កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ
វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ
កម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់ក្របខណ្ឌ នៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ
នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសបារាំង

2022/05/31 01:47:43 pm        610
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ជំរុញការនាំចេញផលិតផលកសិកម្មបន្ថែមទៀត ទៅកាន់ប្រទេសបារាំង និងប្រទេសអឺរ៉ុបដទៃទៀត ស្របពេលដែលប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម និងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែម។ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ក្នុងជំនួប​ជាមួយនឹង លោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ។ក្នុងជំនួបខាងលើនេះ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា ថ្វីបើ​ស្ថានភាពជំងឺកូវីដ-១៩ មាន​លក្ខណៈប្រសើរឡើងវិញ ​តែការនាំចេញកសិផលមួយចំនួនរបស់កម្ពុជា​នៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិបត្តិសង្គ្រាមរវាងរុស្សី ​និងអ៊ុយក្រែន។ឯកឧត្តម វេង សាខុន បានលើកឡើងថា វិបត្តិកូវីដ-១៩ និងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន កំពុងធ្វើឱ្យ​តម្លៃប្រេងសាំង និងការដឹកជញ្ជូនកើនឡើងទូទាំងពិភពលោក។ ទាំងនេះ ​ជាឧបសគ្គរាំងស្ទះ​ដល់​ការ​អភិវឌ្ឍវិស័យកសិកម្ម ​ជាពិសេស ធ្វើឱ្យការនាំចេញផលិត​កសិកម្មមួយ​ចំនួន​របស់​កម្ពុជា​ធ្លាក់ចុះ។រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យរដ្ឋាភិបាលបារាំង ផ្តល់ឱកាសដល់កម្ពុជាអាចនាំចេញកសិផលទៅទីផ្សារ​បារាំង និងអឺរ៉ុប ថែមទៀត ជាពិសេសអង្ករ។ឯកឧត្តម វេង សាខុន ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ល្អលើ​គ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម។ដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹង​សមត្ថភាព​លើខ្សែច្រវាក់តម្លៃបន្ថែម»។ឯកឧត្តម វេង សាខុន រំពឹងថា ភាគីបារាំងទទួលយកសំណើរនេះ នឹងបន្តជួយគាំទ្រជាធនធានថវិកា និងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ ​និងជលផល រួមទាំង​វារីវប្បកម្មនៅកម្ពុជា ​ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។យោងតាមរបាយការណ៍របស់​ក្រសួងកសិកម្ម រយៈពេល​ ៤ខែឆ្នាំ ២០២២នេះ កម្ពុជា ទទួល​បាន​ចំណូល​ពីការនាំចេញកសិផលជាង ​១ ៥៧២ លានដុល្លារ។ ​ក្នុងនោះ ការនាំចេញអង្ករចំនួន ១៨៩ លានដុល្លារ ស្រូវ ២៩៦ ​លានដុល្លារ ​និងកសិផលក្រៅពីស្រូវអង្ករ​ចំនួន ​១ ០៨៧ លាន​ដុល្លារ៕អត្ថបទ៖ វណ្ណៈ 

វិស័យដឹក​ជញ្ជួនផ្លូវ​អាកាសនៅកម្ពុជា កំពុងចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ

2022/05/28 01:38:21 pm        1020
ភ្នំពេញ៖ នៅលើពិភពលោកកំពុងព្រួយបារម្ភ ពីបញ្ហាបម្រែបម្រួលអាកាសធាតុ សម្រាប់វិស័យដឹក​ជញ្ជួនផ្លូវអាកាសអន្តរជាតិ និងអង្គការពិភពលោក បានសហការចួលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ។ថ្លៃងប្រាប់ទូរទស្សន៍ BTV news នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំកម្ពុជា ​នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ។ ឯកឧត្តម សារិន គុនករ អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​បញ្ជាក់ថា ទីភ្នាក់ងារសាធារណរដ្ឋបារាំង ហៅថា (AFD) បាន​ផ្ដល់​ថវិកា​ប្រហែលជិត ៥០ម៉ឺនដុល្លារ លើផ្នែកបច្ចេកទេស​ ក្នុងវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ​មានរយៈពេល១ឆ្នាំ ។ហើយគំរោងទីភ្នាក់ងារ AFD​ ក្នុងវិស័យអាកាសចរស៊ីវិល ផ្ដោតលើផ្នែកសំខាន់ៗមាន៤ ទី១ ពង្រឹង​ផ្នែកសុវត្ថិភាព ទាំងអាកាសយានដ្ឋាន ទាំងកិច្ចសហប្រតិបត្តិការក្រុមហ៊ុនទេសចរណ៍​ ទី២ ជួសជុល និងថែទាំយន្តហោះ ទី៣ ពេទ្យ គឺការព្យាបាល ​ពិនិត្យសុខភាពអ្នកធ្វើដំណើរ ទី៤ ការបម្រែបម្រួលអាកាសធាតុ ។ឯកឧត្តម បានបន្ថែមថា នៅក្នុងបច្ចេកទេសបច្ចេកវិទ្យាថ្មីនេះ បានការរកឃើញផលប៉ះពាល់​បរិស្ថាន​កំដៅ​បណ្ដាល​មកពីយាយរោងចក្រ ​សហគ្រាសមួយ ​និងបណ្តាលមកពីអាកាសយាន្ត ផ្នែក​ឧស្សាហកម្ម​អាកាសចរស៊ីវិល ​មានចំនួន ១៤%​ ដែលបញ្ចេញសារធាតុកំដៅ ធ្វើឱ្យប៉ះពាល់ដល់​បរិស្ថាន​ ដួចច្នេះ​អង្គការអាកាសចរស៊ីវិលពិភពលោក ​បានប្រជុំពិភាក្សា ដើម្បីរកវិធីសាស្រ្ត​កាត់​បន្ថយកំដៅ។នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ីវិល ​បានចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្រសួងបរិស្ថាន ​និងក្រសួងមួយចំនួនទៀត បាន​សហការ​ជាមួយ អាកាសចរស៊ីវិលអន្តរជាតិ ​និងអង្គការបរិស្ថានពិភពលោក ​បានបង្កើតបទប្បញ្ញត្តិថ្មី ដើម្បីណែនាំ​ដល់ក្រុមហ៊ុនហោះហើរ ទាំងជាតិ និងអន្តរជាតិ ។ ឯកឧត្តម បានស្មើដល់ក្រុមហ៊ុនហោះហើរនៅក្នុងស្រុកមួយចំនួន​ ចូលរួមសិក្សាបច្ចេកទេសថ្មីៗ កែសម្រួលផ្នែក​បច្ចេកទេសយន្តហោះ ​និងផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បី​ចូលរួម​កាត់បន្ថយបម្រែបម្រួលអាកាសធាតុផងដែរ ៕ អត្ថបទ ៖ គង់ រ៉េន

រោងចក្រ​ផលិត​សម្បក​កង់រថយន្ត តម្លៃ​ជាង​ ៣០០​លានដុល្លារ កំពុង​សង់​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

2022/05/27 02:30:36 pm        431
ព្រះសីហនុ៖ គម្រោងរោងចក្រផលិតសំបកកង់ដែលវិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTDកំពុងតែដំណើរការយ៉ាងរលូន ដែលគម្រោងនេះ​ក្រោមទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក។ស្ថានទូតចិនប្រចាំនៅកម្ពុជា លើកឡើងកាលពីពេលថ្មីៗនេះ ថា គម្រោងរោងចក្រផលិតសំបកកង់​ដែល​វិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTD គឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ ​ក្រោយពីសាងសង់រួចនឹង​អាច​បង្កើត​ជាឱកាសការងារក្នុងតំបន់សរុប១៦០០កន្លែង។គម្រោងនេះ ​ឆ្លុះបញ្ចាំង​ពី​ការកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងតែជំរុញ​ប្រកបដោយ​ភាព​លំនឹង។លោក Chen Jiangang ​អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ថា ​ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១ ​ត្រូវ​បាន​បញ្ចប់ ហើយការ​សាងសង់​តំបន់​ទ្រទ្រង់ទីក្រុង និងសួនឧស្សាហកម្មដំណាក់កាលទី២ ​ក៏កំពុងតែជំរុញជាបន្តបន្ទាប់។ លោក លើកឡើងថា បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំង បានជួយ​ដោះស្រាយ​ប​ញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។លោក Chen Jiangang បញ្ជាក់ថា នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមាន​សហគ្រាស​តាំង​ទីតាំង​កើនឡើងដល់៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី៨ម៉ឺន​ដល់​១០ម៉ឺននាក់។សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមាន​លក្ខណៈសម្គាល់​នៃ​គំនិត​ផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលកសាងរួមគ្នា​ដោយចិននិងកម្ពុជា។ យោងតាមទិន្នន័យ​គយ​ក្នុងប្រទេសកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំនៃការនាំចូលនិងនាំ​ចេញ​សរុបរបស់សហគ្រាសក្នុងតំបន់ខាងលើនេះ​កើនដល់ ២២៣៤លានដុល្លារអាមេរិក កើនឡើង ៤២.៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ក្នុងត្រីមាសទី១ ឆ្នាំ ២០២២នេះ តម្លៃការនាំចូលនិងនាំចេញសរុបកើនដល់ ​៧១០ លាន​ដុល្លារអាមេរិក ​កើនឡើង៥០.៧៤% បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ លោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជា​សំរាប់​ស្រាវជ្រាវផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍ទី២១ (Cambodia 21st Century Maritime Silk Road Research Center) បានបង្ហាញថា តាមរយៈការអនុវត្ត​ស្ថិរភាព​នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​ក្នុងតំបន់ និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន លំហូរទំនិញរវាងប្រទេសទាំងពីរនឹងមានសភាពកាន់​តែងាយស្រួល​និងមានប្រសិទ្ធភាពខ្ពស់ ហើយ​កិច្ចសហប្រតិបត្តិការវិនិយោគរវាងភាគីទាំងពីរក៏​នឹងស្វាគមន៍​ជាមួយ​ការអភិវឌ្ឍកាន់តែច្រើនផងដែរ៕អត្ថបទ៖ វណ្ណៈ 

អាវនិងស្ទីកគ័រគណបក្សប្រជាជនកម្ពុជាលក់ដាច់ខ្លាំងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

2022/05/27 11:57:44 am        356
ភ្នំពេញ៖ ចាប់ផ្ដើមពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី ២១ខែ ឧសភា មកទល់ពេលនេះ អាវ មួក ក៏ដូចជាស្ទីកគ័រគណបក្សប្រជាជនកម្ពុជា កំពុងលក់ដាច់ខ្លាំង រហូតដល់រាប់ម៉ឺនអាវ។ នេះជាការបញ្ជាក់របស់បណ្ដាហាងបោះពុម្ពអាវនៅបណ្ដោយផ្លូវ ក្បែរវិមានឯករាជ្យ។រដូវការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ការលក់អាវ មួក ស្ទីកគរ គណបក្សប្រជាជនកម្ពុជា កំពុងលក់ដាច់ខ្លាំង រហូតដល់រាប់ម៉ឺនអាវ ខណៈដែលការឃោសនានឹងបន្តរហូតដល់ថ្ងៃទី ៣ ខែមិថុនាខាងមុខ។ នេះជាការលើកឡើងរបស់ បណ្ដាហាងបោះពុម្ពអាវនៅបណ្ដោយផ្លូវ ក្បែរវិមានឯករាជ្យ។លោកស្រី រតនា ជាម្ចាស់ហាងបោះពុម្ពវឌ្ឍនៈ លើកឡើងថា អាជីវកម្មមានភាពមមាញឹកខ្លាំងចាប់តាំងពីដើមខែ ឧសភា មកម្លេះសម្រាប់អាវយឺត ចំណែកឯស្ទីកគរ ចាប់ផ្ដើមលក់ដាច់នាពេលថ្មីៗនេះ។ លោកស្រីបញ្ជាក់ដែរថា គឺមានតែសមាជិកគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះដែលបានមកទិញអាវ និងស្ទីរគ័រ សម្រាប់បិទឡាន ដោយមានទាំងការទិញសម្រាប់ក្រុមការងារបក្ស និងការទិញជាលក្ខណៈគ្រួសារផងដែរ។លើកឡើងដូចគ្នាផងដែរ សម្រាប់ហាងបោះពុម្ព ផ្កាយប្រាំ ក៏លក់បានអាវយឺតគណបក្សប្រជាជនកម្ពុជា រហូតដល់ ៥ទៅ ៦ម៉ឺនអាវផងដែរ ក្នុងរដូវការឃោសនាបោះឆ្នោត។ នេះជាការបញ្ជាក់របស់អ្នកចាត់ការទូទៅរបស់ហាង។នាព្រឹកនេះ លោក ម៉ែន មករា ជាសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ក៏បានមកទិញ ស្ទីកគរបិទរថយន្ត និងស្ទីកគរមួយចំនួន សម្រាប់ចែកជូនសមាជិកគណបក្សរបស់ខ្លួន ក្នុងការចូលរួមហែគណបក្សនៅថ្ងៃទី ២៩ ខែឧសភា នៅភូមិសាស្រ្តឃុំមួយកន្លែង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានចាប់ផ្ដើមនៅថ្ងៃទី ២១ ខែឧសភា និងបន្តរហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោត គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ដោយមានគណបក្សចូលរួមសរុបចំនួន ១៧ គណបក្ស ក្នុងនោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានបេក្ខភាពឈរឈ្មោះគ្រប់ឃុំសង្កាត់ទាំងអស់ទូទាំងប្រទេស៕អត្ថបទ៖ គឹមហុក  

ADB សាទរចំពោះភាពជោគជ័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឈានបើកប្រទេសពេញលេញឡើងវិញ

2022/05/27 11:44:21 am        211
ភ្នំពេញ៖ នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី ថ្លែងនូវការអបអរសាទរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងអាចបើកដំណើរការប្រទេសពេញលេញលើគ្រប់វិស័យឡើងវិញ។គណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្តម Tony McDonald នាយកប្រតិបត្តិប្រចាំប្រទេសចំនួន១៣ នៅអាស៊ីអាគ្នេយ៍ ថ្លែងលើកឡើងនៅក្នុងជំនួបពិភក្សា​ការងារ​ជាមួយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ នេះថា បានថ្លែងនូវការសាទរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលប្រទេសនៅលើពិភពលោកមួយចំនួនធំ នៅកំពុងជួបបញ្ហានៃការរីករាលជំងឺកូវីដ ១៩ នៅឡើយ។កម្ពុជា មិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គម បានល្អប្រសើរឡើងវិញ​ជា​បណ្តើរៗ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសាកលនេះប៉ុណ្ណោះទេ តែថែមទាំងអាចបើកដំណើរការ​ប្រទេសពេញលេញឡើងវិញ​លើគ្រប់វិស័យកាលពីពេលថ្មីៗមក។គណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងកម្រិតនៃការអភិវឌ្ឍប្រទេសរបស់ កម្ពុជានាពេលនេះ ធៀបទៅនឹងរយៈកាលកន្លងទៅផងដែរ។ក្នុងជំនួបនេះ, ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា កម្ពុជាគឺជាប្រទេសទទួលបាននូវវិបុលភាព តាមរយៈការបើកចំហរសេដ្ឋកិច្ច ​នៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ សូមប្រឆាំងនឹងការគាំពារ​និយម ហើយបន្តគាំទ្រនូវនិន្នាការនៃសកលភាវូបនីយកម្ម និងយន្តការពហុ ភាគីនិយម ក្នុងការគ្រប់គ្រង​កិច្ចការពិភពលោក ។ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជា ក៏ដូចជាអាស៊ាន នឹងរីករាយក្នុងការចូលរួមក្របខណ្ឌនៃកិច្ច​សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទាំងអស់​ ឱ្យតែក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងនោះ ធានា​បាននូវសន្តិភាព ​និងកិច្ចអភិវឌ្ឍក្នុងតំបន់, ​ការលើកកម្ពស់កិច្ចសហប្រតិ បត្តិការ និង​មជ្ឈភាព​របស់អាស៊ាន៕អត្ថបទ៖ សុន រ៉ាឌី

សភាពាណិជ្ជកម្មកម្ពុជា នឹងបើកដំណើរការការិយាល័យតំណាងក្នុងប្រទេសកាណាដា សប្តាហ៍នេះ

2022/05/25 02:36:36 pm        693
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងបើកដំណើរការការិយាល័យតំណាងការិយាល័យ សភាពាណិជ្ជកម្មនៅក្រៅប្រទេសរបស់ខ្លួន ជាលើកដំបូង ស្ថិតនៅក្នុងប្រទេសកាដាណា នាសប្តាហ៍នេះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងជំរុញកំណើនទំហំពាណិជ្ជកម្ម។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការិយាល័យតំណាង​ការិយា​ល័យ សភាពាណិជ្ជកម្មដំបូងនេះ ​នឹងបើកដំណើរការក្នុងទីក្រុងតូរ៉ង់តូ​ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដែលនេះជាលើកទីមួយ ​ដែលសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាង​ការិយាល័យ​សភាពាណិជ្ជកម្ម នៅក្រៅប្រទេស។ឧកញ៉ា លើកឡើងថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ​នៅប្រទេសកាណាដា នឹង​ជំរុញការ​នាំ​ចេញទំនិញពីកម្ពុជា ​កាន់តែកើនឡើងថែមទៀត ខណៈការដោះដូរពាណិជ្ជកម្មរវាង​កម្ពុជា និងកាណាដា​ នាពេលបច្ចុប្បន្ននេះ ​បានរីកចម្រើនជាបន្តបន្ទាប់ ហើយទំនិញដែល​កម្ពុជា​នាំ​ចេញទៅកាណាដាក៏មានទំហំធំផងដែរ។ក្រៅពីកាណាដា សភាពាណិជ្ជកម្មកម្ពុជា គ្រោងបើកការិយាល័យតំណាងរបស់ខ្លួននៅប្រទេសជប៉ុន​នាពេលខាងមុខ ហើយនឹងបន្តទៅប្រទេសដទៃទៀត ​ដើម្បីផ្សព្វផ្សាយ ហើយទាក់ទាញវិនិយោគ​ចូល​មកកម្ពុជា។របាយការណ៍ពីអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានលើកឡើងថា កាណាដា​គឺជា​ប្រទេសឈរនៅ​លេខរៀងទី៤ ដែលកម្ពុជានាំចេញទំនិញច្រើនជាងគេ។ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ​កម្ពុជាបាននាំចេញទំនិញទៅប្រទេសនេះ​ ក្នុងតម្លៃជាង ៣៤០លានដុល្លារអាមេរិក កើនឡើង ២២.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ដោយឡែក​ ក្នុងខែមេសាកន្លងទៅ ​ការនាំចេញទំនិញទៅកាណាដាមានតម្លៃជាង៥៣លានដុល្លារ កើនឡើង៨៤.៣%៕អត្ថបទ៖ វណ្ណៈ 

កម្ពុជានាំចេញ​ម្រេច ​ក្នុង​រយៈពេល៤ខែកើន ៨០ភាគរយ

2022/05/25 01:50:41 pm        509
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ការនាំចេញម្រេចមានចំនួន ៣,៨៣៤.៦៧តោន បានកើនឡើងចំនួន ៧៩.៣ភាគរយ។ការនាំចេញទៅប្រទេសវៀតណាម ចំនួន៣ ៥៤០​ តោន, ប្រទេសអាល្លឺម៉ង់ចំនួន ២៥៥ តោន ប្រទេសម៉ាឡេស៊ីចំនួន ១៣តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៨.៨តោន ប្រទេសបារាំងចំនួន ៨.៦តោន, ឆេកចំនួន២.៣តោន, ប្រទេសជប៉ុនចំនួន ២តោន, និងប្រទេសកាណាដាចំនួន ១តោន។កម្ពុជាក៏បាននាំចេញម្រេចទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក អង់គ្លេសចំនួន ប្រទេសស៊ុយអ៊ែត ប្រទេសកាហ្សាក់ស្ថាន និងប្រទេសអូស្ត្រាលី ក្នុងបរិមាណ សរុបជាង៥តោនផងដែរ។លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និង​គ្រឿងទេសកម្ពុជា បានថ្លែងថា ​ការកើន​ឡើងនាំចេញ​ម្រេច​នេះ គឺដោយសារ ការដឹកជញ្ជូនមានប្រភាពប្រសើរឡើង​ ក្រោយប្រទេស​បើក​ដំណើរ​ការ​ឡើងវិញ និង​វិធាន​មួយ​ចំនួន​ត្រូវ​បាន​សម្រួល និងដកចេញ។លោកប្រធានសមាគម ​សាទរទៅនឹងបរិមាណនៃការនាំចេញកើនឡើង ​បើទោះបីជាតម្លៃជាទូទៅ បាន​ធ្លាក់ក៏ដោយ ​ធ្លាក់ចុះពីប្រមាន ​១៦លានរៀល ឬ ៤ ០០០ ដុល្លារ​ ក្នុងមួយតោន ​មកត្រឹមតែ ១៣ លានរៀល ​ក្នុងមួយតោន ​ក្នុងពេលបច្ចុប្បន្ន។បច្ចុប្បន្ន ម្រេចធម្មតា ​ត្រូវបាន​នាំចេញទៅប្រទេសវៀតណាម ​ដែលជាទីផ្សារធំជាងគេរបស់​ម្រេច​កម្ពុជា។ ប៉ុន្តែសមាគម ​និងក្រសួងពាក់ព័ន្ធ ​កំពុងធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ្សេងទៀត ដើម្បី​ជំរុញបរិមាណនាំចេញផលិតផលម្រេចកម្ពុជា កើនឡើង ជាពិសេស​នឹងជួយ​រក្សា​ស្ថិរភាពថ្លៃម្រេច។ប្រធាន​សមាគម​ម្រេច​កំពត ​លោក ងួន ឡាយ បានលើកឡើងកាលពីពេលថ្មីៗនេះ​ថា ​ម្រេច​កំពត ជា​ផលិតផលសំគាល់ភូមិសាស្រ្ត GI ​នៅសហគមន៍អឺរ៉ុប ​កំពុង​តែ​ប្រមូល​ផល ​និង​បាន​នាំចេញ​បណ្តើរៗ​បាន​ជាង ១០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​ប្រចាំឆ្នាំ​ប្រមាណ​ ១២០​ តោន​។លោក ប្រធានសមាគម ​បញ្ជាក់ថា ក្រុមហ៊ុននាំចេញ ​ដែលជាដៃគូរបស់សមាគម បាន​កំពុង​ចុះកុងត្រា​ជាមួយកសិករដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ​ជាពិសេសសហគមន៍អឺរ៉ុប៕ អត្ថបទ៖ វណ្ណៈ

រោងចក្រផ្គុំដំឡើងយានយន្តអគ្គិសនីតម្លៃជាង ២០លានដុល្លារ សម្ពោធជាផ្លូវការនៅខេត្តកណ្តាល

2022/05/25 01:40:02 pm        354
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក (Inion Mobility) បានសម្ពោធជាផ្លូវការ រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំវិនិយោគសរុបចំនួនប្រមាណជាង ២០លានដុល្លារអាម៉េរិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម ទា​ ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីអ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ សិង្ហបុរី និងអន្តរជាតិ ដៃគូពាណិជ្ជកម្មក្នុង និងក្រៅស្រុក និងពីសំណាក់ដៃគូសហការរបស់ក្រុមហ៊ុនប្រមាណ ៤០០នាក់។ លោក ខេ វូ (Kay Woo) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី បានមាន​ប្រសាសន៍​ថា ​នេះជាការវិនិយោគដ៏ល្អមួយ ក្នុងការកសាង​ហេដ្ឋា​រដ្ឋា​សម្ព័ន្ធសម្រាប់​យានយន្ត​អគ្គិសនី ​ដើម្បីឈានទៅ​រក​អភិវឌ្ឍន៍​បៃតងដោយគ្មានផ្សែង​បំពុល​ ក្នុង​តំបន់អាស៊ីអាគ្នេយ៍​ និង​ពិភពលោក។លោកឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងរៀបចំផ្តល់​សេវា​កម្ម​នៃយាន​ជំនិះ​អគ្គិសនី​ទាំងមូល រាប់​ចាប់​តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយ​សំខាន់ៗ​ផងដែរ គ្រាដែលបច្ចុប្បន្ន ក្រុមហ៊ុន កំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈាន​ដល់ការពង្រីក​យាន​ជំនិះ​ជារថយន្តប្រើដោយ​ថាមពលអគ្គិសនី។លោក បានបញ្ជាក់ថា ​អនៀន ម៉ូប៊ីលីធី ​ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និង​ត្រីចក្រយានយន្តអគ្គិសនី ​ដែលអាចបង្កើនចង្វាក់ផលិតកម្មកាន់​តែច្រើន និង​ផ្តល់​ឱកាសការងារ​ជាង ៥០០កន្លែង ក្នុងផែនការឆ្នាំ២០២៥ ហើយបច្ចុប្បន្នក៏បានបើកដំណើរ​ការស្ថានីយមេហ្គា​របស់​ខ្លួនចំនួន ១កន្លែង និងអនុស្ថានីយប្តូរអាគុយចំនួន ៣កន្លែង និងអនុស្ថានីយដៃគូចំនួន​ ៦កន្លែង ដែល​បច្ចុប្បន្នសរុបរួមមានដល់ ១០ស្ថានីយ ​និងបន្តពង្រីកជាបន្តបន្ទាប់​តាមផែន​ការរបស់​ក្រុមហ៊ុន នៅទី​ក្រុងភ្នំពេញ ​និងតាមបណ្តាខេត្តផ្សេងៗជុំវិញ​ប្រទេសកម្ពុជា។សូមជម្រាបជូនទៀតថា ​ក្នុងពិធីសម្ពោធនេះដែរ ​ក្រុមហ៊ុន MVL Energy Investment Company នៃ​ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ​បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន​ Central ស្តីអំពី​គម្រោង​ផលិតយានជំនិះដឹកទំនិញខ្នាតតូច​ដែលប្រើថាមពលអគ្គិសនី ដើម្បីជម្រុញឲ្យមានការលើក​កម្ពស់​ការប្រើប្រាស់​យានយន្តអគ្គិសនីឲ្យកាន់តែច្រើនឡើងបន្ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

អង្ករកម្ពុជា នឹងកើនតម្លៃពី១០ទៅ១៥ ភាគរយក្នុងរយៈពេល២ខែខាងមុខ

2022/05/25 01:18:52 pm        999
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា បានព្យាករណ៍ថា ក្នុងរយៈពេល២ខែខាងមុខ ពោលចាប់ខែកក្កដា និងសីហា តម្លៃស្រូវនៅកម្ពុជា នឹងអាចឡើងថ្លៃយ៉ាងហោចណាស់ពី ១០ ទៅ១៥% ដោយសារតម្លៃអង្ករលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃ។លោក លន់ យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា​កន្លងទៅ មានប្រសាសន៍ប្រាប់ប៊ីធីវីថា វិបត្តិសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានធ្វើឱ្យពិភពលោក​ខ្វះ​ស្បៀងអាហារ ព្រោះប្រទេសទាំង២នេះ ផលិតស្រូវសាលីសម្រាប់នាំចេញទៅអឺរ៉ុបច្រើនជាងគេ និងប្រទេសមួយចំនួនទៀតនៅអាហ្រ្វិក ដែលបណ្តាលឱ្យស្រូវសាលីកើនឡើងខ្លាំង​រហូត​ដល់​៣០%។ ក្នុងពេលពិភពលោកកំពុងខ្វះស្បៀងអាហារនេះ ក៏ជាឱកាសល្អសម្រាប់​អង្ករកម្ពុជា​ផងដែរ​។ លោក បានបន្ថែមថា ​ប៉ុន្តែយ៉ាងណាមិញ ​លោកមានការព្រួយបារម្ភពីការឡើង​ថ្លៃជី នឹង​ធ្វើ​ឲ្យប្រជាកសិករមួយចំនួនកាត់បន្ថយការដាំស្រូវវិញ។តាមការលើកឡើងរបស់មន្រ្តីអង្គការសហប្រជាជាតិ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ​តម្លៃអាហារបានកើនឡើងថ្លៃយ៉ាងគំហុក​ ហើយប្រសិនបើកំពង់ផែ Odesa របស់​អ៊ុយក្រែន មិនត្រូវបានបើកនោះទេ ​នឹងធ្វើឱ្យមានបញ្ហាកាន់តែខ្លាំង ខណៈមានមនុស្សប្រមាណ ៤៩លាននាក់​ នៅក្នុងប្រទេសចំនួន៤៣ ​ដែលកំពុងជួបគ្រោះទុរភិក្ស ហើយពិភព​លោក​នឹង​ប្រឈមមុខ ​អស្ថិរភាព និងការធ្វើចំណាកស្រុកដ៏ធំប្រសិនបើមិនដោះស្រាយ។យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ ការនាំចេញ​អង្ករកម្ពុជាទៅ​កាន់ទីផ្សារអន្តរជាតិ ​មានចំនួនជាង ​២២ម៉ឺនតោន ដោយទទួល​បាន​ចំណូលជាង ១៣៩លានដុល្លារអាមេរិក។ ​ដោយឡែក​ការនាំចេញស្រូវក្នុងរយៈពេល៤ខែដូចគ្នានេះ​ តាមរយៈការឆ្លងកាត់ព្រំដែន​ជាមួយ​ប្រទេសវៀតណាម ​មានចំនួន ១.៦លានតោន ​ទទួល​បាន​ទឹកប្រាក់​ប្រមាណជាង ៣៧០លានដុល្លារ៕អត្ថបទ៖ បូរ៉ាវី

កម្ពុជាជំរុញយន្តការបើកចំហរទីផ្សារសម្រាប់ពាណិជ្ជកម្ម និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់

2022/05/24 12:40:11 pm        516
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃម្សិលមិញ បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ "ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្មដើម្បីការងើបឡើងវិញ" ដែលត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។ក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់​អំពី​សារៈសំខាន់ ​និងភាពចាំបាច់នៃការលុបបំបាត់​ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈយន្ដការ​នៃកិច្ចសម្រួលពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងពិភពលោក ដែលជាមធ្យោបាយដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស។ឯកឧត្ដម​ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបើកចំហរទីផ្សារសម្រាប់ពាណិជ្ជកម្ម និងផែនការ​សកម្មភាព​ដែលផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវ ​ការតភ្ជាប់សេដ្ឋកិច្ច និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់​ពិភពលោក ដែលទាំងនេះ គឺជាផ្នែកនៃអាទិភាពអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ២០២២ ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together)។ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីសកម្មភាពរបស់កម្ពុជា ​ក្នុងការសម្រួលពាណិជ្ជកម្ម ដូចជា ក្របខណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី​សម្រាប់ឆ្នាំ២០២១-២០២២, វេទិកាវេទិការដ្ឋាភិបាល ​និងវិស័យឯកជន, ប្រព័ន្ធ ASYCUDA, ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ​និងកំណែទម្រង់មួយចំនួន ដែលជួយ​ពន្លឿនដល់ការបញ្ចេញទំនិញតាមព្រំដែនសម្រាប់ទំនិញទូទៅ ក៏ដូចជាទំនិញនិង​សម្ភារៈពេទ្យ​សំខាន់ៗ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។បន្ថែមពីនេះទៀត ឯកឧត្តមបានបន្ដថា កម្ពុជានៅតែបន្ដធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទាំងនេះ និង​បាន​លើកឡើងអំពី គម្រោង SeT4SME ជាមួយ Global Alliance ដើម្បីកិច្ចសម្រួលពាណិជ្ជកម្ម​ដើម្បី​បង្កើត Electronic Advance Data ដ៏ពេញលេញមួយ តាមរយៈការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ ASYCUDA និងប្រព័ន្ធប្រកាសពន្ធគយ​ នៃប្រៃសណីយ៍កម្ពុជា។ឯកឧត្តម បានស្នើឱ្យមានការចាប់អារម្មណ៍លើបញ្ហាសម្រាប់ប្រទេសអភិវឌ្ឍន៍​តិចតួច ពាក់ព័ន្ធ​នឹង​អនុលោមភាពនៃឯកសារតម្រូវសម្រាប់ការនាំចេញ ដូចជា "proof of non-manipulation" ឬ វិញ្ញាបនបត្រ​បញ្ជាប់ប្រភពដើម ​ដែលឯកសារតម្រូវទាំងនេះ ធ្វើឱ្យការចំណាយកើនឡើង​សម្រាប់​អ្នក​នាំចេញទំនិញ ដូច្នេះឯកសារតម្រូវទាំងនេះគួរត្រូវបានលុបចោល ​និងជំនួសវិញដោយ ការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification)៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM