ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

សកម្មជនតវ៉ាទាមទារឱ្យបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP28

2023/12/06 07:03:24 pm        119
ក្រុមសកម្មជនបានតវ៉ាជុំវិញវត្តមានរបស់ឧស្សាហកម្មប្រេង ឧស្ម័ន និងធ្យូងថ្មនៅឯកិច្ចប្រជុំកំពូល COP28 របស់អង្គការសហប្រជាជាតិ នៅទីក្រុងឌុយបៃ កាលពីថ្ងៃអង្គារ (០៥ ធ្នូ) ខណៈទាមទារឱ្យបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលជាប្រភពចម្បងនៃបម្រែបម្រួលអាកាសធាតុ។សកម្មជនរាប់សិបនាក់បានអំពាវនាវឱ្យមាន «យុត្តិធម៌សម្រាប់អាកាសធាតុ» ហើយបានកាន់បដាដែលសរសេរថា «យុត្តិធម៌សមធម៌សម្រាប់ងាកាសធាតុ» «បញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល» «បញ្ឈប់ការបញ្ឆេះកម្ដៅផែនដី» នៅក្នុងបាតុកម្មដែលអ្នកចូលរួមមានចំនួនច្រើនជាងអ្នកទស្សនា។ខណៈពេលដែលកិច្ចពិភាក្សាស្តីពីអាកាសធាតុកន្លងមករបស់អង្គការសហប្រជាជាតិបានបង្កឱ្យមានការប្រមូលផ្តុំតវ៉ាដ៏ធំ រួមទាំងកិច្ចប្រជុំ COP26 ឆ្នាំ២០២១ នៅទីក្រុងក្លាសហ្គូវ (Glasgow) និងកិច្ចប្រជុំ COP21 ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស បាតុកម្មនៅឆ្នាំនេះត្រូវបានបំបិទនៅក្នុងប្រទេសអារ៉ាប់រួម ដែលសេរីភាពនៃការបញ្ចេញមតិមានកម្រិត។អង្គការសហប្រជាជាតិ និងអារ៉ាប់រួម អនុញ្ញាតឱ្យមានការតវ៉ាដែលបានអនុម័តជាមុន ធ្វើឡើងនៅទីតាំងកិច្ចប្រជុំ COP28 ហើយរហូតមកដល់ពេលនេះមិនមានការតវ៉ានៅខាងក្រៅទីតាំងកំណត់នេះនោះទេ។ យោងតាមក្រុមសង្គមស៊ីវិលក្នុងស្រុកបានឲ្យដឹងថា ក្រុមសកម្មជនដែលចូលរួមក្នុងបាតុកម្ម COP28 បាននិយាយថា ពួកគេមានអារម្មណ៍ថាត្រូវបានរាំងស្ទះ និងបានបញ្ចេញមតិលើកង្វះវត្តមានសកម្មភាពអាកាសធាតុពីគ្រប់មជ្ឈដ្ឋាន៕

ជំងឺផ្លូវដង្ហើមដ៏អាថ៌កំបាំង ធ្វើឲ្យប៉ះពាល់ដល់សត្វសុខន នៅទូទាំងសហរដ្ឋអាមេរិក

2023/12/06 06:55:27 pm        111
ជំងឺផ្លូវដង្ហើមដ៏អាថ៌កំបាំងមួយ បានធ្វើឲ្យសត្វសំណក់ឈឺ នៅក្នុងរដ្ឋយ៉ាងហោចណាស់១៤ នេះបើយោងតាមសមាគមពេទ្យសត្វអាមេរិកដែលកំពុងស្នើសុំឲ្យពេទ្យសត្វរាយការណ៍ករណី និងខណៈពេលដែលមន្ទីរពិសោធន៍ កំពុងប្រឹងប្រែង ដើម្បីញែករកមេរោគនេះ។សមាគមនេះ បាននិយាយថា អ្នកស្រាវជ្រាវនៅតែព្យាយាមកំណត់ថាតើជំងឺនេះ ដែលអាចបណ្តាលឲ្យ ស្លាប់ គឺជាមេរោគ ឬបាក់តេរី ហើយថាតើវាអាចជាការប្រែប្រួលនៃជំងឺឆ្កែឆ្កួត ដែលគេស្គាល់ច្បាស់ថាជា «ក្អក kennel» ដែលជាឈ្មោះទូទៅដែលត្រូវបានផ្តល់ទៅឲ្យជំងឺរលាកទងសួតឆ្លងនៅក្នុងសត្វសំណក់។រោគសញ្ញារួមទាំងការក្អក អាចមានរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ដែលអាចជាជំងឺរលាកទងសួតស្រាល ឬអាចឈានដល់ជំងឺរលាកសួតតែម្តង។ពេទ្យសត្វ Rena Carlson ប្រធានសមាគម បាននិយាយថា៖«ករណីទាំងនេះ មានទំនោរនឹងធ្វើតេស្តអវិជ្ជមានចំពោះភ្នាក់ងារធម្មតារបស់យើង ដែលបណ្តាលឲ្យកើតជំងឺនេះ ហើយមានដំណើរការដ៏យូរនៃជំងឺនេះ រហូតដល់ ៤ ទៅ ៦សប្តាហ៍»។សមាគមនេះ បាននិយាយថា ករណីស្រួចស្រាវមួយចំនួន បានក្លាយទៅជាជំងឺរលាកសួត យ៉ាងឆាប់រហ័ស ក្នុងរយៈពេល ២៤ ទៅ ៣៦ម៉ោង។

រុស្ស៊ីអះអាងថា អ៊ុយក្រែន បានវាយប្រហារស្រោចដោយយានដ្រូនជាច្រើនគ្រឿង នៅឧបទ្វីបគ្រីម៉េ នៅពេលយប់

2023/12/06 06:47:37 pm        128
ក្រុមមន្ត្រីរុស្ស៊ី បាននិយាយថា អ៊ុយក្រែន បានវាយប្រហារដោយយានដ្រូនជាច្រើនគ្រឿងឆ្លងកាត់តំបន់គ្រីម៉ា នៅយប់ថ្ងៃចន្ទ ចំពេលមានរបាយការណ៍ជាច្រើន ដែលមិនបានបញ្ជាក់អំពីការផ្ទុះ នៅលើឧបទ្វីបនេះ។ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនបានបំផ្លាញនយានដ្រូនរបស់អ៊ុយក្រែនចំនួន ២២គ្រឿង និងស្ទាក់ចាប់បានចំនួន ១៣គ្រឿងទៀត នៅលើតំបន់គ្រីម៉ា និងសមុទ្រAzov។ក្រសួង ត្រូវបានគេរាយការណ៍ ដោយនិយាយថា យានដ្រូនជាច្រើនគ្រឿងបន្ថែមទៀត ត្រូវបានគេបាញ់ បង្ហោះ នៅពេលក្រោយមក ដោយនាំឲ្យចំនួនសរុប ៤១គ្រឿង។សារព័ត៌មាន Business Insider មិនអាចបញ្ជាក់ដោយឯករាជ្យលើការអះអាងរបស់រុស្ស៊ីឡើយ ហើយអ៊ុយក្រែន ក៏មិនបានធ្វើអត្ថាធិប្បាយអំពីការវាយប្រហារ ដែលបានចោទប្រកាន់នោះទេ។នៅក្នុងគណនីដែលបានលើកឡើងនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន គណនី Telegram ឈានមុខគេជាច្រើន បានរាយការណ៍ពីការផ្ទុះ នៅតំបន់គ្រីម៉េភាគខាងកើត។

រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីន៖ មនុស្ស២៦០នាក់បានស្លាប់និង៣.២០០នាក់រងរបួសនៅតំបន់ West Bank ចាប់តាំងពីថ្ងៃទី ៧ ខែតុលា

2023/12/06 06:42:19 pm        102
រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីនលោកស្រីមៃអាល់កៃឡា( Mai al-Kaila) បាននិយាយថា នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ជាកន្លែងដែលអំពើហិង្សាបានកើនឡើងចាប់តាំងពីសង្រ្គាម នៅតំបន់ហ្កាហ្សាបានផ្ទុះឡើង មក ប្រជាជនប៉ាឡេស្ទីន ចំនួន២៦០ នាក់បានស្លាប់ និង និង ៣.២០០នាក់រងរបួស ចាប់តាំងពីក្រុមហាម៉ាសសម្រុកចូលវាយប្រហារក្នុងដីអ៊ីស្រាអែលថ្ងៃទី ៧ ខែតុលាមក។ យោងតាមលោកស្រី មៃអាល់កៃឡា( Mai al-Kaila) កាលពីថ្ងៃអង្គារ ទី៥ ធ្នូ ពលរដ្ឋប៉ាឡេស្ទីនជាង១៥.៩០០នាក់ បានស្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការផ្ទុះសង្រ្គាមកាលពីថ្ងៃទី ៧ ខែតុលា មក។ លោកស្រីបាននិយាយថា មនុស្សជាង ៤០.៩០០ នាក់នៅតំបន់ហ្កាហ្សាបានរងរបួសដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ អ្នកនាំពាក្យមួយរូបរបស់អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអង្គារ កងកម្លាំងយោធាកំពុងពង្រីកយុទ្ធនាការថ្មើរជើងរបស់ខ្លួនទូទាំងតំបន់ហ្កាហ្សាភាគខាងត្បូង ដោយបន្ថែមថា រដ្ឋាភិបាលបានបើកចំហចំពោះមតិស្ថាបនា លើការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល ដរាបណាការណែនាំនេះស្របនឹងគោលបំណងរបស់ខ្លួនក្នុងការកម្ទេចក្រុមហាម៉ាសដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សា។ លោកស្រី បានសំដៅទៅលើស្ថានភាពកាន់តែយ៉ាប់យ៉ឺននៃសេវាសុខភាពនៅក្នុងតំបន់ហ្កាហ្សា ដែលជាការអត្ថាធិប្បាយស្រដៀងទៅនឹងការលើកឡើងរបស់មន្ត្រីអង្គការសុខភាពពិភពលោកមួយរូប នៅក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ កាលពីព្រឹកថ្ងៃអង្គារដដែលនោះ៕

ចំនួនអ្នកស្លាប់ដោយសារបន្ទុះភ្នំភ្លើងម៉ារ៉ាពីរបស់ឥណ្ឌូនេស៊ី បានកើនឡើងដល់២២នាក់ បន្ទាប់ពីរកឃើញសាកសព៩នាក់បន្ថែម

2023/12/06 06:26:27 pm        90
មន្ត្រីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃអង្គារទី ៥ ខែធ្នូថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២២ នាក់ បន្ទាប់ពីសាកសពចំនួន ៩ នាក់ទៀតត្រូវបានរកឃើញ។ ភ្នំភ្លើងម៉ារ៉ាពី(Marapi)នៅលើកោះស៊ូម៉ាត្រា បានព្រួសកម្អែលភ្នំភ្លើង កម្ពស់ ៣.០០០ ម៉ែត្រ ដែលខ្ពស់ជាងកម្ពស់របស់ភ្នំភ្លើងនេះទៅទៀត ឡើងលើអាកាសកាលពីថ្ងៃទី ៣ ខែធ្នូ។ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានធ្វើការជាច្រើនថ្ងៃដើម្បីស្វែងរកអ្នកឡើងភ្នំដែលបាត់ខ្លួនទី១០ កាលពីថ្ងៃទី ៥ខែធ្នូ មុនពេលការប្រកាសរបស់ភ្នាក់ងារសង្គ្រោះក្នុងតំបន់ដែលភាគច្រើនត្រូវបានរកឃើញ ដែលនាំឱ្យការស្វែងរករយៈពេលជាច្រើនថ្ងៃកាន់តែខិតជិតដល់ទីបញ្ចប់។ លោកអាប់ឌុល ម៉ាលីគ(Abdul Malik)ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះផាដាង(Padang) បានប្រាប់ សារព័ត៌មាន AFP ថា ជនរងគ្រោះ៩នាក់ក្នុងចំណោម១០នាក់ដែលបាត់ខ្លួនត្រូវបានប្រទះឃើញស្លាប់កាលពីរសៀលថ្ងៃអង្គារ ហើយសាកសពទាំងនោះ ត្រូវបាននាំចុះពីភ្នំ។ មន្ត្រីសង្គ្រោះបាននិយាយថា អ្នកស្លាប់ត្រូវបានគេបញ្ជូនចុះពីភ្នំក្នុងថង់សាកសពក្នុងរយៈពេលជាច្រើនថ្ងៃ។រូបភាពដែលចែករំលែកដោយទីភ្នាក់ងារសង្គ្រោះបាសាណាស(Basarnas)បានបង្ហាញក្រុមជួយសង្គ្រោះ ៦នាក់ពាក់អាវពណ៌ទឹកក្រូច និងមួករឹង សែងសាកសពចុះពីលើភ្នំភ្លើងកាលពីថ្ងៃទី ៥ ខែធ្នូ។ មានអ្នកឡើងភ្នំមួយចំនួនក្នុងចំណោម ៧៥នាក់នៅលើភ្នំនេះ អំឡុងពេលផ្ទុះ ត្រូវបានគេរកឃើញនៅមានជីវិត និងត្រូវបាននាំចុះពីភ្នំ ដោយមានសភាពរលាក និងបាក់ឆ្អឹងជាច្រើនកន្លែង៕

យ៉ាងហោចមនុស្ស ២៩នាក់ស្លាប់ ខណៈរថយន្តក្រុងនៅហ្វីលីពីន ធ្លាក់ចូលជ្រោះជ្រៅ

2023/12/06 06:06:22 pm        157
អាជ្ញាធរតំបន់ បាននិយាយថ្ងៃពុធនេះថា រថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេសហ្វីលីពីន ដែលកំពុងដឹកមនុស្សរាប់សិបនាក់ បានដាច់ហ្វ្រាំង ហើយធ្លាក់ចេញពីច្រាំងថ្មចោទក្នុងខេត្ត អាន់ធីក(Antique) ភាគកណ្តាល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៩នាក់ស្លាប់។អភិបាលខេត្ត Antique លោក hodora Cadiao បានប្រាប់វិទ្យុ DZRH ថា មនុស្ស ៨នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ខណៈមនុស្ស៤នាក់មានស្ថេរភាព។ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ គឺទាបជាងការរាយការណ៍មុនដែលមានចំនួន ២៨ នាក់ ក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។លោក Cadiao បាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរពីខេត្ត អ៊ីឡូអ៊ីឡូ(Iloilo) កំពុងធ្វើដំណើរទៅកាន់ទីក្រុង គូឡាស៊ី(Culasi) ក្នុងខេត្ត Antique កាលពីរសៀលថ្ងៃអង្គារ នៅពេលនោះហ្វ្រាំងរបស់រថយន្តមិនដំណើរការនៅលើផ្លូវដែលមានខ្យល់បក់ ហើយវាក៏បានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមានជម្រៅ ៣០ម៉ែត្រ។ លោក Cadiao បាននិយាយថា យើងហៅតំបន់នោះថាជាផ្លូវកោងមរណៈ។ វាជាករណីរថយន្តក្រុងទី២ ដែលបានធ្លាក់ចូលទៅនៅទីនោះ។រដ្ឋាភិបាលខេត្ត Antique បាននិយាយនៅលើបណ្តាញសង្គម Facebook ថា ប្រតិបត្តិការទាញយកបានបញ្ឈប់ បន្ទាប់ពីសាកសពទាំងអស់ត្រូវបានទាញយករួចហើយ។ ចំនួនអ្នកដំណើរសរុប ដែលដំបូងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៥៣នាក់ ពុំទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយ។ប្រទេសហ្វីលីពីន មានភាពល្បីអាសោចដោយសារច្បាប់ដ៏ធូររលុងរបស់ប្រទេសលើការដឹកជញ្ជូនសាធារណៈ និងផ្លូវថ្នល់ថែទាំមិនបានល្អ។

អង្គការសុខភាពពិភពលោក៖ ស្ថានភាពនៅហ្កាហ្សា កាន់តែអាក្រក់ទៅៗរៀងរាល់ម៉ោង

2023/12/06 05:58:04 pm        75
មន្ត្រីអង្គការសុខភាពពិភពលោកម្នាក់នៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថាស្ថានភាពនៅហ្កាហ្សា កាន់តែយ៉ាប់យ៉ឺនពីមួយម៉ោងទៅមួយម៉ោងនៅពេលដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបន្តកាន់តែខ្លាំងក្លានៅភាគខាងត្បូងនៃតំបន់ប៉ាឡេស្ទីន ជុំវិញទីក្រុង ខាន់ យ៉ូនីស (Khan Younis) និងច្រកព្រំដែនរ៉ាហ្វាហ្វ។លោក រីឆាត ភីបភឺខន (Richard Peeperkorn) តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ហ្កាហ្សា បានប្រាប់អ្នកយកព័ត៌មានតាមរយៈតំណភ្ជាប់វីដេអូថា អង្គការ WHO មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពងាយរងគ្រោះនៃប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនយ៉ាងច្រើនមួយនេះ ខណៈមនុស្សកាន់តែច្រើនផ្លាស់ទីទៅភាគខាងត្បូងដើម្បីគេចពីការទម្លាក់គ្រាប់បែក។លោក ជេមស៍ អែលឌឺ (James Elder) អ្នកនាំពាក្យរបស់អង្គការ យូនីសេហ្វ (UNICEF) បាននិយាយថា ទីតាំងនានានៅតំបន់ហ្កាហ្សា ដែលបង្កើតឡើងជាតំបន់សុវត្ថិភាពដោយអ៊ីស្រាអែល គឺមិនអាចបំពេញតម្រូវការជាមូលដ្ឋានបាននោះទេ ដោយព្រមានថាអវត្តមានអនាម័យ និងទីជម្រកនៅទីនោះបានបង្កើតហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់ការផ្ទុះជំងឺ ដោយបន្ថែមថា មធ្យោបាយតែមួយគត់ក្នុងការធ្វើឲ្យតំបន់ហ្កាហ្សា មានសុវត្ថិភាពគឺការអនុវត្តបទឈប់បាញ់។លោក ភីបភឺខន តំណាងអង្គការ WHO បាននិយាយថាទីភ្នាក់ងារនេះបានអនុវត្តតាមបញ្ជារបស់អ៊ីស្រាអែល ដើម្បីដកការផ្គត់ផ្គង់ចេញពីឃ្លាំងនៅទីក្រុង ខាន់ យ៉ូនីស។ លោកបានបន្ថែមថា អង្គការ WHO ត្រូវបានគេប្រាប់ថា តំបន់នេះ «ទំនងជានឹងក្លាយជាតំបន់នៃការប្រយុទ្ធសកម្មនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕

គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងសម្លាប់១២នាក់ នៅហុងឌុយរ៉ាស់ ខណៈប្រធានាធិបតីប្រកាសកាន់ទុក្ខទូទាំងប្រទេស

2023/12/06 05:53:57 pm        107
ក្រុមអាជ្ញាធរ បាននិយាយថារថយន្តក្រុងមួយគ្រឿងបានធ្លាក់ផ្លូវហាយវ៉េ និងបានធ្លាក់ចូលជ្រោះ កាលពីថ្ងៃអង្គារ ក្នុងប្រទេសហុងឌុយរ៉ាស់ សម្លាប់មនុស្ស១២នាក់ និងប្រមាណ២៥នាក់ផ្សេងទៀតរងរបួស។យោងតាមនគរបាលរថយន្តក្រុងកើតហេតុ ដែលបានដឹកមនុស្សជិត៦០នាក់ បានបុកស្ពានធ្លាក់ចូលទៅបាតជ្រោះ នៅចម្ងាយ៤១គីឡូម៉ែត្រពីទីក្រុងតេហ្គូស៊ីហ្គាល់ផា (Tegucigalpa)។ ក្រុមមន្ត្រីនិយាយថា អ្នករបួសធ្ងន់ត្រូវបានបញ្ជូនតាមរថយន្តគីលានសង្រ្គោះ និងឧទ្ធម្ភាគច្រកទៅកាន់មន្ទីរពេទ្យមួយនៅក្នុងទីក្រុងតេហ្គូស៊ីហ្គាល់ផា ។ លោកប្រធានាធិបតី ស៊ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro)បាននិយាយនៅលើបណ្ដាញសង្គមថា រដ្ឋាភិបាលរបស់លោក បានប្រកាសកាន់មរណទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ៕

ប្រធានាធិបតីនីហ្សេរីយ៉ា បញ្ជាឱ្យស៊ើបអង្កេត បន្ទាប់ពីយានដ្រូនយោធាសម្លាប់មនុស្ស ៨៥ នាក់

2023/12/06 05:46:10 pm        99
ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃអង្គារបានបញ្ជាឱ្យមានការស៊ើបអង្កេតឲ្យបានម៉ត់ចត់ លើការវាយប្រហារដោយយានដ្រូនយោធាកាលពីចុងសប្តាហ៍ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៨៥នាក់ និងរងរបួស៦៦នាក់ មានចម្ងាយប្រហែល១០០ម៉ាយស៍ភាគខាងជើងរដ្ឋធានីរបស់ប្រទេសក្នុងរដ្ឋ Kaduna ។ តួលេខនេះបានមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ទោះបីជាសាក្សីបាននិយាយថា មនុស្សច្រើននាក់ទៀតបានស្លាប់ក៏ដោយ។ លោក Tinubu បានចាត់ទុកករណីនេះថា ជាឧបទ្ទវហេតុបំផ្ទុះគ្រាប់បែក ដែលលោកនិយាយថា «គ្រោះអកុសល មហន្តរាយ និងឈឺចាប់» ។ មេបញ្ជាការទ័ពរបស់ប្រទេស បានសុំអភ័យទោសចំពោះការវាយប្រហារតាមអាកាស និងបានសន្យាថានឹងបង់ថ្លៃមន្ទីរពេទ្យសម្រាប់អ្នករបួសទាំងនោះ។ យានដ្រូនបានវាយប្រហារពលរដ្ឋនៅសហគមន៍ Tudun Biri ដែលកំពុងចូលរួមក្នុងការប្រារព្ធពិធី Maulud មូស្លីម ប្រចាំឆ្នាំ។ ពលរដ្ឋកំពុងប្រារព្ធពិធីបុណ្យ Maulud នៅពេលនោះយន្តហោះមកដល់ ហើយបានទម្លាក់គ្រាប់បែក មួយចំនួនបានស្លាប់ មួយចំនួនរងរបួស ហើយពួកគេបានរត់ចូលទៅក្នុងលំនៅឋាន។ នៅពេលមនុស្សជាច្រើននៅក្នុងភូមិបានលឺនូវអ្វីដែលបានកើតឡើង ពួកគេក៏នាំគ្នាចេញមកពិនិត្យមើល ហើយនៅពេលនោះ ការទម្លាក់គ្រាប់លើកទី២ បានផ្ទះឡើង បណ្តាលឲ្យមនុស្សជាច្រើននាក់បន្ថែមទៀតបានស្លាប់។ ឧបទ្ទវហេតុនេះ បង្ហាញពីការវាយប្រហារតាមអាកាសយ៉ាងឃោឃៅដោយយោធារបស់ប្រទេសនីហ្សេរីយ៉ា និងជាការវាយប្រហារចុងក្រោយដែលបានសម្លាប់ជនស៊ីវិល។ តំបន់ដែលការវាយប្រហារបានកើតឡើង ជាតំបន់ដែលកំពុងត្រូវបានគេរិះរកមធ្យោបាយដោះស្រាយបញ្ហាការចាប់ពង្រត់ និងឃាតកម្ម ធ្វើឡើងដោយក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលកងកម្លាំងសន្តិសុខបាននិងកំពុងកំណត់គោលដៅ ដោយប្រើប្រាស់ការវាយប្រហារតាមអាកាស។អ្នកនាំពាក្យកងទ័ពបាននិយាយថា កងទ័ពដែលអនុវត្តការល្បាតតាមអាកាស បានតាមដានមើលមនុស្សមួយក្រុម ហើយបានវិភាគខុស និងបកស្រាយខុសនូវគំរូសកម្មភាពរបស់ពួកគេ ថាស្រដៀងទៅនឹងក្រុមចោរព្រៃ មុនពេលមានការវាយប្រហារដោយយានដ្រូន។

តុលាការចោទប្រកាន់ និងបញ្ជូនរឿងទៅចៅក្រមស៊ើបសួរករណីតារាសម្ដែងម្នាក់​បើករថយន្តបុកបុរសម្នាក់ស្លាប់

2023/12/06 04:41:57 pm        2953
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ស្ដ្រីម្នាក់ ដែលជា​តារា​សម្ដែង និងបញ្ជូនរឿងទៅចៅក្រមស៊ើបសួរ ក្នុងករណីស្រវឹង ហើយ​បើកបរ​រថយន្ត​បុកបុរស​ម្នាក់ស្លាប់។លោក ឆាយ ហុង ព្រះរាជអាជ្ញារង និង​ជា​អ្នក​នាំពាក្យ​អយ្យការអ​ម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ករណីស្ដ្រីម្នាក់ស្រវឹង ហើយបើកបរ​រថយន្ត​បុក​បុរស​ម្នាក់​ស្លាប់​នៅខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបានតំណាងអយ្យការ ចេញដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ លើជនសង្ស័យពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិន​គោរព​កាតព្វ​កិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ជាបទ​ល្មើស​ព្រហ្ម​ទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួចហើយ។ សំណុំរឿងនេះ តំណាងអយ្យការបានបញ្ជូនរឿងទៅកាន់ចៅក្រមស៊ើបសួរតាមនីតិវិធី ប៉ុន្តែ​បើ​ប្រភព​ព័ត៌មាន​ឱ្យដឹងថា ក្រោយតំណាងអយ្យការធ្វើការចោទប្រកាន់ នៅចំពោះតុលាការ ជន​បង្ក​បាន​ព្រម​សង​សំណងដល់ក្រុមគ្រួសារជនរងគ្រោះ ហើយគ្រួសារ​រង​គ្រោះ​ក៏​បាន​ដក​ពាក្យ​បណ្តឹង​វិញ​ផង​ដែរ​។ ទោះជាយ៉ាងណាសំណងនោះគឺជាសំណងរដ្ឋប្បវេណី រីឯតុលាការ​នៅ​តែ​បន្ត​នីតិ​វិធីដ​ដែល។សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ក្នុងសំណុំរឿងនេះ ជនបង្កមានឈ្មោះ ជា ថាណាកា ហៅក្រៅ Chea Naka ជាតារាសម្តែងម្នាក់ រីឯជនរងគ្រោះដែលស្លាប់ឈ្មោះ សុខ ម៉ាល័យ អាយុ៣៤ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ត្រង់​ចំណុច​មុខ​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ រថយន្តបង្កម៉ាក FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 2BW-0080 បានបើកបុក​ម៉ូតូ​ជន​រង​គ្រោះ​ជា​ម៉ូតូ​អាគុយ​អូស​ជា​ច្រើន​ម៉ែត្រ ​បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
10/13/2026 09:10 PM
កូរ៉េខាងជើង និងរុស្ស៊ី ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ៣ឆ្នាំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
10/13/2026 07:10 PM
អាកាសយានដ្ឋាន Nuremberg របស់អាល្លឺម៉ង់ បិទដំណើរការ​ដោយសារគ្រា​អាសន្នផ្នែកអាកាសចរណ៍
10/13/2026 07:10 PM
ស៊ុយអែត៖ លោកស្រី Andersson ប្រាប់​ថា គណបក្ស​របស់លោកស្រី នៅមិនអាចបង្កើតរដ្ឋាភិបាល​បាន​
10/13/2026 06:10 PM
លោក TRUMP ថា លោកមិនជឿថា ចិន និងរុស្ស៊ី កំពុងជួយអ៊ីរ៉ង់នោះទេ
10/13/2026 06:10 PM
សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ
10/13/2026 06:10 PM
សារព័ត៌មាន RIA៖ រុស្ស៊ីចាត់ទុកការ​រឹបអូសនាវាដឹកប្រេងដោយបារាំងថា ជាការរំលោភលើច្បាប់អន្តរជាតិ
10/13/2026 06:10 PM
ហ្ស៊កដានីជំរុញឲ្យសមាជិក OIC រួមគ្នាដោះស្រាយការរំលោភបំពានរបស់អ៊ីស្រាអែល
10/13/2026 06:10 PM
ប្រមុខរដ្ឋកាតា៖ សន្តិសុខ និងអធិបតេយ្យភាពរបស់បណ្តាប្រទេសឈូងសមុទ្រ មិនអាចត្រូវបានគេបំពានបានឡើយ
10/13/2026 06:10 PM
រុស្ស៊ីអះអាងថា បានវាយប្រហារលើនាវាដែលដឹកសម្ភារៈយោធាទៅកាន់ទីក្រុង Mykolaiv របស់អ៊ុយក្រែន
10/13/2026 06:10 PM