ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ប្រធានាធិបតីអ៊ីស្រាអែល ធ្វើទស្សនកិច្ចនៅអារ៉ាប់រួម សុំជំនួយឲ្យមានការដោះលែងចំណាប់ថ្នូរ

2023/12/01 07:33:23 pm        94
ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឱ្យប្រធានាធិបតីប្រទេសអារ៉ាប់រួម លោក សេក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន(Sheikh Mohamed bin Zayed Al Nahyan) ប្រើប្រាស់ «ទម្ងន់នយោបាយ» របស់លោក ដើម្បីជួយឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ យោងតាមសេចក្តីថ្លែងការណ៍ចេញដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីអ៊ីស្រាអែល បានឲ្យដឹងថា លោក Herzog បានធ្វើការស្នើនេះក្នុងអំឡុងពេលជំនួបជាមួយលោក Sheikh Mohamed នៅទីក្រុងឌូបៃ។ លោក Herzog ដែលតួនាទីរបស់លោកភាគច្រើនជាអ្នករៀបចំ ហើយខ្វះអំណាចប្រតិបត្តិ កំពុងស្ថិតនៅក្នុងរដ្ឋឈូងសមុទ្រ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ត្រូវបានគេស្គាល់ថា COP28 ដែលចាប់ផ្តើមពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែធ្នូ។ វាជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការវាយប្រហារឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់ ដែលអ៊ីស្រាអែលបាននិយាយថា បានសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១.២០០នាក់ និងបានចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់ចូលទៅក្នុងតំបន់ហ្កាហ្សា។ ប្រទេសអារ៉ាប់រួម ជាប្រទេសមហាអំណាចក្នុងតំបន់ ទោះបីជាមានរដ្ឋឈូងសមុទ្រដូចជាប្រទេសកាតា និងអេហ្ស៊ីប បានសម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស សម្រាប់ការដោះលែងចំណាប់ថ្នូរ ក៏ដោយ ដែលរហូតមកដល់ពេលនេះ ពលរដ្ឋអ៊ីស្រាអែល និងជនបរទេស ៩៩ នាក់ត្រូវបានដោះលែង។ អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ២១០នាក់ ជាការដោះដូរជាមួយចំណាប់ថ្នូរអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលបានសហការជាមួយប្រទេសអារ៉ាប់រួម ដើម្បីឱ្យរដ្ឋឈូងសមុទ្រអាចបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា សាងសង់មន្ទីរពេទ្យចល័តមួយនៅព្រំដែន Rafah នៅតំបន់ហ្កាហ្សា និងជួយក្នុងការបញ្ជូនកុមាររងរបួសពីតំបន់ហ្កាហ្សា ទៅព្យាបាលនៅប្រទេសអារ៉ាប់រួម ។

បេសកជនពិសេសអាល្លឺម៉ង់៖ ការអនុម័តមូលនិធិគ្រោះមហន្តរាយអាកាសធាតុ នាំមកនូវក្តីសង្ឃឹម

2023/12/01 07:29:57 pm        75
កិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ទទួលបានភាពជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែវិច្ឆិកា ដោយគណៈប្រតិភូ បានអនុម័តមូលនិធិថ្មីដើម្បីជួយប្រទេសក្រីក្រទប់ទល់ គ្រោះមហន្តរាយអាកាសធាតុដែលខាតបង់ច្រើន។ លោក Jennifer Morgan បេសកជនពិសេសអាកាសធាតុរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ការអនុម័តមូលនិធិនេះ អនុញ្ញាតឱ្យយើង នៅពេលនេះផ្តោតការយកចិត្តទុកដាក់លើការស្តុកទុកជាសកល និងដាក់ចេញដំណាក់កាលនៃឥន្ធនៈហ្វូស៊ីល និងការបង្កើតថាមពលកកើតឡើងវិញ។ ប៉ុន្តែក្រុមមួយចំនួន មានការប្រុងប្រយ័ត្ន ចំពោះការអបអរការអនុម័តដំបូងនៃមូលនិធិ ដោយនិយាយថានៅតែមានបញ្ហាមិនទាន់ដោះស្រាយជាច្រើន រួមមានទាំងរបៀបដែលមូលនិធិនឹងត្រូវបានផ្តល់ហិរញ្ញប្បទាននៅពេលអនាគត។ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានទទួលភាពជោគជ័យដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយគណៈប្រតិភូបានអនុម័តមូលនិធិថ្មីដើម្បីជួយប្រទេសដែលងាយរងគ្រោះទប់ទល់ការចំណាយលើគ្រោះមហន្តរាយដោយសារអាកាសធាតុ។ កិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័តបន្ទាប់ពីពិធីបើកកិច្ចប្រជុំ COP28 នៅទីក្រុងឌូបៃ និងបន្ទាប់ពីមានការចរចាជាច្រើនខែរួចមក ។ប្រទេសអារ៉ាប់រួមនឹងចូលរួមចំណែក ១០០លានដុល្លារដល់បញ្ហាសំខាន់នេះ រួមជាមួយបណ្តាប្រទេសផ្សេងៗទៀតដែលនឹងរួមចំណែកសរុបរហូតដល់ជាង ៣០០ លានដុល្លារ។ ប្រទេសអាល្លឺម៉ង់ បានសន្យាផ្តល់ប្រាក់ចំនួន១០០លានដុល្លារ ហើយសហរដ្ឋអាមេរិកចំនួន ១៧,៥ លានដុល្លារ ដោយសង្ឃឹមថាចំនួននេះនឹងកើនឡើងដល់ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។

ការប៉ះទង្គិចគ្នានៅក្នុងសភាប្រចាំតំបន់នៅម៉ិកស៊ិកភាគខាងជើង

2023/12/01 07:27:16 pm        86
វីដេអូ បានបែកធ្លាយកាលពីថ្ងៃព្រហស្បតិ៍ នៃការប៉ះទង្គិចគ្នានៅសភាប្រចាំតំបន់ប្រទេសម៉ិកស៊ិក ខណៈ អ្នកគាំទ្រគណបក្សកាន់អំណាច បានព្យាយាមរំខានដល់ការអង្គុយធ្វើការរបស់សភា។ឧបទ្ទវហេតុ ដែលបានកើតឡើង ចាប់ផ្តើមនៅពេលដែលអ្នកគាំទ្រគណបក្សនយោបាយ ម៉ូវីមៀន ស៊ីដាដាណូ(Movimiento Ciudadano) បានបង្ខំពួកគេទៅកាន់បន្ទប់សភាប្រចាំរដ្ឋ នូវ៉ូ លីអុង(Nuevo Leon) ដើម្បីរារាំងសម័យប្រជុំមិនឲ្យបន្តទៅមុខ។សារធាតុដូចជាផ្សែងហុយមានធូលីច្រើន ត្រូវបានគេបាញ់ដើម្បីបំបែកហ្វូងមនុស្ស ខណៈសកម្មជនបានឈ្លោះប្រកែកនិងរុញច្រានជាមួយសមាជិកសភា។គណបក្ស Movimiento Ciudadano ឬចលនាពលរដ្ឋ គឺជាគណបក្សរបស់អភិបាលរដ្ឋ ប៉ុន្តែគណបក្សប្រឆាំង បានគ្រប់គ្រងសភា។គោលបំណងនៃសម័យប្រជុំ គឺដើម្បីតែងតាំងអភិបាលរដ្ឋបណ្តោះអាសន្ននៃរដ្ឋ Nuevo Leon ដើម្បីជំនួសលោក សាមូអ៊ែល ហ្គាសៀ(Samuel Garcia) ដែលចាកចេញពីតំណែង ដើម្បីឈរឈ្មោះប្រជែងជាមួយគណបក្សប្រឆាំង Movimiento Ciudadano នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។

លោកហ្សេឡិនស្គី ធ្វើទស្សនកិច្ចខ្សែត្រៀមជួរមុខ ខណៈដែលមនុស្ស៦នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់រុស្ស៊ី

2023/12/01 07:18:37 pm        101
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃព្រហស្បតិ៍ បានចុះទៅពិនិត្យមើលប៉ុស្តិ៍បញ្ជាការខ្សែត្រៀមជួរមុខ នៅអ៊ុយក្រែនភាគខាងកើត និងភាគខាងត្បូង ខណៈដែលមន្ត្រីក្នុងតំបន់ បានរាយការណ៍ថា មនុស្ស៦នាក់ បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាស រ៉ុក្កែត និងកាំភ្លើងធំរបស់រុស្ស៊ី។ទោះបីជាខ្សែត្រៀមជួរមុខ បានផ្លាស់ប្តូរតិចតួច ក្នុងរយៈពេលជាងមួយឆ្នាំក្តី ក៏ការប្រយុទ្ធគ្នា នៅតែមានភាពខ្លាំងក្លា ដោយភាគីទាំងសងខាង ប្រញាប់ប្រញាល់រុលទៅមុខ ខណៈដែលសីតុណ្ហភាព ត្រជាក់ខ្លាំង។លោកហ្សេឡិនស្គី បាននិយាយថា លោកបានជួបពិភាក្សាជាមួយមេបញ្ជាការយោធា នៅក្នុងតំបន់ Kharkiv ភាគឦសាន និងតំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia) ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។ដោយបានជួបជាមួយទាហាន លោកបានសរសើរកងទ័ពអ៊ុយក្រែន ដែលបានដាក់ពង្រាយជុំវិញទីក្រុង Kupiansk ដែលជាទីក្រុងដែលកងកម្លាំងរុស្ស៊ី បានមើលឃើញ ចាប់តាំងពីទីក្រុងនេះត្រូវបានដណ្តើមមកវិញដោយអ៊ុយក្រែន កាលពីខែកញ្ញា ឆ្នាំមុន។លោកហ្សេឡិនស្គី បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមថា៖«អ្នកប្រយុទ្ធនៅខ្សែត្រៀមជួរមុខ Kupiansk កំពុងការពារជីវិតសន្តិភាពរបស់ប្រជាជនអ៊ុយក្រែន និងប្រជាជននៃតំបន់ Kharkiv»។

ពិភពលោកប្រឈមនឹងការបាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ខណៈករណីជំងឺកើនឡើង

2023/12/01 07:14:32 pm        103
របាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោក បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) ថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ខណៈដែលករណីនៃជំងឺនេះបានកើនឡើងប្រហែល ៥លាន ករណីបើធៀបនឹងឆ្នាំមុនក្នុងឆ្នាំ២០២២ ដែលលើសពីគោលដៅសកលដើម្បីទប់ស្កាត់ជំងឺនេះ។ការរំខានដែលទាក់ទងនឹងជំងឺរាតត្បាត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ បានរារាំងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ របាយការណ៍ជំងឺគ្រុនចាញ់ពិភពលោកប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ការរីកចម្រើនចាប់តាំងពីឆ្នាំ ២០១៥ បានជាប់គាំងរួចទៅហើយដោយសារតែការកើនឡើងនៃភាពធន់នឹងថ្នាំ និងគុណភាពថ្នាំសំលាប់សត្វល្អិត និងបញ្ហាជម្លោះផ្សេងៗ។លោក ភីធើ សែនស៍ (Peter Sands) នាយកប្រតិបត្តិនៃមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់បាននិយាយថា «យើងកំពុងមានហានិភ័យក្នុងការបាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ច្រើនជាងពេលណាៗទាំងអស់»។ ក្នុងឆ្នាំ២០២២ មានករណីជំងឺគ្រុនចាញ់ប្រមាណ ២៤៩ លានករណី។ជាមួយគ្នានេះ ករណីជំងឺគ្រុនចាញ់ជាសកលមានចំនួន ៥៨,៤ករណីក្នុងមនុស្ស ១.០០០នាក់ ដែលត្រូវបានចាត់ទុកថាមានហានិភ័យ ធៀបនឹងគោលដៅរបស់អង្គការសុខភាពពិភពលោកដែលមានចំនួន ២៦,២ករណីនៅឆ្នាំ ២០២៥ ។ ស្ថាប័នសុខភាពសកលមួយនេះបានបន្ថែមថា ការរីកចម្រើនឆ្ពោះទៅកាន់គោលដៅឆ្នាំ២០២៥ គឺបានបរាជ័យចំនួន ៥៥ភាគរយ ហើយនឹងត្រូវខកខានចំនួន ៨៩ភាគរយ នៅឆ្នាំនេះ ប្រសិនបើការអនុវត្តន៍បែបនេះនៅតែបន្ត។ ករណីជំងឺគ្រុនចាញ់ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ដែលមានអាកាសធាតុធ្ងន់ធ្ងរបំផុត៕

អាកាសធាតុត្រជាក់គ្របដណ្ដប់តំបន់អឺរ៉ុប ខណៈព្យុះព្រិលវាយប្រហារប្រទេសអាល្លឺម៉ង់និងអង់គ្លេស

2023/12/01 07:05:47 pm        144
ការធ្លាក់ព្រិល និងទឹកកក បានរំខានដល់ជីវិតប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរនៅផ្នែកខ្លះនៃប្រទេសអាល្លឺម៉ង់ ខណៈសីតុណ្ហភាពបានធ្លាក់ចុះខ្លាំង នៅទូទាំងទ្វីបអឺរ៉ុប។ យោងតាមភ្នាក់ងារព្យាករណ៍ Maxar Technologies ស្ថានភាពអាកាសធាតុដ៏ត្រជាក់មិនសមរដូវកាលនឹងមើលឃើញផ្នែកខ្លះនៃអនុតំបន់ស្កែនឌីណាវីយ៉ា(Scandinavia) ជួបប្រទះសីតុណ្ហភាពត្រជាក់-២០អង្សាសេ (-20C)ខណៈ ទីក្រុង ប៊ែរឡាំង បានជួបប្រទះការធ្លាក់ចុះសីតុណ្ហភាពត្រជាក់រហូតដល់ -៦អង្សាសេ (-6C) កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមអាជ្ញាធរបានស្នើឱ្យប្រជាពលរដ្ឋនៅតំបន់មួយចំនួនជុំវិញទីក្រុង ហ្វ្រែងហ្វត (Frankfurt)ស្នាក់នៅក្នុងផ្ទះ និងជៀសវាងការទៅកាន់តំបន់ព្រៃឈើកាលពីថ្ងៃអង្គារ ដោយសារហានិភ័យនៃគ្រោះថ្នាក់ដល់អាយុជីវិតកើនឡើង។មនុស្ស ៧០ នាក់ត្រូវបានជាប់ក្នុងរថយន្តរបស់ពួកគេនៅលើផ្លូវហាយវេមួយ ហើយរថយន្តដឹកទំនិញបានជាប់គាំងនៅលើផ្លូវ។ សិស្សសាលា និងគ្រូបង្រៀនមួយចំនួនត្រូវស្នាក់នៅក្នុងសាលាមួយយប់។ ចំណែកនៅចក្រភពអង់គ្លេសវិញ សាលារៀនជាង៣០កន្លែងនៅក្នុងតំបន់ Cornwall ត្រូវបានបិទទ្វារឬពន្យារពេលការចូលរៀន ដោយសារស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ។ ចក្រភពអង់គ្លេសត្រូវបានរងការវាយប្រហារដោយអាកាធាតុត្រជាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះស្របពេលសីតុណ្ហភាពពេលយប់ជ្រៅបានធ្លាក់ចុះក្រោមកម្រិតកក៕

កោះតៃវ៉ាន់ រាយការណ៍ថាមានសកម្មភាពយោធាចិន បន្ថែមទៀតខណៈការបោះឆ្នោតខិតជិតមកដល់

2023/12/01 07:01:02 pm        97
កោះតៃវ៉ាន់បានរាយការណ៍ម្តងទៀតពីយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន នៅជុំវិញកោះនេះកាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) រួមទាំងយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង រក្សាសកម្មភាពយោធារបស់ខ្លួនមុនការបោះឆ្នោតនៅខែមករា របស់កោះមួយនេះ។កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងចិនអះអាងសិទ្ធថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរសម្រាប់រយៈពេលបួនឆ្នាំចុងក្រោយនេះនៃការល្បាត និងសមយុទ្ធយោធារបស់ចិនជាទៀងទាត់នៅជិតកោះនេះ។ កោះតៃវ៉ាន់ធ្វើការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១១៣ ខែមករា ខាងមុខនេះ និងយុទ្ធនាការបោះឆ្នោតបានឈានដល់ដំណាក់កាលតានតឹង ហើយទំនាក់ទំនងជាមួយចិន គឺជាចំណុចសំខាន់នៃជម្លោះក្នុងតំណែងមេដឹកនាំបន្ទាប់។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ បានរកឃើញយន្តហោះចម្បាំង J-10 និងយន្តហោះ J-16 ក៏ដូចជាឧទ្ធម្ភាគចក្រដឹកតាមកប៉ាល់ កំពុងប្រតិបត្តិការនៅកណ្តាលកោះតៃវ៉ាន់ និងទៅភាគនិរតីនៃកោះនេះ។អាជ្ញាធរការពារជាតិនេះបានបន្ថែមថា យន្តហោះចំនួន ១១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ដែលនៅជិតនោះ ដោយធ្វើការជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»។ ក្នុងខែនេះ កោះតៃវ៉ាន់បានរាយការណ៍ថា មានសកម្មភាពយោធាទ្រង់ទ្រាយធំស្រដៀងគ្នាចំនួនបីផ្សេងទៀត ដោយកងកម្លាំងអាកាសរបស់ចិន ដែលទីក្រុងប៉េកាំង មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ៕

ក្រុមកសិករកូរ៉េខាងត្បូង ប៉ះទង្គិចជាមួយនគរបាលក្នុងការតវ៉ាជុំវិញបម្រាមបរិភោគសាច់សុនខ

2023/12/01 06:56:46 pm        102
កសិករកូរ៉េខាងត្បូងប្រហែល ២០០នាក់ ដែលបង្កាត់ពូជ និងចិញ្ចឹមសត្វសុនខសម្រាប់មនុស្សបរិភោគ បានធ្វើការជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ (៣០ ខែវិច្ឆិកា) នៅជិតការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ដោយតវ៉ាទាមទារឱ្យរដ្ឋាភិបាលលុបចោលផែនការហាមឃាត់ការអនុវត្តដ៏ចម្រូងចម្រាសជាច្រើនសតវត្សន៍មួយនេះ។កសិករបានប៉ះទង្គិចជាមួយនគរបាល ដែលមានចំនួនយ៉ាងច្រើន និងបានបង្កើតរបាំងរារាំងពួកគេមិនឲ្យឆ្លងកាត់ផ្លូវដើម្បីចូលទៅជិតការិយាល័យប្រធានាធិបតី។ អ្នករៀបចំការតវ៉ាបាននិយាយថា អ្នកតវ៉ាបីនាក់រួមទាំងលោក ជូ យឹងបុង (Ju Yeong-Bong) ប្រធានគណកម្មការកសិដ្ឋានសាច់សុនខ ត្រូវបាននគរបាលចាប់ឃុំខ្លួនក្នុងកន្លែងតវ៉ាដែលមានភាពវឹកវរ។គណបក្សកាន់អំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) បានដាក់ចេញនូវសេចក្ដីស្នើច្បាប់ហាមឃាត់ការបង្កាត់ពូជ និងលក់សត្វសុខនសម្រាប់បរិភោគ និងផ្តល់សំណងជាហិរញ្ញវត្ថុសម្រាប់អ្នកជំនួញនៅក្នុងឧស្សាហកម្មប្រភេទនេះ ដែលបង្ខំឱ្យបិទអាជីវកម្មរបស់ពួកគេក្នុងរយៈពេលអនុគ្រោះបីឆ្នាំ។ខណៈពេលដែលការអនុវត្តនៃការបរិភោគសាច់សុខនបានធ្លាក់ចុះនៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង បណ្ដាកសិករ និងម្ចាស់ភោជនីយដ្ឋានដែលលក់សាច់សត្វប្រភេទនេះ បានបន្តតស៊ូដើម្បីរក្សាភាពស្របច្បាប់ដល់ការបរិភោគសាច់សុនខនៅក្នុងប្រទេសនេះ៕

របាយការណ៍ថ្មី៖ អង្គភាពចារកម្មពិសេសរបស់IDF បានឃើញសញ្ញាថា ក្រុមហាម៉ាស កំពុងរៀបចំការវាយប្រហារភេរវកម្ម

2023/12/01 06:19:04 pm        146
របាយការណ៍ថ្មីមួយ បានឲ្យដឹងថា អង្គភាពចារកម្មពិសេសនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឃើញសញ្ញាដែលថាក្រុមហាម៉ាស កំពុងរៀបចំសម្រាប់ការវាយប្រហារភេរវកម្មដ៏ធំ ប៉ុន្តែការព្រមានជាមុននៅទីបំផុត ត្រូវបានមិនអើពើ។ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល Channel 12 បានទទួលការឆ្លើយឆ្លងផ្ទៃក្នុងពីក្នុងអង្គភាពលេខ៨២០០ របស់កងកម្លាំងការពារអ៊ីស្រាអែល ដែលបង្ហាញថា នៅដើមខែកក្កដា មន្ត្រីយោធាដែលមិនទាន់ មានឋានន្តរស័ក្តិ(NCO)ម្នាក់ បានព្រមានអ្នកផ្សេងទៀតយ៉ាងលម្អិតថា ក្រុមហាម៉ាស បានធ្វើសមយុទ្ធយ៉ាងទូលំទូលាយដោយអនុវត្តយុទ្ធសាស្ត្រវាយប្រហារផ្សេងៗប៉ុន្មានសប្តាហ៍មុន។អង្គភាពលេខ ៨២០០ គឺជាផ្នែកមួយនៃនាយកដ្ឋានចារកម្មយោធាដែលមានអាយុកាលរាប់ទសវត្សរ៍របស់ កងកម្លាំងការពារអ៊ីស្រាអែល ដែលទទួលខុសត្រូវក្នុងការប្រមូល និងដំណើរការស៊ើបការណ៍សម្ងាត់ពីក្រុមសត្រូវដូចជាក្រុមហាម៉ាស។អង្គភាពលេខ ៨២០០ គឺជាអង្គភាពប្រមូលព័ត៌មានសំខាន់របស់នាយកដ្ឋាន ហើយទាហានរបស់ខ្លួន ក៏ត្រូវមានភារកិច្ចវិភាគ និងចែករំលែកព័ត៌មានសម្ងាត់ជាមួយមន្ត្រីពាក់ព័ន្ធផងដែរ។ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយអំពីអង្គភាពនៅឆ្នាំ ២០២១ថា៖«អង្គភាពនេះ ប្រតិបត្តិការនៅក្នុងតំបន់ទាំងអស់ និងក្នុងសម័យសង្រ្គាម ពួកគេបានចូលរួមជាមួយទីស្នាក់ការកណ្តាលនៃសមរភូមិ ដើម្បីអាចឲ្យលំហូរព័ត៌មានកាន់តែលឿន»។

ប្រជាជនប៉ាឡេស្ទីន កំពុងស្វែងរកសាកសពមនុស្សជាទីស្រឡាញ់ មុនពេលបទឈប់បាញ់ នៅតំបន់ហ្សាត្រូវបញ្ចប់

2023/12/01 06:15:10 pm        122
ប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់មនុស្សជាទីស្រលាញ់ នៅក្នុងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលទៅកាន់តំបន់ហ្កាហ្សា បាននិងកំពុងស្វែងរកតាមកម្ទេចថ្ម និងតាមផ្លូវនានាដែលត្រូវបានបំផ្លាញ ដើម្បីកំណត់អត្តសញ្ញាណពួកគេ មុនពេលបទឈប់បាញ់ ត្រូវបញ្ចប់។ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រជាជនហ្កាហ្សាមានឱកាស តិចតួចដែលត្រូវចេញដំណើរទៅខាងក្រៅ ដើម្បីស្វែងរកសាច់ញាតិ ដែលបាត់ខ្លួន ឬទៅយកសាកសពរបស់ពួកគេ។ការចរចា ដើម្បីបន្តបទឈប់បាញ់ផុតកាលកំណត់ នៅព្រឹកថ្ងៃសុក្រនេះ កំពុងបន្ត។ក្នុងករណីជាច្រើន សាកសពរបស់ជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ត្រូវបានទុកចោលនៅតាមដងផ្លូវ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងពេកមិនអាច យកពួកគេបាន។លោក Ramez Abu Kmeil ជាអ្នកស្រុកនៅទីក្រុងហ្កាហ្សា បានប្រាប់សារព័ត៌មាន The Telegraph ថាគាត់បានចេញក្រៅ នៅពេលដែលបទឈប់បាញ់ចូលជាធរមាន ហើយបានរកឃើញសាកសពមនុស្សជាច្រើន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
10/13/2026 09:10 PM
កូរ៉េខាងជើង និងរុស្ស៊ី ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ៣ឆ្នាំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
10/13/2026 07:10 PM
អាកាសយានដ្ឋាន Nuremberg របស់អាល្លឺម៉ង់ បិទដំណើរការ​ដោយសារគ្រា​អាសន្នផ្នែកអាកាសចរណ៍
10/13/2026 07:10 PM
ស៊ុយអែត៖ លោកស្រី Andersson ប្រាប់​ថា គណបក្ស​របស់លោកស្រី នៅមិនអាចបង្កើតរដ្ឋាភិបាល​បាន​
10/13/2026 06:10 PM
លោក TRUMP ថា លោកមិនជឿថា ចិន និងរុស្ស៊ី កំពុងជួយអ៊ីរ៉ង់នោះទេ
10/13/2026 06:10 PM
សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ
10/13/2026 06:10 PM
សារព័ត៌មាន RIA៖ រុស្ស៊ីចាត់ទុកការ​រឹបអូសនាវាដឹកប្រេងដោយបារាំងថា ជាការរំលោភលើច្បាប់អន្តរជាតិ
10/13/2026 06:10 PM
ហ្ស៊កដានីជំរុញឲ្យសមាជិក OIC រួមគ្នាដោះស្រាយការរំលោភបំពានរបស់អ៊ីស្រាអែល
10/13/2026 06:10 PM
ប្រមុខរដ្ឋកាតា៖ សន្តិសុខ និងអធិបតេយ្យភាពរបស់បណ្តាប្រទេសឈូងសមុទ្រ មិនអាចត្រូវបានគេបំពានបានឡើយ
10/13/2026 06:10 PM
រុស្ស៊ីអះអាងថា បានវាយប្រហារលើនាវាដែលដឹកសម្ភារៈយោធាទៅកាន់ទីក្រុង Mykolaiv របស់អ៊ុយក្រែន
10/13/2026 06:10 PM