ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

សន្តិសុខ និង សង្គម

កម្ដៅដ៏ខ្លាំងក្លា បានសម្លាប់មនុស្សរាប់ពាន់នាក់ទូទាំងពិភពលោក ខណៈរដូវក្តៅថ្មីកំពុងចាប់ផ្តើម

2024/06/21 03:22:58 pm        132
រលកកម្ដៅដ៏ក្ដៅគគុកកំពុងឆាបឆេះទីក្រុងនានានៅលើទ្វីបជាច្រើនទូទាំងពិភពលោក នៅពេលអឌ្ឍគោលខាងជើងចាប់ផ្ដើមថ្ងៃដំបូងនៃរដូវក្តៅ ដោយនោះជាសញ្ញាមួយដែលថាបម្រែបម្រួលអាកាសធាតុអាចជួយជំរុញកម្ដៅកម្រិតបំបែកកំណត់ត្រា ហើយអាចឡើងលើសពីរដូវក្តៅមុនៗដែលក្តៅបំផុតក្នុងរយៈពេល ២.០០០ ឆ្នាំ។ សីតុណ្ហភាពក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានគេសង្ស័យថាបានបណ្តាលឱ្យមនុស្សរាប់រយ ឬរាប់ពាន់នាក់ស្លាប់នៅទូទាំងអាស៊ី និងអឺរ៉ុប។នៅអារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប អ្នកធ្វើធម្មយាត្រាមូស្លីមជិតពីរលាននាក់កំពុងបញ្ចប់ពិធីបុណ្យហាជី (Hajj) ហើយមនុស្សជាងមួយពាន់នាក់ បានស្លាប់ក្នុងអំឡុងពេលធ្វើដំណើរស្របពេលមានសីតុណ្ហភាពលើសពី ៥១ អង្សាសេ នេះបើយោងតាមរបាយការណ៍ពីអាជ្ញាធរបរទេស។បណ្តាប្រទេសជុំវិញសមុទ្រមេឌីទែរ៉ាណេក៏បានស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងមួយសប្តាហ៍ទៀត ដែលបានរួមចំណែកដល់ចំហេះព្រៃចាប់ពីប្រទេសព័រទុយហ្គាល់ រហូតដល់ក្រិក។ ទ្វីបអឺរ៉ុបនៅឆ្នាំនេះ បាននឹងកំពុងប្រឈមមុខនឹងការស្លាប់ និងបាត់ខ្លួនភ្ញៀវទេសចរជាច្រើន ស្របពេលមានរលកកម្ដៅដ៏គ្រោះថ្នាក់។ មួយភាគធំនៃភាគខាងកើតសហរដ្ឋអាមេរិក ក៏កំពុងស្ថិតក្រោមអាកាសធាតុក្ដៅខ្លាំងអស់រយៈពេលបួនថ្ងៃជាប់ៗគ្នានៅក្រោមរលកកម្ដៅគ្របដណ្ដប់ ឬដូមកម្ដៅ។ កម្ដៅកម្រិតបំបែកកំណត់ត្រាក៏បានឆាបឆេះផ្នែកធំៗនៃអាស៊ីផងដែរ ដោយបានសម្លាប់មនុស្សរាប់រយនាក់ បំផ្លាញដំណាំ និងបង្ខំឱ្យសាលារៀនត្រូវបិទទ្វារ៕

នគរបាលស្រាវជ្រាវឃាត់ខ្លួនក្មេងស្ទាវ៦នាក់ករណីដេញកាប់គ្នានៅមុខព្រលានយន្តហោះពោធិ៍ចិនតុង

2024/06/21 02:31:37 am        261
 ភ្នំពេញ ៖ ដោយមានការណែនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវចាប់ខ្លួនក្រុមក្មេងស្ទាវ ៦នាក់ករណីដេញកាប់គ្នា កាលពីទាបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤ បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ មុខព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ ។លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងថា ករណីផ្ទុះហឹង្សាដេញកាប់ចាក់គ្នាដែលបណ្តាលឲ្យខូចខាតម៉ូតូ ១គ្រឿង និងរងរបួសមនុស្សមួយចំនួននេះ គឺបង្កឡើងដោយក្រុមក្មេងទំនើង មានចំនួន ៣ក្រុមផ្សេងគ្នា ។ ​ដោយ ៖ តារាវុទ្ធី

ការតវ៉ាប្រឆាំងចំពោះគំនិតប្រឆាំងជនជាតិជ្វីហ្វ នៅទីក្រុងប៉ារីស បន្ទាប់ពីការចាប់រំលោភក្មេងស្រីជនជាតិជ្វីហ្វ

2024/06/20 09:59:44 pm        133
បាតុករជាច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅខាងមុខសាលាក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃពុធ ដើម្បីថ្កោលទោសចំពោះគំនិតប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីការរំលោភក្មេងស្រីជនជាតិជ្វីហ្វម្នាក់ នៅជាយក្រុងប៉ារីស។ការិយាល័យរដ្ឋអាជ្ញាសាធារណៈ ក្រុង Nanterre បាននិយាយថា ក្មេងជំទង់បីនាក់ ត្រូវបានចាប់ខ្លួនក្នុងសប្តាហ៍នេះ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ មកពីទីក្រុង គូបេវ័រ( Courbevoie) ភាគខាងលិចទីក្រុងប៉ារីស ដែលបានប្រាប់នគរបាលថា នាងត្រូវបានចាប់រំលោភដោយក្រុមជនអន្ធពាល ខណៈក៏ត្រូវបានប្រមាថដោយពាក្យសម្តីនិយាយបង្ខូចប្រឆាំងជនជាតិជ្វីហ្វ។មជ្ឈមណ្ឌលស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ការគំរាមសម្លាប់ និងការវាយដំ ស្ថិតក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងទៀត ព្រមទាំងការចោទប្រកាន់ពីការជំរុញផ្នែកសាសនា ត្រូវបានលើកឡើងថា ជាកត្តាធ្វើឱ្យមានស្ថានទម្ងន់ទោស។ឧបទ្ទវហេតុនៃគំនិតប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងនៅក្នុងប្រទេសបារាំង ចាប់តាំងពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងសង្រ្គាមជាបន្តបន្ទាប់ទៅលើក្រុមអ៊ីស្លាមនិយម ដែលបានធ្វើឡើងដោយអ៊ីស្រាអែល។

ប្រភព៖ បុគ្គលិកសន្តិសុខប៉ាឡេស្ទីន១០នាក់ ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា

2024/06/20 09:53:42 pm        91
សន្តិសុខប៉ាឡេស្ទីន និងប្រភពពីផ្នែកវេជ្ជសាស្ត្រ បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់បុគ្គលិកសន្តិសុខប៉ាឡេស្ទីន ១០នាក់ដែលជិះរថយន្តដឹកទំនិញ ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល នៅទីក្រុង រ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ប្រភពក្នុងតំបន់ និងសាក្សីដែលឃើញផ្ទាល់ភ្នែក បានប្រាប់សារព័ត៌មានស៊ីនហួថា យន្តហោះអ៊ីស្រាអែលបានកំណត់គោលដៅបុគ្គលិកសន្តិសុខមួយក្រុម ដែលការពារទំនិញពាណិជ្ជកម្ម នៅភាគខាងកើតនៃ ទីក្រុងរ៉ាហ្វា។ស្របពេលជាមួយគ្នានោះ ប្រភពពីខាងផ្នែកវេជ្ជសាស្ត្រ បាននិយាយថា សាកសពរបស់អ្នកស្លាប់ ក៏ដូចជាអ្នករបួសជាច្រើននាក់ទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យអឺរ៉ុបហ្កាហ្សា។កងទ័ពអ៊ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះ នៅឡើយទេ។កាលពីពេលថ្មីៗនេះ អាជ្ញាធរអ៊ីស្រាអែល បានអនុញ្ញាតឲ្យទំនិញពាណិជ្ជកម្មពីតំបន់វេសបែង ចូលទៅក្នុងតំបន់ឡោមព័ទ្ធដែលហែកហួរដោយសង្គ្រាមភាគខាងត្បូង បន្ទាប់ពីមានការសម្របសម្រួលពីមុន។ នេះបើយោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន។ឧប្បត្តិហេតុនេះ គឺជាលើកទី២ ក្នុងរយៈពេលពីរថ្ងៃ ខណៈកាលពីយប់ថ្ងៃចន្ទ មនុស្សយ៉ាងតិច ៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកំណត់គោលដៅទៅលើបុគ្គលិកសន្តិសុខដែលការពារទំនិញពាណិជ្ជកម្ម។

មនុស្ស ២៩ នាក់ស្លាប់ ដោយសារផឹកស្រាផលិតខុសច្បាប់នៅភាគខាងត្បូងឥណ្ឌា

2024/06/20 08:29:35 pm        65
យ៉ាងហោចណាស់មនុស្ស ២៩ នាក់បានស្លាប់ និងរាប់សិបនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងរដ្ឋ ថាមីល ណាឌូ (Tamil Nadu) ភាគខាងត្បូងប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ (២០ មិថុនា) នេះ បន្ទាប់ពីទទួលទានស្រាក្លែងក្លាយ និងផលិតដោយខុសច្បាប់។ជនរងគ្រោះដែលរងផលប៉ះពាល់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាលក្បែរនោះនៅក្នុងស្រុក កាឡាក់គូរីឈី (Kallakurichi) និងទឹកដីសហព័ន្ធ ភូឌូឈឺរី (Puducherry) នៅពាក់កណ្តាលអធ្រាត្រ នេះបើតាមមន្រ្តីអាជ្ញាធរម្នាក់បាននិយាយ ក្នុងពេលចុះទៅពិនិត្យអ្នកជំងឺធ្ងន់ធ្ងរដែលកំពុងទទួលការព្យាបាល។ប្រមុខរដ្ឋ ថាមីល ណាឌូ លោក អ៊ិមខេ ស្តាលីន (M.K. Stalin) បានទាមទារឱ្យមានការស៊ើបអង្កេតដោយនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប្រទេស (CID) ហើយធានាថានឹងចាត់វិធានការប្រឆាំងនឹងមន្ត្រីដែលមិនការពារឧប្បត្តិហេតុបែបនេះ។ការស្លាប់ដោយសារគ្រឿងស្រវឹងផលិតដោយខុសច្បាប់ ដែលគេស្គាល់ក្នុងស្រុកថាជាស្រាខ្លាំង ឬស្រាក្នុងស្រុក (Hooch or Country liquor) គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដោយមានមនុស្សតិចតួចប៉ុណ្ណោះដែលអាចទិញស្រាម៉ាកយីហោមកផឹកបាន។ ការស្លាប់ចំនួនប្រាំនាក់ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ អ៊ូតា ប្រទេស (Uttar Pradesh) របស់ឥណ្ឌា ដែលមានប្រជាជនច្រើន នៅក្នុងករណីស្រដៀងគ្នានេះកាលពីឆ្នាំមុន៕

មនុស្សជិត ៣៥០ នាក់ត្រូវបានសម្លាប់ក្នុងជម្លោះនៅទីក្រុងមួយរបស់ស៊ូដង់ ចាប់តាំងពីខែឧសភា

2024/06/20 08:27:15 pm        88
មន្រ្តីម្នាក់បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា ជនស៊ីវិលជិត ៣៥០ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង អ៊ែល ហ្វាសឺ (El Faser) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ (North Darfur) របស់ប្រទេសស៊ូដង់ ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ស្របពេលមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។លោក អ៊ីប្រាហ៊ីម អាបឌូលឡា ខាទឺ (Ibrahim Abdullah Khatir) អគ្គនាយកនៃក្រសួងសុខាភិបាលរដ្ឋរដ្ឋ ណស ដាហ្វឺ បានប្រាប់សារព័ត៌មានស៊ីនហួ ថា «មនុស្សយ៉ាងហោចណាស់ ៣៤៦ នាក់ត្រូវបានសម្លាប់ និង ២.២០០ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីថ្ងៃទី១០ ខែឧសភា ហើយតួលេខពិតប្រាកដទំនងជាច្រើនជាងនេះទៅទៀត» ព្រោះស្ថិតិ «គ្របដណ្តប់តែអ្នកស្លាប់ និងអ្នករបួសដែលបានចុះឈ្មោះក្នុងមន្ទីរពេទ្យប៉ុណ្ណោះ ខណៈអ្នកស្លាប់មួយចំនួនធំត្រូវបានកប់ដោយមិនបានរាយការណ៍»។ប្រទេសស៊ូដង់ បានជាប់គាំងនៅក្នុងជម្លោះដ៏បង្ហូរឈាមរវាងកងទ័ពស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័ស RSF ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតមនុស្ស ១៥.៥៥០ នាក់ និងបានជម្លៀសប្រជាជនជាង ៨,៨ លាននាក់នៅទូទាំងប្រទេស នេះបើយោងតាមការប៉ាន់ស្មានដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌៕

UN៖ ទាហានអ៊ីស្រាអែល ប្រើប្រាស់គ្រាប់បែកធុនធ្ងន់ ដែលបង្កើនការព្រួយបារម្ភខ្លាំង ក្រោមច្បាប់សង្គ្រាម

2024/06/20 06:54:12 pm        86
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការប្រើប្រាស់គ្រាប់បែកធុនធ្ងន់ម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលមានប្រជាជនរស់នៅច្រើន បង្ហាញពីការបំពានច្បាប់សង្រ្គាមដដែលៗ ដោយលើកឡើងពីការវាយប្រហារចំនួន៦លើក បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២១៨ នាក់ស្លាប់។នៅក្នុងរបាយការណ៍ថ្មី ដែលត្រូវបានរិះគន់ភ្លាមៗដោយអ៊ីស្រាអែលថាមានភាពលំអៀងយ៉ាងខ្លាំង។វាជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រាប់បែកទម្ងន់រហូតដល់២.០០០ផោន ទម្លាក់ទៅលើអគារលំនៅឋាន សាលារៀន ជំរំជនភៀសខ្លួន និងទីផ្សារ។ ការិយាល័យសិទ្ធិមនុស្ស ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់ OHCHR បាននិយាយថា អង្គការបានផ្ទៀងផ្ទាត់អ្នកស្លាប់ចំនួន២១៨នាក់ នៅក្នុងការវាយប្រហារទាំងនោះ ដែលត្រូវបានអនុវត្តនៅដើមខែនៃសង្គ្រាមនៅថ្ងៃទី៧ ខែតុលា ប៉ុន្តែបាននិយាយថា ខ្លួនមានព័ត៌មានដែលបង្ហាញពីចំនួនអ្នកស្លាប់ អាចខ្ពស់ជាងនេះច្រើន។ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តម្រូវការក្នុងការជ្រើសរើសមធ្យោបាយ និងវិធីសាស្រ្តនៃសង្គ្រាម ដែលបញ្ចៀស ឬកាត់បន្ថយឲ្យតិចបំផុតចំពោះគ្រប់វិសាលភាពនៃផលប៉ះពាល់ទៅលើជនស៊ីវិល ទំនងជាត្រូវបានបំពានជាបន្តបន្ទាប់ នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

របាយការណ៍៖ កង្វក់ខ្យល់ផ្សារភ្ជាប់ទៅនឹងការស្លាប់របស់កុមារជិត ២.០០០ នាក់ក្នុងមួយថ្ងៃទូទាំងពិភពលោក

2024/06/20 05:53:48 pm        154
របាយការណ៍មួយបាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា កុមារជិត ២.០០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារបញ្ហាសុខភាពដែលទាក់ទងនឹងកង្វក់ខ្យល់ ឬការបំពុលបរិយាកាស ដែលឥឡូវនេះជាកត្តាហានិភ័យធំបំផុតទីពីរសម្រាប់ការស្លាប់មុនអាយុនៅទូទាំងពិភពលោក។ ការប៉ះពាល់ដោយផ្ទាល់ទៅនឹងកង្វក់ខ្យល់ បានរួមចំណែកដល់ការស្លាប់របស់មនុស្សចំនួន ៨,១ លាននាក់ ដែលជាតួលេខប្រហែល ១២ ភាគរយនៃការស្លាប់ទាំងអស់ក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ពីវិទ្យាស្ថានផលប៉ះពាល់សុខភាព (HEI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។នេះមានន័យថា កង្វក់ខ្យល់ ឬការបំពុលបរិយាកាសនេះ បានវ៉ាដាច់ការស្លាប់ដោយប្រើប្រាស់ថ្នាំជក់ និងរបបអាហារមិនល្អ ហើយក្លាយជាកត្តាហានិភ័យនាំមុខគេទីពីរសម្រាប់ការស្លាប់មុនអាយុ នៅពីក្រោយតែជំងឺលើសឈាម។ កុមារតូចៗងាយរងគ្រោះបំផុតក្នុងកង្វក់ខ្យល់ ហើយវិទ្យាស្ថាននេះបានសហការជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិយូនីសេហ្វ (Unicef) សម្រាប់របាយការណ៍ គុណភាពខ្យល់សកល (Global Air) ប្រចាំឆ្នាំរបស់រដ្ឋ។របាយការណ៍បានរកឃើញថា កង្វក់ខ្យល់បានរួមចំណែកដល់ការស្លាប់របស់កុមារជាង ៧០០.០០០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំ ។ ជាង ៥០០.០០០ ករណីនៃការស្លាប់ទាំងនោះត្រូវបានសន្មតថា មកពីការចម្អិនអាហារក្នុងផ្ទះដោយប្រើឥន្ធនៈកខ្វក់ដូចជាធ្យូងថ្ម ឈើ ឬលាមក ដែលភាគច្រើននៅទ្វីបអាហ្វ្រិក និងអាស៊ី។របាយការណ៍ក៏បានរកឃើញថា ការបំពុលប្រព័ន្ធអូហ្សូន ដែលត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់នៅពេលដែលពិភពលោកឡើងកម្ដៅដោយសារបម្រែបម្រួលអាកាសធាតុដែលជំរុញដោយមនុស្ស ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ជិត ៥០០.០០០ នាក់ក្នុងឆ្នាំ២០២១៕

ចំហេះព្រៃដ៏មហន្តរាយ ក្នុងរដ្ឋ New Mexico បណ្តាលឲ្យរថយន្តឆេះរោល និងបំផ្លាញលំនៅឋាន

2024/06/20 05:34:29 pm        49
ការិយាល័យរបស់អភិបាលរដ្ឋ បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ដោយសារចំហេះព្រៃក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក ដែលនាំឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ និងធ្វើឲ្យខូចខាតរចនាសម្ព័ន្ធរាប់រយកន្លែង។ លំនៅឋានប្រហែល ១.៤០០ខ្នង និងសំណង់ផ្សេងទៀតត្រូវបានបំផ្លាញ ខណៈក្រុមមន្ត្រីបាននិយាយថា ភូមិ Ruidoso ប្រជាជន ៧.០០០នាក់ ត្រូវបានជម្លៀសចេញ។អភិបាលរដ្ឋ បានប្រាប់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់មានមនុស្សពីរនាក់ បានរងរបួសនៅក្នុងចំហេះព្រៃនេះ ហើយរដ្ឋបានប្រកាសស្ថានភាពគ្រាអាសន្ននៅក្នុងរតំបន់ Lincoln និងតំបន់ម៉េស្កាលឺរ៉ូ អាប៉ាឆេ( Mescalero Apache) ដោយសារតែចំហេះព្រៃចំនួនពីរកន្លែង។ចំហេះព្រៃ South Fork ត្រូវបានគេប៉ាន់ប្រមាណថាមានទំហំ៦១,៨២ គីឡូម៉ែត្រក្រឡា ហើយពុំមានភាគរយនៃការទប់ស្កាត់នោះទេ ខណៈចំហេះព្រៃ Salt Fire បានលេបត្របាក់យ៉ាងហោចណាស់ជាង២.០០០ ហិចតា នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពពីការិយាល័យអភិបាលរដ្ឋ។ភ្លៀងធ្លាក់ ត្រូវបានគេរំពឹងថានឹងបន្តនៅក្នុងសប្តាហ៍នេះក្នុងរដ្ឋ New Mexico។អង្គភាពសេវាអាកាសធាតុជាតិ បាននិយាយថា ទីក្រុងនានារបស់សហរដ្ឋអាមេរិក បាននឹងកំពុងឈានដល់សីតុណ្ហភាពហក់ឡើងខ្ពស់ខ្លាំង ក្នុងសប្តាហ៍នេះ ហើយអង្គភាព បាននិយាយថា ក្រុមមន្ត្រីកំពុងព្រមានថា អាចក្លាយជាព្រឹត្តិការណ៍អាកាសធាតុដ៏គ្រោះថ្នាក់។

ក្រុមអ្នកសង្កេតការណ៍៖ កំណែទម្រង់វេជ្ជសាស្ត្រនៅកូរ៉េខាងត្បូងគឺចាំបាច់ ខណៈក្រុមវេជ្ជបណ្ឌិតប្រឆាំង

2024/06/20 05:18:27 pm        62
វិបត្តិថែទាំសុខភាពរបស់ប្រទេសកូរ៉េខាងត្បូងកាន់តែកប់ជ្រៅក្នុងសប្តាហ៍នេះ ស្របពេលវេជ្ជបណ្ឌិតជាន់ខ្ពស់ និងសាស្ត្រាចារ្យផ្នែកវេជ្ជសាស្រ្ត បានចូលរួមកូដកម្មដែលបានអូសបន្លាយ ប្រឆាំងនឹងការបង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យ។ ក្រុមអង្កេតការណ៍ បានជំរុញដល់ភាគីទាំងអស់ឲ្យចរចា ដោយនិយាយថា ការដើរចេញពីការងារនៅតែបន្តបែបនេះអាចនឹងបណ្ដាលឲ្យមានការរិះគន់ជាសាធារណៈកាន់តែធ្ងន់ធ្ងរដល់ទាំងរដ្ឋាភិបាល ទាំងក្រុមវេជ្ជបណ្ឌិ ដែលតែនៅតែបន្តកូដកម្ម ហើយថាកំណែទម្រង់វេជ្ជសាស្ត្រជារឿងចាំបាច់ និងត្រូវស្វែងរកចំណុចកណ្ដាលរួមមួយ។ ចាប់តាំងពីខែកុម្ភៈមក ក្រុមគ្រូពេទ្យវ័យក្មេង និងសិក្ខាកាមជាង ១២.០០០នាក់ បានដើរចេញពីមន្ទីរពេទ្យនានា ជុំវិញផែនការកំណែទម្រង់របស់រដ្ឋាភិបាលក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះខាតគ្រូពេទ្យនៅក្នុងប្រទេសនេះ។ សមាគមគ្រូពេទ្យកូរ៉េ (KMA) កាលពីថ្ងៃអង្គារថ្ងៃទី១៨ មិថុនា បានដឹកនាំការតវ៉ានៅទីក្រុងសេអ៊ូល ជាមួយក្រុមវេជ្ជបណ្ឌិតរាប់ពាន់នាក់។ ការតវ៉ានេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីសាស្រ្តាចារ្យវេជ្ជសាស្រ្តជាង ៥០០នាក់ នៅមន្ទីរពេទ្យរដ្ឋសាកលវិទ្យាល័យជាតិសេអ៊ូល បានដើរចេញពីការងារ ដោយធ្វើកូដកម្មមិនកំណត់ពេល។និស្សិតពេទ្យមួយចំនួនក៏បានពន្យារពេលចុះឈ្មោះចូលរៀន ឬធ្វើពហិការមិនចូលរៀនដែរ ដោយនិយាយថា ផែនការរបស់រដ្ឋាភិបាល នឹងប៉ះពាល់ដល់អាជីពរបស់ពួកគេជាវេជ្ជបណ្ឌិតនៅពេលពួកគេបញ្ចប់ការសិក្សា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM