីវលីន បានសម្តែងនូវអំណរគុណ​ និងថ្លែងនូវការគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ដែលបានបន្តអនុគ្រោះដល់វិស័យដែលកំពុងរងគ្រោះ ទោះបី រាជរដ្ឋាភិបាលបានបើកប្រទេស​ឡើងវិញ​ យ៉ាងក៏ដោយគឺវិស័យនេះ ត្រូវការពេលវេលាក្នុងការរៀបចំ ​និងស្តារជីវភាពរបស់ ពួគគាត់ឡើងវិញផងដែរ។ចំណែកលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ​ក៏បានបានថ្លែងនូវការសាទេ ចំពោះការអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាល ​ដែលជាផ្នែកមួយយ៉ាងសំខាន់ ​ដើម្បីជួយស្រោចស្រង់ ដល់​វិស័យដែលរងនូវការប៉ះពាល់ ​អាចស្តារអាជីវកម្មឡើងវិញ ​ដែលកន្លងមកនេះវិស័យសណ្ឋាគារ ត្រូវបានដេក​ដួលទាំង​ស្រុងផងដែរ​ ជាក់ស្តែងមកដល់ពេលនេះ ចំពោះសណ្ឋាគារធំៗ គឺបានរៀប​ចំបើក​ដំណើរឡើងវិញមានចំនួនតិចតូចតែប៉ុណ្ណោះ ។ឯកឧត្តម គង់ វិបុល ស្របពេលនេះដែរ រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយបង្កើតពន្ធថ្មី​នោះទេ ផ្ទុយទៅវិញមានតែសម្រួលលើកលែង ​និងអនុគ្រោះពន្ធដល់វិស័យអាទិភាពផ្សេងៗ ពិសេស​វិស័យកសិកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងប្រែក្លាយជាទីតាំងផលិតកម្មធុរកិច្ច និងវិនិយោគមានសក្តានុពលក្នុងតំបន់

2021/11/24 11:14:46 am        290
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ចេញឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត។ ការវិវត្តន៍ជាវិជ្ជាមានទាំងនេះ បាននិងកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្មធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្តានុពលក្នុងតំបន់។នេះជាការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសន្ទរកថាបើក​វេទិកា​សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមប្រធានបទ “ការផ្លាស់ប្តូរទៅគន្លង​ប្រក្រតីភាព​ថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤” តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។​សម្តេចតេជោ លើកឡើងថា​ បាននិងកំពុងខិតខំរៀបចំ និងដាក់ចេញឱ្យអនុវត្តវិធានការគោល​នយោបាយ​ច្បាស់លាស់ ​ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និងការលម្អប្រព័ន្ធដឹកជញ្ជូន ​ទាំងផ្នែកទន់ និងរឹងការលើកកម្ពស់កិច្ច​សម្រួល​ពាណិជ្ជកម្ម ​ការអភិវឌ្ឍធនធានមនុស្ស ​ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ​និងឌីជីថល និង​ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។បន្ថែមពីលើនេះ ​សម្តេច បានលើកឡើងជូនអង្គប្រជុំ អំពីស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ជាមួយនឹងការគ្រប់គ្រងបានល្អនូស្ថានភាពជំងឺកូវីដ១៩​ គិតត្រឹមថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១ រាជ​រដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំង​បានក្នុងអត្រាជាង ៨៨ភាគរយនៃចំនួនប្រជាជន​សរុប​ក្នុង​ប្រទេស ១៦លាននាក់។សូមបញ្ជាក់ថា កម្ពុជា ទទួលរៀបចំវេទិកាសេដ្ឋកិច្ច ​និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប ជាលើកដំបូង​ដោយ​ប្រព្រឹត្តទៅ​អមជាមួយ​នឹងកិច្ចប្រជុំកំពូលអាស៊ី​អឺរ៉ុប លើកទី១៣ ​ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ​ពីថ្ងៃទី២៥ ដល់ ២៦ ខែវិច្ឆិកា៕អត្ថបទ៖ វណ្ណៈ

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ជំរុញ​​តំបន់​អាស៊ី និង​អឺរ៉ុប​ប្រកាន់​ខ្ជាប់​យន្តការ​ពហុ​ភាគី​និយម​ដើម្បី​ស្ដារ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ឡើង​វិញ

2021/11/24 10:31:56 am        276
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ជំរុញ​តំបន់​អឺរ៉ុប និង​អាស៊ីឱ្យ​ប្រកាន់​ខ្ជាប់​នូវ​យន្តការ​ពហុ​ភាគី​និយម ដោយ​ថា ដើម្បី​ជំរុញ​របៀប​វារៈ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ​នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​លើក​ទី​១ ដែល​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ជាមួយ​នឹង​និន្នាការ​នៃ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ពាណិជ្ជកម្ម និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល ខ្ញុំ​យល់​ឃើញ​ថា តំបន់​យើង​ទាំង​ពីរ​ត្រូវ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គាំ​ទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជាពិសេស​ការ​ជំរុញ​ការ​ធ្វើ​សេរីភាវូបនីយកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​តាម​រយៈ​ការលុប​បំបាត់​របាំង​សម្រាប់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដើម្បី​ទាញ​យក​សក្ដានុពល​ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អាស៊ី-អឺរ៉ុប»។សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ទំហំ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប មាន​ចំណែក​រហូត​ដល់ ៦៥​ភាគរយ​នៃ​សេដ្ឋកិច្ច​សកល ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ទ្វីប​ទាំង​ពីរ​នេះ មាន​ចំណែក​រហូត​ដល់​ ៥៥​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សកល។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «យើង​មាន​ភាព​ចាំ​បាច់​ត្រូវ​ពង្រឹង​សាមគ្គីភាព និង​តម្កល់​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ ដោយ​ប្រកាន់​ខ្ពស់​នូវ​យន្តការ​ពហុ​ភាគី​និយម ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ និង​ពន្លឿន​ការ​ត​ភ្ជាប់​រវាង​សង្គម-សេដ្ឋកិច្ច ដើម្បី​ជំរុញ​របៀប​វារៈ​នៃ​ការ​អភិវឌ្ឍ​របស់​យើង​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​ទៀត​ថា ការ​ជំរុញ​ប្រក្រតីភាព​នៃ​រំហូរ​ពាណិជ្ជកម្ម​ ធុរកិច្ច និង​វិនិយោគ គឺ​ជា​កិច្ចការ​សំខាន់ និង​បន្ទាន់ ដើម្បី​ស្ដារ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​របស់​តំបន់​ទាំង​ពីរ​ឡើងវិញ បន្ទាប់​ពី​វិបត្តិ​កូវីដ-១៩ កំពុង​ស្ថិត​លើ​ទិសដៅ​ទៅ​រក​ភាព​ធូរ​ស្រាល៕

កម្ពុជាដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២១ ក្នុងរង្វង់៣ភាគរយ

2021/11/23 03:45:45 am        244
កំពង់ចាម ៖ ប្រមុខរាជរដ្ឋាភិបាល បានដាក់ការព្យាករសេដ្ឋកិច្ចកម្ពុជា អាចនឹងមានកំណើនលើសការព្យាករណ៍ ២.៤ ភាគរយសម្រាប់ឆ្នាំ២០២១ គាំទ្រដោយកំណើនកសិកម្ម និងឧស្សាហកម្ម ខណៈវិស័យសេវាកម្ម ជាពិសេសវិស័យទេសចរណ៍ រំពឹងថានឹងងើបឡើងវិញ ក្រោយប្រទេសបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំង​។ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចក្នុងរង្វង់ ៣ភាគរយ លើស​ពី​ការ​ព្យាករណ៍​ ២,៤ ភាគរយ ក្នុងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២១។សម្តេចតេជោ បញ្ជាក់ថា​ បើកំណើនសេដ្ឋកិច្ចល្អក្នុងរយៈពេលពីរខែនៅសល់មុនដំណាច់ឆ្នាំ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់៣ភាគរយ។សម្តេចតេជោ លើកឡើងថា មានអង្គការមួយបានព្យាករណ៍កំណើនសេដ្ឋកិចុ្ចកម្ពុជា​ឆ្នាំ២០២១ ២,៨ភាគរយ​ ដែលនេះ បង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩។ជំរុញកំណើនសេដ្ឋកិច្ចនេះ សម្តេចតេជោ បញ្ជាក់ថា ដោយសារទីមួយគឺវិស័យកសិកម្ម នៅ​មានកំណើនសេដ្ឋកិច្ចទាំងអស់ ​ថែមទាំងលើសផែនការ ​ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩។ ​ទីពីរ គឺវិស័យ​ឧស្សាហកម្ម ​ដែលការ​នាំចេញមានកំណើនកើនឡើង។បន្ថែមពីលើសនេះ ​សម្តេចតេជោ លើកឡើងថា​ វិស័យសេវាកម្ម ដែលបានធ្លាក់ចុះខ្លាំង​ក្នុង​វិបតិ្តកូវីដ១៩​ រំពឹងថា នឹងងើបឡើងវិញ ​នៅគ្រាដែលរាជរដ្ឋាភិបាល បានប្រកាសបើកទទួល​ទេសចរ​បរទេស​ចាក់វ៉ាក់សាំងកូវីដគ្រប់។បន្ថែមពីលើនេះ សម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ​ប្រមុខរាជរដ្ឋាភិបាល​បានដំឡើង​ការព្យាករណ៍​ដល់ ជាង៥ភាគរយ កើនពី៤,២ភាគរយ ដែល​​ជា​កំណើនត្រូវ​បានព្យាករកាលពីពេលមុន៕អត្ថបទ៖ វណ្ណៈ 

ទិន្នផលស្រូវរបស់កសិករក្នុងស្រុកស្វាយជ្រំ បានបាត់បង់ដោយសារកត្តាធម្មជាតិ

2021/11/22 12:45:08 pm        398
ស្វាយរៀង ៖ លោក ចាប ថុល ពលរដ្ឋរស់នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី ២១ខែវិច្ឆិកាម្សិលមិញនេះ បានប្រាទូរទស្សន៍ប៊ីធីវីឲ្យដឹងថា ផលស្រូវឆ្នាំនេះ ទាំងគ្រួសារលោក និងគ្រួសារពលរដ្ឋឯទៀត នៅក្នុងស្រុកទាំងមូល មានការបាតបង់ផលស្រូវជាង ៥០ភាគរយ បន្ទាប់ពីធ្វើការ ប្រមូលផលរួច។លោកបានបញ្ជាក់ថា ឆ្នាំនេះ ស្រូវដែលក្រុមកសិករធ្វើពីដើមរដូវ មានការលូតលាស់ចេញ ផ្លែ ផ្កា ល្អ ណាស់ តែដល់ពេលធ្វើការប្រមូលផល ត្រូវបានភ្លៀងបង្អុរធ្វើឱ្យដើមស្រូវដួល ទឹកជន់លិច ពិបាក​ក្នុងការ ច្រូតកាត់ប្រមូលផល ហើយត្រូវបានបាត់បង់ច្រើនបើប្រៀបធៀបឆ្នាំមុន ឯតម្លៃស្រូវ ក៏មានការចុះថោកគួរ ឱ្យព្រួយបារម្ភក្នុងការទូទាត់ប្រាក់ថ្លៃឈ្នួលពលកម្ម។លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានបញ្ជាក់ថា ស្រូវនៅក្នុងស្រុកស្វាយជ្រុំ ក៏ដូចនៅស្រុកក្រុងទាំង៧ទៀត ​ពិតជាមានការខូចខាតច្រើនមែន ពីព្រោះ​ភ្លៀង បានបង្អុរច្រើននៅចុងរដូវឆ្នាំនេះ ហើយពិបាកក្នុងការប្រមូលផល ឯទិន្នផល មិនអាចឆ្លើយតបទៅនឹងការ ​ចំណាយដើមទុនក្នុងការផលិតស្រូវទេសម្រាប់ឆ្នាំនេះ៕អត្ថបទ៖ ភា សារិត

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូលចំណូលលើអាជីវកម្មលក់ទឹកស្អាតបានជាង ២៦៧ពាន់លានរៀល

2021/11/19 06:09:41 am        476
ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូលចំណូលលើអាជីវកម្ម លក់ទឹកស្អាតសរុបបានចំនួនជាង ២៧៦ ពាន់លានរៀល កើនឡើងជិត ៣៩ ពាន់លានរៀល ស្មើនឹង ១៦,៨២% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ។រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញរបាយការណ៍ ត្រីមាសទី៣ ឆ្នាំ២០២១ ក្នុងនោះរដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​ប្រមូលចំណូល លើអាជីវកម្មលក់ទឹកស្អាត ​សរុបមានចំនួនជាង ១១៥ ពាន់លាន​រៀល កើនឡើងជាងត្រីមាសទី ​៣ ឆ្នំ២០២០ ក្នុងចំនួន២៨ ពាន់លាន រៀល ត្រូវប្រមាណ​ជាង ៣៣ %។ ចំណែកការប្រមូលចំណូលរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២១ នេះវិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូល​ចំណូលសរុបមានចំនួន ជាង ២៧៦ ពាន់លានរៀល កើនឡើងជិត ៣៩ ពាន់លានរៀល ស្មើនឹង ១៦,៤២% ​និងចំណេញសុទ្ធ សរុបជាង ១០៧ ពាន់លានរៀល កើនឡើងជាង ៣៧ ពាន់លានរៀល ​ស្មើនឹង ៥៤,២៧% បើធៀប​នឹងរយៈពេល ​៩ខែ​ គិត​ត្រឹមថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នំា២០២០។ដោយ​ឡែកទ្រព្យ​សកម្ម​សម្រាប់វិនិយោគ, ​គិតត្រឹមរយៈពេល ៩ ដែរនេះ ​ទ្រព្យសកម្មសរុប របស់​រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ​មាន ចំនួនជាង ​២ ២៣៧ ​ពាន់លានរៀល ​កើនឡើងជាង ៣៧២ ពាន់លានរៀល​ ឬស្មើ​ប្រមាណជិត ២០% និងមូលធនសរុបមានចំនួនជាង ​១ ១៤៤ ពាន់លានរៀល កើនឡើងជាង ១៦២ ពាន់លានរៀល ​ស្មើប្រមាណ ១៦,៥៦% ។សូមបញ្ជាក់ថា ពាក់ព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ​នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ ដែលគ្រប់គ្រង់​ដោយ​រដ្ឋាករ​ទឹកស្វយ័តក្រុងភ្នំពេញ​ ក្នុងនោះ ​រោងចក្រភូមិព្រែក ​និងរោងចក្រជ្រោយចង្វារ ​អនុវត្ត​ជាក់​ស្តែងបាន ​ជាង ១៥ លានម៉ែត្រគូប, ​រោងចក្រចម្ការមនជិត ​៥ លានម៉ែត្រគូប, រោងចក្រនិរោធ ជាង ២៤ លានម៉ែត្រគូប, ​រោងចក្រម្លេច ជិត ៩ ​ម៉ឺនម៉ែត្រគូប និងរោងចក្រនៅខេត្តត្បូងឃ្មុំ មានចំនួនជាង ៦ ម៉ឺន​ម៉ែត្រគូប៕អត្ថបទ៖ សុន រ៉ាឌី

ម្ចាស់អាជីវកម្មនៅក្រុងភ្នំពេញសង្ឃឹមថា នឹងអាចរកចំណូលបានច្រើនក្នុងឱកាសបុណ្យអុំទូក

2021/11/19 12:57:58 pm        527
ភ្នំពេញ ៖ បើទោះបីជាព្រះរាជពិធីបុណ្យអុំទូក មិនត្រូវបានប្រារព្ធក្ដី ប៉ុន្តែនាតំបន់មាត់ទន្លេ និងមុខព្រះបរមរាជវាំង នៅតែមានពលរដ្ឋទៅលេងកម្សាន្ត ដែលនាំឱ្យម្ចាស់អាជីវកម្មជាច្រើន រំពឹងទុកថា​ នឹងអាចរកប្រាក់ចំណូលបានគួរសម។បុគ្គលិកហាងតែ Britea English House មានទីតាំងនៅក្បែរព្រះបរមរាជវាំង ​បានឱ្យដឹងថា កាល​ពីថ្ងៃទី១ នៃពិធីបុណ្យអុំទូក ហាងនេះទទួលបានភ្ញៀវច្រើនគួរសម ​ដោយលក់ដាច់បានចំនួនជាង ១០០កែវ ខណៈថ្ងៃធម្មតា​ លក់បានតែចំនួន៥០ទៅ៦០កែវប៉ុណ្ណោះ។ លោកសង្ឃឹមទៀតថា នៅថ្ងៃទី២និងទី៣ នៃពិធីបុណ្យនេះ ​នឹងទទួលបានភ្ញៀវច្រើនបន្ថែមទៀត។ម្ចាស់អាជីវកម្មដទៃទៀត បានឱ្យដឹងដែរថា អំឡុងពេលពិធីបុណ្យទូកនេះ​ នៅបន្តលក់ជាធម្មតា ដោយ​សារ​អាច​រកប្រាក់​ចំណូល​ច្រើន​ជាងថ្ងៃធម្មតា ព្រោះមានមនុស្សដើរកម្សាន្ត​​ច្រើន​នៅ​ទីសាធារណៈ។ ការលុបចោល នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មិនមែនទើប តែឆ្នាំនេះទេ ​គឺកាលពីឆ្នាំមុនផងដែរ មូលហេតុដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បើ ទោះជាអត្រាឆ្លងក្នុងប្រទេសកម្ពុជា​បានធ្លាក់ចុះខ្លាំង ​និងប្រទេសត្រូវ​បានបើកឡើងវិញក្ដី។បើទោះជាមិនមានប្រារព្ធពិធីបុណ្យអុំទូក ​តែប្រជាពលរដ្ឋ ​ត្រូវបាន​អនុញ្ញាត​ឱ្យដើរកម្សាន្តទៅកាន់ ទីជិតឆ្ងាយតាមចិត្តចង់​ តែកុំភ្លេចវិធានការសុខាភិបាល ដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩៕អត្ថបទ៖ ឈិត បូរ៉ាវី 

វិស័យកសិកម្ម បន្តមានសក្តានុពលខ្ពស់ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀងនៅកម្ពុជា

2021/11/16 12:15:21 pm        276
ភ្នំពេញ ៖ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នឹងនៅបន្តមានសក្តានុពលខ្ពស់ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ការនាំចេញ និងស្រូបយកកម្លាំងពលកម្មក្នុងស្រុក ជាពិសេសជាចលករជំរុញកំណើននៃសេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចប្រជុំចង្អៀត តាមរយៈប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និង ពិភាក្សាលើការងាររៀបចំ​សេចក្តី​ព្រាង​ក្របខណ្ឌយុទ្ធសាស្រ្ត ​និងកម្មវិធីស្តារ ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ​ជាមួយ​កូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ​គោល​នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។យោងតាមរបាយការណ៍ស្តីពីសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត ​និងកម្មវិធីស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ បាន​គូស​រំលេច​បញ្ជាក់​ថា វិស័យកសិកម្មនៅបន្តមានសក្តានុពលខ្ពស់​ក្នុងការ​ជួយ​ទ្រទ្រង់​សន្តិសុខស្បៀង ​ជាពិសេសការគាំទ្រកំណើន​ និងការស្រូបយកអ្នកអត់ការងារធ្វើ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា និងការលើកទឹកចិត្តទាំង​ផ្នែក​សារពើពន្ធ និងហិរញ្ញប្បទានសំដៅជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃ​កសិកម្ម​ឱ្យរីកចម្រើន។វិធានការណ៍នេះបានជួយឱ្យកម្ពុជាលើកកម្ពស់​ផលិតផល​កសិកម្មក្នុងស្រុក​ដើម្បី​បំពេញតម្រូវ​ការ​ប្រើប្រាស់ ​និង​បង្កើន​ការនាំចេញ ផលិតផលកសិកម្មបានកាន់តែច្រើន។ មួយវិញទៀតដើម្បីស្ដារ ​និងជំរុញកំណើនសេដ្ឋកិច្ច ​រាជរដ្ឋាភិបាល នឹងផ្ដោតជាចម្បងក្នុងការដោះ​ស្រាយ​បញ្ហា ប្រឈម​ជារចនាសម្ព័ន្ធ​ ក្នុងវិស័យដែលនៅមានសក្តានុពល ​និងជាចន្ទល់កំណើន​សេដ្ឋកិច្ច​ដែលអាចបង្កើតនូវតម្លៃបន្ថែម​ ក្នុងរយៈពេលខ្លី ​២០២១-២០២៣​ និងជំរុញការ ស្ទុះងើប​ឡើង​វិញ​សកម្មភាពសង្គម-សេដ្ឋកិច្ចជាតិ​ទៅ​រក​ប្រក្រតីភាព​ថ្មីឱ្យ​បាន​ឆាប់រហ័ស ​ជាពិសេស​ចំនួនបួន រួមមាន​វិស័យកសិកម្ម ​និងកសិ-ឧស្សាហកម្ម ​វិស័យទេសចរណ៍ ​វិស័យកាត់ដេរ និងវិស័យ​កម្មន្តសាល​មិន​មែន​កាត់ដេរ។ឯកឧត្តម វេង សាខុន លើកឡើងថា ​នៅក្នុងពេលមានវិបត្តិកូវីដ-១៩ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម​ត្រូវបាន​ចាត់ទុកថា ជា​វិស័យដែល​មាន​សក្តានុពលខ្ពស់​ដោយ​សារ​តម្រូវ​ការ​ចំណី​អាហារ​មាន​ការកើនឡើង​។ វិស័យនេះ​មិនបាន​ទទួលរងផល​ប៉ះពាល់ តែជាវិស័យ​ជួយ​សម្រាល​បន្ទុក ​និង​ផលប៉ះពាល់ពីវិស័យផ្សេងទៀត​ តាមរយៈ​ការផ្តល់ការងារ​ និងចំណូល។ឯកឧត្តម វេង សាខុន ​បញ្ជាក់ថា ​ជាការវាយ​តម្លៃរួម ​វិស័យកសិកម្មនៅកម្ពុជា​មាន​ការរីកចម្រើន​គួរ​ឱ្យកត់​សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ដែល​ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​តាម​រយៈកំណើន​ផលិតកម្ម ​និង​ការនាំចេញ​ ដែលបាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុងការលើកកម្ពស់ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ​និង​ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕អត្ថបទ៖ វណ្ណៈ

ទំហំជួញដូរមូលបត្រមានជាង២០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃក្នុងឆ្នាំ២០២១

2021/11/15 11:56:40 am        194
ភ្នំពេញ ៖ ការជួញដូរមូលបត្រកម្មសិទ្ធ និងមូលបត្របំណុល នៅផ្សារមូលបត្រកម្ពុជា មានទំហំជាមធ្យមជាង២០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃក្នុងឆ្នាំ២០២១ កើនឡើងពីទំហំជួញដូរជាមធ្យម កាលពីឆ្នាំ២០២០ កន្លងទៅ។ គិតត្រឹម១០ខែ ឆ្នាំ២០២១ ទំហំជួយដូរនៅផ្សារមូលបត្រកម្ពុជា បានកើនឡើង បើទោះជាឆ្នាំ​២០២១នេះ ​ផលប៉ះពាល់ដោយវិបត្តិកូវីដ១៩។យោងតាមរបាយការណ៍ពីផ្សារមូលបត្រកម្ពុជា ឆ្នាំ២០២១ ការជួយដូរជាមធ្យម មានជាង ២០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ធៀបនឹងទំហំជួយដូរជាមធ្យមប្រចាំថ្ងៃ កាលពីឆ្នាំ២០២០ មានជាង១១ម៉ឺនដុល្លារ។ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកានេះថា ទំហំ​នៃការជួញដូរសរុប​ មានការកើនឡើងជាលំដាប់បន្ទាប់ពីធ្លាក់ចុះ​បន្តិចបន្តួច​នៅឆ្នាំ២០២០។ ក្នុងឆ្នាំ២០១៨ ទំហំ​ជួញ​ដូរសរុប​មានតែជាង ៦លានដុល្លារ ឆ្នាំ២០១៩ ​ឡើងដល់ ​៣៧លានដុល្លារ ឆ្នាំ២០២០ ធ្លាក់​ចុះមកត្រឹម ២៨លានដុល្លារ។​ ដោយឡែកក្នុងឆ្នាំ២០២១ គិតត្រឹម១០ខែដំបូង ការ​ជួញដូរ​សរុបបានកើនឡើងដល់ ជាង៣៣លានដុល្លារ។បើតាមឯកឧត្តម ហុង សុហួរ ​ចាប់តាំងពីដំណើរការផ្សារមូលបត្រ ​ក្រុមហ៊ុន​ចុះបញ្ជីទាំងភាគហ៊ុន និង​សញ្ញាប័ណ្ណបានប្រមូលទុនពីផ្សារមូលបត្រសរុបចំនួនជិត២៧៨លនដុល្លារ​ ។ ក្នុងនោះ ក្រុមហ៊ុនចុះបញ្ជីភាគហ៊ុន ប្រមូលទុនបានចំនួន ១១៥ដុល្លារ។ផ្សារមូលបត្រកម្ពុជា រំពឹងថា នឹងទទួលក្រុមហ៊ុនមកចុះបញ្ជី មួយ ឬពីរក្រុមហ៊ុនបន្ថែមទៀត និង​នៅឆ្នាំ២០២២ ​ផ្សារមូលបត្រកម្ពុជា ​រំពឹងថានឹងទទួលក្រុមហ៊ុនថ្មីចំនួន ៥ ឬ៦ ទៀត មកចុះបញ្ជីផ្សារមូលបត្រ។ឯកឧត្តម ហុង សុហួរ​ ពន្យល់ថា ការទទួលបានក្រុមហ៊ុនថ្មីៗចុះបញ្ជី បង្ហាញឱ្យឃើញថា វិស័យ​ឯកជន​ស្គាល់​អំពីទីផ្សារមូលបត្រកាន់តែច្រើន ស្គាល់អំពីផលប្រយោជន៍ដែលអាច​ទទួល​បាន​ពី​វិស័យ​មូលបត្រ​ ទាំងជាដើមទុន ​ទាំងកេរ្តិ៍ឈ្មោះ នៅពេលក្លាយជាក្រុមហ៊ុនចុះបញ្ជី​នៅ​លើ​ផ្សារហ៊ុន។បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានក្រុមងហ៊ុនចុះបញ្ជីចំនួន ១៣ក្រុមហ៊ុន ​ក្នុងនោះ ៧ក្រុមហ៊ុនជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុន ​និង៦ក្រុមហ៊ុន ​ជាក្រុមហ៊ុនចុះបញ្ជីសញ្ញាប័ណ្ណ (ឬមូលបត្របំណុល)៕ អត្ថបទ៖ វណ្ណៈ 

ក្រសួងពាណិជ្ជកម្ម ជំរុញលើកកម្ពស់ស្តង់ដារអនាម័យ ភូតគាមអនាម័យ ដើម្បីនាំចេញទំនិញក្រោម FTA

2021/11/15 11:32:27 am        365
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានជំរុញលើកកម្ពស់ស្តង់ដាអនាម័យ ភូតគាមអនាម័៧ ដើម្បីឱ្យទំនិញរបស់ប្រទេសកម្ពុជា នាំចេញទៅកាន់ទីផ្សារ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីនិងពហុភាគី។នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងពីស្តង់ដារអនាម័យ ភូតគាមអនាម័យ និងរបាំង​បច្ចេកទេស​​ពាណិជ្ជកម្ម ​កាលពីសប្តាហ៍មុន ​លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម ​បាន​គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការយល់​ដឹងពី​ស្តង់ដារ​អនាម័យ ភូតគាម​អនាម័យ​ និងស្តង់ដារ​បច្ចេកទេសពាណិជ្ជកម្ម ​ព្រោះវាជាចលករសំខាន់​សម្រាប់​ចូលរួមលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ​ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជាខ្លាំង ជាក់ស្តែង​ក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា​ ឆ្នាំ២០១៩-២០២៣​ ក្នុងជំពូកទី៧ ក៏បានលើកឡើងពីស្តង់ដារអនាម័យ​ និង​ភូតគាម​អនាម័យ​នេះផងដែរ។ ចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច ​និងការបើកច្រកទីផ្សារថ្មី ក្រសួងពាណិជ្ជកម្ម បាន​ខិតខំ​ចរចា​ទ្វេភាគី​ជាមួយ​បណ្តាប្រទេសជាមិត្តមួយចំនួន រួមមាន ៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។លោកជំទាវរដ្ឋលេខាធិការ បន្តថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន​ (CCFTA) ទំនិញ​កសិកម្មកម្ពុជា​ អាចនាំចេញទៅកាន់ប្រទេសចិន ​ក្នុង​អត្រាពន្ធសូន្យភ្លាមស្មើនឹង ​៩៧.៤៤% នៃ​បន្ទាត់ពន្ធគយសរុប​ និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ​ (CKFTA) ភាគី​កូរ៉េ​ផ្តល់​ទីផ្សារឱ្យមកកម្ពុជា​មានចំនួន ៩៥,០៣% ដែលក្នុងនោះភាគីកូរ៉េត្រូវលុប​បំបាត់​ពន្ធគយ ​(០%) ចំនួន ៩២.៣៧% ​ភ្លាមនៅពេលកិច្ចព្រម​ព្រៀងចូលជាធរមាន។ មានន័យថា ការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​កាន់តែសេរីឡើងៗ ​ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើ​ការ​ត្រួតពិនិត្យស្តង់ដារ​អនាម័យ ​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ឆ្លងនូវ​សមាសភាព​ចង្រៃ​ ភូតគាមអនាម័យ និង​សមាស​ភាព​ចង្រៃ​បង្កគ្រោះថ្នាក់​ពី​តំបន់មួយទៅតំបន់មួយទៀតទូទាំងប្រទេស ព្រមទាំងការនាំចេញ​នាំ​ចូលឆ្លង​កាត់​ប្រទេសកម្ពុជា​តាមគ្រប់មធ្យោបាយ ​ដើម្បីការពារផលិតផលកសិកម្ម និងជីវៈចំរុះ។ កត្តាទាំងនេះ ទាមទារ​ឱ្យភាគីពាក់ព័ន្ធ​ទាំងអស់​ត្រូវយក​ចិត្តទុកដាក់​បន្ថែម​ទៀត​លើការធ្វើទំនើប​កម្ម​កសិកម្ម ជាពិសេសការ​លើកកម្ពស់ ​ស្តង់ដារអនាម័យ ​ភូតគាមអនាម័យ អនុលោមភាព​បទបញ្ញត្តិ​បច្ចេកទេស ​ការអនុវត្ត GAP (Good Agriculture Practice), GMP (Good Manufacturing Practice), ISO, HACCP ជាដើម ឱ្យស្រប​តាមស្តង់ដារ​ បទដ្ឋានអន្តរជាតិ ​ដើម្បីការពារសុខភាព ​មនុស្ស សត្វ រុក្ខាជាតិ ​និងអាចធ្វើការប្រកួតប្រជែង​នៅលើទីផ្សារអន្តរជាតិបាន៕អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] មនុស្ស ៤នាក់ស្លាប់ និង ៥០នាក់បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហុកវាយប្រហារទីក្រុងតំបន់ហិម៉ាឡៃ ប្រទេសឥណ្ឌា
08/05/2025 08:08 PM
អំណោយសប្បុរសធម៌ជាច្រើនរបស់សហជីព និងកម្មកររោងចក្រ បានផ្តល់ជូនជនភៀសសឹកនៅខេត្តព្រះវិហារ
08/05/2025 08:08 PM
ស៊ុយអែត ន័រវែស និងដាណឺម៉ាក ផ្តល់ ៤៨៦លានដុល្លារ ដល់គម្រោងរបស់ណាតូ ដើម្បីបញ្ជូនអាវុធអាមេរិកទៅអ៊ុយក្រែន
08/05/2025 08:08 PM
លោក Netanyahu ៖ វាចាំបាច់ត្រូវបញ្ចប់គោលបំណងសង្រ្គាមហ្កាហ្សា
08/05/2025 08:08 PM
UNICEF៖ ការកាត់បន្ថយមូលនិធិ ធ្វើឲ្យកុមារស៊ូដង់ធ្លាក់ទៅកៀកកម្រិតគ្រោះថ្នាក់សង្គ្រោះមិនបាន
08/05/2025 07:08 PM
មនុស្ស ២នាក់ស្លាប់ក្រោយរុស្ស៊ីប្រើប្រាស់យានដ្រូនវាយប្រហារតំបន់ Kharkiv របស់អ៊ុយក្រែន
08/05/2025 07:08 PM
ឥណ្ឌាចោទប្រកាន់ EU និងអាមេរិកថា ប្រើប្រាស់ស្តង់ដារ ២ ជុំវិញពាណិជ្ជកម្មរុស្ស៊ី
08/05/2025 07:08 PM
គណៈរដ្ឋមន្ត្រីលីបង់ ជួបប្រជុំ ដើម្បីពិភាក្សា អំពីអាវុធរបស់ក្រុមហេសបូឡា ក្រោយមានសម្ពាធពីអាមេរិក
08/05/2025 07:08 PM
ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យដងផ្លូវប្រែក្លាយជាដងទន្លេនៅតំបន់ភាគខាងត្បូងប្រទេសចិន
08/05/2025 07:08 PM
UNICEF៖ អ៊ីស្រាអែលសម្លាប់កុមារប៉ាឡេស្ទីនជាមធ្យម ២៨នាក់ជារៀងរាល់ថ្ងៃនៅតំបន់ហ្កាហ្សា
08/05/2025 07:08 PM