ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

យោធាមីយ៉ាន់ម៉ា៖ ការវាយប្រហារដោយយានដ្រូនពីក្រុមប្រដាប់អាវុធជនជាតិភាគតិច ក្នុងភាគខាងជើង បានបំផ្លាញរថយន្ត១២០គ្រឿង

2023/11/24 08:50:20 pm        473
រដ្ឋាភិបាលគ្រប់គ្រងដោយយោធារបស់សហភាពមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាស្ទើរតែពាក់កណ្តាលនៃរថយន្តដឹកទំនិញជាង ១២០គ្រឿង ដែលជាប់គាំងដោយសារការប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅជិតព្រំដែនភាគឦសានជាប់ជាមួយប្រទេសចិន ត្រូវបានភ្លើងឆេះបំផ្លាញដោយសារការទម្លាក់គ្រាប់បែកដោយយានដ្រូនជាច្រើនគ្រឿង ។ លោក ឧត្តមសេនីយ៍ទោ ស មីនទុន (Zaw Min Tun) អ្នកនាំពាក្យក្រុមប្រឹក្សាយោធាកំពុងកាន់អំណាចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរស័ព្ទទៅកាន់ទូរទស្សន៍រដ្ឋ MRTV ថារថយន្តដឹកទំនិញបានចតនៅក្នុងបរិវេណក្បែរតំបន់ពាណិជ្ជកម្មមួយក្នុងទីក្រុងម៉ូសេ(Muse) បានឆេះបន្ទាប់ពីការវាយប្រហារដោយយានដ្រូន របស់អង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលបានបើកការវាយប្រហារនៅ ម៉ោងប្រហែល ៩និង៤៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ទី២៣សប្ដាហ៍នេះ។ សកម្មភាពនេះគឺជាផ្នែកមួយនៃការបំផ្លិចបំផ្លាញធំបំផុត ហើយទាក់ទងនឹងការខូចខាតទ្រព្យសម្បត្តិ ដែលមានទំហំធំបំផុតដែរ ចាប់តាំងពីសម្ព័ន្ធភាពភាតរភាពចំនួន៣ នៃកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កងទ័ពរំដោះជាតិ តាអាង (Ta'ang) និងកងទ័ពអារ៉ាកាន់( Arakan) បានបើកការវាយលុកនៅក្នុង ភាគខាងជើងរដ្ឋសាន(Shan) កាលពីថ្ងៃទី ២៧ ខែតុលា។ រថយន្តដឹកទំនិញទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញទៅ មកពីប្រទេសចិន៕

ការវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង ត្រូវបានគេមើលឃើញថាមានជំនួយពីបុគ្គលិក IT នៅក្រៅប្រទេស

2023/11/24 08:47:01 pm        454
អ្នកជំនាញម្នាក់ បានជំរុញឱ្យមានការរួបរួមគ្នាកាន់តែខ្លាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីប្រយុទ្ធប្រឆាំងការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត ធ្វើឡើងដោយប្រទេសកូរ៉េខាងជើង ក្នុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា បុគ្គលិកផ្នែកព័ត៌មានវិទ្យា(IT) នៅជុំវិញពិភពលោកកំពុងជួយរបបនេះលួចរូបីយប័ណ្ណគ្រីបតូ។ អ្នកជំនាញផ្នែកសន្តិសុខ លោក Takeuchi Maiko និយាយថា វាជារឿងសំខាន់សម្រាប់ប្រទេសនានាដែលរងគ្រោះដោយការវាយលុកចូលតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីឈររួមគ្នាពង្រឹងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។ អតីតសមាជិកក្រុមប្រឹក្សាអង្គការសហប្រជាជាតិទទួលបន្ទុកការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងនិយាយថា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត បានធ្វើឲ្យប្រទេសនេះទទួលជោគជ័យ និងបានជួយដល់ការផ្តល់មូលនិធិកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ របាយការណ៍របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលពិនិត្យមើលការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ចាប់ពី ខែ មករា ដល់ ខែ កក្កដា បង្ហាញថា ការលួចរូបិយប័ណ្ណគ្រីបតូ បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន។ របាយការណ៍នេះនិយាយថា ប្រទេសកូរ៉េខាងជើង បានលួចរូបីយប័ណ្ណគ្រីបតូមានតម្លៃចំនួន ១,៧ពាន់លានដុល្លារពីក្រុមហ៊ុននានានៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២២។ របាយការណ៍ និយាយថា បុគ្គលិកផ្នែកព័ត៌មានវិទ្យា(IT) ដូចជាអ្នកបង្កើតប្រព័ន្ធនៅក្នុងប្រទេសផ្សេងៗ អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង ហើយមានក្រុមហ៊ុនមួយនៅក្នុងប្រទេសឡាវ កំពុងធ្វើការដើម្បីសម្របសម្រួលអ្នកបច្ចេកទេសបែបនេះ។បណ្តាញមួយដែលកំពុងគាំទ្រការវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ថាកំពុងរាលដាលខ្លាំងនៅក្នុងទ្វីបអាស៊ី។ លោក Takeuchi និយាយថា ប្រទេសជប៉ុន គួរតែជំរុញឱ្យប្រទេសផ្សេងទៀត ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការចូលលួចតាមបែបបច្ចេកវិទ្យានេះ និងសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានគំនិតអាក្រក់ផ្សេងទៀត។

បទឈប់បាញ់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានចាប់ផ្តើមហើយ

2023/11/24 08:43:41 pm        490
អ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ថ្ងៃ នៅថ្ងៃសុក្រ (២៤ វិច្ឆិកា) នេះ ដោយក្រុមសកម្មប្រយុទ្ធនេះ បានគ្រោងនឹងដោះលែងចំណាប់ថ្នូរស្ត្រី និងកុមាររបស់អ៊ីស្រាអែល ចំនួន ១៣នាក់ នៅពេលល្ងាច ហើយអនុញ្ញាតឲ្យជំនួយហូរចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ហ្កាហ្សា ដែលជាការផ្អាកលើកដំបូងនៅក្នុងសង្រ្គាម ដែលមានរយៈពេលជិតប្រាំពីរសប្តាហ៍នេះ។បទឈប់បាញ់ បានចាប់ផ្តើមនៅម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) ពាក់ព័ន្ធនឹងបទឈប់បាញ់ដ៏ទូលំទូលាយមួយនៅភាគខាងជើង និងខាងត្បូងតំបន់ហ្កាហ្សា ហើយត្រូវបន្តដោយការដោះលែងចំណាប់ថ្នូរមួយចំនួន ក្នុងចំណោមមនុស្សជាង ២០០ នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនេះនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមក្រុមអ្នកសម្រុះសម្រួលរបស់ប្រទេសកាតា។ អ្នកទោសប៉ាឡេស្ទីនមួយចំនួន ដែលឃុំខ្លួនក្នុងពន្ធនាគារអ៊ីស្រាអែល ត្រូវដោះលែងជាថ្នូរនឹងការដោះលែងអ្នកត្រូវចាប់ខ្លួនមួយចំនួននោះ។ការប្រយុទ្ធគ្នាបានកើតឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានម៉ោងដែលខិតជិតដល់បទឈប់បាញ់ ដោយក្រុមមន្ត្រីនៅខាងក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មន្ទីរពេទ្យមួយក្នុងទីក្រុងហ្កាហ្សា ស្ថិតក្នុងចំណោមគោលដៅដែលត្រូវបានទម្លាក់គ្រាប់បែក។ ភាគីទាំងពីរក៏បានផ្តល់សញ្ញាថាការផ្អាកនេះនឹងមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះមុនពេលការប្រយុទ្ធបន្តទៀត៕

របាយការណ៍៖ ផ្ទាំងទឹកកកនៅប្រទេសប៉េរូ បានបាត់បង់ដោយសារតែបម្រែបម្រួលអាកាសធាតុ

2023/11/24 08:36:48 pm        439
យោងតាមអង្គភាពសារពើភ័ណ្ឌរបស់រដ្ឋាភិបាលថ្មី បានចេញផ្សាយថា ប្រទេសប៉េរូ បានបាត់បង់ផ្ទាំងទឹកកកត្រូពិចរបស់ខ្លួន៥៦ភាគរយ ក្នុងរយៈពេល ៦ ទសវត្សរ៍ចុងក្រោយនេះ ដោយសារតែបម្រែបម្រួលអាកាសធាតុ ។វិទ្យាស្ថានជាតិស្រាវជ្រាវផ្ទាំងទឹកកកតំបន់ភ្នំ និងប្រព័ន្ធអេកូបរិស្ថាន បាននិយាយថា ប្រទេសប៉េរូ មានផ្ទាំងទឹកកកត្រូពិច៦៨ភាគរយនៅលើពិភពលោក ហើយសីតុណ្ហភាពឡើងកម្តៅ បានបណ្តាលឲ្យមានការរលាយផ្ទាំងទឹកកក និងការបង្កើតបឹងទឹកប្រៃតំបន់ភ្នំថ្មី ដែលបង្កហានិភ័យដល់ការពេញហៀរ និងទឹកជំនន់។របាយការណ៍នេះ បានប្រើប្រាស់រូបភាពពីផ្កាយរណបរហូតដល់ឆ្នាំ ២០២០ និងបានបង្ហាញថា មានផ្ទាំងទឹកកកចំនួន ២.០៨៤ផ្ទាំង គ្របដណ្តប់លើផ្ទៃដី ១.០៥០ គីឡូម៉ែត្រក្រឡា នៅក្នុងប្រទេសប៉េរូ បើប្រៀបធៀបទៅនឹងទឹកកកនិងព្រិលមានទំហំដល់ ២.៣៩៩ គីឡូម៉ែត្រក្រឡាក្នុងឆ្នាំ ១៩៦២។របាយការណ៍និយាយថា ស្ទើរតែទាំងអស់នៃផ្ទាំងទឹកកកត្រូពិចនៅប្រទេសប៉េរូ មានលើសពី ៦.០០០ ម៉ែត្រ ខាងលើនីវ៉ូទឹកសមុទ្រ ខណៈបឹងទឹកប្រៃថ្មីមានរយៈកម្ពស់ពី ៤.០០០ ទៅ ៥.០០០ ម៉ែត្រ។ របាយការណ៍បានឱ្យដឹងផងដែរថា ប្រជាជនប៉េរូ ជិត ២០លាននាក់ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោល ពីទឹកដែលហូរចុះពីផ្ទាំងទឹកកក។

ក្រុមជនជាតិជ្វីហ្វ រិះគន់សម្តេចប៉ាបលើសុន្ទរកថាភេរវកម្មរបស់ទ្រង់ និងទាមទារការបំភ្លឺ

2023/11/24 08:17:59 pm        513
ក្រុមជនជាតិជ្វីហ្វ បានរិះគន់សម្តេចប៉ាប ហ្វ្រង់ស៊ីស និងទាមទារឱ្យមានការបំភ្លឺជុំវិញការអត្ថាធិប្បាយរបស់ទ្រង់ ដែលពួកគេមើលឃើញថាជាការចោទប្រកាន់ទាំងទៅលើក្រុមហាម៉ាស និងអ៊ីស្រាអែល ពី «អំពើភេរវកម្ម»។ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានធ្វើការអត្ថាធិប្បាយនោះកាលពីថ្ងៃពុធ (២៣ វិច្ឆិកា) បន្ទាប់ពីបានជួបដាច់ដោយឡែកជាមួយសាច់ញាតិរបស់ចំណាប់ថ្នូរជនជាតិជ្វីហ្វ ដែលចាប់ខ្លួនដោយក្រុមហាម៉ាស និងបានជួបជាមួយជនជាតិប៉ាឡេស្ទីន ដែលមានគ្រួសារនៅតំបន់ហ្កាហ្សា។កាលពីល្ងាចថ្ងៃដដែលនោះ នៅទីលានចតុរង្គ ស្រ្ទីត ភីធឺ (St. Peter) ទ្រង់មានបន្ទូលថា «នេះគឺជាអ្វីដែលសង្រ្គាមបង្កឡើង ប៉ុន្តែវាបានទៅហួសពីសង្រ្គាមទៅទៀត។ នេះមិនមែនជាសង្រ្គាមទេ តែជាអំពើភេរវកម្ម»។នៅក្នុងសេចក្តីថ្លែងការណ៍ដ៏តឹងតែងមួយកាលពីថ្ងៃព្រហស្បតិ៍ (២៤ វិច្ឆិកា) ក្រុមប្រឹក្សាអ្នកដឹកនាំសាសនាពួកជ្វីហ្វរបស់អ៊ីតាលី (ARI) បានចោទប្រកាន់សម្តេចប៉ាបពី «ការចោទប្រកាន់ជាសាធារណៈលើភាគីទាំងពីរនៃអំពើភេរវកម្ម»។ ក្រុមនេះបានបន្តចោទប្រកាន់ «បណ្ដាមេដឹកនាំវិហារសាសនា» ផ្សេងទៀត ពីការមិនថ្កោលទោសការវាយប្រហាររបស់ពួកហាម៉ាស និងប្រដូចអ្នកឈ្លានពានគេ ព្រមទាំងអ្នកត្រូវគេវាយប្រហារ ជំនួសឲ្យភាពមិនលំអៀងរបស់ខ្លួន។នៅក្នុងសន្និសីទសារព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃពុធ អ្នកដែលជួបជាមួយសម្តេចប៉ាបទាំងនោះបាននិយាយថា ទ្រង់បានថ្កោលទោសសកម្មភាពរបស់ក្រុមហាម៉ាស ថាជាអំពើភេរវកម្ម ប៉ុន្តែថែមទាំងបានដកស្រង់សម្តីទ្រង់ថា «ភេរវករមិនគួររកយុត្តិធម៌ពីភេរវករដូចគ្នានោះទេ» ហើយថាសម្ដេចប៉ាប បានប្រើពាក្យ «ប្រល័យពូជសាសន៍» ដើម្បីពណ៌នាអំពីស្ថានភាពនៅតំបន់ហ្កាហ្សា ទៀតផង៕

មនុស្សជាច្រើន ត្រូវបានគេមើលឃើញកំពុងជីកផ្នូរធំរួមក្នុងទីធ្លាមន្ទីរពេទ្យ Al Shifa ហ្កាហ្សា

2023/11/24 08:15:35 pm        465
វីដេអូដែលត្រូវបានថតនៅក្នុងមន្ទីរពេទ្យ Al Shifa បង្ហាញពីមនុស្សជាច្រើនកំពុងជីក ជាអ្វីដែលគេនិយាយថាជាផ្នូរធំរួមមួយនៅក្នុងទីធ្លាមន្ទីរពេទ្យ។នៅពេលនេះ ក្រុមវេជ្ជបណ្ឌិតកំពុងរៀបចំជីកផ្នូរធំរួមសម្រាប់បញ្ចុះជនរងគ្រោះដែលបានស្លាប់ទាំងអស់។ មានចាប់ពីវេជ្ជបណ្ឌិត ដល់ប្រជាជននិងសមាជិកគ្រួសារជនរងគ្រោះ ពួកគេទាំងអស់គ្នាកំពុងព្យាយាមជីកដីនៅទីតាំងនោះ។ ទីតាំងនៃការដ្ឋានជីក ត្រូវបានផ្ទៀងផ្ទាត់ថាស្ថិតនៅក្នុងបរិវេណដីមន្ទីរពេទ្យ ខណៈអគារ និងផ្លូវ ត្រូវគ្នាទៅនឹងឯកសារ និងរូបភាពផ្កាយរណប។ប្រជាជនបានចាប់ផ្តើមជីកផ្នូរធំរួម នៅខាងក្នុងបរិវេណ ដើម្បីបញ្ចុះសាកសពអ្នកជំងឺប្រហែល ១០០ នាក់ ដែលកំពុងមានសភាពស្អុយរលួយ។ លោកវេជ្ជបណ្ឌិត Ahmed Al Mokhallalati គ្រូពេទ្យផ្នែកវះកាត់ និងអ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លោក Ashraf Al-Qidra បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទដាច់ដោយឡែកពីក្នុងបរិវេណនោះថា សាកសពជាង ១០០នាក់ បានប្រមូលជាគំនរនៅទីនោះ បង្កើតឱ្យមានវិបត្តិអនាម័យធ្ងន់ធ្ងរ។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្រុមវាយតម្លៃមនុស្សធម៌ បានទៅពិនិត្យមន្ទីរពេទ្យ Al Shifa នៅភាគខាងជើងតំបន់ហ្កាហ្សា និងបានឃើញសញ្ញានៃការបាញ់ផ្លោង និងការបាញ់កាំភ្លើង ក្នុងអ្វីដែលត្រូវបានចាត់ទុកថាជា «តំបន់មរណៈ»។ សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោកនិយាយថា «សញ្ញានៃការបាញ់ផ្លោង និងការបាញ់កាំភ្លើងគឺជាភស្តុតាង»។ ក្រុមការងារបានឃើញផ្នូរធំរួមមួយនៅច្រកចូលមន្ទីរពេទ្យ ហើយត្រូវបានគេប្រាប់ថាមនុស្សជាង ៨០ នាក់ត្រូវបានកប់នៅទីនេះ។

ឧក្រិដ្ឋកម្មស្អប់ខ្ពើមបានផ្ទុះឡើងនៅកាណាដា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅតំបន់ហ្កាហ្សា មក

2023/11/24 08:12:24 pm        250
ចំនួនឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងជនជាតិជី្វហ្វ និងប្រឆាំងជនជាតិមូស្លីមនៅទីក្រុងតូរ៉ុនតូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាណាដា បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា មក នេះបើយោងតាមក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃសុក្រ (២៤ វិច្ឆិកា) នេះ។ប្រមុខនគរបាល លោក ម៉ៃរុន ដេមខីវ (Myron Demkiw) បាននិយាយថា ឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន ៧៨ករណី ត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី ៧ ខែតុលា ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ធៀបនឹងតួលេខចំនួន ៣៧ករណី ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំនួនពិតប្រាកដ គឺអាចនឹងខ្ពស់ជាងនេះ ដោយសារមនុស្សមួយចំនួនស្ទាក់ស្ទើរក្នុងការចេញមុខរាយការណ៍។ចំនួននៃឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងជនជាតិជី្វហ្វ ដែលបានរាយការណ៍នៅក្នុងរយៈពេលនេះ ស្ទើរតែកើនឡើងដល់ ៣៨ភាគរយ ពីតួលេខ ១៣ភាគរយ កាលពីឆ្នាំមុន ខណៈដែលអ្នកដែលពាក់ព័ន្ធនឹងករណីទាំងនោះមានប្រជាជនម៉ូស្លីម ប៉ាឡេស្ទីន និងអារ៉ាប់ បានកើនឡើងដល់ ១៧ភាគរយ ពីចំនួន ១ភាគរយ ក្នុងឆ្នាំ២០២២។ចាប់តាំងពីក្រុមហាម៉ាស បានវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី ៧ ខែតុលា និងការសងសឹករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់មក មនុស្សចំនួន ២៥នាក់ ត្រូវបានចាប់ខ្លួន និងមនុស្សចំនួន ៦៤នាក់ត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងឧបទ្ទវហេតុស្អប់ខ្ពើមដែលបានរាយការណ៍។ ទីក្រុងតូរ៉ុនតូ មានមនុស្សរស់នៅប្រហែល ៣លាននាក់ និងជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា ដែលមានប្រជាជនជាង ៤០លាននាក់៕

ទួរគីគ្រោងជម្លៀសកុមារដែលរងរបួស និងមានជំងឺមួយចំនួនពីហ្កាហ្សា នៅថ្ងៃសុក្រនេះ

2023/11/24 08:09:05 pm        252
រដ្ឋមន្ត្រីក្រសួងសុខាភិបាលទួរគី លោក ហ្វារេតទីន ខូកា (Fahrettin Koca) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) ថា ប្រទេសទួរគី គ្រោងនឹងជម្លៀសកុមារ និងមនុស្សវ័យក្មេងនៅតំបន់ហ្កាហ្សា ដែលរងរបួស ឬមានជំងឺមួយចំនួននៅថ្ងៃសុក្រ (២៤ វិច្ឆិកា) នេះ ដែលជាផ្នែកមួយនៃការជម្លៀសជុំទីបីរបស់ខ្លួន។ មកទល់ពេលនេះ ប្រទេសទួរគីបាននាំយកមនុស្សចំនួន ១៥០ នាក់ ដែលភាគច្រើនជាអ្នកជំងឺមហារីក និងអ្នកផ្សេងទៀត មកពីតំបន់ហ្កាហ្សា ដើម្បីបន្តការព្យាបាលរបស់ពួកគេ។ ប្រទេសនេះក៏បានជម្លៀសប្រជាជនទួរគី ជនជាតិទួរគីសញ្ជាតិស៊ីប និងសាច់ញាតិរបស់ពួកគេជាង ១០០ នាក់ផងដែរក្នុងសប្តាហ៍នេះ។ថ្លែងនៅឯអាកាសយានដ្ឋាន អេសេនបូហ្កា (Esenboga) ទីក្រុងអង់ការ៉ា លោក ខូកា បាននិយាយថា កុមារហ្កាហ្សាបីនាក់ ដែលមានជំងឺត្រូវបាននាំយកទៅប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍។ លោកបានបន្ថែមថា កុមារទាំងនោះដែលរួមមានក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ព្រមទាំងក្មេងស្រីពីរនាក់ អាយុ ៩ឆ្នាំ និង ១០ឆ្នាំ នឹងទទួលការព្យាបាលនៅប្រទេសទួរគី។រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការជម្លៀសជុំទី ៣ ដែលមានក្រុមមនុស្សចំនួន ៥០ នាក់ត្រូវបានពន្យារពេលដោយសារបញ្ហាទាក់ទងនឹងការអនុញ្ញាតឱ្យដោះលែងពួកគេ ប៉ុន្តែបានបន្ថែមថាបញ្ហាទាំងនោះឥឡូវនេះត្រូវបានដោះស្រាយយ៉ាងទូលំទូលាយ ហើយក្រុមមន្ត្រីកំពុងធ្វើការដើម្បីបញ្ចប់ការរៀបចំនេះ៕

ដំណើរការខួងផ្លូវក្រោមដី ជួយសង្គ្រោះកម្មករ៤១នាក់ ក្នុងប្រទេសឥណ្ឌា ត្រូវបានពន្យារពេល

2023/11/24 08:01:39 pm        256
មន្ត្រីមួយរូបបាននិយាយនៅថ្ងៃសុក្រ ទី២៤ខែវិច្ឆិកានេះថា ក្ដីសង្ឃឹមសម្រាប់ការជួយសង្រ្គោះកម្មករចំនួន៤១នាក់ ដែលបានជាប់ខ្លួនក្នុងផ្លូវហាយវ៉េក្រោមដីក្នុងតំបន់ភ្នំហិម៉ាល័យរបស់ប្រទេសឥណ្ឌា រយៈពេលជិត២សប្ដាហ៍ ត្រូវបានរាំងស្ទះដោយសារបញ្ហាឧបករណ៍ខួង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទៅឲ្យដល់ក្រុមកម្មករទាំងនោះគួរតែបន្តក្នុងពេលឆាប់ៗ។ ក្រុមបុរស ដែលជាកម្មករសំណង់ទទួលបានប្រាក់កម្រៃទាប ត្រូវបានជាប់នៅក្នុងផ្លូវក្រោមដីចម្ងាយ៤,៥គីឡូម៉ែត្រក្នុងរដ្ឋអ៊ុតារៈខណ្ឌ ចាប់តាំងពីចាប់ផ្ដើមពុះកាត់ភ្នំកាលពីព្រឹកថ្ងៃទី១២ខែ វិច្ឆិកាមក ។ ក្រមអាជ្ញាធរ បាននិយាយថា កម្មករទាំងនោះមានសុវត្ថិភាពទេ ដោយពួកគេទទួលបានថាមពលអគ្គិសនី អ៊ុកស៊ីសែន អាហារ ទឹក និងថ្នាំពេទ្យជាដើម។ ការប៉ុនប៉ងនាំពួកគេចេញដោយការខួងតាមកម្ទេចថ្ម ថ្មភ្នំ និងលោកហៈដែក និងកំពុងបុកចូលតាមរយៈបំពង់ដែក ត្រូវបានជួបឧបសគ្គដោយដំណើរការម៉ាស៊ីនខួងខូច ។ លោក ឌីផាក ផាទីល(Deepak Patil) ដែលកំពុងដឹកនាំប្រតិបត្តិការសង្គ្រោះនោះបានប្រាប់សារព័ត៌មាន Reuters ថាដើមឡើយក្រុមអ្នកជួយសង្រ្គោះសង្ឃឹមថានឹងបញ្ចប់ការខួងនៅត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ទី២៣វិច្ឆិកា ប៉ុន្តែត្រូវពន្យាពេលបន្ទាប់ពីដងលើម៉ាស៊ីនខួង ត្រូវការជួសជុល ព្រោះតែខូច និងចាំការជួសជុលជាចាំបាច់ ។ លោកនិយាយថា គំនរកម្ទេចថ្មចុងក្រោយជម្រៅ១០ម៉ែត្រ នៃជម្រៅសរុបប្រមាណ៦០ម៉ែត្រ នៅពុំទាន់បានខួងនៅឡើយ ហើយការងារនេះ នឹងត្រូវបន្ត នៅពេលម៉ាស៊ីនខួងជួសជុលរួចរាល់៕

ប្រធានាធិបតីគុយបា ដឹកនាំបាតុកម្មគាំទ្រប៉ាឡេស្ទីន ឆ្លងកាត់ខាងមុខស្ថានទូតអាមេរិកក្នុងទីក្រុងឡាហាវ៉ាន់

2023/11/24 07:34:36 pm        138
ប្រជាជនគុយបារាប់ម៉ឺននាក់ ដឹកនាំដោយប្រធានាធិបតី លោក Miguel Diaz-Canel កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើបាតុកម្មដើរដង្ហែរនៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងឡាហាវ៉ាន់ ដោយបានចោទប្រកាន់អ៊ីស្រាអែលថា កំពុងប្រព្រឹត្ត«អំពើប្រល័យពូជសាសន៍» ទៅលើពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។ការដង្ហែរបាតុកម្ម ដែលបានធ្វើដំណើរតាមឆ្នេរសមុទ្ររបស់ទីក្រុងឡាហាវ៉ាន់ នៅតំបន់ Malecon ជាទីស្នាក់ការការទូតរបស់សហរដ្ឋអាមេរិកមានទីតាំងនៅទីនោះ ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ហ្វូងមនុស្សដែលកាន់ទង់ជាតិប៉ាឡេស្ទីន និងបដា បានស្រែកពាក្យថា «សេរីភាព សេរីភាព ប៉ាឡេស្ទីន អ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍» និងពាក្យថា «រួមគ្នាដើម្បីសេរីភាពប៉ាឡេស្ទីន» ខណៈបាតុកម្មបានដើរដង្ហែរនៅក្បែរអគារស្ថានទូត និងបានប្រមូលផ្តុំគ្នានៅទីនោះ។ប្រទេសគុយបា ជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះបុព្វហេតុប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយបានបណ្តុះបណ្តាលវេជ្ជបណ្ឌិតប៉ាឡេស្ទីនជាង ២០០នាក់។ប្រទេសនេះ ពុំមានទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីស្រាអែលនោះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមមន្ត្រី៖ អ៊ីរ៉ង់កំពុងផ្លាស់ប្តូរវិធីសាស្ត្រដើម្បីបង្កើនការវាយប្រហារលើនាវាដឹកជញ្ជូន មុនការបោះឆ្នោតនៅអាមេរិក
10/14/2026 09:10 AM
វិទ្យាស្ថាន ITI ជំរុញយុវជនរៀនជំនាញយានយន្ត ត្រៀមចាប់យកឱកាសការងារក្នុងយុគសម័យរថយន្តអគ្គិសនី
10/14/2026 09:10 AM
ទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​ជិតឆ្ងាយ នាំយកអំណោយជូនវីរកងទ័ពជួរមុខប្រចាំទិសអានសេះ ខេត្តព្រះវិហារក្រោយពិធីបុណ្យភ្ជុំបិណ្ឌ !
10/14/2026 09:10 AM
សមត្ថកិច្ចរាជធានីបង្ក្រាបករណីហិង្សា និងប្រើប្រាស់គ្រឿងញៀន ក្រោយទទួលព័ត៌មានរាយការណ៍តាម Hotline ឃាត់ជនល្មើស០៥នាក់
10/14/2026 08:10 AM
ពិធីលៀងសាយភោជន៍ អបអរសាទរការបញ្ចប់កម្មវិធីថ្ងៃដំបូង នៃវេទិកាអន្តរជាតិស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៦»
10/14/2026 08:10 AM
ប្រមុខការពារជាតិកម្ពុជា និងវៀតណាម ពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
10/14/2026 08:10 AM
តំណាងអចិន្ត្រៃយ៍កម្ពុជា បន្តបង្ហាញការពិតនៅសម័យប្រជុំលើកទី៧៧ របស់ UNHCR អំពីពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារថៃឈ្លានពាន
10/14/2026 08:10 AM
ជនភៀសសឹកកម្ពុជា (IDPs) មានបំណងប្រាថ្នា និងសមនឹងទទួលបានការត្រឡប់ទៅផ្ទះវិញ
10/14/2026 08:10 AM
កម្ពុជាបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដោះស្រាយវិវាទដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងការគោរពគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋ
10/14/2026 08:10 AM
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
10/13/2026 09:10 PM