ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

មនុស្ស៤នាក់ស្លាប់ ខណៈទីក្រុងជាច្រើនរបស់ចិនត្រូវទឹកជន់លិច ក្រោយភ្លៀងធ្លាក់បំបែកកំណត់ត្រា

2024/04/23 07:15:41 pm        338
ទីក្រុងជាច្រើននៅភាគខាងត្បូង ជួបប្រទះស្ថានភាពធ្ងន់ធ្ងរខណៈភ្លៀងធ្លាក់ខ្លាំង បានពន្លិចទីក្រុងនានានៅតាមដងទន្លេភើល (Pearl River Delta ) ដែលធ្លាប់ជាមូលដ្ឋានផលិតសម្រាប់ពិភពលោក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ ភ្លៀងធ្លាក់ខ្លាំងដូចគេហែកមេឃ បានផ្ដាច់ជីវិតមនុស្ស៤នាក់ នៅក្នុងខេត្តខ្វាងទុង (Guangdong) កាលពីថ្ងៃចន្ទ ហើយមនុស្ស១០នាក់ផ្សេងទៀត នៅតែកំពុងបាត់ខ្លួននៅឡើយ ។ក្រុមអ្នកសង្រ្គោះកំពុងប្រជែងពេលវេលា ដើម្បីជម្លៀសអ្នកដែលនៅជាប់តាមដងផ្លូវលិចទឹក និងបំណាក់ដីនៅ ទីក្រុង យីង (Yingde) បន្ទាប់ពីប្រទេសនេះ ត្រូវបានរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងភ្លៀងធ្លាក់បំបែកកំណត់ត្រា។យោងតាមសារព័ត៌មានរដ្ឋចិន អាកាសធាតុអាប់អួរខ្លាំងនេះ ក៏អាចគំរាមកំហែងដល់ចរន្តទឹកហូរក្នុងទន្លេសំខាន់ៗ ផ្លូវទឹក និងអាងស្តុងទឹកជាច្រើនផងដែរ ដែលកំពុងរុញឲ្យក្រសួងធន់ធានទឹកប្រទេសនេះចេញការណែនាំគ្រាអាសន្ន។ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក ផ្ទះសម្បែងចំនួន៣៦ខ្នង ត្រូវបានបំផ្លាញនៅក្នុងខេត្តនេះ ដែលមានប្រជាជនជាង១២៧លាននាក់ ខណៈលំនៅឋានចំនួន៤៨ខ្នងទៀត ត្រូវបានខូចខាតធ្ងន់ធ្ងរ។ផ្នែកជាច្រើននៃតំបន់នេះ ត្រូវគេមើលឃើញថា ទទួលរងទឹកភ្លៀងច្រើនបំផុតបំបែកកំណត់ត្រានៅក្នុងខែមេសានេះ ស្របពេលចំនួនទឹកភ្លៀង ខ្ពស់ជាង២ទៅ៣ដង នៃកម្រិតទឹកភ្លៀងធម្មតារនៅខែនេះ។គិតត្រឹមពេលនេះ ទូកសង្រ្គោះចំនួន៤១គ្រឿង កំពុងធ្វើប្រតិបត្តិការ នៅក្នុងតំបន់នានារបស់ទីក្រុងនេះដែលមនុស្សប្រហែល ៣៨.០០០នាក់ត្រូវគេនិយាយថា បានជាប់ខ្លួនក្នុងទឹកជំនន់៕

អ៊ីស្រាអែល រៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ប៉ុន្តែកាត់បន្ថយវិញ បន្ទាប់ពីមានសម្ពាធខ្លាំងពីសម្ព័ន្ធមិត្ត

2024/04/23 07:12:38 pm        341
អ៊ីស្រាអែល បានរៀបចំផែនការវាយប្រហារធំជាងនេះទៅលើអ៊ីរ៉ង់ ប៉ុន្តែបានហៅវាមកវិញ បន្ទាប់ពីមានសម្ពាធខ្លាំងពីសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិកផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីស្រា អែលដែលបាននិយាយទៅកាន់សារព័ត៌មានThe New York Times។ មន្ត្រីបីនាក់ដែលនិយាយដោយអនាមិក ដោយសារតែភាពរសើបនៃកិច្ចពិភាក្សានោះ បានប្រាប់សារព័ត៌មាន Times ថា មេដឹកនាំអ៊ីស្រាអែល បានពិចារណាពីការវាយប្រហារគោលដៅយោធាជាច្រើន នៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងមួយចំនួន នៅជិតរដ្ឋធានីតេអេរ៉ង់ផងដែរ។ការវាយប្រហារតបតនេះ គឺជាការសងសឹកចំពោះអ៊ីរ៉ង់ ដែលបាញ់មីស៊ីល និងយានដ្រូន ជាង៣០០ គ្រឿង ទៅកាន់អ៊ីស្រាអែល ក្នុងការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ដែលយោងទៅតាមកងកម្លាំងការពារអ៊ីស្រាអែល ៩៩% បានស្ទាក់ចាប់ មុនពេលពួកវាទៅដល់គោលដៅ។ការវាយប្រហារនេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី១ ខែមេសា ដែលសន្មតថា ជារបស់អ៊ីស្រាអែល ទៅលើទីតាំងការទូតរបស់អ៊ីរ៉ង់នៅទីក្រុងដាម៉ាស ( Damascus) ប្រទេសស៊ីរី ដែលបណ្តាលឲ្យមន្ត្រីយោធាអ៊ីរ៉ង់ជាច្រើននាក់ ស្លាប់។សារព័ត៌មានTimes បានរាយការណ៍ថា ទីបំផុតអ៊ីស្រាអែល បានជ្រើសរើសការធ្វើការវាយប្រហារមានកំណត់បន្ថែមទៀត នៅថ្ងៃសុក្រ ដែលជៀសវាងការបង្កការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងអាល្លឺម៉ង់ បានជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បង្ហាញពីការអត់ធ្មត់។

ពលរដ្ឋជាង ១៥.០០០ គ្រួសារនៅភាគខាងជើងប្រទេសអ៊ូហ្គង់ដា ត្រូវបានជម្លៀសដោយសារទឹកជំនន់

2024/04/23 07:09:54 pm        240
មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ (២២ មេសា) ថាពលរដ្ឋយ៉ាងហោចណាស់ ១៥.០០០ គ្រួសារនៅក្នុងស្រុក ដូកូឡូ (Dokolo) ភាគខាងជើងនៃប្រទេសអ៊ូហ្គង់ដា ត្រូវបានជម្លៀសដោយសារទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ ស្នងការស្រុកដូកូឡូ លោក បាបារ៉ា អាកេច (Barbara Akech) បានប្រាប់សារព័ត៌មាន ស៊ីនហ័រ (Xinhua) ថាអ្នកដែលរងផលប៉ះពាល់ភាគច្រើនជាស្ត្រី និងកុមារ កំពុងត្រូវបានជ្រកកោននៅតាមសាលារៀន និងមណ្ឌលសុខភាព។លោក អាកេច និយាយថា «បញ្ហាធំបំផុតគឺសូម្បីតែមណ្ឌលសុខភាព និងសាលារៀនក៏រងផលប៉ះពាល់ដោយទឹកជំនន់ដែរ ហើយមន្រ្តីបានផ្ដល់ដំណឹងទៅការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទីជម្រក និងស្បៀងអាហារ»។ស្នងការរូបនេះបន្ថែមថា ដំណាំជាច្រើនត្រូវបានបំផ្លាញដោយទឹកជំនន់ ហើយជំងឺដែលបណ្តាលមកពីទឹកអាចផ្ទុះឡើងនៅក្នុងតំបន់នេះ។នៅដើមខែមេសា អាជ្ញាធរអាកាសធាតុបានព្រមានអំពីការវាយប្រហារដោយរន្ទះ និងជំងឺដែលឆ្លងតាមទឹក ដែលជាលទ្ធផលនៃព្យុះផ្គររន្ទះ។ ក្នុងឆ្នាំ២០២២ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់នៅភាគខាងកើតប្រទេសអ៊ូហ្គង់ដា ដោយបានសម្លាប់មនុស្ស ២៤ នាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួន៕

UN ព្រមានថាការបិទរដ្ឋធានីហៃទី ធ្វើឱ្យមិនមានជំនួយសម្រាប់កុមារដែលខ្វះអាហារូបត្ថម្ភ

2024/04/23 07:07:04 pm        316
ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃច័ន្ទ (២២ មេស) ថា រដ្ឋធានីរបស់ប្រទេសហៃទី ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងដោយការបិទផ្លូវអាកាស សមុទ្រ និងផ្លូវគោក ខណៈដែលអំពើហឹង្សារបស់ក្រុមជនអន្ធពាលកាន់តែខ្លាំងក្លាឡើង ដោយបញ្ឈប់ការផ្ដល់ជំនួយដល់កុមារចំនួន ៥៨.០០០ ដែលមានទម្រង់គំរាមកំហែងដល់អាយុជីវិតបំផុតដោយសារកង្វះអាហារូបត្ថម្ភ។នាយកប្រតិបត្តិអង្គការ យូនីសេហ្វ (UNICEF) លោកស្រី ខាធើរីន រ៉ាស់សែល (Catherine Russell) បាននិយាយថា កុមារពីរភាគបីក្នុងប្រទេសហៃទី ត្រូវការជំនួយ ហើយស្ត្រី និងកុមារីកំពុងត្រូវបានគេកំណត់គោលដៅជាមួយនឹង «កម្រិតដ៏ខ្លាំងក្លា» នៃអំពើហិង្សាយេនឌ័រ និងផ្លូវភេទ ហើយសមាជិកក្រុមប្រដាប់អាវុធពី ៣០ ទៅ ៥០ ភាគរយមានកុមារនៅក្នុងក្រុម។បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសហៃទី បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ចាប់តាំងពីថ្ងៃទី០៨ ខែមីនា ប្រជាជនហៃទី ជិត ១០០.០០០ នាក់បានចាកចេញពីទីក្រុងព័រអូប្រ៉ាំង ទៅកាន់តំបន់នានា ដោយរត់គេចពីអំពើហិង្សា។ អសន្តិសុខស្បៀងក៏នៅតែមាននៅទូទាំងប្រទេសដែរ ដោយពាក់កណ្តាលនៃចំនួនប្រជាជនទទួលរងពីអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ»។ក្រុមជនអន្ធពាលហៃទី ដែលភាគច្រើនបានប្រមូលផ្តុំគ្នាជាក្រុមក្រោមសម្ព័ន្ធភាពឈ្មោះ «វីវ អុងសុន» (Viv Ansanm) ឬហៅថា «រស់នៅជាមួយគ្នា» បាននិយាយថា ការឡោមព័ទ្ធរបស់ពួកគេលើរដ្ឋធានី គឺដើម្បីបណ្តេញលោកនាយករដ្ឋមន្ត្រី អារីយ៉ែល ហង់រី (Ariel Henry) ប៉ុន្តែចាប់តាំងពីការប្រកាសចេញពីតំណែងរបស់លោក ការវាយប្រហារកើនឡើងកាន់តែខ្លាំងជាងមុន៕

ប្រមុខការទូតសហភាពអឺរ៉ុប ជំរុញឲ្យរដ្ឋសមាជិកបញ្ជូនប្រព័ន្ធការពារដែនអាកាសPatriot ទៅកាន់អ៊ុយក្រែន

2024/04/23 04:35:02 pm        299
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល ( Josep Borrell) កាលពីថ្ងៃចន្ទ បានជំរុញឲ្យរដ្ឋសមាជិកបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ដែលបានស្នើដោយអ៊ុយក្រែន។លោកបូរ៉ែល បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងប្រទេសលុចសំបួ បន្ទាប់ពីកិច្ចប្រជុំរួមរបស់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិរបស់សហភាពអឺរ៉ុបថា៖«ឥឡូវនេះ អ្វីៗត្រូវបាននិយាយ ហើយរឿងជាច្រើនដែលត្រូវធ្វើ»។ជាមួយនឹងជួរមុខក្រោមសម្ពាធយ៉ាងខ្លាំងពីកងកម្លាំងរុស្ស៊ី អ៊ុយក្រែន បាននិងកំពុងអង្វរសម្ព័ន្ធមិត្តឲ្យបញ្ជូនគ្រាប់រំសេវ និងសព្វាវុធបន្ថែមទៀត ជាពិសេសប្រព័ន្ធប្រឆាំងយន្តហោះដូចជា Patriot ជាដើម។លោកបូរ៉ែល បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប យល់ពីតម្រូវការបន្ទាន់របស់អ៊ុយក្រែន ហើយថា ប្រទេសទាំងអស់ គឺស្ថិតក្នុងទីតាំងមួយ ដើម្បីធ្វើការសម្រេចចិត្ត»។ លោកបានលើកឡើងថា ក្រុម Patriots មិនស្ថិតនៅក្នុងកម្មសិទ្ធិរបស់នាយកប្រតិបត្តិសហភាពអឺរ៉ុបទេ។ «ប្រព័ន្ធ Patriots ស្ថិតនៅក្នុងរាជធានីនានា ហើយវាអាស្រ័យលើពួកគេ ធ្វើការសម្រេចចិត្ត។រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប បានពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន- បន្ទាប់ពីការអនុម័តរបស់សមាជិកសភាអាមេរិកអំពីកញ្ចប់ជំនួយជិត ៦១ពាន់លានដុល្លារ ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់សម្រាប់ការវាយប្រហារលើអ៊ីស្រាអែល និងការផ្គត់ផង់អាវុធដល់ប្រទេសរុស្ស៊ី។រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសឡាតវីលោកស្រី បៃបា ប្រេស ( Baiba Braže) បាននិយាយថា វាជារឿងសំខាន់ដែលបណ្តាប្រទេសសហភាពអឺរ៉ុប កុំមានការអាក់អន់ស្រពន់ចិត្តនៅពេលនេះ ដែលសហរដ្ឋអាមេរិក បានអនុ ម័តកញ្ចប់ជំនួយដែលពន្យារពេលជាយូរមកហើយនោះ។

អ៊ីស្រាអែល កំពុងពង្រីកតំបន់មនុស្សធម៌ហ្កាហ្សា សម្រាប់លទ្ធភាពនៃការវាយប្រហារក្រុង រ៉ាហ្វា

2024/04/23 03:54:57 pm        330
វិទ្យុរដ្ឋហេប្រ៊ូ (HPR) បានរាយការណ៍កាលពីថ្ងៃចន្ទ (២២ មេសា) ថាអ៊ីស្រាអែល កំពុងរៀបចំពង្រីក «តំបន់មនុស្សធម៌» នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីត្រៀមសម្រាប់ការវាយប្រហារដែលអាចកើតមានលើទីក្រុង រ៉ាហ្វា (Rafah) ជាប់ព្រំដែន។វិទ្យុនេះបាននិយាយថា តំបន់មនុស្សធម៌ថ្មីនឹងពង្រីកពីភូមិ អាល់ម៉ាវ៉ាស៊ី (Al-Mawasi) ភាគខាងត្បូងតាមបណ្តោយតំបន់ឆ្នេរនេះទៅកាន់ជាយក្រុង ឌើ អាល់បាឡា (Deir al-Balah) នៅភាគកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប ហើយនឹងអាចដាក់ជនភៀសខ្លួនបានប្រហែលមួយលាននាក់។យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ទីរពេទ្យចល័តចំនួនប្រាំទីតាំងត្រូវបានបង្កើតឡើងនៅក្នុងតំបន់នេះ ដោយបន្ថែមពីលើមន្ទីរពេទ្យដែលមានស្រាប់ដែលកំពុងដំណើរការ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាកាលពីថ្ងៃអាទិត្យ ថានឹងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើក្រុមហាម៉ាស នៅប៉ុន្មានថ្ងៃខាងមុខ។លោក ណេតាន់យ៉ាហ៊ូ បានគំរាមម្តងហើយម្តងទៀតថានឹងបើកការវាយប្រហារលើក្រុង រ៉ាហ្វា ព្រោះទីនោះជា «បន្ទាយដ៏រឹងមាំ» ចុងក្រោយរបស់ក្រុមហាម៉ាស។ ក្រុង រ៉ាហ្វា បានក្លាយជាជម្រកចុងក្រោយសម្រាប់ប្រជាជនប៉ាឡេស្ទីនជាង ១,៤ លាននាក់ បន្ទាប់ពីការផ្លាស់ទីលំនៅរបស់ពួកគេពីភាគខាងជើង និងភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប ដោយសារតែជម្លោះដ៏បង្ហូរឈាមដែលកំពុងបន្តរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល៕

អ៊ីរ៉ង់ ប្តេជ្ញាឆ្លើយតបកាន់តែខ្លាំងក្លា ប្រសិនបើអ៊ីស្រាអែល បង្កើតកំហុសណាមួយទៀត

2024/04/23 03:51:05 pm        331
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសើ ខាណានី (Nasser Kanaani) កាលពីថ្ងៃចន្ទ (២២ មេសា) បានព្រមានថា ប្រទេសអ៊ីរ៉ង់ នឹងធ្វើការឆ្លើយតប «កាន់តែតឹងរ៉ឹង និងខ្លាំងក្លា» ប្រសិនបើអ៊ីស្រាអែល ធ្វើឱ្យមានកំហុសឆ្គងណាមួយផ្សេងទៀត។ លោកបានធ្វើការលើកឡើងនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈអត្ថាធិប្បាយអំពីប្រតិបត្តិការយោធាសងសឹកដ៏ធំរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះប្រឆាំងនឹងអ៊ីស្រាអែល ដែលត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែមេសា ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។លោក ខាណានី និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងស្ថានទូតរបស់អ៊ីរ៉ង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ។ លោកសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ បានចាត់ទុកថាប្រតិបត្តិការសងសឹករបស់ខ្លួនបានបញ្ចប់ ហើយគោលបំណងរបស់ខ្លួនបានសម្រេចហើយ ប៉ុន្តែ «ប្រសិនបើអ៊ីស្រាអែលបង្កើតឱ្យមានមួយផ្សេងទៀត ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងកាន់តែតឹងរ៉ឹង និងកាន់តែធ្ងន់ធ្ងរ»។ងាកទៅការផ្ទុះដែលគេបានឮកាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុននៅជិតទីក្រុង អ៊ីស្វាហាន (Isfahan) របស់អ៊ីរ៉ង់ ដែលទំនងជាការវាយប្រហាររបស់អ៊ីស្រាអែល លោក ខាណានី បានថ្កោលទោសការវាយប្រហារនេះថាជា «ការខឹងសម្បារ និងការព្យាបាទ» ដោយបន្ថែមថា មិនទាន់មានភាគីណាមួយអះអាងទទួលខុសត្រូវនៅឡើយទេ។ លោកបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានបំពេញកាតព្វកិច្ចរបស់ខ្លួន ហើយបានរារាំងការវាយប្រហារដែលធ្វើឡើងដោយ «វត្ថុហោះតូចមួយ និងយានហោះលើអាកាសខ្នាតតូច» ដោយសង្កត់ធ្ងន់ថាជនល្មើសមិនបានសម្រេចអ្វីទាំងអស់៕

ការរញ្ជួយដីជាង៨០លើក អង្រួនកោះតៃវ៉ាន់ជាថ្មី ក្រោយការរញ្ជួយកម្រិត៧,២រ៉ិចទ័រសម្លាប់មនុស្ស១៧នាក់

2024/04/23 03:44:47 pm        293
រដ្ឋបាលអាកាសធាតុកោះតៃវ៉ាន់ និយាយថា ការរញ្ជួយដីជាង៨០លើក ដែលជាការរញ្ជួយដីខ្លាំងក្លារកម្រិត៦,៣រ៉ិចទ័រ បានអង្រួនឆ្នេរភាគខាងកើតរបស់កោះនេះ កាលពីយប់ថ្ងៃចន្ទទី២២មេសា និងនៅព្រឹកថ្ងៃអង្គារនេះ។ ការរញ្ជួយនេះ បានធ្វើឲ្យរញ្ជួយអគារជាច្រើននៅក្នុងទីក្រុងតៃប៉ិ ។ ការរញ្ជួយទាំងនេះ បានអង្រួននៅលើតំបន់ហ័រលៀន(Hualien)ភាគខាងកើតរបស់កោះនេះ ជាទីដែលធ្លាប់មានគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ សម្លាប់មនុស្សយ៉ាងហោចណាស់១៧នាក់ កាលពីថ្ងៃទី៣ខែមេសា ។ ប្ដីប្រពន្ធជនជាតិសិង្ហបុរីមួយគូ គឺលោក ស៊ីម វី កុក (Sim Hwee Kok)និងអ្នកស្រី ណែវ ស៊ីវ ចូ (Neo Siew Choo) នៅតែបាត់ខ្លួននៅឡើយរហូតមកដល់ពេលនេះ ។គេជឿថាពួកគេបានបាត់ខ្លួននៅតាមតំបន់ជ្រលងភ្នំ សាកាតាំង ត្រេល (Shakadang Trail)។ គួររម្លឹកថាមានរលករញ្ជួយរាប់រយលើកបានអង្រួនកោះតៃវ៉ាន់ ចាប់តាំងពីមានការរញ្ជួយដីកាលពីខែដើមខែមេសាមក។ យានយកដ្ឋានពន្លត់អគ្គិភ័យ ក្នុងស្រុកហ័រលៀន បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា សណ្ឋាគារមួយ ដែលបានរងខូចខាតស្រាប់ក្នុងការរញ្ជួយដីកាលពីថ្ងៃទី៣មេសា នោះ ពុំអាចដំណើរការបានទៀតទេរហូតមកដល់ពេលនេះដោយសារផ្អៀងស្ទើរមួយចំហៀង។ សូមបញ្ជាក់ថាការរញ្ជួយដីចុងក្រោយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ពុំបានបណ្ដាលឲ្យមនុស្សស្លាប់ឬរបួសទេ។ យោងតាមរដ្ឋបាលអាកាសធាតុកណ្ដាល ការរញ្ជួយលើកដំបូង មានកម្រិត៥,៥រ៉ិចទ័រ បានវាយប្រហារកាលពីថ្ងៃចន្ទ នៅម៉ោងប្រហែល៥និង៨នាទីល្ងាច។ ហើយការរញ្ជួយដីបន្តបន្ទាប់ទៀត បានកើតឡើងនៅម៉ោងប្រហែល២កន្លះព្រឹកថ្ងៃអង្គារនេះ។ គួររម្លឹកថា មនុស្សជាង១០០នាក់ បានស្លាប់ក្នុងគ្រោះរញ្ជួយដីមួយនៅភាគខាងត្បូងកោះតៃវ៉ាន់ កាលពីឆ្នាំ២០១៦ ខណៈការរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ មួយផ្សេងទៀត កាលពីឆ្នាំ១៩៩៩ បានឆក់យកជីវិតមនុស្ស ជាង២.០០០នាក់៕

នគរបាលបូលីវី បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកបំបែកក្បួនតវ៉ារបស់ក្រុមគ្រូបង្រៀន និងវេជ្ជបណ្ឌិត

2024/04/23 03:18:32 pm        288
នគរបាលបូលីវីបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកកាលពីថ្ងៃចន្ទទី២២មេសា ដើម្បីបំបែកក្បួនតវ៉ា នៅក្នុងទីក្រុងឡាប៉ាស់(La Paz ) ដោយក្រុមគ្រូបង្រៀន មកពីទូទាំងប្រទេស ដែលកំពុងទាមទារដំឡើងកញ្ចប់ថវិកាក្នុងវិស័យអប់រំសាធារណៈ និងច្រានចោលសំណើច្បាប់ប្រាក់សោធននិវត្តន៍ដ៏ ចម្រូងចម្រាសមួយ ដែលក្រុមគ្រូប្រៀនទាំងនោះ និយាយថា សំណើច្បាប់នោះ នឹងបង្ខំឲ្យពួកគេចូលនិវត្តន៍នៅអាយុ៦៥ឆ្នាំ។ គ្រូបង្រៀនរាប់រយនាក់មកពីទូទាំងប្រទេសកំពុងដើរក្បួនតវ៉ាទៅកាន់អគារក្រសួងអប់រំ នៅក្នុងទីក្រុងឡាប៉ាស់ នៅពេលកងកម្លាំងនគរបាលបង្ក្រាបកុបកម្មកំពុងបង្កើនការការពារនៅតាមដងផ្លូវនានា។ក្រុមគ្រូបង្រៀន និងវេជ្ជបណ្ឌិត កំពុងចេញតវ៉ារយៈពេលជាច្រើនសប្ដាហ៍ប្រឆាំងទៅនឹងអ្វីដែលពួកគេហៅថាជាសេចក្ដីពង្រាងច្បាប់ចូលនិវត្តន៍ដោយបង្ខំ ដែលរដ្ឋាភិបាលកំពុងព្យាយាមរុញទៅអនុម័តនៅសភា។ នៅក្នុងប្រទេសបូលីវី អាយុចូលនិវត្តន៍ដោយស្ម័គ្រចិត្ត ត្រូវបានកំណត់ត្រឹម៥៨ ឆ្នាំ សម្រាប់បុរស និង៥៥ឆ្នាំសម្រាប់ស្ត្រី ។ក្រុមអ្នកតវ៉ា និយាយថា សំណើច្បាប់នេះ នឹងបង្ខំឲ្យពួកគេចូលនិវត្តន៍នៅអាយុ៦៥ឆ្នាំ។ រដ្ឋាភិបាល និយាយថា សំណើច្បាប់នេះ ត្រូវបានបង្កើតឡើងដើម្បីការពារសុវត្ថិភាពនិងសុខភាពរបស់មន្ត្រីជំនាញ ខណៈពួកគេអាចធ្វើតេស្តសុខភាព ថាតើពួកគេស័ក្កិសមនឹងបន្តការងារលើសពីអាយុដែលបានកំណត់ដែរឬអត់៕

នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស-ស្រី ០២នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ ជិត៧គីឡូក្រាម

2024/04/23 01:36:32 am        90
បន្ទាយមានជ័យ ៖  កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ០២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន ជិត ៧គីឡូក្រាម រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត តែងដាក់ចេញនូវបទបញ្ជាដល់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ក៏ដូចជានគរបាលជំនាញប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាល ក្រុង-ស្រុក ត្រូវស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញឱ្យដូចជាភ្លៀងរលឹម ជាពិសេសបទល្មើសគ្រឿងញៀន។ ជាលទ្ធផលនៅវេលាម៉ោង១២យប់រំលងអាធ្រាតថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោក បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន  សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបករណីដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលធ្វើតេស្តស្វែងរកសារធាតុញៀនជាប់០១នាក់ (ប្រុស) ។ លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ ១ ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀន រស់នៅភូមិ មិត្តភាព សង្គាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២ ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ រស់នៅភូមិ អូរឬស្សីលើ សង្កាត់ អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ១/- ម្សៅម៉ត់សថ្លា(MDMA)ចំនួន ០១ថង់ ស្មើទម្ងន់២,១១ក្រាមសាច់ថ្នាំសុទ្ធ, ២/- ថ្នាំកញ្ចប់រូបទំពាំងបាយជូមានអក្សGrapa frait tea(MDMA)ចំនួន៥០០កញ្ចប់ ស្មើទម្ងន់៤,៤៧០ក្រាម សាច់ថ្នាំសុទ្ធ, ៣/- ថ្នាំកញ្ចប់ពណ៍ក្រហមរូបសេះ(MDMA)ចំនួន៥០០កញ្ចប់ស្មើទម្ងន់២,៣០៥ក្រាមសាច់ថ្នាំសុទ្ធ, ៤/- រថយន្តចំនួន០១គ្រឿង ម៉ាកព្រូសពណ៍ស ។៥/- ទូរស័ព្ទដៃចំនួន០២គ្រឿង។ ទម្ងន់សរុបចំនួន ៦.៧៧៧,១១ក្រាមសាច់ថ្នាំសុទ្ធ ៕ អត្ថបទ រឿង ចន្ទ្រា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM