គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

មនុស្សយ៉ាងហោចណាស់៣នាក់ បានស្លាប់បន្ទាប់ពីលំហូរល្បប់នៅអណ្តូងរ៉ែ ប្រទេសបូលីវី

2023/08/30 05:18:57 pm        106
បូលីវី៖ ក្រុមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សាកសពមនុស្ស៣នាក់ ត្រូវបានរកឃើញ បន្ទាប់ពីបំណាក់ដីនៅក្នុងអណ្តូងរ៉ែមួយក្នុងទីក្រុង Mapiri ប្រទេសបូលីវី កាលពីថ្ងៃអង្គារ (២៩ សីហា)។ កាលពីថ្ងៃអាទិត្យ (២៧ សីហា) បំណាក់ដីមួយបានធ្វើឲ្យកម្មកររ៉ែជាច្រើននាក់ជាប់នៅក្នុងដី។ យោងតាមអ្នករស់រានមានជីវិតដែលបានសម្ភាសនៅតំបន់គ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយអ្នករុករករ៉ែមិនអាចគេចខ្លួនបានឡើយ។ឮយោងតាមលោក Juan Carlos Calvimontes អនុរដ្ឋមន្ត្រីការពារជនស៊ីវិលរបស់ប្រទេសបូលីវី បានឲ្យដឹងថា គេមិនច្បាស់ថាមានមនុស្សប៉ុន្មាននាក់នៅជាប់ក្រោមដីនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកនៅតែបន្តនៅទីតាំងកើតហេតុនោះ៕

UN ស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មនៅនីហ្សេ ក្នុងពេលមានការបិទជំនួយ

2023/08/30 04:09:33 pm        299
UN៖ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ កំពុងរារាំងជំនួយមនុស្សធម៌ដ៏សំខាន់ ដូចជាស្បៀងអាហារ និងថ្នាំពេទ្យ ដោយនិយាយថា សំណើសម្រាប់ការលើកលែងត្រូវបានផ្ញើទៅកាន់ប្លុកប្រចាំតំបន់សហគមន៍សេដ្ឋកិច្ចនៃតំបន់អាហ្រ្វិកខាងលិច«ECOWAS» ។ រថយនន្តដឹកទំនិញជាច្រើនគ្រឿងមានដឹកអាហារ និងជំនួយមនុស្សធម៌ បានមកកកុញនៅព្រំដែនដីគោកប្រទេសនីហ្សេ ចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី២៦ ខែកក្កដា ដែលបានជំរុញឲ្យតម្លៃអាហារហក់ឡើង ក្នុងសញ្ញាមួយនៃផលប៉ះពាល់ដោយសារទណ្ឌកម្ម។ ការបិទជំនួយ ត្រូវបានរៀបចំដើម្បីដាក់គំនាបលើរបបយោធាដើម្បីឲ្យប្រធានាធិបតីលោក Mohamed Bazoum ចូលកាន់តំណែងវិញ។ ជើងហោះហើរដឹកជំនួយរបស់អង្គការសហប្រជាជាតិបានជាប់គាំងព្រោះតែជើងហោះហើរទាំងនេះពុំអាចដំណើរការប្រេងឥន្ធនៈយន្តហោះព្រោះតែការដាក់ទណ្ឌកម្ម ដែលកំពុងធ្វើឲ្យស្មុគស្មាញកិច្ចប្រឹងប្រែងផ្តល់ជំនួយនៅក្នុងប្រទេសធំមួយនេះ។ លោក Emmanuel Gignac អ្នកតំណាងទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប្រចាំប្រទេសនីហ្សេ ក៏បានសម្តែងការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រជាជននីហ្សេ ជាពិសេសក្នុងចំណោមពលរដ្ឋភៀសខ្លួនដោយបង្ខំចំនួន៧សែននាក់ បន្ទាប់ពីការកើនឡើងខ្លាំងក្នុងការការពារឧបទ្ទវហេតុដូចជាការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទចាប់តាំងពីរដ្ឋប្រហារ។អ្នកនាំពាក្យទីភ្នាក់ងារកុមារអង្គការសហប្រជាជាតិ បាននិយាយថាទឹកដោះគោព្យាបាលមេរោគ និងមុខទំនិញអាហារផ្សេងទៀត បានជាប់គាំងនៅព្រំដែនប្រទេសនីហ្សេ ខណៈវ៉ាក់សាំងជំងឺគ្រុនលឿង និងវ៉ាក់សាំងបន្តក់ការពារវីរុសជាងមួយលានដូសពុំអាចត្រូវបានដឹកជញ្ជូនតាមយន្តហោះចូលមកបានពីសហភាពអឺរ៉ុប ដោយសារតែការបិទដែនអាកាស។ លោកបាននិយាយថា ទីភ្នាក់ងារមានការព្រួយបារម្ភអំពីដូសវ៉ាក់សាំងប្រមាណ២៨លានដូស ដែលស្តុកទុកនៅខាងក្នុងប្រទេសនេះ ដោយ៩៥ភាគរយនៃឃ្លាំងបច្ចុប្បន្ន រងការដាច់ចរន្តអគ្គិសនី។

គ្រូបង្រៀនឈីលីធ្វើកូដកម្មបន្ទាប់ពីកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលបរាជ័យ

2023/08/30 04:06:28 pm        280
ឈីលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រូបង្រៀនៅប្រទេសឈីលី បានបន្តធ្វើកូដកម្មគ្មានកំណត់មួយកាលពីថ្ងៃអង្គារ និងបានចេញដើរទៅកាន់វិមានប្រធានាធិបតី La Moneda បន្ទាប់ពីបំណងមួយដើម្បីឈានដល់កិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាល បានបរាជ័យ។ការចេញធ្វើបាតុកម្ម ដែលត្រូវបានរៀបចំឡើងដោយសហជីពគ្រូបង្រៀន រួមមានទាំងការស្រែក និងលើកស្លាកសញ្ញាផ្សេងៗទាមទាការបង់ប្រាក់នូវអ្វីដែលគេហៅថា «បំណុលប្រវត្តិសាស្ត្រ» ព្រមទាំងការទាមទាដែលមិនពេញចិត្តជាបន្តបន្ទាប់ដែលសហជីពបានធ្វើរយៈពេលជាច្រើនឆ្នាំមកហើយ។ បំណុលដែលបានចោទប្រកាន់បានកើតមាននៅដើមទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលឧត្តមសេនីយ៍លោក Augusto Pinochet បានផ្លាស់ប្តូរផ្នែកនៃប្រព័ន្ធអប់រំសាធារណៈរបស់ប្រទេស ពីសហព័ន្ធទៅជាការគ្រប់គ្រងរបស់ក្រុង។សហជីពបានទាមទាគំរូការសិក្សាអប់រំថ្មី ខណៈគំរូបច្ចុប្បន្នត្រូវបានបង្កើតឡើងអំឡុងភាពផ្តាច់ការរបស់ប្រទេសឈីលី នៅក្នុងទសវតស្សរ៍ឆ្នាំ១៩៧០ ដែលគំរូថ្មីនេះជាប្រព័ន្ធស្វែងរកមូលនិធិ និងវិធានការបន្ថែមដើម្បីការពារគ្រូបង្រៀនពីអំពើហិង្សានៅក្នុងសាលារៀនក្នុងចំណោមការទាមទារដ៍ទៃទៀត៕

អាមេរិក ព្រមានពីការបាត់បង់ជីវិតមនុស្ស និងគ្រោះមហន្តរាយ ខណៈព្យុះសង្ឃរាអ៊ីដាលីយ៉ាបោកបក់ខ្លាំងនៅរដ្ឋ Florida

2023/08/30 03:16:14 pm        310
អាមេរិក៖ ព្យុះសង្ឃរាអ៊ីដាលីយ៉ា(Hurricane Idalia) ដែលជាព្យុះដ៏មានឥទ្ធិពលកម្រិតទី២ បានបោកបក់យ៉ាងខ្លាំងនិងឆាប់រហ័ស និងកំពុងគំរាមកំហែងពីការបំផ្លិចបំផ្លាញដ៏មហន្តរាយ នៅតំបន់ឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ Florida ស្របពេលដែលក្រុមមន្ត្រីទទូចឲ្យពលរដ្ឋជម្លៀសចេញពីផ្លូវព្យុះ។ ព្យុះនេះ មានកម្លាំងបោកបក់១០៥គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីយប់ថ្ងៃអង្គារ និងក្រៅរង្វង់ព្យុះរបស់វា បានកំពុងវាយប្រហាររដ្ឋ Florida រយៈពេលជាច្រើនម៉ោងរួចទៅហើយ ដែលបណ្ដាលឲ្យមានទឹកជំនន់នៅក្នុងតំបន់ឆ្នេរមួយចំនួន។មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិ បាននិយាយថា គេរំពឹងថាព្យុះនេះ នៅតែបន្តមានកម្លាំងក្លាយជាព្យុះសង្ឃរាដ៏មានឥទ្ធិពលមួយ មុនពេលបោះពួយទៅដល់តំបន់ឆ្នេរ ប៊ីកប៊ែន (Big Bend)របស់ រដ្ឋ Florida ជាទីដែលគេរំពឹងថាព្យុះនេះ នឹងវាយប្រហារដល់ដីគោកនៅព្រឹកថ្ងៃពុធនេះ ។ មជ្ឈមណ្ឌលនេះ បាននិយាយកាលពីដំបូងថា គេក៏បង្ហាញក្ដីរំពឹងផងដែរថា តំបន់មួយចំនួននៅឈូងសមុទ្ររបស់រដ្ឋមួយនេះ នឹងរងការគំរាមកំហែងដល់អាយុជីវិត ដោយសារកម្លាំងព្យុះខ្លាំង នៅពេលដែលខ្យល់បោកបក់ទៅកាន់តំបន់ច្រាំងមហាសមុទ្រនេះ ។ ការិយាល័យស្រុក ថេល័រ (Taylor County) បានព្រមានថា អាចនឹងមានការបាត់បង់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ ដោយនិយាយថាប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ត្រូវបានបញ្ជាឲ្យជម្លៀសចេញ ៕

ករណីរំដោះទណ្ឌិតនៅខេត្តសៀមរាបតំណាងអយ្យការសម្រេចចោទប្រកាន់បទល្មើសជាច្រើន

2023/08/29 09:33:15 pm        318
ភ្នំពេញ ៖ ករណីក្រុមឧក្រឹដ្ឋជនប្រដាប់អាវុធរំដោះទណ្ឌិតនៅខេត្តសៀមរាប មកដល់ពេលនេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើជនសង្ស័យទាំងអស់ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរដោយសម្រេចចោទប្រកាន់នូវបទល្មើសធំៗជាច្រើន។លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះថា ពាក់ព័ន្ធនឹងករណីរំដោះទណ្ឌិតនៅខេត្តសៀមរាបតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើជនសង្ស័យទាំងអស់ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរដោយសម្រេចចោទប្រកាន់បទល្មើសមួយចំនួន។អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា បទល្មើសទាំងនោះមាន ១-រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ផ្តើមគំនិតក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស លួចរត់មានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងបទល្មើសសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៤៨៦ មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ មាត្រា ៥៦៤ មាត្រា ២៨ មាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ២-សមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស ដោយមានប្រើប្រាស់អាវុធ តាមបញ្ញត្តិមាត្រា ២៩ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ ។ ៣-សមគំនិតក្នុងអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៤៨៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ៤-សមគំនិតក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ ។ ៥-បោះបង់អាវុធក្នុងទីកន្លែងសាធារណៈ ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងសមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ តាមបញ្ញត្តិមាត្រា ២៨ មាត្រា ២៩ និងមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ ។ ៦-រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤៨៦ មាត្រា ៤៨៥ និងមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ និងបទល្មើសទី៧-កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។សូមជម្រាបថា ករណីរំដោះអ្នកទោសនេះបានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៣ ដោយឧក្រិដ្ឋមួយក្រុមបើកបររថយន្ត Lexus ទៅរំដោះអ្នកទោសគ្រឿងញៀនជាជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅគ្លីនិកព្យាបាលធ្មេញមួយកន្លែង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយករថយន្តនោះទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួន ដោយបន្សល់អាវុធខ្លីជាច្រើនដើម និងសម្ភារៈមួយចំនួនក្នុងរថយន្ត ក្រោយមកនគរបាលបានស្វែងរកចាប់ខ្លួនក្រុមនេះបានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ។ ចំពោះអ្នកទោសគ្រឿងញៀនជាជនជាតិចិន ឈ្មោះ Chen Hsin Han គឺជាមេក្លោងជួញដូរគ្រឿងញៀន ដែលត្រូវតុលាការខេត្តសៀមរាបកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥២ឆ្នាំ កាលពីឆ្នាំ២០០៩៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ទាហានម៉ារីនអាមេរិក កំណត់អត្តសញ្ញាណមនុស្ស៣នាក់ ដែលបានស្លាប់ក្នុងការធ្លាក់យន្តហោះនៅអូស្ត្រាលី

2023/08/29 08:53:24 pm        129
ទាហានម៉ារីនសហរដ្ឋអាមេរិក៣នាក់ ដែលបានស្លាប់នៅពេលយន្តហោះOsprey របស់ពួកគេបានធ្លាក់អំឡុងសមយុទ្ធយោធា នៅក្នុងប្រទេសអូស្ត្រាលី ត្រូវបានកំណត់អត្តសញ្ញាណដោយអង្គភាពរបស់ពួកគេ។ នាង Spencer R. Collart អាយុ២១ឆ្នាំ លោកកាពីទែន Eleanor V. LeBeau អាយុ២៩ឆ្នាំ និងលោក Tobin J. Lewis អាយុ៣៧ឆ្នាំស្ថិតក្នុងចំណោមទាហានម៉ារីន ២៣នាក់នៅលើយន្តហោះ MV-22B Osprey នៅពេលយន្តហោះបានធ្លាក់ នៅកោះ Melville កាលពីថ្ងៃអាទិត្យ។អង្គភាពរបស់ពួកគេបាននិយាយកាលពីថ្ងៃចន្ទថា នាងCollart គឺជាប្រធានក្រុមយានិកយន្តហោះ Osprey លោក LeBeau ជាអាកាសយានិក និងលោក Lewis ជាមន្ត្រីប្រតិបត្តិ នៃក្រុមកម្រិតមធ្យមកងម៉ារីនលេខ363។ លោកវរៈសេនីឯក Brendan Sullivan មន្ត្រីទីបញ្ជាការរបស់អង្គភាពបាននិយាយថា យើងសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សមាជិកជាទីគោរពស្រលាញ់ចំនួន៣នាក់ របស់គ្រួសារកងកម្លាំងប្តូរវេនកងម៉ារីន Darwin។ គំនិតរបស់យើង និងការបួងសួងនៅជាមួយក្រុមគ្រួសារ និងនៅជាមួយអ្នកជាទីស្រលាញ់ទាំងអស់។ ក្នុងចំណោមកងម៉ារីន២០នាក់ផ្សេងទៀត ៣នាក់នៅព្យាបាលនៅឡើយនៅមន្ទីរពេទ្យ Royal Darwin Hospital។ ម្នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង២នាក់ផ្សេងទៀតមានស្ថិរភាព ហើយអ្នកក្រៅពីនេះ១៧នាក់ទៀត បានព្យាបាលជាសះស្បើយដោយមានរបួសស្រាល និងបានចេញពីមន្ទីរពេទ្យ។ រីឯមូលហេតុនៃការធ្លាក់យន្តហោះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ប្រទេសម៉ិកស៊ិកបញ្ជូនទាហាន១.២០០នាក់បន្ថែមទៀត ទៅកាន់រដ្ឋ Michoacan បន្ទាប់ពីមានអំពើហិង្សាបង្កឡើង ដោយក្រុមជួញដូរគ្រឿងញៀន

2023/08/29 08:49:41 pm        109
រដ្ឋាភិបាលម៉ិកស៊ិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនទាហានចំនួន១.២០០នាក់បន្ថែមទៀត ទៅកាន់រដ្ឋមីឆ្វាខាន (Michoacan) ភាគខាងលិចដែលគ្រប់គ្រងដោយក្រុមជួញដូរគ្រឿងញៀន បន្ទាប់ពីមានអំពើហិង្សាកាលពីចុងសប្តាហ៍។រដ្ឋអាជ្ញា បាននិយាយថា ហាងលក់ទំនិញចំនួនបី និងរថយន្តដឹកទំនិញចំនួន៥គ្រឿង ត្រូវបានដុតបំផ្លាញ ដែលជាយុទ្ធសាស្ត្រមួយដែលក្រុមជួញដូរគ្រឿងញៀនតែងតែប្រើក្នុងរដ្ឋ ដើម្បីបិទផ្លូវ និងអនុវត្តការទាមទារជំរិតទារប្រាក់។ រដ្ឋអាជ្ញា បាននិយាយថា បុរសបីនាក់ និងយុវជនបីនាក់ ដែលមានអាយុ ១៦ និង ១៧ឆ្នាំ ត្រូវបានចាប់ខ្លួន នៅក្នុងការវាយប្រហារនេះ។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងថា ទាហាន និងសមាជិកឆ្មាំជាតិ ត្រូវបានដាក់ពង្រាយនៅចុងសប្តាហ៍។ វាបានបន្តថា ពួកគេត្រូវបានបញ្ជាឲ្យរារាំងក្រុមឈ្មួញ គ្រឿងញៀនពីការបិទផ្លូវបន្ថែមទៀត«ដើម្បីឲ្យប្រជាជនអាចធ្វើអាជីវកម្មរបស់ពួកគេជាធម្មតា» ។ទាហាន ត្រូវបានឈរជើងនៅគ្រប់រដ្ឋម៉ិកស៊ិក ប៉ុន្តែកងទ័ពមិនបាននិយាយថា ចំនួនប៉ុន្មានរួចទៅហើយនៅក្នុងរដ្ឋមីឆ្វាខាន ( Michoacan) មុនពេលការដាក់ពង្រាយចុងសប្តាហ៍នោះ។

មនុស្ស១៣នាក់បានស្លាប់ ក្នុងបំណាក់ដីនៅប្រទេសតាហ្ស៊ីគីស្ថាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

2023/08/29 08:08:46 pm        150
លំហូរល្បប់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស១៣នាក់នៅក្នុងប្រទេសតាហ្សីគីស្ថានកាលពីថ្ងៃអាទិត្យ (២៧ សីហា) នេះបើយោងតាមរដ្ឋាភិបាលរបស់ប្រទេសអាស៊ីកណ្តាលមយយនេះបាននិយាយកាលពីថ្ងៃចន្ទ (២៨ សីហា) ដោយព្រមានថាតំបន់ភ្នំជាច្រើនរបស់ខ្លួននៅតែមានគ្រោះថ្នាក់។វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងដោយគណៈកម្មាធិការស្ថានភាពអាសន្នរបស់ប្រទេសនេះពីកន្លែងនានាក្នុងទីក្រុង Vakhdat និងស្រុក Rudaki ទាំងនៅខាងក្រៅរដ្ឋធានី Dushanbe បានបង្ហាញរថយន្តនៅលើផ្លូវតំបន់ភ្នំលិចទឹក ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារលំហូរល្បប់ និងថ្មធំៗជាច្រើន៕

អារម្មណ៍ខឹងសម្បាបានផ្ទុះឡើងនៅប្រទេសឥណ្ឌា បន្ទាប់ពីគ្រូបង្រៀនម្នាក់ប្រាប់សិស្សឲ្យទះកំផ្លៀងមិត្តរួមថ្នាក់ជាជនជាតិម៉ូស្លីម

2023/08/29 08:05:40 pm        166
នគរបាលក្នុងប្រទេសឥណ្ឌា កំពុងស៊ើបអង្កេតលើគ្រូបង្រៀនម្នាក់ បន្ទាប់ពីវីដេអូដែលគ្រូបង្រៀនម្នាក់នោះឱ្យសិស្សទះកំផ្លៀងមិត្តរួមថ្នាក់អាយុ៧ឆ្នាំរបស់ពួកគេដែលជាជនម៉ូសី្លម បានបង្កឱ្យមានការខឹងសម្បារយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ វីដេអូនៃឧបទ្ទវហេតុ ដែលបានកើតឡើងនៅក្នុងស្រុក Muzaffarnagar ភាគខាងជើងរដ្ឋ Uttar Pradesh នោះ បានបង្ហាញពីក្មេងប្រុសម្នាក់នេះឈរនៅចំពោះមុខមិត្តរួមថ្នាក់របស់គេដោយភាពភ័យខ្លាច ខណៈដែលគ្រូហៅសិស្សឱ្យវាយក្មេងនោះ។លោក Satyanarayan Prajapat ស្នងការនគរបាលរបស់ស្រុក Muzaffarnagar កាលពីថ្ងៃសុក្រ បាននិយាយថា គ្រូបង្រៀននោះបានប្រាប់សិស្សឱ្យវាយក្មេងប្រុសនេះ «ព្រោះគេមិនចាំកាលវិភាគបង្រៀនរបស់ខ្លួន» ។ យោងតាមលោក Prajapat បានឲ្យដឹងថា គ្រូបង្រៀនម្នាក់នោះក៏បាននិយាយយោងទៅលើសាសនារបស់ក្មេងប្រុសនេះផងដែរ។ នគរបាលស្រុកបានកសាងសំណុំរឿងប្រឆាំងនឹងអ្នកគ្រូបង្រៀននេះ ហើយការស៊ើបអង្កេតកំពុងដំណើរការ។ អ្នកគ្រូម្នាក់នោះ មិនត្រូវបានចោទប្រកាន់ជាផ្លូវការទេ។ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមានការខឹងសម្បា និងការខកចិត្តស្ទើរតែក្នុងស្ថានភាពទូទៅ នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក មានប្រជាជនចំនួន១,៤ពាន់លាននាក់ ដែលគោលនយោបាយជាតិនិយមហិណ្ឌូរបស់គណបក្ស Bharatiya Janata (BJP) ដែលកំពុងកាន់អំណាច បានធ្វើឱ្យភាពតានតឹងសហគមន៍របស់ប្រទេសកាន់តែស៊ីជម្រៅ ហើយបានបង្កើតនូវអ្វីដែលក្រុមសិទ្ធិមនុស្ស និងអ្នករិះគន់រដ្ឋាភិបាលនិយាយថា ជាបរិយាកាសនៃការភ័យខ្លាច និងការផ្តាច់ខ្លួនក្នុងចំណោមក្រុមជនជាតិភាគតិចផងដែរ៕

មនុស្ស៣នាក់ត្រូវបានប្រហារជីវិតដោយព្យួរក ជុំវិញរឿងរ៉ាវការបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់ ដែលបានសម្លាប់មនុស្សជាង៣០០នាក់

2023/08/29 08:01:25 pm        126
អ៊ីរ៉ាក់បានប្រហារជីវិតដោយព្យួរកមនុស្ស៣នាក់ ដែលត្រូវបានជាប់ទោសពីបទជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះរថយន្តមួយនៅទីក្រុងបាកដាដ (Baghdad) ដែលបានសម្លាប់មនុស្សជាង៣០០នាក់ និងបណ្ដាលឲ្យមនុស្សរាប់រយនាក់រងរបួសកាលពីឆ្នាំ២០១៦។ ហេតុការណ៍នោះគឺជាការបំផ្ទុះគ្រាប់បែកដ៏មហន្តរាយតែមួយគត់នៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការចូលលុកលុយដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣មក។ ក្រុមរដ្ឋអ៊ីស្លាម (IS) បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារនោះ។ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani មិនបានបញ្ចេញឈ្មោះអ្នកដែលត្រូវបានប្រហារជីវិត ឬនិយាយថាពួកគេត្រូវបានគេកាត់ទោសនៅពេលណានោះទេ។ ការិយាល័យបាននិយាយថា ការប្រហារជីវិតត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ (២៧សីហា) និងថ្ងៃចន្ទ (២៨សីហា)។ ការិយាល័យនោះបន្តថា លោកនាយករដ្ឋមន្ត្រីបានជូនដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះថា «ការដាក់ទោសប្រហារជីវិតដោយត្រឹមត្រូវ» ត្រូវបានធ្វើឡើងប្រឆាំងនឹងឧក្រិដ្ឋជនសំខាន់ៗចំនួន៣នាក់ ដែលត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកភេរវកម្ម។គួររម្លឹកផងដែរថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ រថយន្តដែលផ្ទុកទៅដោយសារធាតុផ្ទុះ ត្រូវបានបំផ្ទុះនៅជាប់នឹងមជ្ឈមណ្ឌលលក់ទំនិញដែលមានមនុស្សច្រើននៅទីក្រុង Karrada ដែលជាតំបន់មូស្លីមនិកាយស៊ីអ៊ីត ភាគច្រើននៃរដ្ឋធានីប្រទេសអ៊ីរ៉ាក់។ ជនរងគ្រោះជាច្រើននាក់ត្រូវបានស្លាប់ដោយចំហេះដែលឆាបឆេះពេញអគារបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
10/23/2026 09:10 PM
កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
10/23/2026 09:10 PM
លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
10/23/2026 08:10 PM
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
10/23/2026 08:10 PM
ការងារស្ថាបនា ស្តារ ថែទំា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
10/23/2026 08:10 PM
ព្យុះ Austen វាយប្រហារតំបន់ភាគខាងត្បូងព្រីតថេន ស្របពេលរលកសមុទ្រធំៗបោកច្រាំងនៅទីក្រុង Newhaven
10/23/2026 07:10 PM
រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានអភិបាលកិច្ច​កាន់តែរឹងមាំ លើតំបន់សមុទ្រជ្រៅ និងលំហអាកាស
10/23/2026 07:10 PM
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
10/23/2026 07:10 PM
ក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
10/23/2026 07:10 PM
យន្តហោះចម្បាំងព្រីតថេន ចូលរួមសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាលើកដំបូងជាមួយបារាំង
10/23/2026 07:10 PM