TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តនានាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ

2021/11/09 03:22:38 pm        514
ភ្នំពេញ ៖ រដ្ឋបាលខេត្តនានា ក្នុងប្រទេសកម្ពុជា បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ប្រារព្ធទិវា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨ ដើម្បីរំលឹកដល់ព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជារបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ទាមទារឯករាជ្យជាតិពីអាណានិគមនិយមបារាំង។ថ្លែងទៅកាន់អ្នកចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំខេត្ត ទាំងឡាយ បានធ្វើការអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេស​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីការពារ​សុខ​សន្តិភាព អធិបតេយ្យភាព និងឯករាជ្យ របស់ប្រទេសកម្ពុជា ឲ្យស្ថិតស្ថេរគង់វង្សតទៅមុខទៀត។ ទម្រាំប្រទេសកម្ពុជា ទទួលបាន ឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង បុព្វបុរសខ្មែរ ជាពិសេសសម្ដេចព្រះ នរោត្តម សីហនុ បានលះបង់គ្រប់បែបយ៉ាង។ក្រុមយុវជន ប្រជាពលដ្ឋ និងសិស្សានុសិស្ស ដែលបានចូលរួមទិវានេះ បានលើកឡើងថា​ ឯករាជ្យ ភាព បូរណភាពទឹកដី និងសន្តិភាព ជាមាគ៌ានាំឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍជាជំហានៗ​លើគ្រប់វិស័យ រហូតមកដល់ពេលនេះ។ ​សន្តិភាព​ និងភាពម្ចាស់ការលើគ្រប់យ៉ាង ធ្វើឱ្យ​កម្ពុជា​មានទំនាក់ ​ទំនងជាមួយប្រទេសនានានៅលើពិភព ​ជាពិសេសប្រទេសកម្ពុជា ​គឺជាប្រទេសឯករាជ្យ មានសិទ្ធិដឹកនាំ ​សកម្មភាពអភិវឌ្ឍន៍ ​សកម្មភាពនយោបាយដោយខ្លួនផងដែរ។អភិបាលខេត្តនានា បានសំដែងនូវជំនឿជឿងជាក់ថា ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​មានការចូលចូលគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ​សុខសន្តិភាព នឹងត្រូវបាន​ថែរក្សា​តរៀងទៅ ​ជាពិសេសទោះស្ថិតក្នុងការលៈទេសៈដ៏លំបាក ​នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រទេសកម្ពុជា នឹងនៅតែទទួលបានការអភិវឌ្ឍរីកចម្រើនទៅមុខថែមទៀត៕សម្រួល៖ យន់ វ៉ាន់

សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងទទួលភ្ញៀវជាតិ និងអន្តរជាតិរាប់រយនាក់ ចូលទស្សនា

2021/11/09 01:08:05 pm        385
ភ្នំពេញ ៖ ក្រោយពីបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមនី្ទរ រោងភាពយន្ត និងរោងសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ ទន្ទឹមនឹងនោះគិតត្រឹមព្រឹកថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក៏ទទួលបានភ្ញៀវបរទេសក្នុងស្រុក ជាង៥០នាក់ និងភ្ញៀវជាតិរាប់រយនាក់ចូលទស្សនាក្នុងសារមនី្ទរ។នេះបើតាមលោក ហង្ស និស្ស័យ ប្រធានសារមនី្ទរឧក្រិដ្ឋ​កម្មប្រល័យពូជសាសន៍ទួលស្លែង ប្រាប់BTV ព័ត៌មាន​នាព្រឹក​នេះ​ថា សារមនី្ទរបានបើកដំណើរឡើងវិញនាថ្ងៃទី៣០ ​ខែតុលា ឆ្នាំ២០២១ ក្រោយ​ពី​ទទួល​បាន​សេចកី្ត​ប្រកាស​របស់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ ដោយថ្នាក់ដឹកនាំ និង​បុគ្គលិករបស់សារមនី្ទរ ​បានរៀបចំ​បើក​ដំណើរការឡើងវិញ​រហូត​មកដល់ពេលនេះ​បានជាង០២​សប្តាហ៍មកហើយ ​។ក្នុងអំឡុងពេលនេះ សារមនី្ទរទទួលបានភ្ញៀវទេសចរជាតិ​ និង​អន្តរជាតិ អញ្ជើញចូល​មកទស្សនា​ជាបណ្តើរៗ​ ដោយ​អនុវត្តន៍តាមគោលការណ៍ស្តង់ដារប្រតិបតិ្ត(SOP) ​ដែលរៀបចំ​ឡើង​រវាង​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ​និងក្រសួងសុខាភិបាល​ ព្រមទាំងសេចកី្តណែ​នាំ​របស់​ក្រសួង​សុខាភិបាល។ជាចុងក្រោយលោក ហង្ស និស្ស័យ ប្រធាន​សារមនី្ទរឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍ទួលស្លែង សង្ឃឹមថា​កំណើន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ នឹងកើន​ឡើងវិញ ​ជាពិសេស​នៅពេល​ដែលប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ​បាន​អនុញ្ញាត​ឲ្យ​មាន​ទេស​ចរណ៍​វ៉ាក់សាំង​ ចូល​ក្នុងព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ២០២២ ខាងមុខនេះឡើងវិញ។ ដូច្នេះ​ក្នុងនាម​ជា​មន្ត្រី​របស់​សារមនី្ទរឧក្រិដ្ឋ​កម្មប្រល័យ​ពូជសាសន៍​ទួលស្លែង បានត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការចូលរួមការពារនូវ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​នេះ តាមរយៈយន្តការ​ដែល​រាជ​រដ្ឋាភិបាល ​បាន​ដាក់ចេញកន្លងមក​ គឺ៣កុំ ៣ការពារ ទន្ទឹមនឹងនោះ​សារមនី្ទរ ក៏​បានរៀបចំ​ផែន​ការ​ក្នុង​ការ​ជម្រាប ​និង​រំលឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ ឲ្យមានការ​ប្រុងប្រយ័ត្ន​ក្នុងពេល​ទស្សនា​ក្នុង​សាល​ពិព័រណ៍៕អត្ថបទ រដ្ឋា

មេបក្សនយោបាយថា ស្មារតីឯករាជ្យជាតិជាគំរូ ដើម្បីការពារអធិបតេយ្យជាតិពីអាណានិគមបរទេស

2021/11/09 12:56:19 pm        534
​ភ្នំពេញ ៖ ក្នុងឱកាសកម្ពុជាប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨ អ្នកនយោបាយជាច្រើនបានចាត់ទុក និងតម្កល់ស្មារតីឯករាជ្យជាតិជាគំរូ ដើម្បីការពារអធិបតេយ្យជាតិពីអាណានិគមបរទេស។ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ខួបលើកទី៦៨ នេះ អ្នកនយោបាយមួយចំនួនបាន​សម្តែង​ការ​ដឹងគុណមិនអាចកាត់ថ្លៃបាន​របស់​ព្រះបរមរតនកោដ្ឋ ​សម្តេចព្រះនរោត្តម សីហនុ ដែលទ្រង់​​បាន​តស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ​បានមានប្រសាសន៍ប្រាប់BTV នៅថ្ងៃនេះថា ក្នុងនាមអ្នកនយោបាយមួយរូប លោកមានមោទនភាពចំពោះ​ស្នាព្រះហស្ត​របស់​ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកជាច្រើនជូនកូនចៅជំនាន់ក្រោយ ​ពិសេសសម្រាប់​ អ្នកនយោបាយ ដែលត្រូវ​យកលំនាំ និងរក្សាជំហរឲ្យ​បាននូវការ​បង្រួបបង្រួម ​សំដៅ​ការ​ពារអធិបតេយ្យជាតិ​ពី​អាណានិគមបរទេស។ទន្ទឹមគ្នានេះ លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានលើកឡើងថា ទិវា​ឯករាជ្យ​ជាតិ៩វិច្ឆិកានេះ ​គឺជាស្មារតី​សម្រាប់​អ្នក​នយោបាយ​ត្រូវចងចាំ​នូវ​និមិត្ត​រូប​នៃ​ឯករាជ្យភាព អធិបតេយ្យ​ភាពជាតិ​ និងឯកភាពជាតិ​ ដែលកម្ពុជា​ចាក​ផុត​ពីអាណានិគមបរទេស។ជាមួយគ្នានេះ លោក គុជ លី សហស្ថាបនិក​គណបក្សខ្មែរតែមួយ ​បានឲ្យដឹងដែរថា ទិវា​បុណ្យ​ឯករាជ្យជាតិនេះ ​មានសារៈសំខាន់​សម្រាប់អ្នកនយោបាយបន្តវេន ​អ្នក​សិក្សាស្រាវជ្រាវ​ និងបរទេស ដើម្បី​កត់​សម្គាល់​ចំពោះការតស៊ូ ​និង​របៀបស្វែងរកឯករាជ្យជាតិ ​នៃថ្ងៃទី៩ ​ខែវិច្ឆិកា ​ឆ្នាំ១៩៥៣ របស់​ព្រះបរមរតនកោដ្ឋ។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ​ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជាការ​ឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ​ព្រះបាទ​សម្ដេចព្រះនរោត្តម សីហនុ ​ព្រះបរមរតនកោដ្ឋ ​ដែលព្រះអង្គ ​ដែលបាន​លះបង់ព្រះកាយពល ​និង​ព្រះ​បញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមបារាំង​ដែល​សម្រេច​បាននៅ ​នៅថ្ងៃទី៩ ខែវិច្ឆិកា ​ឆ្នាំ១៩៥៣៕អត្ថបទសេក ឧត្តម

ពលរដ្ឋមួយចំនួនរៀបចំពីធីមង្គលការ បុណ្យនានាជាបណ្តើរៗ ក្រោយអនុញ្ញាត​ភ្ញៀវ​ចូលរួម​ត្រឹម​២០០នាក់

2021/11/09 12:15:35 pm        391
កណ្ដាល ៖ បន្ទាប់ពីសម្តេចតេជោ អនុញ្ញាតអោយរៀបចំពិធីមង្គលការឡើងវិញ ដោយកំណត់ភ្ញៀវ ចូលរួមច្រើនបំផុតត្រឹម២០០នាក់ នៅថ្ងៃទី៩ ខែវិច្ឆិកានេះ មានពលរដ្ឋមួយចំនួន ចាប់ផ្តើមស្នើសុំច្បាប់ពីអាជ្ញាធរដើម្បីរៀបចំពិធីមង្គលការ និងបុណ្យនានាជាបន្តបន្ទាប់ ក្នុងគន្លងប្រក្រតីភាពថ្មី។បើតាមចៅសង្កាត់ចាក់អង្រែក្រោម នៅរាជធានីភ្នំពេញ និងចៅសង្កាត់ព្រែកឬស្សីនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី៩ ខែវិច្ឆិកានេះថា បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋអាចរៀបចំពិធីមង្គលការ និងបុណ្យទានផ្សេងៗ កាលពីថ្ងៃទី១ ខែវិច្ឆិកា រហូតមកដល់ពេលនេះ គឺមាន​បណ្តា​ពលរដ្ឋ​ជាច្រើន​នៅក្នុងមូលដ្ឋានបានមកឃុំសង្កាត់ ស្នើសុំច្បាប់អនុញ្ញាតរៀបចំពិធីមង្គលការ និង​បុណ្យ​ទៅ​តាម​គន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩។ក្នុងអំឡុងពេលពលរដ្ឋមកស្នើសុំច្បាប់អនុញ្ញាតរៀបចំពិធីមង្គលការ បុណ្យទានផ្សេងៗនោះ លោក ជា សុខៃ ចៅ​សង្កា​ត់ចាក់អង្រែក្រោម និងអាជ្ញាធរឃុំសង្កាត់ផ្សេងទៀតនៅក្រុងតាខ្មៅ បាន​ផ្តល់ណែនាំច្រើនជូនទៅម្ចាស់កម្មវិធី ​ពិសេស​ត្រូវផ្តល់កិច្ចសហការអនុវត្តវិធាន ៣កុំ ៣ការពារ និងអនុវត្តតាមកិច្ចសន្យា​ ដោយបានកំណត់មិនអោយភ្ញៀវ​ចូលរួម​លើ​ពី​២០០​នាក់​ជាដើម ហើយត្រូវប្រកាន់ខ្ជាប់វិធាន៣កុំ៣ការពារ។ទោះយ៉ាងណាក៏ដោយ បណ្តាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែល​បាន​អនុញ្ញាត​ការរៀបចំពិធីមង្គលការ ​បុណ្យទាននានានេះ ខណៈគម្រោងផែនការ​រៀបចំ​ពិធី​មង្គលការ បុណ្យនោះ ត្រូវបាន​អាក់ខាន និងបានលើកពេលរៀបចំច្រើនលើកច្រើនសារមកហើយ ដោយសារបញ្ហាវិបត្តិមេរោគកូវីដ១៩។សូមបញ្ជាក់ថា នៅខណៈដែលប្រមុខរាជរដ្ឋាភិបាល ​បានប្រកាស​អនុញ្ញាត​រៀបចំមង្គលការ និង​បុណ្យទាន​នានា​នោះ រដ្ឋបាលរាជធានីភ្នំពេញ​ក៏បានចេញសេចក្តីសម្រេច​អនុញ្ញាត​រៀបចំ​ពិធី​មង្គលការ បុណ្យទាននានា ដោយកំណត់ភ្ញៀវ​ចូល​រួម​ត្រឹម២០០នាក់ ចាប់ពីថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ ក្នុងប្រការ៣នៃសេចក្តីសម្រេចនោះ​ គឺបាន​ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាលខ័ណ្ឌ មន្ទីរវប្បធម៌ ​និងវិចិត្រសិល្បៈ​ និងមន្ទីរសុខាភិបាល​ សហការ​ចុះ​ត្រួតពិនិត្យទីតាំង​ប្រារព្ធ​ពិធីនោះ ដែន​សមត្ថ​កិច្ច​ ដើម្បីតាមដាន និង​ណែនាំ​ម្ចាស់​កម្មវិធីអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ​ស្តីពីការរៀបចំ​អាពាហ៍ពិពាហ៍​ និង​ពិធី​បុណ្យ​នានា​តាម​គន្លងប្រក្រតីភាពថ្មី SOP ។ ក្នុងករណីពិនិត្យឃើញថា​ ម្ចាស់កម្មវិធីមិនព្រមផ្តល់កិច្ចសហការ ឬអនុវត្ត​មិន​បាន​ត្រឹមត្រូវ បង្កហានីភ័យ​ចម្លងជំងឺកូវីដ១៩​ ត្រូវចាត់វិធានការផ្អាកការរៀបចំកម្មវិធីជាបន្ទាន់៕អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ៖ ទិវាបុណ្យឯករាជ្យជាតិ រំលឹកឲ្យឃើញ​ពី​ព្រះ​រាជ​បេសកកម្មរបស់​ព្រះបិតា​ឯករាជ្យជាតិ

2021/11/09 11:48:31 am        428
ភ្នំពេញ ៖ ថ្ងៃថ្ងៃទី៩ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។នៅលើទំព័រសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បាន​សរសេរ​ថា ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៨ នៅវិមានឯករាជ្យ គឺ​ក្រោម​ព្រះរាជ​ធិ​បតីដ៏ខ្ពង់ ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីផ្លូវការ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៨នេះ ​គឺមានការយាង និងអញ្ជើញចូលរួម​ពី​ថ្នាក់ដឹកនាំមន្ត្រីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ​មន្រ្តីរាជការ ​យុវជន យុវតី ​សិស្សានុ សិស្ស និងមហាជនជាច្រើនទៀត។ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រ ជារាស្ត្រខ្មែរ ​របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ​សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ​ដែលព្រះអង្គបានលះបង់ព្រះកាយពល ​និង​ព្រះ​បញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌ ​នៃព្រះរាជបូជនីកិច្ច ​ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕អត្ថបទ៖ មុត សុទ្ធ

ក្រសួងពាណិជ្ជកម្ម ពង្រីងការត្រួតពិនិត្យទំនិញ និងអាហារមានសុវត្ថិភាពនៅតាមបណ្តាខេត្ត

2021/11/09 10:45:08 am        387
ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប បានប្រគល់រថយន្តពិសោធន៍ ចល័តផ្នែកម្ហូបអាហារចំនួន ៥គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី ខេត្តដើម្បីគាំទ្រដល់ សកម្មភាពការងាររបស់បណ្តាសាខា ក.ប.ប. ក្នុងការវាយតម្លៃអំពីអនុលោមភាព នៃផលិតផលម្ហូបអាហារ ។នៅក្នុងពិធីប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន ៥គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី-ខេត្ត នាថ្ងៃទី៨វិច្ឆិកា ម្សិលមិញនេះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​អគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន ក.ប.ប បាន​ផ្តាំផ្ញើ​ដល់​មន្រ្តី​តាមបណ្តាសាខា ​ត្រូវថែទាំនិងប្រើប្រាស់រថយន្ត ​និង​ឧបករណ៍វិភាគ​ប្រកប​ដោយ​ការ​​ទទួលខុសត្រូវ មាន​ប្រសិទ្ធភាព​និងប្រសិទ្ធផល។ឯកឧត្តម ​បាន​ផ្តាំផ្ញើ​ដល់មន្រ្តីជំនាញវិភាគ ​ត្រូវខិតខំសិក្សាស្រាវជ្រាវរកវិធីសាស្ត្រថ្មីៗ ដើម្បីធានា​ដល់​ការ​ត្រួត​ពិនិត្យ​ និង​វិភាគ​គុណភាព​ទំនិញពិសេសម្ហូបអាហារ​ សំដៅ​ធានា​ការពារសុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ​ដែលជាអ្នក​ប្រើ​ប្រាស់។ការប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារដល់បណ្តារាជធានី ​ខេត្តនាពេលនេះ ដើម្បី​គាំទ្រដល់ ​សកម្ម​ភាព​​ការ​ងាររបស់បណ្តាសាខា ​ក.ប.ប. ក្នុងការ​វាយ​តម្លៃអំពីអនុលោមភាព នៃ​ផលិតផលម្ហូបអាហារ ប្រព្រឹត្ត​ទៅបាន​ទាន់​ពេល​វេលា កាត់បន្ថយការចំណាយ​ថវិកា​ក្នុងការ​ចល័ត​រថយន្តពិសោធន៍ ​និងមន្រ្តីជំនាញ​ ពីរាជធានីភ្នំពេញ។គោលបំណងសំខាន់ គឺដើម្បី​បង្ខិត​ទាំងបច្ចេកទេស​ និងសម្ភារៈ ឲ្យកាន់តែជិតគោលដៅប្រតិបត្តិការ​សំដៅ​គាំទ្រ​ដល់ ​សកម្មភាព​ ដូចជា ៖ ត្រួតពិនិត្យទំនិញ​ដែល​ចរាចរនៅលើទីផ្សារ ពិសេស​ផ្សារនៅ​តាមបណ្តាតំបន់ដាច់ស្រយ៉ាល ប្រតិបត្តិការ​គាំទ្រ​ដល់​ការអនុវត្តប្រកាសអន្តរក្រសួង រវាង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ​ស្តីពី​កិច្ច​សហការ​រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា​ និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ​នីហរ័ណ ​អាហរ័ណ ​និង​បង្ក្រាប​ការក្លែងបន្លំ (កាំកុងត្រូល) ​ដែលបច្ចុប្បន្នជាអគ្គនាយកដ្ឋាន​ ក.ប.ប ដើម្បីសហការ ​ត្រួត​ពិនិត្យទំនិញនាំចេញ ​នាំ​ចូល​នៅ​តាម​ច្រកព្រំដែន​ និងប្រតិបត្តិការគាំទ្រ​ដល់​សកម្មភាពពិនិត្យ ​ស្រាវជ្រាវករណី ពុល​អាហារដែល​អាច​កើត​មាន​ជាយ​ថា​ហេតុ៕អត្ថបទ ៖ ឈិត បូរ៉ាវី

ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨

2021/11/09 03:18:43 am        468
ភ្នំពេញ ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២០នេះ ស្ដេចយាងចូលរួមជាព្រះរាជធិបតីភាព ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៦៨ ស្ថិតនៅវិមានឯករាជ្យ។ក្នុងទិវាបុណ្យឯករាជ្យជាតិនោះដែរ ក៏មានការចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ,សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូត​នៃ​បណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ រាជវង្សានុវង្ស និងប្រជាពលរដ្ឋជាដើម។នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងពី​គុណូបការៈ​មិន​អាច​កាត់ថ្លៃបាន របស់​ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដែលទ្រង់បាន​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​ ដែលត្រួតត្រាប្រទេសកម្ពុជា រយៈពេល៩០ឆ្នាំ។លើសពីនេះ ពួកគាត់​បាន​បង្ហាញ​មោទភាព​ដែលមានព្រះបរមរតនកោដ្ឋ​ បានរក្សាទុកស្នា​ព្រះហស្ត​ផ្សេងៗ​ជាច្រើនទៀត ទុកជូន​កូន​ចៅ​ជំនាន់ក្រោយ។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ​ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជា​ការ​ឧទ្ទិស​ដល់ព្រះរាជបូជនីយកិច្ច​របស់​អតីត​ព្រះមហាក្សត្រ ​ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ​ព្រះបរមរតនកោដ្ឋ ​ដែលព្រះអង្គ​ដែលបានលះបង់ព្រះកាយពល ​និង​ព្រះ​បញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ច​ទាមទារ​ឯករាជ្យពីអាណានិគមបារាំង ​ នៅថ្ងៃទី៩ ​ខែវិច្ឆិកា ឆ្នាំ១៩៥៣។បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំង ​កម្ពុជា​បានសាងសង់វិមានឯករាជ្យឡើង ​នៅឆ្នាំ១៩៥៨ ដើម្បី​ជា​និមិត្ត​រូប​ បញ្ជាក់​ថា ប្រទេសកម្ពុជា ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេសបារាំង ​មាន​សេរីភាពរួចផុត​ពី​អានិគមបរទេស ​និងសម្រាប់ជាស្តូបគោរព​វិញ្ញាណក្ខន្ធ ​ដល់អ្នកស្លាប់​ ក្នុង​បុព្វហេតុជាតិផងដែរ៕អត្ថបទ ៖ ទូច សោភ័ណ 

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីជម្រាបជូនសម្ដេចតេជោថា នឹងផ្ដល់វ៉ាក់សាំងជាង ៣លានដូសដល់កម្ពុជា

2021/11/08 05:03:30 pm        361
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះថា អូស្ត្រាលី នឹងផ្ដល់វ៉ាក់សាំងជាងបីលានដូសដល់កម្ពុជា ដែលនឹងដឹក ជញ្ជូនមកដល់កម្ពុជាបណ្ដើរៗនៅចុងឆ្នាំនេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​នៅវិមានសន្តិភាពក្នុងអំឡុងពេលដែលលោកជំទាវ បានមកទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេចតេជោ និងលោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនេះ ជាមួយនឹងពាក្យពាំនាំការសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីអូស្ត្រាលី ជូនចំពោះសម្តេចនោះ លោកជំទាវ​បានគោរពជម្រាបជូនថា នៅក្នុងដំណើរអញ្ជើញមកកាន់កម្ពុជានៅពេលនេះ លោកជំទាវ​បាន​សង្កេត​ឃើញ​ប្រទេសកម្ពុជា​មានការអភិវឌ្ឍន៍យ៉ាងខ្លាំង។លោកជំទាវបានសម្ដែងការរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ។លោកជំទាវបានសំដែងនូវការរីករាយចំពោះផ្លែផ្កាដែលទទួលបានជាលទ្ធផលពីកិច្ចសហប្រតិបត្តិការការលើវិស័យកសិកម្ម យោធា អប់រំនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។លោកជំទាវបានជម្រាបជូនសម្ដេចថា រដ្ឋាភិបាលអូស្ត្រាលី​បានសម្រេចបញ្ជូន​អោយកម្ពុជា​នូវវ៉ាក់​សាំង​ប្រឆាំងកូវីដ-១៩​ ចំនួន៣លាន២សែន៥ម៉ឺនដូស ​ដោយក្នុងនោះចំនួន១ លានដុល្លារ​នឹង​ត្រូវជូន​មកកម្ពុជាមុនដំណាច់ឆ្នាំនេះ។ ក្នុងក្របខណ្ឌពហុភាគី លោកជំទាវបានសំដែងនូវ​សាទរជូនចំពោះកម្ពុជា​ដែល​បាន​ទទួល​ធ្វើជា​ប្រធានអាស៊ាន​ហើយបានសម្ដែងការរីករាយពេញចិត្តយ៉ាងខ្លាំង​ ចំពោះកិច្ច​សហប្រតិបត្តិការ​រវាងអាស៊ាន និងអូស្ត្រាលី​ ហើយបានគោរពជម្រាបជូន​សម្ដេចតេជោថា​អូស្ត្រាលី ​នឹង​ជួយកម្ពុជា​ធ្វើយ៉ាងណាឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានទទួលបានជោគជ័យ។ឆ្លៀតឱកាសនោះដែរ លោកជំទាវក៏បានគោរពរាយការណ៍ជម្រាបជូន​សម្ដេចតេជោ​យ៉ាង​សង្ខេប​អំពីមេត្រីភាពរវាងអូស្ត្រាលី ​ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ជាការឆ្លើយតបសម្ដេចតេជោ បានឯកភាពជាមួយការវាយតម្លៃរបស់លោកជំទាវផេន​ចំពោះទំនាក់​ទំនង​រវាងកម្ពុជា​និងអូស្ត្រាលី​ទាំងក្នុងក្របខណ្ឌទ្វេភាគី​និង​ពហុភាគីហើយសម្ដេច​បាន​មាន​ប្រសាសន៍​ថា អូស្ត្រាលីបានជួយកម្ពុជាច្រើន​ជាពិសេស​លើវិស័យកសិកម្ម​តាមរយៈការ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​បង្កាត់​ពូជស្រូវហៅ (កាឌី) និងលើវិស័យយោធា ​វិស័យអប់រំ តាមរយៈការ​បើក​សាលាភាសានៅកម្ពុជា នឹងការបើកឲ្យសិស្សកម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលី។លើវិស័យ​សុខាភិបាល​គឺតាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា។សម្ដេច ក៏បានអរគុណអូស្ត្រាលីចំពោះការផ្ដល់វ៉ាក់សាំងដល់កម្ពុជា​នៅ​ពេលខាងមុខ​ហើយ​បាន​មាន​ប្រសាសន៍ថា ​សម្ដេចមាន​សុទិដ្ឋិនិយម​ក្នុងការ​បើកប្រទេសឱ្យប្រជាពលរដ្ឋ​បានរស់នៅ​តាម​បែប​គន្លងថ្មី។ក្នុងក្របខ័ណ្ឌអាស៊ានសម្ដេច បានមានប្រសាសន៍ថា សម្ដេចសង្ឃឹមថាអូស្ត្រាលីនឹងចូលរួមជាមួយ​បណ្ដា​ប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅកាន់ការតភ្ជាប់​អាស៊ាន​ឡើងវិញ​បន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីដ-១៩។ ជាទីបញ្ចប់សម្ដេច​បានអរគុណដល់​លោកជំទាវផេន ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមេត្រីភាព​រវាងអូស្ត្រាលី​ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។សូមបញ្ជាក់ថា លោកជំទាវ ម៉ារីស ផេន បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាល​ពីព្រឹកថ្ងៃទី ៧វិច្ឆិកា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ​នៅកម្ពុជា ​តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែល​ក្នុងឱកាសទស្សនកិច្ចនេះក្រៅពីជួបជាមួយប្រមុខរាជរដ្ឋាភិបាល ជំទាវ ក៏អញ្ជើញជួបជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញ​ទៅ​ទស្សនា​អង្គការកម្ពុជា ​ដើម្បីជួយស្រ្ដីមានវិបត្តិ ​ដែល​ទទួលស្វាគមន៍ដោយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារីផងដែរ៕អត្ថបទ មុត សុទ្ធ

ឯកឧត្តម ស៊ុយ សែម ៖ កម្ពុជាខ្វះថាមពលអគ្គិសនីប្រើប្រាស់ជាខ្លាំងមុនពេលមានវារីអគ្គិសនីធំៗ

2021/11/08 03:48:14 pm        721
ពោធិ៍សាត់ ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានរំលឹកពីការកសាងវារីអគ្គិសនីនៅកម្ពុជា និងការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ជាខ្លាំង មុនពេលប្រទេសកម្ពុជាមានវារីអគ្គិសនីធំៗ។ក្នុងឱកាសចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សនៅស្រុកកណ្តៀង និងការចុះពិនិត្យអនុស្ថានីយ ពោធិ៍សាត់ នៅក្នុងក្រុងពោធិ៍សាត់ កាលពីម្សិលមិញ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា មុនពេល មានទំនប់វារីអគ្គិសនីកំចាយ ដែលមានអនុភាព១៩៣មេហ្គាវ៉ាត់ ក្នុងខេត្តកំពត ប្រទេសកម្ពុជា ពុំមានថាម ពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការនោះទេ។ តែបន្ទាប់ពីមានទំនប់វារីអគ្គិសនីកំចាយ កម្ពុជា មិនខ្វះថាមពលអគ្គិសនី​ប្រើប្រាស់ខ្លាំង​ដូច​មុន​នោះទេ ក្រោយមកកម្ពុជា ក៏មានវារីអគ្គិសនីផ្សេងៗជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ធ្វើឱ្យកម្ពុជា មានថាមពលអគ្គីសនីប្រើជាង៣៨១៤មេហ្គាវ៉ាត់ លើសពីតម្រូវការប្រើប្រាស់។បច្ចុប្បន្នប្រទេសកម្ពុជា មានវារីអគ្គិសនីសរុបចំនួន៧កន្លែង ១. វារីអគ្គិសនី គីរីរម្យ១ អានុភាព ១២ មេហ្កាវ៉ាត់ ជាគម្រោងស្តារឡើងវិញ (ខេត្តកំពង់ស្ពឺ) ។ ២. វារីអគ្គិសនីកំចាយ អានុភាព ១៩៤.១ មេហ្កាវ៉ាត់ (ខេត្តកំពត) ។ ៣. វារីអគ្គិសនី គីរីរម្យ៣ អានុភាព ១៨មេហ្កាវ៉ាត់ (ខេត្តកំពង់ស្ពឺ) ។ ៤. វារីអគ្គិសនី ស្ទឹងអាតៃ អានុភាព ១២០មេហ្កាវ៉ាត់ (ខេត្តពោធិ៍សាត់) ។ ៥. វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម អានុភាព ៣៣៨មេហ្កាវ៉ាត់ (ខេត្តកោះកុង) ។ ៦. វារីអគ្គិសនី ស្ទឹងតាតៃ អានុភាព២៤៦ មេហ្កវ៉ាត់ (ខេត្តកោះកុង) និង៧. វារីអគ្គិសនី សេសានក្រោម២ អានុភាព ៤០០មេហ្កាវ៉ាត់ (ខេត្តស្ទឹងត្រែង) ។សម្រាប់វារីអគ្គិសនីស្ទឹងអាតៃ មានអានុភាព១២០មេហ្កាវ៉ាត់ ជាវារីអគ្គិសនីទី៤របស់កម្ពុជា ស្ថិត ក្នុងឃុំអូរសោម ស្រុកវាលវែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០១៤។ វារីអគ្គិសនីនេះ វិនិយោគដោយក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន ដែលក៏វិនិយោគលើខ្សែ​បញ្ជូនតង់ស្យុងខ្ពស់ ពីអូរសោមមកអនុស្ថានីយពោធិ៍សាត់ និងខ្សែបញ្ជូនចែកចាយភ្លើងទៅភ្នំពេញ និងបាត់ដំបង។ ការវិនិយោគវារីអគ្គិសនី ស្ទឹងអាតៃ ក៏ដូចជាវារីអគ្គិសនីធំៗមួយចំនួនទៀតនៅកម្ពុជា កើតចេញ​ពី​កិច្ចសហការល្អរវាងកម្ពុជា និងចិន ពីមិត្តភាពសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឡើងមក​ដល់​មិត្តភាព​ដែកថែប ​គឺរឹងមាំ គ្រប់វិស័យទាំងអស់។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ​ដោយសារប្រទេសកម្ពុជាមានសន្តិភាព ​ទើបមានឱកាសក្នុង ការ​កសាងសមិទ្ធផលធំៗ ​បម្រើឱ្យផលប្រយោជន៍ជាតិ ធ្វើឱ្យប្រទេសរីកចម្រើន ​តែបើគ្មានសន្តិភាពទេ នោះគឺគ្មានសមិទ្ធផលធំៗនោះទេ៕អត្ថបទ៖ ភិរុណ ពៅ

គ្រូពេទ្យអំពាវនាវដល់ពលរដ្ឋ សូមរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣ ខណៈយុទ្ធនាការ​នឹង​បញ្ចប់​ឆាប់ៗ​នេះ

2021/11/08 03:35:43 pm        487
ភ្នំពេញ ៖ ​ខណៈយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ​ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើង ក្នុងរាជធានីភ្នំពេញ ​គ្រោងបញ្ចប់ឆាប់ៗនេះ ​គ្រូពេទ្យចាក់វ៉ាក់សាំង ​បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។លោកស្រីវេជ្ជបណ្ឌិត ទេព ចិន្តា អនុប្រធានមន្ទីរពេទ្យបង្អែកចតុមុខ ​ក្នុងរាជធានីភ្នំពេញ ​បានឲ្យ ដឹងថា ​តាមការគ្រោងទុក យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ​នឹងបញ្ចប់ក្នុងសប្តាហ៍នេះ ដូច្នេះ​លោកស្រី​ បានអំពាវនាវដល់ពលរដ្ឋ ឱ្យរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង​ឲ្យបានមុនការបិទ​បញ្ចប់យុទ្ធនាការ។ ​ហើយត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ទោះបានចាក់វ៉ាក់សាំងរួចក្តី។ពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែ វិច្ឆិកានេះ ​បន្តទៅទទួលការ ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ នៅមន្ទីរពេទ្យបង្អែកចតុមុខ ​ដោយក្ដីរំពឹងថា ​ការចាក់វ៉ាក់សាំង ដូសទី៣នេះ ​គឺអាចការពារកុំឲ្យរងគ្រោះដោយសារមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី និងងាយ​ស្រួល​ចូលក្នុងសង្គម ដែលត្រូវបានតម្រូវឱ្យរស់នៅតាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩នេះ។ ​ពួកគេ បានអគុណ ​ចំពោះរាជរដ្ឋាភិបាល ​ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ជៀសឆ្ញាយពីជំងឺកូវីដ។តាមការគ្រោងទុកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ​ជូនពលរដ្ឋអាយុ១៨ឆ្នាំ ឡើង នៅខណ្ឌចំនួនបីចុងក្រោយគេបង្អស់​ ក្នុងរាជធានីភ្នំពេញ ​គឺខណ្ឌដូនពេញ ខ​ណ្ឌជ្រោយចង្វា ​និង ខណ្ឌព្រែកព្នៅ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១២ ខែវិច្ឆិកានេះ។ បើទោះបីយុទ្ធនាការត្រូវបានបញ្ចប់ តែពលរដ្ឋ អាចបន្តទៅចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋាន​រស់នៅរបស់ពួកគេ ចាប់ពី ដូសទី១ រហូតដូសទី៣ ៕អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឱសានវាទរបស់លោក Trump សម្រាប់រុស្ស៊ីជិតមកដល់ ប៉ុន្តែលោកPutinពុំបង្ហាញសញ្ញានៃការធ្វើសម្បទានទេ
08/05/2025 09:08 AM
លោក Trump គំរាមឥណ្ឌាម្តងទៀតជាមួយនឹងការដំឡើងពន្ធកាន់តែតឹងរ៉ឹង ជុំវិញការទិញប្រេងពីរុស្ស៊ី
08/05/2025 09:08 AM
អ៊ីស្រាអែល នឹងសម្រេចជំហានបន្ទាប់នៅហ្កាហ្សា ក្នុងសប្ដាហ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាបទឈប់បាញ់ដួលរលំ
08/05/2025 09:08 AM
សហភាពអឺរ៉ុប នឹងផ្អាកវិធានការប្រឆាំងការដំឡើងពន្ធរបស់អាមេរិករយៈពេល ៦ ខែ
08/05/2025 08:08 AM
ចំនួនអ្នកស្លាប់ក្នុងពេលទទួលជំនួយនៅហ្កាហ្សាកើនឡើង ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងពង្រីកការវាយលុក
08/05/2025 08:08 AM
សប្បុរសជន បន្តឧបត្ថម្ភដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ
08/05/2025 08:08 AM
PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (07:00AM, August 5, 2025)
08/05/2025 07:08 AM
PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (07:00AM, August 5, 2025)
08/05/2025 07:08 AM
ក្រសួងការបរទេសកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើបង្ករឿងរបស់ទាហានថៃ មកលើកម្ពុជាជាថ្មី
08/05/2025 07:08 AM
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand
08/05/2025 07:08 AM