គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

ខេត្តប្រ៊ីដធីស កូឡំប៊ី ដកការរឹតបន្តឹងការធ្វើដំណើរភាគច្រើន ខណៈចំហេះព្រៃនៅកាណាដាបានធូរស្រាល

2023/08/23 07:18:41 pm        140
កាណាដា៖ រដ្ឋាភិបាលនៃខេត្តប្រ៊ីដធីស កូឡំប៊ី បាននិយាយថា ខ្លួននឹងដកការរឹតត្បិតការធ្វើដំណើរយ៉ាងទូលំទូលាយទៅកាន់ផ្នែកខាងក្នុង នៃខេត្តដែលរងគ្រោះដោយចំហេះព្រៃមួយនេះកាលពីថ្ងៃអង្គារ ខណៈភ្លៀង និងអាកាសធាតុត្រជាក់ បានជួយទប់ស្កាត់ចំហេះនៅទូទាំងភាគខាងលិចប្រទេសកាណាដា។ការរឹតបន្តឹងនេះ បានរារាំងការធ្វើដំណើរដែលមិនសំខាន់ទៅកាន់សហគមន៍នៅផ្នែកខាងក្នុងនៃខេត្ត រួមទាំងទីក្រុង Kelowna ទីក្រុង Vernon និងទីក្រុង Kamloops ហើយនឹងត្រូវផុតកំណត់នៅពាក់កណ្តាលអធ្រាត្រ។ វិធានការរឹតបន្តឹងនេះ នឹងនៅតែមានសម្រាប់ទីក្រុង West Kelowna ។ប្រទេសកាណាដា កំពុងជួបប្រទះរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងកំណត់ត្រា ហើយក្នុងសប្តាហ៍មុនមនុស្សជាង៥០.០០០នាក់ រួមទាំងប្រជាជនទាំងអស់ក្នុងរដ្ឋធានី Yellowknife នៃដែនដីភាគពាយ័ព្យ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ ក្រុមមន្ត្រីបាននិយាយថា អណ្តាតភ្លើងបានឆាបឆេះផ្ទះជិត២០០ខ្នងនៅទីក្រុង Kelowna និងទីក្រុង West Kelowna ប៉ុន្តែស្ថានភាពបានប្រសើរឡើងបន្តិចម្តងៗ ទោះបីជាផ្សែងនៅតែបន្តគ្របដណ្តប់ខេត្តនេះក៏ដោយ។បញ្ជារឹតបន្តឹងការធ្វើដំណើរ ត្រូវបានដាក់ឱ្យដំណើរការកាលពីចុងសប្តាហ៍ ដើម្បីទុកកន្លែងស្នាក់នៅសម្រាប់អ្នកជម្លៀស និងសេវាសង្គ្រោះបន្ទាន់។ រដ្ឋមន្ត្រីប្រចាំខេត្តនេះ កំពុងទៅពិនិត្យតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយចំហេះព្រៃ ហើយបាននិយាយថា ចំហេះឮសកម្មនៅតែបន្តឆេះយ៉ាងសន្ធោសន្ធៅនៅជិតលំនៅឋានជាច្រើនខ្នងផងដែរ៕

ការសិក្សា៖ ចំនួនកុមារអាមេរិកដែលបានស្លាប់ក្នុងហិង្សាដោយអាវុធ បានកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ២០២១

2023/08/23 07:16:15 pm        137
អាមេរិក៖ ការស្លាប់របស់កុមារក្នុងហិង្សាដោយអាវុធនៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់បំផុត នេះបើយោងតាមការសិក្សាថ្មីមួយដែលចេញផ្សាយដោយបណ្ឌិតសភាពេទ្យកុមារអាមេរិក។ ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យមរណភាពរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងទិនានុប្បវត្តិវិជ្ជាពេទ្យផ្នែកកុមារ របស់គេហទំព័រ AAP បានរកឃើញថា កុមារចំនួន៤.៧៥២នាក់បានស្លាប់ ដោយសាររបួសទាក់ទងនឹងកាំភ្លើងក្នុងឆ្នាំ២០២១ ជាឆ្នាំចុងក្រោយបង្អស់ដែលទិន្នន័យអាចរកបាន ដោយកើនឡើងពីចំនួន៤.៣៦៨នាក់ក្នុងឆ្នាំ២០២០ និងចំនួន៣.៣៩០នាក់ក្នុងឆ្នាំ២០១៩។អំពើហិង្សាដោយអាវុធ គឺជាមូលហេតុទីមួយនៃការស្លាប់លើកុមារនៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០២០មក។ ការសិក្សានេះត្រូវបានបោះពុម្ពផ្សាយ ខណៈសមាជិកសភារដ្ឋ Tennessee បានបើកសមួយប្រជុំពិសេសស្តីពីសុវត្ថិភាពសាធារណៈ បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀននៅទីក្រុង Nashville កាលពីដើមឆ្នាំនេះ ដែលបានសម្លាប់កុមារចំនួន៣នាក់ និងគ្រូបង្រៀន៣នាក់ផងដែរ។ ការសិក្សានេះបានបង្ហាញបន្ថែមថា កុមារស្បែកខ្មៅមានចំនួនប្រហែល៦៧% នៃការធ្វើអត្តឃាតដោយការបាញ់ប្រហារ ខណៈដែលកុមារស្បែកសមានប្រហែល៧៨% នៃការធ្វើអត្តឃាតដោយប្រប្រាស់កាំភ្លើង៕

ការខ្វែងគំនិតគ្នាក្នុងកិច្ចប្រជុំ BRICS លេចចេញជាថ្មី នៅមុនការពិភាក្សាស្ដីពីការពង្រីកខ្លួនដ៏សំខាន់របស់ប្លុកនេះ

2023/08/23 07:13:48 pm        169
មេដឹកនាំក្រុមប្រទេស BRICS បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ (២២សីហា) ដើម្បីរៀបចំផែនការអនាគតប្លុកនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ប៉ុន្តែការខ្វែងគំនិតគ្នាបានកើតមានឡើងជាថ្មី មុនពេលការជជែកដេញដោលយ៉ាងសំខាន់ ជុំវិញការពង្រីកសក្តានុពលនៃក្រុមប្រទេស ដែលមានបំណងបង្កើនឥទ្ធិពលសកលរបស់ខ្លួន។ភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីសង្រ្គាមអ៊ុយក្រែន និងការប្រជែងគ្នាកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងជាមួយសហរដ្ឋអាមេរិក បានរុញច្រានប្រទេសចិន និងរុស្ស៊ី ឲ្យស្វែងរកការពង្រឹងប្លុក BRICS ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងចូលរួមកិច្ចប្រជុំនេះតាមអនឡាញផងដែរ។បណ្ដាមេដឹកនាំទាំងនេះ កំពុងព្យាយាមប្រើប្រាស់កិច្ចប្រជុំកំពូលនៅថ្ងៃទី២២ ដល់២៤ ខែសីហានៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង មួយនេះ ដើម្បីបង្រួបបង្រួមក្រុម ដែលរួមមានអាហ្រ្វិកខាងត្បូង ប្រេស៊ីល និងឥណ្ឌា ទៅជាការប្រឆាំងទៅនឹងការត្រួតត្រារបស់លោកខាងលិច នៃស្ថាប័នពិភពលោក។ លើសពីប្រធានបទពង្រីកប្លុកនេះ ការជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់រដ្ឋជាសមាជិកក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលផងដែរ។ប្រភពរដ្ឋាភិបាលអាហ្សង់ទីនមួយ ដែលពាក់ព័ន្ធនឹងការចរចារបស់ក្រុមប្រទេសដើម្បីចូលរួមជាមួយប្លុក BRICS នេះបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា គ្មានសមាជិកថ្មីណាមួយត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យចូលរួមក្នុងប្លុកនេះ អំឡុងពេលកិច្ចប្រជុំកំពូលនោះទេ។ ក្រុមមន្ត្រីអាហ្រ្វិកខាងត្បូងបាននិយាយថា ប្រទេសជាង៤០ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុម BRICS នេះ។ ក្នុងចំណោមប្រទេសទាំងនោះ មានជិត២០ប្រទេស បានស្នើសុំឱ្យចូលរួមជាផ្លូវការ ដោយខ្លះរំពឹងថានឹងបញ្ជូនគណៈប្រតិភូទៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងផងដែរ៕

ព្យុះ Franklin នាំមកនូវជំនោរខ្ពស់ និងខ្យល់បក់ខ្លាំងនៅសាធារណរដ្ឋដូមីនីក

2023/08/23 07:10:52 pm        164
ដូមីនីក៖ ព្យុះ Franklin បាននាំមកនូវជំនោរខ្ពស់ និងខ្យល់បក់ខ្លាំងទៅកាន់ឆ្នេរសមុទ្ររដ្ឋធានី សាន់ ដូម៉ាំង (Santo Domingo) សាធារណរដ្ឋដូមីនីក កាលពីរសៀលថ្ងៃអង្គារ (២២ សីហា)។ ព្យុះនេះនឹងបោកបក់ដល់ដីទាំងនៅសាធារណរដ្ឋដូមីនីក និងប្រទេសហៃទីនៅថ្ងៃពុធ (២៣ សីហា) នេះ ហើយគេនឹងរំពឹងថានឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង បំណាក់ដី និងទឹកជំនន់ខ្លាំងផងដែរ។ក្រុមអាជ្ញាធរនៅសាធារណរដ្ឋដូមីនីក បានបិទសាលារៀន និងការិយាល័យរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ខណៈដែលព្យុះត្រូពិច Franklin បានធ្វើដំណើរទៅកាន់កោះ Hispaniola ដែលបានចែករំលែកដែនដីជាមួយប្រទេសហៃទី ផងដែរ។ ការឆ្លងកាត់ភាគខាងកើតមហាសមុទ្រការ៉ាអ៊ីប នៃព្យុះ Franklin និងការរំខាននៅឈូងសមុទ្រម៉ិកស៊ិក ត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលពីរថ្ងៃបន្ទាប់នេះ។ព្យុះ Franklin បានបោកបក់ដល់ដីគោកនៅមហាសមុទ្រការ៉ាអ៊ីប ដែលបានវាយប្រហារប្រទេសកូឡំប៊ី កាលពីថ្ងៃអង្គារ (២២សីហា) ផងដែរ៕

ផ្លូវថ្នល់រងការជន់លិចពេលព្យុះកំបុតត្បូង Harold បោកបក់ដល់ដីគោកនៅរដ្ឋ Texas សហរដ្ឋអាមេរិក

2023/08/23 07:08:32 pm        140
អាមេរិក៖  ព្យុះកំបុតត្បូង Haroldបានបោកបក់មកដល់ដីគោកនៅតំបន់ជ្រោយភាគខាងត្បូងរដ្ឋ Texas សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់គ្មានចរន្តអគ្គិសនីប្រើប្រាស់ ស្របពេលដែលក្រុមព្យាករណ៍ឧតុនិយមព្រមានពីទឹកជំនន់ដ៏គំហក់ និងធ្វើឲ្យមានការខូចខាតពេញមួយថ្ងៃ ។  រូបភាពវីដេអូឃ្លីប ឃើញភ្លៀងធ្លាក់ខ្លាំង និងផ្លូវថ្នល់រងការជន់លិច ខណៈដែលមនុស្សប្រហែល ១,៣លាននាក់នៅតំបន់ Deep South Texas និងតំបន់ជ្រលងភ្នំ Rio Grandeស្ថិតក្រោមការព្រមានពីព្យុះត្រូពិក ។  សេវាកម្មឧតុនិយមជាតិ (NWS) បានរាយការណ៍ថា ព្យុះកំបុតត្បូង Haroldបោកបក់ក្នុងល្បឿនខ្យល់បក់ ៨០គ.មក្នុង១ម៉ោង ហើយភ្លៀងធ្លាក់ខ្លាំង អាចនឹងមានកម្ពស់ ១៥សង់ទីម៉ែត្រនៅតាមតំបន់មួយចំនួន ។  NWS បាយរាយការណ៍ទៀតថា ព្យុះនេះដែរ អាចបង្កឲ្យមានទឹកជន់នៅតាមតំបន់ឆ្នេរ និងតាមដងទន្លេ ជន់លិចផ្លូវថ្នល់ និងតំបន់ដែលមានប្រព័ន្ធបង្ហូរលូរអន់ ។ ចំណែកឯខ្យល់បក់ខ្លាំង អាចបណ្តាលឲ្យមានការខូចខាតផងដែរដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ។  លោក Brad Culp គឺជាភ្ញៀវទេសចរមួយរូបដែលបានដើរកម្សាន្តនៅតំបន់ឆ្នេររដ្ឋ Texas និយាយថា ឥលូវមានភ្លៀងធ្លាក់ខ្លាំងបន្តិចដែរ ហើយខ្យល់ក៏បក់ខ្លាំង ហើយអ្វីដែលជាការព្រួយបារម្ភរបស់លោក គឺការកញ្ជ្រោលឡើងរបស់ព្យុះ Haroldនេះតែម្តង ៕

សម្ព័ន្ធមិត្តដំបូងរបស់លោកដូណាល់ ត្រាំ បានយល់ព្រមចុះចាញ់ក្នុងសំណុំរឿងការបោះឆ្នោតរដ្ឋ Georgia

2023/08/23 07:05:51 pm        130
អាមេរិក៖ សហចុងចោទទីមួយរបស់លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់រដ្ឋ Georgia ដែលចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និងសហការីរបស់លោក ពីបទព្យយាមបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ បានយល់ព្រមចុះចាញ់នៅពន្ធនាគារ អាត្លង់តា កាលពីថ្ងៃអង្គារ (២២សីហា) នេះបើយោងតាមកំណត់ត្រាសហព័ន្ធ និងសេចក្តីថ្លែងការណ៍មួយ។អតីតមេធាវីរបស់លោក ត្រាំ គឺលោក John Eastman និងអ្នកឃ្លាំមើលការស្ទង់មតិរបស់គណបក្សសាធារណរដ្ឋ លោក Scott Hall ទាំងពីរនាក់នេះ បានប្រគល់ខ្លួនទៅការិយាល័យតម្រួតសហព័ន្ធ ពីរថ្ងៃមុនពេលលោក ត្រាំ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋលើកទីបួនរបស់លោកនៅឆ្នាំនេះ។លោក ត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីនៃបកសសាធារណរដ្ឋ ឆ្នាំ២០២៤ បានរិះគន់ការកាត់ទោសទាំងអស់របស់លោកថា មានហេតុផលនយោបាយនៅពីក្រោយ ហើយបន្តអះអាងមិនពិតថា ការចាញ់ឆ្នោតឆ្នាំ២០២០ របស់លោក ចំពោះប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន គឺជាលទ្ធផលនៃការបោកប្រាស់។ លោក Eastman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងចូលខ្លួនមួយថ្ងៃបន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងតម្កល់ប្រាក់ធានាខ្លួនជាសាច់ប្រាក់សុទ្ធ១០០.០០០ដុល្លារ។កាលពីថ្ងៃចន្ទ លោក ត្រាំ បានយល់ព្រមលើការដាក់ប្រាក់ធានាតាមក្រោយចំនួន២០០.០០០ដុល្លារ និងទទួលយកលក្ខខណ្ឌធានាខ្លួន ដែលនឹងរារាំងលោកពីការគំរាមកំហែងសហចុងចោទ ឬសាក្សីក្នុងសំណុំរឿងនេះ។ នៅក្នុងការចោទប្រកាន់ចំនួន៤១ករណី នៅរដ្ឋ Georgia ដែលបានបង្ហាញកាលពីសប្តាហ៍មុន លោក ត្រាំ និងចុងចោទចំនួន១៨នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រោងទុក និងបទឧក្រិដ្ឋកម្មផ្សេងៗទៀត ជុំវិញការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបង្វែរការបរាជ័យរបស់លោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២០ ដាក់ទៅលើលោកប្រធានាធិបតី ចូ បៃដិន៕

សាកសពមនុស្សឆេះខ្លោចចំនួន១៨នាក់ ត្រូវបានរកឃើញនៅប្រទេសក្រិក ខណៈចំហេះព្រៃរីករាលដាលកាន់តែខ្លាំង

2023/08/23 07:03:31 pm        137
ក្រិក៖ ក្រុមអាជ្ញាធរបាននិយាយថា សាកសពមនុស្សដែលឆេះខ្លោចចំនួន១៨នាក់ ដែលអាចជាជនអន្តោប្រវេសន៍ ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ (២២សីហា) នៅតំបន់ជនបទមួយនៅភាគខាងជើងប្រទេសក្រិច ជាទីដែលចំហេះព្រៃបានកំពុងឆាបឆេះអស់រយៈពេលបួនថ្ងៃមកហើយ ខណៈកម្លាំងខ្យល់បក់បោកបានជំរុញឲ្យចំហេះឆាបឆេះកាន់តែខ្លាំងនៅទូទាំងប្រទេស។នៅក្នុងទីក្រុងកំពង់ផែ Alexandroupolis ក្បែរនោះ អ្នកជំងឺមន្ទីរពេទ្យរាប់សិបនាក់ត្រូវបានជម្លៀសចេញតាមសាឡាងកាលពីព្រឹកថ្ងៃអង្គារ ខណៈដែលចំហេះនៅលើជើងភ្នំ Parnitha នៅជាយក្រុងអាតែន (Athens) បានបញ្ចេញពពកផ្សែងយ៉ាងក្រាស់ពាសពេញរដ្ឋធានីក្រិកមួយនេះ។ អង្គភាពពន្លត់អគ្គិភ័យបាននិយាយថា ក្រុមអាជ្ញាធរកំពុងស៊ើបអង្កេត លើលទ្ធភាពដែលសាកសពទាំងនោះ អាចជាជនអន្តោប្រវេសន៍ ដែលចូលមកក្នុងប្រទេសដោយខុសច្បាប់ ដោយសារតែមិនមានអ្នកស្រុកនៅក្នុងតំបន់នេះត្រូវបានរាយការណ៍ថាបាត់ខ្លួននោះទេ។ចំហេះព្រៃក្នុងរដូវក្តៅនៅប្រទេសក្រិក គឺជារឿងធម្មតា ប៉ុន្តែចំហេះបានកើតឡើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលក្ខខណ្ឌអាកាសធាតុក្តៅ ស្ងួត និងខ្យល់ខ្លាំងខុសធម្មតា ដែលអ្នកវិទ្យាសាស្ត្របានផ្សារភ្ជាប់ទៅនឹងបម្រែបម្រួលអាកាសធាតុ។អ្នកទេសចរបរទេសជាង២០.០០០នាក់ត្រូវបានជម្លៀសចេញពីរមណីយដ្ឋានទេសចរណ៍នៅលើកោះ Aegean នៃប្រជុំកោះ Rhodes កាលពីខែកក្កដា ខណៈចំហេះព្រៃបានឆាបឆេះអស់រយៈពេលមួយសប្តាហ៍ដោយបំផ្លាញលំនៅឋាន និងសណ្ឋាគារជាច្រើននៅតំបន់នោះ៕

ឥណ្ឌាមានបំណងបង្កើតប្រវត្តិសាស្ត្រ ដោយការចុះចតយានអវកាសចន្ទ្រា-៣ ក្បែរប៉ូលខាងត្បូងភពព្រះចន្ទ

2023/08/23 07:00:45 pm        125
ឥណ្ឌា៖ ប្រទេសឥណ្ឌា កំពុងព្យាយាមបង្កើតប្រវត្តិសាស្ត្រនៅថ្ងៃពុធនេះ តាមរយៈបេសកកម្មភពព្រះចន្ទលើកទី៣ ដែលនឹងកំណត់ចុះចតនៅលើភពព្រះចន្ទ។ប្រសិនបើបេសកកម្មយានអវកាសចន្ទ្រាយាន-៣ ជោគជ័យ នោះឥណ្ឌា នឹងក្លាយប្រទេសទីមួយដែល បានចុះចតយាន នៅក្បែរប៉ូលភាគខាងត្បូងក្នុងការស្រាវជ្រាវដំបូងនៅលើភពព្រះចន្ទ ។ ឥណ្ឌា ក៏នឹងក្លាយជាប្រទេសទី៤ដែលនឹងទទួលបានជោគជ័យ ក្នុងការចុះចតយានក្នុងសម្ពាធស្រាល នៅលើភពព្រះចន្ទ សហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងប្រទេសចិន សុទ្ធតែបានចុះចតនៅក្បែរខ្សែបន្ទាត់អេក្ខាទ័រ។ ការប៉ុនប៉ងរបស់ប្រទេសឥណ្ឌា បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយានអវកាស Luna-25 របស់ប្រទេសរុស្ស៊ី បានធ្លាក់ ខណៈព្យាយាមចុះចតនៅក្នុងតំបន់ដូចគ្នានេះ។  ការប៉ុនប៉ងកាលពីពេលថ្មីៗរបស់ប្រទេសនេះ ក្នុងការចុះចតបេសកកម្មយានចន្ត្រាយាន-២ របស់ខ្លួនជិតប៉ូលខាងត្បូង កាលពីឆ្នាំ២០១៩ពុំបានជោគជ័យ ដោយយាននោះបានធ្លាក់ចូលទៅក្នុងផ្ទៃខាងលើភពព្រះចន្ទ។ ដូច្នេះពេលនេះ ពិភពលោកកំពុងចោលខ្សែភ្នែកសម្លឹងមើលយានចន្ត្រាយាន៣របស់ឥណ្ឌា។  យានអវកាសដែលត្រូវបានបង្កើតឡើងដើម្បីធ្វើដំណើរទៅកាន់គន្លងវិថី យានចុះចត និង យានស្រាវជ្រាវ បានហោះចេញពីមជ្ឈមណ្ឌលអវកាស ស្រីហារីកូតា (Sriharikota) នៅភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ។  យានដែលដាក់ឈ្មោះ ថា វីក្រាម (Vikram) យកតាមឈ្មោះស្ថាបនិកអង្គការស្រាវជ្រាវអវកាសឥណ្ឌា (Isro) គឺលោក វីក្រាម សារ៉ាប់ហៃ (Vikram Sarabhai) បានដឹកយានស្រាវជ្រាវតូចជាប់នឹងពោះដែលមាន ទម្ងន់២៦ គីឡូក្រាមមានឈ្មោះថា ប្រាកយាន (Pragyaan) ជាភាសាសំស្រ្កឹត ដែលមានន័យថាប្រាជ្ញា៕

គ្រិស្តសាសនិកនៅប៉ាគីស្ថាននិយាយថា ពួកគេមិនហ៊ានទៅលំនៅឋានវិញទេ

2023/08/23 06:58:00 pm        144
ប៉ាគីស្ថាន៖ នាង Kanwal អាយុ១៨ឆ្នាំ ទើបតែត្រឡប់មកលំនៅឋានពីមន្ទីរពេទ្យជាមួយទារកទើបកើតរបស់នាង ដែលនៅមុនពេលនោះ មានក្រុមមនុស្សឥតសណ្តាប់ធ្នាប់មួយក្រុម បានចាប់ផ្តើមវាយប្រហារមកលើលំនៅឋានរបស់នាង ក្នុងតំបន់គ្រិស្តសាសនិករស់នៅ នៅប្រទេសប៉ាគីស្ថានភាគខាងកើត។ នាង Kanwal បានភៀសខ្លួនចេញដោយជើងទទេរ ជាមួយគ្រួសារ និងបានគេចខ្លួនចេញទាំងតក់ក្រហល់ ខណៈលំនៅឋានរបស់ពួកគេត្រូវឆេះបំផ្លាញ ហើយអ្វីគ្រប់យ៉ាងនៅខាងក្នុងបានបាត់បង់ រួមទាំងសត្វចិញ្ចឹម។ នាងនិយាយថាយើងគួតែផ្លាស់ប្តូរទៅកន្លែងផ្សេងទៀត យើងភ័យខ្លាចអ្នកជិតខាងរបស់យើង ពួកគេបានប្រព្រឹត្តិយ៉ាងឃោឃៅមកលើពួកយើង ហើយយើងមិនចង់ឲ្យពួកគេបំផ្លាញអ្វីដែលយើងនៅមានសល់បន្តិចបន្តួចនោះទេ។ មនុស្សជិត១៦០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការវាយប្រហារកាលពីថ្ងៃពុធមុន នៅសហគមន៍គ្រិស្តសាសនិក។ ពលរដ្ឋនិយាយថា កំហឹងក្រោតរយៈពេលច្រើនម៉ោង រួមមានទាំងអ្នកដែលកំពុងកាន់រំពាត់ដែក កាំបិត និងដំបង។ ពួកគេបានដុតព្រះវិហារ និងលំនៅឋានជាច្រើនខ្នង។ នគរបាលនិយាយថា ការវាយប្រហារ បានបង្កឡើងបន្ទាប់ពី តាមការចោទប្រកាន់ថាមានគេប្រមាថទំព័រគម្ពីរកូរ៉ានចំពោះមេដឹកនាំបួងសួងនៅព្រះវិហារ ដែលបញ្ហានេះកើតមានឡើងបន្ទាប់ពីការអំពាវនាការដាក់ទណ្ឌកម្មពីបទប្រមាថគម្ពីរសក្តិសិទ្ធ។ នគរបាលបានចាប់ខ្លួនបុរសគ្រិស្តសាសនិក២នាក់ ចោទប្រកាន់ពីបទប្រមាថគម្ពីរពិសិដ្ឋនិងកំពុងធ្វើការស៊ើបអង្កេត។ ការប្រមាថនេះ អាចជាទណ្ឌកម្មរហូតដល់ទោសប្រហារជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែគ្មាននណាម្នាក់ត្រូវបានកាត់ទោសនៅឡើយ។អាជ្ញាធរបានសន្យា ផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់សហគមន៍គ្រិស្តសាសនា ដែលបង្កើតឡើងមិនដល់២ភាគរយនៃចំនួនប្រជាជនប៉ាគីស្ថាន ២៤១លាននាក់។ មនុស្សជាច្រើន ភ័យខ្លាចមិនហានត្រលប់នៅលំនៅឋានវិញនោះទេ និងពុំដឹងថានៅកន្លែងណាដែលត្រូវកសាងជីវិតរបស់ពួកគេឡើងវិញឡើយ៕

ក្រសួងការបរទេសសរអាមេរិក បន្តហាមឃាត់ការប្រើប្រាស់លិខិតឆ្លងដែនអាមេរិកសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង

2023/08/23 06:46:31 pm        143
អាមេរិក៖ ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋបាលលោកបៃដិនកំពុងបន្តរយៈពេលមួយឆ្នាំទៀតសម្រាប់បម្រាមលើការប្រើប្រាស់លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិកក្នុងការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង។ ការហាមប្រាមនេះ ត្រូវបានដាក់ឲ្យអនុវត្តន៍ក្នុងឆ្នាំ ២០១៧ ហើយត្រូវបានបន្តជារៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក។ការពន្យាពេលចុងក្រោយនេះ កើតឡើងនៅពេលដែលភាពតានតឹងជាមួយកូរ៉េខាងជើង កំពុងកើនឡើងជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន និងស្ថានភាពមិនច្បាស់លាស់របស់លោក Travis King សមាជិកយោធាអាមេរិក ដែលបានចូលប្រទេសនេះកាលពីខែមុន តាមព្រំដែនដែលមានកងកម្លាំងប្រដាប់ដោយអាវុធធុនធ្ងន់របស់ខ្លួន។ក្រសួងបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មាន Federal Register ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស លោក អង់តូនី ប្ល៊ីងខិន(Antony Blinken)កាលពីថ្ងៃពុធថា៖«ក្រសួងការបរទេស បានកំណត់ថា ទីនោះបន្តមានហានិភ័យធ្ងន់ធ្ងរដល់ពលរដ្ឋនិងជនជាតិអាមេរិកក្នុងការចាប់ខ្លួន និងការឃុំខ្លួនរយៈពេលវែងដែលបង្កើតជាគ្រោះថ្នាក់ដល់សុវត្ថិភាពរាងកាយរបស់ពួកគេ»។ ការហាមប្រាមនេះ ធ្វើឲ្យវាខុសច្បាប់ក្នុងការប្រើប្រាស់លិខិតឆ្លងដែនសហរដ្ឋអាមេរិកសម្រាប់ការធ្វើដំណើរទៅ មកពី ឬឆ្លងកាត់ប្រទេសកូរ៉េខាងជើង លុះត្រាតែវាត្រូវបានបញ្ជាក់យ៉ាងជាក់លាក់ ក្នុងករណីផលប្រយោជន៍ជាតិដែលមានការបង្ខាំងទុក។ វានឹងនៅជាធរមាន រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ លើកលែងតែវាត្រូវបានពន្យារពេល ឬលុបចោលវិញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM
សម្ដេចធិបតីបញ្ជាក់ជំហរកម្ពុជា ក្នុងការបន្តចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពលើសាកលលោក
10/24/2026 01:10 PM