អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ
នៅឆ្នាំ២០២៥ មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ជាង ៩ពាន់​ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យជាង ២ម៉ឺននាក់ និងចាប់យកសារធាតុញៀនជាង ៧តោន
រដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងហ្គេមអនឡាញ​ខុសច្បាប់​ក្នុង​ខណ្ឌចំការមន​ឃាត់ខ្លួន​ជន​ជាតិ​ឥណ្ឌូណេស៊ី ២៤នាក់

សន្តិសុខ និង សង្គម

មនុស្ស៦នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ធ្លាក់ឧទ្ធម្ភាគចក្រ នៅសមុទ្រប្រទេសន័រវេស

2024/02/29 02:24:38 pm        207
អង្គភាពសេវាកម្មជួយសង្គ្រោះប្រទេសន័រវេស បាននិយាយថា បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសន័រវេស កាលពីល្ងាចថ្ងៃពុធ មនុស្សទាំងប្រាំមួយនាក់ជិះនៅលើយន្តហោះ ត្រូវបានជួយសង្គ្រោះចេញពីសមុទ្រ។យោងតាមទូរទស្សន៍ជាតិ NRK បានរាយការណ៍ថា បន្ទាប់ពីការជួយសង្គ្រោះ អ្នកនៅរស់រានមានជីវិតទាំងអស់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។ ស្ថានភាពសុខភាពរបស់ពួកគេ នៅមិនទាន់ដឹងនៅឡើយ ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅជិតឆ្នេរសមុទ្រទីក្រុង Bergen ជាទីក្រុងធំទីពីររបស់ប្រទេស។ឧទ្ធម្ភាគចក្រ ត្រូវបានគេរាយការណ៍ថា បានបាត់ដាន បន្ទាប់ពីបានចេញសញ្ញាអាសន្ន នៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់ម៉ោងក្នុងស្រុក។ ក្រោយមក សាក្សី បានរាយការណ៍ថាបានឃើញមនុស្ស នៅក្នុងទឹកសមុទ្រ ក្បែរទីតាំងធ្លាក់ឧទ្ធម្ភាកចក្រដែលគេសង្ស័យ។អាជ្ញាធរ រួមទាំងនគរបាល ត្រូវបានផ្តល់ដំណឹងអំពីស្ថានភាពនេះ។ ជាការឆ្លើយតប រថយន្តគិលានសង្គ្រោះ ពីរគ្រឿង និងឧទ្ធម្ភាគចក្រសង្គ្រោះមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។នាយកគណៈកម្មការស៊ើបអង្កេតគ្រោះថ្នាក់ប្រទេសន័រវេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NRK ថា ទីភ្នាក់ងាររបស់លោក នឹងចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗពីឧបទ្ទវហេតុដែលបណ្តាលឲ្យឧទ្ធម្ភាគចក្រធ្លាក់។

បញ្ហាសន្តិសុខនីហ្សេរីយ៉ាកាន់តែធ្ងន់ធ្ងរ ចំពេលមានការបះបោររបស់អ្នកនិយាយភាសាអង់គ្លេស នៅកាមេ រូនរីករាលដាលឆ្លងព្រំដែន

2024/02/29 02:17:19 pm        207
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសនីហ្សេរីយ៉ា បានប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខជាតិជាដ៏ស្មុកស្មាញជាច្រើនដែលនីមួយៗបង្កបញ្ហាប្រឈមដ៏ធំចំពោះស្ថិរភាពរបស់ខ្លួន។ប្រទេសនេះ រកឃើញថា ខ្លួនកំពុងប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធដ៏ហិង្សានៅតំបន់ដីសណ្ដនីហ្សេ ជម្លោះរវាងកសិករ និងអ្នកឃ្វាលគោ នៅទូទាំងតំបន់ជាច្រើន អំពើភេរវកម្ម និងការបះបោរ នៅភាគឦសាន ចោរកម្មនៅភាគពាយព្យ និងយុទ្ធនាការអបគមន៍ដោយក្រុមនានា ដូចជាជនជាតិដើមភាគតិចបៀអាហ្រ្វា (Biafra)នៅភាគអាគ្នេយ៍។ឥឡូវនេះ ភាពស្មុកស្មាញស្រទាប់ថ្មី បានលេចចេញជាទម្រង់នៃក្រុមអបគមន៍អាមបាហ្សូនៀន (Ambazonian) មកពីប្រទេសកាមេរូន។ ការគម្រាមកំហែងកាន់តែខ្លាំងឡើងរបស់ក្រុមនេះ ដែលថ្មីៗនេះគេបានឃើញនៅក្នុងការលុកលុយដោយហិង្សា នៅខែធ្នូ ឆ្នាំ ២០២៣ លើភូមិបែលីហ្គេត( Belegete) ព្រំដែនប្រទេសនីហ្សេរីយ៉ា បន្ថែមភាពតានតឹងលើសមត្ថភាពសន្តិសុខជាតិរបស់ប្រទេសនីហ្សេរីយ៉ា។ក្នុងនាមជាអ្នកស្រាវជ្រាវដែលមានឯកទេសខាងបដិវត្តន៍ ភាពជ្រុលនិយមដ៏ឃោរឃៅ និងការប្រឆាំងភេរវកម្មនៅអាហ្វ្រិកខាងលិច និងកណ្តាល ខ្ញុំជឿថា ការគំរាមកំហែងចុងក្រោយនេះ បង្កឲ្យមានការព្រួយបារម្ភអំពីការត្រៀមខ្លួនជាយុទ្ធសាស្ត្រ និងសមត្ថភាព ក្នុងការប្រឈមមុខនឹងបញ្ហា ដែលកំពុងកើនឡើង។

កុមារ៦នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា

2024/02/29 02:10:01 pm        152
ក្រសួងសុខាភិបាលនៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល បាននិយាយថា កុមារ៦នាក់បានស្លាប់ដោយសារការខ្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភនៅមន្ទីរពេទ្យនានានៅភាគខាងជើងតំបន់ហ្កាហ្សា ខណៈតំបន់នេះរងទុក្ខពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុត។ ក្រសួងបាននិយាយកាលពីថ្ងៃពុធថា កុមារពីរនាក់បានស្លាប់នៅមន្ទីរពេទ្យ អាល់ ស៊ីហ្វា (al-Shifa) ក្នុងទីក្រុង ហ្កាហ្សា ។ថ្មីៗនេះមានសេចក្តីរាយការណ៍ថា កុមារ៤នាក់បានស្លាប់នៅមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ (Kamal Adwan)ភាគខាងជើងតំបន់ហ្កាហ្សា ខណៈមនុស្ស ៧ នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក អាស្រាហ្វ អាល់ គូដ្រា (Ashraf al-Qudra)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងសុំឱ្យភ្នាក់ងារអន្តរជាតិជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌នៅភាគខាងជើងហ្កាហ្សា ស្របពេលការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សានៅតែបន្ត។សហគមន៍អន្តរជាតិកំពុងប្រឈមនឹងការសាកល្បងសីលធម៌ និងមនុស្សធម៌ ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍នៅហ្កាហ្សា។ប្រធានមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ លោក អាម៉េដ អាល់កាឡូត(Ahmed al-Kahlout)បាននិយាយថា មន្ទីរពេទ្យបានឈប់ដំណើរការ ដោយសារខ្វះប្រេងឥន្ធនៈសម្រាប់ដំណើរការម៉ាស៊ីនភ្លើង។ កាលពីថ្ងៃអង្គារ មន្ទីរពេទ្យ អាល់ អាវដា (Al-Awda)ក្នុងទីក្រុង ចាបាលីយ៉ា (Jabalia) ក៏បានបញ្ឈប់ដំណើរការព្យាបាលអ្នកជំងឺដោយសារតែហេតុផលដូចគ្នានោះដែរ។នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Instagram និងត្រូវផ្ទៀងផ្ទាត់ដោយអង្គភាពផ្ទៀងផ្ទាត់សាណាដ (Sanad) របស់សារព័ត៌មាន Al Jazeera អ្នកសារព័ត៌មានឈ្មោះអ៊ីប្រាហឹម មូសាឡាម(Ebrahem Musalam)បង្ហាញទារកនៅលើគ្រែមួយនៅខាងក្នុងបន្ទប់ពេទ្យកុមារនៅមន្ទីរពេទ្យ Kamal Adwan ។ លោក Musalam បាននិយាយថា កុមារនៅក្នុងផ្នែកនេះកំពុងទទួលរងពីកង្វះអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់វ័យ និងកង្វះអាហារូបត្ថម្ភសម្រាប់ទារក ហើយឧបករណ៍ចាំបាច់ទាំងនោះបានឈប់ដំណើរការដោយសារតែការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ព្រោះខ្វះប្រេងឥន្ធនៈ៕

កងរក្សាសន្តិភាពរបស់UN ចាប់ផ្តើមដកខ្លួនចេញពីប្រទេសកុងហ្គោភាគខាងកើតដែលហែកហួរដោយសង្រ្គាម

2024/02/29 02:07:28 pm        270
ក្រុមសារព័ត៌មាន AFP បានមើលឃើញថា អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានចាប់ផ្តើមដកកងកម្លាំងរក្សាសន្តិភាពនៃបេសកកម្មរក្សាស្ថិរភាពរបស់UNនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MON USCO) ដោយប្រគល់មូលដ្ឋានទី១របស់ខ្លួនឲ្យទៅនគរបាលជាតិ។ ក្នុងអំឡុងពេលពិធីផ្លូវការមួយនៅឯមូលដ្ឋាន Kamanyola នៅជិតព្រំដែនប្រទេសរ៉្វាន់ដា និងប៊ូរុនឌី ទង់ជាតិរបស់អង្គការសហប្រជាជាតិ និងប៉ាគីស្ថាន ដែលជាប្រទេសដើមនៃកងរក្សាសន្តិភាព ត្រូវបានជំនួសដោយទង់ជាតិសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវិញ។សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានទាមទារឲ្យមានការដកខ្លួនចេញ បើទោះបីជាមានការព្រួយបារម្ភពីអង្គការសហប្រជាជាតិអំពីអំពើហិង្សាដ៏ខ្លាំងក្លា នៅភាគខាងកើតនៃប្រទេសនេះក៏ដោយ។ទីក្រុងឃីនសាសា (Kinshasa) ចាត់ទុកកម្លាំងរបស់អង្គការសហប្រជាជាតិថា គ្មានប្រសិទ្ធភាពក្នុងការការពារជនស៊ីវិលពីក្រុមប្រដាប់អាវុធ និងកងជីវពលដែលបានបង្កបញ្ហានានា នៅភាគខាងកើតនៃប្រទេសដ៏ធំអស់រយៈពេលបីទសវត្សរ៍មកហើយ។ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីខែធ្នូ ដើម្បីយល់ព្រមតាមការទាមទាររបស់ទីក្រុងឃីនសាសាសម្រាប់ការដកខ្លួនបន្តិចម្តងៗរបស់បេសកកម្ម MONUSCO ដែលបានមកដល់ក្នុងឆ្នាំ១៩៩៩។បច្ចុប្បន្ននេះ កម្លាំងអង្គការសហប្រជាជាតិ បានដាក់ពង្រាយទាហានប្រហែល ១៣៥.00នាក់ និង នគរបាលចំនួន ២.០០០នាក់ នៅទូទាំងខេត្តភាគខាងកើតចំនួនបីគឺ Ituri, South Kivu និង North Kivu ។

តុលាការកំពូល រកមធ្យោបាយដោះស្រាយភាពស្របច្បាប់នៃបម្រាមរបស់អាមេរិក លើកាំភ្លើងកែច្នៃពាក់កណ្តាលស្វ័យប្រវត្តិ

2024/02/29 01:47:59 pm        258
ចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានព្យាយាមរកមធ្យោបាយដោះស្រាយ ជុំវិញទិដ្ឋភាពបច្ចេកទេសនៃកាំភ្លើងកែច្នៃពាក់កណ្តាលស្វ័យប្រវត្តិ កាលពីថ្ងៃពុធ ខណៈក្រុមចៅក្រម បានពិចារណាអំពីភាពស្របច្បាប់នៃបម្រាមសហព័ន្ធ ដែលដាក់ក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក Donald Trump នៅលើឧបករណ៍ទាំងនេះ។ ករណីនេះ ផ្តោតលើការរឹតបន្តឹងអាវុធផ្សេងទៀត បន្ទាប់ពីមានការពង្រីកសិទ្ធិប្រើប្រាស់កាំភ្លើង កាលពីឆ្នាំ២០២២។ ចៅក្រម បានទទួលព័ត៌មានការអះអាង នៅក្នុងបណ្តឹងឧទ្ធរណ៍ដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden លើសេចក្តីសម្រេចរបស់តុលាការជាន់ទាប ក្នុងការគាំទ្រ លោក មីឈែល កាគ្រី (Michael Cargill) ម្ចាស់ហាងលក់កាំភ្លើង និងជាអ្នកតស៊ូមតិសិទ្ធិប្រើប្រាស់កាំភ្លើង មកពីទីក្រុង Austin រដ្ឋតិចសាស់ ដែលបានជំទាស់ទៅនឹងបម្រាម ដែលត្រូវបានអនុវត្ត បន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំ កាលពីឆ្នាំ ២០១៧ ដែលបានសម្លាប់មនុស្ស ៥៨នាក់ នៅទីក្រុង Las Vegas ។សំណួរជាច្រើន ដែលចោទសួរដោយចៅក្រម ពុំបានបង្ហាញសញ្ញាច្បាស់លាស់ ថាតើពួកគេនឹងដោះស្រាយករណីនេះដោយរបៀបណានៅក្នុងសេចក្តីសម្រេច ដែលនឹងត្រូវកំណត់ពេលនៅចុងខែមិថុនា។តុលាការកំពូល ដែលមានសំឡេងភាគច្រើន ៦ទល់នឹង៣ បានទទួលយកទិដ្ឋភាពដ៏ទូលំទូលាយនៃសិទ្ធិប្រើប្រាស់កាំភ្លើង នៅក្នុងប្រទេសមួយដែលបានបែងចែកយ៉ាងស៊ីជម្រៅ ជុំវិញរបៀបដោះស្រាយអំពើហិង្សាដោយអាវុធ។ ករណីបច្ចុប្បន្ន ផ្តោតលើថាតើការិយាល័យទទួលបន្ទុកគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) ដែលជាទីភ្នាក់ងារក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក បានបកស្រាយយ៉ាងត្រឹមត្រូវដែរឬទេអំពីច្បាប់ហាមឃាត់កាំភ្លើងយន្តខណៈមានការពង្រីកដល់កាំភ្លើងកែច្នៃពាក់កណ្តាលស្វ័យប្រវត្តិ។

UN និយាយថា ក្រុមប្រដាប់អាវុធ បានពង្រីកការគ្រប់គ្រង លើទឹកដីក្នុងប្រទេសកូឡុំប៊ី

2024/02/29 12:10:17 pm        261
របាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមប្រដាប់អាវុធខុសច្បាប់ បានពង្រីកការគ្រប់គ្រងរបស់ពួកគេលើទឹកដីប្រទេសកូឡុំប៊ី ក្នុងឆ្នាំ ២០២៣ ដែលស្វែងរកការគ្រប់គ្រងលើ សហគមន៍ ដែលបានឃើញថាសិទ្ធិមនុស្សត្រូវបានបំពាន។ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ប្រឈមមុខទៅនឹងជម្លោះផ្ទៃក្នុង ដែលបានអូសបន្លាយពេលជាងប្រាំមួយទសវត្សរ៍ ដោយមានចំនួនអ្នកស្លាប់លើសពី ៤៥០.០០០នាក់ ទោះបីជាការខិតខំប្រឹងប្រែងរបស់ ប្រធានាធិបតី លោក ហ្គាស្តូវ៉ូ ប៉េត្រូ(Gustavo Petro) ដើម្បីឲ្យទទួលបានសន្តិភាពជាមួយក្រុមប្រដាប់អាវុធខុសច្បាប់ ដូចជាកងទ័ពព្រៃ និងក្រុមឧក្រិដ្ឋជនក៏ដោយ។របាយការណ៍របស់អង្គការសហប្រជាជាតិ បានបង្ហាញពីការកើនឡើង ១៤,៤ភាគរយ នៅក្នុងទីក្រុងនានា ដែលទទួលរងអំពើហិង្សាពី ១៨០លើក ក្នុងឆ្នាំ ២០២២ ដល់២០៦លើក ក្នុងឆ្នាំ ២០២៣ ។សហព័ន្ធសិទ្ធមនុស្សអន្តរជាតិ រួមជាមួយអង្គការក្នុងស្រុក កាលពីថ្ងៃពុធ បានទាមទារឱ្យអាជ្ញាធរការពារជនជាតិដើមភាគតិច Viwa នៅតំបន់ជួរភ្នំ ស៊ីរ៉ា ណេវ៉ាដា ដេ សានតា ម៉ាតា(Sierra Nevada de Santa Marta) នៅភាគខាងជើង ខណៈសមាជិកចំនួន ៣០០នាក់របស់ខ្លួន ត្រូវស្វែងរកទីជម្រកនៅក្នុងទីប្រជុំជនផ្សេងទៀតដូចជាតំបន់ រីអូហាចា(Riohacha) ដើម្បីភៀសខ្លួនចេញពីការប៉ះទង្គិចគ្នា រវាងក្រុមប្រដាប់អាវុធ។

របាយការណ៍៖ ពាណិជ្ជកម្មថាមពលរបស់រុស្ស៊ីជាមួយឥណ្ឌា អាចនឹងមានភាពតានតឹង ចំពេលមានការដាក់ទណ្ឌកម្មថ្មី

2024/02/29 12:04:54 pm        287
ប្រភពជាច្រើន បានប្រាប់សារព័ត៌មានរ៉យទ័រថា ការដាក់ទណ្ឌកម្មចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ទៅលើទីក្រុងមូស្គូ កំពុងធ្វើឲ្យមានទស្សនវិស័យដ៏អាក្រក់សម្រាប់ពាណិជ្ជកម្មថាមពលរបស់រុស្ស៊ីជាមួយឥណ្ឌា។ប្រភពឧស្សាហកម្មអនាមិកចំនួនបី បានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមរោងចក្រចម្រាញ់ប្រេងឥណ្ឌាអំពីការរឹតបន្តឹងថ្មី។ ស្ថាប័ននានា បារម្ភថា វាអាចនឹងកាន់តែពិបាកក្នុងការស្វែងរកនាវា ដើម្បីដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី ក៏ដូចជាការបន្ថែមថ្លៃដឹកជញ្ជូនផងដែរ។នៅទីបំផុត កត្តាបែបនេះអាចកាត់បន្ថយការបញ្ចុះតម្លៃលើប្រេងរុស្ស៊ី ដោយកាត់បន្ថយការទាក់ទាញ ពាណិជ្ជកម្ម។ តម្លៃបារ៉ែលធូរថ្លៃជាង គឺជាហេតុផលសំខាន់ដែលឥណ្ឌា បានក្លាយជាអ្នកទិញដ៏ធំបំផុតនៃប្រេងឆៅពីសមុទ្ររុស្ស៊ីកាលពីឆ្នាំមុន ដោយបាននាំចូល ១,៦៦ លានបារ៉ែល ក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៣ ។ទោះបីជាការដាក់ទណ្ឌកម្ម មិនមែនជារឿងថ្មីសម្រាប់ទីក្រុងមូស្គូ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនឆ្នាំ ២០២២ ក៏ដោយ សហរដ្ឋអាមេរិក បានអនុវត្តយ៉ាងទូលំទូលាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយប្រារព្ធខួបលើកទី២នៃសង្រ្គាម និងដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការស្លាប់របស់លោក អាឡិចសេ ណាវ៉ាល់នី ( Alexei Navalny) មេដឹកនាំប្រឆាំងដ៏លេចធ្លោ នៅក្នុងប្រទេសនេះ។ក្នុងចំណោមគោលដៅ គឺក្រុមហ៊ុនដឹកប្រេងឈានមុខគេរបស់រុស្ស៊ី Sovcomflot ជុំវិញការចោទប្រកាន់ថាក្រុមហ៊ុនបានរំលោភលើការកំណត់តម្លៃរបស់ក្រុមប្រទេសG7គឺតម្លៃ៦០ដុល្លារក្នុងមួយបារ៉ែលទៅលើប្រេងឆៅរុស្ស៊ី។ នាវាដឹកប្រេងចំនួន១៤គ្រឿងដែលមានទំនាក់ទំនងជាមួយក្រុមនេះ ក៏ត្រូវបានគេកំណត់គោលដៅផងដែរ ដោយបន្ថែមទៅលើបញ្ជីនៃនាវាដែលរងការដាក់ទណ្ឌកម្មកើនឡើង។

អាមេរិក ជំរុញឲ្យអ៊ីស្រាអែល អនុញ្ញាតឲ្យពលរដ្ឋមូស្លីមគោរពបូជានៅវិហារ Al-Aqsa អំឡុងខែបុណ្យរ៉ាម៉ាដាន

2024/02/29 11:57:30 am        212
សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានជំរុញឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យពលរដ្ឋមូស្លីមគោរពបូជានៅ បរិវេណព្រះវិហារ Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹម ក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាដាន បន្ទាប់ពីរដ្ឋមន្ត្រី ស្តាំនិយមម្នាក់ បានស្នើឱ្យរារាំងប្រជាជនប៉ាឡេស្ទីនពីតំបន់កាន់កាប់ West Bank មិនឲ្យអធិស្ឋាននៅទីនោះ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា ខណៈវាទាក់ទងនឹងវិហារ Al-Aqsa យើងបន្តជំរុញឱ្យអ៊ីស្រាអែល ជួយសម្រួលដល់ការចូលទៅកាន់ ព្រះវិហារ សម្រាប់អ្នកគោរពបូជាដោយសន្តិវិធី ក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាដាន ដូចដែលបានអនុវត្តកន្លងមក។ ខែនៃការតមអាហារ ធ្វើឡើងខណៈប្រទេសអ៊ីស្រាអែល ធ្វើយុទ្ធនាការយោធាឥតឈប់ឈរនៅតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំដោយក្រុមហាម៉ាស នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ ក្រុមហាម៉ាស បានអំពាវនាវឱ្យមានសកម្មភាពធំមួយនៅព្រះវិហារ Al-Aqsa សម្រាប់ការចាប់ផ្តើមនៃខែបុណ្យរ៉ាម៉ាដាន។ ប្រធានក្រុមហាម៉ាស លោក Ismail Haniyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃពុធថា យើងអំពាវដល់ប្រជាជនរបស់យើងនៅក្នុងទីក្រុងហ្សេរុយសាឡឹម តំបន់West Bank និងតំបន់កាន់កាប់ផ្នែកខាងក្នុងរបស់អ៊ីស្រាអែល ដើម្បីធ្វើដំណើរទៅកាន់ ព្រះវិហារ Al-Aqsa ចាប់ពីថ្ងៃដំបូងនៃខែបុណ្យរ៉ាម៉ាដាន ទៅជាក្រុម ឬតែម្នាក់ឯង ដើម្បីអធិស្ឋាននៅទីនោះ។ រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក អ៊ីតាម៉ា បេន គ្វ័រ(Itamar Ben Gvir) បាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank មិនគួរត្រូវបានអនុញ្ញាត ចូលទៅក្នុងទីក្រុង ហ្សេរុយសាឡឹម ដើម្បីអធិស្ឋានក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាដាននោះទេ។ លោក និយាយថា យើងពុំអាចទទួលយកហានិភ័យ ដែលអនុញ្ញាតឱ្យមានការប្រារព្ធពិធីសម្រាប់ក្រុមហាម៉ាសនៅព្រះវិហារនោះទេ។ សហរដ្ឋអាមេរិក បាននឹងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយ មុនពេលខែបុណ្យរ៉ាម៉ាដានចាប់ផ្តើម ដែលអ៊ីស្រាអែលនឹងត្រូវបញ្ឈប់ការវាយប្រហារនៅតំបន់ហ្កាហ្សា ហើយចំណាប់ថ្នូរ ដែលត្រូវបានចាប់ នៅថ្ងៃទី ៧ ខែតុលានឹងត្រូវបានដោះលែង។

ការតវ៉ារបស់កសិករដ៏ធំនៅប្រទេសឥណ្ឌា បង្កឱ្យមានការអះអាងពីអំពើឃោរឃៅរបស់នគរបាល

2024/02/29 11:42:47 am        233
លោក ហាឌីបស៊ីញ(Hardeep Singh) បានដើរដង្ហែរក្បួនតវ៉ាក្នុងចំណោមកសិករទៅកាន់រដ្ឋធានី Delhi របស់ប្រទេសឥណ្ឌា ជាអ្វីដែលរូបលោកគិតថាជាការតវ៉ាដោយស្ងៀមស្ងាត់ ប៉ុន្តែក្រោយមកការតវ៉ាទាំងនោះបានធ្លាក់ចូលទៅក្នុងភាពវឹកវរ និងមានការលើកឡើងពីការរងការបង្ក្រាបដ៏ឃោរឃៅពីនគរបាល។ ការបាញ់ប្រហារ និងឧស្ម័នបង្ហៀរទឹកភ្នែករបស់កងកម្លាំងនគរបាល បានស្រោចលើក្រុមបាតុករដែលធ្វើបាតុកម្មទាមទារឲ្យមានស្ថានភាពល្អប្រសើរ ហើយលោក ស៊ីញ វ័យ២៨ឆ្នាំបានរងរបួស។កសិករមកពីរដ្ឋពុនចាប(Punjab)ភាគខាងជើងរបស់ប្រទេសឥណ្ឌារូបនេះ បាននិយាយដោយចង្អុលទៅដីថា ភ្នែកខាងស្តាំរបស់ខ្ញុំ ត្រូវគេបាញ់គ្រាប់កាំភ្លើងជ័រចំ ហើយខ្ញុំបានដួលនៅទីនោះ ។ ភ្នែកខាងស្តាំរបស់ខ្ញុំឈឺខ្លាំងណាស់ ។លោកស៊ីញ គឺស្ថិតក្នុងចំណោមអ្នករងរបួសជាច្រើននាក់ ហើយយ៉ាងហោចណាស់កសិករម្នាក់បានស្លាប់នៅក្នុងអំពើហិង្សាដែលបានកើតឡើងបន្ទាប់ពីកម្មករកសិកម្មបានចាប់ផ្ដើមហែក្បួនពីភាគខាងជើងរដ្ឋ Punjab និង រដ្ឋ ហារីយ៉ាណា (Haryana) ឆ្ពោះទៅកាន់រដ្ឋធានី Delhi កាលពីពាក់កណ្តាលខែកុម្ភៈ។នគរបាលបានបដិសេធការអះអាងថាមានការបំពាននេះ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា យ៉ាងហោចណាស់មានមន្ត្រីពីរនាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលចលាចលនេះ។ មន្ត្រីសុខាភិបាលរដ្ឋ Punjab បានកត់ត្រាការរងរបួសរបស់កសិករ និងសកម្មជនចំនួន ចំនួន១៧៧នាក់ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក បន្ទាប់ពីកសិករបានចាប់ផ្តើមការហែក្បួន ដែលមានឈ្មោះថា តោះយើងទៅកាន់រដ្ឋធានី Delhi។គួររម្លឹកថា ការតវ៉ារបស់ប្រជាកសិករឥណ្ឌា បានកើតមានឡើងបន្ទាប់ពីការចរចាជាមួយរដ្ឋាភិបាលស្ដីពីការជួយដំឡើងថ្លៃផលិតផលកសិកម្មរបស់ពួកគេឲ្យខ្ពស់ជាងមុនបានបរាជ័យ៕

អាជ្ញាធរខណ្ឌ៧មករា ទុករយៈពេល៣ថ្ងៃ ដល់ក្រុមអ្នកលក់ដូរលើផ្លូវលេខ ១៣៤ ឲ្យរើចេញ

2024/02/29 11:27:43 am        313
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៤ ចំណុច មុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដោយ​ធ្វើកិច្ច​សន្យា​ទុក្ខ​រយៈពេល​បី​ថ្ងៃ​ឱ្យ​ក្រុម​អាជីវករ​លក់ដូររំលោភលើចិញ្ចើមផ្លូវរើចេញដោយខ្លួនឯង បើពុំដូចនេះ​ទេ​អាជ្ញាធរ និង​ចុះចា​ត់​វិធាន​ការរដ្ឋបាល។ការចុះរៀបចំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ​មាន​ការណែនាំ​ពី​លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក ក្រូច សុធន់ នាយករង​រដ្ឋបាល​ដឹក​នាំ​​កម្លាំង​គណៈបញ្ជាការឯកភាព ខណ្ឌចុះ ណែនាំនិងធ្វើកិច្ចសន្យា ដល់អាជីវកយកផ្លូវតាំង ដាក់ទូ លក់ដូរ និងទីតាំងផ្ញើម៉ូតូ ស្ថិតនៅអមសងខាងកំណត់ផ្លូវលេខ ១៣៤ ជាប់​របង​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានីភ្នំពេញ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ការចុះណែនាំធ្វើកិច្ចសន្យានេះ លោក ក្រូច សុធន់ នាយករងរដ្ឋបាលខណ្ឌ៧មករាបានឲ្យBTV ដឹង​ថា កំណាត់ផ្លូវនេះអាជ្ញាធរបានចុះអប់រំណែនាំនិងរៀបចំជាញឹកញាប់ផងដែរ តែ​ក្រុម​អាជីវករ​មួយ​ចំនួន​ធំហាក់មិនចូលរួមសហការជាមួយអាជ្ញាធរឡើយ ដូច្នេះនៅថ្ងៃ​នេះ​អាជ្ញាធរ​ចុះ​ធ្វើ​កិច្ច​សន្យា​ដោយ​ទុករយៈពេលបីថ្ងៃឲ្យក្រុមអាជីវករលក់ដូររំលោភលើផ្លូវឲ្យរើតូបចេញ និងទីតាំង​ផ្ញើម៉ូតូ ចេញដោយខ្លួនឯង។ ក្នុងរយៈពេល ៣ថ្ងៃក្រោយ​បើ​មិន​រុះរើ​តាម​កិច្ច​សន្យា​របស់​អាជ្ញាធរ​នោះ​ទេ​រដ្ឋបាលខណ្ឌ និងចុះអនុវត្តវិធានការរដ្ឋបាល។លោកនាយករងរដ្ឋបាលបានបន្ថែមថា អាជ្ញាធរចុះរៀបចំនេះដើម្បីឲ្យ រក្សាបរិស្ថានអនាម័យ សណ្ដាប់​ធ្នាប់​សាធារណៈ មានសោភ័ណភាពនិងកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សា​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើជើង។ ដោយ​កន្លង​មក​ក្រុម​អាជីវករ​ទាំងនេះ​បាន​យក​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ និង​ផ្ញើ​ម៉ូតូ​បង្ក​ការ​កស្ទះ ចរាចរណ៍ដល់អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ១៣៤នេះ។ជាចុងក្រោយអាជ្ញាធរខណ្ឌ៧មករាបានសំណូមពរដល់អាជីវករលក់ដូរតាមបណ្ដោយផ្លូវលេខ១៣៤​នេះនឹងអាជីវករលក់ដូរតាមដោយផ្លូវផ្សេងៗទៀត សូមចូលរួមសហការជាមួយអាជ្ញាធរ ដើម្បី រក្សា​បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ និង​រំដោះ​ចិញ្ចើម​ផ្លូវ​ សម្រាប់​អ្នក​ថ្មើ​ជៀសវាង​អាជ្ញាធរ​ចាត់វិធានការរដ្ឋបាល៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីលីបង់ សន្យាការពារប្រទេសពីជម្លោះក្នុងតំបន់
03/05/2026 12:03 PM
ប្រភពចារកម្ម៖ អ៊ីរ៉ង់អាចរំខានដល់ច្រកសមុទ្រ Hormuz ដ៏សំខាន់ ជាច្រើនខែ ដោយការវាយប្រហារយានដ្រូន
03/05/2026 12:03 PM
ការវាយប្រហារនិងការគំរាមរបស់អ៊ីស្រាអែល ជំរុញវិបត្តិភៀសខ្លួនយ៉ាងច្រើននៅភាគខាងត្បូងប្រទេសលីបង់
03/05/2026 12:03 PM
ចិន ប្ដេជ្ញាជំរុញបច្ចេកវិទ្យាទំនើបនៅក្នុងកិច្ចប្រជុំសភាដ៏សំខាន់ ខណៈការប្រជែងជាមួយអាមេរិក កាន់តែខ្លាំង
03/05/2026 12:03 PM
ចៅក្រមអាមេរិក បង្គាប់ឱ្យរដ្ឋបាលចាប់ផ្ដើមដំណើរការសងប្រាក់ពន្ធរបស់លោក Trump ឱ្យទៅអ្នកនាំចូលវិញ
03/05/2026 12:03 PM
មនុស្សជាង២០០នាក់ស្លាប់ ក្នុងបំណាក់ដីនៅអណ្តូងរ៉ែ ក្នុងប្រទេសកុងហ្គោ
03/05/2026 11:03 AM
សម្ដេចតេជោ ជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​ជម្រើស​ថ្មី​អាល្លឺម៉ង់​ពិនិត្យ​លទ្ធ​ភាព​ពង្រីក​កិច្ច​សហប្រតិបត្តិការបន្ថែមជាមួយគ្នា
03/05/2026 11:03 AM
អ៊ុយក្រែន៖ ការចរចាសន្តិភាពត្រីភាគី ត្រូវបានផ្អាក ខណៈរង់ចាំអាមេរិក ស្របពេលសង្គ្រាមអ៊ីរ៉ង់
03/05/2026 11:03 AM
អេស្ប៉ាញ ប្រឆាំងការគំរាមរបស់លោក Trump លើជំហរសង្គ្រាមអ៊ីរ៉ង់ ដោយនិយាយថាខ្លួន «ពុំមែនជាប្រទេសចំណុះ» ទេ
03/05/2026 11:03 AM
អនុប្រធានទី១ CDC លើក​ទឹក​ចិត្ត​វិនិយោគិន​នានា​ឱ្យ​ចាប់​យក​កាលា​នុវ​ត្ត​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ឱកាសពិសេសជាច្រើន
03/05/2026 11:03 AM