TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ៖ ការឆ្លងថ្មីនៃមេរោគកូវីដ១៩ មានការថយចុះតែ​ហានិភ័យ​ខ្ពស់នៅតែបន្តមានដដែល

2021/10/19 09:32:49 am        277
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ការឆ្លងរីករាលដាលនូវ មេរោគកូវីដ១៩ថ្មី មានការថយចុះ និងអត្រាស្លាប់មានលក្ខណៈថេរ ប៉ុន្តែហានិភ័យខ្ពស់សម្រាប់ជនរួមជាតិនៅតែបន្តកើតមាន ប្រសិនបើមនុស្សគ្រប់រូបមានការធ្វេសប្រហែស និងមានមើលងាយស្ថានការណ៍ជាដើមនោះ។តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពីមានពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គេសង្កេតឃើញថា ការឆ្លង​រីករាល​ដាលថ្មីនៃមេរោគកូវីដ១៩ មិនមានអ្វីកើតឡើងច្រើននោះទេ ហើយអត្រាស្លាប់​ក៏វា​មាន​និន្នាការ​ទៅរកភាពថមថយផងដែរ ខណៈអ្នកស្លាប់ភាគច្រើនគឺពួកគាត់មានរោគប្រចាំកាយ និង​មិនបាន​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជាដើមនោះ។តាមរយៈសារសំឡេងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋតាមខេត្តទាំងអស់ កុំ​បញ្ជូន​អ្នកជំងឺដែលជាសាច់ញ្ញាតិ បងប្អូន ឪពុកម្តាយ មក​ភ្នំពេញធ្វើអ្វី ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិត ខណៈពេទ្យតាមខេត្តក៏មានសមត្ថភាពព្យាបាល​អ្នកជំងឺកូវីដ១៩ដែរ ហើយសម្តេចតេជោ ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ធ្វើការព្យាបាលនៅតាមផ្ទះរបស់ ខ្លួនដែរ ដើម្បីកាត់បន្ថយការចូលមកសម្រាក នៅក្នុងមន្ទីរពេទ្យ និងឆាប់បានជាសះស្បើយ ដោយសារ មិនឃ្លាតឆ្ងាយពីគ្រួសារជាដើម។ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបន្តអំពាវនាវ ដល់បងប្អូន​ប្រជាពលរដ្ឋ ​ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីឆាប់បានបើកដំណើរការ ប្រទេសឡើងវិញ ដែលរហូតមកដល់ពេលនេះពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះ ដោយការចាក់វ៉ាក់​សាំង​កូវីដ១៩​ នោះទេ ខណៈដំណើរការការចាក់វ៉ាក់សាំកូវីដ-១៩ នៅកម្ពុជាបានដំណើរការ​ទៅ​យ៉ាងរលូន និងល្អប្រសើរ ដោយមកទល់ពេលនេះប្រជាជនកម្ពុជា​ ជាង១៣លាន៦សែននាក់​ហើយបានចាក់វ៉ាក់​សាំងកូវីដ-១៩ ដែលមានអត្រាគ្រប់ដណ្តប់ជាង៨៥ភាគរយ​នៃចំនួនប្រជាជននោះ។តាមសារសំឡេងរយៈ២៨នាទីនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើង​ដោយក្តីរីករាយថា គុណបុណ្យរបស់កម្ពុជា ដែលមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនដល់​ប្រជាពលរដ្ឋតាមរយៈជំនួយប្រទេសជាមិត្ត ​ជាពិសេសគឺចិន អាមេរិក ជប៉ុន អង់គ្លេស និង​យន្តការ​កូវ៉ាក់ ហើយទាំងជំនួយ និងការបញ្ជាទិញបន្តបន្ទាប់នោះ រហូតមកទល់ពេលនេះកម្ពុជា​ទទួល​បានវ៉ាក់សាំងកូវីដ-១៩ ជាង៣៨លានដូសហើយ ដោយកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋ​យ៉ាង​រលូន ចាប់ពីដូសទី១រហូតដល់ដូសជំរុញ ឬដូសទី៣នោះ៕អត្ថបទ បាន ចក់

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើលំហាត់សមយុទ្ធពង្រឹងជំនាញសង្គ្រោះពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង

2021/10/18 05:16:43 pm        369
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានធ្វើលំហាត់សមយុទ្ធពង្រឹង​ជំនាញ ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ត្រៀមឆ្លើយតប និង​សង្គ្រោះពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់កើតជាយថាហេតុ នៅមេបញ្ជាការកងពលតូច អន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ។ក្នុងពិធីលំហាត់សមយុទ្ធជំណាញ កាលពីថ្ងៃទី១១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ មានប្រសាសន៍ថា យុទ្ធសាស្រ្តគ្រប់គ្រង​គ្រោះ​មហន្តរាយនេះ ត្រូវមានសមាសភាពយុទ្ធសាស្រ្ត ដែលឆ្លើយតបទៅនឹងទិដ្ឋភាពទាំងអស់ នៃការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែលមានការប៉ាន់ប្រមាណហានិភ័យ ការប្រកាសឲ្យដឹងមុនពី​គ្រោះ​មហន្តរាយ និងការតាមដានត្រួតពិនិត្យ ​ការត្រៀមបង្ការ ​និងការកាត់បន្ថយគ្រោះថ្នាក់ ការ​ត្រៀម​រៀបចំ​សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ ។ឯកឧត្តម បានបន្ថែមថា កងប្រតិបត្តិការរុករកសង្គ្រោះ ត្រូវចងចាំថា ការងាររុករកសង្គ្រោះ គឺជា​កិច្ចការប្រកបដោយគ្រោះថ្នាក់បំផុត ​ដែលតម្រូវឲ្យកងកម្លាំង មានវិន័យខ្ពស់ ថែទាំសុខភាព​ឲ្យបាន​មាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ ហើយ​រាល់ការ​បំពេញការងារប្រតិបត្តិការរុករក សង្គ្រោះ ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង ជួយគ្នាទៅវិញទៅមក ធានាសមត្ថភាពប្រតិបត្តិការឲ្យមានលក្ខណៈស្វ័យប្រវត្តិរហ័សរហួនទាន់ចិត្ត ។ជាមួយគ្នានេះ ឯកឧត្តម ហង្ស សាមឿន សង្ឃឹមថា តាមរយៈការហ្វឹកហ្វឺន និងការធ្វើលំហាត់​សមយុទ្ធនានេះ នឹងផ្តល់នូវទិន្នផល និងប្រសិទ្ធភាពអាចកែប្រែទិដ្ឋភាព ខ្វះខាតនៃសមត្ថភាព​រុករក​សង្គ្រោះកន្លងមក សម្រាប់ការឆ្លើយតបបានឆាប់រហ័ស ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ។ បើតាម ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូច អន្តរាគមន៍លេខ១ និងជាមេបញ្ជាការ​រងកងទ័ពជើងគោក លើកឡើងថា ការហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស សង្គ្រោះ គ្រោះមហន្តរាយ​ឆ្នាំ២០២១ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ បានហ្វឹកហ្វឺន​សរុបចំនួន ៦១ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ។ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ការហ្វឹកហាត់ជាក់ស្ដែង នៅកំណាត់ដងទន្លេស្ថិតក្នុងភូមិ​កំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយ​វគ្គការហ្វឹកហ្វឺន​បែងចែក ពេលវេលាហ្វឹកហ្វឺន៤១ថ្ងៃ សិក្ខាកាមយោធារួមមាន ជំនាញបច្ចេកទេសសង្គ្រោះ អប់រំចិត្តសាស្ត កងប្រតិបត្តិការ កងយានយន្តសង្គ្រោះកងសុខាភិបាលចល័ត អនុវត្តហែលទឹកនៅស្រះទឹកជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

គ្រឹះស្ថាន​មធ្យមសិក្សាសាធារណៈជាង៤០កន្លែង នៅខេត្ដសៀមរាប ត្រូវបានបើក​បង្រៀន​សាកល្បង​នៅថ្ងៃនេះ

2021/10/18 12:48:52 pm        449
សៀមរាប ៖ សាលាមធ្យមសិក្សារបស់រដ្ឋចំនួនជាង៤០កន្លែង នៅក្នុងស្រុកចំនួន៨ នៃខេត្ដសៀមរាប ត្រូវបានបើកឱ្យចូលរៀនឡើងវិញជាបណ្ដោះអាសន្ន នៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២១នេះ ក្រោយពេលរកឃើញថា សាលាទាំងនោះ មាន​ហានិភ័យ​ក្នុងការឆ្លងជំងឺកូវីដ១៩។លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បានមានប្រសាសន៍ថា សាលាមធ្យមសិក្សាដែលបើកបង្រៀនសាកល្បងនេះមានចំនួន៤៤សាលា ក្នុងចំណោម១២៣សាលា ស្ថិតនៅស្រុកចំនួន៨ស្រុក ក្នុងចំណោម១២ក្រុង ស្រុក របស់​ខេត្ដសៀមរាប ហើយចូលរៀនមានថ្នាក់ទី៩ និងថ្នាក់ទី១២ ដែល​ជាសិស្សត្រៀមប្រលងឌីប្លូម និងប្រលងបាក់ឌុប ​ប៉ុន្ដែបើសាលាណាមួយមានសិស្សតិចអាចចូលរៀនគ្រប់កំរិត គឺចាប់ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២តែម្ដង។ជាមួយគ្នានោះ ការចូលរៀនមានពីរពេលព្រឹក និងថ្ងៃរសៀល និងរៀនជាបណ្ដុំ ដោយក្នុងមួយថ្នាក់​មានសិស្សចូលរៀនពី១០នាក់ ទៅ១៥នាក់ប៉ុណ្ណោះ ខណៈដែលសិស្សចូលថ្នាក់រៀនត្រូវបាន ធ្វើតេស្ដរកមេរោគកូវីដ១៩ជាមុនផងដែរ ។លោកបន្ដថា គ្រិះស្ថានសិក្សាទាំងនោះ ត្រូវបានគណៈកម្មការដាក់ពាក្យស្នើសុំ បន្ទាប់​ពីពិនិត្យ​លទ្ធភាព​រកឃើញថា សាលារៀនទាំង៨ស្រុកនោះ មាន​ហានិភ័យ​ទាបក្នុងការឆ្លងជំងឺកូវីដ១៩ ខណៈដែលមធ្យមសិក្សានៅក្នុងស្រុក និងក្រុងចំនួន៤ទៀតនៃខេត្ដនេះ មិនទាន់មានគម្រោង​បើក​នៅឡើយទេ ដោយសារមានការប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ខ្ពស់នៅឡើយ។បើគិតភាគរយមធ្យមសិក្សាបាន៣៥ភាគរយ ដោយឡែកបឋមសិក្សាដែលគ្រោង​បើកបានជាង​ ២៥ភាគរយ​នៅឡើយទេ មិនបានគ្របដណ្ដុំទូទាំង​គ្រឹះស្ថាន​សាធារណៈរបស់យើងទាំងស្រុងទេ​ដោយសារការពិនិត្យលទ្ធភាពជាជំហ៊ាន ព្រឹកមិញយើងចុះទៅមើលឃើញថា បានដំណើរការ ប៉ុន្ដែ​កន្លែងខ្លះ​បានដំណើរការកន្លែងធ្វើតេស្ដរហ័សជូនពួកគាត់មុនអោយចូលថ្នាក់រៀន។លោក លី ប៊ុណ្ណា បានបន្ថែមថា ដោយឡែកសាលារៀនកំរិតបឋមសិក្សា ចំនួន១២៩ទៀត ក្នុងចំណោមជាង១៣០កន្លែង នឹងបើកដំណើរការនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២១ខាងមុខនេះ បន្ថែមទៀត ប៉ុន្ដែការបើកឱ្យចូលរៀនកំរិតបឋមនេះ ចាប់ពីថ្នាក់ទី៤ដល់ទី៦ ព្រោះងាយស្រួលគ្រប់គ្រង ។ដោយឡែកថ្នាក់បន្ទាប់ទៀតនឹងពិនិត្យលទ្ធភាពតាមក្រោយ។ដោយឡែក លោក ផូន ផល្លីន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកបន្ទាយស្រី មានប្រសាសន៍ថា នៅស្រុកបន្ទាយស្រី សាលាមធ្យមសិក្សាបើកសាកល្បង ចំនួន៧កន្លែង ដែលឡើងតាមការណែនាំរបស់មន្ទីរ និងក្រសួងអប់រំយុវជន និងកីឡា សិស្សានុសិស្សមានការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩គ្រប់គ្នា ។ បន្ថែមលើកទីនោះ ការចេញលេង​ត្រូវបានដាក់វេនគ្នា ដើម្បីងាយស្រួលគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ក្នុងពេលបើកបង្រៀន​សាកល្បងនេះ៕

កម្ពុជា នឹងរៀបចំកម្មវិធីប្រកួតភាពយន្តខ្លី លើកទី១០ តាមរយៈការចាក់បញ្ចាំងតាមអនឡាញ

2021/10/18 11:57:07 am        366
ភ្នំពេញ ៖ ការចាក់បញ្ចាំងបញ្ចាំងភាពយន្តខ្លីរបស់មហោស្រពចតុមុខ «Chaktomuk Short Film Festival» នឹងត្រូវបើកសម្ពោធនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈការចាក់បញ្ចាំងអនឡាញនៅលើ Facebook Pageផ្លូវការ របស់មហោស្រពភាពយន្តខ្លីចតុមុខ។ ឆ្នាំនេះជាលើកទី១០ ដែលមហោស្រពភាពយន្តខ្លីចតុមុខ បានរៀបចំកម្មវិធីប្រកួតភាពយន្តខ្លី នៅប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ផលិតករ សមិទ្ធិករ និងអ្នកដែលស្រឡាញ់វិស័យភាពយន្ត ទាំងក្នុង និងក្រៅប្រទេស។ CSFF (Chaktomuk Short Film Festival)ជាកម្មវិធីប្រកួតភាពយន្តខ្នាតខ្លីដំបូងនៅប្រទេសកម្ពុជា ដែលឱ្យតម្លៃដល់ស្នាដៃថ្មី​របស់យុវជនកម្ពុជា និងសមិទ្ធិករពីបរទេស។ សមិទ្ធផល​ក្នុងស្រុកដែលបានជ្រើសរើសសម្រាប់ប្រកួតផ្តាច់ព្រ័តនឹងត្រូវបានទទួលការវាយតម្លៃ ពីសំណាក់គណៈមេប្រយោគរបស់មហោស្រព ដែលមានជំនាញផ្សេងៗក្នុងវិស័យភាពយន្ត។ CSFFនៅឆ្នាំនេះ បានបន្ថែមប្រភេទវីដេអូដែលអាចផ្តល់ឱកាសដល់អ្នក​ដែលចំណូលនៅវិស័យភាព​យន្តអាចធ្វើការបន្ថែមទៅលើប្រភេទវីដេអូ ដែលសមិទ្ធិករនានាចាប់អារម្មណ៍។ ប្រភេទវីដេអូ ដែលអាចចូលរួមនៅក្នុងការចាក់បញ្ចាំង រួមមាន ៖ ខ្សែភាពយន្តប្រឌិតខ្លី ភាពយន្តឯកសារខ្មែរខ្នាតខ្លី វីដេអូចម្រៀងខ្មែរ និងភាពយន្តអន្តរជាតិខ្លីប្រឌិត និងឯកសារ។ តាមប្រភេទនៃវីដេអូនីមួយៗដែលបានជាប់ជម្រើសចាក់បង្ហាញពីមហោស្រពចតុមុខលើកទី ១០។ក្នុងសន្និសីទសារព័ត៌មានអំពីការចាក់បញ្ចាំងភាពយន្តខ្លី ក្នុងមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក ស៊ុ ស៊ីថែន ប្រធានមហោស្រពភាព​យន្តខ្លីចតុមុខ ឆ្នាំ២០២១ បានឲ្យដឹងថា ការប្រារព្ធកម្មវិធីនៅឆ្នាំនេះតាមរយៈអនឡាញ​បានបង្ហាញ​ឱ្យឃើញថា ទោះនៅក្នុងបរិបទណាក៏ដោយ មហោស្រពភាពយន្តខ្លីចតុមុខ នៅតែព្យាយាមស្វះ​ស្វែង​ក្នុងការរួមចំណែកមួយផ្សារភ្ជាប់វិស័យភាពយន្តខ្មែរទៅកាន់ទស្សនិកជន ទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យកៀកគ្នា ថ្វីបើនៅក្នុងបរិបទកូវីដ-១៩នេះ។ទន្ទឹមគ្នានោះដែរលោក Lattapol Jirapathomsakul មន្ត្រីកម្មវិធី និងទំនាក់ទំនងរបស់ SEA Junction ដែលជាតំណាងអ្នកឧបត្ថម្ភ និងដៃគូមហោស្រពឆ្នាំនេះ បានមានប្រសាសន៍ថា នៅក្នុងបរិបទកូវីដ-១៩នេះ បានប៉ះពាល់ទៅដល់វិស័យជាច្រើន ដែលក្នុងនោះក៏មានវិស័យភាពយន្តផងដែរ។ ជាពិសេសផលិតករ សមិទ្ធិករ ទោះយ៉ាងណាមហោស្រពភាពយន្តខ្លីចតុមុខ បានបង្ហាញនូវការ​ប្តេជ្ញាចិត្តក្នុងការបន្តការងាររបស់ពួកគេទោះបី ជានៅក្នុងកាលៈទេសៈ លំបាកក្តី។ជាមួយគ្នានោះដែរ ប្រធាននាយកដ្ឋាន សិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរក្ស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថា នាយកដ្ឋានតែងតែ សម្តែងនូវការគាំទ្រ​ទៅលើរាល់ការងារ​របស់ក្រុមឈូករ័ត្នក្នុងការរៀបចំមហោស្រពភាពយន្តខ្លី ចតុមុខ។ តាំងពីឆ្នាំទី១ មកដល់ឆ្នាំនេះជាឆ្នាំទី១០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែគាំទ្រ និងសហការ​ជាមួយមហោស្រពភាពយន្តខ្លីចតុមុខ។ បញ្ហារីករាលដាលកូវីដ-១៩ បានជម្រុញ​អោយកម្មវិធីនេះ ប្រព្រឹត្តតាមរយៈអនឡាញ យើងមើលឃើញថា ឆន្ទៈ និងការស្រឡាញ់របស់យុវជន​យើងនៅតែ​បន្តមានចំពោះការផលិតភាពយន្ត។ តាមរយៈរបាយការណ៍របស់មហោស្រពភាពយន្តខ្លីចតុមុខ បានសរបញ្ជាក់ថា ទោះបី ជាមានការ​ប្រឈមនឹងបញ្ហាកូវីដ-១៩ ក្តី ប៉ុន្តែសមិទ្ធិករនៅតែបន្តផលិត ហើយក្រុមការងាររបស់ក្រុមឈូករ័ត្ន នៅតែបន្ត ការកិច្ចខំប្រឹងប្រែងរៀបចំឱ្យកម្មវិធី ចាក់បញ្ចាំងភាពយន្តក្នុង​មហោស្រពភាពយន្តខ្លី​ចតុមុខនៅឆ្នាំនេះបានកើតឡើង។ CSFF ឆ្នាំនេះក៏មានការគាំទ្រពីស្ថាប័នក្នុងស្រុក៦គឺ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន Sabay News, FilmTalk Cambodia, Alien Express និងមូលនិធិ«ពន្លក» របស់អង្គការ​សិល្បៈខ្មែរអមតៈ ហើយក្រៅស្រុក២គឺ៖ SEA Junction និងculture360ផងដែរ។សូមបញ្ជាក់ផងដែរថា មហោស្រពភាពយន្តខ្លីចតុមុខ ទោះបីមិនបានជួបជុំគ្នាដោយផ្ទាល់ក្តី ក៏មហោស្រពនៅមិនចោលកម្មវិធីជាទីរំភើប គឺការផ្តល់រង្វាន់ ដល់ជ័យលាភី ប្រចាំដូចខាងក្រោម៖- ជ័យលាភីភាពយន្តខ្លីលេខ១ ក្នុងស្រុក រង្វាន់$1,000 ដាក់ពិន្ទុដោយមេប្រយោគ- ជ័យលាភីភាពយន្តខ្លីលេខ២ ក្នុងស្រុក រង្វាន់$500 ដាក់ពិន្ទុដោយមេប្រយោគ- រង្វាន់ជម្រើសទស្សនិកជន សម្រាប់រឿងខ្លីក្នុងស្រុក ទឹកប្រាក់$300 បោះឆ្នោតដោយទស្សនិកជនតាមGoogle Form- រង្វាន់ជម្រើសទស្សនិកជនសម្រាប់រឿងខ្លីអន្តរជាតិ ទឹកប្រាក់$500 បោះឆ្នោតដោយទស្សនិកជនតាមGoogle Form៕អត្ថបទ រដ្ឋា

កម្ពុជា​​ចេញ​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​​អបអរ​សាទរ​ខួប ​៣០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការ​យាង​ត្រឡប់​របស់​ព្រះ​បរម​រតនកោដ្ឋ

2021/10/18 10:35:31 am        223
ភ្នំពេញ៖ ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ចេញ​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​មួយ ដោយ​ថា ដើម្បី​អបអរ​សាទរ​​ខួប ៣០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ក្នុង​អនុក្រឹត្យ​ចេញ​នៅ​ថ្ងៃ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ចេញ​ផ្សាយ ធ្វើ​ចរាចរ និង​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ៣០០០០​រៀល។ អនុក្រឹត្យ​ដដែល​នេះ បញ្ជាក់​ថា ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ៣០០០០​រៀល​នេះ គឺ​ជា​ក្រដាស​ប្រាក់​អនុស្សាវរីយ៍។សម្ដេច​តេជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ក្រដាស​ប្រាក់​គំរូ​ថ្មី​នេះ ត្រូវ​បាន​បោះ​ពុម្ព និង​ដាក់​ឱ្យ​ចរាចរ​ប្រើ​ប្រាស់​នៅ​ទូទាំង​ប្រទេស ដើម្បី​អបអរ​សាទរ​ខួប ៣០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខួប ៣០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​របស់​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ»។ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន ធនាគារ​ជាតិ​កម្ពុជា​បញ្ជាក់​ថា ក្រដាស​ប្រាក់​គំរូ​ថ្មី​នេះ មាន​ពណ៌​បៃតង ពណ៌​ត្នោត និង​ពណ៌​ស្វាយ ដែល​ជា​ពណ៌​សំខាន់​នៅ​លើ​ក្រដាស​ប្រាក់​ទំហំ ១៧០​មីលីម៉ែត្រ​គុណ​នឹង ៧៥​មីលីម៉ែត្រ។ក្រដាស​ប្រាក់​គំរូ​ថ្មី​នេះ មាន​ផ្ទៃ​ខាង​មុខ​ភ្ជាប់​មក​ជាមួយ​ព្រះ​ឆាយា​ល័ក្ខណ៍​​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ហើយ​ចំណែក​ឯ​ផ្ទៃ​ខាង​ក្រោយ ភ្ជាប់​មក​ជាមួយ​រូបថត​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​សម្ដេច​តេជោ ហ៊ុន សែន នៅ​ពេល​ធ្វើ​ដំណើរ​យាង​មាតុភូមិ​និវត្តន៍៕

ផ្សារចំនួន៣ទីតាំងក្នុងក្រុងសៀមរាប គ្រោងនឹងបើកឲ្យដំណើរការឡើងវិញ

2021/10/17 12:09:03 pm        497
សៀមរាប ៖ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ទីតាំងផ្សារចំនួន៣កន្លែង នៅក្នុងក្រុងសៀមរាប នឹងអាចឲ្យមានដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយបានពិនិត្យឃើញថា ៣ថ្ងៃកន្លងមកក្នុងការបើកឲ្យដំណើរការសាកល្បង ទីតាំងផ្សារទាំងនោះអនុវត្តល្អតាមការណែនាំរបស់ក្រុមការងារ ។រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបើកឲ្យដំណើរការផ្សារសំខាន់ៗចំនួន៣ទីតាំង​នៅ​ក្នុងក្រុង​សៀមរាប បន្ទាប់ពីមានការបិទខ្ទប់ជាច្រើនលើក និងជាច្រើនសប្តាហ៍ កន្លងមកហើយនោះ។ ផ្សារជាគោលដៅទាំងនោះ រួមមាន ផ្សារសាមគ្គី-ហ៊ុយគាំងនៃសង្គាត់ស្លក្រាម ផ្សារលើធំថ្មីនៅក្នុង​សង្កាត់សាលាកំរើក និងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់នៅក្នុងសង្កាត់គោកចក។លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបង្ហើបឲ្យដឹងយ៉ាងដូច្នេះ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ខណៈពេលដែលឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពទីតាំងផ្សារទាំងនោះ ថាតើបាន​អនុវត្តតាមការណែនាំស្តីអំពីការធានាសុវត្ថិភាព ការពារការចម្លងជម្ងឺកូវីដ១៩ បានដល់កំរឹតណា ?។ ការចុះត្រួតពិនិត្យនេះ គឺស្ថិតក្នុងពេលដែលទីតាំងផ្សារទាំងនេះ បាននឹងកំពុងដំណើរការសាកល្បង​ជាបណ្តោះអាសន្នអស់រយៈពេល៣ថ្ងៃកន្លងមកហើយផងដែរ។ឯកឧត្តមអភិបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែតុលាកន្លងមកនេះ ក្នុងគោលបំណងចង់ឲ្យផ្សារទាំងនេះបានដំណើរការឡើងវិញ ក្រុមការងារចម្រុះបានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករឲ្យបានយល់ និងបានដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធស្កែន QR Code។ ក្រុមការងារក៏បានណែនាំផងដែរ ឲ្យមានការរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឡើងវិញ ស្របតាមវិធាន ៣ការពារ និង៣កុំ វិធានសុវត្ថិភាពនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងការប្រតិបត្តិលើការរៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩។យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃចុះត្រួតពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត ពុំទាន់បានបង្ហើប​ឲ្យ​ដឹងបានទេថា កាលបរិច្ឆេតនៃការចេញសេចក្តីប្រកាស ឲ្យបើកផ្សារទាំងនោះ ជាផ្លូវការនៅ​ពេល​ណានោះទេ ក៏ប៉ុន្តែគោលបំណងនៃការចុះត្រួតពិនិត្យនេះ គឺជាភ្លើងខៀវសញ្ញា សម្រាប់ពេល​វេលាឆាប់ៗខាងមុខនេះ៕អត្ថបទ ៖ គឹមឡេង

ក្នុងរយៈពេល៩ខែ ឆ្នាំនេះ មនី្ទរពេទ្យកុមារជាតិ ផ្តល់សេវាថែទាំសុខភាពជូនកុមារ ចំនួនជាង១០ម៉ឺននាក់

2021/10/16 10:14:20 am        661
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ស្ថិតក្នុងកាលៈទេសៈដ៏លំបាក មនី្ទរពេទ្យកុមារជាតិ បានផ្តល់សេវាថែទាំសុខភាពជូនកុមារ និងប្រជាពលរដ្ឋ បានចំនួនជាង១០ម៉ឺននាក់។លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃ មានអ្នកជំងឺសម្រាកព្យាបាលក្នុង​មនី្ទរ​ពេទ្យ​កុមារជាតិ មានចំនួនជាង២០០នាក់ និងទទួលអ្នកជំងឺដែលមកពិនិត្យព្យាបាល ជាង៣០០នាក់ ដោយមិនបូករួម នឹងការចាក់វ៉ាក់សាំងជូនកុមារឡើយ។ ដូច្នេះយើងមានអ្នកជំងឺដែលសម្រាកព្យាបាលក្នុងមនី្ទរពេទ្យ រហូតមកដល់ពេលនេះ មានចំនួនជាង១ម៉ឺននាក់ និងអ្នកជំងឺដែលមកពិគ្រោះជំងឺក្រៅ មានចំនួនជិត១០ម៉ឺននាក់។ ហើយមនី្ទរពេទ្យកុមារជាតិ មានសេវាពិគ្រោះជំងឺក្រៅ ដូចជាកុមារ មានជំងឺគ្រុនក្តៅ រាគ វះកាត់ ធ្មេញ វះកាត់មាត់ឆែប សម្ភពរោគស្រី្ត ទារកទើបនឹងកើតដែលមានបញ្ហាផ្សេងៗ និងថ្មីៗនេះ មនី្ទរពេទ្យក៏បានរៀបចំអគារសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលមានចំនួន១២គ្រែ ក្នុង​ករណីលើសចំនួន យើងមានក្រុមការងាររបស់មនី្ទរពេទ្យកុមារជាតិ ដែលកំពុងធ្វើការព្យាបាល​នៅមណ្ឌលថែទាំជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក។ ដូចនេះកុមារ ឬក្មេងជំទង់ មានជំងឺកូវីដ-១៩ យើងនឹងបញ្ជូនបន្តទៅព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ជាចុងក្រោយលោកនាយកមនី្ទរពេទ្យកុមារជាតិ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ព្រោះជាវិធានការមួយដែលអាចជួយការពារ ការឆ្លងមេរោគកូវីដ-១៩នេះបាន និងនាំក្រុមគ្រួសារ និងកូនៗ មកទទួលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ កុំឲ្យឆ្លងជំងឺកូវីដ-១៩។ក្រៅពីនេះ ប្រសិនបើកុមារមានបញ្ហាសុខភាព ឬក៏ដល់ពេលចាក់ថ្នាំបង្ការផ្សេងៗ ត្រូវពិនិត្យសុខភាព និងចាក់ថ្នាំបង្ការឲ្យបានទៀងទាត់ កុំទុកឲ្យហួសពេល និងព្យាបាលដោយមិនសមស្រប វានឹង​បណ្តាលឲ្យកុមារនោះវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត​របស់​កុមារផងដែរ៕អត្ថបទ រដ្ឋា

មនី្ទរពេទ្យកុមារជាតិ បន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ ដូសទី២ និងដូសទី៣ ជូនកុមារ យុវវ័យ និងមនុស្សចាស់

2021/10/15 12:19:10 pm        366
ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ នៅថ្ងៃនេះ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ និងដូសទី៣ ឬដូសជំរុញ ជូនកុមារ យុវវ័យ មនុស្សចាស់ ហើយអំពាវនាវដល់ប្រជាពលរដ្ឋសេសសល់មិនទាន់បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី១ នៅមនី្ទរពេទ្យកុមារជាតិ ឲ្យបានគ្រប់ៗគ្នា។លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានលើកឡើងថា ក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យកុមារជាតិ បានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬមានពិធីបុណ្យជាតិអ្វីនោះទេ គឺយើងមានកម្មវិធីចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩នេះ ជូនបងប្អូនប្រជាជនជារៀងរាល់ថ្ងៃ។ ចាក់វ៉ាក់សាំងជូនមនុស្សចាស់ ដូសជំរុញ និងពីមុនមក អ្នកមានបញ្ហាសុខភាព និងអ្នកមានផ្ទៃពោះ និងបញ្ហាផ្សេងៗនាពេលកន្លងមក ដោយអាក់ខានមិនបានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ ក៏អាចអញ្ជើញមកចាក់​វ៉ាក់សាំងកូវីដ-១៩ នៅមនី្ទរពេទ្យកុមារជាតិ ជូនបងប្អូនប្រជាជនដូសទី១ បានដូចគ្នាផងដែរ។ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ និងមាតា បិតា អាណាព្យាបាលនាំយកកូន មកទទួលការ​ចាក់វ៉ាក់​សាំងបង្ការជំងឺកូវីដ-១៩ នៅមនី្ទរពេទ្យកុមារជាតិ បាននិយាយថា ថ្ងៃនេះពួកគាត់បាននាំកូន ចៅ មកចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ និងសូមថ្លែងអំណរគុណជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំរិះរកមធ្យោបាយទិញ និងការទទួល​បានជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីបណ្តាប្រទេសជាមិត្ត និងដៃគូរពាក់ព័ន្ធនានា មកចាក់ជូន​ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជារនាំងការពារកុំឲ្យឆ្លងរីករាលដាលជំងឺកូវីដ-១៩។ជាចុងក្រោយលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ចាប់តាំង​ពី​មានករណីជំងឺកូវីដ-១៩ ចូលមក គឺមនី្ទរពេទ្យកុមារជាតិ ចាប់ផ្តើមពិនិត្យស្រាវជ្រាវកុមារ ដែលមក​ទទួលការពិនិត្យ ព្យាបាលនៅក្នុងមនី្ទរពេទ្យថាតើកុមារនោះមានឆ្លងជំងឺកូវីដ-១៩ ដែរឬទេ ហើយថ្នាក់ដឹកនាំក៏បានរៀបចំវិធានការ ការពារ កុំឲ្យមានការឆ្លងពីកុមារម្នាក់ ទៅកុមារម្នាក់ទៀត ដែលមកទទួលសេវាព្យាបាល ឬក៏ពិនិត្យសុខភាព និងមកចាក់វ៉ាក់សាំងបង្ការនៅ​ក្នុងមនី្ទរពេទ្យ​កុមារជាតិ។ ទន្ទឹមនឹងនោះមនី្ទរពេទ្យ ក៏ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាំងពីខែកុម្ភៈ ដំបូងចាក់វ៉ាក់សាំង ជូនមនុស្សចាស់ មកដល់ថ្ងៃនេះយើងឈានដល់ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ៦ឆ្នាំឡើងទៅ។ និយាយដោយឡែកសេវាទាំងឡាយនៅក្នុងមនី្ទរពេទ្យ គឺនៅតែបន្តជូនដល់ប្រជាជនធម្មតា អត់មានសេវាមួយណា ដែលមិនដំណើរការនោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទទួលសេវានៅក្នុងមនី្ទរពេទ្យកុមារជាតិ រាល់ម៉ោង និងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងមនី្ទរពេទ្យ ក៏មានអគារសម្រាប់ថែទាំព្យាបាលជំងឺកូវីដ-១៩ ជូនកុមារផងដែរ៕អត្ថបទ រដ្ឋា  

អាជ្ញាធរជាតិអប្សរា បណ្តុះបណ្តាលដល់ក្រុមភ្នាក់ងារទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ ក្នុងការគ្រប់គ្រងហានិភ័យប្រាសាទ

2021/10/15 11:48:32 am        619
សៀមរាប ៖ ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរទទួលការបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ កាលពីថ្ងៃទី១៤ ខែតុលា ម្សិលមិញនេះ។លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់បង្កើនសមត្ថភាពផ្ទៃក្នុង ក្នុង​​រង្វង់ស្ថាប័ន​អាជ្ញាធរជាតិអប្សរាដោយផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកចេះដឹងច្រើនទៅអ្នកចេះតិច។ពិសេសភ្នាក់ងារទេសចរណ៍ដែលធ្វើការងារផ្ទាល់នឹងប្រាសាទ។លោកបញ្ជាក់ថា ការសិក្សាបានបង្ហាញពីចំណេះដឹងទូទៅ អំពីថ្ម ប្រវត្តិថ្ម ភាពសឹករេចរិលនៃថ្ម ប្រាង្គប្រាសាទ ការវិវត្តនៃសំណង់ស្ថាបត្យកម្ម រចនាសម្ព័ន្ធ និងស្គាល់ច្បាស់ពីទីតាំង​ហានិភ័យ​ជាដើម។ លោក អ៊ឹម សុខរិទ្ធី បន្ថែមថា ចំណេះដឹងជាមូលដ្ឋាន គឺត្រូវចេះសង្កេតគ្រប់ទីកន្លែងដឹងពី​ស្ថានភាព​ទូទៅរបស់ប្រាសាទ ដើម្បីបញ្ចៀសនូវហានិភ័យបានទាន់ពេលវេលា។សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅបណ្ណាល័យខាងជើងថែវរួតព្រះពាន់ នៃប្រាសាទ​អង្គរវត្ត ក្នុងគោលបំណង ពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារ​ទេសចរណ៍​ដែលប្រចាំការផ្ទាល់​តាម​ប្រាសាទជាទុនបន្ថែម ដើម្បីឱ្យភ្នាក់ងារទាំងអស់បានដឹងពីស្ថានភាពជាក់ស្ដែង​របស់​ប្រាសាទរួម​ចំណែក​ក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អសម្រាប់បច្ចុប្បន្ន និងទៅអនាគត។វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការ​ជាមួយ​អ្នកជំនាញស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ នាយកដ្ឋានអភិរក្សប្រាសាទ​ក្នុងឧទ្យានអង្គរ និងបុរាណ​វិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា៕អត្ថបទ ៖ សាវី 

រដ្ឋបាលខេត្តណែនាំអាជ្ញាធរ និងស្ថាប័នក្នុងខេត្ដ រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណា “ព្រះបរមរតនកោដ្ឋ”

2021/10/15 11:11:22 am        267
ព្រះសីហនុ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេស នឹងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាល​របស់​ព្រះអង្គ ដែលបានលះបង់ព្រះកាយពល​ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ​ឯករាជ្យជាតិ បូរណភាពទឹកដីផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ដោយឡែករដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ ១-គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំតាំង ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា “ព្រះបរមរតនកោដ្ឋ ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកព្រមទាំងណែនាំដល់បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជាពលរដ្ឋឱ្យលើកទង់ជាតិ​គ្រប់គេហដ្ឋាន។ ២-មន្ទីរធម្មការ និងសាសនាខេត្ដ ត្រូវផ្សព្វផ្សាយដល់គ្រប់វត្តអារាម មណ្ឌល វិបស្សនា អាស្រម ព្រះពុទ្ធសាសនា ពាហិរសាសនា រៀបចំពិធីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ទៅតាមប្រពៃណី សាសនា ដោយត្រូវអនុវត្តនូវវិធាន​ការ​ការ​ពារនានា​របស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស ធ្វើការវាស់កម្ដៅ រក្សាអនាម័យ លាងដៃសាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាព្រះបរមរតនកោដ្ឋ” ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក។ ៣-មន្ទីរព័ត៌មានខេត្ត សហការផ្សព្វផ្សាយ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៩ឆ្នាំ ឱ្យបានទូលំទូលាយតាមវិទ្យុ ទូរទស្សន៍ជាតិ ឯកជន និងចាក់ផ្សាយអំពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្តរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិ សាសនា និងប្រជារាស្ត្រ។ ៤-មន្ទីរសុខាភិបាលខេត្ត ត្រូវចាត់គ្រូពេទ្យ រថយន្តគិលានសង្គ្រោះ ត្រៀមថ្នាំសង្កូវ និងសម្ភារបរិក្ខារ បម្រើដល់វិធានការប្រយុទ្ធទប់ស្កាត់ និងជំងឺកូវីដ-១៩ ជូនដល់សាធារណៈជន ដែលអញ្ជើញមកដុតធូបគោរពព្រះ វិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅបរិវេណមុខសាលាខេត្ត និងភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្ត។ ៥-ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករង​ព្រះសីហនុ ត្រូវចូលរួមសហការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងធានា​សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ត្រូវពង្រឹងការអនុវត្តវិធានរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន។គួររំឭកផងដែរថា ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស. ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គ បានយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយ​ទទួល​ព្រះបរមបច្ឆាមរណនាម ”ព្រះបរមរតនកោដ្ឋ”។ នេះយោងតាមសេចក្ដីណែនាំ លេខ០២៦/២១ សណន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ដព្រះសីហនុ៕អត្ថបទ ៖ ប៊ុនថា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅរុស្ស៊ី រួមមានរោងចក្រចម្រាញ់ប្រេង និងអាកាសយានដ្ឋាន
08/03/2025 10:08 AM
ក្រុមហាម៉ាស បដិសេធមិនទម្លាក់អាវុធ រហូតដល់រដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើង
08/03/2025 10:08 AM
TOP STORY | សម្ដេចតេជោប្រាប់ឱ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់ ករណីបង្ហោះសារតាម Facebook ប៉ះពាល់ដល់កងទ័ព
08/03/2025 10:08 AM
គ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន ចំនួន ១ពាន់គ្រួសារ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
08/03/2025 10:08 AM
ក្រសួងការពារជាតិបដិសេធចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃថាកម្ពុជាប្រើប្រាស់ដ្រូនហោះចូលដីថៃ
08/03/2025 09:08 AM
សាស្ត្រាចារ្យ៥៩រូប កំពុងរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល
08/03/2025 08:08 AM
កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
08/02/2025 08:08 PM
ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
08/02/2025 07:08 PM
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
08/02/2025 07:08 PM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
08/02/2025 06:08 PM