ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

មនុស្សរាប់ម៉ឺននាក់រត់ភៀសខ្លួន ខណៈវិបត្តិកាន់តែយ៉ាប់យ៉ឺនហក់ឡើងយ៉ាងលឿន ឈានដល់ការប្រកាសអាសន្ន

2024/03/05 08:08:59 pm        272
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេសហៃទីខណៈមានការកើនឡើងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាល បង្ខំឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រត់ភៀសខ្លួនចេញពីរដ្ឋធានីព័រ-អូប្រាំង(Port-au-Prince)។ អ្នកនាំពាក្យរបស់លោក Antonio Guterres គឺលោក Stephane Dujarric បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថារដ្ឋធានីនេះ ប្រឈមនឹងវិបត្តិស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនដ៏ឆាប់រហ័ស។លោកបាននិយាយ ដោយបញ្ជាក់ពីក្ដីបារម្ភរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិថា ក្រុមជនអន្ធពាលប្រដាប់អាវុធ បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ កាលពីចុងសប្ដាហ៍នេះ រួមទាំងប៉ុស្តិ៍នគរបាល និងពន្ធនាគារ២កន្លែង។ ក្រុមជនអន្ធពាលបានព្រមានប្រជាពលរដ្ឋជុំវិញរដ្ឋធានីព័រ អូប្រាំង ឲ្យទុកកូនចៅនៅក្នុងផ្ទះ ទោះបីជារដ្ឋាភិបាលហៃទី បានបញ្ជាក់ថា សាលារៀននៅតែបើកបង្រៀនជានិច្ចក៏ដោយ។ ប្រទេសហៃទីបានធ្លាក់ក្នុងភាពចលាចល ដោយសារការរាលដាលនៃអំពើហិង្សារបស់ក្រុមជនអន្ធពាលរយៈពេលជាង២ឆ្នាំ ចាប់តាំងពីការធ្វើឃាត លោកប្រធានាធិបតី ចូវេណេល ម៉យ (Jovenel Moise ខែកក្កដា ឆ្នាំ២០២១។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយថាត្រឹមតែរយៈពេល៣ថ្ងៃ កាលពីសប្ដាហ៍មុន មានមនុស្សប្រមាណ១៥.០០០នាក់ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាក្នុងរដ្ឋធានីនេះ ភាគច្រើននៃពួកគេមកពីជំរំស្នាក់នៅបណ្ដោះអាសន្ននៅតាមសាលារៀន មន្ទីរពេទ្យ ទីលានចតុរង្គនានា ជាដើម៕

មនុស្សម្នាក់ស្លាប់ ក្នុងឧបទ្ទវហេតុបាក់ស្ពាន នៅប្រទេសបារាំងភាគខាងត្បូង

2024/03/05 08:03:06 pm        286
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ស្ពានមួយកន្លែងដែលកំពុងស្ថិតក្រោមការសាងសង់ នៅលើផ្លូវរថភ្លើងក្រោមដី នៅទីក្រុង Toulouse ជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសបារាំង បានបាក់កាលពីរសៀលថ្ងៃច័ន្ទ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ផ្នែកមួយនៃស្ពានដែលកំពុងសាងសង់ បានបាក់រលំនៅការដ្ឋានសំណង់ ទីសសេអូ(Tisseo) លើផ្លូវរថភ្លើងក្រោមដីទីក្រុង Toulouse កាលពីថ្ងៃចន្ទ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ទីសសេអូ(Tisseo) គឺជាអាជ្ញាធរដឹកជញ្ជូនសាធារណៈសម្រាប់ទីក្រុង Toulouse ហើយស្ពាន ដែលបានបាក់នោះ មានទីតាំងនៅក្នុងសហគមន៍ Labege មានចម្ងាយប្រហែល ១៤ គីឡូម៉ែត្រពីកណ្តាលទីក្រុង Toulouse ជាទីក្រុងធំទីបួនរបស់ប្រទេសបារាំង។ របាយការណ៍ បាននិយាយថា ប្រតិបត្តិការស្វែងរក នៅតែកំពុងធ្វើបន្ត ដើម្បីបញ្ជាក់ពីចំនួនអ្នកស្លាប់។

ដោយត្រៀមខ្លួនការចូលជាសមាជិក ស៊ុយអែតចូលរួមក្នុងសមយុទ្ធ NATO នៅភាគខាងជើងដែលកំណត់រៀបចំថ្មី

2024/03/05 05:10:07 pm        258
កងកម្លាំងប្រដាប់អាវុធប្រទេសស៊ុយអែត បានចូលរួមជាមួយសម្ព័ន្ធយោធាណាតូ សម្រាប់ការធ្វើសមយុទ្ធកាលពីថ្ងៃចន្ទ ដោយបានចូលរួមចំណែកកងទ័ព ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង ខណៈសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធយោធាធំបំផុតរបស់ខ្លួន ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ ប្រទេសស៊ុយអែត បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ដែលអាចធ្វើទៅបានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីទទួលបានសច្ចាប័នដ៏ប្រសើរចុងក្រោយកាលពីសប្តាហ៍មុន។ សមយុទ្ធដែលមានការចូលរួមពីកងទ័ពជាង ២០.000 នាក់ មកពីប្រទេសជាង១០ កំពុងប្រព្រឹត្តទៅនៅភាគខាងជើង ដែលត្រូវបានកែប្រែថ្មីដោយមានការចូលរួមពីប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលបានងាកមករកប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃការមិនចូលបក្សសម្ព័ន្ធ បន្ទាប់ពីប្រទេសរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពី២ឆ្នាំមុន។ នៅទីក្រុង Bodoe ប្រទេសន័រវេសភាគខាងជើង យន្តហោះ F-35 របស់សហរដ្ឋអាមេរិក និងន័រវេស បានចូលរួមជាមួយយន្តហោះចម្បាំង F-18 របស់ប្រទេសហ្វាំងឡង់ និងយន្តហោះចម្បាំងស៊ុយអែត Gripen ដែលបានហោះហើរទាប នៅលើមូលដ្ឋានយោធា Camp Bodin ជាផ្នែកមួយនៃការសាកល្បងដំបូង នៅមជ្ឈមណ្ឌលប្រតិបត្តិការដែនអាកាសតំបន់អឺរ៉ុបខាងជើងរួមគ្នា ជាផ្នែកសំខាន់នៃសមយុទ្ធ។ មន្ត្រី និងជំនាញជាង ៣០០នាក់ កំពុងធ្វើការសម្របសម្រួល និងគ្រប់គ្រងយន្តហោះដែលចូលរួមក្នុងសមយុទ្ធ ដែលប្រហែលពាក់កណ្តាល កំពុងធ្វើប្រតិបត្តិការបណ្តោះអាសន្នពីលើមូលដ្ឋានយោធា Camp Bodin ។ សមយុទ្ធនៅភាគខាងជើងផុតនៃប្រទេសន័រវេស ស៊ុយអែត និងហ្វាំងឡង់ គឺជាផ្នែកមួយនៃសមយុទ្ធ អ្នកការពារមិនប្រែប្រួល ឆ្នាំ២០២៤ របស់សម្ព័ន្ធមិត្ត ដែលហាត់សមពីរបៀបដែលកងទ័ពអាមេរិក អាចពង្រឹងសម្ព័ន្ធមិត្តអឺរ៉ុប នៅស្លាបភាគខាងកើតរបស់សម្ព័ន្ធយោធាណាតូ និងដាក់ផែនការការពារក្នុងតំបន់ថ្មី ដើម្បីសាកល្បង។ កងទ័ពប្រហែល ៩០.០០០នាក់ នឹងត្រូវចូលរួមសមយុទ្ធ NATO កាន់តែទូលំទូលាយ ដែលដំណើរការការរហូតដល់ខែឧសភា ដែលរួមមាននាវាជាង ៥០ គ្រឿង ព្រមទាំងយន្តហោះ រថក្រោះ និងរថពាសដែកផ្សេងទៀត។

រដ្ឋមន្ត្រីហ៊ួទី៖ នាវាចូលក្នុងដែនទឹកយេម៉ែន ត្រូវតែទទួលបានលិខិតអនុញ្ញាតជាមុន

2024/03/05 05:05:44 pm        321
រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ហ៊ួទី លោក Misfer Al-Numair បាននិយាយកាលពីថ្ងៃចន្ទថា នាវាទាំងអស់នឹងត្រូវទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរកិច្ចការដែនសមុទ្រដែលគ្រប់គ្រងដោយហ៊ួទីរបស់ប្រទេសយេម៉ែន មុនពេលចូលទៅក្នុងដែនទឹកយេម៉ែន។ក្រុមសកម្មប្រយុទ្ធហ៊ួទី បានធ្វើការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ នៅឈូងសមុទ្រ Aden ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដោយនិយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ការវាយប្រហារស្ទើរតែរាល់ថ្ងៃ បានបង្ខំឲ្យក្រុមហ៊ុនបង្វែរទិសដៅដ៏វែងឆ្ងាយ និងចំណាយច្រើន នៅជុំវិញទ្វីបអាហ្វ្រិកខាងត្បូង ហើយបានបង្កការភ័យខ្លាចថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចបង្កអស្ថិរភាពដល់មជ្ឈិមបូព៌ាកាន់តែធំឡើង។ សហរដ្ឋអាមេរិក និងអង់គ្លេស បានវាយប្រហារទៅលើគោលដៅរបស់ក្រុមហ៊ួទី ជាការឆ្លើយតប។ដែនទឹកដែលរងផលប៉ះពាល់ដោយបទបញ្ជាយេម៉ែន លាតសន្ធឹងពាក់កណ្តាលផ្លូវចូលទៅក្នុងច្រកសមុទ្រ Bab al-Mandab ទទឹង២០គីឡូម៉ែត្រ (១២ម៉ាយ) ជាមាត់ច្រកតូចចង្អៀតនៃសមុទ្រក្រហម ដែលតាម រយៈនោះ ប្រហែល១៥ភាគរយនៃចរាចរណ៍ដឹកជញ្ជូនរបស់ពិភពលោកឆ្លងកាត់តាមផ្លូវរបស់វាទៅកាន់ឬពីព្រែកជីកស៊ុយអេ (Suez Canal)។ទូរទស្សន៍ Al Masirah TV ដែលជាបណ្តាញព័ត៌មានទូរទស្សន៍សំខាន់ដែលគ្រប់គ្រងដោយចលនា ហ៊ួទី ដែលមានសម្ព័ន្ធភាពអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយថា (យើង) បានត្រៀមខ្លួនជាស្រេច ដើម្បីជួយសំណើសុំការអនុញ្ញាត និងកំណត់អត្តសញ្ញាណនាវាជាមួយកងទ័ពជើងទឹកយេម៉ែន ហើយយើងបញ្ជាក់ថា នេះ គឺចេញពីការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ នេះបើតាមការបញ្ជាក់របស់ លោកAl-Numair។ ក្រុមហ៊ុន HGC Global Communications ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ខ្សែកាប្លិ៍ទំនាក់ទំនងក្រោមទឹកចំនួន៤ ដូចជា Asia-Africa-Europe 1, Europe India Gateway, Seacom និង TGN-Gulf ត្រូវរងការខូចខាត កាលពីសប្តាហ៍មុន នៅក្នុងសមុទ្រក្រហមដោយពុំបានបញ្ជាក់ពីមូលហេតុទេ។

អង្គការសុខភាពពិភពលោក៖ កុមារស្លាប់កាន់តែច្រើនព្រោះអត់អាហារ នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង

2024/03/05 05:00:27 pm        98
ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា កុមារកាន់តែច្រើនកំពុងស្លាប់ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ។ លោក Tedros Adhanom Ghebreyesus បាននិយាយថា ដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារនេះកាលពីចុងសប្ដាហ៍ទៅកាន់មន្ទីរពេទ្យអាល់ អាវដា (Al-Awda)និងមន្ទីរពេទ្យកាម៉ាល់ អាដវ៉ាន់ (Kamal Adwan)គឺជាលើកដំបូង ចាប់តាំងពីដើមខែតុលាមក។ នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមលោកបានសរសេរថាកង្វះអាហារនាំឲ្យកុមារ១០នាក់បានស្លាប់ ហើយកម្រិតកង្វះអាហារូបត្ថម្ភ ខ្ពស់បំផុត ស្របពេលដែលអគារមន្ទីរពេទ្យនានាត្រូវបានបំផ្លាញ។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានរាយការណ៍កាលពីចុងសប្ដាហ៍មុនថា កុមារ១៥នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងជាតិទឹកនៅមន្ទីរពេទ្យកាម៉ាល់ អាដវ៉ាន់។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការវ៉ាហ្វា(Wafa) បានរាយការណ៍កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា កុមារទី១៦បានស្លាប់ កាលពីថ្ងៃអាទិត្យនៅមន្ទីរពេទ្យមួយក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង ។លោក Tedros បានរាយការណ៍ថា មានកម្រិតកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ កុមារកាន់តែច្រើនកំពុងស្លាប់ដោយសារអត់ឃ្លាន កង្វះប្រេងឥន្ធនៈ ស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រធ្ងន់ធ្ងរ អគារមន្ទីរពេទ្យនានាត្រូវបានបំផ្លិចបំផ្លាញក្នុងតំបន់ហ្កាហ្សាភាគខាងជើងជាទីដែលមនុស្សប្រមាណ៣០ម៉ឺននាក់កំពុងរស់នៅដោយសល់អាហារ ឬទឹកស្អាតតិចតួច ៕

អ្នកតវ៉ា ទាមទារឲ្យប្រធានាធិបតីឈីលី កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅហ្កាហ្សា

2024/03/05 04:52:49 pm        154
ក្រុមអ្នកតវ៉ា នៅប្រទេសឈីលី កាលពីថ្ងៃចន្ទ បានទាមទារឲ្យប្រធានាធិបតី លោកហ្គាប្រៀល បូរីក(Gabriel Boric) កាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ក្រុមបាតុករ ដែលមានកាន់ទង់ជាតិប៉ាឡេស្ទីន បានមកប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុង Santiago ដោយស្រែកពាក្យផ្សេងៗដូចជា«សេរីភាព ប៉ាឡេស្ទីន» ជាដើម។កាលពីខែវិច្ឆិកា ប្រធានាធិបតីឈីលី លោក Boric បានកោះហៅឯកអគ្គរដ្ឋទូតរបស់លោក ក្នុងទីក្រុង Tel Aviv និងបាននិយាយថា អ៊ីស្រាអែល ពុំបានអនុវត្តទៅតាមច្បាប់អន្តរជាតិនោះទេ ហើយកាលពីពេលថ្មីៗនេះ ក្នុងខែមករា អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេស កាតេម៉ាឡា លោក បានបញ្ជាក់ថា ក្នុងតំបន់ហ្កាហ្សា កំពុងប្រព្រឹត្តរឿងកាន់តែអាក្រក់ជាងនៅទីក្រុងប៊ែកឡាំង កាលពីក្នុងឆ្នាំ១៩៤៥ ។សហគមន៍ប៉ាឡេស្ទី នៅប្រទេសឈីលី ជាសហគមន៍ធំបំផុត នៅខាងក្រៅតំបន់មជ្ឈឹមបូព៌ា គឺជាកម្លាំងនយោបាយ និងសង្គមដ៏រឹងមាំមួយ នៅក្នុងប្រទេសតំបន់ភ្នំអង់ ដែលមានវប្បធម៌ នយោបាយក្នុងតំបន់ និងកីឡាបាល់ទាត់។

បណ្ដាប្រទេសជិតខាងរបស់ហៃទី ត្រៀមទប់ទល់ការកើនឡើងនៃអំពើហឹង្សា បន្ទាប់ពីការហែកពន្ធនាគារ

2024/03/05 03:50:12 pm        137
បណ្ដាអ្នកជិតខាងរបស់ប្រទេសហៃទី កាលពីថ្ងៃចន្ទ (០៤ មីនា) បានចាប់ផ្តើមបង្កើនការការពាររបស់ពួកគេ និងកោះហៅបុគ្គលិកស្ថានទូតត្រឡប់ទៅវិញ ខណៈដែលជម្លោះក្រុមជនអន្ធពាលនៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបនេះបានកើនឡើងខ្លាំង ហើយមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីការប្រយុទ្ធថ្មីៗនេះ។កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលហៃទី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៧២ ម៉ោង និងដាក់បម្រាមគោចរពេលយប់ បន្ទាប់ពីក្រុមប្រដាប់អាវុធបានរំដោះមនុស្សរាប់ពាន់នាក់ចេញពីពន្ធនាគារ ហើយមេដឹកនាំក្រុមជនអន្ធពាលនេះបានអំពាវនាវឱ្យបណ្តេញលោកនាយករដ្ឋមន្ត្រី អារៀល ហិនរី (Ariel Henry) ចេញពីតំណែង។សាធារណរដ្ឋដូមីនីក ដែលចែកព្រំដែនកោះ ហីសផានីអូឡា (Hispaniola) ជាមួយហៃទី ហើយកាលពីឆ្នាំមុនបាននិរទេសជនជាតិហៃទីរាប់ម៉ឺននាក់ បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនកំពុងធ្វើទស្សនកិច្ចនៅព្រំដែនដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើរបងព្រំដែន និងចាត់វិធានការសុវត្ថិភាព។សហរដ្ឋអាមេរិកបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីហៃទី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈរដ្ឋាភិបាលប្រេស៊ីល បានអំពាវនាវឱ្យសហគមន៍អន្តរជាតិអនុវត្តដំណោះស្រាយរបស់អង្គការសហប្រជាជាតិក្នុងការបញ្ជូនកងកម្លាំងចម្រុះជាតិសាសន៍ទៅកាន់ហៃទី។ ប្រទេសជិតខាង បាហាម៉ា និងម៉ិកស៊ិក ក៏ចាត់វិធានការស្រដៀងគ្នានេះដោយព្រមានពលរដ្ឋរបស់ខ្លួនឱ្យចាកចេញ ឬចាត់វិធានការប្រុងប្រយ័ត្ន៕

UN៖ ហិង្សាផ្លូវភេទទំនងជាកើតឡើងក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល

2024/03/05 03:46:07 pm        236
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានរាយការណ៍កាលពីថ្ងៃចន្ទ (០៤ មីនា) ថាមាន «ហេតុផលច្បាស់លាស់» ដើម្បីជឿថា អំពើហឹង្សាផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈ និងការរំលោភដោយក្រុមជនអន្ធពាល បានកើតឡើងនៅទីតាំងជាច្រើនក្នុងអំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស។ក្រុមអ្នកជំនាញ ដែលដឹកនាំដោយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអំពើហឹង្សាផ្លូវភេទក្នុងជម្លោះ លោកស្រី ប្រាមីឡា ផាតថេន (Pramila Patten) បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនៅចន្លោះថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ក្នុងបេសកកម្មដែលមានបំណងប្រមូលផ្តុំ វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានស្តីពីអំពើហិង្សាផ្លូវភេទ ដែលទាក់ទងនឹងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា។ក្រុមអង្គការសហប្រជាជាតិនេះបានបន្ថែមថា ខ្លួនក៏ទទួលបានព័ត៌មានពីប្រភពស្ថាប័ន និងសង្គមស៊ីវិល និងការសម្ភាសន៍ដោយផ្ទាល់អំពី «អំពើហិង្សាផ្លូវភេទប្រឆាំងនឹងបុរស និងស្ត្រីប៉ាឡេស្ទីននៅក្នុងកន្លែងឃុំឃាំង កំឡុងការវាយឆ្មក់តាមផ្ទះ និងនៅប៉ុស្តិ៍ត្រួតពិនិត្យ» នៅអ៊ីស្រាអែល បន្ទាប់ពីថ្ងៃទី០៧ ខែតុលា ផងដែរ។ក្រុមអ្នកជំនាញនេះបាននិយាយថា ខ្លួនបានលើកឡើងការចោទប្រកាន់ទាំងនេះជាមួយក្រសួងយុត្តិធម៌ និងអគ្គមេធាវីយោធារបស់អ៊ីស្រាអែល ប៉ុន្តែខាងអ៊ីស្រាអែលបាននិយាយថា ខ្លួនមិនទទួលបានការតវ៉ាអំពីអំពើហិង្សាផ្លូវភេទណាមួយលើសមាជិកនៃកងកម្លាំងរបស់ខ្លួននោះទេ៕

មន្ត្រីនគរបាលនៅប៉ាគីស្ថាន ត្រូវបានសរសើរចំពោះការជួយសង្គ្រោះស្ត្រីម្នាក់ពីហ្វូងមនុស្សដែលមានកំហឹង

2024/03/04 10:11:58 pm        274
នគរបាលប៉ាគីស្ថានម្នាក់ ត្រូវបានគេសរសើរថា ជាវីរនារី បន្ទាប់ពីអ្នកស្រី បានការពារស្ត្រីម្នាក់ពីហ្វូងមនុស្សដែលមានកំហឹង ដោយចោទប្រកាន់ថា នាងប្រមាថលើអ្វីដែលនាងកំពុងស្លៀកពាក់។លោក Usman Anwar អធិការនគរបាលខេត្ត ពុនចាប (Punjab) បាននិយាយថា អ្នកស្រី Sheher Bano ជំនួយការស្នងការនគរបាលនៅទីក្រុងឡាហ័រ ( Lahore) ធ្វើឲ្យជីវិតរបស់នាងស្ថិតក្នុងគ្រោះថ្នាក់« ដើម្បីជួយសង្រ្គោះស្ត្រីរូបនេះ បន្ទាប់ពីការសរសេរអក្សរភាសាអារ៉ាប់ចម្រុះពណ៌នៅលើសម្លៀកបំពាក់របស់នាង ត្រូវបានច្រឡំថាជាកំណាក្យដកស្រងចេញពីគម្ពីរកូរ៉ាន (Quran) ដែលជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាមូស្លីម។ ការប្រមាថ គឺជាបញ្ហារសើបខ្លាំងនៅក្នុងប្រទេសប៉ាគីស្ថាន ដែលភាគច្រើនកាន់សាសនាមូស្លីម ជាទីដែលវាត្រូវបានផ្តន្ទាទោសប្រហារជីវិត។ ការចោទប្រកាន់ បាននាំឲ្យមានការវាយដំដោយហិង្សា ការឃុំខ្លួន និងការវាយប្រហារដោយហ្វូងមនុស្ស។នៅក្នុងពិធីមួយនៅទីក្រុងរ៉ាវ៉ាល់ភីនឌី (Rawalpindi) កាលពីថ្ងៃពុធ អ្នកស្រី Bano បានទទួលកិត្តិយសខ្ពស់បំផុតរបស់ប្រទេសប៉ាគីស្ថានក្នុងការអនុវត្តច្បាប់ពីយោធារបស់ប្រទេសនេះ ដែលបានចាត់ទុកអ្នកស្រីថា «គ្មានការភ័យខ្លាច»។នគរបាល បានទទួលការហៅទូរសព្ទដំបូងកាលពីរសៀលថ្ងៃអាទិត្យមុនថា មនុស្សរាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅភោជនីយដ្ឋានមួយ ក្នុងតំបន់ផ្សារទំនើបដ៏មមាញឹកនៃទីក្រុងឡាហ័រ។ ហ្វូងមនុស្ស បានចោទស្ត្រីដែលមិនបញ្ចេញឈ្មោះរូបនេះថា បានប្រមាថ ដោយសារនាងស្លៀកពាក់ខោអាវរលុងវែង ដែលស្រដៀងនឹងអាវគ្មានក ហើយទាមទារឲ្យនាងដោះវាចេញ។អ្នកស្រី Bano បានប្រាប់សារព័ត៌មាន NBC News ក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃសុក្រថា៖«ការទទួលខុសត្រូវដំបូង និងជាបន្ទាន់របស់ខ្ញុំ គឺត្រូវយកស្ត្រីនោះចេញពីទីនោះភ្លាមៗ»។ អ្នកស្រី បាននិយាយថា ខ្លួនបានព្យាយាមការពារស្ត្រី ដែលអង្គុយក្នុងស្ថានភាពភ័យស្លន់ស្លោ នៅជ្រុងមួយ ខណៈដែលហ្វូងមនុស្សដែលមានកំហឹង បានចេញមកក្រៅកាន់តែឡើងនោះ។

មនុស្សប្រមាណ១៧០នាក់ស្លាប់ ក្នុងការវាយប្រហារលើភូមិជាច្រើន ប្រទេសបួគីណាហ្វាសូ

2024/03/04 09:15:35 pm        249
អាជ្ញាធរក្នុងប្រទេសបួគីណាហ្វាសូ បាននិយាយថា មនុស្សប្រមាណ ១៧០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅក្នុងភូមិចំនួន ៣ ។ ស្ថានភាពសន្តិសុខ កាន់តែអាក្រក់នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ដែលក្រុមជ្រុលនិយមឥអ៊ិស្លាម បានបង្កការគំរាមកំហែងយ៉ាងខ្លាំង។ អាជ្ញាធរ បាននិយាយថា ការវាយប្រហារ បានកើតឡើង នៅក្នុងភូមិនៃខេត្ត Yatenga ភាគខាងជើងរបស់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនៅរស់ជីវិត ដោយនិយាយថា ស្ត្រី និងកុមារតូចៗ រាប់សិបនាក់ស្ថិតក្នុងចំណោមជនរងគ្រោះ។ ចាប់តាំងពីអំឡុងឆ្នាំ ២០១៥មក ក្រុមសកម្មប្រយុទ្ធឥស្លាមនិយម នៅប្រទេសបួគីណាហ្វាសូ បានធ្វើការវាយប្រហារម្តងហើយម្តងទៀត និងធ្វើសកម្មភាពភេរវកម្ម ភាគច្រើននៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេស។ មនុស្សប្រហែល ៨.៥០០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅឆ្នាំ ២០២៣ ហើយមនុស្សជាង ២ លាននាក់ បានភៀសខ្លួនចេញពីលំនៅឋាន នៅខាងក្នុងប្រទេសនេះ។រដ្ឋប្រហារពីរលើក បាននាំទៅដល់ការបង្កើតរដ្ឋាភិបាលយោធានៅក្នុងប្រទេស ក្នុងឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក មេដឹកនាំយោធាបានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសរុស្ស៊ី។ កាលពីខែមករា ទាហាននៅក្រោមក្រសួងការពារជាតិរុស្ស៊ី បានមកដល់ប្រទេសបួគីណាហ្វាសូ ដើម្បីបណ្តុះបណ្តាលទាហានរបស់របបយោធាប្រទេសនេះ។ ក្រុមឥស្លាមជ្រុលនិយម ក៍បានធ្វើឲ្យសន្តិសុខកាន់តែអាក្រក់ទៅ ៗ នៅក្នុងប្រទេសជិតខាងមួយចំនួននៅតំបន់សហ៊ែលប្រទេសអាហ្វ្រិកខាងលិច ដែលនាំឱ្យមានរដ្ឋប្រហារយោធាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសលោកខាងលិច មានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងពង្រីកឥទ្ធិពលរបស់ខ្លួនលើប្រទេសទាំងនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM