សម្តេចព្រះមហាក្សត្រី ព្រះរាជានុញ្ញាតជូន ឯកឧត្តម តូ ឡឹម ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អំពាវនាវ​ដល់វិស័យឯកជនបង់ពន្ធ​ជូនរដ្ឋគ្រប់ៗ​គ្នា​ដើម្បីអភិវឌ្ឍន៍ជាតិ
មន្រ្តីជាន់ខ្ដស់ CDC៖ ខណៈពិភពលោកកំពុងតានតឹង កម្ពុជា​បាន​កំពុង​បន្ត​ឆ្ពោះ​ទៅ​មុខ​មាន​ទិស​ដៅ​សេដ្ឋកិច្ច​ច្បាស់​លាស់
អ្នកជំនាញ៖ វិស័យដឹកជញ្ជូនឆ្នាំ២០២៦នេះ នឹងបន្តនិន្នាការល្អ គាំទ្រ​ការ​ងើប​ឡើង​នៃ​អនុវិស័យ​ផ្សេង​ៗ

សេដ្ឋកិច្ច និង កសិកម្ម

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាបើកតាំងបង្ហាញរយៈពេល ៤ថ្ងៃ នៅផ្សារទំនើបអ៊ីអន ភ្នំពេញ

2023/11/16 04:51:55 pm        132
ភ្នំពេញ៖ គិតមកដល់ពេលនេះ គឺជាលើកទី៦ ដែលពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First Stock” បានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងវិស័យមូលបត្រ និងដើម្បីទាក់ទាញការបើកគណនីថ្មី ជំរុញការជួញដូរ អប់រំ ណែនាំពីបច្ចុប្បន្នភាពទីផ្សារ និងបណ្តុះគំនិតវិនិយោគលើភាគហ៊ុន។ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា តំណាងក្រសួង ស្ថាប័ន វិស័យឯកជន ក្រុមហ៊ុនជាតិ អន្តរជាតិ វិនិយោគិនស្ថាប័ន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។ ពិព័រណ៍នេះ មានរយៈពេល ៤ថ្ងៃ ចាប់ថ្ងៃទី១៦ ដល់១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ។ក្នុងពិធីបើកកម្មវិធីនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេលជាងមួយទស្សវត្សរ៍មកនេះ វិស័យមូលបត្រនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះបីជាមិនទាន់មានការរីកចម្រើនដូចប្រទេសមួយចំនួននៅអាស៊ាន ក៏ប៉ុន្តែយើងកំពុងតែបោះជំហានទៅមុខយ៉ាងលឿន។ ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ យើងមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន៩ផ្សេងទៀត បានចុះបញ្ជីលក់មូលបត្របំណុល។ ឯកឧត្តមបន្តថា សរុបក្រុមហ៊ុនទាំង២០នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារប្រមាណជា ៣២៨,២៤លានដុល្លារអាម៉េរិក។ឯកឧត្តម ស៊ូ សុជាតិ លើកឡើងថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត ។ ដូច្នេះ យើងគួរគប្បីរៀន និងចាប់ផ្តើមធ្វើការវិនិយោគ ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកាប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ ។តាមការឲ្យដឹងរបស់ ឯកឧត្តម ហុង សុហួរ គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានគណនីជួញដូរចំនួនប្រមាណជាង ៤ម៉ឺន ៤ពាន់គណនី។ រីឯទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានប្រមាណជាង ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ បើគិតពីដើមឆ្នាំ២០២៣មក។ ផ្សារមូលបត្រកម្ពុជា សង្ឃឹមថា នៅឆ្នាំ២០២៤ខាងមុខ នឹងមានការបើកគណនីកើនឡើងដល់ ៥ម៉ឺនគណនីថ្មី ឬស្មើនឹង១០០%នៃចំនួនគណនី ដែលបានបើកជាង១០ឆ្នាំមកនេះ៕ អត្ថបទ ៖ ឈិត បូរ៉ាវី

អ្នកជំនាញ៖ យន្តការបរធនបាលកិច្ច បានរួមចំណែកធ្វើឱ្យវិស័យអចលនទ្រព្យអាចងើបឡើងវិញ

2023/11/14 02:26:05 pm        1465
ភ្នំពេញ៖ តាមរយៈបរធនបាលកិច្ច បានរួមចំណែកធ្វើឱ្យវិស័យ​អចលនទ្រព្យមានលំនឹង និងអាចងើបឡើងវិញ បានជាបណ្តើរៗ​ ជំនះរាល់​ឧបសគ្គបញ្ហានិន្នាការ​ជាសាកលដែលបាន​កើតឡើងបីផ្ទួនៗគ្នា។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញវិស័យអចលនទ្រព្យ​លើកឡើង​ក្នុងកម្មវិធីជែកអំពីបរធនបាលកិច្ច។និយ័តករបរធនបាលកិច្ច និងសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានរៀបចំកម្មវិធីជជែកអំពីបរធនបាលកិច្ចស្តីពី‍ «យន្តការសម្រាប់ការវិនិយោគលើអចលនទ្រព្យ​ប្រកប​ដោយទំនុកចិត្ត» ដោយមានការចូលរួមជា​អធិបតីពី​ឯកឧត្តម សុខ ដារ៉ា អគ្គនាយក​នៃនិយ័តករ​បរធនបាលកិច្ច និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍​លំនៅឋានកម្ពុជា។នៅក្នុងឱកាសនោះ អ្នកឧកញ៉ា លីហួរ បានឱ្យដឹងថា កម្មវិធីខាងលើធ្វើឡើងក្នុងគោលបំណង​ដើម្បី​ជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចអោយមានប្រសិទ្ធភាព ​និងភាពរស់រវើក ក៏ដូចជាការ​ចូលរួម​ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈពីវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា។ លើសពីនេះ​អ្នកឧកញ៉ា លី ហួរ ​បន្តថា ​តាមរយៈបរធនបាលកិច្ចបានរួមចំណែកធ្វើឱ្យវិស័យ​អចលនទ្រព្យមានលំនឹង​និងអាចងើបឡើងវិញបានជាបណ្តើរៗ ជំនៈរាល់ឧបសគ្គបញ្ហានិន្នាការ​ជា​សាកលដែលបានកើតឡើងបីផ្ទួនៗគ្នារួមមាន៖ បញ្ហាជំងឺកូវីដ-១៩ សង្គ្រាមប្រទេសរុស្ស៊ី​ជាមួយប្រទេស​អ៊ុយក្រែន ​និងសង្គ្រាមរវាប្រទេសអ៊ីស្រាអែលជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន។ឯកឧត្តម សុខ ដារ៉ា ​អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ​បានឱ្យដឹងដែរថា យន្តការបរធន​បាលកិច្ចជាយន្តការមួយជួយសម្រួល ​ជួយទាក់ទាញ ​និងជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគិន​ទាំងឡាញជាពិសេសវិនិយោគិនបរទេសដែលមានបំណងចង់វិនិយោគលើវិស័យអចនទ្រព្យនៅកម្ពុជា។ ​ហើយយន្តការនេះមានសារៈសំខាន់​មួយ​ចំនួនក្នុងការចូលរួម​ចំណែកជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ។គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​បរធនបាលកិច្ចបានចុះបញ្ជីរហូតដល់ជាង៦០០ករណី ដែលធ្វើឱ្យទំហំ​បរធនមានការកើនឡើងគួរឱ្យកត់សំគាល់។នេះ​បើតាមរបាយការណ៍របស់និយ័តករ​បរធនបាលកិច្ច៕ អត្ថបទ៖ទូច សោភ័ណ 

វិស័យឯកជនថា កម្មវិធីបណ្ដុះបណ្ដាលជំនាញដល់យុវជន១លាន៥សែននាក់ នឹងធ្វើឲ្យកម្លាំងពលកម្មល្អខ្លាំងជាងមុន

2023/11/13 12:46:30 pm        254
ភ្នំពេញ៖ លោក ឧកញ៉ា ណាង សុធី តំណាងក្រុមការងារអង្គការវិជ្ជាជីវៈ បានសម្តែងក្តីរំពឹងថា ក្រោយយុវជនកម្ពុជាចំនួន ១លាន៥សែននាក់ ទទួលបានការបណ្តុះបណ្តាលជំនាញ, បច្ចេកទេស, និងវិជ្ជាជីវៈដែលបាន​ផ្តួចផ្តើម​ដោយរាជរដ្ឋាភិបាលនោះ​ នឹងធ្វើឲ្យកម្លាំងពលកម្មនៅកម្ពុជាកាន់​តែល្អប្រសើរជាងមុន ​។ក្នុងឱកាសចូលរួមបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅវិមានសន្តិភាព នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃព្រះ រាជាណាចក្រកម្ពុជា លោក ឧកញ៉ា ណាង សុធី បានលើកឡើងថា វិស័យឯកជន ​ប្រកាសចូលរួម និងគាំទ្រនូវគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានដាក់ចេញ​នូវកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស​ និងវិជ្ជាជីវៈ ​ដល់យុវជនមកពីគ្រួសារក្រីក្រ និង​ងាយរងហានិភ័យ។ សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី១៤ ​ខែវិច្ឆិកា ឆ្នាំ ២០២៣ស្អែកនេះ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ​កម្មវិធីបណ្តុះបណ្តាលជំនាញរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់ជូន យុវជន​មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនេះ ​តាមការគ្រោងទុករាជរដ្ឋាភិបាលបានត្រៀម​លក្ខណៈសម្បត្តិរួចរាល់ ក្នុងការអនុវត្តកម្មវិធីវិស័យសំខាន់ៗចំនួន១០ ​និងមុខជំនាញចំនួន ៣៨ ដែល​សុទ្ធសឹង​តែជាតម្រូវការទីផ្សារ ​និងមានឱកាសការងារខ្ពស់សម្រាប់យុវជន យុវនារីកម្ពុជានាពេលខាងមុខ។ទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាលជំនាញនេះ លោកឧកញ៉ា ណាង ​សុធី ​បានលើកឡើងទៀតថា វិស័យឯកជន​ គាំទ្ររាជរដ្ឋាភិបាល ​ក្នុងការលើកលក្ខខណ្ឌ ​និងបរិយាកាសការងារ ឲ្យកាន់តែ​ប្រសើរហើយ ក្នុងនាមផ្នែកឯកជន ​ពិតមានមោទនភាព ​ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការ​អនុវត្តកម្មវិធីនយោបាយខាងលើនេះ​ ដែលជាជំហានទីមួយ គឺតាមរយៈការចុះ​អនុស្សារណៈយោគយល់គ្នា ​ជាមួយក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីកិច្ច​សហប្រតិបត្តិការលើការហាត់ការ​ និងកម្មសិក្សា ដើម្បីគាំទ្រ​ដល់ការបណ្ដុះបណ្ដាលជំនាញ​បច្ចេកទេស ​និងវិជ្ជាជីវៈទាំងអស់នេះ៕អត្ថបទបាន ចក់

កម្ពុជាគ្រោងនាំចំណិតដំឡូងមីក្រៀម ចេញទៅប្រទេសចិននៅចុងឆ្នាំនេះ

2023/11/11 04:46:15 pm        550
ភ្នំពេញ៖ នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងធ្វើការនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅកាន់ទីផ្សារប្រទេសចិន ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានកំពុងពិភាក្សាគ្នា ដើម្បីត្រៀមរៀបចំពិធីនាំចេញជាលើកដំបូង។ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យ ប៊ីធីវី ដឹងថា នៅក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចំនួន ៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រ ការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធនឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តម ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការគាំទ្រពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកសំណើទាំងនោះ ហើយក្រសួងនឹងជួយរៀបចំ​ឱ្យមានការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមនេះ។ ជាមួយគ្នានេះដែរ ក្រសួង នឹងជំរុញអ្នកវិនិយោគចិនឱ្យមកវិនិយោគបន្ថែមលើការងារស្រូវអង្ករ ព្រមទាំងផលិតផល​សក្តានុពលផ្សេងទៀត ដូចជាស្វាយចន្ទី និងមៀនប៉ៃលិនជាដើម។បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជំរុញសហគមន៍កសិកម្មគម្រូថ្មី ដែលមានថវិកា ធនធានមនុស្ស មានបទពិសោធន៍ មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ រឹងមាំ និងមានសមត្ថភាព​ផលិត​ក្នុង​ទ្រង់ទ្រាយធំ ​ដែលកាត់បន្ថយថ្លៃដើមផលិត សម្រាប់​ផ្គត់ផ្គង់​ផលិតផលមានគុណភាព​តាមតម្រូវការ​ទីផ្សារ ប្រកបដោយនិរន្តរភាព៕

ពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុកចំនួនបីថ្ងៃ ខេត្ដសៀមរាប

2023/11/11 04:32:55 pm        179
អាជ្ញាធរខេត្ដសៀមរាប បានរៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក ដើម្បីលើកទឹកចិត្ដដល់សហគមន៍អ្នកផលិត និងអ្នកទិញនូវការប្រើប្រាស់ផលិតផលខ្មែរ ដែលមានស្ដង់ដារត្រឹមត្រូវ។ពិព័រណ៍នេះ ធ្វើឡើងសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ ។លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានលើកឡើងថា ពិព័រណ៍​ផលិតផលនេះ ​មានចំនួន៧០ស្ដង់​ ដោយបានដាក់តាំងបន្លែផ្លែឈើ​និងផលិតផល​ក្នុងស្រុកជាច្រើនមុខ​ ដែលជាស្នារដៃរបស់កូនខ្មែរមកពីសហគមន៍ផ្សេងៗគ្នាទាំងខេត្ដសៀមរាប និងខេត្ដផ្សេងៗទៀត។ពិព័រណ៍នាពេលនេះ រួមមាន បន្លែ ផ្លែឈើ ចម្លាក់ថ្ម-ឈើ ប្រាក់-ស្ពាន់ សិប្បកម្មតម្បាញសូត្រ អង្ករ ឱសថបូរាណ វត្ថុអនុស្សាវរីយ៍ ​ផលិតផលពីការកែច្នៃ ផ្នែកវារីវប្បកម្ម គ្រាប់ធញ្ញជាតិ គ្រឿងទេស នំ ភេសជ្ជៈនិងផលិតផលផ្សេងៗជាច្រើនទៀត ។លោកបន្ដថា ការតាំងផលិតផលក្នុងស្រុកនេះ ​ដើម្បីបង្ហាញដល់ម្ចាស់អាជីវកម្មទេសចរ ​ភ្ញៀវទេសចរ ឱ្យពួកគាត់ប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាពល្អ​ មិនមានជាតិគីមី ព្រមទាំង​ជួយលើកកំពស់ដល់អ្នកផលិតផងដែរ។លោកបន្ថែមថា ផលិតផលបន្លែផ្លែឈើ ព្រមទាំងគ្រឿងទាំងអស់មិនខុសពីផលិតផលភូមិមួយ​នោះឡើយ។លោក បន្ថែមថា ចាប់ពីឆ្នាំ២០២៤ ទៅការតាំងពិព័រណ៍នេះនឹងធ្វើឡើងរៀងរាល់ខែធ្នូ។

វិស័យរដ្ឋ និងវិស័យឯកជនចុះ MOU ដើម្បីបើកផ្លូវឱ្យមានការហាត់ការដល់អ្នកសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ

2023/11/11 03:32:24 pm        202
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៨ ដើម្បីឱ្យសិក្ខាកាម និងសិស្ស ដែលរៀនជំនាញវិជ្ជាជីវៈនានា បានទៅហាត់ការ និងធ្វើកម្មសិក្សា ជាពិសេសដើម្បីលើកកម្ពស់ដល់ការបណ្តុះបណ្តាលជំនាញឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយចប់​ពិធីចុះអនុស្សរណៈយោគយល់គ្នា បានមានប្រសាសន៍ឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជំនាញ បង្កើនជំនាញ ក៏ដូចជាផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ឯកឧត្តម បានបន្តថា លើសពីនេះថែមទៀត នឹងបើកផ្លូវឱ្យមានការហាត់ការសម្រាប់អ្នកសិក្សា​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យមានសមត្ថភាពជាក់លាក់ដើម្បីអាចក្លាយជាកម្លាំងពលកម្ម​ដ៏មានសក្តានុពលក្នុងសង្វាក់ការងារ ដោយសារតែជាការផ្សារភ្ជាប់ទ្រឹស្តីជាមួយ​នឹងការអនុវត្តក្នុងការចូលរួមចំណែកជួយកសាង អភិវឌ្ឍន៍​ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្ម អ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគមអ្នកសាងសង់កម្ពុជា (CCA) និងប្រធានសមាគមនិយោជកក្នុងអង្គពិធីនេះ បានសម្តែង​ការគាំទ្រ និងទទួលស្គាល់ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ លើការជំរុញកម្លាំង​ធនធានមនុស្សក្នុងស្រុកឲ្យមានជំនាញត្រឹមត្រូវ ពិតប្រាកដ ដើម្បីអាចបំពេញការងារហើយ​បានប្រាក់ខែ​សមស្របសម្រាប់ចិញ្ចឹមក្រុមគ្រួសារ និងមានស្ថិរភាពចំណូលស្របតាម​ការអំពាវនាវ​របស់សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។សូមជម្រាបថា តំណាងវិស័យឯកជនចំនួន ១៨សមាគម ដែលត្រូវបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានដូចជា សភាពាណិជ្ជកម្ម , សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា, សមាគមវាយនភណ្ឌ​សម្លៀកបំពាក់ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ ,សមាគមអ្នកសាសង់កម្ពុជា , សមាគមទេសចរណ៍ , សហព័ន្ធចុងភៅកម្ពុជា និងសមាគមសហគ្រិនស្រ្តីកម្ពុជាជាដើម។ ការចុះ MOU នេះដែរ គឺធ្វើឡើងនៅមុនពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងប្រកាស​ដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនមក​ពី​គ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន​ ១លាន ៥សែននាក់ ឱ្យមានជំនាញជាក់លាក់ និង​ឆាប់ទទួលបានការងារធ្វើ ដើម្បីលើកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ភ្ញៀវទេសចរអន្តរជាតិរង់ចាំដើរលេងកម្សាន្តនៅភ្នំពេញ ថ្ងៃព្រះរាជពិធីបុណ្យអុំទូក

2023/11/10 02:25:42 pm        142
ភ្នំពេញ៖ នៅក្នុងអំឡុងពេលនេះ សំគាល់ឃើញថា នៅរាជធានីភ្នំពេញ គឺចាប់ផ្តើមមានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាហាក់មានកំណើនឡើងជាបន្តបន្ទាប់ ហើយការដើរកម្សាន្តទាំងភ្ញៀវកញ្ចប់ទេសចរ និងភ្ញៀវរាយនោះ ភាគច្រើន គឺចង់ដើរកម្សាន្តទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះ។ភ្ញៀវទេសចរអន្តរជាតិ មកពីប៉ែកខាងអឺរ៉ុប និងសហរដ្ឋអាមេរិច បានថ្លែងប្រាប់ BTV នៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ពួកគេមកទស្សនាកម្ពុជា ក្នុងអំឡុងពេលនេះ គឺចង់មកស្នាក់នៅយូរ ចង់ទស្សនា​អង្គរវត្ត នៅខេត្តសៀមរាប និងចង់ទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ដែលកម្ពុជាតែងតែ​ប្រារព្ធ​រៀងរាល់ឆ្នាំ ​និងមានមនុស្សម្នាអញ្ជើញចូលទស្សនាច្រើន ហើយពួកគេពិតជាមានចំណាប់អារម្មណ៍ក្នុងការចូលរួមទស្សនា ខណៈព្រឹត្តិការណ៍ដ៏ធំរបស់​កម្ពុជាមួយនេះ ពួកគេមិនធ្លាប់បានឃើញផ្ទាល់ពីមុនមកនោះទេ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ​បានថ្លែងថា ប្រទេស​កម្ពុជា ចាប់ផ្តើមមានកំណើនទេសចរអន្តរជាតិ ​ចាប់ពីខែតុលា រហូតដល់ដំណាច់ឆ្នាំ២០២៣នេះ ហើយភ្ញៀវទេសចរអន្តរជាតិ ​ដែលមកទស្សនាក្នុងអំឡុងពេលនេះ គឺជាភ្ញៀវដែលបានរៀបចំ​ផែនការ និង​បានកក់ទិញកញ្ចប់ទេសចរមកទស្សនាកម្ពុជា​ តាំងពីយូរមកហើយ និងកក់ទិញរង​ចាំមកទស្សនាព្រឹត្តិការណ៍បុណ្យអុំទូកផងដែរ។ឯកឧត្តមបញ្ជាក់ថា នៅចន្លោះពេល៣ទៅ៤ខែចុងឆ្នាំនេះ ​កំណើនទេសចរអន្តរជាតិ មក​ទស្សនារាជធានីភ្នំពេញ គឺបាននិងកំពុងត្រឡប់មករកភាពដូចដើមវិញហើយ។ ខណៈតាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ ​នៅក្នុងឆ្នាំ២០២៣ កម្ពុជា នឹងទទួល​បានភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងចន្លោះប្រមាណពី៤លាន៥សែននាក់ទៅ៥លាននាក់៕រូបអត្ថបទ ស៊ុម សុខជា

តម្លៃប្រេងអាចធ្លាក់ចុះប្រចាំសប្តាហ៍ទីបី ខណៈមានក្ដីបារម្ភកាន់តែខ្លាំងអំពីជម្លោះនៅមជ្ឈិមបូព៌ា

2023/11/10 02:08:28 pm        107
តម្លៃប្រេងត្រូវបានប្រែប្រួលតិចតួចនៅថ្ងៃសុក្រនេះ បន្ទាប់ពីការហក់ឡើងនៅក្នុងការជួញដូរកន្លងទៅ ប៉ុន្តែត្រូវបានកំណត់ថានឹងធ្លាក់ចុះសម្រាប់សប្តាហ៍ទី ៣ ដោយសារការព្រួយបារម្ភនៃការរំខានដល់ការផ្គត់ផ្គង់ ពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានធ្វើឱ្យមានការព្រួយបារម្ភអំពីការបំពេញតម្រូវការរបស់ខ្លួនឡើងវិញ។ ភាគហ៊ុនប្រេងឆៅ ប្រេនធ៍ (Brent) របស់សហរដ្ឋអាមេរិក សម្រាប់ខែមករា បានធ្លាក់ចុះក្នុងតម្លៃ ៨០,០១ ដុល្លារអាមេរិក ក្នុងមួយបារ៉ែលគិតត្រឹមម៉ោង១:៥៧ ម៉ោងសកល (0157 GMT) ខណៈភាគហ៊ុនប្រេងឆៅរបស់ US West Texas Intermediate ឬ (WTI) សម្រាប់ខែធ្នូគឺនៅក្នុងតម្លៃ៧៥,៦៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល ធ្លាក់ចុះ៧ សេន។ ភាគហ៊ុនរបស់ក្រុមហ៊ុន Brent បានធ្លាក់ចុះ ៥,៧ ភាគរយនៅសប្តាហ៍នេះ ខណៈក្រុមហ៊ុន WTI បានធ្លាក់ចុះ ៥,៩ % ចាប់តាំងពីសប្តាហ៍មុន។ ការធ្លាក់ចុះរយៈពេលបីសប្តាហ៍គឺជាការធ្លាក់ចុះប្រចាំសប្តាហ៍ដ៏យូរបំផុតសម្រាប់កិច្ចសន្យាទាំងពីរចាប់តាំងពីការធ្លាក់ចុះរយៈពេល ៤ សប្តាហ៍ចាប់ពីពាក់កណ្តាលខែមេសាដល់ដើមខែឧសភា។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងសេដ្ឋកិច្ច ANZ Research បាននិយាយនៅក្នុងកំណត់ត្រាមួយនៅថ្ងៃសុក្រថានេះ ការគំរាមកំហែងដោយសារតែការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែបន្ត ។ ការរំខានការផ្គត់ផ្គង់ផ្នែកសតិអារម្មណ៍ពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងកើតឡើង ខណៈ មានការព្រួយបារម្ភជុំវិញតម្រូវការ ជាពិសេសពីប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងធំជាងគេរបស់ពិភពលោកកំពុងកើនឡើង៕

ចិនជំរុញឱ្យក្រុមប្រទេស G7 បញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា

2023/11/10 11:54:55 am        93
ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើងដោយបណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង៧ (G7) ហើយបានជំរុញឱ្យប្លុកនេះបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា នេះបើយោងតាមស្ថានទូតចិននៅក្នុងប្រទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា)។កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅទីក្រុងតូក្យូ បានបញ្ចប់កាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ហើយភាគច្រើនបានអំពាវនាវឱ្យមានការផ្អាកសង្រ្គាមសម្រាប់បុព្វហេតុមនុស្សធម៌នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីអនុញ្ញាតឱ្យមានជំនួយ និងជួយដោះលែងចំណាប់ថ្នូរ។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមប្រទេស G7 ក៏បានជំរុញឱ្យចិន ដោះស្រាយគោលនយោបាយមិនទីផ្សាររបស់ខ្លួន មិនឲ្យជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន រក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងអនុញ្ញាតឱ្យមានស្វ័យភាពកម្រិតខ្ពស់សម្រាប់ទីក្រុងហុងកុង។ប្រទេសលោកខាងលិចមួយចំនួនក៏បានក្រើនរំលឹកជាប្រចាំដល់ទីក្រុងប៉េកាំង ឱ្យការពារគោលការណ៍ប្រជាធិបតេយ្យ សេរីភាព និងស្វ័យភាពរបស់ទីក្រុងហុងកុង ឱ្យកាន់តែប្រសើរឡើង ដែលពួកគេនិយាយថាស្វ័យភាពរបស់ទីក្រុងនេះបានចុះខ្សោយបន្ទាប់ពីការអនុវត្តច្បាប់សន្តិសុខជាតិរបស់ចិននៅឆ្នាំ២០២០ មក៕

ក្រុមហ៊ុន SpaceX បង្ហោះយានផ្គត់ផ្គង់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ

2023/11/10 11:05:39 am        124
ក្រុមហ៊ុន SpaceX បានបង្ហោះយានអវកាស Dragon ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ដើម្បីដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ អាហារ បរិក្ខារ និងផ្នែកនៃប្រព័ន្ធបញ្ជូនបន្ត ទំនាក់ទំនងឡាស៊ែរ។អង្គភាពបេសកកម្មសេវាកម្មផ្គត់ផ្គង់ឡើងវិញពាណិជ្ជកម្មលើកទី ២៩ របស់ក្រុមហ៊ុន បានហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋ Florida ។យោងតាមអង្គការ NASA បានឲ្យដឹងថា បេសកកម្មនេះ នឹងផ្តល់ការពិសោធន៍រលកបរិយាកាស ដើម្បីសិក្សារលកទំនាញបរិយាកាស និងការបង្ហាញការបញ្ជូនបន្តទំនាក់ទំនងឡាស៊ែររួមបញ្ចូលគ្នារបស់អង្គការ NASA មានម៉ូដឹមអ្នកប្រើប្រាស់គន្លងផែនដីទាប និងស្ថានីយឧបករណ៍បន្ថែមកម្លាំង ក្នុងគោលបំណងសាកល្បងទំនាក់ទំនងឡាស៊ែរអត្រាទិន្នន័យខ្ពស់ពីស្ថានីយអវកាស មកផែនដី។ប្រព័ន្ធនេះ រួមជាមួយការបង្ហាញការបញ្ជូនបន្តទំនាក់ទំនងឡាស៊ែរ ត្រូវបានគេរំពឹងថានឹងមានប្រព័ន្ធបញ្ជូនបន្តទំនាក់ទំនងឡាស៊ែរ មានពីររបៀបដំបូងរបស់អង្គការ NASA ។នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា បេសកកម្ម SpaceX CRS-29 ត្រូវបានគេរំពឹងថានឹងចូលចតនៅស្ថានីយអវកាសអន្តរជាតិ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះរោងចក្រនៅភាគខាងជើងប្រទេសចិន
02/08/2026 06:02 PM
កងកម្លាំងចិន ធ្វើការល្បាតផ្លូវទឹកនិងផ្លូវអាកាស ជុំវិញសមុទ្រចិនខាងត្បូងដែលមានជម្លោះ
02/08/2026 06:02 PM
ជន​បរទេស​ ៦២៥ នាក់​ទៀត ត្រូវបានបណ្ដេញចេញ​ពីកម្ពុជា ពាកព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
02/08/2026 06:02 PM
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល គ្រោងទៅអាមេរិកជួបលោក Trump នាសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាពីបញ្ហាអ៊ីរ៉ង់
02/08/2026 06:02 PM
អាជ្ញាធរចក្រភពអង់គ្លេស ចេញការព្រមានអំពីគ្រោះទឹកជំនន់ ខណៈនឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត
02/08/2026 06:02 PM
លោក Trump ចង់រៀបចំកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព នៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែនេះ
02/08/2026 06:02 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ
02/08/2026 05:02 PM
ខ្មែរជួយខ្មែរ! ក្រសួងការងារ បន្ត​ពាំនាំឱកាសការងារជាង៣ពាន់កន្លែង ជូនដល់ដៃពលរដ្ឋ ​នៅមូលដ្ឋានខេត្តបាត់ដំបង
02/08/2026 04:02 PM
កូរ៉េខាងជើង នឹងកោះប្រជុំសមាជលើកទី៩ ដ៏ធំនៅចុងខែកុម្ភៈនេះ ដើម្បីកំណត់គោលនយោបាយសំខាន់ៗ
02/08/2026 04:02 PM
ព្រិលធ្លាក់ដ៏កម្រនៅពាសពេញប្រទេសជប៉ុន ក្នុងថ្ងៃបោះឆ្នោត បានបង្កការលំបាកដល់អ្នកទៅបោះឆ្នោត
02/08/2026 04:02 PM