គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

អតីតនាយករដ្ឋមន្ត្រីថៃ ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ

2023/09/01 07:21:03 pm        108
ថៃ៖ រដ្ឋមន្ត្រីរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រីដែលជាប់ពន្ធនាគាររបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra ) បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ជាពាក្យចចាមអារ៉ាមនៃកិច្ចព្រមព្រៀសម្ងាត់សម្រាប់ការផ្លាស់ប្តូរការសុំលើកលែងទោស។ មហាសេដ្ឋីដែលមានអាយុ៧៤ឆ្នាំរូបនេះ ជានាយករដ្ឋមន្ត្រីជាប់ឆ្នោត២ដង ហើយត្រូវបាន បណ្តេញចេញក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារកាលពីសប្តាហ៍មុនភ្លាមៗបន្ទាប់ពីការវិលត្រលប់មកកាន់ព្រះរាជាណាចក្រមួយនេះវិញពីការនិរទេសខ្លួនរយៈពេល១៥ឆ្នាំ។ការវិលត្រលប់មកកាន់ប្រទេសវិញស្របពេលជាមួយការវិលត្រឡប់មកវិញរបស់គណបក្សភឿថៃរបស់លោក មកដឹកនាំរដ្ឋាភិបាលក្នុងសម្ព័ន្ធភាពជាមួយគណបក្សនានាគាំទ្រដោយយោធា ដែលបង្កឲ្យមានមន្ទិលសង្ស័យការរាលដាលថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយពេលវេលាជាប់ពន្ធនាគាររបស់លោក។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាំផ្ទះ លោក Wissanu Krea-ngam ( វិសានុ គ្រឿង៉ាម) បាននិយាយថា លោក Thasin បានស្នើសុំការលើកលែងទោសពីការជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទអំពើពុករលួយ និងការបំពានអំណាច។ដោយត្រូវបាសួរថាតើដំណើរការមានរយៈពេលយូរប៉ុណ្ណា លោក Wissanu និយាយថា វាពិតជាអាស្រ័យលើ ការអនុគ្រោះពីព្រះមហាក្សត្រ។ នីតិវិធីពីរដ្ឋាភិបាលមិនយូរនោះទេ ប៉ុន្តែអាស្រ័យរយៈពេលព្រះតម្រិះរបស់ព្រះមហាក្សត្រ។ ស្ថិតនៅក្រោមច្បាប់របស់ប្រទេសថៃ អ្នកជាប់ទោស អាចដាក់ពាក្យស្នើសុំលើកលែងទោស ដែលត្រូវបានអនុម័តពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឆ្លងកាត់នាយករដ្ឋមន្ត្រី ទៅកាន់ឧត្តមក្រុមប្រឹក្សារាជបល្ល័ង្កមុនពេលទៅដល់ព្រះមហាក្សត្រ Maha Vajiralongkorn ៕

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លាលែងពីតំណែង

2023/09/01 07:18:44 pm        93
អង់គ្លេស៖ រដ្ឋមន្ត្រីការពរាជាតិចក្រភពអង់គ្លេស លោក Ben Wallace ( បេន វ៉លលីស) បានប្រកាសថា លោកនឹងលាលែងពីតំណែង ដែលលោកបានដាក់ស្នើការលាលែងរបស់លោកទៅកាន់នាយករដ្ឋមន្ត្រីលោក Rishi Sunak កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា វាដល់ពេលវេលាដើម្បីវិនិយោគនៅក្នុងក្រុមគ្រួសាររបស់លោកនិងខ្លួនលោកផ្ទាល់។ លោក Wallace គឺជាយោធាម្នាក់ ដែលបានឡើងជាមេបញ្ជាការកងទ័ព។ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិរយៈពេល៤ឆ្នាំមកហើយ ដោយអតីតនាយករដ្ឋមន្ត្រីលោក Boris Johnson និងបានគ្រប់គ្រងការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។លោក Wallace បានកាន់តួនាទីដឹកនាំមួយ ក្នុងការគាំទ្រការរៀបចំសម្រាប់ប្រទេសអ៊ុយក្រែន។ លោកគឺជាមនុស្សម្នាក់ដំបូងគេក្នុងចំណោមអ្នកមានឋានៈស្មើលោកក្នុងការការពារការដឹកជញ្ជូនមីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយ និងរថក្រោះ។ លោក Wallace បានសរសេរនៅលើលិខិតលាលែងរបស់លោកថាចក្រភពអង់គ្លេស មិនត្រូវវិលត្រលប់ដូចសព្វថ្ងៃនេះនៅពេលការចំណាយផ្នែកការពារជាតិត្រូវបានចាត់ទុកថាជាការគ្មានព្រំដែនកំណត់។ លោកបាននិយាយថា ពិភពលោកនឹងកាន់តែគ្មានសុវត្ថិភាព និងមានអស្ថិរភាពនៅទសវត្សរ៍បន្ទាប់ទៀត។លោក Wallace ត្រូវបានគេមើលឃើញថាជាបេក្ខជនម្នាក់ក្នុងការដឹកនាំសម្ព័ន្ធយោធាNATO។ ទោះជាយ៉ាងណាអគ្គលេខាធិការលោក Jens Stoltenberg បានព្រមព្រៀងកាលពីខែកក្កដាថានឹងបន្តនៅរយៈពេល១ឆ្នាំទៀត។ ក្រោយមក លោក Wallace បានប្រកាសថា លោកបានត្រៀមជាស្រេចដើម្បីចេញពីសមាជិកសភាក្នុងបំណងបន្តឱកាសថ្មី។លោក Wallace នឹងត្រូវបានដាក់ជំនួសដោយលោក Grant Shapps អតីតរដ្ឋមន្ត្រីថាមពល។ លោក Shapps បានសន្យាដាក់គំនាបនៅពេលខាងមុខក្នុងការប្រយុទ្ធប្រឆាំងចំពោះអ្វីដែលលោកហៅថា ការឈ្លានពានដ៏ឃោឃៅរបស់លោក Putin៕

ប្រមុខUN ផ្ញើទៅឲ្យរុស្ស៊ី នូវសំណើស្រោចស្រង់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ

2023/09/01 07:16:10 pm        130
UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកបានផ្ញើនូវសំណើរជាក់លាក់មួយច្បាប់ ទៅឲ្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលមានគោលបំណងស្រោចស្រង់ឡើងវិញកិច្ចព្រមេព្រៀងដែលអនុញ្ញាតឲ្យមានការនាំចេញដោយសុវត្ថិភាពនូវគ្រាប់ធញ្ញាជាតិរបស់អ៊ុយក្រែន តាមសមុទ្រខ្មៅ។ រុស្ស៊ីបានបោះបង់ចោល កិច្ចព្រមព្រៀងកាលពីខែកក្កដា មានរយៈពេល១ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគី ដោយបានត្អូញត្អែរថា ការនាំចេញស្បៀងអាហារនិងផលិតផលជីផ្ទាល់របស់ខ្លួន ប្រឈមមុខឧបសគ្គជាច្រើន និងបាននិយាយថា គ្រាប់ធញ្ញជាតិអ៊ុយក្រែនពុំគ្រប់គ្រាន់ចូលទៅក្នុងប្រទេសនានាដែលត្រូវការនោះទេ។ លិខិត្តរបស់លោក Guterres ធ្វើឡើងមុនពេលជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីទួរគី លោក Tayyip Erdogan។ ប្រភពព័ត៌មានចំនួន២មកពីទួរគីបាន បានប្រាប់សារព័ត៌មាន រ៉យទ័រថា មេដឹកនាំទាំងពីរ នឹងជួបគ្នានៅថ្ងៃចន្ទ ហើយនឹងពិភាក្សាជាចម្បងពីការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ។ កិច្ចព្រមព្រៀងនៅសមុទ្រខ្មៅ មានបំណងប្រយុទ្ធប្រឆាំងវិបត្តិស្បៀងអាហារសកល ដែលអង្គការសហប្រជាជាតិនិយាយថា បានធ្វើឲ្យធ្ងន់ធ្ងរដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភះឆ្នាំ២០២២។ រុស្ស៊ីនិងអ៊ុយក្រែន ប្រទេសទាំងពីរនេះ ជាអ្នកនាំចេញគ្រាប់ធញ្ញជាតិឈានមុខ។ លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំជឿថា យើងបានបង្ហាញសំណើមួយដែលអាចជាមូលដ្ឋានសម្រាប់ការបន្តថ្មី ប៉ុន្តែការបន្តថ្មីដែលមានស្ថិរភាព» ដោយគ្មានការពិភាក្សាលម្អិតពីសំណើរនោះទេ។លោកនិយាយថា យើងពុំអាចមានគំនិតផ្តួចផ្តើមសមុទ្រខ្មៅ ដែលដកចេញពីវិបត្តិទៅជាវិបត្តិ ពីការផ្អាកទៅជាការផ្អាកវិញនោះទេ។ យើងចាំបាច់ត្រូវមានអ្វីដែលដំណើរការ ហើយដំណើរការនោះផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា៕

ស្ត្រីប៉ាគីស្ថាន ដុតវិក្កយបត្រ ក្នុងការតវ៉ាប្រឆាំងការកើនឡើងតម្លៃងគ្គិសនី

2023/09/01 07:12:43 pm        90
ប៉ាគីស្ថាន៖ ស្ត្រីរាប់រយនាក់ បានចេញធ្វើបាតុកម្ម នៅក្នុងទីក្រុងKarachi ជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងការកើនឡើងតម្លៃតម្លៃអគ្គិសនី។ ស្ត្រីប្រមាណ១ពាន់នាក់ មានកាន់បដានិងផ្ទាំងប្រកាស ហើយអ្នកតវ៉ាមួយចំនួន បានដុតវិក្កយបត្របង់ថ្លៃអគ្គិសនី បានមកប្រមូលផ្តុំគ្នានៅលើផ្លូវធំមួយនៅទីក្រុងក្នុងការតវ៉ាដែលត្រូវបានរៀបចំដោយគណបក្សអ៊ីស្លាមដ៏ធំ Jamaat-e-Islami ។មានការតវ៉ាដែលកើតឡើងយូៗម្តង នៅទូទាំងប្រទេស បន្ទាប់ពីអ្នកប្រើប្រាស់បានទទួលវិក្កយបត្របង់ថ្លៃអគ្គិសនីខែកក្កដា ខណៈមានការកើនឡើងតម្លៃអគ្គិសនីនិងពន្ធនៅពេលថ្មីៗនេះ ជាតម្រូវការសំខាន់របស់មូលនិធីរូបីយវត្ថុអន្តរជាតិ(IMF) សម្រាប់ការពិនិត្យឡើងវិញនៃកញ្ចប់ជំនួយហិរញ្ញវត្ថុដែលជាប់គាំងមកជាយូរ៕

គ្រាប់បែកបំផ្ទុះរថយន្តច្រើនគ្រាប់ បានផ្ទុះនៅរដ្ឋធានីប្រទេសអេក្វាឌ័រ មនុស្ស៦នាក់ត្រូវបានចាប់ខ្លួន

2023/09/01 07:06:12 pm        92
អេក្វាឌ័រ៖ អាជ្ញាធរនិយាយថា ការបំផ្ទុះរថយន្តចំនួន២លើក បានផ្ទុះនៅក្នុងរដ្ឋធានីប្រទេសអេក្វាឌ័រ កាលពីយប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ នគរបាលតំបន់បាននិយាយលើបណ្តាញX ដែលគេស្គាល់ពីមុន Twitter ថា ការផ្ទុះលើកដំបូងបានកើតឡើងនៅអតីតអគាររបស់ទីភ្នាក់ងារពន្ធនាគារSNAI របស់ប្រទេស ដែលបច្ចុប្បន្នជាទីតាំងរបស់ក្រសួងកិច្ចការនារី និងសិទ្ធមនុស្ស។កាលកំណត់ពេលបំផ្ទុះលើកទី២ ពុំទាន់ត្រូវបាននគរបាលបញ្ជាក់នៅឡើយនោះទេ ហើយក៏ពុំមានរបាយការណ៍បញ្ជាក់ពីអ្នករងរបួសក្នុងការផ្ទុះនេះដែរ។ មនុស្ស៦នាក់ត្រូវបាននាំទៅកាន់មន្ទីរឃុំឃាំងជាប់ពាក់ព័ន្ធទៅនឹងការបំផ្ទុះនេះ។ ៤នាក់ក្នុងចំណោមអ្នកឃុំខ្លួន តាមសេចក្តីរាយការណ៍ ធ្លាប់មានប្រវត្តិគំរាមទារប្រាក់ និងចាប់ជំរិត ហើយម្នាក់ក្នុងចំណោមជនសង្ស័យ គឺជាជនជាតិកូឡំប៊ី៕

ចំហេះព្រៃបំផ្លាញសេដ្ឋកិច្ច ដែលផ្អែកលើវិស័យទេសចរណ៍របស់កោះម៉ូអ៊ី សហរដ្ឋអាមេរិក

2023/09/01 06:53:11 pm        99
អាមេរិក៖ ចំហេះព្រៃកោះម៉ូអ៊ី បានធ្វើឱ្យសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍នៃកោះរបស់សហរដ្ឋអាមេរិកមួយនេះចុះខ្សោយ ដែលនាំឱ្យមានការដួលរលំ និងការបញ្ឈប់ការងារជាដើម។ បន្ទាប់ពីចំហេះព្រៃដ៏មហន្តរាយបំផុតនៅក្នុងប្រទេស អស់រយៈពេលជាងមួយសតវត្សរ៍ បានវាយប្រហារទីក្រុងប្រវត្តិសាស្ត្រ ឡាហេណា នៅភាគខាងលិចកោះម៉ូអ៊ី មក អ្នកទេសចរជាច្រើនបានលុបចោលជើងហោះហើររបស់ពួកគេ ឬប្តូរទៅកាន់កោះហាវ៉ៃផ្សេងទៀត។ដោយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក កោះម៉ូអ៊ី ទទួលបានភ្ញៀវទេសចរជាមធ្យមជាង៧.០០០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែឥឡូវនេះចំនួនបានធ្លាក់ចុះមកនៅត្រឹមតែជាង២.០០០នាក់ប៉ុណ្ណោះ។ ព្រឹទ្ធសមាជិករដ្ឋហាវ៉ៃ លោក Brian Schatz បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រៅពីតំបន់ដែលឆេះហើយ ផ្នែកផ្សេងទៀតនៃកោះក៏កំពុងទទួលរងការធ្លាក់ចុះនៃអ្នកទេសចរផងដែរ ព្រោះមនុស្សគិតថាកោះទាំងមូលត្រូវបានបិទ។ប្រជាពលរដ្ឋក្នុងស្រុកព្រួយបារម្ភថា វិបត្តិទេសចរណ៍នឹងធ្វើឱ្យអ្នកស្រុកកាន់តែច្រើន មិនមានលទ្ធភាពជួលផ្ទះ និងការចំណាយប្រចាំថ្ងៃ ដោយបង្ខំឱ្យអ្នកដែលមិនរងផលប៉ះពាល់ផ្ទាល់ដោយចំហេះព្រៃ ចូលរួមជាមួយជំនួយសង្គ្រោះ។ រយៈពេលបីសប្តាហ៍បន្ទាប់ពីចំហេះបានបំផ្លិចបំផ្លាញសហគមន៍មាត់សមុទ្រជាប្រវត្តិសាស្ត្ររបស់កោះម៉ូអ៊ី នៃទីក្រុងឡាហេណា ដោយចំនួនអ្នកស្លាប់មានដល់ទៅ១១៥នាក់ ប៉ុន្តែមនុស្សរាប់រយនាក់ទៀតនៅតែបាត់ខ្លួននៅឡើយ៕

មនុស្ស២នាក់ស្លាប់ ៣នាក់របួស ក្នុងការបាញ់ប្រហារនៅទីក្រុង អូស្ទីន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក

2023/09/01 06:50:06 pm        223
អាមេរិក៖ ក្រុមមន្ត្រី និយាយថា មនុស្ស២នាក់ស្លាប់និង៣នាក់រងរបួសក្នុងការបាញ់ប្រហារមួយនៅជិតផ្សារទំនើប អាបូរ៉េធឹម (Arboretum) ក្នុងទីក្រុងអូស្ទីន (Austin)រដ្ឋតិចសាស់ (Texas)សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។  ស្នងការនគរបាលបណ្ដោះអាសន្ន លោក រ៉ូប៊ីន ហេនឌ័រស៊ុន (Robin Henderson ) និយាយថា មនុស្ស២នាក់ ត្រូវបានប្រកាសថាបានស្លាប់នៅនឹងកន្លែងកើតហេតុ ម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំង២ម្នាក់ជាជនសង្ស័យជាខ្មាន់កាំភ្លើង  ។យោងតាមសេវាវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់ប្រចាំស្រុក Austin-Travis យុវជនម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដោយសាររបួសធ្ងន់គំរាមកំហែងដល់អាយុជីវិត ។ ចំណែកយុវជន២នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញ តែមានរបួសស្រាល ។យោងតាមក្រុមមន្ត្រី គេនៅតែពុំទាន់បានដឹងច្បាស់នៅឡើយទេនៅពេលនេះ ពីទំនាក់ទំនងរវាងជនសង្ស័យ និងជនរងគ្រោះ។គ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ឃុំខ្លួនទេ ប៉ុន្តែនគរបាលក្រុងអូស្ទីន បានធានានៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា គ្មានការគំរាមកំហែងចំពោះសាធារណជននោះទេ៕

ការបង្កើតបណ្តាញទំនាក់ទំនងថ្មីសម្រាប់ពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាជំហានដ៏សំខាន់

2023/09/01 06:46:05 pm        68
ចិន៖ លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)ថា ការបង្កើតបណ្តាញទំនាក់ទំនងថ្មីសម្រាប់ពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាជំហានដ៏សំខាន់មួយដើម្បីរក្សាស្ថិរភាពទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។លោកស្រី Shu បាននិយាយថា វិធានការនេះនឹងផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់អាជ្ញាធរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដើម្បីអនុវត្តការពិភាក្សាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានការព្រួយបារម្ភរៀងៗខ្លួនក្នុងលក្ខណៈជាស្ថាប័ន និងទៀងទាត់។លោកស្រីបានបន្ថែមថា ក្រុមការងារក៏នឹងផ្តោតលើបញ្ហាទាក់ទងនឹងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាពាណិជ្ជកម្មជាក់លាក់ផងដែរ។ លោកស្រី Shu បាននិយាយថា ភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការត្រួតពិនិត្យការនាំចេញស្របតាមច្បាប់រៀងៗខ្លួន។ យន្តការនេះ នឹងជួយរដ្ឋាភិបាលទាំងពីរបង្កើនការយោគយល់គ្នា និងការប្រាស្រ័យទាក់ទងលើនគរបាលគ្រប់គ្រងការនាំចេញរបស់គ្នាទៅវិញទៅមក និងបង្ហាញពីកង្វល់របស់អាជីវកម្មនៃភាគីទាំងពីរផងដែរ៕

ផែនទីជាតិថ្មីរបស់ប្រទេសចិន បង្កឲ្យមានការផ្ទុះកំហឹងពីប្រទេសជិតខាង

2023/09/01 06:42:37 pm        121
ហ្វីលីពីន៖ ហ្វីលីពីនបានក្លាយជាប្រទេសជិតខាងចុងក្រោយបង្អស់របស់ចិន ដែលជំទាស់នឹងផែនទីជាតិថ្មីរបស់ប្រទេសនេះ ដោយបានចូលរួមជាមួយម៉ាឡេស៊ី និងឥណ្ឌា ក្នុងការចេញសេចក្តីថ្លែងការណ៍ប្រើប្រាស់ពាក្យសំដីខ្លាំងៗ ដោយចោទប្រកាន់ទីក្រុងប៉េកាំងថាបានប្រកាសសិទ្ធិលើទឹកដីរបស់ពួកគេនៅសមុទ្រចិនខាងត្បូង។ប្រទេសចិនបានចេញផ្សាយកំណែថ្មីនៃផែនទីជាតិរបស់ខ្លួនកាលពីថ្ងៃចន្ទ ដូចដែលខ្លួនបានធ្វើជាទៀងទាត់ចាប់តាំងពីឆ្នាំ ២០០៦ ដើម្បីកែតម្រូវនូវអ្វីដែលទីក្រុងប៉េកាំងមានកាលពីអតីតកាលដែលហៅថា ផែនទីបញ្ហា ដែលខ្លួនអះអាងថាជាការបង្ហាញខុសការពិតលើព្រំដែនទឹកដីរបស់ខ្លួន។ ប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារទី២៩ខែសីហាថា ខ្លួនបានជំទាស់យ៉ាងដាច់ខាតចំពោះចិន ជុំវិញផែនទីថ្មីនេះ ដែលអះអាងសិទ្ធិលើដែនដីរបស់ឥណ្ឌា ជាការផ្ទុះកំហឹងចុងក្រោយក្នុងទំនាក់ទំនងផុយស្រួយរវាងប្រទេសមហាអំណាចអាស៊ីទាំង២នេះ។  ប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានច្រានចោលផែនទីនេះដោយសារតែការដាក់បញ្ចូលចំណុចបន្ទាត់មួយចំនួនជុំវិញតំបន់ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូងដែលជាកម្មវត្ថុនៃសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្នុងឆ្នាំ ២០១៦ ដែលបានគាំទ្រទីក្រុងម៉ានីល។នាយកដ្ឋានកិច្ចការបរទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនទីនេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតដើម្បីធ្វើឱ្យស្របច្បាប់នូវអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសចិនលើលក្ខណៈពិសេសហ្វីលីពីន និងតំបន់ដែនសមុទ្រ ហើយ មិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិទេ។ ឥណ្ឌាគឺជាប្រទេសដំបូងគេដែលបានត្អូញត្អែរកាលពីថ្ងៃអង្គារនៅពេលដែលខ្លួនបានតវ៉ាយ៉ាងខ្លាំងអំពីការដាក់បញ្ចូលរដ្ឋ អារូណាចាល់ ប្រទេស( Arunachal Pradesh) របស់ឥណ្ឌា និងខ្ពង់រាប អាកសៃ-ជីន (Aksai-Chin) ដែលមានជម្លោះនៅក្នុងទឹកដីចិន៕

ទាហានប៉ាគីស្ថាន៩នាក់ បានស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយ

2023/09/01 06:39:50 pm        91
ប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាននិយាយថា ទាហាន៩នាក់ បានសម្លាប់ នៅពេលដែលបុរសម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅលើទោចក្រយានយន្តមួយគ្រឿង នៅក្បែរក្បួនរថយន្តនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)។ កងកម្លាំងទំនាក់ទំនងសាធារណៈរបស់យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហាន៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនៅក្នុងស្រុក Bannu មួយនេះ។ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន បានឃើញការកើនឡើងនៃការវាយប្រហារកាលពីប៉ុន្មានឆ្នាំមុន ចាប់តាំងពីកិច្ចពិភាក្សារវាងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងរដ្ឋាភិបាល បានបរាជ័យមក។ យោធាបាននិយាយថា កងកម្លាំងសន្តិសុខបានឡើមព័ទ្ធជុំវិញតំបន់នោះ ហើយគ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះភ្លាមៗនោះទេ។ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយផ្សេងទៀត នៅក្នុងការជួបជុំនយោបាយមួយនៅភាគពាយ័ព្យ កាលពីខែមុន បានសម្លាប់មនុស្សជាង៦០នាក់ ហើយការវាយប្រហារនោះ ត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាបដិសេធការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
10/22/2026 08:10 PM
IRGC គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក ដើម្បី​សងសឹកចំពោះការអមដំណើរនាវា នៅ​ច្រកសមុទ្រ Hormuz
10/22/2026 06:10 PM
លោក Macron៖ បាតុកម្មខុសច្បាប់ នឹងត្រូវហាមឃាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ
10/22/2026 06:10 PM
បារាំងរាយការណ៍ករណីឆ្លងវីរុស Shamonda លើមនុស្សជាលើកដំបូង បន្ទាប់ពីមាន​អ្នកជំងឺម្នាក់ស្លាប់
10/22/2026 06:10 PM
វិមានក្រឹមឡាំង៖ អឺរ៉ុបត្រូវតែចូលរួមយ៉ាងសកម្មជាងនេះ ​ក្នុងកិច្ចខិតខំស្វែងរកសន្តិភាពនៅអ៊ុយក្រែន
10/22/2026 06:10 PM
មនុស្សម្នាក់ស្លាប់ និង ១៣នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើតំបន់ Kharkiv របស់អ៊ុយក្រែន
10/22/2026 06:10 PM
នាយករដ្ឋមន្រ្តីកាណាដា ទៅដល់ទួរគី ដើម្បីជំរុញកាត់បន្ថយការពឹងផ្អែកលើពាណិជ្ជកម្មអាមេរិក
10/22/2026 06:10 PM
បារាំងស្ថិតក្នុងកម្រិត «ប្រុងប្រយ័ត្នខ្ពស់បំផុត» ខណៈរដ្ឋាភិបាលពិចារណាហាមឃាត់ការជួបជុំបន្ថែមទៀត
10/22/2026 06:10 PM
ឥណ្ឌា និងប៉ូឡូញ ស្វែងរកកិច្ចសហប្រតិបត្តិការជិតស្និតជាងមុនលើវិស័យការពារជាតិ និងថាមពលនុយក្លេអ៊ែរ
10/22/2026 06:10 PM
នគរបាលអេស្ប៉ាញ ប៉ះទង្គិចគ្នាជាមួយក្រុមបាតុករប្រឆាំងស្តាំនិយមជ្រុល ក្រោយការជួបជុំរបស់គណបក្ស Vox
10/22/2026 06:10 PM