ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ថ្ងៃទី០២នៃព្រះរាជពិធីបុណ្យអុំទូក៖ សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ

2023/11/28 06:24:04 pm        3014
ភ្នំពេញ៖ នៅថ្ងៃទី០២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​យ៉ាង​ច្រើនកុះករប្រមាណ ១លាន ៧សែននាក់។ កម្លាំងត្រៀម​អន្តរាគមន៍​បាន​ចេញ​ជួយ​សង្រ្គោះ​ករណី​ទូកប្រណាំងលិចទឹកចំនួន ០៤ទូក ដោយ បានជួយសង្រ្គោះកីឡាករសរុប ១១៩​នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភាព។ នេះបើយោង​តាម​របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ។យោង​តាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់​ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា កម្លាំងត្រៀមអន្តរាគមន៍ បាន​ចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន ០៤ទូក ដោយ បានជួយ​សង្រ្គោះ​កីឡាករ​សរុប ១១៩នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភាព។ បាន​ចុះផ្សព្វផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យសរុប ១៤គោលដៅ។ ក្រុម​គ្រូ​ពេទ្យ​ប្រចាំការ​នៅ​តាម​គោល​ដៅ​បាន​ធ្វើកា​រ​សង្រ្គោះ​បឋម​ដល់​អ្នក​ដែល​មាន​បញ្ហា​សុខភាព​សរុប​ចំនួន ២.៦៥៩នាក់ (ស្រី ៤៧៦នាក់) និងបញ្ជូនទៅសង្រ្គោះ នៅ មន្ទីរពេទ្យចំនួន ០២នាក់។គ្រប់ទីបញ្ជាការស្រាល (គិតពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង ១៩:០០យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣) សភាពការណ៍នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ ដែលមាន​ទូក​ចូល​រួម​ប្រកួត​ចំនួន ៣៣៨ទូក (ទូកអន្តរជាតិចំនួន ១៣៧ទូក) ក្នុងនោះ ៖-ទូកអុំបុរសចំនួន ១៥៨ទូក-ទូកចែវបុរសចំនួន ៤២ទូក-ទូកចែវនារីចំនួន ៣ទូក-ទូកអន្ដរជាតិ ១២៩ទូក-ចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់)និងប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមានចំនួន ៣០ប្រទីប។ របាយការណ៍ដដែលបានបញ្ជាក់ថា ដោយឡែកកម្លាំងសមត្ថកិច្ចជំនាញ បានបង្រ្កាបបទ​ល្មើស​ឆក់​ទូរស័ព្ទដៃ ០១លើក ដោយឃាត់ខ្លួនជនល្មើស ០១នាក់ នៅគោលដៅសួនវត្តបុទុម និង​មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍កើតឡើង ០១លើក នៅគោលដៅមុខវត្តឧណ្ណាលោម (ម៉ូតូបុក​ក្មេង​បណ្តាល​ឲ្យ​របួស ០១នាក់)។ជាមួយគ្នានោះ សមត្ថកិច្ចការពារគោលដៅ បានប្រតិបត្តិការ និងអន្តរាគមន៍សង្រ្គោះ បាន​រក​ឃើញ​ក្មេង​វង្វេងសាច់ញាតិចំនួន ១១នាក់ (ស្រី ០៥នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយ​ត្រូវ​បាន​សាច់ញាតិមកទទួលយកទៅវិញចំនួន ០៨នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០៣​នាក់​បន្ត​ទៀត៕

គុណភាពខ្យល់ដ៏គ្រោះថ្នាក់បន្តកើតមាននៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា

2023/11/27 06:11:24 pm        488
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋបានត្អូញត្អែពីការរលាកបំពង់ក. និងក្រហាយភ្នែក ពេលដែលគុណភាពខ្យល់ដ៏គ្រោះថ្នាក់បន្តយាយីរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ។ ផ្លូវ និងអគារ ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទនៅក្នុងទីក្រុងមួយនេះ ស្របពេលដែលសន្ទស្សន៍គុណភាពខ្យល់(AQI) របស់ស្ថានទូតសហរដ្ឋអាមេរិក កើនឡើងដល់កម្រិត ៣៣០ ធ្វើឲ្យវាស្ថិតក្នុងប្រភេទកម្រិតខ្យល់ប្រកបដោយគ្រោះថ្នាក់ ។ រដ្ឋធានីមានខ្យល់កខ្វក់ជាងគេបំផុតរបស់ពិភពលោកមួយនេះ បានចាប់ផ្តើមឡើងវិញការប្រយុទ្ធប្រឆាំងប្រចាំឆ្នាំរបស់ខ្លួនលើខ្យល់កខ្វក់នៅក្នុងខែវិច្ឆិកានេះ បើទោះបីជារដ្ឋាភិបាលសន្យាធ្វើឲ្យល្អប្រសើរឡើងស្ថានភាពខ្យល់កខ្វក់ក៏ដោយ ។ ទិន្នន័យពី គណៈកម្មាធិការគ្រប់គ្រងខ្យល់កខ្វក់កណ្តាលឥណ្ឌា(CPCB) បង្ហាញពីសន្ទស្សន៍គុណភាពខ្យល់លើសពីកម្រិត ៤០០នៅតាមតំបន់ជាច្រើន នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ ។ គុណភាពខ្យល់កខ្វក់លើសពីកម្រិត ៦០ ត្រូវបានគេចាត់ទុកថាជាខ្យល់គ្មានសុខភាព ។ ខ្យល់កខ្វក់នៅក្នុងទីក្រុងញូវដែល្លី កាន់តែអាក្រក់ខ្លាំងនៅរដូវរងា ពេលដែលល្បឿនខ្យល់បក់ធ្លាក់ចុះ និងអាកាសធាតុត្រជាក់ទាក់ខ្យល់កខ្វក់បង្កឡើងដោយសាររថយន្ត ឧស្សាហកម្ម និងការដុតកាកសំណល់កសិកម្មនៅតាមរដ្ឋជុំវិញ ដើម្បីត្រៀមដាំដំណាំថ្មី ៕

ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅប្រទេសសូម៉ាលី កើនឡើងជិតដល់ ១០០នាក់

2023/11/27 06:06:32 pm        383
ទីភ្នាក់ងារព័ត៌មាន SONNA បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសសូម៉ាលី បានឆក់យកអាយុជីវិតមនុស្សជិត ១០០នាក់ ។ ពួកគេរាយការណ៍ថា មនុស្ស ៩៦នាក់ បានស្លាប់ ដែលជាតួលេខផ្តល់ជូនដោយប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសូម៉ាលី ។ លោក Hawa Ali Amadin គឺជាពលរដ្ឋមួយរូបរបស់សូម៉ាលី និយាយថា ទឹកជំនន់ទាំងនេះ កើនឡើងទ្វេដងបើធៀបនឹងគ្រោះទឹកជំនន់លើកមុន ។ ពេលភ្លៀងធ្លាក់ ពួកយើងអង្គុយក្រៅផ្ទះក្រោមសំពត់តង់រហូតដល់ភ្លៀងរាំង ។ លោកបន្តថា ពួកយើងចូលផ្ទះវិញ ពេលដែលលែងមានភ្លៀងធ្លាក់ ដើម្បីចំអិនអាហារដល់កូនៗរបស់ពួកយើង ។ គួរឲ្យដឹងថា ប្រទេសសូម៉ាលី និងប្រទេសជាច្រើនទៀតអាហ្វ្រិកខាងកើត បានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ ដែលបានចាប់ផ្តើមឡើងកាលពីខែតុលា បង្កឡើងដោយសារបាតុភូតអែល នីញ៉ូ និងបាតុភូតអាកាសធាតុមហាសមុទ្រឥណ្ឌា Dipole ។ បាតុភូតទាំង គឺជាលក្ខខណ្ឌអាកាសធាតុដែលធ្វើឲ្យប៉ះពាល់ដល់សីតុណ្ហភាពផ្ទៃមហាសមុទ្រ និងបណ្តាលឲ្យមានភ្លៀងធ្លាក់លើសកម្រិតមធ្យម ។ យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ទឹកជំនន់ទាំងនេះ ត្រូវបានចាត់ទុកថាជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បណ្តាលឲ្យមនុស្ស ៧០ម៉ឺននាក់ ជម្លៀសខ្លួន ។ ដោយឡែក នៅក្នុងប្រទេសជិតខាងកេនយ៉ា ទឹកជំនន់បានសម្លាប់មនុស្ស ៧៦នាក់ ។ ផ្លូវ និងស្ពានរងការខូចខាត ហើយប្រជាពលរដ្ឋគ្មានទីជម្រក ការផ្គត់ផ្គង់ទឹក និងចំណីអាហារ ៕

ព្រិលធ្លាក់ខ្លាំងបណ្តាលឲ្យបិទផ្លូវ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសប៊ុលហ្គារី

2023/11/27 05:27:44 pm        352
នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Nikolay Denkov និយាយថា ព្រិលធ្លាក់ខ្លាំងនៅប្រទេសក្នុងតំបន់បាល់កង់មួយនេះ បណ្តាលឲ្យបិទផ្លូវ ចាប់តាំងពីល្ងាចថ្ងៃសៅរ៍រហូតមក ហើយផ្ទះជាង ១ពាន់ខ្នង គ្មានអគ្គិសនីប្រើប្រាស់នោះទេ ។ ក្រុមអាជ្ញាធរឧតុនិយមប៊ុលហ្គារី បានចេញការព្រមានអាកាសធាតុកម្រិតពណ៌ក្រហម បង្ហាញពីស្ថានដ៏គ្រោះថ្នាក់របស់ព្រិលធ្លាក់ខ្លាំង ហើយនិងខ្យល់ព្យុះ ផលវិបាករបស់ព្យុះ Bettin តាមតំបន់ចំនួន ៤នៅភាគឦសានប្រទេសប៊ុលហ្គារី ។ ការធ្វើចរាចរណ៍ជួបការលំបាកខ្លាំងនៅតាមផ្លូវ Petrohan Pass ដែលជាផ្លូវតភ្ជាប់តែមួយគត់ទៅកាន់រដ្ឋធានី Sofia ចេញពីតំបន់ Montana ។ នៅក្នុងរដ្ឋធានី Sofia ព្រិលធ្លាក់បណ្តាលឲ្យបាក់ដើមឈើលើផ្លូវផងដែរ ។ លោក Veselin Nikolovគឺជាមន្រ្តីអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធផ្លូវ បាននិយាយថា នៅលើកំណាត់ផ្លូវ Petrohan Pass ស្ថានភាពពិតជាពិបាកខ្លាំងណាស់នៅពេលយប់ ។ ផ្លូវបើកគ្រប់ពេល ប៉ុន្តែពួកយើងជួបបញ្ហាច្រើនណាស់ ។ លោកបន្តថា មាននូវបំណាក់ផ្ទាំងទឹកកក ក៏ដូចជាបាក់ដើមឈើលើផ្លូវ ។ ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឲ្យផ្លូវបន្តធ្វើចរាចរណ៍ បើទោះបីជាមានខ្យល់បក់ខ្លាំងក៏ដោយ ៕

មនុស្សម្នាក់ស្លាប់ និង១២នាក់បាត់ខ្លួន ក្នុងហេតុការណ៍លិចនាវាដឹកទំនិញនៅជិតកោះ Lesbos ប្រទេសក្រិក

2023/11/27 05:21:58 pm        204
ឆ្មាំល្បាតឆ្នេរក្រិក បាននិយាយថា មនុស្សម្នាក់ស្លាប់ និងមនុស្ស ១២នាក់ផ្សេងទៀត បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ក្រោយពេលនាវាដឹកអំបិលជាមួយក្រុមនាវិក ១៤នាក់ បានលិចនៅជិតកោះ Lesbos ។ ក្រុមឆ្មាំល្បាតឆ្នេរ បន្តថា នាវាដឹកទំនិញ Raptor ដោតទង់ជាតិកូម័រ បានចាកចេញពីកំពង់ផែ El Dekheila ប្រទេសអេហ្ស៊ីប និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងអ៊ីស្តានប៊ុល ប្រទេសទួរគី ពេលដែលវារាយការណ៍ថាខូចម៉ាស៊ីន ហើយនិងបញ្ជូនសញ្ញាអាសន្នកាលពីព្រឹកថ្ងៃអាទិត្យ ។ មន្រ្តីមួយរូបរបស់ឆ្មាំល្បាតឆ្នេរក្រិក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញនៅតំបន់នោះ ហើយមនុស្សម្នាក់ទៀត ត្រូវបានសង្រ្គោះដោយឧទ្ធម្ភាគចក្រ ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនៅកោះ Lesbos ។ ក្រុមនាវិក ៨នាក់ គឺជាជនជាតិអេហ្ស៊ីប និងក្រុមនាវិកផ្សេងទៀត គឺជាជនជាតិស៊ីរី និងឥណ្ឌា ៕

លោក Netanyahu ប្រាប់លោក Biden ថា អ៊ីស្រាអែលនឹងចាប់ផ្តើមប្រតិបត្តិការសឹកឡើងវិញក្រោយបញ្ចប់បទឈប់បាញ់

2023/11/27 05:08:52 pm        222
កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថា អ៊ីស្រាអែលនឹងចាប់ផ្តើមប្រតិបត្តិការសឹករបស់ខ្លួនឡើងវិញនៅតំបន់ហ្គាហ្សា នៅពេលដែលបញ្ចប់បទឈប់បាញ់ហើយនោះ ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Netanyahu បាននិយាយផងដែរថា លោកនឹងស្វាគមន៍ការបន្តបទឈប់បាញ់ បើសិនជាមានការសម្របសម្រួលការដោះលែងចំណាប់ថ្នូរ ១០នាក់បន្ថែមទៀតជារៀងរាល់ថ្ងៃ ដូចដែលបានព្រមព្រៀងនៅក្នុងកិច្ចព្រមព្រៀងដំបូងដែលរៀបចំឡើងដោយប្រទេសកាតា ។ លោកនិយាយថា មាននូវផែនការដែលបទឈប់បាញ់អាចនឹងបន្ត ដើម្បីដោះលែងចំណាប់ថ្នូរ១០នាក់បន្ថែមទៀត ជារៀងរាល់ថ្ងៃ ។ លោក Netanyahu និយាយប្រាប់លោក Bidenថា ពេលណាបញ្ចប់បទឈប់បាញ់ ពួកយើងនឹងវិលត្រឡប់ទៅធ្វើសង្រ្គាមវិញដោយពេញកម្លាំង ដើម្បីសម្រេចគោលដៅរបស់ពួកយើង ដើម្បីធ្វើឲ្យសាបសូន្យក្រុមហាម៉ាស់ ដើម្បីធានាថា តំបន់ហ្គាហ្សាលែងវិលត្រឡប់ទៅរកស្ថានភាពចាស់ ហើយជាការពិតណាស់ថា ត្រូវតែមានការដោះលែងចំណាប់ថ្នូរទាំងអស់របស់ពួកយើង ៕

UN បន្តចែកចាយជំនួយមនុស្សធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់ភាគខាងជើងហ្គាហ្សា

2023/11/27 05:05:18 pm        143
មន្រ្តីមួយរូបរបស់អង្គការសហប្រជាជាតិ(UN) ដែលបានចូលរួមក្បួនរថយន្តដឹកជំនួយមនុស្សធម៌ទៅកាន់តំបន់ភាគខាងជើងហ្គាហ្សា និយាយថា ក្រុមផ្តល់ជំនួយនៅលើរថយន្តបានចែកចាយជំនួយដ៏ច្រើនសន្ធឹកសន្ធាប់បំផុតនៅក្នុងរយៈពេល ១ខែកន្លងមកនេះ ដោយលោកបានរៀបរាប់ពីស្ថានភាពស្គមស្គាំង ស្លេកស្លាំង និងស្រេកទឹករបស់ប្រជាពលរដ្ឋ មុនពេលទឹកមកដល់ ។ មុនពេលបទឈប់បាញ់រយៈពេល ៤ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចូលជាធរមានកាលពីថ្ងៃសុក្រ ទីភ្នាក់ងារ UN បានបង្ហាញការព្រួយបារម្ភពីជំងឺ និងការខះជាតិទឹកនៅតំបន់ភាគខាងជើងហ្គាហ្សា ដែលត្រូវបានកាត់ផ្តាច់ជំនួយពីខាងក្រៅអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។ កាលពីមុន UNធ្លាប់បាននិយាយថា ពួកគេពុំអាចទទួលបានច្រកសុវត្ថិភាពនោះទេ ហើយក្រុមសុខាភិបាលដែលបន្តប្រតិបត្តិការដូចជាក្រុមកាកបាទក្រហមអន្តរជាតិ បានរងការវាយប្រហារនៅទីនោះ ។ លោក James Elder គឺជាមន្រ្តីទីភ្នាក់ងារកុមារ UN បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មូននិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានចូលរួមក្បួនរថយន្ត ៥គ្រឿងកាលពីថ្ងៃអាទិត្យជាមួយនឹងទីភ្នាក់ងារ UNផ្សេងទៀត ដើម្បីចែកចាយនំមានថាមពលខ្ពស់ គ្រាប់ថ្នាំវីតាមីនដល់កុមារ និងក្មេងៗឈឺ ។ លោកនិយាយថា ការចែកចាយជំនួយនេះ ត្រូវបានផ្តល់ដល់មន្ទីរពេទ្យដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ។ លោករៀបរាប់ពីការមើលឃើញកុមាររងរបួស សម្រាកលើគ្រែក្នុងមន្ទីរពេទ្យ ក្នុងស្ថានភាពភ័យខ្លាច ។ លោកបន្តទៀតថា គ្មានសញ្ញាណាមួយនៃការបង្កជម្លោះទៀតនោះទេ ។ បើទោះបីជាជំនួយមកដល់យ៉ាងណាក៏ដោយ លោក Elder និយាយថា លោកបានមើលឃើញជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បន្តដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងត្បូង ដោយពួកគេព្រួយបារម្ភដល់ការទម្លាក់គ្រាប់បែកសារជាថ្មីរបស់អ៊ីស្រាអែល បើសិនជាបទឈប់បាញ់រយៈពេល ៤ថ្ងៃ ពុំត្រូវបានពន្យាពេលទេនោះ ៕

ជនប៉ាឡេស្ទីននៅទីក្រុង Ramallah និងហ៊្សេរុយសាឡឹម អបអរសាទរការវិលត្រឡប់មកវិញរបស់សាច់ញាតិ

2023/11/27 04:41:18 pm        157
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋរស់នៅទីក្រុង Ramallah ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង បានអបអរសាទរការដោះលែងជនប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល នៅថ្ងៃទី ៣នៃបទឈប់បាញ់រយៈពេល ៤ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ។ ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងទីក្រុងហ៊្សេរុយឡាឡឹម នគរបាលអ៊ីស្រាអែល បានរឹតត្បិតការអបអរសាទរដោយអនុញ្ញាតឲ្យគ្រួសារទទួលយកអ្នកទោសដែលត្រូវបានដោះលែងនៅក្នុងផ្ទះរបស់ពួកគេ ហើយមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាទ្រង់ទ្រាយធំនោះទេ ។ ពន្ធនាគារអ៊ីស្រាអែល ត្រូវបានត្រួតត្រាដោយរដ្ឋមន្រ្តីសន្តិសុខជាតិនិយមស្តាំលោក Itamar Ben-Gvir ដែលគាំទ្រជាយូរមកហើយលើការចាត់វិធានការបង្ក្រាបអ្នកទោសប៉ាឡេស្ទីន ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក Ben-Gvir បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា លោកបានណែនាំមន្រ្តីសេវាកម្មពន្ធនាគារឲ្យការពារការព្យាយាមណាមួយរបស់ក្រុមភេរវករ ក្នុងការអបអរសាទរនៅក្នុងពន្ធនាគារ ។ ទីភ្នាក់ងារព័ត៌មាន WAFAរបស់ប៉ាឡេស្ទីន បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានដោះលែងជនប៉ាឡេស្ទីន ៣៩នាក់ ក្នុងនោះមានស្រ្តី ៦នាក់ និងយុវជន ៣៣នាក់ ពីពន្ធនាគារ ២កន្លែង ៕

ចំណាប់ថ្នូរដែលត្រូវបានដោះលែង ដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មណ្ឌលសុខភាពនៅប្រទេសអ៊ីស្រាអែល

2023/11/27 04:36:53 pm        129
ចំណាប់ថ្នូរកុមារ និងស្រ្តីអ៊ីស្រាអែលដែលត្រូវបានដោះលែង បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកដល់មណ្ឌលសុខភាពកុមារ Schneider ប្រទេសអ៊ីស្រាអែល ។ ចំណាប់ថ្នូរត្រូវបានដឹកដំបូងទៅកាន់មូលដ្ឋានទ័ពស្ថិតនៅទីក្រុងភាគខាងត្បូង Hatzerim ប្រទេសអ៊ីស្រាអែល ។ គួរឲ្យដឹងថា ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរ ១៧នាក់ ដែលបានរក្សាទុកនៅក្នុងតំបន់ហ្គាហ្សាអស់រយៈពេល ៥១ថ្ងៃ រួមទាំងក្មេងស្រីកាត់ជាតិសាសន៍អ៊ីស្រាអែល-អាមេរិក កាលពីថ្ងៃអាទិត្យ ស្របពេលដែលអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន នៅថ្ងៃទី ៣នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ បទឈប់បាញ់រយៈពេល ៤ថ្ងៃ គឺជាការផ្អាកសង្រ្គាមលើកដំបូងនៅក្នុងជម្លោះរយៈពេល ៧សប្តាហ៍ ចាប់តាំងពីក្រុមហាម៉ាស់ សម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ ទៅកាន់តំបន់ហ្គាហ្សា ។ ដោយឡែក ពលរដ្ឋថៃ ៣នាក់ និងពលរដ្ឋរុស្ស៊ីម្នាក់ ត្រូវបានដោះលែងផងដែរដោយក្រុមហាម៉ាស់ កាលពីថ្ងៃអាទិត្យ ៕

មន្ទីរពេទ្យនៅភាគខាងជើងប្រទេសចិន បង្កើនចំនួនគ្រូពេទ្យស្របពេលមានការកើនឡើងនៃការផ្ទុះជំងឺផ្លូវដង្ហើម

2023/11/24 08:53:06 pm        539
មន្ទីរពេទ្យនានានៅភាគខាងជើងប្រទេសចិន កំពុងបង្កើនចំនួនវេជ្ជបណ្ឌិត ដើម្បីឆ្លើយតបនឹងការកើនឡើងនៃជំងឺផ្លូវដង្ហើម ជាពិសេសចំពោះកុមារ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា)។ រូបភាពនៅលើទូរទស្សន៍ CCTV បានបង្ហាញបន្ទប់រង់ចាំមនុស្សយ៉ាងច្រើននៅក្នុងមន្ទីរពេទ្យកុមារប៉េកាំង។ ទូរទស្សន៍ CCTV បានរាយការណ៍ថា មន្ទីរពេទ្យកុមារប៉េកាំងបាននិយាយថា ការឆ្លងមេរោគផ្លូវដង្ហើមនៅរដូវស្លឹកឈើជ្រុះ និងរដូវរងានេះ គឺស្រដៀងគ្នាទៅនឹងការផ្ទុះកាលពីមុន ទោះបីជាចំនួននៃជំងឺនេះកើនឡើងខ្ពស់នៅឆ្នាំនេះក៏ដោយ។អង្គការសុខភាពពិភពលោក (WHO) បានស្នើសុំព័ត៌មានបន្ថែមពីប្រទេសចិន កាលពីថ្ងៃពុធ (២២ វិច្ឆិកា) បន្ទាប់ពីទីភ្នាក់ងារជាច្រើន រួមទាំងកម្មវិធីសម្រាប់តាមដានជំងឺដែលកំពុងកើតមាន (ProMED) បានរាយការណ៍ពីចង្កោមនៃជំងឺរលាកសួត ដែលមិនបានធ្វើរោគវិនិច្ឆ័យនៅភាគខាងជើងប្រទេសចិន។ ដោយយោងតាមច្បាប់ ប្រទេសចិនបានឆ្លើយតបទៅកាន់អង្គការ WHO ក្នុងរយៈពេល ២៤ ម៉ោង។អង្គការ WHO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) ថា ក្រុមអាជ្ញាធរសុខាភិបាលចិន មិនបានរកឃើញមេរោគដែលមិនធម្មតា ឬជំងឺឆ្លងណាមួយនោះឡើយ ហើយបានផ្តល់ទិន្នន័យដែលបានស្នើសុំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមមន្ត្រី៖ អ៊ីរ៉ង់កំពុងផ្លាស់ប្តូរវិធីសាស្ត្រដើម្បីបង្កើនការវាយប្រហារលើនាវាដឹកជញ្ជូន មុនការបោះឆ្នោតនៅអាមេរិក
10/14/2026 09:10 AM
វិទ្យាស្ថាន ITI ជំរុញយុវជនរៀនជំនាញយានយន្ត ត្រៀមចាប់យកឱកាសការងារក្នុងយុគសម័យរថយន្តអគ្គិសនី
10/14/2026 09:10 AM
ទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​ជិតឆ្ងាយ នាំយកអំណោយជូនវីរកងទ័ពជួរមុខប្រចាំទិសអានសេះ ខេត្តព្រះវិហារក្រោយពិធីបុណ្យភ្ជុំបិណ្ឌ !
10/14/2026 09:10 AM
សមត្ថកិច្ចរាជធានីបង្ក្រាបករណីហិង្សា និងប្រើប្រាស់គ្រឿងញៀន ក្រោយទទួលព័ត៌មានរាយការណ៍តាម Hotline ឃាត់ជនល្មើស០៥នាក់
10/14/2026 08:10 AM
ពិធីលៀងសាយភោជន៍ អបអរសាទរការបញ្ចប់កម្មវិធីថ្ងៃដំបូង នៃវេទិកាអន្តរជាតិស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៦»
10/14/2026 08:10 AM
ប្រមុខការពារជាតិកម្ពុជា និងវៀតណាម ពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
10/14/2026 08:10 AM
តំណាងអចិន្ត្រៃយ៍កម្ពុជា បន្តបង្ហាញការពិតនៅសម័យប្រជុំលើកទី៧៧ របស់ UNHCR អំពីពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារថៃឈ្លានពាន
10/14/2026 08:10 AM
ជនភៀសសឹកកម្ពុជា (IDPs) មានបំណងប្រាថ្នា និងសមនឹងទទួលបានការត្រឡប់ទៅផ្ទះវិញ
10/14/2026 08:10 AM
កម្ពុជាបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដោះស្រាយវិវាទដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងការគោរពគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋ
10/14/2026 08:10 AM
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
10/13/2026 09:10 PM