ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌
សមត្ថកិច្ចកំពុងស្រាវជ្រាវករណីក្រុមឧក្រិដ្ឋជនអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីថៃឲ្យធ្វើសកម្មភាព Online Scams

សន្តិសុខ និង សង្គម

មនុស្ស៥នាក់ស្លាប់ ក្រោយភ្លៀងធ្លាក់ខ្លាំង នៅប្រទេសចិនភាគខាងកើតនិងបានបំផ្លិចបំផ្លាញដំណាំនៅភាគឦសាន

2023/07/24 05:17:57 pm        307
ចិន៖សារព័ត៌មានរដ្ឋបានរាយការណ៍ថាមនុស្ស៥នាក់ បានស្លាប់ និង២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ទឹកហៀរប្រៀបច្រាំងទន្លេមួយក្នុងភូមិមួយជិតទីក្រុងហាងចូ(Hangzhou)របស់ប្រទេសចិន កាលពីថ្ងៃសៅរ៍ ដោយទឹកជំនន់បានជន់លិចលំនៅឋាននិង ហូរគួចនាំមនុស្ស និងរបស់របរររបស់ពួកគេ។ វីដេអូ ពីទូរទស្សន៍ រដ្ឋ CCTV បានបង្ហាញ ពី ទឹកលាយឡំជាមួយល្បាប់ បានគ្របដណ្ដប់ពាសពេញផ្លូវជាច្រើននៅក្នុងភូមិមួយក្នុងទីប្រជុំជនតាយ័ន (Dayuan) ដោយហូរចាក់លើលំនៅឋាន និងរថយន្ត ។ ជាធម្មតា ប្រទេសចិន តែងមើលឃើញ ភ្លៀងធ្លាក់ខ្លាំង នៅចុងខែកក្កដា ប៉ុន្តែ ព្យុះភ្លៀងបានបង្កគ្រោះថ្នាក់កាន់តែខ្លាំង និងមិនអាចស្មានដល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។  ភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ក៏បានពន្លិចផ្នែកជាច្រើនក្នុងតំបន់ភាគឦសានរបស់ប្រទេសចិន ផងដែរកាលពីចុងសប្ដាហ៍នេះ ដោយបានបំផ្លិចបំផ្លាញលំនៅឋានជាច្រើនខ្នង និងខូចខាតដំណាំក្នុងតំបន់នេះដែលគេស្គាល់ថាជា តំបន់ផលិតគ្រាប់ធញ្ញជាតិរបស់ប្រទេសនេះ ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្សជិត៥.៦០០នាក់ ត្រូវបានក្រុមអាជ្ញាធរជម្លៀសនៅក្នុងខេត្តលាវនីង(Liaoning) បន្ទាប់ពីទីក្រុងមួយចំនួនបានទទួលទឹកភ្លៀងជាង១០០មីលីម៉ែត្រ។ ស្រុកមួយនៃរដ្ឋធានីរបស់ខេត្តតាលៀន (Dalian) បានទទួលទឹកភ្លៀង៩៣ មីលីម៉ែត្រក្នុងមួយម៉ោង។គេបានមើលឃើញក្រុមអ្នកសង្រ្គោះ កំពុងដើរក្នុងទឹកជម្រៅ ត្រឹមជង្គង់ ដោយមានប្រើទូកជ័រ ។ ដំណាំប្រមាណ៥៤ហិចតា ត្រូវបានបំផ្លាញ នៅក្នុងតំបន់ជុំវិញទីក្រុងជីនចូវ (Jinzhou) និងទីក្រុងឆ្នេរ ហ៊ូលូតាវ( Huludao)៕

ក្រុមបាតុករគាំទ្ររដ្ឋាភិបាល ប្រមូលផ្តុំគ្នាក្នុងទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល

2023/07/24 05:11:13 pm        274
អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បានប្រមូលផ្តុំគ្នាយ៉ាងច្រើន នៅក្នុងទីក្រុងតែលអាវីវ កាលពីថ្ងៃអាទិត្យ ក្នុងការគាំទ្រការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu មុនការបោះឆ្នោតសភាដ៏សំខាន់។ និស្សិតអាយុ២៤ឆ្នាំម្នាក់ ឈ្មោះ Aviya Cohen បាននិយាយថា នាងមកចូលរួមដើម្បីផ្ញើសារទៅកាន់រដ្ឋាភិបាលថានាងបានបោះឆ្នោតគាំទ្រ។ ក្រុមអ្នកគាំទ្រនិយាយថា ក្រុមអ្នកប្រឆាំងច្បាប់ មានបំណងបង្អាក់ឆន្ទះនៃសំឡេងភាគច្រើនដែលបានបោះឆ្នោតឲ្យរដ្ឋាភិបាលរបស់លោក Netanyahu ឲ្យឡើងកាន់អំណាចកាលពីឆ្នាំមុន ហើយការប្រឆាំងនេះបានបើកចំហរចំពោះការបែកបាក់ដ៏ជ្រៅនៅក្នុងសង្គមអ៊ីស្រាអែល។ លោក Netanyahu អាយុ៧៣ឆ្នាំ បាននិយាយថា លោកកំពុងធ្វើបានយ៉ាល្អ បន្ទាប់ពីការចូលសម្រាកនៅមន្ទីរពេទ្យកាលពីពេលយប់ និងបានសន្យាមកចូលរួមនៅក្នុងសភានៅថ្ងៃចន្ទនេះ ដើម្បីបោះឆ្នោតសម្រាប់កំណែទម្រង់តុលាការដែលមានភាពចម្រូងចម្រាស់។ ក្រុមអ្នករិះគន់និយាយថា ការធ្វើវិសោធនកម្មកំពុងធ្វើឡើងដោយប្រញាប់ប្រញ៉ាល់តាមរយៈសភា ហើយនឹងបើកទ្វារដើម្បីបំពានអំណាចក្នុងការផ្លាស់ប្តូរនូវផ្នែកនៃការពិនិត្យតុល្យភាពដ៏មានប្រសិទ្ធភាពក្នុងចំណោមការពិនិត្យមួយចំនួនលើការអង្គប្រតិបត្តិ នៅក្នុងប្រទេសដោយគ្មានរដ្ឋធម្មនុញ្ញត្រូវបានសរសេរឡើងជាផ្លូវការ៕

សង្រ្គាមស៊ូដង់ បានឈានចូលដល់ថ្ងៃទី១០០ ខណៈការប៉ុនប៉ុងសម្របសម្រួលបញ្ចប់ជម្លោះបរាជ័យ

2023/07/24 04:46:40 pm        171
ស៊ូដង់៖ ការប៉ះទង្គិចគ្នាបានរាលដាលដល់តំបន់ជាច្រើនរបស់ប្រទេសស៊ូដង់នៅថ្ងៃទី១០០នៃសង្រ្គាមនេះ កាលពីថ្ងៃអាទិត្យ ខណៈការប៉ុនប៉ងសម្របសម្រួលដោយប្រទេសក្នុងតំបន់ និងមហាអំណាចអន្តរជាតិ បរាជ័យក្នុងការត្រួសត្រាយផ្លូវបញ្ចប់ជម្លោះដែលចេះតែរីកធំ។ ការវាយប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា ខណៈកងទ័ពនិង កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានព្យាយាមដណ្ដើមអំណាច ចាប់តាំងពីនៅពេលដែលមនុស្សជាង៣លាននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋាន រួមទាំងមនុស្សជាង៧០ម៉ឺននាក់ ដែលបានរត់គេចខ្លួនចេញទៅកាន់បណ្ដាប្រទេសជិតខាង។  យោងតាមក្រសួងសុខាភិបាល មនុស្សចំនួន ១.១៣៦នាក់ បានស្លាប់ ទោះបីជាក្រុមមន្ត្រីជឿថាចំនួនពិតប្រាកដមានច្រើនជាងនេះក៏ដោយ។ ទាំងកងទ័ព ទាំង RSF មិនអាចដណ្តើមយកជ័យជម្នះបានទេ ស្របពេលក្រុមកងកម្លាំងRSF បង្កើនការវាយប្រយុទ្ធនៅលើដីក្នុងរដ្ឋធានីខាទុំ( Khartoum) ប្រឆាំងនឹងកម្លាំងទ័ពអាកាស និងកាំភ្លើងធំ។ហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលនៅក្នុងរដ្ឋធានី បានដួលរលំដោយផ្នែក ខណៈការវាយប្រយុទ្ធគ្នាបានរាលដាលពាសពេញភាគខាងលិច ពិសេសបានបំផ្លិចបំផ្លាញក្នុងតំបន់ដាហ្វួរ(Darfur) ព្រមទាំងភាគខាងត្បូង ជាទីដែលក្រុមឧទ្ទាម SPLM-N បានព្យាយាមដណ្ដើមដែនដីមកវិញ៕

រុស្ស៊ីចោទក្រុងគីវពីបទប្រើគ្រាប់បែកចង្កោម ខណៈដែលអ្នកកាសែតបានស្លាប់

2023/07/23 09:24:19 pm        500
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ្នកកាសែតរុស្ស៊ីម្នាក់ ត្រូវបានសម្លាប់នៅជិតខ្សែត្រៀមជួរមុខក្នុងតំបន់ Zaporizhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគីវពីបទប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងខែនេះ ក្នុងការវាយប្រហារ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា Rostislav Zhuravlev អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាម​សម្រាប់ទីភ្នាក់ងារសារព័ត៌មានRIA របស់រុស្ស៊ី បានស្លាប់ និងអ្នកកាសែតរុស្ស៊ីបីនាក់ផ្សេងទៀត បានរងរបួសក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដោយបន្ថែមថា ពួកគេត្រូវបានជម្លៀសចេញពីសមរភូមិ ប៉ុន្តែ Zhuravlev បានស្លាប់ក្នុងអំឡុងពេលធ្វើដំណើរ។ កងទ័ពរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដោយសារការវាយប្រហាររបស់ កងទ័ពអ៊ុយក្រែនដោយប្រើគ្រាប់បែកចង្កោម អ្នកកាសែត៤នាក់ បានរងរបួសក្នុងកម្រិតនៃភាពធ្ងន់ធ្ងរខុសៗគ្នា។កងទ័ព បាននិយាយទៀតថា អ្នកឆ្លើយឆ្លងព័ត៌មានផ្សេងទៀត មានរបួស«កម្រិតមធ្យម»។ដោយនិយាយមកពីទីក្រុងមូស្គូ អ្នកកាសែត Daniel Hawkins បាននិយាយថា មានប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងពីទីក្រុងម៉ូស្គូទាក់ទងនឹងឧប្បត្តិហេតុនេះ។

សហរដ្ឋអាមេរិកមិនប្រញាប់ផ្តល់មីស៊ីលATACMS ដល់ប្រទេសអ៊ុយក្រែនទេ

2023/07/23 08:34:45 pm        434
កាសែត Washington Post បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា មកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន មិនទាន់មានគម្រោងផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ទេ។ យោងតាមក្រុមមន្ត្រី បានឲ្យដឹងថា រដ្ឋបាលលោកបៃដិន នៅតែរក្សាជំហរដ៏រឹងមាំ សម្រាប់ពេលនេះ យ៉ាងហោចណាស់ចំពោះការបដិសេធរបស់ខ្លួនក្នុងការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន ទោះបីជាមានសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកសភាអាមេរិក និងការអង្វរពីរដ្ឋាភិបាលនៅក្នុងទីក្រុងគីវក្តី។ កាសែត Washington Post បានចង្អុលបង្ហាញពីការខកចិត្តចំពោះល្បឿនយឺតនៃការវាយបករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដ៏រឹងមាំ និងការថ្លែងមិនច្បាស់លាស់កាលពីពេលថ្មីៗរបស់លោកប្រធានាធិបតីបៃដិន បាននាំឱ្យមានការរំពឹងទុកយ៉ាងទូលំទូលាយថា មីស៊ីលនឹងដើរតាមគន្លងផ្លូវរបស់ប្រព័ន្ធអាវុធផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ទោះជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិ និងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដែលដឹងពីបញ្ហានេះ បានប្រាប់កាសែតនេះថា មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក និងមិនមានការពិភាក្សាសំខាន់ៗអំពីបញ្ហានេះអស់រយៈពេលជាច្រើនខែមកហើយ។ យោងតាមក្រុមមន្ត្រី មន្ទីរបញ្ចកោណជឿជាក់ថា ទីក្រុងគីវមានតម្រូវការបន្ទាន់លើសពីមីស៊ីល ATACMS ហើយការព្រួយបារម្ភថា ការបញ្ជូនយ៉ាងគ្រប់គ្រាន់ទៅកាន់អ៊ុយក្រែន ដើម្បីធ្វើឲ្យ មានភាពខុសប្លែកគ្នានៅលើសមរភូមិ នឹងកាត់បន្ថយការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរ​សម្រាប់លទ្ធភាពជម្លោះផ្សេងៗទៀត។ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយមុននេះថា ទីក្រុងវ៉ាស៊ីន តោន កំពុងពិភាក្សាជាមួយទីក្រុងគីវអំពីលទ្ធភាពផ្គត់ផ្គង់ ATACMS ប៉ុន្តែមិនទាន់មានការសម្រេច​ចិត្តណាមួយ ត្រូវបានធ្វើឡើងនៅឡើយ។

យ៉ាងហោចណាស់ស្លាប់៤នាក់ និងរបួស ១០នាក់ បន្ទាប់ពីផ្ទុះបំពង់ទឹកក្តៅ នៅផ្សារទំនើបក្នុងក្រុងម៉ូស្គូ

2023/07/23 08:10:21 pm        429
ក្រុមមន្ត្រីបាននិយាយថា មនុស្ស ៤នាក់ បានស្លាប់ និង១០នាក់បានរងរបួស កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) បន្ទាប់ពីបំពង់ទឹកក្តៅ បានផ្ទុះនៅផ្សារទំនើបមួយ នៅភាគខាងលិចទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។អភិបាលក្រុង លោក Sergei Sobyanin បាននិយាយថា អ្នករងរបួសមួយចំនួន បានរងរបួស​ដោយសាររលាក ហើយសេវាសង្គ្រោះ បន្ទាន់កំពុងបំពេញការងាររបស់ខ្លួន នៅកន្លែងកើតហេតុនោះ។ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីអ្នកស៊ើបអង្កេតដែលនិយាយថា មិនមានការលេចធ្លាយ​សារធាតុអាម៉ូញាក់នៅកន្លែងដូចដែលធ្លាប់មានការសង្ស័យមួយរយៈមកនោះឡើយ។រូបភាពវីដេអូ បានបង្ហាញពីទឹកសាយពេញអគារ​ល្ហាចល្ហឹម​ ហើយទឹកក្ដៅហូរចេញតាមទ្វារចូល។ ផ្សារទំនើបនេះត្រូវបានគេស្គាល់ថា ឈ្មោះ Vremena Goda (The Seasons) បានបើកដំណើរការនៅឆ្នាំ២០០៧ ដោយមានហាងលក់ទំនិញជាង ១៥០កន្លែង នៅក្នុងនោះ៕

មនុស្សណែនតាប់ដើរជាក្បួនតវ៉ានៅអ៊ីស្រាអែល ខណៈការបោះឆ្នោត លើសំណើច្បាប់កែប្រែប្រព័ន្ធតុលាការ ជិតមកដល់

2023/07/23 07:42:07 pm        407
ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បានដើរដង្ហែក្បួនចូលទៅក្នុងទីក្រុងហ្សេរុយសាឡឹម (Jerusalem) ហើយអ្នកតវ៉ាជាច្រើនទៀត បានចេញមកបង្ហាញខ្លួន នៅទីក្រុងតែលអាវីវ (Tel Aviv) ដែលជាការ​បង្ហាញកម្លាំងនៅនាទីចុងក្រោយ ដើម្បីរារាំងផែនការកែប្រែប្រព័ន្ធតុលាការដ៏​ចម្រូងចម្រាស​របស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu។បាតុកម្ម កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) បានកើតឡើងនៅពេលដែលអតីតប្រធានសន្តិសុខ​របស់អ៊ីស្រាអែល​ជាង ១០០នាក់ បានចុះហត្ថលេខាក្នុងលិខិតមួយផ្ញើទៅតវ៉ាឲ្យលោក Netanyahu បញ្ឈប់សំណើច្បាប់នេះ ហើយកម្លាំងយោធាបម្រុងរាប់ពាន់នាក់បន្ថែមទៀត បាននិយាយថា ពួកគេនឹងលែងរាយការណ៍ពីកាតព្វកិច្ច ដើម្បីជាការជំទាស់នឹងផែនការនេះ។សភាអ៊ីស្រាអែល ឬ Knesset គ្រោងនឹងធ្វើការបោះឆ្នោតចុងក្រោយ ​នៅថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) នេះ និងថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ស្អែកនេះ លើសំណើច្បាប់មួយ ដើម្បីកំណត់អំណាចរបស់​តុលាការ​កំពូល ដែលតែងចាត់ទុកជាមោឃៈនូវការសម្រេចនានារបស់រដ្ឋាភិបាល ឬរបស់​ថ្នាក់រដ្ឋមន្ត្រី ដោយការធ្វើបែបនេះ រដ្ឋាភិបាលចាត់ទុកថា ​ជាការសម្រេច«មិនសមហេតុផល»។ក្រុមអ្នករិះគន់ចាត់ទុកសំណើច្បាប់នេះថា ​ជាការគំរាមកំហែងដល់​លទ្ធិប្រជាធិបតេយ្យរបស់​អ៊ីស្រាអែល។ តែទោះបីជាមានការតវ៉ារយៈពេល ៧ខែក៏ដោយ ​ក៏លោក Netanyahu បាន​បន្ថែមការប្តេជ្ញាចិត្តទ្វេដងលើសេចក្ដីព្រាងច្បាប់នេះ ​ខណៈដែលរូបលោកបានចេញវីដេអូមួយ នាព្រឹកថ្ងៃអាទិត្យនេះ ដែលប្រកាសថា លោកនឹងត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បី​ទទួល​បែបបទ​វេជ្ជសាស្ត្រ ក្នុងការបំពាក់ឧបករណ៍វាស់ចង្វាក់បេះដូង៕

អ្នកវិទ្យាសាស្ត្រណាសា៖ ខែកក្កដាទំនងជាខែក្តៅបំផុត នៅលើផែនដី

2023/07/23 07:18:07 pm        318
អ្នកជំនាញអាកាសធាតុលំដាប់ខ្ពស់របស់អង្គការណាសា (NASA) លោក Gavin Schmidt បាននិយាយកាលពីពាក់សប្ដាហ៍ថា ខែកក្កដា ឆ្នាំ២០២៣ អាចទំនងជាខែក្តៅបំផុតរបស់ភពផែនដី នៅក្នុងរយៈពេល បើមិនរាប់ពាន់ឆ្នាំ ក៏រាប់រយឆ្នាំដែរ។ខែនេះត្រូវបានគេមើលឃើញថា កម្ដៅប្រចាំថ្ងៃឡើងខ្ពស់លើស កាលពីពេលមុនរួចហើយ ដោយយោងទៅតាមឧបករណ៍វាស់កម្ដៅដែលដំណើរការដោយសហភាពអឺរ៉ុប និង​សាកលវិទ្យាល័យ Maine នៅសហរដអាមេរិក ​ដែលរួមបញ្ចូលគ្នា រវាងទិន្នន័យលើដី និងផ្កាយរណបទៅក្នុងគំរូ ដើម្បីធ្វើការប៉ាន់ស្មានបឋម។លោក Schmidt បាននិយាយនៅក្នុងបទសម្ភាសសង្ខេបរបស់ NASA ជាមួយអ្នកសារព័ត៌មានថា ទោះបីជាការប៉ាន់ស្មាន មានការខុសគ្នាបន្តិចបន្តួចក៏ដោយ ប៉ុន្តែនិន្នាការនៃការឡើងកម្ដៅខ្លាំង គឺមិនអាចមានកំហុសនោះទេ ហើយទំនងជានឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ប្រចាំខែ​ដ៏រឹងមាំបន្ថែមទៀត ដែលចេញដោយទីភ្នាក់ងារសហរដ្ឋអាមេរិក នាពេលក្រោយ។លោកបន្ថែមថា ទោះបីជាព្រឹត្តិការណ៍ធម្មជាតិ El Nino កំពុងជះឥទ្ធិពលតិចតួចក៏ដោយ ក៏ប៉ុន្តែ «អ្វីដែលយើងកំពុងឃើញ​ គឺការឡើងក្ដៅជាទូទៅ​ ស្ទើរគ្រប់ទីកន្លែង ​ជាពិសេសនៅមហាសមុទ្រ។ យើងបានឃើញសីតុណ្ហភាពលើផ្ទៃសមុទ្រដែលឡើងក្ដៅខ្លាំង​ សូម្បីតែនៅខាងក្រៅតំបន់ត្រូពិច អស់រយៈពេលជាច្រើនខែមកហើយ។អ្វីដែលកំពុងកើតឡើងនៅពេលនេះ កំពុងបង្កើនឱកាស ដែលនាំឲ្យឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំក្តៅ​បំផុត​របស់ភពផែនដី ដែលបច្ចុប្បន្ន លោក Schmidt បានកំណត់«ឱកាស ៥០-៥០» ដោយផ្អែក​លើការ​ព្យាករ​របស់លោក ទោះបីជាលោកបានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រផ្សេងទៀតបានកំណត់​ឱកាស​ខ្ពស់ដល់ទៅ ៨០ភាគរយក៏ដោយ។ការព្រមានរបស់លោក Schmidt បានកើតឡើងនៅពេលដែលពិភពលោក បានកើតមាន​ហេតុការណ៍ភ្លើងឆេះសឹងគ្រប់ទីកន្លែង ​និងការព្រមានអំពីបញ្ហាសុខភាពធ្ងន់ធ្ងរ ​កាលពីសប្តាហ៍មុន ដោយ​បន្ថែមពីលើសីតុណ្ហភាពឡើងកាន់តែខ្ពស់លើសកាលពីពេលមុន៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានបំពាក់ឧបករណ៍វាស់ចង្វាក់បេះដូងមួយយប់

2023/07/23 06:24:04 pm        407
ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលចេញផ្សាយដោយការិយាល័យរបស់លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកត្រូវបានបំពាក់ឧបករណ៍វាស់ចង្វាក់បេះដូងមួយយប់ នៅចន្លោះថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែកក្កដា) និងថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា)។ លោក Netanyahu បាននិយាយនៅក្នុងវីដេអូនោះថា៖ «មួយសប្តាហ៍មុន ខ្ញុំត្រូវបានបំពាក់ឧបករណ៍តាមដាន។ ឧបករណ៍នោះបានបន្លឺសំឡេងនៅល្ងាចនេះ ហើយប្រាប់ថា ខ្ញុំត្រូវតែទទួលការបំពាក់ឧបករណ៍វាស់ចង្វាក់បេះដូង ហើយថា ខ្ញុំត្រូវតែបំពាក់វានៅយប់នេះ។ ខ្ញុំមានអារម្មណ៍ល្អប្រសើរធម្មតាទេ ប៉ុន្តែខ្ញុំត្រូវស្តាប់គ្រូពេទ្យរបស់ខ្ញុំ»។លោក Netanyahu វ័យ ៧៣ឆ្នាំ កំពុងឈរនៅក្នុងវីដេអូនោះ និងញញឹម។ លោកបាននិយាយថា គ្រូពេទ្យរបស់លោក បានធានាថា លោកនឹងចេញពីមន្ទីរពេទ្យនៅរសៀលថ្ងៃស្អែក។ ការិយាល័យរបស់លោក Netanyahu បានប្រាប់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yariv Levin នឹងបំពេញតួនាទីជំនួស អំឡុងពេលទទួលបែបបទផ្នែកវេជ្ជសាស្ត្រនេះ។លោក Netanyahu ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ដោយសារអ្វី ដែលការិយាល័យរបស់លោក បាននិយាយថា ជាអាការខ្វះជាតិទឹក ដែលបានកើតឡើង បន្ទាប់ពីរូបលោក បានទៅសម្រាកវិស្សមកាល នៅសមុទ្រ Galilee ដោយមិនបានការពារខ្លួនពីរលកកម្ដៅឲ្យបានត្រឹមត្រូវ៕

ទឹកជំនន់នៅខេត្ត Nova Scotia បណ្តាលឲ្យមានការខូចខាតនឹកស្មានមិនដល់ ខណៈមនុស្ស ៤នាក់បាត់ខ្លួន

2023/07/23 06:12:36 pm        383
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) ថា ភ្លៀងធ្លាក់ខ្លាំងបំផុត ដែលបាន​វាយប្រហារ​ខេត្តអាត្លង់ទិក Nova Scotia របស់ប្រទេសកាណាដា ជាលើកដំបូងក្នុងរយៈពេលជាង ៥០ឆ្នាំ បានបង្កជាទឹកជំនន់ដែលបណ្តាលឲ្យមានការខូចខាត «មិនអាចនឹកស្មានដល់» ហើយពេលនេះ មនុស្ស ៤នាក់បានបាត់ខ្លួន ក្នុងនោះក៏មានកុមារ ២នាក់ផងដែរ។ខ្យល់ព្យុះ ដែលបានចាប់ផ្តើម កាលពីថ្ងៃសុក្រ (ទី២១ ខែកក្កដា) បានធ្វើឲ្យមានកម្រិតទឹកជាង ២៥សង់ទីម៉ែត្រ នៅផ្នែកខ្លះក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ពោលគឺជាបរិមាណដូចគ្នា​ដែលជាធម្មតាមានភ្លៀងធ្លាក់ក្នុងរយៈពេល ៣ខែ។ ទឹកជំនន់នេះបានបំផ្លាញផ្លូវថ្នល់ ធ្វើឲ្យស្ពាន​មានសភាពយ៉ាប់យ៉ឺន និងអគារនានាលិចទឹក។ទឹកជំនន់គឺជាគ្រោះមហន្តរាយចុងក្រោយបង្អស់ទាក់ទងនឹងអាកាសធាតុ ដែលបានវាយលុក​ប្រទេស​កាណាដា ក្នុងឆ្នាំនេះ។ មុននេះចំហេះព្រៃបានបំផ្លាញផ្ទៃដីរាប់ហិកតារួចហើយ ដោយ​សំណុំផ្សែងពីការឆេះនេះ បានអណ្ដែតចូលទៅបង្កបញ្ហាដល់សហរដ្ឋអាមេរិក។ ស្ថានភាពទឹកជំនន់ បានជំរុញឲ្យអាជ្ញាធរប្រកាសភាពអាសន្ន នៅទីក្រុង Halifax ដែលជាទីក្រុង​ធំបំផុត​នៅខេត្ត Nova Scotia និងតំបន់ចំនួន៤ ផ្សេងទៀត។កាលព្រឹកថ្ងៃសៅរ៍ អាជ្ញាធរនៅភាគខាងជើងខេត្ត Nova Scotia បានបញ្ជាឲ្យអ្នកស្រុកជម្លៀសខ្លួន ដោយសារមានការភ័យខ្លាចថា ទំនប់នៅជិតប្រព័ន្ធទន្លេ St. Croix (សាំង គ្រ័រ) អាចបាក់ តែក្រោយមកបានលុបចោលបញ្ជាជម្លៀសនោះវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
08/11/2026 11:08 AM
មនុស្ស ១៥ នាក់ស្លាប់ និង ៨ នាក់បាត់ខ្លួននៅហ្វីលីពីន បន្ទាប់ពីទឹកជំនន់ និងបំណាក់ដីដោយសារព្យុះចំនួនពីរ
08/11/2026 10:08 AM
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
08/11/2026 10:08 AM
អភិបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ២៥០០បណ្ណ ដល់ពលរដ្ឋ​នៅ​ស្រុកភ្នំស្រួច
08/11/2026 10:08 AM
ក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz រសាត់ឆ្ងាយ ខណៈលោក Trump ទាមទារសំណងពីអ៊ីរ៉ង់
08/11/2026 09:08 AM
អង់គ្លេស និងបារាំង ត្រៀមទប់ទល់រលកកម្តៅមួយផ្សេងទៀត ខណៈអឺរ៉ុបខាងលិចបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់ថ្មី
08/11/2026 09:08 AM
រៀនឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភប្រចាំខែ! NIEI ផ្ដល់អាហារូបករណ៍លើជំនាញ ៦មុខវិជ្ជា ក្រោមកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល
08/11/2026 09:08 AM
[UPDATE]អតីតសមាជិកសភាថៃសារភាពថា ខ្លួនបានបាញ់សម្លាប់មន្ត្រីមូលដ្ឋាន ដោយសារជម្លោះលុយកាក់
08/11/2026 09:08 AM
ប្រេងនៅមានតម្លៃខ្ពស់ជិតមួយសប្តាហ៍ ខណៈក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ថយចុះ
08/11/2026 09:08 AM
ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសកូឡុំប៊ី ឡើងដល់១៣២នាក់ និងជាង ៥៧០នាក់របួស
08/11/2026 08:08 AM