តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

សន្តិសុខ និង សង្គម

McDonald's Malaysia ប្តឹងចលនាពហិការប្រឆាំងអ៊ីស្រាអែល ដោយទាមទារសំណង ១,៣លានដុល្លារ

2023/12/30 09:14:01 pm        188
ក្រុមហ៊ុន McDonald's Malaysia នៅប្រទេសម៉ាឡេស៊ី បានប្តឹងចលនាមួយ ដែលជំរុញឲ្យមានការធ្វើពហិការប្រឆាំងនឹងប្រទេសអ៊ីស្រាអែលពីបទចេញ «សេចក្តីថ្លែងការណ៍មិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះ» ដែលក្រុមហ៊ុននិយាយថា ប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុនអាហារសម្រន់មួយនេះ កំពុងស្វែងរកការសងជំងឺចិត្តចំនួន ៦លានរីងហ្គីត (១,៣លានដុល្លារអាមេរិក)។ម៉ាឡេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមភាគច្រើន គឺជាអ្នកគាំទ្រឥតងាករេចំពោះប៉ាឡេស្ទីន ហើយសាខាលក់អាហារសម្រន់លោកខាងលិចមួយចំនួន នៅក្នុងប្រទេសនេះ ក៏ដូចជាក្នុងប្រទេសមូស្លីមមួយចំនួនផ្សេងទៀតដែរ ត្រូវបានកំណត់ជាគោលដៅ សម្រាប់ការធ្វើយុទ្ធនាការពហិការ ប្រឆាំងនឹងការវាយលុកដោយយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ភោជនីយដ្ឋាន Gerbang Alaf (GAR) ដែលទទួលបានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន McDonald's នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងប្តឹងចលនារបស់ម៉ាឡេស៊ី ដែលមានឈ្មោះថា Boycott, Divestment & Sanctions (BDS) (ការធ្វើពហិការ ការបោះបង់ចោល និងការដាក់ទណ្ឌកម្ម) ពាក់ព័ន្ធនឹងការបង្ហោះតាមបណ្ដាញសង្គមជាបន្តបន្ទាប់ ដែលត្រូវបានចោទប្រកាន់ថា បានភ្ជាប់ម៉ាកយីហោអាជីវកម្មអាហារសម្រន់នេះ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត ទៅនឹង «សង្គ្រាមប្រល័យពូជសាសន៍អ៊ីស្រាអែល» ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។យោងតាមដីកាបង្គាប់កោះហៅចុះថ្ងៃទី១៩ ខែធ្នូ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ ភោជនីយដ្ឋាន Gerbang Alaf បានចោទប្រកាន់ថា BDS របស់ម៉ាឡេស៊ី បានញុះញង់សាធារណជនឲ្យធ្វើពហិការ ចំពោះក្រុមហ៊ុន McDonald's Malaysia ដែលនាំឲ្យខាតបង់ប្រាក់ចំណេញ និងការកាត់បន្ថយការងារ ក្នុងចំណោមការខូចខាតផ្សេងទៀត ដោយសារតែការបិទ និងកាត់បន្ថយម៉ោងធ្វើការ ក្នុងហាងរបស់ក្រុមហ៊ុន៕

ចុះអ័ព្ទខ្លាំងក្នុងប្រទេសចិន ខណៈអ្នកធ្វើដំណើរចូលឆ្នាំថ្មី ប្រឈមការរំខានដែលអាចកើតមាន

2023/12/30 06:29:07 pm        160
អ្នកឈប់សម្រាកវិស្សមកាលចុងឆ្នាំ នៅទូទាំងប្រទេសចិន កំពុងប្រឈមចំពោះការរំខានការដឹកជញ្ជូនដែលអាចកើតមាន បន្ទាប់ពីការិយាល័យអាកាសធាតុកាលពីថ្ងៃសុក្រ បានព្រមានថា ការចុះអ័ព្ទនិងផ្សែងអ័ព្ទខ្លាំង នឹងគ្របដណ្តប់តំបន់នានាពីខេត្ត Hebei ភាគខាងជើង រហូតដល់ទីក្រុងសៀងហៃ ភាគខាងត្បូងក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់នេះ។ក្រុមតាមដានឧតុនិយមកណ្តាល បានចេញការព្រមានពណ៌ក្រហមលើកដំបូងរបស់ខ្លួន សម្រាប់ការចុះអ័ព្ទចាប់តាំងពីឆ្នាំ ២០១៧មក ។ ស្ថានភាព ត្រូវបានគេរំពឹងថានឹងប្រសើរឡើងចាប់ពីល្ងាចថ្ងៃសៅរ៍នេះ នៅពេលដែលរលកខ្យល់ត្រជាក់ ត្រូវបានគេរំពឹងថានឹងបក់បោកហួសប្រទេសនេះ។កម្មវិធីតាមដាន Flight Master បានបង្ហាញថា ជើងហោះហើរជាង៦០០ ត្រូវបានពន្យារពេល នៅក្នុងទីក្រុងជាច្រើន ។មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា ផ្សែងអ័ព្ទខ្លាំងត្រូវបានគេរំពឹងទុកនៅផ្នែកមួយចំនួននៃខេត្ត Hebeiភាគខាងជើង ខេត្តHenanភាគខាងកណ្តាល ខេត្តAnhuiភាគខាងកើត ខេត្តJiangsu ខេត្តZhejiang និងខេត្តសានទុង(Shandong) ព្រមទាំងនៅទីក្រុង Shanghai និងក្រុង Chongqing ។ការិយាល័យព្យាករណ៍បាននិយាយថា អាកាសធាតុមិនអំណោយផលខ្លាំង គឺដោយសារតែសំណើមខ្ពស់ និងលក្ខខណ្ឌនៃការសាយភាយបរិយាកាសមិនល្អ។

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីយេម៉ែន ដើម្បីគាំទ្រពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា

2023/12/30 06:26:35 pm        220
មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីសាណា ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ក្នុងការប្រមូលផ្តុំទ្រង់ទ្រាយធំ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ ការថតពីលើអាកាស បានបង្ហាញ ក្រុមបាតុកររាប់ពាន់នាក់កំពុងស្ថិតនៅលើផ្លូវមួយ គ្រវីទង់ជាតិប៉ាឡេស្ទីន ដោយពួកគេមួយចំនួនកាន់អាវុធ ខណៈស្រែកពាក្យប្រឆាំងអ៊ីស្រាអែល និងប្រឆាំងសហរដ្ឋអាមេរិក។ការប្រមូលផ្តុំគ្នានេះ ក៏មានគោលបំណងបង្ហាញការគាំទ្រចំពោះការវាយប្រហាររបស់ក្រុមហ៊ួទី ទៅលើនាវានៅសមុទ្រក្រហម។ ទីភ្នាក់ងារសារព័ត៌មាន Anadolu រាយការណ៍ថា ប្រជាជនយេម៉ែនរាប់ពាន់នាក់កាលពីថ្ងៃសុក្របានចូលរួមក្នុងការប្រមូលផ្តុំទ្រង់ទ្រាយធំក្នុងការគាំទ្រតំបន់ហ្កាហ្សាដែលកំពុងប្រឈមមុខនឹងការវាយលុកដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល។ ការប្រមូលផ្តុំគ្នានេះ ត្រូវបានអំពាវនាវដោយក្រុមហ៊ួទី នៅក្នុងទីក្រុង និងតំបន់នានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមនេះ ក្រោមប្រធានបទ «នៅជាមួយអ្នករហូតដល់មានជ័យជំនះ និង អាមេរិកនឹងមិនបញ្ឈប់យើងបានទេ។ សេចក្តីថ្លែងការណ៍មួយដោយក្រុមហ៊ួទី ត្រូវបានអានក្នុងអំឡុងពេលការប្រមូលផ្តុំគ្នា ដែលសង្កត់ធ្ងន់ពីការបន្តការប្រមូលផ្តុំកាន់តែច្រើនដើម្បីគាំទ្រតំបន់ហ្កាហ្សា។ សេចក្តីថ្លែងការណ៍ ក៏បានជំរុញឱ្យប្រជាជននៅទូទាំងពិភពលោក ធ្វើឱ្យសកម្មអាវុធពហិការសេដ្ឋកិច្ចប្រឆាំងទៅនឹងផលិតផលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងក្រុមហ៊ុនទាំងអស់ដែលគាំទ្រពួកគេ។ក្រុមហ៊ួទី បានបញ្ជាក់ពីការបន្តប្រតិបត្តិការកងទ័ពជើងទឹករបស់ខ្លួនទៅលើនាវាអ៊ីស្រាអែល ឬនាវាទាំងឡាយណាដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល រហូតដល់ការបិទច្រកនៅតំបន់ហ្កាហ្សាត្រូវបានដកចេញ។កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសពីការបង្កើតបេសកកម្មចម្រុះជាតិសាសន៍មួយឈ្មោះថាប្រតិបត្តិការការពារវិបុលភាព (Operation Prosperity Guardian) ដើម្បីប្រឆាំងការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។

ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែន ធ្វើឲ្យមានការរិះគន់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

2023/12/30 06:22:59 pm        206
ប្រទេសរុស្ស៊ី បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ សម្រាប់ការបាញ់មីស៊ីលទ្រង់ទ្រាយធំនិងការវាយប្រហារដោយយានដ្រូនទៅលើប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងគីវ និងអ្នកគាំទ្ររបស់ខ្លួន បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់នៃស្ថាប័នដែលមានសមាជិក ១៥រូប ដើម្បីដោះស្រាយការវាយប្រហារនេះ។ ការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្របានសម្លាប់ជនស៊ីវិល ៣១ នាក់ និងរងរបួសជាង ១៦០ នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយប្រទេសប៉ូឡូញបាននិយាយថា មីស៊ីលរបស់រុស្ស៊ីទំនងជា បានហោះចូលទៅក្នុងដែនអាកាសរបស់ខ្លួន មុនពេលងាកទៅរកប្រទេសអ៊ុយក្រែន។សមាជិកក្រុមប្រឹក្សាភាគច្រើន រួមទាំងសហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស បានថ្កោលទោសការវាយប្រហារលើអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោក Barbara Woodward បានឆ្លើយតបថា សកម្មភាពរបស់រុស្ស៊ី គឺជាមូលហេតុតែមួយគត់នៃសោកនាដកម្មនៅអ៊ុយក្រែន។ តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ លោក Geng Shuang ពុំបានថ្កោលទោសការវាយប្រហារនេះទេ ហើយបានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយចំពោះសង្គ្រាមនៅអ៊ុយក្រែន។ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយនៅក្នុងការឆ្លើយតបដ៏វែងមួយថា រុស្ស៊ីបានបើកការវាយប្រហារតែលើហេដ្ឋារចនាសម្ព័ន្ធយោធាក្នុងប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ ហើយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ទទួលខុសត្រូវចំពោះការស្លាប់និងរងរបួសជនស៊ីវិល។

វិមានក្រឹមឡាំង៖ រុស្ស៊ី នឹងចាត់វិធានការសងសឹកប្រឆាំងការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន

2023/12/30 06:19:04 pm        282
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី បានវាយតម្លៃរួចហើយនូវ «ចំណាត់ការសងសឹក» ដ៏មានសក្ដានុពល ដែលខ្លួនអាចធ្វើ ប្រសិនបើទ្រព្យសម្បត្តិរបស់ប្រទេសនេះ ត្រូវបានរឹបអូស។លោក Peskov បាននិយាយបែបនេះ ខណៈធ្វើអត្ថាធិប្បាយលើសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឡើងនៅក្នុងក្រុមប្រទេស G7 ដែលបានជំរុញឱ្យក្រុមការងារស្វែងរកវិធីដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានតម្លៃ ៣០០ ពាន់លានដុល្លារ។លោក Peskov បាននិយាយថា យើងបានវិភាគចំណាត់ការសងសឹក ដែលអាចកើតមានទាំងអស់ជាមុនហើយទីក្រុងមូស្គូ នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបម្រើផលប្រយោជន៍ជាតិរបស់ខ្លួន។លោកនិយាយថា ប្រទេសរុស្ស៊ី នឹងពិចារណាយ៉ាងពេញលេញនូវ ភាពមិនអាចស្មានទុកជាមុនបាន នៃសមភាគីរបស់ខ្លួន និង ទំនោរក្នុងការបំពានច្បាប់អន្តរជាតិ។លោក Peskov និយាយថា ប្រទេសរុស្ស៊ីបានចងក្រងបញ្ជីទ្រព្យសម្បត្តិរបស់លោកខាងលិច ដែលខ្លួនអាចរឹបអូសបាន ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តដ៏មានសក្តានុពល ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន។លោកបានបញ្ជាក់ថា ទ្រឹស្ដីស្របច្បាប់ណាមួយដែលនឹងអនុញ្ញាតឱ្យមានការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ជាសំខាន់គឺ មុខរបរស្របច្បាប់ ហើយការសម្រេចបែបនេះ នឹងធ្វើឱ្យខូចដល់ការជឿទុកចិត្តរបស់ប្រទេសផ្សេងទៀតចំពោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងសេដ្ឋកិច្ចសកលលោកទាំងមូល។

អាហ្រ្វិកខាងត្បូង ប្តឹងអ៊ីស្រាអែលនៅតុលាការអង្គការសហប្រជាជាតិពីបទ «អំពើប្រល័យពូជសាសន៍» នៅហ្កាហ្សា

2023/12/30 06:05:42 pm        194
ប្រទេសអាហ្រ្វិកខាងត្បូង បានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃសុក្រ នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រឆាំងប្រទេសអ៊ីស្រាអែល ពីបទអំពើ «ប្រល័យពូជសាសន៍» របស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការ ICJ បានឲ្យដឹងថា ករណីនេះអះអាងថា «ការរំលោភបំពានដោយអ៊ីស្រាអែលតាមដែលបានចោទប្រកាន់ចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ (អនុសញ្ញាប្រល័យពូជសាសន៍) ទាក់ទងនឹងពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។នៅក្នុងពាក្យបណ្តឹងទៅកាន់តុលាការអង្គការសហប្រជាជាតិ ប្រទេសអាហ្រ្វិកខាងត្បូង បាននិយាយថា សកម្មភាព និងការបំភ្លេចចោលដោយអ៊ីស្រាអែល គឺជាការប្រល័យពូជសាសន៍នៅក្នុងអាកប្បកិរិយា ខណៈពួកគេបានប្តេជ្ញាជាមួយនឹងបំណងជាក់លាក់ ដើម្បីបំផ្លាញពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។ប្រទេសអាហ្វ្រិកខាងត្បូង បានអំពាវនាវដល់តុលាការ ICJ សម្រាប់វិធានការ ដើម្បីធានាបានការអនុវត្តន៍តាមច្បាប់របស់អ៊ីស្រាអែលជាមួយនឹងកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាប្រល័យពូជសាសន៍ មិនឱ្យពាក់ព័ន្ធក្នុងការប្រល័យពូជសាសន៍ និងដើម្បីទប់ស្កាត់ និងដាក់ទណ្ឌកម្មលើអំពើប្រល័យពូជសាសន៍។

ពលរដ្ឋភៀសខ្លួនតំបន់ហ្កាហ្សា ភៀសខ្លួនម្តងទៀត ខណៈអ៊ីស្រាអែល វាយលុកថ្មីដោយរថក្រោះ និងតាមអាកាស

2023/12/30 05:29:07 pm        166
ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួន បានស្វែងរកទីជម្រក ខណៈរថក្រោះរបស់អ៊ីស្រាអែល បានរុលចូលឆ្លងកាត់តំបន់ហ្កាហ្សាភាគកណ្តាល ដោយមានមនុស្សជាង ១៨០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោង ក្នុងការវាយប្រហារតាមអាកាស និងការបាញ់រាំងកាំភ្លើងធំ ទៅលើតំបន់ហ៊ុមព័ទ្ធហ្កាហ្សាដែលត្រូវបានបំផ្លាញ។ពលរដ្ឋនិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារភាគខាងត្បូងតំបន់ហ្កាហ្សា បានធ្វើឱ្យលំនៅឋានរាបដល់ដី និងកប់ក្រុមគ្រួសារជាច្រើន ខណៈពួកគេដេកលក់។ការវាយលុកនៅភាគកណ្តាល និងភាគខាងត្បូងតំបន់ហ្កាហ្សា បានជំរុញឱ្យប្រជាជនជម្លៀសខ្លួនជាថ្មី ចេញពីតំបន់ផ្សេងទៀត ជាអ្វីដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានចាត់ទុកថាជាដំណាក់កាលសំខាន់នៃបេសកកម្មរបស់អ៊ីស្រាអែល ដើម្បីកម្ទេចសត្រូវក្រុមហាម៉ាស។ប្រជាជនស្ទើរតែទាំងអស់ចំនួន ២,៣ លាននាក់នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេយ៉ាងហោចណាស់ម្តង ហើយមនុស្សជាច្រើន ពេលនេះកំពុងភៀសខ្លួនម្តងទៀត ដែលបានមកជ្រកកោននៅក្នុងតង់បណ្តោះអាសន្ន ឬជ្រកក្រោមក្រណាត់ប្លាស្ទិក នៅលើដីវាល ។

អាមេរិកអនុម័ត ការលក់គ្រាប់រំសេវបន្ទាន់ទៅឲ្យអ៊ីស្រាអែល

2023/12/30 05:14:55 pm        170
សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានប្រកាសការអនុម័តលើការលក់គ្រាប់កាំភ្លើងធំមានផលប៉ះពាល់ខ្លាំង១៥៥មីលីម៉ែត្រក្នុងតម្លៃ ១៤៧,៥ លានដុល្លារ និងយុទ្ធោបករណ៍ពាក់ព័ន្ធ ទៅឲ្យអ៊ីស្រាអែល ក្រោមការផ្តល់ឲ្យបន្ទាន់ ដែលមិនឆ្លងកាត់ការពិនិត្យរបស់សភា។ ការផ្តល់ដូចគ្នានេះ ត្រូវបានប្រើប្រាស់កាលពីដើមខែនេះ ដើម្បីអនុម័តការលក់គ្រាប់កាំភ្លើងរថក្រោះ ១៤.០០០ គ្រាប់ ១២០មីលីម៉ែត្រ ទៅឱ្យអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ក្នុងជម្លោះបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបានចាប់ផ្តើមដោយការការវាយប្រហារដ៏ភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីខែតុលា។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ីស្រាអែលបានស្នើសុំគ្រាប់រំសេវ ១៥៥មីលីម៉ែត្រ, ឧបករណ៍បំផ្ទុះ ទៅក្នុងករណីលក់របស់យោធាបរទេសកាលពីលើកមុន ដោយបង្កើនការចំណាយសរុបប្រមាណពី ៩៦,៥១ លានដុល្លារដល់ ១៤៧,៥ លានដុល្លារ។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសបានកំណត់ថា «មានគ្រាអាសន្នដែលតម្រូវឱ្យលក់បន្ទាន់ទៅឱ្យរដ្ឋាភិបាលអ៊ីស្រាអែល» នូវសព្វាវុធ ដោយបញ្ចៀសតម្រូវការជាធម្មតាសម្រាប់ការពិនិត្យរបស់សភា ដែលត្រូវបានគេនិយាយថា គ្រាប់រំសេវនឹងយកមកពីស្តុករបស់កងទ័ពសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បាននិយាយថា «អ៊ីស្រាអែលនឹងប្រើប្រាស់សមត្ថភាពដែលបានពង្រឹងជាការរារាំងដល់ការគំរាមកំហែងក្នុងតំបន់ និងដើម្បីពង្រឹងការការពារប្រទេសរបស់ខ្លួន» ។យោងតាមក្រសួងសុខាភិបាលនៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា បន្ទាប់ពីការវាយប្រហារ សហរដ្ឋអាមេរិក បានប្រញាប់ប្រញាល់ផ្តល់ជំនួយយោធាដល់ប្រទេសអ៊ីស្រាអែល ដែលបានអនុវត្តយុទ្ធនាការឥតឈប់ឈរនៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១.៥០៧ នាក់ ភាគច្រើនជាស្ត្រី និងកុមារ។

ជនបើករថយន្ដ Hummer បង្កគ្រោះថ្នាក់ស្លាប់ម្តាយ និងកូនតូចនៅខណ្ឌដូនពេញ បានចូលខ្លួនមកសារភាពកំហុសហើយ

2023/12/30 05:10:36 am        3039
ភ្នំពេញ ៖ ជនសង្ស័យជាអ្នកបើករថយន្ត Hummer បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ម្តាយម្នាក់ និងកូនតូចម្នាក់ និងបុរសជាប្តីរងរបួសធ្ងន់ នៅខណ្ឌដូនពេញ បានចូលសារភាពកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះមុខសមត្ថកិច្ច នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ។ ជនបើករថយន្ដបង្កខាងលើមានឈ្មោះ យ៉េត ច័ន្ទគ្រិះ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ41 ផ្លូវបេតុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អមខ ណ្ឌសែនសុខមុខរបរនៅផ្ទះ ។ បច្ចុប្បន្នជនរូបនេះ ក្រោយការសាកសួរនាំរួចមក កំពុងត្រូវបានឃុំខ្លួននៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ទល់មុខផ្ទះលេខ 53E ស្ថិតនៅលើកំណាត់វិថីព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានឱ្យដឹងថា ៖ នៅមុនកើតហេតុ ជនរងគ្រោះទាំង០៣នាក់ ដែលជាប្តីប្រពន្ធ និងកូន បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ឌុបគ្នាចេញពីហូបស៊ុប បំណងត្រឡប់ទៅផ្ទះ ។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត hammer ពណ៌ខ្មៅខាងលើ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកបរក្នុងល្បឿនលឿន និងក្នុងទិសដៅស្របគ្នា បានបុកពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូ និងមនុស្សខ្ទាតផ្លោងទៅផ្ទប់នឹងដើមឈើ ស្លាប់ស្ត្រីជាម្តាយ និងកូនប្រុសស្លាប់នៅហ្នឹងកន្លែង ចំណែកឯបុរសជាប្តី ត្រូវរងរបួសធ្ងន់ធ្ងរបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ក្រោយកើតហេតុ ភ្លាមៗនោះ រថយន្តបង្ក បានបើករត់គេចចេញពីកន្លែងកើតហេតុភ្លាមៗតែម្តង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗ ក៏បានចេញបទបញ្ជារ ណែនាំដល់នគរបាលដែលកំពុងបំពេញតួនាទីក្នុងការអនុវត្តច្បាប់ចរាចរណ៍ គឺធ្វើយ៉ាងណាត្រូវអនុវត្តឱ្យតឹងរឹង លើជនបើកបរបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ដោយត្រូវចាប់ខ្លួនតែម្តងមិនចាំបាច់សុំគោលការណ៍ពីថ្នាក់លើ ហើយបើមានការតវ៉ា គឺដាក់ខ្នោះតែម្តងទៅ នេះបើក្នុងបទល្មើសជាក់ស្តែង ហើយបងប្អូននគរបាលអនុវត្តត្រឹមត្រូវតាមច្បាប់ ។ សម្តេចបន្ថែមថា បើនគរបាលអនុវត្តត្រឹមតាមច្បាប់ គឺពុំចាំបាច់ខ្លាចអ្វីឡើយ ព្រោះខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្ត្រី ៕ លីហេង

មន្ត្រីជំនាញរកឃើញ សាច់ បង្កក ប្រមាណជិត២០តោន នៅមូលដ្ឋានខណ្ឌច្បារអំពៅ

2023/12/29 09:28:23 pm        610
ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះបង្រ្កាប ករណីស្តុកសាច់បង្កក គ្មានច្បាប់អនុញ្ញាតចំនួន០២ទីតាំង និងរកឃើញសាច់ បង្កក ប្រមាណជិត២០តោន។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល រួមនិងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ការចុះបង្រ្កាបករណីសន្និធិ នាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកគ្មានច្បាប់អនុញ្ញាតិ ធ្វើឡើងចំនួន ០២ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ដោយទីតាំងទី១ ស្ថិតនៅ ដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ និងទីតាំងទី២ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលេខ៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដូចគ្នា។   ក្រោយបញ្ចប់ប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុបទម្ងន់ប្រមាណ ១៨,៨៤៨គីឡូក្រាម ។ សូមបញ្ជាក់ផងដែរចំពោះវត្ថុតាងខាងលើលោកព្រះរាជអាជ្ញារង បានសំរេចឲ្យបិទប្លុំបេរកុងទីន័រក្លាសេ្សទាំង ០២ទីតាំង និងនាំខ្លួនម្ចាស់ទីតាំង ០២នាក់ ទៅនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM