ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា​​ ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ ដុល្លារ និង ការផ្តល់ជូន សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រ
ក្រុមហ៊ុន Unilever កម្ពុជា ទទួលស្វាគមន៍ ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស​ធ្វើទស្សនកិច្ចនៅកម្ពុជា
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន
ការនិយមពិសារ​កាហ្វេរបស់ពលរដ្ឋកម្ពុជា ជំរុញកំណើនហាងកាហ្វេ និងផលិតកម្មក្នុងស្រុក ខណៈ​តម្រូវ​ការ​គ្រាប់កាហ្វេប្រមាណ ២ម៉ឺនតោនក្នុង១ឆ្នាំ

សេដ្ឋកិច្ច និង កសិកម្ម

SDF បានបញ្ចេញថវិកាជាង ១៤លានដុល្លារ លើការជួយជ្រោមជ្រែងដល់សហគ្រាសក្នុងស្រុក

2024/11/28 12:40:40 pm        346
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គិតមកដល់ពេលនេះ បានបញ្ចេញកញ្ចប់ថវិកាសរុបជាង ១៤ លាន​ដុល្លារ ក្នុងនោះសម្រាប់ សហគ្រាសធុនតូច និងមធ្យម មានទឹកប្រាក់ជាង ៨ លានដុល្លារ លើ​ការ​ជួយជ្រោមជ្រែងអភិវឌ្ឍន៍ជំនាញដល់រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគម​ធុរកិច្ច និងស្ថាប័ននានា។ជុំវិញមូល​និធិអភិវឌ្ឍន៍ជំនាញ (SDF) នេះ ត្រូវបានបង្កើតឡើងមានរយៈ ៦ ឆ្នាំមកហើយ ដែល​មូល​​និធិអភិវឌ្ឍជំនាញនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើក​កម្ពស់​សមត្ថភាព​​ប្រកួតប្រជែង និង​កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបំពេញតម្រូវការ ដ៏ធំធេង នៃកម្លាំងពលកម្មជំនាញ ទាំង​កម្រិតទាប មធ្យម និងខ្ពស់ ឱ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន និងសហគ្រាស ទាំង​គុណភាព និងបរិមាណ។ទាក់ទិន (SDF) នេះ, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) លើក​ឡើង​ឱ្យ​ដឹងថា គិតមកដល់ មកនេះ មូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) បានចូលរួម​ពង្រឹង​ធន​ធាន​មនុស្ស​ដល់​រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគមធុរកិច្ច និងស្ថាប័ននានា ក្នុងនោះបើតាមការវាយតម្លៃ ចំពោះការងារកន្លងមក គឺបានអនុវត្តយ៉ាងល្អប្រសើរ ជាពិសេស សម្រាប់​ធុនតូច និងមធ្យម ដែលមិនទាន់ចុះបញ្ជី ពួកគាត់បាន​ពង្រីក​ខ្លួន​ទៅ​ជា​សហ​គ្រាស​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ក្នុងការចុះ បញ្ជីឱ្យក្លាយជាសហគ្រាសតូច ឈានទៅមធ្យម និងពី​មធ្យម​ឡើងទៅធំជាដើម ។ ចំណែកនៅពេលខាងមុខ, មូលនិធិអភិវឌ្ឍន៏ ជំនាញ នឹង​ធ្វើ​ការ​ជាមួយ​ដៃគូពាក់ព័ន្ធបន្ថែម ទាំងខាងសមាគម ក៏ដូចជាខាងដៃគូអភិវឌ្ឍន៍ ដើម្បីរៀប​ចំ​ជា​កញ្ចប់​ពង្រឹង​សមត្ថភាព ក្នុងរយៈពេលវែង ដើម្បីជ្រើសរើស SME ដែលមានសក្តានុពលខ្ពស់ ជំរុញ​ដល់​ការ​នាំ​ចេញ និងបង្កើននូវតម្លៃបន្ថែមផងដែរ។លោក បន្តថា ជាក់ស្តែងមកដល់ពេលនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជា​ច្រើន ដើម្បីជួយ ជ្រោមជ្រែង ចូលរួមលើកកម្ពស់ជំនាញ គុណភាព និងបរិមាណ ឆ្លើយ​តប​ទៅ​នឹងតម្រូវការទីផ្សារ ដោយមានសិក្ខាកាមទទួលផល ចំនួនជាង ៣២ ពាន់នាក់, នេះជា​ក្នុង​គោល​ដៅ​ចូល​រួមចំណែក ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ស្របតាម ចក្ខុ​វិស័យរាជរដ្ឋាភិបាលកម្ពុជា។សូមបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែ មីនា ឆ្នាំ ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីប្រមូល គ្រប់គ្រង និងបែងចែក ធនធាន​ទាំង​ហិរញ្ញ​វត្ថុ ​និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន និងបញ្ហាកង្វះជំនាញ ក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាព នៃការ​អភិវឌ្ឍ​ជំនាញ​ឱ្យ​ត្រូវ​នឹង​តម្រូវ​ការ​វិស័យ​ឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចែករំលែកថ្លៃ និងការ​ចូលរួម​បណ្តុះ​បណ្តាល​ដោយផ្ទាល់ ពីសំណាក់វិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

មន្ត្រីក្រសួងកសិកម្មពិនិត្យការប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញ​ទៅ​ប្រទេសចិន

2024/11/27 04:34:12 pm        458
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បាន​អញ្ជើញ​ចុះពិនិត្យខ្សែសង្វាក់ផលិតកម្មប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់​នាំ​ចេញ​ទៅ​ប្រទេសចិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ដែល​មានទីតាំងស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន និងបាន​បន្ត​ចុះ​ពិនិត្យ​ការ​ប្រមូល​ផលមៀ​នប៉ៃលិន នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើក​ឡើង​ថា ក្រសួងកសិកម្ម បាននឹងកំពុ​ងយ​ក​ចិត្ត​ទុក​ដាក់​លើ​ការ​ស្វះស្វែង​រក​ទីផ្សារ​កសិផល​ជូន​ប្រជា​ពលរដ្ឋ​ជា​ប្រចាំជារួម គឺទិន្នផលគ្រប់ប្រភេទ ដោយឡែកពេលនេះ គឺនិយាយអំពីទិន្នផល​ផ្លែ​មៀ​ន​ស្រស់​។ឯកឧត្តម បានបញ្ជាក់ទៅកាន់សហគមន៍ នៃម្ចាស់ចម្ការមៀនស្រស់ទាំងអស់ថា ការនាំ​ចេញ​ទិន្នផល​ផ្លែមៀនស្រស់ តាមរយៈក្រុមហ៊ុននាំចេញទៅបាន អាស្រ័យលើទិន្នផលផ្លែមៀនល្អ ដែល​អាច​ទទួល​យកបាន មាន អនាម័យល្អសមរម្យ មានគុណភាព តាមស្តង់ដាល្អ។ ម្ចាស់​ចម្ការ​នីមួយ​ៗ ដែលរោងចក្រអាចទទួលទិញយក ទាល់តែ​កសិករ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អគ្គ​នាយក​ដ្ឋាន​ជំនាញ​ នៃក្រសួងកសិកម្មឱ្យបានត្រឹមត្រូវ តាមបច្ចេក ទេស ដោយគ្មានសារធាតុគីមីពុល។ បើច​ម្ការ​មៀន​ណា ធ្វើមិនបានត្រឹមត្រូវតាមស្តង់ដាទេ គឺរោងចក្រ ឬក្រុមហ៊ុន មិនប្រមូលទិញទេ ព្រោះ​ត្រូវ​មាន​ការ​ឆ្លងកាត់ត្រួតពិនិត្យពីក្រសួងជំនាញជាមុនសិន។ឯកឧត្តម គី ច័ន្ទរំដួល បានបញ្ជាក់ទៀតថា ការវាយតម្លៃនៅចម្ការមៀន ឃើញចម្ការមៀនប៉ៃលិន ដាំដុះ ស្អាត មៀនអនាម័យល្អ ហើយក៏មានការកត់ត្រានៃការអនុវត្តផលិតកម្មទៅតាមស្តង់ដាមួយ ដែល​ហៅថា ការអនុវត្តកសិកម្មល្អបានត្រឹមត្រូវ ។លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុប៤៩២០ហិកតា, កសិករ​ដាំដុះ​មៀន​ប៉ៃលិន ចំនួន៦៨៩គ្រួសារ ដោយមានផ្ទៃដីប្រមូលផល ចំនួន៤១២០ហិកតា ដែល​បរិមាណ​ប្រមូល​ផល បានចំនួន៦១៨០០តោន។ ដោយ ឡែក ការចុះប្រមូលទិន្នន័យ ការនាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម៖ នាំចេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បានចំនួន១ ៥២១ តោន។ បើ​គិត​ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្លែមៀនប៉ៃលិនស្រស់ ត្រូវ​បាន​នាំចេញ​សរុបចំនួន១២ពាន់៤៧០តោន ៕

កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET រំពឹងទាក់ទាញវិនិយោគិនកាន់តែកើនឡើងថែមទៀត មកបណ្តាក់ទុននៅកម្ពុជា

2024/11/27 10:35:37 am        150
តាមរយៈកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា ប្រឹក្សា​គោល​នយោបាយ​ពាណិជ្ជ​កម្ម និងជាប្រធានគណៈកម្មាធិការរៀបចំកម្ពុជា បង្ហាញក្តីសង្ឃឹមថា ចិននឹងទាក់ទាញវិនិយោគបរទេសមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិនឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ រៀបចំឡើងស្របពេលដែលពិភពលោកកំពុងភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមក កម្ពុជាស្វាគមន៍ចំពោះកិច្ចសន្ទនាដ៏សំខាន់នេះ ដើម្បីធ្វើការជាមួយដៃគូទាំងអស់ក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់តំបន់របស់យើង។ឯកឧត្ដមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំកំពូលខាងលើនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ពេលដែលយើងរៀបចំសន្និសីទក្នុងកិច្ចប្រជុំបែបនេះ យើងរំពឹងថា អ្នកវិនិយោគទុនគាត់មកជជែក ពិភាក្សា និងមកស្វែងយល់ពីសេដ្ឋកិច្ចទីផ្សារនៅកម្ពុជាបានដោយស្រួល ជាពិសេសការស្វែងរកកាលានុវត្តភាព។ ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់ទៀតថា កិច្ចប្រជុំថ្ងៃនេះ នៅពេលខាងមុខ ប្រហែលអាចជា ៣ខែ ឬ១ឆ្នាំទៀត គេនឹងអាចមកម្ពុជា។ ប៉ុន្តែសំខាន់ចំពោះមុខ គឺគេបានមកស្រុកយើង បានឃើញស្រុកយើង។ អ្នកវិនិយោគទុនគេ មានកាលវិភាគរបស់គេ គេនឹងបញ្ជូនអ្នកជំនាញរបស់គេមកសិក្សា មកជួបអ្នកវិនិយោគស្រុកយើង។ ដូច្នេះ ទាល់ពេលហ្នឹង ទើបយើងឃើញសកម្មភាពជាក់ស្តែង។សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ពីមុនត្រូវបានស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយ ដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំងពិភពលោក។ កិច្ចប្រជុំកំពូលនេះ ក៏ជួយសម្រួលដល់ការសិក្សានៃវប្បធម៌ចម្រុះ និងការផ្លាស់ប្ដូររវាងទស្សនវិស័យលោកខាងកើត និងលោកខាងលិច។ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី , ម៉ែលបូន ប្រទេសកាណាដា, ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស , ទីក្រុងឆុងឈីង , ទីក្រុងប៉េកាំង , ហុងកុង និងម៉ាកាវជាដើម៕ អត្ថបទ ឈិត បូរ៉ាវី 

ADB អនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា

2024/11/27 10:10:06 am        198
ADB អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យ បរិយាកាសធុរកិច្ចកាន់តែងាយ ស្រួលសម្រាប់ការវិនិយោគ លើក​កម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយ របាំង​ពាណិជ្ជកម្ម​។បើតាមរបាយការណ៍ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ADB ចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ បានបង្ហាញ នូវការអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លាន​ដុល្លារ គាំទ្រកំណែទម្រង់គោលនយោបាយ ដើម្បីជំរុញពាណិជ្ជកម្ម និង សមត្ថភាព​ប្រកួត​ប្រជែង​នៅ​កម្ពុជា។ ចំណែកកម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង កំពុង​ដំណើ​​រ​នេះ គឺពង្រឹង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការ​វិនិយោគ​ពី​វិស័យ​ឯក​ជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយ បរិយាបន្ន និងមានចីរភាព ដើម្បីលើ​ក​​កម្ពស់​ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។ជុំវិញគម្រោងខាងលើ, លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំកម្ពុជា លើកឡើងថា «កម្មវិធី នេះគាំទ្រដល់ការបន្តការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវ កម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះផ្ដោត លើសហគ្រាសធុនមីក្រូ តូច និងមធ្យម ឬ MSMEs ដោយសារវិស័យនេះគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈ សំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសនេះ គឺដើម្បីលើកទឹកចិត្តដល់ សហគ្រាសគោលដៅមួយចំនួន ដោយ ADB មានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។ កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀត ចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។ចំពោះឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបី ដែលបង្កជាបញ្ហាប្រឈមធំសម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមមាន បរិយាកាស សម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អសហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និងរបាំងមួយ ចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ កត្តាទាំងនេះបានកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ច ពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។ កម្មវិធីរបស់ ADB ខាងលើគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ ដោះស្រាយបញ្ហាប្រឈមទាំងនេះ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ វានឹងជួយសម្រួលបទប្បញ្ញត្តិធុរកិច្ច និងលើក កម្ពស់សេវាសាធារណៈ ឱ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។ បញ្ហានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្តេជ្ញាថានឹងសម្រេច ឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ ភាពក្រីក្រផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តភារៈកិច្ចប្រកបដោយប្រសិទ្ធិភាព

2024/11/21 04:17:19 pm        415
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងមានសារៈសំខាន់ណាស់។ក្នុងអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មន្ទីរទាំងអស់ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪពុក ឯរាជធានី-ខេត្តជាម្ដាយ រាល់សកម្មភាពការងាររបស់មន្ទីរ គឺដឹកនាំបញ្ជាពីក្រសួង និងរាជធានី-ខេត្ត បើក្រសួង និងរាជធានី-ខេត្ត ដែលជាឪពុកម្ដាយ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីការងារគ្នា និងដាក់ទិសដៅតែមួយឲ្យមន្ទីរក្រោមឱវាទអនុវត្តមិនធ្លាប់មានបញ្ហាទេ។ឯកឧត្តម ឌិត ទីណា បានបន្តថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុនតែងតាំងដោយប្រកាសប៉ុណ្ណោះ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវបំពេញការងារឲ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារពិតជាមិនទទួលបានជោគជ័យនោះទេ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីស្ថានភាពការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ដែលការងារនេះរដ្ឋបាលរាជធានីភ្នំពេញអនុវត្តបានយ៉ាងល្អរហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនេះ ធ្វើឡើងជាធម្មតាសម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្ដមអភិបាលរាជធានីបានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មីត្រូវសហការឲ្យបានល្អជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។នៅក្នុងឱកាសនោះដែរ លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញដែលបានផ្ដល់នូវជំនឿទុកចិត្ត តែងតាំងលោកជាប្រធានមន្ទីរកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ លោកបានប្តេជ្ញាចិត្តបំពេញការងារជូនអង្គភាព ក្រសួងកសិកម្ម និងរដ្ឋបាលរាជធានីភ្នំពេញឲ្យបានល្អបំផុត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើអ្វីៗដើម្បីផលប្រយោជន៍រួម។ លោកប្ដេជ្ញា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យកសិកម្មនេះឲ្យកាន់តែល្អប្រសើរជាមួយនឹងការពង្រឹងប្រមូលពន្ធតាមអ្វីដែលអាចធ្វើទៅបាន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តអង្គការតុកកែញញឹមកម្ពុជា​ឲ្យបន្តលើក​កម្ពស់​ការអប់រំ​ធនធាន​មនុស្ស​ក្នុង​វិស័យកសិកម្ម

2024/11/21 03:22:11 pm        211
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការ តុកកែ​ញញឹមកម្ពុជា (Smiling Gecko) ចូលជួបពិភាក្សាការងារ អំពី​គំនិត​ផ្តួចផ្តើម​បង្កើត​កម្ម​វិធី​ឧត្តម​សិក្សាថ្នាក់បរិញ្ញាបត្ររួមគ្នា នៅទីស្តីការក្រសួង។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យ​ដឹង​ក្នុង​បណ្តាញ​សង្គម​ថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយ​ចំពោះ​អង្គការ​តុកកែញញឹមកម្ពុជា ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម ដោយមាន​បំណង​ចង់​លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ខណៈ អង្គការនេះជា​គំរូ​សហគមន៍​មួយ​ដ៏​ល្អ ដែលអាចផ្សាភ្ជាប់ការអប់រំ កសិកម្ម សិប្បកម្ម សេវាកម្ម និងទេសចរណ៍ មានភាព​ស៊ី​ចង្វាក់​គ្នា និងល្អប្រសើរ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ឱ្យ​អង្គការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចូល​រួម​ការ​អភិវឌ្ឍ​ធ​នធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជួយគាំទ្រនូវសហគមន៍កសិកម្មទំនើប ដែលត្រូវ​ការ​ធន​ធានមនុស្ស ដែលអាចដឹកនាំទៅរកភាពចំនេញ ពង្រឹងនូវខ្សែច្រវ៉ាក់ផលិតកម្មនិងតម្លៃ និង​អាច​នាំយកផលិតផលពីកសិដ្ឋានទៅទីផ្សារបានយ៉ាងពិតប្រាកដ។ ក្នុងការងារនេះ ឯកឧត្តម បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ និងបានគូសបញ្ជាក់ថា កម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញកសិ-ធុរកិច្ច និង​ការ​កែ​ច្នៃអាហារគឺពិតជាសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវអភិវ​ឌ្ឍ​ធនធា​ន​មនុស្ស​ប្រកប​ទៅ​ដោយ​ចំណេះ​ដឹង ចំណេះធ្វើ មានភាពជាអ្នកដឹកនាំ និងមានភាពបុរេសកម្ម។ ឯកឧត្តម ជឿ​ជាក់​ថា អង្គការតុកកែញញឹមកម្ពុជា នឹងបន្ត​អភិវ​ឌ្ឍ​បេសកកម្ម​របស់​ខ្លួន​តទៅ​មុខ​បន្ថែម​ទៀត​ទូទាំង​ប្រទេស​កម្ពុជា ហើយក្រសួងកសិកម្ម នឹងជួយគាំទ្រដល់កិច្ចសហការអភិវឌ្ឍធនធានមនុស្ស ក្នុង​វិស័យកសិកម្មឱ្យកាន់តែរីកចំរើន។សូម​ជម្រាបជូនថា ជំនួបខាងលើនេះ ធ្វើឡើងក្នុង​គោល​បំណង​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម​បង្កើត​កម្ម​វិធី​ឧត្តមសិក្សាថ្នាក់បរិញ្ញាបត្ររួមគ្នា ដែលពាក់ព័ន្ធជំនាញការកែច្នៃអាហារ និងជំនាញកសិ-ធុរ​កិច្ច និងការអភិវឌ្ឍជាចង្កោមសំដៅដល់ការបង្កើតភូមិអភិវឌ្ឍដែលមាន ហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំ មុខរបរ កសិកម្ម សិប្បកម្ម សេវាកម្ម និងការសិក្សាស្រាវជ្រាវ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ចិនធ្វើការស្វែងយល់ លើការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធថវិការបស់កម្ពុជា

2024/11/21 03:03:30 pm        219
ចិនធ្វើការស្វែងយល់ អំពីសមិទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏​ដូច​ជា​ប្រព័ន្ធ​ថវិកា​របស់កម្ពុជា ទាំងនៅថ្នាក់ជាតិ និង​ក្រោមជាតិ, អំពីដំណើរការ នៃ​ការ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិរដ្ឋ និងសហគ្រាសសាធារណៈរបស់រដ្ឋ, ព្រមទាំង សមិទ្ធិផល និងផ្នែក​ហិរញ្ញប្ប​ទាន​សហ​ប្រតិបត្តិការ។ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈកម្មការកិច្ចការថវិកានៃគណៈអចិន្ត្រៃយ៍ តំណាង​សភា​ប្រជា​ជន​ចិន​ទូទាំងប្រទេស នៅក្នុងជំនួបជាមួយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃទី ២០ ម្សិលមិញនេះ បានគូសបញ្ជាក់ ថា ឯកឧត្តមមានសេចក្តីរីករាយ និង​អបអរ​សារទរ ចំពោះចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលតែងជួយគាំទ្រគ្នា និងរួម សុខ​រួមទុក្ខជាមួយគ្នា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម គូសរំលេចផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ គឺ​ស្ថិត​ក្នុង​បរិការណ៍ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេស​ទាំង​ពីរ​កាន់​តែ​រីក​ចម្រើន និងរឹងមាំជាលំដាប់លើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម វិស័យទេសចរណ៍ សេដ្ឋកិច្ច​ឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងហិរញ្ញាប្បទានសហប្រតិបត្តិការ ជាឧត្តម​ប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ នៅក្នុងយុគសម័យថ្មីនេះ។នៅក្នុងជំនួបនេះ, ឯកឧត្តម ចាន់ សុធី បានអរគុណចំពោះការជួយគាំទ្ររបស់រដ្ឋាភិបាល និង​ប្រជាជន​ចិន នៅលើដំណើរការ នៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាកន្លងមក, កម្ពុជាបាន​ប្រើ​ប្រាស់​ហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសចិន ក៏ដូចជាដៃគូអភិវឌ្ឍន៍ ផ្សេងទៀត ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ, ដែលប្រការនេះបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការ​រីក​ចម្រើន​ធំ​ឡើង ជាលំដាប់, បើទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបាន​ប្រឈម​ទៅ​នឹង​វិបត្តិធំៗជាបន្តបន្ទាប់ក្តី។ ឯកឧត្តម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់​ឯកឧត្តម​ប្រធាន​គណៈកម្មការ​កិច្ច​ការ​ថវិកា​នា​ពេល​នេះ នឹងជាការពាំនាំ ដ៏សំខាន់ ជូនទៅដល់ថ្នាក់ដឹកនាំ នៃសភាតំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ អំពីផ្លែផ្កាគួរជាទីមោទនៈ នៃកិច្ចសហប្រតិត្តិការ រវាងរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំចេញសង្ឃឹមថា ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើង​នឹង​កើនឡើងបន្ថែមទៀត​នៅឆ្នាំ២០២៥ ខាងមុខ

2024/11/21 02:43:59 pm        368
ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានដាក់ក្តីរំពឹងទុកថា សម្រាប់ការនាំចេញ​ការ​វិស័យ​កាត់​ដេរខាងផ្នែក ផលិតផលធ្វើដំណើរ កាបូប និងស្បែកជើង នៅឆ្នាំ២០២៥ខាងមុខ នឹង​មានសញ្ញាវិជ្ជមានកើនឡើងបន្តទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ច ក៏ដូច​ជា​នយោបាយ​កម្ពុជា​រក្សា​បាននូវភាពល្អប្រសើរ និងម៉្យាងទៀត អ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុក​ចិត្ត​ខ្ពស់​មកកាន់កម្ពុជា។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កត្តាដែលនាំឲ្យលោកមានជំនឿជឿជាក់លើការនាំចេញនេះ ទី១.​គឺ​យោង​លើ​ទិន្ន​ន័យ​លើ​ការនាំចេញ ដោយគិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ សម្រេចបានចំនួនប្រមាណជាង ១,៣០០លានដុល្លារអាម៉េរិក។ និង​ទី២.​កាលពីថ្មីៗ​កន្លង​ទៅ​នេះ​ក្នុង​ពិព័រណ៍​អន្តរជាតិ​ពាណិជ្ជកម្ម​កម្ពុជា រយៈពេល២ថ្ងៃ នៅកោះពេជ្រ សមាគម​របស់​លោក​បាន​ទទួល​ជួប​ជាមួយ​អ្នក​បញ្ជា​ទិញ​ទំនិញ​ជា​ច្រើន​មក​ពីចក្រភពអង់គ្លេស ដើម្បីជួបជជែកគ្នា និងស្វែងយល់ដោយ​ផ្ទាល់​តាម​បណ្តា​រោង​ចក្រ​អំពី​គុណភាពទំនិញ និងតម្លៃនាំចេញ។អ្នកឧកញ៉ា បញ្ជាក់ឲ្យដឹងទៀតថា បើតាម​ការព្យាករណ៍​ការវិភាគ​របស់​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ការបញ្ជាទិញ នឹងអាចកើនឡើង​ច្រើ​ន​ជាង​ឆ្នាំ​២០២៤​ ដែលកើនឡើងយ៉ាងតិចមិនក្រោម ២០ទៅ៣០% នោះទេ។ ខណៈសព្វថ្ងៃនេះ ការ​នាំ​ចេញ​ផលិតផលទាំងអស់នោះ មានចំនួនដ៏ច្រើនគួរសមទៅខាងប៉ែកប្រទេសអឺរ៉ុប សហរដ្ឋ​អាម៉េរិក អង់គ្លេស កាណាដា និងបណ្តាប្រទេសក្នុងអាស៊ីដូចជា ចិន ជប៉ុន និងកូរ៉េជាដើម។ ជុំវិញ​ការនាំចេញនេះដែរ នៅថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានរៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយអំពី អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង​កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) បន្ទាប់​ពី​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​មករា ឆ្នាំ២០២៤នេះ។ កិច្ចព្រមព្រៀងនេះ កម្ពុជានឹងអាចនាំ​ទំនិញ​ទៅ​ទី​ផ្សារ​អេមីរ៉ាត​អារ៉ាប់​រួម​ជាមួយ​អត្រា​ពន្ធសូន្យលើមុខទំនិញសំខាន់ៗដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀក​បំពាក់, កង់, ផ្លែឈើ និងប្រភេទទំនិញកសិកម្មកែច្នៃជាដើម។ កិច្ចព្រមព្រៀងនេះដែរ ក៏នឹង​អនុញ្ញាត​ឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗដូចជា៖ សេវាកម្មអាជីពនិងធុរកិច្ច សេវា​កម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ជាដើម។ តាម​ឲ្យ​ដឹងរបស់សមាគមស្បែកជើងកម្ពុជា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមាន​រោង​ចក្រ​ផលិត​ផលិត​ផល​ស្បែកជើងសរុបចំនួន ១៥៥រោងចក្រ ដែលផ្តល់ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​ជាង ១៥ម៉ឺន ៥ពាន់នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី

គណៈកម្មាធិការវិនិយោគកម្ពុជា ផ្សព្វផ្សាយពីរបបវិនិយោគមានលក្ខណៈបើកចំហ និងមាន​តម្លាភាព

2024/11/21 02:13:05 pm        235
គណៈកម្មាធិការវិនិយោគកម្ពុជា ផ្សព្វផ្សាយអំពីរបបវិនិយោគក្នុងស្រុក ដែល​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​កែលម្អ ឱ្យកាន់តែមាន ភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកប​ដោយ​ភាព​អំណោយផលសម្រាប់ការវិនិយោគ ដោយគ្មានការរើស អើង។ឯកឧត្តម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ ស្តីពីអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា និង​អេមីរ៉ា​ត​អារ៉ាប់រួម នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម បានធ្វើការ​បរិយាយ​អំពី​ទិដ្ឋភាព​ទូទៅ នៃជំពូកស្តីពីវិនិយោគ ដែលបានសំយោគនូវឧត្តមានុវត្តន៍អន្តរជាតិ ក៏ដូចជា​សមាហរណ​កម្ម ខ្លឹមសារ នៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមករវាងកម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួម ដែលបានចុះ ហត្ថលេខាកាលពីឆ្នាំ២០១៧។បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសរំលេច អំពីសមាសធាតុសំខាន់ៗ ដែលបាន​ចារឹក​ក្នុង​ជំពូក​ស្តីពី​វិនិយោគ ដោយរាប់បញ្ចូល ប៉ុន្តែមិនកម្រិតត្រឹមការជំរុញវិនិយោគ, កិច្ចសម្រួល វិនិយោគ និង​ការ​ប្រកប​ធុរកិច្ចប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបាន​ឆ្លៀត​យក​ឱកាស​ដ៏​មាន​សារៈ​សំខាន់ ធ្វើការផ្សព្វផ្សាយអំពីរបបវិនិយោគក្នុងស្រុក ដែលរាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​កែ​ល​ម្អ ឱ្យកាន់តែមានភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកប​ដោយ​ភាព​អំណោយ​ផល​សម្រាប់ការវិនិយោគ ដោយគ្មានការរើសអើង។ សូមបញ្ជាក់ថា ជុំវិញនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណា​ចក្រ​កម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់ រួមនេះ បានចូលជាធរមានកាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ​២០២៤។ ចំណែកសិក្ខាសាលាខាងលើ ដែលរៀបចំឡើងដោយក្រសួង ពាណិជ្ជកម្ម មាន​គោល​បំណង​បញ្ជ្រាបការឈ្វេងយល់អំពីខ្លឹមសារ នៃជំពូកស្តីពីវិនិយោគ នៃកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាបច្ចុប្បន្នភាពថ្មី នៃបរិយាកាស​វិនិយោគ​ក្នុង​ស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

អេស្ប៉ាញ ស្នើសុំកម្ពុជារៀបចំវេទិការធុរកិច្ច ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគដល់ធុរជនអេស្ប៉ាញ

2024/11/20 10:46:32 am        185
ឯកឧត្តមឯកអគ្គរាជទូត អេស្ប៉ាញ ស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យលទ្ធភាព សម្រប​សម្រួលរៀបចំ វេទិការធុរកិច្ច ក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យ​លើក​ទឹក​ចិត្ត​នានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។ ឯកឧត្តម Felipe De La Morena Casado ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំ​កម្ពុជា​ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកាម្សិលមិញនេះ ឯកឧត្តម បាន​បញ្ជាក់​អំពី​ការតាំងចិត្ត​ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារ វិនិយោគរវាងកម្ពុជា និង​អេស្ប៉ាញ។ បន្ថែមពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានលើកឡើងអំពីកង្វល់មួយចំនួន ក្នុង​កិច្ច​ការងារទាក់ទាញ និងជំរុញវិនិយោគ ទាមទារឱ្យកម្ពុជាពិនិត្យ និងសម្រប សម្រួល​ដោះស្រាយ​ឱ្យ​បាន​កាន់​តែ​ល្អប្រសើរផងដែរ។ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើសុំទៅកាន់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុងការពិនិត្យលទ្ធភាព សម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បី​បញ្ជ្រាប​ព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។ ឆ្លៀត​ឱកាសនេះ ឯកឧត្តម បានដើម្បីសាកសួរអំពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់​ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសអេស្ប៉ាញកាលពីខែមិថុនាកន្លងទៅផងដែរ។  ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាប​ជូន​អំពី​លទ្ធផល​យ៉ាង​ល្អ​ប្រ​សើរ និងប្រកបដោយ ផ្លែផ្កា ដែលទទួលបាន​ពី​បេសកកម្ម​គោះទ្វារ​វិនិយោគ​នៅ​ប្រទេស​អេស្ប៉ាញ ​ដោយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការ រៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និង​គ្រប់​ភាគីពាក់ព័ន្ធ កាលពីខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ការគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោង​នឹង​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជាបន្ថែម​៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេច​ដំឡើង​ភាគ​លាភ​សម្រាប់​ផ្តល់​ជូន​​សហគមន៍​អ្នក​រត់​កាណូត​ទេសចរណ៍​ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុក និងបង្កើនចំណូល
06/21/2026 08:06 AM
ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM