តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
ខេត្តកំពុងស្ពឺមានរោងចក្រកំពុងដំណើរការជិត ១.៤០០ កន្លែង និងផ្តល់ការងារជាង ៤៥ ម៉ឺនកន្លែង
កសិករក្នុងខេត្តបន្ទាយមានជ័យចាប់ផ្តើមការងារបង្កបង្កើនស្រូវដោយប្រើពូជសែនក្រអូប និងស្រង៉ែ
វិស័យឯកជន៖ ការបង្កើតក្រុមការងាររៀបចំសេវាអេទ្បិចត្រូនិក ដើម្បីឆ្លើយតបដល់ធុរកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

សហជីព និងនិយោជិតរំពឹងថា ប្រាក់ឈ្នួលឆ្នាំ២០២៤ នឹងអាចកើនឡើងថែមទៀត

2023/08/09 01:47:25 pm        490
ភ្នំពេញ៖ ស្របពេលកិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បរមាក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្រាប់ឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី១៦ ​សីហា ឆ្នាំ២០២៣តទៅនេះ​ ភាគីសហជីព​ ក៏ដូចជាកម្មករ កម្មការិនី​រោងចក្រ សង្ឃឹមទុកថា​ នឹងអាចដំឡើង​ដូចរៀងរាល់ឆ្នាំ ទោះបីក្នុងកម្រិតតិច ឬច្រើន ដោយ​សារការទទួល​បានការយកចិត្តទុកដាក់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ។កម្មករ កម្មការិនី រោងចក្រកាត់ស្បែកជើងមួយកន្លែង ​ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី៩ សីហា ​ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ក្រោយ​ចូលបំពេញការងារក្នុងវិស័យកាត់ដេរជាច្រើនឆ្នាំមកនេះ ប្រាក់ឈ្នួលអប្បបរមាដែលទទួល​បាន​តែងតែ​កើនឡើងជារៀងរាល់ឆ្នាំ។ ពួកគេនៅតែជឿជាក់ថា ​ប្រាក់ឈ្នួល​នឹងទទួលបាន​ការ​ដំឡើង​ប្រាក់ឈ្នួលខ្ពស់បន្តទៀត​សម្រាប់ឆ្នាំ២០២៤ ជាពិសេសការគៀងគរអ្នកបញ្ជាទិញមក​ប្រទេស​កម្ពុជាឲ្យកាន់តែច្រើនឡើង ដើម្បីមានការថែមម៉ោង ​និងមានប្រាក់ចំណូលខ្ពស់។ លោក សាំង សុធា សហជីពមូលដ្ឋាន ​និងជាកម្មកររោងចក្រ បានលើកឡើងថា ទោះបីជាប្រាក់​ឈ្នួលអាច​ដំឡើង​ ឬមិនអាចដំឡើង​បានសម្រាប់ឆ្នាំ២០២៤ ​ក៏នៅតែពេញចិត្តទទួល ព្រោះដូច​ដឹងស្រាប់ហើយថា ក្រៅពីវិបត្តិកូវីដ១៩ ​នៅជួបបញ្ហាសង្រ្គាមរវាងរុស្ស៉ី ​និងអ៊ុយក្រែន។ដោយឡែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ​បានលើកឡើងថា ស្របពេល​នាយករដ្ឋមន្រ្តីថ្មី នឹងត្រូវចូលកាន់តំណែងជំនួសសម្តេចតេជោ ​ហ៊ុន សែន នឹងអាច​ដំឡើង​ដូចរៀងរាល់ឆ្នាំ ដោយសាររាជរដ្ឋាភិបាលតែងតែមានការលើកទឹក​ចិត្តក្នុងការដំឡើង​ ទោះជា​ក្នុងចំនួនតិចក៏ដោយ។ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករនិយោជិត​ក្នុងវិស័យវាយនភណ្ឌកាត់ដេរ​ សំលៀកបំពាក់ ស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប​ ត្រូវ​បានដំឡើង​ពីចំនួន ៤០ដុល្លារអាម៉េរិក ក្នុងឆ្នាំ១៩៩៧ ​រហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០២៣នេះ៕អត្ថបទ ឈិត បូរ៉ាវី

ការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរកើនឡើងខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច

2023/08/09 10:53:27 am        124
ភ្នំពេញ៖ កម្ពុជាកំពុងមានមោទនភាព នៃការស្រូបយកឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលវិស័យនេះដំណើការខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងប្រទេសយ៉ាងផុលផុស និងបានកំពុងពង្រីកខ្លួនកាន់ធំនៅក្នុងសេដ្ឋកិច្ច។អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យនេះគឺជាផ្នែកមួយនៅក្នុងចង្កោមវិស័យឧស្សាហកម្ម បច្ចុប្បន្នបានកំពុងដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០២៣នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានប៉ាន់ស្មានថា នឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ដោយសារការរំពឹងទុក​ភាពល្អ​ប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលផលិត កម្មបម្រើឱ្យទីផ្សារក្នុងស្រុកក៏មាន​និន្នាការកើន​ឡើង, ជាក់ស្តែងក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣, ការនាំចេញផលិតផលកម្មសាល​មិនមែន​កាត់ដេរបានកើនឡើងប្រមាណ ២២,៧%។ជុំវិញវិស័យនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា កម្ពុជាពិត​ជាត្រូវការខ្សែច្រវ៉ាក់​ផលិតកម្ម នៃកម្មន្តសាលមិនមែនកាត់ដេរ ព្រោះកម្ពុជាមិនអាចពឹងផ្អែក​លើវិស័យ​ឧស្សាហកម្មកាត់ដេរ​ និងវិស័យកសិកម្មតែប៉ុណ្ណោះនោះឡើយ។ វិស័យឧស្សាហកម្មកម្មន្តសាលមិនមែន​កាត់ដេរ ​បានកំពុងស្រូបយកធនធានជំនាញ និងបច្ចេកវិទ្យា ជាពិសេសបានផ្តល់នូវតម្លៃបន្ថែមខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់​ជួយរុញ​កំណើនសេដ្ឋកិច្ច។សូមបញ្ជាក់ថា តាមការវាយតម្លៃរយៈពេល ៦ខែ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មន្តសាល​មិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា ​នឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ដោយសារការ​រំពឹងទុក​ភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលផលិតកម្មបម្រើឱ្យទីផ្សារក្នុងស្រុក​ក៏មាននិន្នាការកើនឡើង ​ខណៈដែលវិស័យកាត់ដេរ​ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានត្រឹមតែ​កំណើន៤,០%,៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញកសិផលជាង ៤,៥លានតោន ទទួលបានចំណូលជាង២,៦ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ

2023/08/09 10:40:25 am        281
ភ្នំពេញ៖ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស​ មានបរិមាណសរុប ៤,៥លានតោន ទៅទៅកាន់ទិសដៅ ៦៨ប្រទេស ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ​ដោយមានការថយចុះចំនួន -១៩,២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​បានលើកឡើងក្នុងរបាយការណ៍ការនាំចេញកសិផល​នៅ​ក្រៅប្រទេស ក្នុងរយៈពេល៧ខែ ​ឆ្នាំ២០២៣នៅថ្ងៃទី៨ ​ខែសីហានេះថា​ ការនាំចេញកសិផលទៅ​ក្រៅប្រទេស​ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យ​គ្រឹះភូតគាម​អនាម័យជាតិ រួមមាន ​អង្ករចំនួនជាង ៣៦ម៉ឺនតោន ស្រូវចំនួនជាង ១,៥លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ២,៦លានតោន។ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួនជាង ២,៦ពាន់​លានដុល្លារអាមេរិក ដែលក្នុងនោះ តម្លៃពីការនាំចេញអង្ករមានចំនួនជាង ៣១៣លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួនជាង ៥០៤ លានដុល្លារអាមេរិក និងតម្លៃការនាំចេញ​កសិផល​ក្រៅពីស្រូវ-អង្ករមានចំនួនជាង ​១,៨ពាន់លានដុល្លារអាមេរិក​។ របាយការណ៍ដដែលបន្តថា ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការ​ថយ​ចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ​ក្រសួងមើលឃើញថា ​មានកំណើនចំនួន ៣,៣២% ដែលនេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើង​នៅពេលវេលាខាងមុខ។ កើនឡើងនេះដោយសារតែ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សា​សន្តិសុខ​ស្បៀងក្នុងប្រទេសរបស់ខ្លួន។ ក្រសួងលើកឡើងថា ​ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិបាននិងកំពុងតែហក់ឡើង កម្ពុជា​កំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាង​សេដ្ឋកិច្ចពី​ព្រឹត្តិការណ៍​នេះ ​តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕អត្ថបទ៖ វណ្ណៈ

យន្តហោះដឹកអ្នកដំណើរចុះចតផ្ទៃទឹក នឹងចាប់ផ្តើមដំណើរការនៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២៣

2023/08/08 01:44:10 pm        757
ភ្នំពេញ៖ បើមិនមានការប្រែប្រួលនោះទេ យន្តហោះហោះចុះចតលើផ្ទៃទឹក ​និងលើគោក នឹង​ចាប់ផ្តើមបើកដំណើរការដឹកអ្នកដំណើរ ​និងទេសចរជាតិអន្តរជាតិនៅក្នុងស្រុក ជាលើកដំបូងនៅកម្ពុជា នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣នេះ។បើតាមការអះអាងរបស់ឯកឧត្តម ជុក ជំនោរ អគ្គនាយកអគ្គនាយកដ្ឋានអភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ​នៅថ្ងៃទី៨ ខែសីហានេះ ​បានឲ្យដឹងថា គម្រោង​ផ្តល់សេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ​របស់ក្រុមហ៊ុន ​Samra Seaplane នឹងចាប់ផ្តើមដឹកអ្នកដំណើរ ​និងទេសចរជាតិអន្តរជាតិ ក្នុងស្រុក​ រវាងសៀមរាប ​ខេត្តព្រះសីហនុ នៅក្នុងខែធ្នូ ឆ្នាំ២០២៣នេះ។ឯកឧត្តម បន្តថា ​យន្តហោះលើទឹកនេះដែរ នឹងដាក់តាំង​បង្ហាញ ​នៅក្នុងឱកាសកម្ពុជា ​រៀបចំ​បុណ្យ​សមុទ្រជុំទី៣ លើកទី១០ នៅខេត្តកែប ​នៅចុងឆ្នាំនេះផងដែរ។ឯកឧត្តម ជុក ជំនោរ ថ្លែងថា នៅក្នុងជំនួបក្រុមការងារអ្នកជំនាញទេសចរណ៍ ​ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ​ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ​Royal Group កាល​ពីពេលថ្មីៗនេះ តំណាងក្រុមហ៊ុន​ ក៏បានបញ្ជាក់ថា ​នៅពេលនេះ ក្រុមហ៊ុន​បានកំពុងធ្វើការ​ជាមួយ​រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ​ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពី​លក្ខណៈ​បច្ចេកទេស បទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរ​បន្ថែមទៀត ដោយក្នុងនោះក្រុមហ៊ុន​គ្រោងនាំ​ចូលប្រភេទយន្តហោះហោះលើទឹកចំនួន​ ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹង​សាកល្បង​ហោះហើរ​សម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ ​និងភ្នំពេញ-ព្រះសីហនុ ហើយក៏នឹងចុះចតទៅដល់​គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី និងកោះនានាទៀត​នៅខេត្តកំពត កែប និងកោះកុង។ឯកឧត្តម បន្តថា​ គម្រោងផ្តល់សេវាដឹកជញ្ជូនផ្លូវអាកាស​តាមរយៈយន្តហោះលើទឹក ​នេះ នឹង​ផ្តល់​ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរ​ទៅកាន់គោលដៅ​រមណីយដ្ឋាន​ប្រណិតសំខាន់ៗនៅកម្ពុជា​ ជាពិសេសតំបន់សមុទ្រ៕អត្ថបទ៖ ស៊ុមសុខជា

សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣រំពឹងសម្រេចបានកំណើនរឹងមាំ ទោះបីរងសម្ពាធពីកត្តាខាងក្រៅ

2023/08/08 01:32:25 pm        711
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ត្រូវបានវាយតម្លៃថា នឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦% ជាមួយនឹងអត្រាអតិផរណាក្នុងរង្វង់ ២,៥% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានកំណើនមិន​ច្បាស់លាស់​ដោយសាររងផលវិបាក​នៃសង្គ្រាមរុស្សី-អ៊ុយក្រែន​ និងការបន្តរឹតបន្ដឹងគោល​នយោបាយរូបិយវត្ថុក្នុងបណ្តាប្រទេសអភិវឌ្ឍន៍។ក្នុងរបាយការណ៍លទ្ធផលនៃការអនុវត្តថវិការឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លើកឡើងថា ​ត្បិតរងផល​វិបាក​នៃសង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងចិន-អាម៉េរិក និងការ​បន្តរឹតបន្ដឹង​គោល​នយោបាយរូបិយវត្ថុក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ កំពុងធ្វើឱ្យទស្សនវិស័យ​សេដ្ឋកិច្ច​សកល ​បន្តមានភាពមិនប្រាកដប្រជាខ្ពស់ និង​បាន​ដាក់​សម្ពាធមកលើអនុវិស័យ​បម្រើការនាំចេញ ​ជាពិសេសអនុវិស័យកាត់ដេរ សេដ្ឋកិចុ្ចកម្ពុជា ​នឹងមានកំណើនរឹងមាំ សម្រេច​ក្នុងអត្រារឹងមាំ ដូចការ​ប៉ាន់ស្មាន់ ​ធ្វើឡើងកាលពីដើមឆ្នាំ។​វិស័យឧស្សាហកម្មត្រូវបានប៉ាន់ស្មានថា ​នឹងមានកំណើន​ ៥,០%ទាបជាងការរំពឹងទុក ដោយ​សារការ​ថមថយកំណើន​នៃអនុវិស័យកាត់ដេរ ​និងការបន្តកំណើន​ទាបនៃអនុវិស័យសំណង់ ក្នុងខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនល្អប្រសើរ។ចំពោះវិស័យសេវាកម្មវិញ, ត្រូវបានប៉ាន់ស្មានដែរថា ​នឹងបន្តងើបឡើងក្នុងរង្វង់ ៨,១% ដែលគាំទ្រ​ដោយ​សន្ទុះលឿនជាងការរំពឹងទុកនៃកំណើនអនុវិស័យសណ្ឋាគារ​ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រ​ផ្សេងទៀតរួមមាន៖​ អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ទោះបីជាអនុវិស័យអចលនទ្រព្យ ​បន្តមានកំណើនទាបជាងការរំពឹងទុកយ៉ាងណាក្តី។ ដោយឡែកវិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថា​ សម្រេចបានកំណើន​ទាបជាងនិន្នាការធម្មតាបន្តិច ក្នុងអត្រា ០,៩% ដោយ សារកត្តាអាកាសធាតុ, ថ្លៃធាតុចូលកសិកម្មនៅបន្តមានតម្លៃខ្ពស់ និង​កត្តាបញ្ហាប្រឈមជារចនាសម្ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជនបង្ហាញពីស្ថិរភាពក្នុងអាជីវកម្ម និងប្ដេជ្ញារួមគ្នាអភិវឌ្ឍន៍លើការកែច្នៃផលិតផលក្នុងស្រុក

2023/08/08 12:33:43 pm        461
ភ្នំពេញ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា ​ចាប់តាំពីមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ឆ្នាំ២០២៣នេះ រហូតដល់ការបោះឆ្នោតបានបញ្ចប់វិស័យឯកជន ​ជាពិសេសសហគ្រាសធុនតូច និងមធ្យម​នៅក្នុងប្រទេសកម្ពុជា​អាចរក្សាបាននូវស្ថិរភាពក្នុងការប្រកបអាជីវកម្ម និងបានប្ដេជ្ញា​សហការ​ធ្វើការងារជាមួយរដ្ឋាភិបាលថ្មី​ជាដោយផ្ដោតសំខាន់លើការកែច្នៃ​ផលិតផលក្នុងស្រុក។ លោកឧកញ៉ា តែ តាំងប៉ ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៣នេះថា​ប្រទេសកម្ពុជា​ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាល​មានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី កាលពីអាណត្តិមុនៗ គ្រប់គ្រងបានយ៉ាងល្អចំពោះបញ្ហានយោបាយនៅក្នុងប្រទេស ជាពិសេស​វិបត្តិជំងឺកូវីដ-១៩ហើយបានរៀបចំព្រឹត្តិការធំៗ​ជាច្រើនឱ្យទទួល​បានជោគជ័យ​ដូចជា​ព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។ លោកបន្តថា តាមរយៈយុទ្ធសាស្រ្ដ និងគោលនយោបាយច្បាស់លាស់​របស់រាជរដ្ឋាភិបាលដែល​ដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជានេះហើយទើប​អាច​រក្សា​បាន​នូវស្ថិរភាព និងការអភិវឌ្ឍ​នៅក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ា តែ តាំងប៉ ក្នុងនាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា​បានអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ដែល​ព្រះមហាក្សត្របាន​ចេញ​ព្រះរាជក្រឹត្យចាត់តាំង​នាយករដ្ឋមន្ត្រីថ្មី សម្រាប់ដឹកនាំប្រទេសកម្ពុជា ។ លោកបន្តថា វិស័យ​ឯកជនជាពិសេសសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា ប្ដេជ្ញារួមគ្នាធ្វើកិច្ចការងារ​ជាមួយ​រាជរដ្ឋាភិបាលថ្មីជាពិសេសលើការកែច្នៃផលិតផលក្នុងស្រុកដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកម្ពុជា​ឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។ សូមជម្រាបថា សហគ្រាសធុនតូច និងមធ្យម បានកំពុង​ដើរតួរជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ចជាតិ។ ដើម្បីគាំទ្រ ​និងជំរុញឱ្យមានកំណើនជាបន្តបន្ទាប់ ​និងការពង្រីកអាជីវកម្មខ្នាតតូច និង​មធ្យមរបស់សហគ្រាសធុនតូច និង​មធ្យមរាជរដ្ឋាភិបាល​បាន​លើក​ទឹកចិត្តផ្នែក​គោល​នយោបាយដូចជា ​ការកាត់បន្ថយពន្ធ ​និងការលើកលែងពន្ធជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

ពលរដ្ឋ ៣ភូមិអាចរកចំណូលបានពីមុខរបរត្បាញក្រមា ជាមុខរបរបានបន្សល់ទុកតាំងពីដូនតា

2023/08/08 11:45:20 am        117
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣ភូមិគឺភូមិតាមា ភូមិទំនប់ថ្មី និងភូមិរង្សី ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ បង្កើតជាសហគមន៍ត្បាញក្រមា ដែលបន្សល់ទុកតាំង​ពី​ដូនតា អាចធ្វើឲ្យជីវភាព​របស់ពួកគាត់ បានធូរធាមួយកម្រិត បន្ទាប់ពីធ្វើស្រែចំការជៀសវាងការចំណាកស្រុក ។ប្រជាពលរដ្ឋឈ្មោះ សយ សារី តំណាងឲ្យពលរដ្ឋដទៃទៀត រស់នៅចំណុចភូមិទំនប់ថ្មីឃុំបេង បានរៀបរាប់ថា គ្រួសាររបស់គាត់ ក៏​ដូចជាក្រុមគ្រួសារដទៃទៀត មួយចំនួន​បា​ន​ងាកមក​ប្រកប​មុខរបរត្បាញក្រមា ដែលជារបរមួយមានតាំងបុរាណបានបន្សល់ទុកពីដូនតា បច្ចុប្បន្នមុខរបរនេះ នៅតែបន្តមានប្រជាពលរដ្ឋមួយចំនួនបន្តធ្វើរបរនេះ ព្រោះរបរត្បាញក្រមា​អាចផ្តល់ប្រយោជន៍ច្រើន​ដល់ពួកគាត់បន្ទាប់ពីធ្វើស្រែចំការ។ពលរដ្ឋរូបនេះ បានបន្តថា ការត្បាញក្រមាប្រសិនបើយើងខិតខំនោះ ក្នុងមួយថ្ងៃ​អាចត្បាញ​បាន​ចំនួនពីរទៅបីប្រមាផងដែរ ។ ក្រមាមួយអាចលក់បានតម្លៃជាងពីរម៉ឺនរៀល ទៅ​តាមប្រភេទ​សាច់ក្រមា ។ ក្នុងនោះ​នៅពេលយើងធ្វើបានហើយនោះ មានខាងមន្ទីរកិច្ចការនារីខេត្ត​មក​ទទួល​ទិញ​ពីបងប្អូន និងជួយរកទីផ្សារឲ្យមិនលំបាកបងប្អូន​យកទៅលក់នៅ​លើទីផ្សារនោះទេ ដោយតម្លៃសមរម្យដូចលើ​ទីផ្សារផងដែរ។យ៉ាងណាម៉ិញលោកស្រីឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានលើកឡើងថា ការត្បាញក្រមានេះ មិនមែនសុទ្ធតែអ្នកស្រុកបន្ទាយអំពឹលចេះត្បាញទាំងអស់គ្រប់គ្នានោះទេ គឺក្រុមការងារជ្រើសរើស និងជួយឧបត្ថម្ភចំពោះតែពលរដ្ឋណា​មាន​ជំនាញ​ស្រាប់ និងអ្នកមិនចេះ​អាចរៀនបន្ត​ពីអ្នកចេះក្នុងមូលដ្ឋាន​របស់ខ្លួន​ ដើម្បីទទួលបានជំនាញត្បាញនេះ។លោកស្រីបញ្ជាក់ថា ក្នុងនោះមន្ទីរកិច្ចការនារីខេត្តបានជ្រើសអ្នក​ដែល​មាន​ជំនាញ​ចេះ​ត្បាញ​ស្រាប់​នៅតាមបណ្តាលក្រុងស្រុកគោលដៅ​ រួមមាន​៖ ស្រុកចុងកាល់ ក្រុងសំរោង និងស្រុកបន្ទាយអំពឹល ដើម្បីបង្កើតជាសហគមន៍នៅតាមមូលដ្ឋានរៀងៗខ្លួន រាល់សំម្ភារៈ និង​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​ដែលពលរដ្ឋពុំមានលទ្ធភាពទិញខាងមន្ទីរជាអ្នកជួយឧត្ថម្ភធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋ​អាចរក​ចំណូល​បានគ្រប់គ្រាន់​សម្រាប់ការផ្គត់ផ្គង់ជីវភាពក្នុងក្រុមក្រួសាររបស់ពួគាត់។ជាមួយគ្នានោះដែរលោកស្រី ក៏​បាន​អំពាវនាវដល់​អាជីវករ ​និង​តាម​មន្ទីរស្ថាប័ននានា​ជុំវិញខេត្ត​ធ្វើយ៉ាងណាជួយគាំទ្រ ​និងទិញផលិតផល​ដែលជាស្នាដៃរបស់​កូនខ្មែរ​ដែល​ធ្វើចេញ​ពី​ដៃផ្ទាល់​របស់​ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ ​និងជំរុញ​ឲ្យមានការផលិតបន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត​ដល់ពួកគាត់​ផងដែរ៕ 

ផលិតផលជលផលកម្ពុជាចំនួន៤មុខទៀត ត្រូវអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន

2023/08/08 09:57:57 am        485
ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានផ្សព្វផ្សាយលើ Facebook ផ្លូវការរបស់ខ្លួនថា រដ្ឋបាលគយនៃប្រទេសចិន ទើបបានបញ្ចប់នីតិវិធី ក្នុងការអនុញ្ញាតឱ្យផលិតផល​ជលផល​របស់កម្ពុជា ​៤មុខទៀត អាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន។ផលិតផលជលផលចិញ្ចឹមទាំង ៤មុខនេះរួមមាន៖ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ដូច្នេះថា ផ្អែកលើពាណិជ្ជកម្មប្រពៃណី ដែលមានស្រាប់លើ​ជលផល​​រវាងចិន ​និងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផល​ទាំង​ស្រុង ដែលត្រូវបានអនុញ្ញាត​នាំចេញទៅកាន់ប្រទេសចិន។ សម្រាប់ក្រុមហ៊ុន​ដែលត្រូវបានរដ្ឋបាលគយ​នៃប្រទេសចិន ​ទទួលស្គាល់សម្រាប់ការនាំចេញផលិត​ផល​ជលផលទាំងនេះគឺ ក្រុមហ៊ុន Cambodian Tienit International Trading។​ ការអនុញ្ញាតនេះ ជា​សមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជា ​ទៅកាន់ទីផ្សារប្រទេសចិន។សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទ​ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ​ទៅកាន់ទីផ្សារប្រទេសចិន។​ ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។អគ្គរដ្ឋបាលគយចិន បានអនុម័តលើការចុះបញ្ជី ​របស់ក្រុមហ៊ុននាំចេញមានឈ្មោះ KIM CHOU Co., Ltd Import Export and International Transportation ដែលបានស្នើសុំនាំចេញផល​ផលិតផល​ជលផលពីធម្មជាតិចំនួន ១១ប្រភេទទៅកាន់ប្រទេសចិន។សូមជម្រាបថា រហូតមកដល់ពេលនេះ ​ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញ​ប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច ផលិតផលជលផលពីធម្មជាតិចំនួន ​១១ប្រភេទ និងផលិតផលជលផល​ចិញ្ចឹម ៤មុខទៀត៕

កម្ពុជានាំចេញគ្រឿងអេឡិចត្រូនិកមានទឹកប្រាក់ជាង ១,៤ពាន់លានដុល្លារ ក្នុងឆមាសទី១

2023/08/07 12:58:20 pm        203
ភ្នំពេញ៖ កម្ពុជាបាននាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើងគួរឱ្យសម្គាល់ ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ បើទោះបីជាការនាំចេញផលិតផលកាត់ដេរ ​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផលធ្វើដំណើរ ដែលជាទំនិញនាំចេញសំខាន់របស់កម្ពុជា ​បានថយចុះ។របាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ​ បង្ហាញថា ការនាំចេញគ្រឿងអេឡិចត្រូនិក​ មាន​ទឹកប្រាក់ប្រមាណ ១ ៤៤០ លានដុល្លារ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ កើនឡើង១.៣ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍លើកឡើងថា៖ ការនាំចេញបានថយចុះ ២,១ភាគរយ ជាចម្បងដោយសារការ​ថយ​ចុះការនាំចេញទោចក្រយាន ៣០,៥ភាគរយ ផលិតផលកាត់ដេរ​ ១៨,៤ភាគរយ និងកៅស៊ូ ៩,៨ភាគរយ​ ខណៈដែលមុខទំនិញផ្សេងទៀតបានកើនឡើងរួមមាន​ គ្រឿងអេឡិចត្រូនិក កើនឡើង១,៣ដង និងអង្ករ កើនឡើង ១២,៤ភាគរយ។ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ បានលើកឡើងថា ​ការនាំចេញផលិតផលមិនមែនកាត់ដេរមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឆ្លុះបញ្ជាំងពីប្រសិទ្ធិភាព​នៃការអនុវត្ត​គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។ឯកឧត្តម បន្តថា គោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ បានជំរុញការ​វិនិយោគលើបច្ចេកវិទ្យា​ក្នុងសង្វាក់ផលិតកម្ម និងជំរុញការនាំចេញផលិតផលមិនមែន​កាត់​ដេរកើនឡើងខ្ពស់៕ អត្ថបទ៖ វណ្ណៈ

កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ៥លាននាក់ នៅឆ្នាំនេះ

2023/08/07 12:53:35 pm        570
ភ្នំពេញ៖ នៅឆ្នាំនេះកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥លាននាក់ និងឆ្នាំ២០២៦ នឹងមានការកើនឡើងដល់ប្រមាណ៧លាននាក់ ។ នេះបើតាមប្រសាសន៍ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រ សួងទេសចរណ៍ ប្រាប់អ្នកសារព័ត៌មាន ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុង​អន្តរជាតិចក្រភពខ្មែរ លើកទី៨ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នៅថ្ងៃទី៦ ខែសីហា នេះ ។ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ​លើកទី៨ឆ្នាំ ២០២៣នេះ ​មានអ្នកចូលរួមសរុបជាង២ពាន់៥រយនាក់ ក្នុងនោះមានបរទេសជាង​៥០០នាក់​មកពី៤៥ប្រទេស ហើយចំនួននេះមានការ កើនឡើងច្រើនបើធៀបទៅ​នឹងការប្រកួត​ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៧ ដែលត្រូវបានរៀបចំជាថ្មី ​បន្ទាប់ពីវិបត្តិជំងឺកូវីដ- ១៩ កាលពីឆ្នាំ២០២២។ ការកើនឡើង នៃចំនួនអ្នកចូលរួមនៅក្នុងទិវានេះ ដោយសារភ្ញៀវទេសចរបានមើលឃើញថា កម្ពុជាមានសុខសន្តិភាពពេញបូរិបូណ៍ ហើយគណៈកម្មការ និងអ្នកពាក់ព័ន្ធផ្សេងៗ ទៀតបានរៀបចំតំបន់អង្គរបានល្អ។ក្នុងន័យនេះ ​ឯកឧត្តម រំពឹងថា នៅឆ្នាំនេះ កម្ពុជា នឹងទទួលបានភ្ញៀវទេសចអន្តរជាតិ៥លាននាក់ ក្នុងស្រុកប្រមាណ១៦លាននាក់ និងឆ្នាំ២០២៦ ទទួលបានភ្ញៀវទេសចរអន្តរជាតិកើនឡើង​ដល់​ប្រមាណ ៧លាននាក់។ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណជាង១២លាននាក់ ។ នេះបើយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ ។ជាធម្មតា ខែកក្កដា និងខែសីហា ជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវ ភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះ មិនមានថ្ងៃឈប់​សម្រាកជាតិ ទេ។ ប៉ុន្តែ ចរន្តភ្ញៀវ នឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំ បិណ្ឌ និងថ្ងៃ ឈប់សម្រាកនានា។ក្រសួងទេសចរណ៍រំពឹងថា ​នឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង​ ប្រមាណ១៦លាននាក់ សម្រាប់ ឆ្នាំនេះ ​ក្រោមទម្រង់អក្សរ V ​ដូចដែលព្យាករក្នុងផែនទីចង្អុលផ្លូវ ​ស្តីពីការស្តារ និងលើកស្ទួយ​វិស័យទេស ចរណ៍ក្នុងនិងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ៕អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះខ័នរាជ បន្ដគ្រងជើងឯកលីគកំពូលកម្ពុជា មុនបិទរដូវកាលជាថ្មី ខណៈលោក Pep ថាពិតជាស័ក្ដិសម
05/01/2025 09:05 AM
អាមេរិក និងអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ដែលពង្រឹងការវិនិយោគក្នុងវិស័យការពារជាតិរបស់ទីក្រុង Kyiv ប្រឆាំងរុស្ស៊ី
05/01/2025 08:05 AM
ប្រតិភូយុវជនសិង្ហបុរី នៃកម្មវិធី Youth Leaders Collective នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១ដល់ទី៣ ខែឧសភានេះ
05/01/2025 08:05 AM
NEA និងមន្ទីរការងារ ធ្វើការផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ខណ្ឌ និងសង្កាត់ នៅភ្នំពេញ
05/01/2025 08:05 AM
វិចិត្រករក្រុង Bukavu ប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតតាមរយៈរូបគំនូររបស់ពួកគេនៅតំបន់ជម្លោះកុងហ្គោ
04/30/2025 09:04 PM
គ្រោះរាំងស្ងួតនៅអ៊ីរ៉ាក់ បង្កគ្រោះថ្នាក់ដល់សត្វក្របី និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ
04/30/2025 08:04 PM
ការបិទព្រំដែនហ្កាហ្សាបណ្តាលឲ្យអ្នកជំងឺរាប់ម៉ឺននាក់ប្រឈមហានិភ័យខ្ពស់
04/30/2025 08:04 PM
ភ្លើងឆេះព្រៃរីករាលដាលខ្លាំងនៅជុំវិញទីក្រុងហ្សេរុយសាឡឹម ខណៈអ៊ីស្រាអែលសុំជំនួយពីប្រទេសជាច្រើន
04/30/2025 08:04 PM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ
04/30/2025 08:04 PM
នាយឧត្តមសេនីយ៍ ទៀ វិញ៖រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននាំឲ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តបន្ទាប់
04/30/2025 08:04 PM