តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
ខេត្តកំពុងស្ពឺមានរោងចក្រកំពុងដំណើរការជិត ១.៤០០ កន្លែង និងផ្តល់ការងារជាង ៤៥ ម៉ឺនកន្លែង
កសិករក្នុងខេត្តបន្ទាយមានជ័យចាប់ផ្តើមការងារបង្កបង្កើនស្រូវដោយប្រើពូជសែនក្រអូប និងស្រង៉ែ
វិស័យឯកជន៖ ការបង្កើតក្រុមការងាររៀបចំសេវាអេទ្បិចត្រូនិក ដើម្បីឆ្លើយតបដល់ធុរកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

អត្រាអតិផរណារបស់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងក្នុងខែតុលា

2023/11/02 01:19:15 pm        155
អតិផរណាប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងក្នុងខែតុលា ដែលជំរុញដោយកំណើនតម្លៃម្ហូបអាហារ ភេសជ្ជៈ និងថ្នាំជក់ នេះបើយោងតាមទីភ្នាក់ងារស្ថិតិឥណ្ឌូនេស៊ី (BPS) កាលពីថ្ងៃពុធ (១ វិច្ឆិកា)។ លោក ភូដជី អ៊ីស្មាទីនី (Pudji Ismartini) អនុប្រធានទីភ្នាក់ងារស្ថិតិ BPS ទទួលបន្ទុកផ្នែកស្ថិតិចែកចាយ និងសេវាកម្ម បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «អង្ករគឺជាអ្នករួមចំណែកដ៏ធំបំផុតចំពោះអតិផរណាចាប់ពីខែសីហា ដល់ខែតុលា» ដោយបន្ថែមថាព្រឹត្តិការណ៍អាកាសធាតុ អ៊ែល នីញ៉ូ (El Nino) បានបង្កជាគ្រោះរាំងស្ងួតដ៏យូរ ដែលបណ្តាលឱ្យផលិតកម្មស្រូវធ្លាក់ចុះ។តួលេខអតិផរណានេះ ស្ថិតនៅក្នុងគោលដៅសុវត្ថិភាពរបស់ធនាគារកណ្តាលពីកម្រិត ២ភាគរយទៅ ៤ភាគរយនៅឆ្នាំនេះ។ សម្រាប់ឆ្នាំក្រោយ គោលដៅសុវត្ថិភាពអតិផរណានឹងមានពីកម្រិត ១,៥ភាគរយ ទៅ ៣,៥ភាគរយ។ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ ខែតុលា បានដំឡើងអត្រាការប្រាក់គោល ដែលឥឡូវនេះ គឺមានចំនួន ៦ភាគរយ ដើម្បីធ្វើឲ្យមានស្ថិរភាពតម្លៃនៃរូបិយប័ណ្ណ រូពៀ ក្នុងការប្រឈមមុខនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ជាសកល ក៏ដូចជាការគ្រប់គ្រងអតិផរណាផងដែរ។ក្រុមអ្នកជំនាញប៉ាន់ប្រមាណថា អង្ករនឹងក្លាយជាកត្តាកំណត់ចម្បងសម្រាប់អតិផរណារួមនៅឆ្នាំ២០២៣ ព្រោះឥទ្ធិពលនៃព្រឹត្តិការណ៍អាកាសធាតុ អ៊ែល នីញ៉ូ នឹងនៅតែបន្តរហូតដល់ខែដំបូងនៃឆ្នាំក្រោយ បើទោះបីជាប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមចូលរដូវវស្សាក៏ដោយ៕

«អង្ករខ្មែរជើងដំបូង»ចំនួនប្រមាណ១ម៉ឺនតោន នឹងត្រូវដឹកចេញដល់កំពង់ផែឥណ្ឌូនេស៊ី ជាផ្លូវការនៅថ្ងៃនេះ

2023/11/02 11:51:47 am        216
ភ្នំពេញ៖ តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចរចាបើកទីផ្សារក្នុងការនាំអង្ករចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី «អង្ករខ្មែរជើងដំបូង» ចំនួន ៣ ៥០០តោន បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ ខណៈជាលទ្ធផល អង្ករកម្ពុជាចំនួនប្រមាណ១ម៉ឺនតោន នឹងត្រូវដឹកចេញ ទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការហើយនៅថ្ងៃនេះ។មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការដឹកអង្ករចេញពីកម្ពុជាមានចំនួន៣ជើង ដោយប្រើរយៈពេល ១៨ថ្ងៃ ទៅដល់ប្រទេសឥណ្ឌូណេស៊ី និងអាស្រ័យកំពង់ផែដែលត្រូវទៅ។ ឯកឧត្តម បានរៀបរាប់ថា ក្នុងជើងទី១នេះ បានទៅដល់ទីផ្សារឥណ្ឌូនេស៊ី ចំនួន ៣,៥០០តោន។ ឯកឧត្តម បានបន្តថា ជើងទី២ មានចំនួន ៣,០០០តោន បានចេញដំណើរទៅ នៅថ្ងៃ២៩ តុលា ២០២៣ និងជើងទី៣ ចំនួន ៣,៥០០តោន នឹងត្រូវចេញដំណើរនៅថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២៣។សូមបញ្ជាក់ថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងពាណិជ្ជកម្ម , អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។ កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ៕

តម្លៃប្រេងហក់ឡើងខ្ពស់ ខណៈជម្លោះនៅមជ្ឈិមបូព៌ា បង្កក្តីបារម្ភដល់ការផ្គត់ផ្គង់

2023/11/02 11:23:57 am        99
តម្លៃប្រេងបានកើនឡើងខ្ពស់នៅក្នុងការជួញដូរដំបូងនៅថ្ងៃព្រហស្បតិ៍ទី២ខែវិច្ឆិកានេះ ស្របពេលជម្លោះនៅមជ្ឈិមបូព៌ា ធ្វើឲ្យក្រុមវិនិយោគិនព្រួយបារម្ភខ្លាំង ថាតើជម្លោះនោះអាចរំខានដល់ការផ្គត់ផ្គង់ប្រេងនៅជុំវិញតំបន់នេះដែរឬទេ។តម្លៃភាគហ៊ុននៃប្រេងឆៅរបស់ក្រុមហ៊ុនប្រេនធ៍(Brent) របស់សហរដ្ឋអាមេរិក បានកើនឡើង ៣៨សេន ក្នុងតម្លៃ ៨៥,០១ដុល្លារ ក្នុងមួយបារ៉ែល នៅត្រឹម ០០ ម៉ោងសកល ស្រពពេលតម្លៃភាគហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៤៦ សេន ក្នុងតម្លៃ៨០,៩០ដុល្លារក្នុងមួយបារ៉ែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី កាម៉េនី (Ayatollah Ali Khamenei)បានអំពាវនាវឱ្យបណ្ដារដ្ឋមូស្លីមបញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ប្រទេសអ៊ីស្រាអែល ដោយទាមទារឱ្យបញ្ចប់ការទម្លាក់គ្រាប់បែករបស់ខ្លួនលើតំបន់ហ្កាហ្សា តទទៅទៀត ។ យោងតាមទិន្នន័យថាមពលរបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់ ដែលជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេងឬហៅថា (OPEC) ផលិតបានប្រេងឆៅប្រហែល ២,៥ លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២២។កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ទៀតកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារលើកទីពីររបស់ពួកគេលើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ក្នុងតំបន់ហ្កាហ្សារយៈពេលពីរថ្ងៃ ស្របពេលក្រុមជនស៊ីវិលដំបូងដែលជម្លៀសចេញពីតំបន់ឡោមព័ទ្ធបានឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីប។ អ្នកចូលរួមក្នុងទីផ្សារហិរញ្ញវត្ថុ កំពុងរង់ចាំកិច្ចប្រជុំរបស់ធនាគារអង់គ្លេសដែលរំពឹងទុកនៅថ្ងៃព្រហស្បតិ៍នេះ ។ នៅអឺរ៉ុប អតិផរណាខែតុលានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ គឺនៅកម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំ ដោយការិយាល័យស្ថិតិសហភាពអឺរ៉ុប បានបង្ហាញពីទស្សនៈថាធនាគារកណ្តាលអឺរ៉ុបទំនងជាមិនដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ៕

ធនាគារពិភពលោក ព្រមានថា សង្គ្រាមនៅមជ្ឈឹមបូព៌ាអាចបង្កឲ្យមានការរង្គោះរង្គើតម្លៃប្រេង

2023/11/01 01:24:57 pm        122
ធនាគារពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ស្ថាប័ននេះរំពឹងថាតម្លៃប្រេងពិភពលោកជាមធ្យម ៩០ ដុល្លារក្នុងមួយបារ៉ែល ក្នុងត្រីមាសទី ៤ និងធ្លាក់ចុះមកជាមធ្យម ៨១ ដុល្លារក្នុងឆ្នាំ ២០២៤ ខណៈដែលកំណើនយឺតបានកាត់បន្ថយតម្រូវការ ប៉ុន្តែបានព្រមានថាការកើនឡើង ខណៈជម្លោះនៅមជ្ឈិមបូព៌ាចុងក្រោយនេះ អាចបង្កើនតម្លៃកាន់តែខ្ពស់ខ្លាំង។ របាយការណ៍ទស្សនវិស័យទីផ្សារទំនិញចុងក្រោយ របស់ធនាគារពិភពលោក បានកត់សម្គាល់ថា តម្លៃប្រេងបានកើនឡើងត្រឹមតែប្រហែល ៦% ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈតម្លៃទំនិញកសិកម្ម លោហៈ និងទំនិញផ្សេងទៀត បានកើនឡើងយឺត។ធនាគារបាននិយាយថារបាយការណ៍នេះ បានបញ្ជាក់អំពីសេណារីយ៉ូ ហានិភ័យចំនួនបី ដោយផ្អែកលើវគ្គប្រវត្តិសាស្ត្រដែលពាក់ព័ន្ធទៅនឹងជម្លោះក្នុងតំបន់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដោយការកើនឡើងភាពធ្ងន់ធ្ងរ និងផលវិបាក។ សេណារីយ៉ូ នៃការបង្អាក់តិចតូច ស្មើនឹងការកាត់បន្ថយទិន្នផលប្រេង ដែលត្រូវបានឃើញក្នុងអំឡុងពេលសង្រ្គាមស៊ីវិលប្រទេសលីប៊ី ក្នុងឆ្នាំ ២០១១ ប្រមាណ ៥០០.០០០ ទៅ ២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជំរុញឱ្យតម្លៃប្រេងហក់ឡើងចន្លោះពី ៩៣ ទៅ ១០២ ដុល្លារក្នុងមួយបារ៉ែលនៅក្នុងត្រីមាសទី ៤ ។ សេណារីយ៉ូ ការបង្អាក់កម្រិតមធ្យម ដែលដូចគ្នាទៅនឹងសង្រ្គាមអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០០៣ បានកាត់បន្ថយការផ្គត់ផ្គង់ប្រេងនៅទូទាំងពិភពលោកពី ៣ លានទៅ ៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជំរុញឱ្យតម្លៃនៅចន្លោះពី ១០៩ ទៅ ១២១ ដុល្លារក្នុងមួយបារ៉ែល។ លោក Ayhan Kose អនុប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក បាននិយាយថា តម្លៃប្រេងហក់ឡើងខ្ពស់ ហើយប្រសិនបើនៅបន្ត នោះមានន័យថាតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់ផងដែរ។

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៣ ពាន់លានដុល្លារអាម៉េរិក

2023/10/31 04:24:00 pm        436
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ប្រមូលចំណូល​ពន្ធអាករ​គ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ បានចំនួនជាង១២ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ពាន់លានដុល្លារ ស្មើនឹង ៨៥,៧០ ភាគរយនៃផែនការប្រចាំឆ្នាំ២០២៣។ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ​និង​ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រមូលចំណូលប្រចាំ ខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៣នេះថា លទ្ធផលប្រមូលពន្ធក្នុងខែកញ្ញា ឆ្នាំ ២០២៣ នេះ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង​ តាមប្រព័ន្ធគ្រប់ គ្រង​ទិន្នន័យចំណូលអនឡាញ ​បានចំនួនជាង ១ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណ ២៥៥ លានដុល្លារ ស្មើជាង ៧ ភាគរយ នៃផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ ទាក់ទងការប្រមូលចំណូលនេះ បើគិតសរុបក្នុងរយៈពេល ៣ ត្រីមាស ក្នុងឆ្នាំ ២០២៣, អគ្គ​នាយកដ្ឋាន​ពន្ធដារប្រមូលបាន ​មានចំនួនជាង ១១ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណជាង ២ ៨០៦ លានដុល្លារ ស្មើនឹង ៧៨,៥៧ ភាគរយ នៃផែនការច្បាប់ ​ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ​ក្នុងនោះបើត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣ នេះវិញ ការប្រមូលចំណូលសម្រេច​បាន​ជាង ១២ ពាន់ប៊ីលានរៀលត្រូវជា៣ ០៦០ លានដុល្លារស្មើនឹង ៨៥,៧០ ភាគរយ នៃផែនការ​ប្រចាំឆ្នាំ២០២៣។ជុំវិញការប្រមូលចំណូលនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ផ្តល់នូវអនុសាសន៍ណែនាំ​សម្រាប់ជាទិសដៅអនុវត្តបន្ត របស់​អគ្គនាយកដ្ឋានពន្ធដារ ​ជាពិសេសការងារអាទិភាពសំខាន់ៗ ​ក្នុងការពង្រឹង និងធ្វើឱ្យប្រសើរ​ឡើង​នូវការផ្ដល់សេវាអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយ​នូវ​បញ្ហា​ប្រឈមនានា​របស់វិស័យ ឯកជន ក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹង​និង​ការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញ ​ការងារដោយផ្អែកលើ ​និយាមនីតិវិធីប្រតិបត្តិការងារ លើ​គ្រប់ប្រភេទការងារ ​និងប្រភេទពន្ធ ​ព្រមទាំងដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួនទៀត ​សម្រាប់ ការងារ​កែទម្រង់ជាលក្ខណៈប្រព័ន្ធផងដែរ។ បន្ថែមពីលើនេះ ​ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ​បាន​គាំទ្រលើការ​ដាក់ចេញ​នូវ​ចក្ខុវិស័យនៃការធ្វើ​បរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ​ដើម្បីកែប្រែអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ​ទៅជារដ្ឋបាលសារ​ពើ​ពន្ធជំនាន់ ៣.០ ស្របទៅតាម​បរិការណ៍​វិវត្ត​នៃរដ្ឋបាលសារពើពន្ធ ​ក្នុងសកលលោក៕អត្ថបទ៖ សុន រ៉ាឌី

មនុស្សម្នាតម្រង់ជួរយ៉ាងវែងរង់ចាំចាក់ប្រេងឥន្ធនៈនៅប្រទេសអាហ្សង់ទីន ដោយសារកង្វះខាតធ្ងន់ធ្ងរ

2023/10/29 02:53:04 pm        256
កាលពីថ្ងៃសៅរ៍ (២៨ តុលា) មនុស្សម្នាជាច្រើនបានតម្រង់ជាជួរយ៉ាងវែងនៅស្ថានីយ៍សេវាកម្មឥន្ធនៈក្នុងទីក្រុង Buenos Aires និងទីក្រុងផ្សេងទៀតក្នុងប្រទេសអាហ្សង់ទីន ដោយសារកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។ ការតម្រង់ជួរដ៏វែងនេះ បានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមប្រជាពលរដ្ឋ ដែលភាពតានតឹងរួចទៅហើយ ដោយវិបត្តិសេដ្ឋកិច្ចជាមួយនឹងអតិផរណាជិត ១៤០% និងបញ្ហារូបិយប័ណ្ណ ដែលបានបាត់បង់តម្លៃរហូតដល់ទៅ ៤២% នៅឆ្នាំនេះផងដែរ។រដ្ឋាភិបាលអាហ្សង់ទីន បាននិយាយថាមូលហេតុនៃកង្វះខាតនេះ គឺដោយសារវិបត្តិទេសចរណ៍ក្នុងអំឡុងពេលចុងសប្តាហ៍ ហើយនិងពាក្យចចាមអារ៉ាមអំពីកំណើនតម្លៃទំនិញ ដែលអាចកើតមាន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២២ ខែតុលា។ រដ្ឋាភិបាល និងក្រុមហ៊ុនប្រេងកាលពីថ្ងៃសៅរ៍បាននិយាយថា ការដឹកជញ្ជូនប្រេងឥន្ធនៈកំពុងចាប់ផ្តើមមកដល់ក្នុងប្រទេស ហើយបន្ថែមថាកង្វះខាតគួរតែត្រូវបានបន្ធូរបន្ថយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះផងដែរ៕

ការព្យាករណ៍៖ សេដ្ឋកិច្ចអាមេរិកងើបឡើងបន្តិច ក្នុងត្រីមាសទី៣ ខណៈអតិផរណានៅតែមាន

2023/10/27 10:28:46 am        79
សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតរបស់ខ្លួនក្នុងរយៈពេលជិត ២ឆ្នាំក្នុងត្រីមាសទី ៣ ជាថ្មីម្តងទៀតទល់នឹងការព្រមានធ្ងន់ធ្ងរអំពីវិបត្តិសេដ្ឋកិច្ច។នេះបើតាមការព្យាករណ៍ជាមុនរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍។ ផលិតផលក្នុងស្រុកសរុប ឬ GDP បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៣,៩% កាលពីត្រីមាសមុន ដោយបានឆ្លងផុតការព្យាករណ៍ GDP ៤,៣% ដោយក្រុមសេដ្ឋវិទូ ដែលស្ទង់មតិដោយសារព័ត៌មាន Reuters ។ ការចំណាយរបស់អ្នកប្រើប្រាស់ដ៏ច្រើនបានជំរុញឱ្យមានការកើនឡើង ស្របពេលមានស្ថានភាពយ៉ាប់យ៉ឺននៅក្នុងទីផ្សារការងារ ដោយអាជីវកម្មបានស្តុកទុកឃ្លាំង និងបើកហាងឡើងវិញ ដើម្បីបំពេញតម្រូវការដ៏ច្រើន។ ការចំណាយរបស់អ្នកប្រើប្រាស់មានចំនួនច្រើនជាងពីរភាគបីនៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។សេដ្ឋកិច្ច ក៏ត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃការវិនិយោគលំនៅដ្ឋានបន្ទាប់ពីការធ្លាក់ចុះ៩ត្រីមាសជាប់ៗគ្នា។ ខណៈល្បឿន GDP ដ៏រឹងមាំទំនងជាមិនមាននិរន្តរភាព វាបានបង្ហាញពីភាពរឹងមាំរបស់សេដ្ឋកិច្ច បើទោះបីជាការដំឡើងអត្រាការប្រាក់ដ៏ខ្ពស់ពីធនាគារកណ្តាលសហព័ន្ធដើម្បីទប់ទល់នឹងអតិផរណាក៏ដោយ។ប៉ុន្តែកំណើនអាចថយចុះនៅក្នុងត្រីមាសទី ៤ ដោយសារកត្តាជាច្រើន រួមទាំងកូដកម្មរបស់ បុក្គលិកសហជីព United Auto Workers និងការបន្តការសងប្រាក់កម្ចីសិស្សសម្រាប់ជនជាតិអាមេរិករាប់លាននាក់៕

កំពង់ផែ Ashdod របស់អ៊ីស្រាអែល កំពុងស្ថិតនៅក្រោមស្រមោលនៃគ្រាប់រ៉ុក្កែត

2023/10/26 01:40:19 pm        121
នៅពេលសំឡេងស៊ីរ៉ែនរោទិ៍ព្រមានពីគ្រាប់រ៉ុក្កែត ដែលចូលមកពីតំបន់ហ្គាហ្សា កម្មករនៅកំពង់ផែ Ashdod របស់អ៊ីស្រាអែល ឈប់ប្រតិបត្តិការ ក្នុងរយៈពេលមួយភ្លែត ហើយបន្តការងាររបស់ពួកគេវិញភ្លាមៗ នៅប៉ុន្មាននាទីក្រោយ នៅពេលដែលអ្វីៗទាំងអស់ ត្រូវបានផ្តល់ឲ្យ។នេះគឺជាមធ្យោបាយខុសពីធម្មតាសម្រាប់កំពង់ផែ ដើម្បីរក្សាប្រតិបត្តិការ ប៉ុន្តែវាបានក្លាយជាមធ្យោបាយតែមួយគត់ ដើម្បីរក្សាខ្សែចង្វាក់ផ្គត់ផ្គង់ដែលផ្លាស់ប្តូរ ក្នុងពេលមានសង្គ្រាម។អ៊ីស្រាអែល បានប្តេជ្ញាកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីក្រុមប្រយុទ្ធរបស់ខ្លួន បានសម្រុកចូលក្រុងអ៊ីស្រាអែលពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.៤០០ នាក់ និងចាប់ចំណាប់ថ្នូរជាង ២២០នាក់ នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិល ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ការរួមបញ្ចូលគ្នានៃសមយុទ្ធហ្វឹកហ្វឺន ជម្រកការពារ និងប្រព័ន្ធការពារដែនអាកាស Iron Dome នៅក្បែរនោះ មានន័យថា កំពង់ផែគ្រប់គ្រងដោយរដ្ឋាភិបាល ដែលមានចម្ងាយ៤០គីឡូម៉ែត្រ (៣០ម៉ាយ) ពីតំបន់ហ្គាហ្សា អាចកាត់បន្ថយការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ចំពេលមានការព្រួយបារម្ភអំពីការរឹតបន្តឹងការផ្គត់ផ្គង់សម្រាប់ខ្សែត្រៀមជួរមុខ។

ក្នុងខេត្តកំពង់ឆ្នាំង តម្លៃស្រូវវស្សាឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ខណៈការប្រមូលផលបានជិត ២ម៉ឺនហិកតា

2023/10/26 10:11:44 am        1230
កំពង់ឆ្នាំង៖ ដោយសារឆ្នាំនេះរបបទឹកភ្លៀងល្អប្រសើរ មិនមានជំនន់ទឹកភ្លៀង និង​មិនមាន​ផល​រំខាន​ពីសត្វល្អិតចង្រៃផងនោះ ធ្វើឱ្យប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូល​ផល​ស្រូវ​រដូវ​វស្សា​បានជិត ២ម៉ឺនហិកតា ហើយទិន្នផលជាមធ្យម ចំនួនជាង៤តោនក្នុង១ហិកតា។ ការ​ប្រមូល​ផល​នេះគិតមកត្រឹមថ្ងៃ ទី២៦ ខែតុលា នេះ ។ នេះបើតាមការឱ្យដឹងពីលោក ងិន ហ៊ុន ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ ។លោកបានបញ្ជាក់ថា តម្លៃស្រូវ នៅក្នុងសប្តាហ៍នេះ គឺស្រូវក្រអូប ស្ងួត តម្លៃ១.៥៥០រៀល ក្នុង១គី ឡូក្រាម ខ្ពស់ជាង ឆ្នាំ២០២២ ចំនួន២៦០រៀល ក្នុង១គីឡូក្រាម។ ស្រូវចម្រុះ ស្ងួត ជាមធ្យមតម្លៃ ១.៤៧០រៀល ក្នុង១គីឡូ ក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៥០រៀល ក្នុង១គីឡូក្រាម។ ស្រូវ IR សើម តម្លៃ១.១២០រៀល ក្នុង១ គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២១០រៀល ក្នុង១គីឡូក្រាម៕

ភ្ញៀវទេសចរអន្ដរជាតិកើនឡើងជាង២ពាន់នាក់ ក្នុងមួយថ្ងៃ ក្រោយពីដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ

2023/10/24 01:25:32 pm        1194
សៀមរាប៖ ភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ មានការកើនឡើងគួរឱ្យកាត់សំគាល់ ដោយក្នុងមួយថ្ងៃមានចំនួនជាង ២ពាន់ បន្ទាប់បើកដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣កន្លងមកនេះ ។ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ​មានប្រសាសន៍នៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣ នេះថា ចាប់​ពីដំណើរការព្រលានយន្ដហោះថ្មី ភ្ញៀវទេសចរអន្ដរជាតិ បានទៅទស្សនាប្រាសាទអង្គរ មានការកើនឡើងពីជាង១៨០០នាក់ ដល់ជាង២ពាន់​ ក្នុងមួយថ្ងៃ ។ឯកឧត្ដមបន្ដថា បើទោះបីកំណើនអ្នកទេសចរនេះ មិនទាន់ខ្លាំង ដែលកម្ពុជាចង់បានក៏ពិតមែន ក៏​ប៉ុន្ដែវាជាសារមួយបង្ហាញថា​ អ្នកទេសបរទេសកំពុងតែសន្ទុះកើនឡើងជាបន្ដបន្ទាប់។ឯកឧត្ដមរំពឹងថា អ្នកទេសចរនឹងបន្ដទៅកំសាន្ដក្នុងខេត្ដសៀមរាបច្រើនថែមទៀត។យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា ចាប់ពីថ្ងៃទី២០ខែតុលាឆ្នាំ២០២៣នេះ មានអ្នកទេសចរអន្ដរជាតិ ទិញប័ណ្ណចូលទស្សនាអង្គរ មានប្រភេទប័ណ្ណមួយថ្ងៃ បីថ្ងៃ និងមួយសប្ដាហ៍ ។របាយការណ៍ បន្ដថា នៅថ្ងៃទី២០ខែតុលា ​មានចំនួន២ពាន់១៥នាក់ ប្រាសាទកោះកេរចំនួន២៦នាក់ ។នៅថ្ងៃទី២១ខែតុលាមានចំនួន២ពាន់៩៣នាក់ ប្រាសាទកោះកេរ មានចំនួន៥៩នាក់ ។នៅថ្ងៃទី២២ខែតុលាមានចំនួន២២៤៨នាក់ ​ប្រាសាទកោះកេរ​ មានចំនួន៤៣នាក់ ។នៅថ្ងៃទី២៣ខែតុលាមានចំនួន ២២២៦នាក់​ ខណៈដែលប្រាសាទកោះកេរ​មានចំនួន៧១នាក់ ក្នុងមួយថ្ងៃ។​ដោយឡែក​ របាយការណ៍ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២៣នេះ មាន​ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរ ​និងប្រាសាទកោះកេរ ជិត៧ពាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចិត្រករក្រុង Bukavu ប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតតាមរយៈរូបគំនូររបស់ពួកគេនៅតំបន់ជម្លោះកុងហ្គោ
04/30/2025 09:04 PM
គ្រោះរាំងស្ងួតនៅអ៊ីរ៉ាក់ បង្កគ្រោះថ្នាក់ដល់សត្វក្របី និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ
04/30/2025 08:04 PM
ការបិទព្រំដែនហ្កាហ្សាបណ្តាលឲ្យអ្នកជំងឺរាប់ម៉ឺននាក់ប្រឈមហានិភ័យខ្ពស់
04/30/2025 08:04 PM
ភ្លើងឆេះព្រៃរីករាលដាលខ្លាំងនៅជុំវិញទីក្រុងហ្សេរុយសាឡឹម ខណៈអ៊ីស្រាអែលសុំជំនួយពីប្រទេសជាច្រើន
04/30/2025 08:04 PM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ
04/30/2025 08:04 PM
នាយឧត្តមសេនីយ៍ ទៀ វិញ៖រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននាំឲ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តបន្ទាប់
04/30/2025 08:04 PM
អាមេរិកគាំទ្របម្រាមរបស់អ៊ីស្រាអែល លើប្រតិបត្តិការជំនួយរបស់ UNRWA ក្នុងតំបន់ហ្កាហ្សា នៅឯតុលាការពិភពលោក
04/30/2025 08:04 PM
[UPDATE] មនុស្សម្នាក់ស្លាប់ និង ២១នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅខេត្ត Shanxi ប្រទេសចិន
04/30/2025 08:04 PM
ប្រភពទីភ្នាក់ងារសន្តិសុខ SBU៖ អ៊ុយក្រែនបានវាយប្រហាររោងចក្រអាវុធរុស្ស៊ី
04/30/2025 07:04 PM
មនុស្សយ៉ាងហោច ១៧នាក់រងរបួស ក្រោយហេតុការណ៍ផ្ទុះនៅខេត្ត Shanxi ប្រទេសចិន
04/30/2025 07:04 PM