ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ អំពាវនាវគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការខិតខំ ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនានា

2021/11/06 06:12:07 pm        777
ភ្នំពេញ ៖ ក្នុងឱកាសនៃការប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី៨ ថ្ងៃទី៦វិច្ឆិកា ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដោយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនានា ។សម្តេចតេជោ បានមានប្រសាសន៍ថា ស្ថិតក្នុងបរិបទនៃវិបត្តិកូរីដ-១៩ នេះ កម្ពុជាមិនត្រឹម​តែ​អាច​បញ្ចៀស​បាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំង​បានចាប់យកឱកាសនេះ​ ដើម្បី​ពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីផលិត​និងផ្គត់ផ្គង់​ផលិត​ផលកសិកម្ម និងស្បៀង​អាហារ​ប្រកប​ដោយគុណភាព និង សុវត្ថិភាពទៅទីផ្សារក្នុងតំបន់​និង​ពិភពលោកទៀតផង។រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ ដោយឈរលើ កត្តាសន្តិភាពនិងស្ថិរភាពនយោបាយ ដែល​បង្កើត​បាននូវបរិយាកាសមួយដ៏រឹងមាំឈានទៅសម្រេចបាន ចក្ខុវិស័យស្តីពីប្រព័ន្ធ​ស្បៀង​ឆ្នាំ២០៣០ ។រាជរដ្ឋាភិបាលបាននិងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការក្នុងតំបន់​និង​ពិភព​លោក ដូចជា៖ ការដាក់ចេញសេចក្តីថ្លែងការណ៍រួមស្តីពីអាហារូបត្ថម្ភ ក្នុងបរិបទនៃការរាតត្បាត​ជា​សកលនៃជំងឺកូវីដ-១៩ ការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវផែនការសកម្មភាព សកលដើម្បីឆ្លើយ​តបចំពោះ​បញ្ហា​ស្គមស្គាំង​របស់កុមារ ​ការចូលជាសមាជិកនៃចលនាបង្កើនអាហារូបត្ថម្ភ ​ពិភពលោក (Global SUN Movement) ​អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន (Nutrition for Growth) កិច្ចសន្ទនា​ស្តីពីប្រព័ន្ធស្បៀង ​និងការអនុវត្តនូវគំនិត​ផ្តួចផ្តើម​ ស្តីពីការកាត់បន្ថយភាពអត់ឃ្លានឱ្យ ដល់​កម្រិតសូន្យរបស់អង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលនឹង បន្តជំរុញដំណើរការកសាង​សហគមន៍​អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់ដ៏មានសារៈសំខាន់ ​មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ ​និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ រាជរដ្ឋាភិបាលនឹងបន្តខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានា ដើម្បី​លើក​កម្ពស់​ប្រព័ន្ធស្បៀង​ឱ្យកាន់តែមានភាពរឹងមាំ ​ធន់​នឹងភាពងាយរងគ្រោះវិបត្តិ ​និងបញ្ហាផ្សេងៗ ការពារ​បរិស្ថាន​និងជួយកាត់បន្ថយផលប៉ះពាល់នៃការ​ប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញ​ឱ្យ​ប្រព័ន្ធ​ស្បៀង​ឆ្ពោះ​ទៅរកការអភិវឌ្ឍបៃតង៕អត្ថបទ ៖ មុត សុទ្ធ

អ្នកនាំពាក្យសុខាភិបាល ព្រមានចាត់វិធានការអ្នកលក់ Molnupiravir ខណៈក្រសួងពុំទាន់ទទួលការស្នើនាំចូល

2021/11/06 12:18:28 pm        880
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការព្រមានចាត់វិធានការច្បាប់ ចំពោះបុគ្គលណាលក់ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ១៩ ដោយមិនបានស្នើច្បាប់ត្រឹមត្រូវ ខណៈមកទល់​ពេល​នេះ​​ក្រសួងពុំទាន់ទទួលបានការស្នើសុំនាំចូលឱសថនេះនៅឡើយទេ។ថ្លែងប្រាប់BTVតាមទូរស័ព្ទ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​អនុញ្ញាតឱ្យប្រើប្រាស់ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩​ ក្នុងលក្ខខណ្ឌបន្ទាន់ កាលពីថ្ងៃទី៣ ​ខែវិច្ឆិកានេះ គឺជា​កា​រ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ករណីបន្ទាន់ស្របតាមច្បាប់​នៃការ​គ្រប់គ្រង​ឱសថរបស់ព្រះរាជាណាចក្រកម្ពុជា ​ហើយ​ចំពោះអ្នក​មានបំណង​នាំចូល​ឱសថនេះ​ដើម្បី​ដាក់លក់​ត្រូវតែស្នើតាមច្បាប់​សំដៅត្រួតពិនិត្យឲ្យបានត្រឹមត្រូវ​ ក៏ដូចជា​បញ្ចៀស​ការ​ក្លែងបន្លំ​ឱសថ​។ ឆ្លើយតបចំពោះមានការផ្សព្វផ្សាយលក់ឱសថ​ Molnupiravirនេះ លោកជំទាវ ឱ វណ្ណឌីន បាន​បញ្ជាក់ថា មកទល់​ពេល​នេះ​មិនទាន់មានបុគ្គលណាស្នើសុំនាំចូលលក់ឱសថនេះនៅឡើយទេ។ ក្នុងនោះ ​លោកជំទាវ ឱ វណ្ណឌីន បាន​សង្កត់​ធ្ងន់ ដោយធ្វើការព្រមានចាត់វិធានការច្បាប់​ចំពោះ​បុគ្គលណាមិនគោរពតាមច្បាប់​ និងផ្សព្វផ្សាយលក់ឱសថដោយគ្មាន​ការ​ស្នើ​សុំផងដែរ។ដើម្បីរួមចំណែកទប់ស្កាត់ការលក់ឱសថមិនត្រឹមត្រូវ ​និងមិនមានការពិនិត្យអំពីគុណភាព និងសុវត្ថិភាព ​លោក​ជំទាវ ឱ វណ្ណឌីន បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច​សហការ​ទប់ស្កាត់ និង​បង្ក្រាបឲ្យបាន​ ក្នុងការ​បញ្ឈប់​ការចរាចរណ៍​ផលិត​ផលឱសថដែលមិនមានការស្នើច្បាប់​ត្រឹមត្រូវ​ដែល​មានជាធរមាន។បន្ថែមលើសពីនេះ លោកជំទាវ ឱ វណ្ណឌីន ​បានអំពាវនាវបងប្អូនប្រជាពលរដ្ឋសូមកុំជឿទុក​ចិត្តទាំង​ស្រុង​ទៅ​តាម​ការ​ផ្សព្វ​ផ្សាយ​នោះទេ ​ដោយសារក្នុងករណីផលិតផលនោះត្រឹមត្រូវពិតប្រាកដមែន​នឹង​មានការប្រើប្រាស់ ​ឬដាក់លក់គ្រប់​តាម​បណ្តា​ឱសថស្ថាននានា។គួរបញ្ជាក់ថា ឱសថ Molnupiravir ​ជាប្រភេទឱសថគ្រាប់​ ប្រើលេបតាមមាត់ ដើម្បីប្រឆាំង​នឹង​មេរោគកូវីដ-១៩ ​ដែល​មានសុវត្ថិភាព​ និងប្រសិទ្ធភាពខ្ពស់ ​សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ខណៈឱសថនេះ​ផលិតដោយក្រុមហ៊ុន ​MyLan Laboratories Limited​ ដែលមកពីប្រទេសឥណ្ឌា៕អត្ថបទ ៖ សេក ឧត្តម

សិស្សថ្នាក់ទី១២គាំទ្រ កាលបរិច្ឆេទប្រប្រឡងថ្មី ព្រោះអាចមានពេលវេលាសិក្សាបន្ថែម

2021/11/06 06:15:07 pm        580
ភ្នំពេញ ៖ ក្រសួងអប់រំ កាលពីម្សិលម៉ិញ បានសម្រេចប្ដូរកាលបរិច្ឆេទប្រឡងបាក់ឌុប ពីថ្ងៃទី ៦ខែធ្នូ ទៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២១វិញ។ ការសម្រេចបែបនេះ គឺជាដំណឹងល្អរបស់សិស្សត្រៀមប្រឡង ព្រោះពួកគាត់មានពេលវេលាបន្ថែមទៀត ដើម្បីសិក្សាត្រៀនសម្រាប់ការឡងនោះ។ក្រសួងអប់រំ បានសម្រេចជាផ្លូវការ ផ្លាស់ប្ដូរកាលបរិច្ឆេទប្រឡងបាក់ឌុប ​ពីថ្ងៃទី ៦ខែធ្នូ មកថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២១ជំនួសវិញ។ ការប្រឡងនេះ ត្រូវរៀបចំតាមទម្រង់ដូចរាល់ឆ្នាំកន្លង។ការសម្រេចប្ដូរកាលបរិច្ឆេទប្រឡងបាក់ឌុបថ្មីនេះ ធ្វើឡើងក្រោយ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រជុំ​វាយតម្លៃ​ស្ថានការណ៍​ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប។ចំពោះការកំណត់ពេលវេលាប្រឡងថ្មីនេះ ​សិស្សថ្នាក់ទី ១២ ក៏បង្ហាញការគាំទ្រ សប្បាយចិត្ត និងថ្លែងអំណរគុណ​ដល់ក្រសួងអប់រំផងដែរ។​ ពួកគាត់​បញ្ជាក់ថា ​នឹងមានពេលវេលាបន្ថែមទៀត ក្នុងការសិក្សា ​ស្វ័យសិក្សា​ ធ្វើលំហាត់បន្ថែម ​ដើម្បីសម្រេចជោគជ័យ ក្នុងការប្រឡង។ចំពោះការប្រឡងបាក់ឌុបក្នុងឆ្នាំនេះ ​ក្រសួងអប់រំនៅតែ ​បន្តអនុវត្តន៍គោលការណ៍ច្បាប់​ យុត្តិធម៌ តម្លាភាព និង​លទ្ធ​ផលទទួលយកបាន ​ស្របនឹងវិធានការសុវត្ថិភាពសុខភាព។សម្រាប់សិស្សថ្នាក់ទី ៩ និងទី ១២ មួយចំនួន​ បានចូលសិក្សាជាថ្មីនៅកំឡុងខែ ​កញ្ញាកន្លងទៅ។ ចំពោះការ​បើក​ដំណើរការសិក្សាគ្រប់​កម្រិត​សិក្សាទូទាំងរាជធានី-ខេត្ត ទើបតែបានចាប់​ផ្ដើម​អនុញ្ញាត នៅថ្ងៃទី ១ វិច្ឆិកាឆ្នាំ ​២០២១នេះ​ប៉ុណ្ណោះ ស្របពេលដែលរាជរដ្ឋាភិបាលប្រកាស​បើក​ប្រទេសគ្រប់វិស័យឡើងវិញនៅថ្ងៃតែមួយ៕អត្ថបទ ៖ គឹមហុក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

2021/11/06 04:35:11 am        882
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព។ មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លំាង​បំផុត​នោះទេ ​តែជាការបាត់បង់នូវ ធនាធានមនុស្សដ៏គំរូមួយរូបជាឥស្សរជនដ៏ឆ្នើមមួយរូប ដែល​បាន​លះបង់កម្លំាងកាយចិត្ត ធនធាន និងបញ្ញា​ស្មារតី ក្នុងការបម្រើប្រទេសជាតិ​ មាតុភូមិ ដោយ​ពុំខ្លាច​នឿយហត់ជារៀងរហូតមក។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទទួលមរណភាព ​នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា ​នៅគេហដ្ឋាននៃសព​ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធ ​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទៅសោយសុខ​ក្នុង​ឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕

របាំបុរាណខ្មែរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ​នឹងលើកមកសម្តែងក្នុងពិធីបើក​មហោ​ស្រព​វប្បធម៌​អាស៊ី​និងអឺរ៉ុប

2021/11/05 03:06:51 pm        449
ភ្នំពេញ ៖ នាឱកាសដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុករៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ឆ្នាំ២០២១ នឹងមានទស្សនីយភាពសិល្បៈច្រើនទម្រង់ ដើម្បីបង្ហាញជូនភ្ញៀវអន្តរជាតិ ។ ក្នុងនោះក៏រួមមានរបាំព្រះរាជទ្រព្យ និងរបាំជាច្រើនទំរង់ផ្សេងទៀត ដែលសុទ្ធសឹងចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ លើកមកសំដែងក្នុងពិធីបើកមហោស្រពផងដែរ។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម បណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ និងជាអនុប្រធាន អនុគណៈកម្មការ​សម្រប​សម្រួលការរៀបចំព្រឹតិ្តការណ៍ក្រៅកិច្ចប្រជុំកំពូល, ប្រាប់BTV ​ព័ត៌មាននាព្រឹកថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ។ ឯកឧត្តម បណ្ឌិត បានបន្តទៀតថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និងអឺរ៉ុប ៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់កម្ពុជា ទាំងសេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍។ គឺជាច្រកទ្វារថ្មីសម្រាប់កម្ពុជា​ ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព​រវាងអឺរ៉ុប និងអាស៊ី ​ក៏ជាការទាក់​ទាញ​វិនិយោគិន ឲ្យចូលមកវិនិយោគ​នៅក្នុងព្រះរាជា​ណា​ចក្រ​កម្ពុជា និងទេសចរណ៍ ដែលកម្ពុជា​កំពុងត្រៀមបើក​ទេសចរណ៍​ (ទទួលភ្ញៀវអន្តរជាតិ) ឡើងវិញនាពេលខាងមុខនេះ។ ហើយក្រសួងវប្បធម៌បានត្រៀម​សម្រាប់កា​រ​រៀបចំការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃមហោស្រពវប្បធម៌អាស៊ី អឺរ៉ុប ​ដោយមានសកម្មភាព៣សំខាន់ៗ​ ក្នុងនោះ ​មាន​ការ​សម្តែង​សិល្បៈទស្សនីយភាពផងដែរ។ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ​ខែវិច្ឆិកា ឆ្នាំ២០២១ តាម​ប្រព័ន្ធអនឡាញ​ ព្រមទាំង​មាន​ការរៀបចំតាំង​ពិព័រណ៍វប្បធម៌​ដោយផ្ទាល់នៅសារមន្ទីរជាតិ ដោយ​ធ្វើការ​បើកសម្ពោធ​ និងអនុញ្ញាត​ឲ្យភ្ញៀវជាតិ និង​ភ្ញៀវអន្តរជាតិ​ ចូលទស្សនាដោយសេរី និង​ការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តមេជើរស៊ីនេផ្លិច​ សាខាអ៊ីអន១ ក្នុង​រាជធានី​ភ្នំពេញ។ ក្នុងនោះឯកឧត្តម បណ្ឌិត គឹម ពីនន់​ បានបញ្ជាក់ថា​ នៅថ្ងៃទី២៦ ខែវិចិ្ឆកា ​ដែលជាថ្ងៃ​បិទ​មហោស្រព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង ​សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ នឹង​ថ្លែង​សន្ទរកថា​បិទ​ ដោយមានការសម្តែងរបាំទេពមនោរម្យ​ ដែលដំឡើងថ្មី និង​មាន​រយៈពេល៨នាទី​ ដើម្បីចូលរួមសម្តែង​ក្នុង​ពិធីបិទនេះ​ផងដែរ។ ទាំងអស់នេះ ជាសកម្មភាពធំៗ របស់ក្រសួងវប្បធម៌ ក៏ដើម្បីបង្ហាញអត្តសញ្ញាណជាតិខ្មែរ​ ទន្ទឹម​នឹងនោះអឺរ៉ុប ក៏បង្ហាញពីអត្តសញ្ញាណចម្រុះជាតិសាសន៍​ រវាងប្រជាជននិងប្រជាជន ការចែករំលែក​បទពិសោធន៍ ​និង​ការយល់ដឹងអំពីភាពផ្សេងៗគ្នា ​នៃវប្បធម៌ ​ដែលនាំមកនូវសុខដុមភាព ​ការអភិវឌ្ឍ និង​កិច្ច​សន្ទនា​កាន់​តែ​ប្រសើរ​ឡើង​រវាងទ្​វីបទាំងពីរ៕អត្ថបទ រដ្ឋា

ពលរដ្ឋចាប់ផ្តើមធ្វើដំណើរកំសាន្តឡើងវិញ និងកក់សេវារថយន្ត សម្រាប់ថ្ងៃឈប់សម្រាកនាពេលខាងមុខ

2021/11/05 02:38:51 pm        1214
ភ្នំពេញ ៖ វិស័យដឹកជញ្ជូនអ្នកដំណើរ ដែលបម្រើដល់វិស័យទេសចរណ៍ ចាប់ផ្ដើមមានភាពមមាញឹកជាថ្មី ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ។ ជាក់ស្ដែងសម្រាប់ថ្ងៃឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនរស់នៅរាជធានីភ្នំពេញ បានធ្វើការកក់សេវារថយន្តរួចរាល់ ដើម្បីចេញទៅកំសាន្តនៅទីខេត្តគោលដៅទេសចរណ៍។ បច្ចុប្បន្នការធ្វើដំណើរកំសាន្តក្នុងស្រុករបស់ប្រជាពលរដ្ឋកម្ពុជា ចាប់ផ្ដើមមានភាពសកម្មមមាញឹកជាថ្មី ក្រោយមានភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ដោយសារតែកូវីដ-១៩។ការកើនឡើងនៃសកម្មដំណើរកំសាន្តផ្ទៃក្នុងនេះ ក៏ជម្រុញឲ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ បន្ថែមម៉ោង​ចេញ​ដំណើរ​ផងដែរ។ ​ជាក់ស្ដែងសម្រាប់ក្រុមហ៊ុនដឹកអ្នកអ្នកដំណើរ ​ឡារីតា បាន​បន្ថែមម៉ោងធ្វើដំណើរចាប់ពីម៉ោង ៦.៣០ នាទីព្រឹក រហូតដល់ម៉ោង ៦.៣០ ល្ងាចឡើងវិញ រៀងរាល់កន្លះម៉ោងម្ដង ​សម្រាប់ខេត្តគោលដៅសៀមរាប និង​ព្រះសីហនុ។ស្របពេលដែលព្រះរាជពិធីបុណ្យយអុំទូកនឹងចូលមកដល់ថ្ងៃទី ១៨ដល់ថ្ងៃទី ២០ វិច្ឆិកាខាងមុខនេះ ក្រុមហ៊ុនក៏​ទទួល​ការកក់សំបុត្រជាច្រើន ស្ទើរពេញចំនួនរថយន្តទាំង ៤០គ្រឿង របស់​ក្រុមហ៊ុន​ទៅហើយគិតត្រឹមថ្ងៃនេះ។ នេះជា​ការ​លើកឡើងរបស់លោក មឿន សម្បតិ្ត ជាអ្នកចាត់ការទូទៅ។ លោកក៏បានបន្ថែមដែរថា សម្រាប់​ថ្ងៃឈប់​សម្រាក​ខាង​មុខនេះ​ ក្រុមហ៊ុនក៏នឹងបន្ថែមរថយន្ត ៤៥កៅអី ​ចំនួន១០គ្រឿងទៀត ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រជាពលរដ្ឋ។ ចំពោះការធ្វើដំណើរក្នុងកាលទេសៈនេះ ក្រុមហ៊ុននៅតែអនវត្តវិធានការការពារ ដើម្បី​សុវត្ថិភាពបុគ្គលិក ​ក៏ដូចជា​សុវត្ថិភាព​អ្នកធ្វើដំណើរ។ ​ជាក់ស្ដែងគឺធ្វើតេស្តលើបុគ្គលិកជាប្រចាំខែ និង​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ត្រូវ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង។សម្រាប់អ្នកធ្វើដំណើរវិញ ​ពួកគាត់​យល់ឃើញថា ការ​បើកប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​នា​ពេល​នេះ ​ធ្វើអោយការ​រស់​នៅ​ការធ្វើដំណើរ ការប្រកបអាជីវកម្មផ្សេងៗ​មាន​ភាព​ងាយ​ស្រួល​ជាងមុន។ សម្រាប់កម្ពុជា ​ប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ​បានប្រកាស​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ ​ខណៈដែលកម្ពុជា សម្រេចបានជោគជ័យល្អប្រសើរ​លើការចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ។ ទន្ទឹមការបើក​ប្រទេស​ឡើងវិញនេះ ​ក្រសួងទេសចរណ៍​ ក៏​បាន​ជម្រុញទេសចរណ៍ផ្ទៃក្នុង រួមទាំង​ប្រកាស​ទទួល​ទេសចរណ៍​វ៉ាក់សាំង​ចាប់ពីថ្ងៃទី៣០​ វិច្ឆិកាផងដែរ៕អត្ថបទ ៖ គឹមហុក

រដ្ឋបាលខេត្តត្បូងឃ្មុំ ពិធីបញ្ចុះបឋមសិលាសាសង់រង្វង់មូល "រូបសំណាក់ហ្លួងព្រះស្ដេចកន" ដើម្បីលើកកម្ពស់សោភណភាព និងរំលឹកពីប្រវត្តិសាស្ត្រ

2021/11/05 02:14:43 pm        202
ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បញ្ចុះបឋមសីលាសាងសង់រង្វង់មូល "រូបសំណាក់ហ្លួងព្រះស្ដេចកន" នៅចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ “ក”នៅទីតាំង"វាលឥន្ទចក្រី" ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។ពិធីនេះ ក្រោមវត្ដមានឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់មន្ត្រីរាជការជុំវិញខេត្តផងដែរ។សូមបញ្ជាក់ថា រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន មានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ និងគ្រោងបញ្ចប់ការសាងសង់ នាអំឡុងចុងឆ្នាំ២០២២៕

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «ជោគជ័យលើសមរភូមិវ៉ាក់សាំងជាសរសគ្រឹះសម្រាប់ការបើកប្រទេសឡើងវិញ»

2021/11/05 01:45:02 pm        78
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «ជោគជ័យលើសមរភូមិវ៉ាក់សាំងជាសរសគ្រឹះសម្រាប់ការបើកប្រទេសឡើងវិញ» ។វីដេអូនេះ បានរំលេចឱ្យឃើញនូវជោគជ័យដ៏ធំធេងនៃនយោបាយវ៉ាក់សាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្តេតេជោ បានប្រកាសបើកប្រទេសជាតិរបស់ខ្លួនឡើងវិញលើគ្រប់វិស័យ និងគ្រប់ផ្នែកជាបណ្តើរៗ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ បន្ទាប់ពីអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវជំងឺរាតត្បាត កូវីដ-១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ដោយឆ្លងកាត់នូវការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងដែលកើតមាននៅក្នុងដំណាក់កាលទាំង៤ នៃការរាតត្បាតនៃជម្ងឺដ៍កាចសាហាវឥតស្រមោលនេះទាំងប្រភេទចាស់និងប្រភេទថ្មី។ កត្ដាដ៍សំខាន់បំផុតរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺនេះបានល្អប្រសើរនោះ គឺជោគជ័យលើសមរភូមិវ៉ាក់សាំងដែលរហូតមកត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១នេះ គឺមានប្រជាជន ៨៥.៦៨%នៃចំនួនប្រជាជន១៦នាក់បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ដែលបង្កើតបាននូវភាពសាំក្នុងសហគមន៍យ៉ាងរឹងមាំនៅទូទាំងប្រទេស។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ដល់ប្រជាជនរបស់ខ្លួនបានច្រើនជាងគេបំផុតនៅក្នុងពិភពលោកដោយសារជំនួយពីបណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍ ជាពិសេសគឺប្រទេសចិន។ ប្រទេសកម្ពុជាបានធ្វើឲ្យមានការប្រែប្រួលដោយនឹកស្មានមិនដល់ ដោយសារតែព្រះរាជាណាចក្រកម្ពុជាមានអត្រាចាក់វ៉ាក់សាំងច្រើនជាងបណ្ដាប្រទេសអ្នកមានមួយចំនួនទៅទៀត រាប់ទាំងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសផង»។ដោយសារតែចំណុចពិសេសនេះហើយ ដែលធ្វើឲ្យសកម្មភាពសង្គមនិងសេដ្ឋកិច្ចកម្ពុជាអាចចាប់ផ្តើមដំណើរការឡើងវិញបានក្នុងទម្រង់នៃជីវភាពប្រក្រតីបែបថ្មីក្នុងបរិការនៃជំងឺកូវីដ- ១៩។ កម្ពុជា ត្រូវបានគេកោតសរសើរអំពីការឆ្លើយតបយ៉ាងលឿនរហ័សចំទិសដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជាមួយសត្រូវឥតស្រមោលប្រចាំសតវត្សរ៍ទី២១ នេះ។ ម៉្យាងវិញទៀត វ៉ាក់សាំងពិតជាមានប្រសិទ្ធិភាពអាចបញ្ចៀសអ្នកឆ្លងពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិត។ ជាក់ស្តែងយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានបង្ហាញថា តួលេខអ្នកជំងឺកូវីដ-១៩ ដែលស្លាប់ភាគច្រើនគឺអ្នកដែលមិនបានចាក់វ៉ាក់សាំង។កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាបាននិងកំពុងជួយកម្ពុជាក្នុងកាម៉្យាងវិញទៀត វ៉ាក់សាំងពិតជាមានប្រសិទ្ធិភាពអាចបញ្ចៀសអ្នកឆ្លងពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លារបើកដំណើការសង្គម និងសេដ្ឋកិច្ចឡើងវិញ ជាពិសេសការឈានទៅបើកប្រទេសឡើងវិញលើគ្រប់វិស័យបានឆាប់រហ័សជាង និងសុវត្ថិភាពប្រកបដោយភាពរឹងមាំ និងការជឿជាក់ ជាងបណ្តាប្រទេសផ្សេងៗជាច្រើន ពោលគឺកម្ពុជាបាននិងកំពុងចាកចេញពីជម្ងឺរាតត្បាតដោយភាពជឿជាក់ និងរឹងមាំ។ ប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានឃើញប្រទេសរបស់ខ្លួនឈរនៅលើកំពូលតារាងក្នុងចំណោម ប្រទេសដែលទទួលបានជោគជ័យក្នុងការការពារអាយុជីវិតពលរដ្ឋរបស់ខ្លួនចេញពីជំងឺឆ្លងសាកលដ៏កាចសាហាវប្រចាំសតវត្សរ៍។ នេះជាកិត្តិយស ដ៏ធំធេងសម្រាប់ជាតិសាសន៍ខ្មែរទាំងមូល។ ការបើកប្រទេសឡើងវិញនេះ គឺជាក្តីសង្ឃឹមយ៉ាងមុតមាំថា សង្គមនិងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋខ្មែរទូទៅនឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្រោមម្លប់នៃសុខសន្តិភាព៕សូមទស្សនាវីដេអូ៖

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រួមចំណែកជំរុញការនាំចេញ​ក្នុង​ឧស្សាហកម្មកាត់​ដេរ​របស់កម្ពុជា

2021/11/05 01:03:37 pm        438
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ ថ្លែងថា គម្រោងរោងចក្រកាន់ តែប្រសើរនៅកម្ពុជា (BFC) បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការនាំចេញក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។នៅក្នុងពិធីគម្រប់ខួប២០ឆ្នាំ នៃការបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា កាលពីរសៀល​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ តាមប្រព័ន្ធ វីដេអូ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម W Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា, លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិ ខាង​ការងារប្រចាំនៅកម្ពុជា ថៃនិងឡាវ, និងតំណាង​សមាគម​និយោជក​ តំណាងសហជីព និងអ្នក​បញ្ជា​ទិញ​អន្តរជាតិ​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសទី១ ដែលមានភាព​ក្លាហាន​ក្នុងការ​ អនុវត្តពាណិជ្ជកម្មអន្តរជាតិដោយផ្សារភ្ជាប់ជាមួយ​នឹង​ការធានាលក្ខខណ្ឌការងារ​ស្រប​តាម​ច្បាប់​ ស្តីពី​ការងារ និងបទដ្ឋានការងារស្នូលជាអន្តរជាតិ។ដោយសារតែគម្រោងនេះ មានបេសកកម្ម និងកម្មវិធីការងារគាំទ្រនូវគោលនយោបាយ និង​ការប្តេជ្ញា​ចិត្តរបស់ ​រាជរដ្ឋាភិបាលក្នុងការសំដៅធានាការលើកកម្ពស់លក្ខខណ្ឌការងារ ​សិទ្ធិការងារ និង​សេរីភាព​អង្គការវិជ្ជាជីវៈ ទើប​បាន​ជា​គម្រោងនេះ​ទទួល​បាន​ការគាំទ្រយ៉ាងពេញទំហឹង ពី​រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈក្រសួងការងារ​ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល ២០ឆ្នាំនេះ។ ឯកឧត្តម បានទទួលស្គាល់ថា កម្មករនិយោជិត ​និងនិយោជកនៃរោងចក្រកាត់ដេរ ដែលធ្វើការនាំ​ចេញ​ផលិតផល ទៅក្រៅប្រទេស​បាន​ទទួលនូវអត្ថប្រយោជន៍ជាច្រើនអំពីការអនុវត្តគម្រោងនេះ ដោយ​អាចរក្សា​បាននូវការងារ ដែលមាន​លក្ខខណ្ឌល្អប្រសើរ​និង​ទទួល​ប្រាក់​ចំណេញ​អាជីវកម្ម​តាមរយៈការទទួល​បាន​ការបញ្ជាទិញ​ពី​អ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើន​ជាប្រចាំជាមួយ​នឹង​អនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។ឯកឧត្តម បានណែនាំឲ្យគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ អនុវត្តគម្រោងរោងចក្រកាន់​តែប្រសើរ​នៅ​កម្ពុជា (BFC) និង​កសាងវប្បធម៌​អនុលោមភាព ​ការងារនៅកម្ពុជា សំដៅជំរុញកំណើន​ក្នុង​វិស័យវាយនភណ្ឌ ​សំលៀកបំពាក់ និង​ផលិត​ផលិតផលធ្វើដំណើរ ​និងកាបូប៕អត្ថបទ ៖ ឈិត បូរ៉ាវី

អាជីវកម្មដ្ឋានបៀរហ្កាឌិននៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មួយចំនួនចាប់ផ្តើមរៀបចំបើកដំណើរការឡើងវិញ

2021/11/05 12:53:47 pm        158
ភ្នំពេញ ៖ បន្ទាប់ពីក្រសួងទេសចរណ៍ប្រកាសបើកអាជីវកម្មបៀរហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស ក្រោយស្ថានការកូវីដ១៩ មានការធូរស្រាល មកដល់ពេលនេះ មានបណ្តាអាជីវកម្មដ្ឋានបៀរហ្កាឌិនមួយចំនួន បានចាប់ផ្តើមរៀបចំទីតាំងអាជីវកម្ម និងរៀបចំសំណុំលិខិតដាក់ស្នើទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើសុំបើកអាជីវកម្មបៀរហ្កាឌិនជាបន្តបន្ទាប់។បើតាមប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល បាន​ថ្លែង​ប្រាប់BTV ដូចៗ​គ្នា​នៅថ្ងៃទី៥ ខែវិច្ឆិកានេះថា ជាទូទៅគ្រប់អាជីវកម្មដ្ឋាន​ទេសចរណ៍​​ទាំងអស់ ជាពិសេស​អាជីវកម្មបៀរហ្កាឌិន​ដែល​រាជរដ្ឋាភិបាលទើបប្រកាសអោយបើកដំណើរការឡើងវិញនេះ គឺត្រូវរៀបចំការបើកដោយត្រូវអនុវត្តតាមវិធាន​ស្តង់ដារ​អប្បរមា​ ឬស្តង់ដារ SOP ពោល​គឺ​គ្រប់អាជីវកម្មបៀរហ្កាឌិននានា ​មុននឹងបើកទទួលភ្ញៀវ​ បើទោះអាជីវកម្មនោះ​មាន​ច្បាប់ ឬ​មិន​ច្បាប់​អនុញ្ញាតក៏ដោយ ​គឺត្រូវដាក់ការស្នើសុំទៅរដ្ឋបាលរាជធានីខេត្ត​ ដើម្បីអោយមន្ត្រីជំនាញ​ចុះទៅ​វាយ​តំលៃត្រួតពិនិត្យ។ សម្រាប់អាជីវកម្មដែលបានរៀបចំអនុវត្តតាមស្តង់ដារ SOP ត្រឹមត្រូវគឺត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក។លោក សំ សារិទ្ធ ចៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ​បានថ្លែងថា អនុវត្ត​ការ​ណែនាំ​រដ្ឋបាល​រាជធានីភ្នំពេញ ​នៅពេលបច្ចុប្បន្ននេះ ​សង្កាត់បានបែងចែកវេនចុះត្រួតពិនិត្យ អនុវត្តច្បាប់ ​និងវិធានការអនាម័យ​ទប់​ស្កាត់ការរាតត្បាតកូវីដ១៩នៅតាមបៀរហា្កឌិន និង ភោជនីយដ្ឋាន ​អាហារដ្ឋាន​នានា​ទៀត​ទាំងនៅ​ពេលថ្ងៃ និង​យប់​ជាប់​ប្រចាំ ហើយការចុះត្រួតពិនិត្យ​នោះក៏មានអាជីវកម្មទេសចរណ៍មួយចំនួន ត្រូវ​រងការបិទបណ្តោះអាសន្នផងដែរ ដោយសារ​ការអនុវត្តវិធានការណែនាំមិនបានត្រឹមត្រូវ។ទោះយ៉ាងណា សម្រាប់​ហាងអាជីវកម្មទេសចរណ៍ដែលទទួល​បាន​ការអនុញ្ញាត​បើក​ដំណើរ​នៅរាជធានីភ្នំពេញ ​និង​ក្រុង​តាខ្មៅ ​បានថ្លែងអរគុណរាជរដ្ឋាភិបាល ដែលបានគិតគូ​ និង​អនុញ្ញាត​ការបើកអាជីកវម្មដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​ឡើង​វិញ ​ដើម្បីបង្កើតឱកាសការងារជូនពលរដ្ឋឡើងវិញ ហើយ​ការរៀបចំបើកនោះ ​គឺត្រូវខិតខំអនុវត្តតាមណែនាំពី​ក្រសួង​ទេសចរណ៍ ​និងអាជ្ញាធរមូលដ្ឋាន ជាពិសេសការត្រួតពិនិត្យភ្ញៀវមានកាតវ៉ាក់សាំង​ និងការរក្សាគន្លាតជាដើម។សូមបញ្ជាក់ថា គ្រប់អាជីវកម្មបៀរហ្កាឌិន​ មុននឹងបើក ក្រសួងទេសចរណ៍បានណែនាំ​ឲ្យ​គ្រប់​អាជីវកម្មដ្ឋាន​បៀរហ្កាឌិន ​ត្រូវរៀបចំទីតាំង ​និងអនុវត្តតាមខ្លឹមសារប្រកាសលេខ១០៨ប្រក ចុះថ្ងៃទី៣ ​ខែវិច្ឆិកា ឆ្នាំ២០២១ស្តីពី ការ​ដាក់អោយអនុវត្តវិធានសុវត្ថិភាព​ទេសចរណ៍សម្រាប់​អាជីវកម្ម​បៀរហ្កាឌិន ​អោយ​បានត្រឹមត្រូវ ​បន្ថែម​លើ​គោលនយោបាយ និងគោលការណ៍​ណែនាំ​នានា​ទៀត​របស់រាជរដ្ឋាភិបាល​ ជាពិសេសការគាំទ្រគោល​នយោបាយ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល និងប្រកាន់​ខ្ជាប់​វិធានទាំងឡាយ​ដែលដាក់ចេញដោយក្រសួងសុខាភិបាល ​និងវិធាន​សុវត្ថិភាព​ក្រសួងទេសចរណ៍ជាដើម៕អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM