ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

វិស័យឯក​ប្រគល់សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ ជូនមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព

2021/11/05 05:21:34 am        116
ភ្នំពេញ ៖ ​ទោះបីជាបរិបទនៃការរីករាលដាលពីជំងឺកូវីដ១៩ នៅទូទាំងពិភពលោកនាពេលនេះ កំពុងវិលត្រឡប់ទៅភាពល្អប្រសើរវិញបន្តិចក្តី ក៏រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឲ្យបន្តការការពារ។ ដើម្បីជំរុញឲ្យបាននូវការចូលរួមចំណែកទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺនេះ ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រគល់សម្ភារៈផ្សព្វផ្សាយអប់រំសុខភាព ជូនដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព។កម្មវិធីប្រគល់សម្ភារៈផ្សព្វផ្សាយអប់រំសុខភាពស្តីពីការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ រួមមាន ៖ អាវយឺត ផ្ទាំងបដា និងស្ទិកគឺ រូបភាពផ្ទាំងធំ (Poster) សម្រាប់យុទ្ធនាការជាតិក្រោមប្រធានបទ "រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២១នេះ នៅមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ស្ថិតសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានអនុគណៈកម្មការអប់រំបណ្តុះបណ្តាល ​និងទំនាក់ទំនងសាធារណៈ រួមទាំងគណៈគ្រប់គ្រង​របស់​ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ផ្ទាល់។នៅក្នុងឱកាសនោះលោកជំទាវ ឱ វណ្ណឌីន បានសម្តែងការអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងបុគ្គលិកក្រុមហ៊ុន ដែលបានជួយចូលរួមចំណែកក្នុងការទប់ស្កាត់​ការ​ឆ្លងរាល​ដាល​ជំងឺកូវីដ ដោយ​បាន​ឧបត្ថម្ភជាសម្ភារៈដល់ក្រសួង។លោកជំទាវ លើកឡើងថា ​សម្ភារៈទាំងអស់នេះ ពិតជាមានសារៈសំខាន់ណាស់​សម្រាប់ជួយ​ផ្សព្វ​ផ្សាយ​បន្ដ ក៏ដូចជាការរំលឹកជូនដល់សាធារណបន្ដអនុវត្ដ ​៣ការពារ និង៣កុំ ទោះជាស្ថានភាពជំងឺកូវីដ១៩​នៅកម្ពុជា​ មានភាពល្អប្រសើរជាងមុនក្ដី។លោកជំទាវ បានអំពាវនាវដល់បុគ្គលគ្រប់រូបគ្រួសារ សហគមន៍ និងស្ថាប័នឯកជនចូលរួមទាំង​អស់​គ្នា ជាមួយរដ្ឋាភិបាលក្នុងការបើកដំណើរការសង្គម ​និងសេដ្ឋកិច្ចតាមគន្លងប្រតីភាពថ្មី ដោយម្នាក់ៗ​ទ​ទួល​ខុសត្រូវក្នុងការអនុវត្តទម្លាប់រស់នៅថ្មី តាមការណែនាំរបស់ក្រសួងសុខាភិបាល។ជាមួយគ្នានេះ ថ្នាក់ដឹកនាំកក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ​បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា​ និងមន្ត្រីថ្នាក់មូលដ្ឋាន ដែលបានខិតខំប្រឹង​ប្រែង​ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់រហូតកន្លងមក ​ដែលទទួលបានជាលទ្ធផលល្អប្រសើរ ជា​ពិសេសយុទ្ធនាការចាក់វ៉ាក់សាំង​ទូទាំង​ប្រទេសបានរហូតដល់ជិត​ ៩០ភាគរយ​ នៃប្រជាជនសរុប ដែល​លទ្ធផលនេះស្ថិតនៅលំដាប់ខ្ពស់នៅក្នុងអាស៊ាន​ និងពិភពលោក។ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ​បានចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ​ជាមួយរាជរដ្ឋាភិបាលដូចជា៖ ឧបត្ថម្ភក្នុង​ការទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩, ឧបត្ថម្ភក្នុងការទិញវ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ដល់ប្រជាពលរដ្ឋ ​ការចូលរួមជាមួយកាកកបាទក្រហមកម្ពុជា ​និងឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿង​ឧបភោគបរិភោគផ្សេងៗ ​ទៅកាន់គោលដៅផ្សេងៗ​ដែល​បាន​ទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩៕អត្ថបទ ៖ ឈិត បូរ៉ាវី

មុខព្រះបរមរាជវាំងមាន​សភាព​ស្ងប់ស្ងាត់ ខណៈបុណ្យអុំទូកឆ្នាំនេះ មិនទាន់មានការរៀបចំអ្វីឡើយ

2021/11/05 12:09:21 pm        288
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទិដ្ឋភាពទូទៅនៅតាមសួនច្បារ និងតាមដងផ្លូវ ស្របមាត់ទន្លេចតុមុខ មានសភាពស្ងប់ស្ងាត់ជាធម្មតា ទិដ្ឋភាពនៅតាមសួនច្បារនិងដងផ្លូវ មានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងមកឲ្យចំណីសត្វព្រាបជាធម្មតា ទោះបីពុំទាន់មានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ នាថ្ងៃខាងមុខក្នុងខែវិច្ឆិកានេះក្ដី។លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ពេលនេះ​មិនទាន់​មាន​ការ​ណែនាំ​អី្វនោះទេ។កាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០២១កន្លងទៅ ក្នុងពិធីចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាជំងឺកូវីដ នៅមិនទាន់ដឹងថានឹងត្រូវបិទបញ្ចប់នៅពេលណាឡើយ ដែលករណីនេះ​តម្រូវឲ្យពលរដ្ឋគ្រប់រូប​ ត្រូវចេះសម្របខ្លួនរស់នៅជាមួយស្ថានភាពនេះ ដោយអនុវត្តតាមវិធានសុខាភិបាល និងការណែនាំ របស់រដ្ឋាភិបាល ដើម្បី​​ទប់ស្កាត់​ការ​ចម្លង​បន្តទៀត ហើយពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ​សម្រាប់ឆ្នាំនេះ ​ត្រូវបាន​ផ្អាក​ម្ដងទៀត​ដោយ​ហេតុផល​នៃការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩ ។ទាក់ទិននឹងការឈប់សម្រាកវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១​ បានជូនដំណឹងដល់ម្ចាស់​ ឬ​នាយករោងចក្រ ​សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែន​អនុវត្ត​នៃច្បាប់ស្តីពីការងារ ​ត្រូវ​អនុញ្ញាត​ឲ្យកម្មករនិយោជិតទាំងអស់ របស់ខ្លួនឈប់សម្រាក ដោយ​មាន​ប្រាក់​ឈ្នួល​ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ​បណ្តែត ប្រទីប ​និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ​ក្នុងរយៈពេលបីថ្ងៃ ​គឺថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

មេបញ្ជាការកងទ័ពជើងអាកាស ៖ ​កងទ័ពទាំងអស់ត្រូវជឿជាក់​ដោយ​ឥតងាក់រេ​លើ​ការ​ដឹកនាំ​របស់​សម្តេចតេជោ

2021/11/05 11:56:40 am        315
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានក្រើនរំលឹកដល់ នាយទាហានពលទាហាននៃកងទ័ពជើងអាកាសទាំងអស់ មិនថាកំពុងបំរើការងារ ឬបានចូលនិវត្តន៍ក៏ដោយគឺត្រូវ ជឿជាក់ដោយឥតងាក់រេលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។នៅក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ជាច្រើនរូបនាព្រឹកថ្ងៃទី៥ ខែតុលានេះ នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាសឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង បាន​លើកឡើងថា ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញនាពេលនេះ គឺកើតចេញពី​យុទ្ធសាស្រ្ត​នយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជា​ស្ថាបនិក​មគ្គុទេសក៍​ឯក រួម​នឹង​រៀមច្បង​ដែល​ជាប្រតិបត្តិករ ដ៏ស្មោះត្រង់​ ក្នុងនោះមាននាយទាហាន ដែលបំរើការក្នុងជូរកងទ័ព​ជើង​អាកាស បាន​ពួតដៃគ្នា​បញ្ចេញ​អស់​ពី​កម្លាំងកាយចិត្ត ​ដោយ​បានតស៊ូយ៉ាងសកម្ម ក្នុង​បេសកកម្មដ៏លំបាក ​និង​សែនមហាគ្រោះថ្នាក់ជាច្រើន ដើម្បីតែសុខសន្តិភាព និង​ការអភិវឌ្ឍ​ជូន​ប្រជាជន ​និងប្រទេសជាតិទាំងមូល។យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ សឹង សំណាង បាន​ជំរុញដល់កងទ័ពនៅក្នុងបញ្ជាការដ្ឋាន កងទ័ពជើង​អាកាសទាំងអស់​ មិនថា​កំពុងបំរើការ​ និងចូលនិវត្តន៍នោះ គឺត្រូវ​«ជឿជាក់ដោយ​ឥតងាក​រេលើ​ការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន សែន ​ដើម្បីកម្ពុជាបាននូវសុខសន្តិភាព​ សេរីភាព និង​ការ​អភិវឌ្ឍប្រកបដោយចីរភាព។ត្រូវយកចិត្តទុកដាក់​ក្នុងការ​វិនិច្ឆ័យ​រាល់គ្រប់ព័ត៌មាន​ ទាំងក្នុងបណ្តាញសង្គម និងក្នុងជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ដោយត្រូវពិចារណារកហេតុផលឲ្យបានច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្តណា មួយទៅលើព័ត៌មានទាំងនោះ ​ដើម្បីជៀសផុតពីកំហុសឆ្គង»។នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីយោធិនចូលនិវត្តន៍នេះដែរ​ នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានបញ្ជាក់ផងដែរថា ​ចាប់ពីពេលនេះតទៅ​ការចូលនិវត្តន៍របស់យោធិន គឺត្រូវ​អនុវត្តន៍ទៅ តាម​គោលការណ៍​ដែលបានកំណត់ក្នុងច្បាប់ ហើយតាមសេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ ដោយយោធិនគ្រប់រូបដែលត្រូវបាន​ចូលនិវត្តន៍នោះ គឺត្រូវដំឡើងមួយសក្តិ ហើយក៏​នឹង​មាន​ការឲ្យចូលនិវត្តន៍ជារៀងរាល់ឆ្នាំផងដែរ៕អត្ថបទ ៖ បានចក់ 

ឯកឧត្តម ជាវ តាយ បង្ហាញឆន្ទៈធ្វើឱ្យក្រុងពោធិ៍សាត់គ្មានសំរាមទៅពេលអនាគត

2021/11/04 04:26:58 pm        574
ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ បានបង្ហាញឆន្ទៈធ្វើឱ្យក្រុងពោធិ៍សាត់ គ្មានសំរាម ទៅពេលអនាគត ដើម្បីសោភណភាពក្រុង បរិស្ថានល្អ និងសុខុមាលភាពពលរដ្ឋល្អ។កាលពីម្សិលមិញ ឯកឧត្ដម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានលើកយកបញ្ហាសំរាមក្នុង ក្រុងពោធិ៍សាត់ មកពិភាក្សាជាមួយអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងសំរាម ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យការគ្របគ្រងបញ្ហាសំរាម ការប្រមូលសំរាមមានភាពល្អប្រសើរ មិនកកស្ទះ ដើម្បីកុំឱ្យប៉ះពាល់ដល់ការរស់នៅរស់ប្រជាពលរដ្ឋ និងបាត់បង់សោភណភាពក្រុង។ឯកឧត្តម បានលើកឡើងថា បច្ចុប្បន្នការប្រមូលសំរាម ក្នុងក្រុងពោធិ៍សាត់ មិនទាន់ទទួលបាន ជោគជ័យនោះទេ គឺនៅសល់សំរាមច្រើនណាស់ ​ហើយមធ្យោបាយដឹកជញ្ជូន​ ក៏មានតិចដែរ។ មានឡាន ដឹកសំរាមតែពីរទៅបីគ្រឿងប៉ុណ្ណោះ និងមានសភាពចាស់ៗទៅហើយ។លោក អ៊ឹង គឹមលាង អភិបាលរងខេត្តទទួលបន្ទុកការងារគ្រប់គ្រងសំរាម បានឱ្យដឹងថា ចាប់តាំងពី ឆ្នាំ២០១៦មក សំរាមក្នុងក្រុងពោធិ៍សាត់ មានការកើនឡើងជានិច្ច ​រហូតដល់ឆ្នាំនេះ កើន​ដល់​ចំនួន៤០ តោន ក្នុងមួយថ្ងៃ។ ពីមុនមានក្រុមហ៊ុនពីរ បានធ្វើការប្រមូលសំរាម តែឥឡូវ បានដួល​រលំ​ទៅហើយ បច្ចុប្បន្នការប្រមូលសំរាមក្នុងក្រុងពោធិ៍សាត់ គឺក្រុមយុវជន ជាអ្នកម៉ៅការប្រមូល។លោកបានបញ្ជាក់ថា បច្ចុប្បន្ន ទីលានចាក់សំរាមពេញ ផ្លូវចូលតូច ពិបាកក្នុងការដឹកជញ្ជូន ​ទើបធ្វើ ឱ្យកកស្ទះសំរាម។ ​ប្រសិនបើទីលានចាក់សំរាមថ្មី ​ត្រូវបានសាងសង់រួចរាល់ ហើយក្រុមហ៊ុន​ម៉ៅការ​ប្រមូល សំរាមបន្ថែមគ្រឿងចក្រនោះការប្រមូលសំរាមក្នុងក្រុងពោធិ៍សាត់ នឹងល្អប្រសើរ ។ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានផ្តល់អនុសាសន៍ណែនាំ ឱ្យគិតគូរពីមធ្យោបាយ ក្នុងការដឹកជញ្ជូនសំរាម ​និងទីតាំងស្តុកដំបូងឱ្យបានល្អ ដែលនឹងអាចកាត់បន្ថយការរ៉ាយប៉ាយ​នៃ​សំរាម។ ក្រុមហ៊ុនម៉ៅការសង់ទីលានចាក់សំរាមថ្មី ត្រូវពន្លឿនការសាងសង់។លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា មកដល់ពេលនេះ ​ការសាងសង់ទីលាន ចាក់សំរាមថ្មី សម្រេចបាន៨០ភាគរយហើយ ដោយលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ១០ហិកតា ចម្ងាយ ពីទីប្រជុំជនក្រុងពោធិ៍សាត់ ប្រមាណ៥គីឡូម៉ែត្រ។ ​ការស្ថាបនាទីលានចាក់សំរាមថ្មីនេះ គឺស្ថិតក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទ្លេសាប ដោយប្រើប្រាស់ថវិកាជំនួយរបស់ ADB ៕អត្ថបទ៖ ភិរុណ ពៅ

ភាពជោគជ័យលើការគ្រប់គ្រងសំណល់រឹង ទាមទារការចូលរួមពីគ្រប់ភាគីពិសេសពលរដ្ឋ

2021/11/04 04:19:12 pm        329
ព្រះសីហនុ ៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំជាមួយផ្នែកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាសំរាម ក្នុងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងសំរាម គឺ ទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ពិសេសគឺប្រជាពលរដ្ឋ ដែលជាអ្នកទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ហេង ណារ៉េត ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដែល​ផ្ដោត​លើប្រធានបទពីរ គឺ១. បទបង្ហាញពីក្របខណ្ឌការងារឈានទៅអនុវត្តប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹង ក្នុងទីប្រជុំជនក្រុងព្រះសីហនុ និង២. បទបង្ហាញស្តីពីការគ្រប់គ្រងសំរាម សំណល់​រឹង​ឆ្លាតវៃ បានលើកឡើងថា គោលនយោបាយបរិស្ថានស្អាត សុខភាពល្អ វាមានសារសំខាន់​សម្រាប់​សុខុមាលភាពប្រជាពលរដ្ឋ។ ដើម្បីកែទម្រង់ប្រព័ន្ធគ្រប់គ្រងសំរាមក្នុងខេត្តព្រះសីហនុ និង​លើក​កម្ពស់ប្រព័ន្ធគ្រប់គ្រងសំរាម និងតម្លៃឱ្យមានប្រសិទ្ធិភាពតាមប្រព័ន្ធថ្មី ទី១. ឆន្ទៈ ២. ការបេជ្ញាចិត្ត ៣.ធ្វើជាម្ចាស់។ ដើម្បីធានាសមត្ថភាព និងសមិទ្ធផលក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង ដោយមានការចូលរួមពីក្រុមហ៊ុន អាជ្ញាធរ និងប្រជាពលរដ្ឋ ទើបក្រុងមានភាពស្អាត និង​មានពណ៌បៃតង។ ក្រុមហ៊ុន ត្រូវមានតួនាទីក្នុងការប្រមូលសំរាមចេញពីក្រុង-ស្រុក តែប្រជាពលរដ្ឋ ជាអ្នកបង្កើតសំរាម ត្រូវធ្វើការញែកសំរាមឱ្យបានត្រឹមត្រូវ។ អាជ្ញាធរ ក៏ទាមទារការអប់រំ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ មាន​ការ​យល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងការបញ្ចេញសំរាម។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រយៈពេលកន្លងមក វិបត្តិសំរាម​នៅ​ក្រុងព្រះសីហនុ ទោះបីមានក្រុមហ៊ុនដឹកជញ្ជូនសំរាម បានប្រមូលសំរាមដឹកចេញពីក្រុង តែបន្តយក​ទៅទៅចាក់រាយប៉ាយគ្មានសណ្តាប់ធ្នាប់ ការគ្រប់គ្រងគ្មានបច្ចេកទេស សំរាមបានប្រមូលចេញពីក្រុងយកទៅទុកកន្លែងផ្សេងតែប៉ុណ្ណោះ។ ក្រសួងបរិស្ថាន បានសង់ទីលានចាក់សំរាមរួចរាល់ហើយ ប៉ុន្តែគំនរសំរាមនៅក្រៅទីលានគរដូចភ្នំ។ឯកឧត្តម បានស្នើក្រសួងបរិស្ថានជួយធ្វើយ៉ាងណាឱ្យឆាប់បានដំណើរការ ដើម្បីឱ្យ​សំរាមដែល​ប្រមូល​ចេញពីក្រុងយកទៅទុកដាក់ក្នុងទីលានគ្រប់គ្រងបានត្រឹមត្រូវតាមបច្ចេកទេស។ រដ្ឋបាលខេត្ត ខិតខំផ្សព្វផ្សាយនូវស្លាកសញ្ញាហាមបោះចោលសំរាម រួមទាំងចារតម្លៃ នៃការផាកពិន័យ ចាប់ពី២ម៉ឺនរៀល ដល់៤០ម៉ឺនរៀល ប្រសិនបើមានការបំពានបោះចោលសំរាមមិនត្រឹមត្រូវ នៅតាមបណ្តោយឆ្នេរសមុទ្រ តាមដងផ្លូវសាធារណៈ។ ក្រុមការងារក្រុង កំពុងធ្វើការអប់រំ​ផ្សព្វផ្សាយនៅលើផ្លូវ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង និងបញ្ចេញសំរាមតាមពេលវេលា៕អត្ថបទ៖ គង់ ប៊ុនថា

អាជ្ញាធរមីនកម្ពុជា ទទួលអំណោយពីសមាគមពុទ្ធសាសនិកកម្ពុជា-ចិន សម្រាប់ការងារមនុស្សធម៌

2021/11/04 03:58:41 pm        333
ភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃនេះ បានទទួលអំណោយពីសមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានជាអង្ករ និងបរិក្ខារសុខាភិបាល សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយវិបត្តិជំងឺកូវីដ១៩ ។ព្រះតេជគុណ ចាវ ស៊ីន អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី៤ ខែវិច្ឆិកានេះ បានលើក​ឡើងថា បច្ចុប្បន្ន មិត្តភាពកម្ពុជា និងចិន កំពុងមានការជិតស្និទ្ធគ្នា រហូតដល់ក្លាយជាមិត្ត​ដែកថែប ខណៈមិត្តភាពនេះ បានបង្កើតឡើងតាំងពីជំនាន់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ។ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ទន្ទឹមនឹងមានការរឹតចំណងមិត្តភាពនេះ រដ្ឋាភិបាលចិន បាន​ផ្ដល់​នូវជំនួយជាបន្តបន្ទាប់ រួមទាំងជួយអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាជាហូរហែរ រួមទាំង​អ្នក​វិនិយោគចិន មកធ្វើការវិនិយោគនៅកម្ពុជា ​ដែលបានជួយធ្វើឲ្យសេដ្ឋកិច្ច ​កាន់តែមានភាពរីកចម្រើន ។ឯកឧត្តម លី ធុជ បានបន្ថែមថា ខណៈកម្ពុជា បានជួបនូវវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលចិន បានផ្ដល់​ជំនួយ​ផ្សេងៗ មានគ្រឿងបរិក្ខារសុខាភិបាល ពិសេសវ៉ាក់សាំងកូវីដ១៩ ​ដើម្បីចាក់ជូនពលរដ្ឋ ដែល​វ៉ាក់សាំងនេះ បានចូលរួមចំណែកធ្វើឲ្យកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញ​នាពេល​បច្ចុប្បន្ន ។ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ​សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និង​សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានផ្ដល់ជំនួយដល់អាជ្ញាធរមីន ទុកចែកជូនពលរដ្ឋ​ក្រីក្រ ការផ្ដលជំនួយមនុស្សធម៌នេះ បានបង្ហាញពីការជួយគ្នាទៅវិញទៅមក ៕អត្ថបទ៖ បាន សុខរិទ្ធ

កំពង់ផែក្នុងខេត្តសៀមរាប នឹងដំណើរការវិញនៅដើមឆ្នាំក្រោយ តាមស្ដង់ដារកំពង់ផែទេសចរណ៍

2021/11/04 02:34:41 pm        502
សៀមរាប ៖ អភិបាលខេត្តសៀមរាប បានអះអាងថា នៅដើមឆ្នាំក្រោយនេះ កំពង់ផែចុងឃ្នៀស ដែលជាកំពង់ផែដ៏ មានសក្តានុពលក្នុងការស្រូបទាញភ្ញៀវទេសចរទស្សនាសម្រស់ធម្មជាតិ នៃបឹងទន្លេសាបនោះ ​នឹងមានសកម្មភាពកត់ត្រាចំនួនភ្ញៀវឡើងវិញ ជាមួយនឹងការរំពឹងទុកថា កំពង់ផែចុងឃ្នៀស ​នឹងត្រូវអភិវឌ្ឍឱ្យ ស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ បំពាក់ដោយសម្បទាទ្រទ្រង់សេវាកម្មពេញលេញ នាថ្ងៃអនាគត។កំពង់ផែចុងឃ្នៀស ដែលមានទីតាំងនៅជាប់មាត់បឹងបឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀស ក្រុង សៀមរាប ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ចេញនូវផែនការជំរុញឱ្យមានការចាប់ផ្តើមជាថ្មី បន្ទាប់ពី អសកម្មភាពអស់ពេលយូរមកហើយ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរឡើងវិញ។កាលពីម្សិលមិញ ក្នុងឱកាសចុះផ្ទាល់ដល់កំពង់ផែមួយនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត សៀមរាប បានបង្ហាញឲ្យដឹងអំពីផែនការចំពោះមុខ ដែលក្នុងជំហានដំបូងនេះ គឺចាំបាច់ត្រូវតែមាន​ការជួសជុលបន្ទាន់ នូវផ្លូវចូលតំបន់ចុងឃ្នៀស។ ឯកឧត្តម បានបញ្ជាក់ថា កំពង់ផែចុងឃ្នៀស គឺជាគោលដៅ សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត ឲ្យស្របតាមស្តង់ដារកំពង់ផែទេសចរណ៍ ដោយគិតគូរ លើការ បំពាក់សម្បទាទ្រទ្រង់​សេវាកម្ម​ផងដែរ ។សម្រាប់ការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង ​និងទេសចរណ៍ផ្ទៃក្នុង ដែលសៀមរាប-អង្គរ ​គ្រោងនឹងបើកទទួលភ្ញៀវជាផ្លូវការ ​នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នោះ តំបន់ចុងឃ្នៀស ត្រូវតែបានរៀបចំល្អប្រសើរ មានសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ ដែល​ជាពិសេសនោះ​ គឺត្រូវបានកំណត់ច្បាស់លាស់ បែងចែកឲ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម។កំពង់ផែចុងឃ្នៀស ត្រូវបានរដ្ឋបាលខេត្តចូលគ្រប់គ្រងជាបណ្តោះអាសន្ន កាលពីចុងខែសីហា កន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតចេញពីការវិនិយោគរបស់​ក្រុមហ៊ុន​ឯកជន។យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្តី បាន​កំណត់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប​ និងគ្រឹះស្ថានអង្គរ គ្រប់គ្រង​តំបន់កំពង់ផែនេះ ​ជាបណ្តោះអាសន្ន។ តំបន់ចុងឃ្នៀសនេះដែរ គឺជាគោលដៅនៃការអភិវឌ្ឍពហុវិស័យ ​ដោយមានវិស័យ ទេសចរណ៍​ជាស្នូល ហើយក៏ជាកំពង់ផែដឹកជញ្ជូនផ្លូវទឹក​ និងជាតំបន់ចែកចាយផលនេសាទទឹកសាបផងដែរ៕អត្ថបទ៖ ងឹន គឹមឡេង

ភ្នំពេញគ្រោងដំណើរការទីតាំងមួយបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ទោះករណីឆ្លងថ្មីថយចុះក្តី

2021/11/04 02:01:49 pm        665
​ភ្នំពេញ ៖ ​ក្នុងក្របខណ្ឌរាជធានីភ្នំពេញ គ្រោងដាក់ដំណើរការទីតាំងសម្រាប់ទទួលអ្នកជំងឺកូវីដ១៩ កម្រិតធ្ងន់ មួយកន្លែងបន្ថែមទៀតនៅក្នុងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បើទោះបច្ចុប្បន្នស្ថានភាពឆ្លងកូវីដ១៩ មានការថយចុះក្តី ខណៈនៅភ្នំពេញ មានមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ក្នុងរាជធានីភ្នំពេញ មានចំនួន ១១ទីតាំងរួចហើយនោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ឋិតក្នុងអន្តរកាលកូវីដ-១៩ ទោះបីក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ​មានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ និងអ្នកបាត់បង់ជីវិត​ដោយសារមេរោគ​កូវីដ-១៩ ​មានការថយចុះយ៉ាង​ណា​ក៏​ដោយ ក៏ក្រុមការងារគ្រូពេទ្យទាំងអស់មានស្មារតី​តាំងចិត្ត​យ៉ាង​មុះមុត​ ប្តេជ្ញាចិត្តបន្តចូលរួមប្រយុទ្ធ​ប្រឆាំង ​នឹង​ជំងឺ​កូវីដ-១៩។ជាពិសេសទាំងមណ្ឌលព្យាបាលកូវីដ-១៩ និងមណ្ឌលធ្វើចត្តាឡីស័កក្នុងរាជធានីភ្នំពេញ ​នៅរក្សា​ទីតាំង​ដដែលមិនមានការបិទ​ ឬផ្អាកដំណើរការនោះទេ។ ​ប៉ុន្តែយើងក៏បានរៀបចំជួសជុល និងដាក់​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្រ្ត​សម្រាប់​ទទួលអ្នកជំងឺកូវីដ-១៩ ឲ្យចូលមកសម្រាកព្យាបាលនៅក្នុង​មនី្ទរពេទ្យបង្អែក​រាជធានីភ្នំពេញ ​នា​ពាក់​កណ្តាលខែវិចិ្ឆកា ​ខាងមុខនេះ ដែល​មានទីតាំងស្ថិត​ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។បើតាមប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នេត សុវិរៈ បានបញ្ជាក់ថា អគារ​ដែលកំពុង​ជួស​ជុល និងដាក់ដំណើរការព្យាបាលអ្នកជំងឺកូវីដ-១៩ ​គឺអគារ C ​មានកំពស់៥ជាន់ និង៨០គ្រែ និង​មានបុគ្គលិក គ្រូពេទ្យ​​ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនជាង៨០នាក់ សម្រាប់​ជួយ​សង្រ្គោះ​អាយុជីវិត​បងប្អូនប្រជាពលរដ្ឋ ឲ្យរួច​ផុត​ពី​​ជំងឺកូវីដ-១៩នេះ។មនី្ទរពេទ្យក៏បានរៀបចំច្រកចូល និងចេញរបស់អ្នកជំងឺកូវីដ-១៩ រួចរាល់ ព្រមទាំង​ដាក់​បន្ទប់ទឹក និងទូរកុងតឺន័រ ​សម្រាប់ឲ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ក្រោយពេលព្យាបាលអ្នកជំងឺកូវីដ១៩ មក​សម្រាក​រួចរាល់​ហើយដែរ ​ដោយមិនឲ្យនៅឡូកឡំគ្នានោះទេ​ ដើម្បីបង្ការ ​ការចម្លងមេរោគកូវីដ១៩។ ដោយ​ឡែក​សម្រាប់​ទីតាំង​អគារផ្សេងទៀត ​នៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ នៅដំណើរការ​ទទួល​ពិនិត្យ ព្យាបាលជំងឺដូចធម្មតា​ ហើយ​មនី្ទរពេទ្យក៏កំពុងរៀបចំបន្ថែមផ្នែកខ្លះក្នុងមនី្ទរពេទ្យ ដើម្បី​ឲ្យអ្នកជំងឺចូលមកទទួលសេវាកម្ម រក្សាគម្លាត និង​ចូលរួម​ការពារ ទប់ស្កាត់​ការ​ចម្លង​មេរោគកូវីដ១៩ផងដែរ៕អត្ថបទ រដ្ឋា

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នឹងបង្ហាញពីសិល្បៈវប្បធម៌ចម្រុះអាស៊ី-អឺរ៉ុប

2021/11/04 01:40:40 pm        451
ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែនេះ នឹងបង្ហាញពីសិល្បៈវប្បធម៌ចម្រុះអាស៊ី-អឺរ៉ុប ក្នុងគោលបំណងច្រើនយ៉ាងពិសេសគឺការរួមបញ្ចូលគ្នា នៃវប្បធម៌តំបន់ទាំងពីរនេះ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះ បានបង្ហោះនៅ​លើទំព័រ​សង្គមហ្វេសប៊ុកនូវឃ្លីបវីដេអូខ្លីមួយ នៃព្រឹត្តិការណ៍នេះ ជាមួយនឹងសំណេរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុករៀបចំមហោស្រព​វប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប ៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១។ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ​ឆ្នាំ២០២១ តាម ប្រព័ន្ធវីដេអូ ព្រមទាំងមានការរៀបចំតាំងពិព័រណ៍វប្បធម៌ដោយផ្ទាល់នៅសារមន្ទីរជាតិ និង​ការ​បញ្ចាំងខ្សែ ភាពយន្តនៅរោងភាពយន្ត ​មេជើរស៊ីនេផ្លិច​ សាខាអ៊ីអន១ ក្នុងរាជធានីភ្នំពេញ។សម្តេចតេជោ ​បានបរិយាយទៀតថា​ ភាពចម្រុះ ​នៃវប្បធម៌អាស៊ី និងអឺរ៉ុប នឹងត្រូវបានប្រារព្ធឡើង នៅក្នុងមហោស្រពនេះ​ ជាមួយនឹងសិល្បៈទស្សនីយភាពច្រើនទម្រង់​ ការតាំងពិព័រណ៍ ការ​ចាក់​បញ្ចាំងខ្សែ ​ភាពយន្ត និងកិច្ចពិភាក្សា​ ក្នុងគោលបំណងជំរុញ​ទំនាក់ទំនង​រវាងប្រជាជន ​និងប្រជាជន ការចែករំលែក ​បទពិសោធន៍ និងការយល់ដឹងអំពីភាពផ្សេងៗគ្នា ​នៃវប្បធម៌ ដែលនាំមកនូវ​សុខដុមភាព ​ការអភិវឌ្ឍ និងកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងទ្វីបទាំងពីរ៕អត្ថបទ៖ យន់ វ៉ាន់

កងទ័ពកំណត់ថ្ងៃទី១៥ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋតាមបណ្តាខេត្ត

2021/11/04 01:28:18 pm        495
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃទី ១៥ខែវិច្ឆិកានេះ ក្រុមគ្រូពេទ្យយោធា នឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ ជំរុញជូនប្រជាពលរដ្ឋខេត្តតាកែវ ដំបូងគេ ខណៈខេត្ត៧ផ្សេងទៀត នឹងទទួលបានការចាក់ជាបន្តបន្ទាប់។ថ្លែងប្រាប់BTV តាមទូរស័ព្ទ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ​នាយសេនាធិការកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំង​កូវីដ១៩ បានឲ្យដឹងថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលជុំវិញ​យុទ្ធនាការ​ចាក់វ៉ាក់​សាំងជូនប្រជាពលរដ្ឋនូវដូសជំរុញ ​ ឬដូសទី៣នេះ ​កងយោធពលខេមរភូមិន្ទ និងកងឯកភាព​ចំណុះទាំង​អស់​បានរៀបចំ និងត្រៀមរួចរាល់ ដើម្បីដំណើរការចាក់បន្តទៀតជូមប្រជាពលរដ្ឋ​តាម​បណ្តាខេត្ត។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា ចំពោះផែនការក្រោយពីបានប្រជុំ​ជាមួយរដ្ឋបាលខេត្តទាំង៨​ ដែលកងទ័ពបានចុះទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តចំនួន៨ រួមមាន ​ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ កំពង់ចាម ស្វាយរៀង សៀមរាប ​និងបន្ទាយមានជ័យ គឺសម្រេចកំណត់​ថ្ងៃទី១៥ ខែវិច្ឆិកានេះ នឹងចាប់ផ្តើមយុទ្ធនាការចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ខណៈខេត្ត​ចំនួន៧ផ្សេងទៀត នឹងរៀបចំចាក់ជាបន្តបន្ទាប់ក្រោយពីបានចាក់ដូស​ទី២​រយៈពេល៤ខែ​ឡើងទៅ។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា យោងតាមផែនការអំពីការចាក់វ៉ាក់សាំង​ដូស​ជំរុញ​ជូនប្រជាពលរដ្ឋតាមបណ្តាខេត្ត ​គឺក្រុមការងារមានសមត្ថភាព​ និងបទពិសោធនគ្រប់គ្រាន់ ដើម្បី​បន្តចូលរួម​អនុវត្តការចាក់ដូសជំរុញនេះ​ឲ្យបានកាន់តែល្អប្រសើរ។ដោយឡែកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ​បានឲ្យដឹងទៀតថា មុនដំណើរការចាក់វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនូវដូស​ជំរុញតាមបណ្តាខេត្ត បច្ចុប្បន្ននេះកងទ័ពកំពុងបន្តការចាក់ជូនប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​នៅឡើយទេ ដោយសារទីតាំងមួយចំនួនក្នុងចំណោមខណ្ឌទាំង៦​ ដែលចាក់​ដោយ​កងទ័ពនោះបន្តមានប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងជារៀងរាល់ថ្ងៃ។គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ​ក្នុងចំណោមប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសរុប ​១,០២៦,១២៦នាក់ ដែល​បានចាក់ដោយក្រុមគ្រូពេទ្យកងទ័ពដូសទី ១ និងដូសទី២ កន្លងមក មានប្រជាពលរដ្ឋដែល​បាន​ចាក់ដូសជំរុញចំនួន ៥៩២,៣១៩នាក់ ខណៈចំនួនប្រជាពលរដ្ឋតាមបណ្តាខេត្ត​ដែលកងទ័ព​នឹង​ត្រូវចាក់ជូននោះមានចំនួនជាង១លាន៤សែននាក់៕អត្ថបទ ៖ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM