គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

មនុស្ស ៥នាក់បានស្លាប់ ក្នុងការតវ៉ាប្រឆាំងកូតាការងារដ៏ហិង្សានៅប្រទេសបង់ក្លាដែស

2024/07/17 10:05:32 am        104
នគរបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅទូទាំងប្រទេសបង់ក្លាដែស កាលពីថ្ងៃអង្គារ (១៦ កក្កដា) ខណៈក្រុមយុវជនគាំទ្ររដ្ឋាភិបាល និងនគរបាលដែលកំពុងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ប៉ះទង្គិចជាមួយនិស្សិតដែលតវ៉ាប្រឆាំងនឹងប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល។និស្សិតរាប់ម៉ឺននាក់បានចូលរួមការតវ៉ាទូទាំងប្រទេសរយៈពេលពីរថ្ងៃ បន្ទាប់ពីមនុស្សជាង ១០០ នាក់បានរងរបួសកាលពីថ្ងៃចន្ទ នៅក្នុងការប្រមូលផ្តុំតវ៉ាដែលបានបិទផ្លូវហាយវេ និងផ្លូវដែកសំខាន់ៗ។ នោះគឺជាការតវ៉ាដ៏ធំលើកដំបូងប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ចាប់តាំងពីលោកស្រីបានឈ្នះអាណត្តិទីបួនជាប់គ្នាក្នុងខែមករា។ក្រុមបាតុករខឹងសម្បារចំពោះកូតាការងារក្នុងវិស័យសាធារណៈ រួមទាំងកូតា ៣០ភាគរយសម្រាប់សមាជិកគ្រួសារនៃអ្នកតស៊ូដើម្បីសេរីភាពពីសង្គ្រាមឯករាជ្យឆ្នាំ១៩៧១ ស្របពេលអត្រាអត់ការងារធ្វើរបស់យុវជនឡើងខ្ពស់ខ្លាំង។នគរបាលកុបកម្មបានប្រតិបត្តិការនៅតាមបរិវេណសាកលវិទ្យាល័យនៅទូទាំងប្រទេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការរំខាន។ កងកម្លាំងប៉ារ៉ាការពារព្រំដែនបង់ក្លាដែស ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីរឹតបន្តឹងសន្តិសុខ ខណៈដែលការប៉ះទង្គិចនៅតែបន្តកើតមានជាច្រើនកន្លែង៕

មនុស្ស ៦នាក់ត្រូវប្រទះឃើញស្លាប់ក្នុងបន្ទប់សណ្ឋាគារក្រុងបាងកក ដោយសង្ស័យថាមកពីការបំពុល

2024/07/17 08:22:00 am        186
នគរបាលថៃ កំពុងស៊ើបអង្កេតការស្លាប់របស់ជនបរទេសចំនួន ៦ នាក់ដែលសាកសពត្រូវបានប្រទះឃើញនៅក្នុងបន្ទប់សណ្ឋាគារលំដាប់ខ្ពស់មួយកន្លែងក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ (១៦ កក្កដា) ដោយអាជ្ញាធរសង្ស័យថាពួកគេត្រូវបានបំពុល ខណៈនគរបាលក៏កំពុងស្វែងរកមនុស្សទី៧ ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។មន្ត្រីនគរបាលឈ្មោះ ធីទី សែងសាវ៉ាង (Thiti Saengsawang) បានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះទាំងប្រាំមួយនាក់ ដែលមានដើមកំណើតជាជនជាតិវៀតណាមហើយមានពីរនាក់កាន់លិខិតឆ្លងដែនអាមេរិកនោះ បានចូលស្នាក់នៅសណ្ឋាគារ ហ្គ្រែន ហ៊ីយ៉ាត់ អេរ៉ាវ៉ាន់ (Grand Hyatt Erawan) នៅទីក្រុងបាងកក នៅចន្លោះពេលផ្សេងគ្នា បន្ទាប់ពីទៅដល់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។លោកបន្តថា អ្នកទាំង៦ ដែលមានបុរសបីនាក់និងស្ត្រីបីនាក់នោះ បានចូលស្នាក់នៅបន្ទប់ផ្សេងគ្នាប៉ុន្តែសាកសពរបស់ពួកគេត្រូវបានប្រទះឃើញក្នុងបន្ទប់តែមួយ ដែលមិនមានសញ្ញានៃការតស៊ូប្រតាយប្រតប់ឡើយ។ លោក ធីទី បាននិយាយថា៖ «នេះមិនមែនជាការបំពុលខ្លួនឯងទេ ប៉ុន្តែមានអ្នកណាម្នាក់ធ្វើឱ្យស្លាប់ ហើយនគរបាលកំពុងតាមដានគ្រប់ជំហានចាប់តាំងពីពួកគេចុះពីយន្តហោះមក»។លោកបន្ថែមថា ការពិនិត្យបឋមមិនរកឃើញភ័ស្តុតាងនៃការរងរបួសទាក់ទងនឹងការវាយតប់ ឬចោរកម្មនោះទេ ប៉ុន្តែបានបង្ហាញថាអ្នកទាំង ៦នាក់នោះបានទទួលទានសារធាតុពុលម្យ៉ាង។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដែលបានចុះទៅពិនិត្យសណ្ឋាគារនោះកាលពីល្ងាចថ្ងៃអង្គារជាមួយមន្ត្រីនគរបាលជាន់ខ្ពស់ បានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សលើបញ្ហានេះ៕

និស្សិតជាង១០០នាក់ រងរបួសដោយសារការប៉ះទង្គិចគ្នាក្នុងការតវ៉ាកូតាការងារនៅបង់ក្លាដែស

2024/07/16 11:10:17 am        71
នគរបាល និងសាក្សីបាននិយាយថា និស្សិតជាង ១០០ នាក់បានរងរបួសនៅទូទាំងប្រទេសបង់ក្លាដែស កាលពីថ្ងៃចន្ទ (១៥ កក្កដា) នៅក្នុងការប៉ះទង្គិចគ្នារវាងអ្នកតវ៉ាដើម្បីបញ្ចប់ប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាល ជាមួយនឹងអ្នកផ្សេងទៀតដែលស្មោះត្រង់នឹងគណបក្សកាន់អំណាច។ការតវ៉ានេះគឺជាបាតុកម្មដ៏ធំជាលើកដំបូងដែលនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានប្រឈមមុខ ចាប់តាំងពីលោកស្រីបានឈ្នះអាណត្តិទី៤ ជាប់ៗគ្នាក្នុងការបោះឆ្នោតកាលពីខែមករា ដែលមានការធ្វើពហិការដោយក្រុមប្រឆាំង។នគរបាល និងសាក្សីបាននិយាយថា ក្រុមបាតុករប្រឆាំងកូតាការងាររាប់ពាន់នាក់ និងសមាជិកក្រុមនិស្សិតនៃសម្ព័ន្ធ អាវ៉ាមី (Awami) ដែលគាំទ្រលោកស្រី Hasina បានគប់ដុំថ្មដាក់គ្នា និងវាយគ្នាទៅវិញទៅមកដោយប្រើដំបង និងកំណាត់ដែកនៅសាកលវិទ្យាល័យនានាទូទាំងប្រទេស រួមទាំងរដ្ឋធានីដាកាផងដែរ។បាតុករបានអំពាវនាវឱ្យមានការតវ៉ានិងការប្រមូលផ្តុំបន្ថែមទៀតនៅទូទាំងប្រទេសដើម្បីសង្កត់ធ្ងន់លើការទាមទាររបស់ពួកគេ។ ការតវ៉ាបានចាប់ផ្ដើមកាន់តែខ្លាំងឡើងកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីលោកស្រី Hasina បានបដិសេធមិនបំពេញតាមការទាមទាររបស់និស្សិត ដោយបញ្ជាក់ថាបញ្ហានេះកំពុងស្ថិតនៅក្នុងតុលាការ៕

នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចផលិតឧបករណ៍នេសាទខុសច្បាប់

2024/07/15 02:22:16 pm        138
ភ្នំពេញ ៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានសហការគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន និងព្រះរាជអាជ្ញារងខេត្តកណ្តាល ចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងលួចផលិតឧបករណ៍នេសាទខុសច្បាប់(អំភ្លីឆក់ត្រី)មួយកន្លែងស្ថិតនៅភូមទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន។ ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយចុះប្រតិបត្តិការនោះ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក ហេង សុភារិទ្ធ បានបញ្ជាក់ថា ប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកផលិត និង ចែកចាយនូវឧបករណ៍នេសាទខុសច្បាប់នេះ គឺបានធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន ក្រោយពីជនសង្ស័យបានបង្ហោះលើបណ្តាញសង្គម តិកតុកដាក់លក់ នូវឧបករណ៍ខុសច្បាប់ទាំងនេះជាសាធារណៈ ខណៈករណីនេះជនសង្ស័យបានសារ ភាពថាគេពិតជាបានលួចផលិតមែន និងបានចែកចាយលក់នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។​បើតាមលោក ហេង សុភារិទ្ធ បានឲ្យដឹងផងដែរ ក្រោយធ្វើការឃាត់ខ្លួន និងរឹបអូសនូវវត្ថុតាងជន សង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរខណៈករណីនេះជាបទល្មើសនេសាទ ដោយមិនអាចអនុគ្រោះបានឡើយ ដោយសារតែជនសង្ស័យរូបនេះបានលួចផលិតនូវឧករណ៍ខ្បាស់នេះយូរមកហើយនោះ។ ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គប្បីត្រូវធ្វើការសហការជាមួយអាជ្ញាធរ ឬរដ្ឋបាលជលផលដើម្បីធ្វើយ៉ាងណាលុបបំបាត់បទល្មើសនេសាទ ខុសច្បាប់នៅតាមភូមិ និងសហគមន៍របស់បងប្អូនផងដែរ ហើយប្រសិនបើប្រពលរដ្ឋណាដែលបាននេ សាទ ឬលួចផលិតឧបករណ៍នេសាទខុសច្បាប់នឹងចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងនោះឡើយ៕អត្ថបទ ៖ បាន ចក់

មនុស្ស ៥៥ នាក់បន្តបាត់ខ្លួន ក្នុងបំណាក់ដីនៅនេប៉ាល់ ខណៈអាជ្ញាធរថា គ្មានសង្ឃឹមរកឃើញអ្នកនៅរស់

2024/07/15 02:00:08 pm        44
អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទ (១៥ កក្កដា) នេះថា ក្រុមសង្រ្គោះនៅក្នុងប្រទេសនេប៉ាល់ បានច្រានចោលឱកាសនៃការរកឃើញអ្នកនៅរស់រានមានជីវិតនៅក្នុងបំណាក់ដីកាលពីសប្តាហ៍មុន ដែលបានធ្លាក់លើរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៦៥ នាក់ចូលទៅក្នុងទន្លេដែលជោរជន់ដោយសារភ្លៀងធ្លាក់ខ្លាំង។បុគ្គលិកសន្តិសុខរាប់រយនាក់បានបន្តប្រតិបត្តិការរុករកនៅព្រឹកថ្ងៃចន្ទ នេះដើម្បីកំណត់ទីតាំងរថយន្តក្រុង និងអ្នកដំណើរ ៥៥ នាក់ដែលនៅបាត់ខ្លួនក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ពីឧបទ្ទវហេតុកើតឡើង។ ក្រុមសង្រ្គោះដែលកំពុងរុករកនៅទីតាំងគ្រោះថ្នាក់កាលពីថ្ងៃសុក្រ សប្ដាហ៍មុន នៅក្នុងស្រុក ជីតវ៉ាន (Chitwan) ចម្ងាយប្រហែល ៨៦ គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) រហូតមកដល់ពេលនេះបានរកឃើញសាកសពមនុស្សចំនួន ៧ នាក់ ក្នុងនោះមានពីរនាក់បានរកឃើញនៅថ្ងៃចន្ទនេះ។លោក បេស រ៉ាច រីចាល់ (Bhesh Raj Rijal) មន្ត្រីនគរបាលជាន់ខ្ពស់នៅស្រុក Chitwan បាននិយាយថា «គ្មានឱកាសក្នុងការរកឃើញអ្នកនៅរស់រានមានជីវិតទេ ហើយការផ្តោតរបស់យើងគឺទៅលើការស្រង់សាកសព»។ មន្ត្រីម្នាក់បាននិយាយថា សមាជិកគ្រួសារដែលបានប្រមូលផ្តុំគ្នានៅទីតាំងស្វែងរកបានបោះបង់ក្តីសង្ឃឹមក្នុងការឃើញសាច់ញាតិដែលនៅរស់។បំណាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់រដូវខ្យល់មូសុងបានសម្លាប់មនុស្សជាង ១០០ នាក់នៅនេប៉ាល់ ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។ ក្រោយបំណាក់ដី រដ្ឋាភិបាលបានប្រកាសពីគម្រោងហាមប្រាមរថយន្តក្រុងមិនឱ្យធ្វើដំណើរពេលយប់នៅកន្លែងដែលមានការព្យាករអាកាសធាតុមិនល្អ៕

រថយន្តកែច្នៃបំពង់ស៊ីម៉ាំង ២គ្រឿង ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះចេញ

2024/07/15 11:20:24 am        97
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន ២គ្រឿង ដែល​បាន​កែច្នៃ​បំពង់ស៊ីម៉ាំង បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់​សណ្ដាប់​ធ្នាប់​សាធារណៈយកមកអប់រំ និងណែនាំឲ្យដោះស៊ីម៉ាំងចេញ ។ រថយន្តទាំង២គ្រឿង ទី១ រថយន្ត ម៉ាក MASDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវ​បាន​កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់នៅចំណុចផ្លូវ៥៩២ សង្កាត់បឹង​កក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២ រថយន្ត ម៉ាក MASDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-3559 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ នៅចំណុច​ផ្លូវ​ព្រះមុន្នី​វង្សកែងនឹងផ្លូវ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំម្ចាស់រថយន្តទាំង ២គ្រឿង ឲ្យដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើកិច្ច​សន្យា​បញ្ឈប់​ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស ដែលនាំបង្កការ​រំខាន​ដល់​សាធារណ​ជនតទៅទៀត ។ជាមួយគ្នានេះអាវុធហត្ថរាជធានី​ភ្នំពេញ បានការសំណូមពរ ប្រជាពលរដ្ឋ ជាពិសេស អ្នកបើកបរ សូមកុំបើកបរយានយន្តការកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលនាំឲ្យបាត់​បង់​សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ ក៏ដូចជាមាន​សំឡេង​ខ្លាំងៗ​រំខាន​ដល់​ការ​រស់​នៅ​រប​ស់​ប្រជាពលរដ្ឋ៕ តារាវុទ្ធី

មនុស្ស ៩.០០០នាក់ ត្រូវបានជម្លៀសនៅភាគឦសានប្រទេសកាណាដា ដោយសារចំហេះព្រៃ

2024/07/14 04:26:16 pm        176
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ (១៣ កក្កដា) ថា មនុស្សប្រហែល ៩.០០០ ត្រូវបានជម្លៀសចេញនៅភាគឦសានប្រទេសកាណាដា ដោយសារតែចំហេះព្រៃដ៏ខ្លាំងក្លានៅតំបន់នោះ។ ប្រធានមន្ត្រីពន្លត់អគ្គីភ័យខេត្ត លោក ជេហ្វ ម៉ូទី (Jeff Motty) បាននិយាយថា អ្នកស្រុកនៃទីក្រុង ឡាប្រាដ័រ ស៊ីធី (Labrador City) និង វ៉ាប៊ូស (Wabush) ក្នុងខេត្ត ញូវហ្វោនលែន អែន ឡាប្រាដ័រ (Newfoundland and Labrador) ត្រូវបានបញ្ជាឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។លោក ម៉ូទី បាននិយាយថា «យើងកំពុងមើលឃើញចំហេះរាលដាលខ្លាំងនៅទីនោះ។ ភ្លើងកំពុងរំកិលក្នុងល្បឿនប្រហែល ៥០ ម៉ែត្រក្នុងមួយនាទី»។ រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរថយន្តជាច្រើនតម្រង់ជួរដែលកំពុងរង់ចាំចាក់ប្រេងនៅស្ថានីយ៍ប្រេងឥន្ធនៈត្រៀមជម្លៀស ខណៈដែលមេឃត្រូវបានបិទបាំងដោយពពកផ្សែងយ៉ាងធំ។អ្នកស្រុកម្នាក់នៅទីក្រុង ឡាប្រាដ័រ បានប្រាប់ទូរទស្សន៍ CBC ថា៖ «វាពិតជារន្ធត់ណាស់ដែលបានឃើញផ្សែងច្រើនបែបនេះ»។ អាជ្ញាធរសហព័ន្ធបាននិយាយកាលពីថ្ងៃសុក្រ (១២ កក្កដា) ថា អាកាសធាតុអំណោយផលបានជួយកាត់បន្ថយកម្រិតចំហេះចាប់តាំងពីដើមរដូវក្តៅមក ប៉ុន្តែប្រទេសនេះកំពុងឈានចូលដល់រដូវចំហេះខ្ពស់បំផុតរបស់ខ្លួន។ខេត្តមួយនេះបាននិយាយថា មានចំហេះសកម្មចំនួន ១១ កន្លែងនៅក្រុង ឡាប្រាដ័រ កាលពីល្ងាចថ្ងៃសុក្រ ហើយលក្ខខណ្ឌអាកាសធាតុបានបង្កើនចំហេះឱ្យកាន់តែខ្លាំងក្លា។ ទីក្រុង ឡាប្រាដ័រ ស៊ីធី ដែលមានទីតាំងនៅជិតព្រំដែនខេត្តកេប៊ិក (Quebec) មានប្រជាជនប្រហែល ៩.០០០ នាក់នៅក្នុងជំរឿនឆ្នាំ២០២១៕

បំណាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងនៅវៀតណាម សម្លាប់មនុស្ស ១១នាក់

2024/07/14 04:21:38 pm        159
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម បានបាក់កប់លើរថយន្ត ១៦ កៅអីមួយគ្រឿង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងមនុស្សមួយចំនួនទៀតបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ (១៣ កក្កដា)។ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមបានរាយការណ៍ថា ក្រុមជួយសង្គ្រោះរួមមានទាហាន និងប្រជាពលរដ្ឋខេត្ត ហាសាំង (Ha Giang) បានរកឃើញថាមនុស្ស ១១ នាក់បានស្លាប់ និង ៤ នាក់ទៀតរងរបួស។ របាយការណ៍បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបាននិយាយថា ចំនួនមនុស្សពិតប្រាកដនៅក្នុងរថយន្តនោះមិនត្រូវបានគេដឹងនោះទេ ហើយភ្លៀងធ្លាក់ខ្លាំងកំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ បានឱ្យដឹងថា ភ្លៀងធ្លាក់ក្នុងកម្រិត ២៨០ មីលីម៉ែត្រ បានវាយប្រហារតំបន់នេះក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ទីភ្នាក់ងារនេះបានព្រមានអំពីទឹកជំនន់ដ៏គំហុក បំណាក់ដីដោយសារទឹកជំនន់ ឬចរន្តទឹកហូរខ្លាំងនៅក្នុងខេត្ត ហាសាំង, ឡាវកៃ (Lao Cai), ពៀនក័ង (Tuyen Quang) និង អៀនបៃ (Yen Bai)។ប្រទេសវៀតណាម ងាយនឹងជួបគ្រោះមហន្តរាយធម្មជាតិណាស់ ដោយទឹកជំនន់ និងព្យុះទីហ្វុងបានសម្លាប់មនុស្សរាប់រយនាក់ក្នុងមួយឆ្នាំ។ គ្រោះធម្មជាតិបានសម្លាប់មនុស្ស ៣៨៩ នាក់ និងបង្ករបួស ៦៦៨ នាក់កាលពីឆ្នាំមុន នេះបើយោងតាមតួលេខរដ្ឋាភិបាល៕

បាតុករអ៊ីស្រាអែល រាប់ពាន់នាក់តវ៉ាប្រឆាំងរដ្ឋាភិបាលទាមទារឱ្យលោក Netanyahu ចុះពីតំណែង

2024/07/14 04:07:42 pm        222
បាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល រាប់ពាន់នាក់បានដើរតវ៉ាតាមដងផ្លូវកាលពីថ្ងៃសៅរ៍ (១៣ កក្កដា) ដោយអំពាវនាវឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចុះចេញពីតំណែង។នៅទីក្រុង តែលអាវីវ (Tel Aviv) ជាទីដែលលោក Netanyahu នៅតែគ្រប់គ្រងសំឡេងភាគច្រើនដ៏មានស្ថិរភាពនៅក្នុងសភា ក្រុមអ្នកតវ៉ាជាច្រើនបានគ្រវីទង់ជាតិអ៊ីស្រាអែល ខណៈពេលដែលអ្នកផ្សេងទៀតកាន់ស្លាកសញ្ញារិះគន់ការដោះស្រាយបញ្ហាសំខាន់ៗរបស់លោក Netanyahu ដូចជាការនាំយកចំណាប់ខ្មាំងត្រឡប់មកវិញពីតំបន់ហ្កាហ្សាវិញ និងការយល់ព្រមលើបទឈប់បាញ់។ការតវ៉ាប្រចាំសប្តាហ៍បានកើនឡើងកាន់តែញឹកញាប់ នៅពេលដែលសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នៅតែបន្តអូសបន្លាយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩០ នាក់នៅក្នុងតំបន់មនុស្សធម៌ដែលបានបង្កើតឡើងនៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍។ ជនភៀសខ្លួនដែលជ្រកកោននៅតំបន់នោះបាននិយាយថា តង់របស់ពួកគេបានខ្ទេចខ្ទីដោយសារកម្លាំងនៃការវាយប្រហារ ហើយមានសាកសពមនុស្សជាច្រើននៅពាសពេញដី។អ្នករងរបួសជាច្រើននាក់ក្នុងការវាយប្រហារ រួមទាំងស្ត្រី និងកុមារ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ណាសសើ (Nasser) ដែលក្រុមមន្ត្រីមន្ទីរពេទ្យបាននិយាយថា មានអ្នកជំងឺលើសលប់រួចទៅហើយ និង «មិនអាចដំណើរការបានទៀតទេ» ដោយសារតែឥទ្ធិពលនៃការវាយលុករបស់អ៊ីស្រាអែល និងកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្រ្តធ្ងន់ធ្ងរ៕

មនុស្ស ២២នាក់បានស្លាប់ ដោយសារការបាក់អគារសាលារៀននៅប្រទេសនីហ៊្សេរីយ៉ា

2024/07/14 03:18:44 pm        199
ទូរទស្សន៍ ស្កាយញូវស៍ (Sky news) បានរាយការណ៍កាលពីថ្ងៃសៅរ៍ (១៣ កក្កដា) ថា មនុស្ស ២២ នាក់បានស្លាប់ បន្ទាប់ពីអគារសិក្សាកម្ពស់ពីរជាន់មួយកន្លែង បានបាក់រលំនៅក្នុងរដ្ឋ ផ្លាតេអ៊ូ (Plateau) ភាគកណ្តាលប្រទេសនីហ៊្សេរីយ៉ា។សារព័ត៌មាន Sky news បាននិយាយដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យនគរបាលថា មនុស្សសរុបចំនួន ១៥៤ នាក់ត្រូវបានជាប់នៅក្រោមកម្ទេចកម្ទីអគារ ហើយមនុស្សគ្រប់គ្នាក្រៅពីអ្នកស្លាប់ត្រូវបានជួយសង្គ្រោះឱ្យរួចជីវិត និងកំពុងត្រូវបានព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) របស់នីហ៊្សេរីយ៉ា បាននិយាយនៅក្នុងការបង្ហោះ ហ្វេសប៊ុក (Facebook) ថាមនុស្ស ៣០ នាក់នៅតែត្រូវសម្រាកនៅមន្ទីរពេទ្យ ដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបញ្ចប់ ហើយទីតាំងកើតហេតុត្រូវបានសម្អាត។អគារកម្ពស់ពីរជាន់ដែលជាកម្មសិទ្ធិរបស់សាលារៀន សេន អាខេដេមី (Saint Academy) ក្នុងសហគមន៍ ប៊ូសា ប៊ូជី (Busa Buji) នៃស្រុក ចូស (Jos) ភាគខាងជើងនៃរដ្ឋ បានដួលរលំក្នុងអំឡុងពេលម៉ោងសិក្សាប្រហែលម៉ោង ០៧:៣០ព្រឹក (ម៉ោងក្នុងស្រុក)។ ការដួលរលំអគារគឺកើតមានជាញឹកញាប់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកមួយនេះ ដោយសារតែបទប្បញ្ញត្តិសុវត្ថិភាពធូររលុង និងជារឿយៗដោយសារសម្ភារៈសំណង់មិនមានស្តង់ដារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM