ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦៥០នាក់ នៅបាវិត ភាគច្រើនជាជនបរទេស
ជនជាតិវៀតណាមសរុប ៣៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង
កាស៊ីណូ ស៊ីលវើរ ស្តារនៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពី រកឃើញ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា
ឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

សន្តិសុខ និង សង្គម

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក ប្តឹងរដ្ឋបាលលោក Biden ជុំវិញច្បាប់បង្ហាញ តម្លៃ

2024/05/14 12:53:35 pm        52
ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនរបស់សហរដ្ឋអាមេរិក កំពុងប្តឹងនាយកដ្ឋានដឹកជញ្ជូនរបស់ប្រទេសនេះ ជុំវិញច្បាប់ថ្មីដែលទាមទារឱ្យមានការលាតត្រដាងជាមុនអំពីតម្លៃសេវាអាកាសចរណ៍ ដែលជាការប៉ះទង្គិចចុងក្រោយរវាងក្រុមហ៊ុនអាកាសចរណ៍ និងរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។ក្រុមហ៊ុន ឡបប៊ីអ៊ីង គ្រុប អ៊ែរឡាញស៍ (Lobbying Group Airlines) រួមជាមួយនឹង អាមេរិកខេន អ៊ែរឡាញស៍ (American Airlines), ឌែលតា អ៊ែរឡាញស៍ (Delta Air Lines), យូណាធីត អ៊ែរឡាញស៍ (United Airlines), អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) និងក្រុមហ៊ុនជាច្រើនទៀត បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក (USDOT) នៅក្នុងតុលាការឧទ្ធរណ៍ប្រចាំតំបន់ទីប្រាំរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋ លូអ៊ីស៊ីអាណា (Louisiana) កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន នេះបើតាមច្បាប់ចម្លងដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ។នាយកដ្ឋានដឹកជញ្ជូន បានចេញច្បាប់ចុងក្រោយកាលពីខែមុន ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ និងភ្នាក់ងារលក់សំបុត្របង្ហាញតម្លៃសេវាកម្មរួមជាមួយនឹងតម្លៃសំបុត្រយន្តហោះ ដោយនិយាយថានោះនឹងជួយអ្នកប្រើប្រាស់ជៀសវាងថ្លៃសេវាដែលមិនចាំបាច់ ឬមិនបានរំពឹងទុក។ក្រុមក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ច្បាប់របស់នាយកដ្ឋាននេះនឹងធ្វើឱ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំ ហើយថា «ការប៉ុនប៉ងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឯកជននៅក្នុងទីផ្សារដែលកំពុងរីកចម្រើន គឺហួសពីសិទ្ធិអំណាចរបស់ខ្លួន»៕

មនុស្ស ១៤ នាក់ស្លាប់ បន្ទាប់ពីផ្ទាំងប៉ាណូបាក់រលំនៅឥណ្ឌា អំឡុងពេលមានព្យុះផ្គររន្ទះ

2024/05/14 12:49:53 pm        79
អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារ (១៤ ឧសភា) នេះថា មនុស្សយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស បន្ទាប់ពីផ្ទាំងប៉ាណូដ៏ធំមួយបានធ្លាក់លើពួកគេ អំឡុងពេលមានព្យុះផ្គររន្ទះនៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ឥណ្ឌា គឺទីក្រុងម៉ុមបៃ (Mumbai)។ ផ្ទាំងប៉ាណូនោះបានដួលរលំលើលំនៅឋានមួយចំនួន និងស្ថានីយ៍ប្រេងឥន្ធនៈមួយនៅជាប់ផ្លូវដ៏មមាញឹកនៅជាយក្រុងភាគខាងកើតនៃទីក្រុង ហ្កាតកូផា (Ghatkopar) បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងកាលពីល្ងាចថ្ងៃចន្ទ។វីដេអូបានបង្ហាញពីប្រតិបត្តិការជួយសង្គ្រោះនៅកន្លែងបាក់ស្រុត ខណៈមនុស្សជាច្រើនបានជាប់ខ្លួនក្រោយឧប្បត្តិហេតុ។ កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៨៨ នាក់ត្រូវបានសង្គ្រោះបន្ទាប់ពីឧបទ្ទវហេតុនេះ ដែលក្នុងនោះ ១៤ នាក់ត្រូវបានប្រកាសថាបានស្លាប់ និងជាង ៧០ នាក់របួស។ព្យុះផ្គររន្ទះបានធ្វើឱ្យចរាចរណ៍ជាប់គាំងនៅផ្នែកខ្លះនៃទីក្រុង និងរំខានដល់ប្រតិបត្តិការនៅអាកាសយានដ្ឋានរបស់ខ្លួន ដែលជាកន្លែងមមាញឹកបំផុតមួយរបស់ប្រទេស។ សេវារថភ្លើង និងរថភ្លើងក្រោមដីក៏រងផលប៉ះពាល់ផងដែរ ដោយសារភ្លៀងធ្លាក់ខ្លាំង អមដោយខ្យល់កន្រ្តាក់៕

និស្សិតសាកលវិទ្យាល័យប្រទេសក្រិក ធ្វើបាតុកម្មពេញមួយយប់ ដើម្បីគាំទ្រប៉ាឡេស្ទីន

2024/05/14 12:42:38 pm        93
និស្សិតសាកលវិទ្យាល័យប្រទេសក្រិក បានធ្វើបាតុកម្មកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។ មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នាកាលពីល្ងាចថ្ងៃច័ន្ទនៅខាងក្រៅច្រកចូលអគារនៃសាកលវិទ្យាល័យជាតិ និងសាកលវិទ្យាល័យ កាប៉ូឌីស្ទ្រៀន(Kapodistrian) ទីក្រុង Athens ជាកន្លែងដែលពួកគេបានលាតផ្ទាំងបដាដ៏ធំដែលមានអំណានថា «អំពើប្រល័យពូជសាសន៍ ជាការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប-អ៊ីស្រាអែល» «ទេ ចំពោះការចូលរួមរបស់ប្រទេសក្រិក និងពាក្យថា »សេរីភាពប៉ាឡេស្ទីន»។ក្រុមអ្នកតវ៉ា បានស្រែកពាក្យស្លោកប្រឆាំងសង្គ្រាម និងគ្រវីទង់ជាតិប៉ាឡេស្ទីន ខណៈក្រុមមួយ បានដំឡើងតង់ សម្រាប់អ្នកទាំងឡាយដែលចង់ចំណាយពេលយប់នៅមុខសាកលវិទ្យាល័យ។សេចក្តីប្រកាសព័ត៌មាន ដោយអ្នករៀបចំមកពីសហភាពនិស្សិតទីក្រុង Athens ដែលបានរៀបចំការតវ៉ានិយាយថា «យើងមើលឃើញយ៉ាងរន្ធត់ចំពោះការវាយប្រហារដ៏ឃោឃៅថ្មីៗទៅលើប្រជាជនប៉ាឡេស្ទីន ខណៈមានការតវ៉ារបស់និស្សិតមិនធ្លាប់មានពីមុនមក នៅតាមសាកលវិទ្យាល័យនានានៅទូទាំងពិភពលោក គឺជាការឆ្លើយតបរបស់យើងចំពោះឧក្រិដ្ឋកម្ម។ ក្រុមនិស្សិត ក៏បានលើកឡើងពីសាមគ្គីភាពរបស់ពួកគេជាមួយនឹងចលនាតវ៉ាស្រដៀងៗគ្នា នៅសហរដ្ឋអាមេរិក និងប្រទេសបារាំង ដោយបញ្ជាក់ថា ពួកគេកំពុងឈរនៅលើផ្នែកនៃប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវ និងទាមទារថា «ការប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន ត្រូវបានបញ្ឈប់ និងនៅពេលនេះ។ការតវ៉ាពេញមួយយប់ស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងដោយសហជីពនិស្សិតនៅទីក្រុងកំពង់ផែ ថេសាឡុននីគី(Thessaloniki) នៅភាគខាងជើងប្រទេសក្រិក កាលពីថ្ងៃចន្ទ។ សហជីពនិស្សិតប្រទេសក្រិកនិយាយថា យើងកំពុងចូលរួមក្នុងសំឡេងរបស់យើងជាមួយនិស្សិតនៅជុំវិញពិភពលោក យើងក្លាយជាផ្នែកពាក់ព័ន្ធមួយផ្សេងទៀត នៅក្នុងខ្សែច្រវ៉ាក់ធំនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ដែលប្រឈមមុខទៅនឹងសង្រ្គាមរាលដាល បណ្តាលឲ្យមានមនុស្សស្លាប់ច្រើន។ក្នុងរយៈពេលមួយខែកន្លងទៅនេះ និស្សិតប្រទេសក្រិក បានអង្គុយជានិមិត្ដរូបនៅតាមសាកលវិទ្យាល័យនានា និងបានចូលរួមការប្រមូលផ្តុំប្រឆាំងសង្គ្រាម បន្ទាប់ពីមានការប្រមូលផ្តុំគាំទ្រប៉ាឡេស្ទីននៅ បរិវេណសាកលវិទ្យាល័យនានា នៅបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។

ការតវ៉ា បានកាត់បន្ថយការប្រារព្ធទិវាឯករាជ្យរបស់ប្រទេសអ៊ីស្រាអែល

2024/05/14 11:22:48 am        51
ប្រទេសអ៊ីស្រាអែល បានប្រារព្ធទិវាឯករាជ្យកាលពីថ្ងៃច័ន្ទ ខណៈមានបាតុកម្មដោយក្រុមអ្នកតវ៉ា ទាមទារឱ្យនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu និងរដ្ឋាភិបាលរបស់លោក បង្កើតកិច្ចព្រមព្រៀងដែលនឹងនាំយកចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា ត្រឡប់មកវិញ។ ទិវាបុណ្យឯករាជ្យជាតិ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានគេសង្កេតឃើញចាប់តាំងពីថ្ងៃលិចនៅថ្ងៃទី១៣ រហូតដល់ថ្ងៃលិច ថ្ងៃទី១៤ ខែឧសភា បន្ទាប់ពីទិវារំលឹកដ៏ស្ងប់ស្ងាត់ ដែលប្រជាជនអ៊ីស្រាអែល គោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ ក្នុងសង្គ្រាមរបស់ប្រទេស ព្រមទាំងអ្នកទាំងឡាយដែលបានទទួលរងគ្រោះដោយសារការវាយប្រហារភេរវកម្ម។ខណៈប្រទេសនេះ ប្រារព្ធខួបលើកទី៧៦របស់ខ្លួន ការបាញ់កាំជ្រួចត្រូវបានលុបចោល ហើយពិធីដុតបំភ្លឺភ្លើងតាមប្រពៃណីនៅទីបញ្ចុះសពជាតិទីក្រុងហ្សេរុយសាឡឹម ត្រូវបានថតទុកសម្រាប់ទស្សនិកជនមើលតាមទូរទស្សន៍ ជំនួសឱ្យការផ្សាយបន្តផ្ទាល់។សង្រ្គាម បានចាប់ផ្តើមនៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន មានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានសម្រុកចូលទៅក្នុងសហគមន៍ព្រំដែននៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់ នេះបើយោងតាមតួលេខសរុបរបស់ប្រទេសអ៊ីស្រាអែល។ចាប់តាំងពីពេលនោះមក ទាហានអ៊ីស្រាអែល ២៧៣ នាក់ទៀត បានស្លាប់ ភាគច្រើននៅក្នុងការវាយលុកលើតំបន់ហ្កាហ្សា ដែលក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា បានសម្លាប់មនុស្សជាង ៣៥.០០០នាក់។ កំហឹងជាសាធារណៈនៅក្នុងប្រទេសអ៊ីស្រាអែល បានផ្តោតលើរដ្ឋាភិបាលរបស់លោក Netanyahu ជាអ្នកអភិរក្សជើងចាស់ ដែលបន្តលើកកម្ពស់ខ្លួនឯងថាជា អ្នកធានាបានសន្តិសុខជាតិ ។

UN៖ មនុស្សជាង ៧ លាននាក់ ប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅស៊ូដង់ខាងត្បូង

2024/05/14 11:19:05 am        95
ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧,១ លាននាក់ ទំនងជានឹងប្រឈមមុខនឹងកម្រិតអសន្តិសុខស្បៀងធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ចន្លោះខែមេសា ដល់ខែកក្កដា។វិបត្តិស៊ូដង់ បានបណ្តាលឱ្យមានអ្នកភៀសខ្លួនទៅប្រទេសស៊ូដង់ខាងត្បូង ចំនួន ៦៥៥.៦៩៤ នាក់ពីប្រទេសស៊ូដង់ គិតត្រឹមថ្ងៃទី៣០ ខែមេសា ដោយជាមធ្យមមានមនុស្សប្រហែល ១.៨០០ នាក់បានឆ្លងកាត់ប្រទេសស៊ូដង់ខាងត្បូង ជារៀងរាល់ថ្ងៃ នេះបើតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន។យោងតាមការិយាល័យ OCHA នេះ បុគ្គលចំនួន ៧៩.០០០ នាក់កំពុងស្ថិតក្នុងកម្រិតមហន្តរាយ ដោយភាគច្រើននៃពួកគេរស់នៅក្នុងតំបន់ដែលត្រូវបានគំរាមកំហែងដោយគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ អស្ថិរភាពសេដ្ឋកិច្ច ឬជម្លោះ។ ទីភ្នាក់ងារនេះនិយាយថា លំហូរនៃអ្នកវិលត្រឡប់មកវិញ និងជនភៀសខ្លួន បន្តដាក់សម្ពាធបន្ថែមលើសេវាមានកម្រិតនៅតាមចំណុចព្រំដែន និងតំបន់គោលដៅនៅស៊ូដង់ខាងត្បូង។លើសពីនេះទៀត ក្រុមប្រដាប់អាវុធមកពីតំបន់រដ្ឋបាល ហ្រ្គេតធើ ភីប័រ (Greater Pibor) បានវាយប្រហារជំរំសត្វគោនៅក្នុងរដ្ឋ អ៊ីសស្ទើន អេក្វាតូរៀ (Western Equatoria) ដោយបង្ខំមនុស្សប្រហែល ៦.៥០០ នាក់ឱ្យភៀសខ្លួនទៅកាន់តំបន់ភ្នំ។ ការវាយប្រហារនេះក៏បានបណ្តាលឱ្យមានការសម្លាប់មនុស្សជាច្រើននាក់ ការចាប់ពង្រត់ស្ត្រី និងកុមារជាដើម៕

[UPDATE] ចំនួនអ្នកស្លាប់ ក្នុងជំនន់កម្អែភ្នំភ្លើង នៅឥណ្ឌូនេស៊ី កើនឡើងដល់ ៥០នាក់ ខណៈ២៧នាក់បាត់ខ្លួន

2024/05/14 11:08:27 am        54
មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់មួយរូប បាននិយាយនៅថ្ងៃអង្គារទី១៤ឧសភានេះ ថា មនុស្សយ៉ាងហោចណាស់៥០ នាក់បានស្លាប់ ៣៧នាក់រងរបួស និង២៧ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីជំនន់កម្អែភ្នំភ្លើង បានវាយប្រហារខេត្ត ស៊ូម៉ាត្រាខាងលិច (West Sumatra) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក ហ្វាចា ស៊ូកម៉ា (Fajar Sukma) ប្រធានអង្គភាពសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស៊ូម៉ាត្រាខាងលិច បាននិយាយថា ទោះបីដុំថ្មធំៗ និងសំណល់ជាច្រើនពីទឹកជំនន់បានរារាំងដល់ការស្វែងរកជនរងគ្រោះក៏ដោយ ក៏ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៧នាក់ទៀតនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតនេះដែរ ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា យើងបានរកឃើញសាកសពមួយចំនួនទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៥០ នាក់ ។ ដុំថ្មធំៗ និងសំណល់ផ្សេងៗ បានរារាំងដល់ការស្វែងរក ប៉ុន្តែយើងបន្តស្វែងរកមនុស្ស ២៧នាក់ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ។លោកនិយាយថា គ្រឿងចក្រមួយចំនួនបានទៅដល់តំបន់រងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរនោះហើយ។ លោកបានបន្ថែមថា ប្រតិបត្តិការស្វែងរកនឹងផ្តោតលើស្រុក តាណា ដាតា (Tanah Datar) និង ស្រុកអាហ្កាំ (Agam) ជាទីដែលអ្នកបាត់ខ្លួនទាំង២៧ នាក់ត្រូវបានរាយការណ៍។ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) លោក អាប់ឌុល ម៉ូហារី (Abdul Muhari) បាននិយាយថា គ្រោះមហន្តរាយធម្មជាតិនេះ បានបង្ខំមនុស្ស ៣.៣៩៦នាក់ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង និងទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន ខណៈជំនន់កម្អែភ្នំភ្លើងត្រជាក់បានបំផ្លិចបំផ្លាញលំនៅឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

នគរបាលប៉ះទង្គិចជាមួយក្រុមបាតុករគាំទ្រប៉ាឡេស្ទីននៅសាកលវិទ្យាល័យអាំស្ទែដាំ ប្រទេសហូឡង់

2024/05/14 10:13:33 am        93
កងកម្លាំងនគរបាល បានចូលទៅបញ្ចប់ការតវ៉ាគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យ អាំស្ទែដាំ(Amsterdam) កាលពីថ្ងៃចន្ទទី១៣ ឧសភា បន្ទាប់ពីក្រុមអ្នកតវ៉ា បានកាន់កាប់អគារសាកលវិទ្យាល័យនានានៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសហូឡង់ ដើម្បីថ្កោលទោសសង្រ្គាមរបស់អ៊ីស្រាអែលនៅដែនដីហ្កាហ្សា។ កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមអ្នកតវ៉ាហូឡង់ និយាយថាខ្លួនបានកាន់កាប់អគារសាកលវិទ្យាល័យមួយចំនួនដូចជានៅទីក្រុង អាំស្ទែដាំ(Amsterdam)ទីក្រុងក្រូនីនហ្គិន (Groningen) និងទីក្រុងអ៊ីនដូវិន (Eindhoven) ជាដើម។ ក្រុមបាតុករ បានប្រាប់សារព័ត៌មាន Reuters តាមរយៈអ៊ីមែល ឬសាអេឡិចត្រូនិក ថា ពួកគេនឹងបន្តកាន់កាប់សាកលវិទ្យាល័យនានារហូតនគរបាលបំបែកពួកគេ ហើយថាក្រុមអ្នកតវ៉ានឹងនៅតែវិលត្រឡប់មកវិញរហូតទាល់តែសាកលវិទ្យាល័យទាំងអស់ បំពេញការទាមទាររបស់ពួកគេដូចជា តម្លាភាព ការធ្វើពហិការ និងកាត់ផ្ដាច់ទំនាក់ទំនងជាមួយស្ថាប័នអ៊ីស្រាអែល។ នៅក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X នគរបាលក្រុង អាំស្ទែដាំ បាននិយាយថា សាកលវិទ្យាល័យនេះ បានប្ដឹងក្រុមបាតុករពីបទប្រើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់សាលា។នគរបាលកំពុងធ្វើឱ្យប្រាកដថាគ្មាននរណាម្នាក់អាចចូលទៅក្នុងអគារសាកលវិទ្យាល័យបានទេ ហើយនឹងស្នើឱ្យក្រុមអ្នកតវ៉ាចាកចេញពីបរិវេណសាលានេះ ដោយស្ម័គ្រចិត្ត។ក្រុមចលនានិស្សិតនៅប្រទេសហូឡង់ បានតវ៉ាប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្កាហ្សាចាប់តាំងពីសប្តាហ៍មុន ហើយនគរបាលបង្ក្រាបកុបកម្មរបស់ប្រទេសនេះ ធ្លាប់បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ានៅសាកលវិទ្យាល័យ អាំស្ទែដាំ រួចមកហើយពេលមានការតវ៉ាដំបូងៗ។ ក្រុមនិស្សិតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បាននិងកំពុងធ្វើបាតុកម្ម ភាគច្រើនដោយស្ងៀមស្ងាត់ អំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ភ្លាមៗ និងឱ្យសាកលវិទ្យាល័យនានាកាត់ផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ដែលពួកគេនិយាយថាទទួលបានផលចំណេញពីការគៀបសង្កត់លើពលរដ្ឋប៉ាឡេស្ទីន៕

កងកម្លាំងអ៊ីស្រាអែល បង្កើនការវាយលុកកាន់តែខ្លាំងលើតំបន់ហ្កាហ្សា ពីខាងជើង និងខាងត្បូង

2024/05/14 09:58:24 am        149
កងកម្លាំងអ៊ីស្រាអែល បានវាយច្រានចូលជ្រៅទៅក្នុងជាយភាគខាងជើងតំបន់ហ្កាហ្សាដែលរងការបំផ្លិចបំផ្លាញកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដើម្បីដណ្តើមតំបន់មួយយកមកវិញពីកណ្ដាប់ដៃក្រុមហាម៉ាស ខណៈរថក្រោះ និងកងទ័ពនៅភាគខាងត្បូង បានវាយប្រយុទ្ធរុលទៅមុខ ឆ្លងកាត់ផ្លូវហាយវេមួយចូលទៅក្នុងទីក្រុង រ៉ាហ្វា ដែលធ្វើឱ្យជនស៊ីវិលប៉ាឡេស្ទីន ភ័យស្លន់ស្លោររត់រកកន្លែងមានសុវត្ថិភាព។ ការប្រយុទ្ធគ្នាដ៏ខ្លាំងបំផុតមួយចំនួន អស់រយៈពេលជាច្រើនសប្តាហ៍ កំពុងផ្ទុះឡើងទូទាំងភាគខាងជើង និងខាងត្បូង។ ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅក្រុងរ៉ាហ្វា ដែលជាប់ព្រំដែនអេហ្ស៊ីប បានបិទច្រកឆ្លងកាត់សំខាន់មួយសម្រាប់ការដឹកជញ្ជូនជំនួយ។ ក្រុមមនុស្សធម៌និយាយថា ការធ្វើបែបនេះ រុញឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរខ្លាំង។ មនុស្សរាប់សែននាក់កំពុងភៀសខ្លួនម្តងទៀត។ប្រជាជនប្រហែលពាក់កណ្តាលនៃដែនដីហ្កាហ្សាបានស្នាក់អាស្រ័យក្នុងជម្រកនៅទីនោះ បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យជម្លៀសចេញពីតំបន់ហ្កាហ្សាភាគខាងជើងកាលពីខែតុលា។ក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សាបានអំពាវនាវឱ្យមានសម្ពាធពីអន្តរជាតិលើអ៊ីស្រាអែល ឱ្យបើកច្រកឆ្លងកាត់ឡើងវិញតាមព្រំដែនភាគខាងត្បូង ដើម្បីអនុញ្ញាតឱ្យមានជំនួយ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនភ្លើង និងរថយន្តសង្គ្រោះជាដើម។អង្គការនេះបានបន្តថា អ្នករបួស និងអ្នកជំងឺ បានស្លាប់ ព្រោះគ្មានការព្យាបាល និងផ្គត់ផ្គង់ ហើយពួកគេមិនអាចធ្វើដំណើរបាន៕

[UPDATE ] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅកេនយ៉ា បានឡើងដល់២៧៧ ខណៈសាលារៀនបើកឡើងវិញ

2024/05/14 09:19:32 am        86
យោងតាមការប្រកាសរបស់រដ្ឋាភិបាល ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសកេនយ៉ា ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើនឡើងដល់ ២៧៧នាក់ ។ការធ្វើបច្ចុប្បន្នភាពថ្មីនេះ បានកើតឡើងស្របពេលសាលារៀនទូទាំងប្រទេសបានបន្តថ្នាក់រៀនឡើងវិញយ៉ាងប្រយ័ត្នប្រយែងសម្រាប់វគ្គ ទី ២ បន្ទាប់ពីការពន្យារពេលពីរសប្តាហ៍ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ។ ក្រសួងមហាផ្ទៃ និងរដ្ឋបាលជាតិ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅរដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា បាននិយាយថា សាលារៀនមួយចំនួនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នឹងត្រូវពន្យារពេលបើកដំណើរការ ខណៈក្រុមទីភ្នាក់ងារថ្នាក់ជាតិ និងស្រុកជាច្រើន ធានាថា នឹងមានការជួសជុលដើម្បីបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់សិស្សក្នុងការសិក្សាឡើងវិញ។ មានការព្យាករណ៍ថានឹងមានពន្លឺថ្ងៃសម្រាប់តំបន់ភាគច្រើននៃប្រទេសនេះ ក្នុងសប្តាហ៍ខាងមុខនេះ ដោយលាយឡំជាមួយភ្លៀងធ្លាក់ម្តងម្កាល និងព្យុះផ្គររន្ទះនៅទូទាំង៣៧ ស្រុក ។ ក្រសួងបាននិយាយថា គេរំពឹងថាទឹកជំនន់ នឹងកើតមាននៅតំបន់ទំនាប តំបន់មាត់ទន្លេ និងតំបន់ទីក្រុង ខណៈបំណាក់ដី អាចកើតមានឡើងនៅក្នុងតំបន់ជម្រាលភ្នំ និងជ្រោះ។ការព្រួយបារម្ភអំពីសុខភាព កំពុងកើនឡើង ស្របពេលមានករណីជំងឺអាសន្នរោគចំនួន ៥៣នាក់ ត្រូវបានរាយការណ៍មកទល់ពេលនេះ៕

បាតុករអ៊ីស្រាអែល រារាំងក្បួនជំនួយដែលធ្វើដំណើរឆ្ពោះទៅតំបន់ហ្កាហ្សា

2024/05/14 09:03:22 am        224
ក្រុមអ្នកតវ៉ាជនជាតិអ៊ីស្រាអែល បានរារាំងរថយន្តជំនួយដែលធ្វើដំណើរឆ្ពោះទៅតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ (១៣ ឧសភា) ដោយបានលើកកញ្ចប់អាហារគប់ចោលនៅលើផ្លូវ ក្នុងឧប្បត្តិហេតុចុងក្រោយបង្អស់ដែលបានកើតឡើង ខណៈដែលអ៊ីស្រាអែល បានសន្យាថានឹងអនុញ្ញាតឱ្យការផ្គត់ផ្គង់មនុស្សធម៌ដោយគ្មានការរំខានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ។បាតុករ ៤ នាក់ រួមទាំងអនីតិជនម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ានៅឯច្រកត្រួតពិនិត្យ ថាគូមីយ៉ា (Tarqumiya) ភាគខាងលិចនៃទីក្រុង ហេប្រ៊ុន (Hebron) ក្នុងតំបន់ វេសបែង (West Bank) ដែលអ៊ីស្រាអែលកាន់កាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងឱ្យក្រុមបាតុករ។វីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីក្រុមបាតុករបានគប់គ្រឿងផ្គត់ផ្គង់ពីរថយន្តដឹកទំនិញទៅលើដី ដោយមានប្រអប់ដាក់ស្បៀងអាហារបើកចំហរបានរាយប៉ាយពាសពេញផ្លូវ។ក្រុមដែលរៀបចំការតវ៉ាបាននិយាយថា ដរាបណាអ៊ីស្រាអែល «ផ្តល់អំណោយដល់ក្រុមហាម៉ាស និងលទ្ធភាពនៃការគ្រប់គ្រងទាំងស្រុងលើតំបន់ហ្កាហ្សាស្ទ្រីប តាមរយៈកម្មសិទ្ធិនៃការចែកចាយជំនួយនោះ ក្រុមហាម៉ាស នឹងមិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដែលនឹងនាំយកចំណាប់ថ្នូរជាង ១០០ នាក់ មកវិញទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពិធីប្រកាសបើកសន្និសីទប្រចាំឆ្នាំ លើកទី៦ របស់សមាគមគ្រូពេទ្យសួតកម្ពុជា ក្រោមប្រធានបទ «ការគ្រប់គ្រង និងព្យាបាលជំងឺផ្លូវដង្ហើម»
11/09/2025 04:11 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៣ នាក់នៅលីបង់ ខណៈអឺរ៉ុបជំរុញឱ្យគោរពបទឈប់បាញ់
11/09/2025 03:11 PM
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីរំលឹកខួបអនុស្សាវរីយលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
11/09/2025 03:11 PM
ក្រសួងកសិកម្ម នាំយកស្រូវពូជចំនួនជិត ៣០តោន ចែកជូនពលរដ្ឋរងគ្រោះដោយសារជំនន់នៅខេត្តតាកែវ
11/09/2025 03:11 PM
មនុស្សរាប់រយនាក់បានបាត់ខ្លួន ខណៈទូកដឹកជនអន្តោប្រវេសន៍លិចនៅក្បែរព្រំដែនម៉ាឡេស៊ី-ថៃ
11/09/2025 03:11 PM
[UPDATE] ពលរដ្ឋហ្វីលីពីនជិត១លាននាក់ ត្រូវបានជម្លៀសចេញពីលំនៅខណៈព្យុះទីហ្វុង Fung-wongជិតមកដល់
11/09/2025 02:11 PM
ឯកឧត្តមប្រធាន ហួត ហាក់៖ មហាកម្លាំង មហាសាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលជាកត្តាកំណត់ជ័យជម្នះនៅគ្រប់ដំណាក់កាល នៃឧបសគ្គទាំងអស់របស់កម្ពុជា
11/09/2025 02:11 PM
ព្រៃឈើជាង១ពាន់ហិកតានៅនូវែលសេឡង់ ត្រូវបានឆេះបំផ្លាញ ខណៈក្រុមអាជ្ញាធរបញ្ជូនយន្តហោះពន្លត់អគ្គិភ័យបន្ថែម
11/09/2025 02:11 PM
ការចរចាសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន បរាជ័យបន្ទាប់ពីការទាមទារលើសពីសមត្ថភាពរបស់ទីក្រុង អ៊ីស្លាម៉ាបាដ
11/09/2025 02:11 PM
ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៥
11/09/2025 01:11 PM