ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

អ៊ីស្រាអែលធ្វើប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមហាម៉ាស ក្នុងដំណាក់កាលទីពីរ នៃសង្រ្គាមនៅតំបន់ហ្កាហ្សា

2023/10/29 10:00:06 pm        441
កងកម្លាំងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យ (២៩ តុលា) នេះ នៅក្នុងអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅថា ជាដំណាក់កាលទីពីរនៃសង្រ្គាម ដែលមានរយៈពេលបីសប្តាហ៍ ក្នុងគោលបំណងកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មួយនេះឲ្យបាត់ពីផែនដី។អ្នកស្រុកដែលត្រូវបានឡោមព័ទ្ធនៅតំបន់ហ្កាហ្សា ប្រឈមមុខនឹងការកាត់ផ្ដាច់ទំនាក់ទំនង និងការដាច់អ៊ីនធឺណិតទាំងស្រុង ខណៈយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែក ហើយកងទ័ព និងរថពាសដែករបស់ខ្លួន បានសម្រុកចូលទៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស មួយនេះ ខណៈប្រមុខយោធាអ៊ីស្រាអែល ផ្តល់សញ្ញាថា ពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មើរជើងបន្ថែមទៀត។ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្រ្តី Netanyahu បានព្រមានពលរដ្ឋអ៊ីស្រាអែល ឱ្យរំពឹងថា នឹងមានយុទ្ធនាការ «ដ៏វែង និងរឹងមាំ» ប៉ុន្តែបានបញ្ឈប់ការហៅការវាយប្រហារនាពេលបច្ចុប្បន្ននេះ ថាជាការឈ្លានពាន។ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ក្រុមជំនួយការរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មួយចំនួនបានណែនាំសមភាគីអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយលុកភ្លាមៗនេះ។បណ្តាប្រទេសលោកខាងលិច ជាទូទៅបានគាំទ្រនូវអ្វីដែលពួកគេនិយាយថា ជាសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ប៉ុន្តែក៏មានការតវ៉ាជាអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញចំនួនអ្នកស្លាប់ដ៏លើសលប់ពីការទម្លាក់គ្រាប់បែក និងការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់ «ការផ្អាកសង្រ្គាមសម្រាប់មនុស្សធម៌» ដើម្បីអនុញ្ញាតឱ្យជំនួយទៅដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សា និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅក្នុងតំបន់នោះផងដែរ៕

អ្នកស្រុកនៅរដ្ឋ Maine របស់សហរដ្ឋអាមេរិក ប្រមូលផ្តុំគ្នាកាន់ទុក្ខដល់ជនរងគ្រោះក្នុងហេតុការណ៍សម្លាប់រង្គាល

2023/10/29 09:05:15 pm        235
អ្នកស្រុកនៃសហគមន៍ ដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារសម្លាប់រង្គាលដ៏ធំមួយ ដែលបានបណ្ដាលឲ្យមនុស្ស ១៨នាក់ ស្លាប់ក្នុងសប្តាហ៍នេះនៅរដ្ឋ Maine របស់សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នាដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ នៅក្នុងពីធីកាន់ទុក្ខមួយកាលពីយប់ថ្ងៃសៅរ៍ (២៨ តុលា)។ការប្រមូលផ្ដុំគ្នានេះ បានកើតឡើងនៅមាត់ទន្លេក្នុងសហគមន៍ Lisbon ភាគខាងត្បូងនៃទីក្រុង Lewiston ជាទីដែលអតីតទាហានបម្រុងនៃកងទ័ពអាមេរិក លោក Robert Card វ័យ ៤០ឆ្នាំ បានបាញ់បើកការបាញ់ប្រហារក្នុងទីលានវាយកូនបាល់ និងបារមួយកន្លែង កាលពីថ្ងៃពុធ (២៥ តុលា)។ នគរបាលបាននិយាយថា ឧក្រិដ្ឋជន Card រូបនេះ ត្រូវគេប្រទះឃើញថាបានស្លាប់ កាលពីល្ងាចថ្ងៃសុក្រ (២៧ តុលា) ដោយការបាញ់សម្លាប់ខ្លួនឯង។ប្រជាជនជាច្រើនមកពីទីក្រុងជុំវិញបានកាន់ទៀន និងបួងសួងដល់អ្នកស្លាប់ និងអ្នករបួស។ អ្នកចូលរួមជាច្រើនបាននិយាយថា សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនោះ ហើយពួកគេប្រើប្រាស់ការប្រមូលផ្ដុំនេះ ដើម្បីពន្យល់ពីគ្រោះថ្នាក់នៃការបាញ់ប្រហារដល់កូនៗរបស់ពួកគេ។ការបាញ់ប្រហារ និងការតាមចាប់ខ្លួនឧក្រិដ្ឋជនដ៏អូសបន្លាយនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សហគមន៍ នៃទីក្រុង Lewiston មួយនេះ ដែលជាអតីតមជ្ឈមណ្ឌលវាយនភណ្ឌ និងជាតំបន់មានប្រជាជនច្រើនជាងគេទីពីរក្នុងរដ្ឋ Maine ដែលស្ថិតនៅលើច្រាំងទន្លេ Androscoggin របស់សហរដ្ឋអាមេរិក៕

ចំនួនអ្នកស្លាប់ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល កើនឡើងលើសពី ៩.០០០នាក់

2023/10/29 08:58:08 pm        239
ចំនួនអ្នកស្លាប់សរុបនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្ត បានកើនឡើងលើសពី ៩.០០០នាក់ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលរបស់ភាគីទាំងសងខាង។ ជម្លោះនៅតែបន្តកើនឡើង ខណៈភាគីទាំងពីរបានអះអាងថា មានការប្រយុទ្ធគ្នាថ្មីៗនៅតំបន់ហ្កាហ្សា។ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសៅរ៍ (២៨ តុលា) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់យោធាអ៊ីស្រាអែល លើតំបន់ហ្កាហ្សា ស្ទ្រីប បានកើនឡើងដល់ ៧.៧០៣នាក់។ ជម្លោះនេះក៏បានឆក់យកជីវិតមនុស្សជាង ១.៤០០នាក់នៅខាងអ៊ីស្រាអែល ផងដែរគិតត្រឹមថ្ងៃទី១៨ ខែតុលា នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលបានដកស្រង់ដោយសារព័ត៌មាន The Jerusalem Post។កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនកំពុងពង្រីកប្រតិបត្តិការជើងគោកនៅតំបន់ហ្កាហ្សា ស្ទ្រីប ដែលហែកហួរដោយសង្រ្គាមកាលពីយប់ថ្ងៃសុក្រ ខណៈដែលស្លាបយោធានៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស បានអះអាងថា ខ្លួនបានចូលរួមក្នុងការប្រយុទ្ធដ៏ខ្លាំងក្លា ជាមួយនឹងការលុកលុយរបស់កងទ័ពអ៊ីស្រាអែល។អស់រយៈពេលពីរសប្តាហ៍មកហើយ ដែលតំបន់ហ្កាហ្សា ស្ទ្រីប បានស្ថិតនៅក្រោមការឡោមព័ទ្ធយ៉ាងសាហាវរបស់អ៊ីស្រាអែល និងការវាយប្រហារជាច្រើនដង ដោយនោះជាការសងសឹកចំពោះការវាយប្រហាររបស់ចលនាតស៊ូអ៊ីស្លាម ដែលគ្រប់គ្រងតំបន់ហ្កាហ្សា គឺក្រុមហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា៕

អ្នកស្រុកជួបការលំបាកក្នុងការស្វែងរកទឹក និងប្រេងឥន្ធនៈ បន្ទាប់ពីព្យុះសង្ឃរា Otis វាយប្រហារប្រទេសម៉ិកស៊ិក

2023/10/29 08:54:00 pm        208
អ្នករស់រានមានជីវិតពីព្យុះសង្ឃរា អូទីស (Otis) បានជួបការលំបាកក្នុងការទទួលបានប្រេងឥន្ធនៈ ទឹក និងស្បៀងអាហារ កាលពីថ្ងៃសៅរ៍ (២៨ តុលា) ខណៈអ្នកស្រុកកំពុងរង់ចាំកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ បន្ទាប់ពីព្យុះដ៏មហន្តរាយ ដែលបានវាយប្រហារទីក្រុងនៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ (២៥ តុលា)។មនុស្សម្នាជាច្រើនតម្រង់ជួរក្រោមពន្លឺថ្ងៃដ៏ក្តៅគគុកក្បែរធុងទឹកក្រោមដី ដើម្បីទទួលបានទឹកមកងូត និងប្រើប្រាស់។ នៅក្នុងតំបន់លំនៅឋាន រ៉េណាស៊ីមីអេនតូ (Renacimiento) អ្នកស្រុកបានដើរតាមដងផ្លូវដែលជន់លិចដោយទឹកដ៏កខ្វក់ ហើយបានត្អូញត្អែរចំពោះកង្វះខាតជំនួយ។រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏កាចសាហាវនៅសប្តាហ៍នេះ នៅក្នុងរមណីយដ្ឋានឆ្នេរម៉ិកស៊ិក អាកាពុលកូ (Acapulco) បានកើនឡើងដល់ ៣៩នាក់ហើយ ខណៈលោកប្រធានាធិបតី Andres Manuel Lopez Obrador បានចោទប្រកាន់គូប្រជែងរបស់ខ្លួនថា បានបំផ្លើសទំហំនៃការខូចខាតរបស់គ្រោះមហន្តរាយនេះ៕

នគរបាលបង់ក្លាដែស ប៉ះទង្គិចជាមួយក្រុមបាតុករអំឡុងការដង្ហែក្បួនប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុង Dhaka

2023/10/29 05:25:28 pm        179
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មន្រ្តីនគរបាលម្នាក់ បានស្លាប់ ហើយក្រុមបាតុកររាប់សិបនាក់ បានរងរបួស ពេលការប៉ះទង្គិចគ្នាបានផ្ទុះឡើង អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីថ្ងៃសៅរ៍ ។ ក្រុមបាតុករគណបក្សប្រឆាំងរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅក្នុងរដ្ឋធានីប្រទេសបង់ក្លាដែសមួយនេះ ដោយនាំគ្នាស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Sheikh Hasina បើទោះបីជាមានការពង្រឹងសន្តិសុខយ៉ាងណាក្តី ហើយក្រុមសកម្មជនគណបក្សប្រឆាំងរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ គណបក្សប្រឆាំងជាតិនិយមបង់ក្លាសែត(BNP) បានរៀបចំការត៉វានេះ ដើម្បីអំពាវនាវឲ្យលោក Hasina លាលែងពីតំណែង មុនការបោះឆ្នោតសាកលនាខែមករាខាងមុខនេះ និងប្រគល់អំណាចដល់រដ្ឋាភិបាលស្តីទី ក៏ដូចជាដកចេញការចោទប្រកាន់ទាំងអស់លើប្រធានគណបក្ស BNP គឺលោកស្រី Khaleda Zia ដែលកំពុងធ្លាក់ខ្លួនឈឺ ដើម្បីឲ្យលោកស្រីអាចចាកចេញពីប្រទេសជាបន្ទាន់ ទៅរកការព្យាបាលជំងឺនៅបរទេស ។ ដោយឡែក គណបក្ស Jamaat-e-Islami ដែលជាអតីតដៃគូចម្រុះរបស់ BNP ចង់រៀបចំពិធីដង្ហែក្បួនខ្លួនឯងផងដែរ ប៉ុន្តែក្រុមនគរបាល ពុំបានអនុញ្ញាតឲ្យពួកគេជួបជុំគ្នានោះឡើយនៅទីតាំងក្បែរនោះ ៕

ព្យុះសង្ឃរា Otis បានសម្លាប់មនុស្ស ៣៩នាក់ ពេលបោកបក់ឆ្លងកាត់ប្រទេសម៉ិកស៊ិក

2023/10/29 05:21:56 pm        186
ទាហាមកពីឆ្មាំជាតិម៉ិកស៊ិក បានចាប់ផ្តើមបោសសម្អាតកម្ទេចកម្ទីចេញពីផ្លូវនៅក្នុងទីក្រុង Acapulco កាលពីថ្ងៃសៅរ៍ ក្រោយព្យុះសង្ឃរា Otis បោកបក់លើទីក្រុងតំបន់ឆ្នេរប្រទេសម៉ិកស៊ិកមួយនេះ និងបានធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ រាបដល់ដី ។ ព្យុះសង្ឃរានេះដែរ បានសម្លាប់មនុស្ស ៣៩នាក់ ។ ដោយប្រើរទេះរុញ ប៉ែល និងរណា ទាហានបានចាប់ផ្តើមបោសសម្អាតិគំនរបាក់បែកផ្ទះ ហាង និងអគារចេញពីដងផ្លូវនៅក្នុងទីក្រុង Acapulco ។ ខណៈពេលនោះដែរ គេបានមើលឃើញ ប្រជាពលរដ្ឋម៉ិកស៊ិក តម្រង់ជួរយ៉ាងវែង ដើម្បីចូលចាក់សាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងទីក្រុង Acapulco ។ ថ្លៃខូចខាតបណ្តាលមកពីព្យុះកម្រិតទី ៥ Otis ត្រូវបានគេប៉ាន់ស្មានថាមានប្រហែលរាប់ពាន់លានដុល្លារ ហើយកងកម្លាំងប្រដាប់អាវុធជាង ៨ពាន់នាក់ ត្រូវបានបញ្ជូនទៅជួយស្តាឡើងវិញទីក្រុងកំពង់ផែមួយនេះ ៕

មនុស្ស២៨នាក់ស្លាប់ និង១៨នាក់ទៀត បាត់ខ្លួនក្នុងអគ្គិភ័យអណ្តូងរ៉ែ ArcelorMittal ប្រទេសកាហ្សាក់ស្ថាន

2023/10/29 05:18:52 pm        222
ក្រសួងសង្រ្គោះបន្ទាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោច ២៨នាក់ បានស្លាប់ និងមនុស្ស ១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយអគ្គិភ័យក្នុងអណ្តូងរ៉ែនៅប្រទេសកាហ្សាក់ស្ថាន ។ ប្រតិបត្តិករ ArcelorMittal Temirtau ដែលជាអង្គភាពក្នុងស្រុកនៃក្រុមហ៊ុនផលិតដែកថែបមានមូលដ្ឋាននៅប្រទេសលុចសំបួរ បាននិយាយថា មនុស្ស ២០៦នាក់ ក្នុងចំណោមមនុស្ស ២៥២នាក់ នៅអណ្តូងរ៉ែ Kostenko ត្រូវបានជម្លៀសចេញ ក្រោយផ្ទុះសារធាតុមេតាន ។ ពួកគេនិយាយថា មនុស្ស ១៨នាក់ ទទួលបានការព្យាបាល ។ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ដែលបានសម្តែងមរណទុក្ខដល់គ្រួសារជនរងគ្រោះ និងបានប្រកាសថ្ងៃកាន់ទុក្ខជាតិនៅថ្ងៃទី ២៩ ខែតុលានេះ បានបញ្ជាគណៈរដ្ឋមន្រ្តីរបស់លោកឲ្យបញ្ឈប់ប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុន ArcelorMittal Temirtau ។ រដ្ឋាភិបាល និងក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ពួកគេកំពុងធ្វើការជាមួយគ្នាបញ្ចប់កិច្ចព្រមព្រៀង ដើម្បីធ្វើជាតូបនីយកម្មក្រុមហ៊ុន ដែលប្រតិបត្តិការរោងចក្រដែកថែបធំបំផុតនៅក្នុងប្រទេសមួយនេះ ៕

នាវា NGO សង្រ្គោះជនអន្តោប្រវេសន៍ ៤៩នាក់នៅជិតតំបន់ឆ្នេរអ៊ីតាលី ហើយមនុស្ស ៤នាក់ត្រូវបានរកឃើញស្លាប់

2023/10/29 05:15:29 pm        199
ជនអន្តោប្រវេសន៍ ៤៩នាក់ ត្រូវបានជួយសង្រ្គោះដោយនាវាអង្គការក្រៅរដ្ឋាភិបាល(NGO)នៅជិតតំបន់ឆ្នេរប្រទេសអ៊ីតាលី ហើយមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានប្រទះឃើញស្លាប់ ។ នាវាសង្រ្គោះ Sea-Eye បានរកឃើញអន្តោប្រវេសន៍នៅក្នុងទូកពោង ក្រោយការទូរស័ព្ទសុំជំនួយបន្ទាន់ ពីទូកដឹកអន្តោប្រវេសន៍ ។ នាវា Sea-Eye បាននិយាយថា នាវាឆ្មាំល្បាតឆ្នេរលីប៊ី បាននៅទីកន្លែងកើតហេតុរួចទៅហើយ ពេលដែលក្រុមនាវិករបស់ពួកគេបានទៅដល់ ហើយនិងបានជំរុញឲ្យនាវាសប្បុរសធម៌ចាកចេញពីទីនោះ ។ យោងតាមការបញ្ជាក់របស់នាវា Sea-Eye បានឲ្យដឹងថា នៅក្នុងចំណោមជនអន្តោប្រវេសន៍ គឺជាស្រ្តីមានផ្ទៃពោះម្នាក់ដែលស្ទើផុតដង្ហើមទៅហើយ និងមនុស្ស ៣នាក់ទៀត សន្លប់ ។ NGO បាននិយាយថា ពួកគេបានស្នើសុំជាច្រើនលើកឲ្យមានការជម្លៀសបន្ទាន់ចេញពីមជ្ឈមណ្ឌលសង្រ្គោះ សមុទ្រអ៊ីតាលី ប៉ុន្តែគ្មានអ្នកអើពើនោះទេ ហើយពួកគេនិយាយប្រាប់ឲ្យទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងទុក្ខព្រួយដែនសមុទ្រលីប៊ី និងសេវាកម្មព្យាបាលតាមទូរស័ព្ទរបស់អ៊ីតាលីជំនួសវិញ ។ ក្រោយមក អ៊ីតាលី បានណែនាំឲ្យនាវា Sea-Eye បន្តដំណើរទៅកាន់កំពង់ផែ Vibo Valentia ដើម្បីដាក់ចុះជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្រ្គោះ ៕

ប្រធានសិទ្ធិមនុស្ស UN ព្រមានពីគ្រោះថ្នាក់នៃប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

2023/10/29 05:11:12 pm        192
កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)បានព្រមានពីលទ្ធភាពនៃផលវិបាកដ៏គ្រោះថ្នាក់នៃប្រតិបត្តិការតាមជើកគោកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សាស្រ្ទីប ជាកន្លេងដែលមនុស្សរាប់ពាន់នាក់ បានស្លាប់រួចទៅហើយដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk បាននិយាយថា ពួកគេបានបាត់ការទាក់ទងជាមួយសហការីរបស់ខ្លួននៅតំបន់ហ្គាហ្សា កាលពីយប់មិញ ហើយអ្នកសារព័ត៌មានជាច្រើន លែងអាចធ្វើសេចក្តីរាយការណ៍បានទៀតហើយចេញពីតំបន់បិទច្រកមួយនេះ ។ លោក Volker បានអំពាវនាវផងដែរឲ្យភាគីបង្កសង្រ្គាម និងរដ្ឋដទៃទៀតទាំងអស់ដែលមានឥទ្ធិលនៅក្នុងតំបន់ ត្រូវតែធ្វើតាមអំណាចរបស់ពួកគេទាំងអស់ ដើម្បីបន្ធូរបន្ថយជម្លោះមួយនេះ ។ អ៊ីស្រាអែល បានបញ្ជូនទាហានរបស់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃសុក្រ ហើយពួកគេបានសន្យាបន្តវាយប្រហារលើគោលដៅជាច្រើន រួមទាំងផ្លូវក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រើប្រាស់ដោយក្រុមហាម៉ាស់ ៕

មនុស្សរាប់សែននាក់នាំគ្នាធ្វើបាតុកម្មនៅទូទាំងពិភពលោកដើម្បីគាំទ្រជនប៉ាឡេស្ទីន

2023/10/29 05:07:16 pm        205
មនុស្សរាប់សែននាក់ ដែលគាំទ្រជនប៉ាឡេស្ទីន បាននាំគ្នាដង្ហែក្បួននៅតាមដងផ្លូវក្នុងទីក្រុងជាច្រើន នៅទូទាំងពិភពលោកកាលពីថ្ងៃសៅរ៍ម្សិលមិញ ។ នៅកណ្តាលទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស មនុស្សរាប់ពាន់នាក់ បានជួបជុំគ្នា ដើម្បីទាមទាររដ្ឋាភិបាលអង់គ្លេស អំពាវនាវឲ្យមានបទឈប់បាញ់ ក្រោយយោធាអ៊ីស្រាអែលបង្កើនការវាយប្រហារតាមច្រកអាកាស និងការវាយប្រហារតាមជើងគោក លើតំបន់ហ្គាហ្សាស្រ្ទីបកាលពីយប់កន្លងទៅ ។ អង់គ្លេស បានគាំទ្រសិទ្ធិការពាររបស់អ៊ីស្រាអែល ក្រោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមជីវពលហាម៉ាស់ ដែលអ៊ីស្រាអែលនិយាយថា បានសម្លាប់មនុស្សជាង ១.៤០០នាក់ ភាគច្រើននៃពួកគេ គឺជាជនស៊ីវិល ។ ខណៈពេលនោះដែរ អ្នករស់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រាប់ពាន់នាក់ បាននាំគ្នាដង្ហែក្បួននៅតាមដងផ្លូវ ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្រ្ទីប ស្របពេលដែលជម្លោះរវាងក្រុមហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល នៅតែបន្ត ។ ដោយឡែក ក្រុមអ្នកគាំទ្រជនប៉ាឡេស្ទីនប្រហែល ១ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនផងដែរនៅក្នុងសង្កាត់ Kreuzberg ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីទាមទារឲ្យមានសេរីភាពរបស់ប៉ាឡេស្ទីន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី​ហេសបូឡា ទទួលស្គាល់ថា គ្រឿងផ្ទុះដែលអាជ្ញាធររឹបអូសបាន គឺ​ជាកម្មសិទ្ធិរបស់ក្រុម​
10/15/2026 08:10 PM
ទីម័រខាង​កើត​​បិទសាលារៀន ដោយសារផ្សែងអ័ព្ទ​រសាត់​ពី​​ប្រទេស​ជិត​ខាង​ឥណ្ឌូនេស៊ី
10/15/2026 08:10 PM
បែលហ្ស៊ិក រាយការណ៍ពីការ​ស្លាប់ចំនួន ២ករណីដំបូង ដោយសារវីរុស West Nile
10/15/2026 08:10 PM
EU ពន្យារកិច្ចប្រជុំកំពូលលើកទី២ ជាមួយប្លុក GCC ខណៈភាពតានតឹងក្នុងតំបន់កើនឡើង
10/15/2026 08:10 PM
នាវា ២គ្រឿង មាន​អគ្គិភភ័យ នៅក្នុងដែនទឹកសមុទ្រខ្មៅរបស់រូម៉ានី ដោយនាវិក ៧នាក់បាត់ខ្លួន
10/15/2026 07:10 PM
មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ី និងចិន ពិភាក្សាពីទំនាក់ទំនងទ្វេភាគី រួម​ទាំង​​សង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់ នៅ​អាស៊ែបៃ​ហ្សង់​
10/15/2026 07:10 PM
​អាល្លឺម៉ង់៖ ទ្រព្យសម្បត្តិបង្ក​របស់​រុស្ស៊ី ត្រូវតែស្ថិតនៅអឺរ៉ុបដដែល ស្រប​ពេលមាន​សំណើរបស់​អាមេរិក
10/15/2026 07:10 PM
លោក Trump៖ អ្នកធ្វើ​ឱ្យ​បែក​​ធ្លាយពេលវេលានៃការវាយប្រហារ លើអ៊ីរ៉ង់ សម​តែមាន​ទោស​ស្លាប់​
10/15/2026 07:10 PM
រដ្ឋ ៨ របស់អាមេរិក ប្តឹងក្រុមហ៊ុន OpenAI ដោយអះអាងថា កម្មវិធី​ ChatGPT បង្កគ្រោះថ្នាក់ដល់កុមារ
10/15/2026 06:10 PM
កងទ័ពលីបង់រឹបអូសគ្រឿងផ្ទុះប្រមាណ២០០ គីឡូក្រាម ខណៈអ្នករត់ពន្ធរត់គេចខ្លួនឆ្លងព្រំដែនចូលប្រទេសស៊ីរី
10/15/2026 06:10 PM