សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

និស្សិតបណ្ឌិតសភាយោធាកម្ពុជា ដឹងគុណនិងអរគុណរាជរដ្ឋាភិបាល​ ដែលចេញថ្លៃការសិក្សារហូតដល់ចប់

2021/07/04 02:55:44 pm        349
ភ្នំពេញ ៖ ក្រុមនិស្សិតបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅអាមេរិក បាន​បង្ហាញ​នូវ​ក្តី​រំភើប និងអរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងខ្លាំង ដែលបានជួយបង់ថ្លៃ​សិក្សា​ដល់​ពេលគេទាំង៦នាក់ ដើម្បីបន្តការសិក្សាដល់ទីបញ្ចប់ ក្រោយរដ្ឋាភិបាលអាមេរិក​សម្រេចបញ្ឈប់​ការ​​ផ្តល់​អាហារូបករណ៍។ក្រុមនិស្សិតបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅអាមេរិកទាំងនោះ បាន​បង្ហាញ​នូវអារម្មណ៍ សប្បាយចិត្តរៀងៗខ្លួន តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ពួកគេ ដោយ​អរគុណ​និងដឹងគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំង ដែលមិនបោះបង់ពួកគេ។និស្សិតម្នាក់ ឈ្មោះ អ៊ុន វុឌ្ឍិ ជា​សិក្ខាកាម​កម្ពុជា ដែលកំពុងសិក្សានៅសាលាបណ្ឌិតសភា​យោធា​ជើកគោក​សហរដ្ឋអាមេរិក (United States Army Academy) នៃសាលា West Point ឆ្នាំទី១ បាន​លើកឡើងយ៉ាងនេះថា​ ៖ «ខ្ញុំបាទពិតជាមានសេចក្ដីក្តីរំភើប ​និងរីករាយក្រៃលែង ដែលរាជ​រដ្ឋាភិបាល​កម្ពុជា និងក្រសួងការពារជាតិកម្ពុជា សម្រេចផ្តល់ការ​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការសិក្សា​របស់ខ្ញុំ សម្រាប់រយៈពេល៣ឆ្នាំខាងមុខទៀត រហូតដល់ទីបញ្ចប់ បន្ទាប់ពីការ​បញ្ឈប់​ផ្ដល់ជំនួយ​ឧបត្ថម្ភ​អាហារូបករណ៍​ពី​សំណាក់រដ្ឋាភិបាលអាមេរិក»។ និស្សិតរូបនេះ បន្តថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារដោះស្រាយវិបត្តិ covid-19 នៅក្នុងប្រទេសកម្ពុជា​លំបាក​ប៉ុណ្ណាក្តី ប៉ុន្ដែថ្នាក់ដឹកនាំនូវតែយកចិត្តទុកដាក់ខ្ពស់​និងមាន​​ចំណាត់​ការ​បន្ទាន់សម្រាប់ដោះស្រាយការ​ឧបត្ថម្ភ​ជូននិស្សិតយោធាទាំង៦ រូបដែលកំពុងជួបការលំបាក និងខ្វះខាត​ក្នុងការបន្តការសិក្សានៅ​សហរដ្ឋអាមេរិក​ផងដែរ។នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស​ក្រសួង​ការពារជាតិ បានចាត់ទុកការសម្រេចជាឯកតោភាគី​របស់អាមេរិក​បញ្ឈប់​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត កម្ពុជា​នៅ​ពាក់កណ្តាលផ្លូវបែបនេះថា ​ជា​ការសម្រេចចិត្តដូចជាក្មេងបៀមដៃ ដែល​មាន​សក្ដិសម​នឹងខ្លួនជាប្រទេសមហាអំណាចនោះឡើយ។​តែយ៉ាងណា នាយឧត្តមសេនីយ៍ បានលើកឡើងថា ​បើទោះបីជា អាមេរិកធ្វើបែបនេះ ដាក់​និស្សិត​កម្ពុជាក្តី ក៏រាជរដ្ឋាភិបាលមិនព្រងើយចំពោះការលំបាក របស់និស្សិតកម្ពុជានោះដែរ ពោលគឺរាជរដ្ឋាភិបាលបានសម្រេចបង់ថ្លៃឲ្យនិស្សិតបានរៀនដល់ចប់។នាយឧត្តមសេនីយ៍ ណឹម សុវត្តិ បញ្ជាក់ប្រាប់BTVថា ការសម្រេចរបស់រាជរដ្ឋាភិបាលបែបនេះ គឺបង្ហាញពី គុណតម្លៃនៃថ្នាក់ដឹកនាំ និងជាទម្លាប់ធ្វើការរបស់ថ្នាក់ដឹកនាំកម្ពុជាឲ្យចប់ចុងចប់ដើម ដោយមិនបោះបង់ ចោលពាក់កណ្តាលទី ទោះបីជាកម្ពុជាមានការលំបាកក្តីដោយសារបញ្ហាកូវីដក្តី។ នាយឧត្តមសេនីយ៍ បន្ថែមថា ការយកចិត្តទុកដាក់របស់ថ្នាក់ដឹនាំជាន់ខ្ពស់ពេលនេះ ក៏ផ្ញើសារ​ដល់និស្សិតដែលត្រូវបានថ្នាក់ដឹកនាំយកចិត្តទុកដាក់ហើយ ត្រូវខិតខំប្រឹងរៀនដើម្បីយកចំណេះ មកជួយដល់ប្រទេសជាតិវិញ។ជាមួយគ្នានេះ និស្សិតម្នាក់ទៀត ឈ្មោះ ឡុង តុលា ជានិស្សិតអន្តរជាតិតំណាងឲ្យកម្ពុជា ដែល​បានជាប់ អាហារូបករណ៍បណ្ឌិតសភាទ័ពអាកាសអាមេរិកនិងកំពុងសិក្សាឆ្នាំទី១ បានប្តេជ្ញាចិត្តថា រូបគេនឹងខិតខំសិក្សារៀនសូត្រឲ្យទទួលបានជោគជ័យ ​និងទទួលលទ្ធផលល្អប្រសើរ ដោយវិល​មក​បំពេញការងារជូនជាតិមាតុភូមិវិញ ដើម្បីសងគុណនិងដឹងគុណចំពោះថ្នាក់នាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិ ដែលបានយកចិត្តទុកដាក់ជួយដល់ខ្លួនក៏ដូចជានិស្សិតរូបផ្សេងទៀត ដែល​ត្រូវអាមេរិកផ្តាច់អាហារូបករណ៍ពាក់កណ្តាលទី៕អត្ថបទ ជា ធីរិទ្ធ 

មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក អនុញ្ញាត​បើកទីតាំង​ធ្វើ​ចត្តាឡីស័ក​ ឲ្យដំណើរការឡើងវិញចំនួន៤ទីតាំង

2021/07/04 02:19:39 pm        313
ភ្នំពេញ ៖ ដោយមានការបញ្ជា​ផ្ទាល់ពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក​ បាន​ណែនាំឲ្យ​រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣​ដឹកនាំដោយលោក ជា ឃាង ចៅសង្កាត់ ចុះធ្វើកំណត់ហេតុ អនុញ្ញាត​បើកទីតាំងធ្វើចត្តាឡីស័ក ឲ្យ​ដំណើរការឡើងវិញចំនួន ០២ទីតាំង​បន្ថែម​ទៀត នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។យោងតាមរបាយការណ៍​របស់រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ បានបញ្ជាក់ថា ទីតាំង១.ផ្ទះលេខ៧៩A ច្រកផ្លូវលេខ១៩២ ភូមិ៨ ។ទី២.ផ្ទះលេខ៥១ ច្រកផ្លូវលេខ១៩២ ភូមិ១០។ ទី៣.ផ្ទះលេខP៩ ច្រកផ្លូវ២៦៥ ភូមិ១៣។ទី៤.ផ្ទះលេខ៦៣x ច្រកផ្លូវ២៦៥ ភូមិ១៣បានអនុវត្តវិធាន របស់​ក្រសួង​សុខា​ភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល បានត្រឹមត្រូវផងដែរ។ក្នុងនោះលោកចៅសង្កាត់ទឹកល្អក់ទី៣ បានណែនាំឲ្យ​ម្ចាស់ផ្ទះ​អនុវត្ត តាមវិធានការណ៍​របស់​រាជ​រដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្តន៍តាមការ ណែនាំ​របស់ក្រសួងសុខាភិបាលដាក់ខ្លួន ដាច់ដោយឡែក ចំពោះអ្នកដែលបាន​ជា​សះ​ស្បើយ​ពី​ជំងឺ៕អត្ថបទ ៖ កុម្ភះ

អំណោយ​សម្តេចតេជោ​ ត្រូវបាន​ប្រគល់​ជូន​លោកយាយ-លោកតា​ដែល​មាន​អាយុ​១០០​ដល់១០២ឆ្នាំ បាន​ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ​នៅមន្ទីរពេទ្យបង្អែកពញាឮ

2021/07/04 04:14:57 am        407
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការ​ចំពោះកិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ទៅជូនលោកយាយ លោកតាអាយុ ១០០ ដល់១០២ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក​ពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល និងនៅខណ្ឌកំបូល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សម្រាប់ទីតាំងទី១. លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រួមនឹងក្រុមការងារ​បាននាំយក​អំណោយដ៏​ថ្លៃថ្លារបស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ រួមនឹង​ថវិកាចំនួន ០៣លាន​រៀល ទៅជូនលោកយាយ ហាយ សាម៉េត មានអាយុ១០១ឆ្នាំ រស់នៅស្រុកពញាឮ ខេត្តកណ្ដាល បានស្ម័គ្រចិត្តចាក់វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​-19 ប្រភេទកូវីសែល។សម្រាប់ទីតាំងទី២. ថវិកាចំនួន០៣លានរៀល ទៅជូនលោកយាយ អៀម រៀមអាយុ១០១ឆ្នាំ រស់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះ​រទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទកូវីសែល។

ឯកអគ្គរដ្ឋទូតវៀតណាម ជំរាបសម្តេចតេជោថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម​មានការរីកចម្រើន

2021/07/03 12:01:35 pm        361
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាអនុញ្ញាត​ឲ្យឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គម និយមវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈឯកឧត្តម​បាន​បញ្ចប់​អាណត្តិ​​ បេសកកម្មការទូត​ប្រចាំនៅកម្ពុជា។ក្នុងជំនួបដែលធ្វើនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣ កក្កដានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ក្នុងបេសកកម្មការ​ទូត​នៅកម្ពុជា ឯកឧត្តម វូ ជំរាបសម្តេចតេជោថា បេសកម្មកម្មការទូតនៅកម្ពុជា ឯកឧត្តម បាន​សង្កេត​ឃើញ​ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម​មានការរីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់ ។ឯកឧត្តម បានបន្ថែថា ជា​ការឆ្លើយតបសម្តេចតេជោ ​បានយល់ស្រប ជាមួយអ្វីដែលឯកឧត្តមវូ បានលើកឡើង ហើយសម្តេច ក៏បានថ្លែងអំណរគុណជូនឯកឧត្តម វូ ដែលបានប្រឹងប្រែង​អស់ពី​កម្លាំង​កាយចិត្តបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ មានការរីកចម្រើនកាន់តែរឹងមាំ។សម្ដេចក៏បានជម្រាបជូនថា​ ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើទីមួយ ៖ ត្រូវរួមគ្នា​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩ តាមរយៈវិធានសុខាភិបាល,ទីពីរ ៖ បន្តជំរុញកិច្ច​សហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ ,និងទីបី ៖ ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចជំរុញធ្វើការរួមគ្នាបាន។ជាទីបញ្ចប់ សម្តេចបានជូនពរអោយឯកឧត្តម ទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត ក្នុង​បេសកកម្មការ​ទូតរបស់ឯកឧត្ដម នៅថ្ងៃអនាគត។សូមបញ្ជាក់ថា លោក វ៉ូ ក្វាង មិញ បានមកបំពេញ បេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ ដែលគិតរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ឆ្នាំ៕ អត្ថបទ៖ មុត សុទ្ធ 

មន្រ្តីជំនាញប្រាប់ពីហេតុផល​៣ចំណុច​ពី​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​នៅរាជធានីភ្នំពេញ​លើស​ផែនការ

2021/07/03 10:48:31 am        395
ភ្នំពេញ ៖ ស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ក្នុងរាជធានីភ្នំពេញ គណៈកម្មការចំពោះកិច្ចការ​ចាក់វ៉ាក់​សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងរាជធានីភ្នំពេញ លើសតួលេខដែលកំណត់ ដោយមន្រ្តីជំនាញបង្ហាញហេតុផលចំនួន៣ចំណុច។មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីប្រគល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា ជូនលោកយាយ ហូ ខាំ មានអាយុ១០១ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-19 ស្ថិតនៅសាលាបឋមសិក្សាចតុមុខ នាថ្ងៃទី០២ខែកក្កដាម្សិលមិញ លោកជំទាវ ឱ វណ្ណឌីន​រដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងពីហេតុផលបីចំណុច ធ្វើឱ្យដំណើរកាចាក់វ៉ាក់សាំងកូវីដ នៅរាជធានីភ្នំពេញ លើសតួលេខដែលបានកំណត់។ ហេតុផលទាំងបីនោះ រួមមាន ៖ ទី១.តួលេខដែលគ.វ.ក១៩ រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋ​ដែល​មាន​វ័យពី១៨ឡើងទៅ គឺជាតួលេខប៉ាន់ស្មាន ដែលមានចូលសហការពីអាជ្ញាធរមូលដ្ឋាន។ ទី២.ពលរដ្ឋមួយចំនួននៅជិតរាជធានីភ្នំពេញ គាត់ស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ។​ទី៣.ពេលរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង គឺគ.វ.ក ១៩ គិតតែពលរដ្ឋខ្មែរ ប៉ុន្តែនៅពេល​បើក​យុទ្ធនាការចាក់វ៉ាក់សាំង ដោយមានការគិតគូយកចិត្តទុក ពី​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី បានអនុញ្ញាតដល់ជនបរទេស​រស់នៅក្នុងរាជធានី​ភ្នំទទួលបានការចាក់​វ៉ាក់សាំង​ផងដែរ។ក្រៅពីនេះ លើកជំទាវបានក្រើនរំលឹកដល់ពលរដ្ឋចាក់វ៉ាក់សាំងកូវីដដូសទី១ រួចរាល់ ស្ថិត​ក្នុង​ខណ្ឌចំនួន៣ ចុងក្រោយគេក្នុងរាជធានីភ្នំពេញ ​សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ តាមការ​កំណត់​របស់គ្រូពេទ្យ ខណៈយុទ្ធនាកាចាក់វ៉ាក់សាំង នឹងបញ្ចប់នៅថ្ងៃទី០៨ ខែកក្ដដា ខាងមុខនេះ។តាមផែនការមេ នៃគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាក់វ៉ាក់សាំងជូនពលរដ្ឋមានវ័យ១៨ឆ្នាំឡើងទៅ គោលដៅប្រមាណ១០លាននាក់ នៅ​ពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែការអនុវត្តជាក់ស្តែង អាចនឹងបញ្ចប់នៅអំឡុងខែតុលា ឫខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ប្រមាណ២០លានដូស ដែលការគ្រោងទុក នឹងមកដល់នៅអំឡុងខែសីហា ខាងមុខនេះ។ ការចាក់វ៉ាក់សាំងកូវីដ-19 គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-19 និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-19 ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម៕អត្ថបទ៖ទូច សោភ័ណ 

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៖ វិទ្យាស្ថាន​ប៉ាស្ទ័រ​ គឺជា​ដៃគូ​ដ៏យូរអង្វែង​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ប្រទេស​កម្ពុជា

2021/07/02 03:48:05 pm        454
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រសៀល​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកស្រី វេជ្ជបណ្ឌិត Laurence Baril នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ជូនថា វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា គឺជាដៃគូដ៏យូរអង្វែងដែលបានជួយ​ឧបត្ថម្ភ​គាំទ្រ​ប្រទេសកម្ពុជា ទាំងការ​អភិវឌ្ឍស្ថាប័នផ្នែកមន្ទីរពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ​ចំពោះ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា និងស្នើសុំឲ្យបន្តសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ​ជាពិសេសលើការបណ្តុះបណ្តាល​ធនធានមនុស្ស និងស្រាវជ្រាវ​វិទ្យាសាស្រ្ត ផ្នែកជំងឺឆ្លង៕

ព្រឹទ្ធសភា​អនុម័តច្បាប់​ទាក់ទិន​នឹង​គម្រោងអភិវឌ្ឍន៍ និង​ផ្គត់ផ្គង់អគ្គិសនី

2021/07/02 08:26:12 am        477
ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាចំនួន៤០រូប បានអនុម័តលើសេចក្តីព្រាងច្បាប់ ចំនួន៤ ទាក់ទិន​នឹងគម្រោងអភិវឌ្ឍន៍ និងការផ្គត់ផ្គងអគ្គិសនី​ក្នុងសម័យប្រជុំពេញអង្គ ព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ។អង្គប្រជុំបានពិនិត្យ និងឲ្យយោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់​របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ ខ្សែបណ្តាញបញ្ជូន អគ្គិសនី​តង់ស្យុង៥០០គីឡូវ៉ុលពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ ។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភាអនុម័ត យល់ព្រមជា​លើក​ដំបូង ចំនួន៨០សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ។ពិនិត្យ និងឲ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើការធានាទូទាត់ របស់​រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញ បញ្ជូនអគ្គិសនីតង់ស្យុង៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែន កម្ពុជា-ឡាវ ។ សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា ត្រូវបានរដ្ឋសភាអនុម័ត យល់ព្រមជាលើកដំបូង ចំនួន ៧៩សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់​របស់​រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់ធានាលើការទិញ ថាមពលអគ្គិសនី ពី វៀតណាម ។៤.ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល កម្ពុជា ឲ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារី អគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង ៕អត្ថបទ ៖ បាន

ប្រមុខការទូតកម្ពុជាប្រាប់អ្នករាយការណ៍ពិសេសUNថា ការវាយតម្លៃណាមួយមកលើកម្ពុជា គួរតែចងចាំថា តើចេញពីប្រភពណា

2021/07/02 04:40:04 am        275
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានជួបជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយនៅក្នុងពេលនោះលោក វិទិត មុនតាប៊ន បានចាត់​ទុកខ្លួន​លោក​ជាមិត្តល្អរបស់កម្ពុជា។នេះបើតាមប្រកាសព័ត៌មានរបស់ក្រសួងការរបរទេស ដែលបានបង្ហាញលទ្ធផលនៃជំនួប​នៅ​រសៀលថ្ងៃទី០១ ខែកក្កដា ម្សិលមិញនេះ ដែលឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបតាមប្រព័ន្ធវីដេអូ ជាមួយលោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិ មនុស្ស​នៅកម្ពុជា។កិច្ចពិភាក្សានេះ បានផ្តោតលើ(១) កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ (២)ជំងឺ កូវីដ១៩ និងផលវិបាករបស់វាព្រមទាំង (៣) សិទ្ធប្រជាធិបតេយ្យ និងពលរដ្ឋ។ដោយចាត់ទុកខ្លួន​លោកជាមិត្ត​ល្អរបស់កម្ពុជា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគូស បញ្ជាក់​ពីការគោរព​ដ៏ជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជា។ លោក បានសម្តែងនូវអំណរសាទរ ចំពោះ​កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរបស់កម្ពុជា នៅក្នុងយន្តការសិទ្ធិមនុស្ស ដូចជា​ការផ្តល់ ​សច្ចាប័ន​អនុសញ្ញា​អន្តរជាតិស្តីពី​សិទ្ធិមនុស្ស​ជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា ​យន្តការត្រួត ពិនិត្យតាមកាលកំណត់ និងអ្នករាយការណ៍ពិសេស និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសិទ្ធិ សេដ្ឋកិច្ចនិងសង្គម។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន ដែល បាន​ទទួលការតែងតាំងជាអ្នករាយការណ៍ ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ​និង បានស្វាគមន៍ចំពោះវិធីសាស្ត្រប្រកប​ដោយការគោរព​របស់លោកសាស្ត្រាចារ្យ ព្រមទាំង​បានបញ្ជាក់ សារជាថ្មីពីកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ​ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយអ្នករាយការណ៍ ពិសេស។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈផងដែរលើការរៀបចំរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន​នៅ​ឆ្នាំ២០២២ និង​គំនិត​ផ្ដួចផ្ដើម​ដែល មាន​សក្ដានុពល​ពាក់ព័ន្ធ​មួយចំនួន។ចំពោះការរីករាលដាល​នៃជំងឺកូវីដ១៩ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ដោយសង្ខេប ពីវិធានការ​ហ្មត់ចត់ និងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព​ និងកាត់ បន្ថយ​ផលប៉ះពាល់សេដ្ឋកិច្ច-សង្គមលើជនងាយរងគ្រោះ ក្នុងនោះ មានកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ ការផ្តល់ ម្ហូបអាហារ​ក្នុងអំឡុងការបិទខ្ទប់ ​និងការចាក់វ៉ាក់សាំង។ អាទិភាព​របស់​រដ្ឋាភិបាល​គឺធានា​សិទ្ធិ​រស់រាន​ មានជីវិតនិងសុខភាព រួមជាមួយស្ថិរភាពសង្គម​ និងសុខភាពសាធារណៈ។ជាការឆ្លើយតប លោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន បានស្វាគមន៍ចំពោះការឧបត្ថម្ភសាច់ប្រាក់ និងការចាក់វ៉ាក់សាំងការពារ ​ដោយឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជា។ ​ស្តីពីប្រជាធិបតេយ្យ​​​និង​ពលរដ្ឋ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ​​ការវាយតម្លៃ​ ណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថា តើការវាយតម្លៃនោះចេញពីប្រភពណា ហើយវាស្ថិតនៅ ត្រង់ណានៅពេលនេះ ។ យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការ​សង្គមស៊ីវិល​ឲ្យកាន់តែជិតស្និទ្ធ លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។ រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹង និងអនុវត្តនៅក្នុងព្រំដែនច្បាប់ ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការ ពាក់ព័ន្ធនឹង បទល្មើសព្រហ្មទណ្ឌនិងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្ដាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែក​មួយ​នៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។នេះជាកិច្ចប្រជុំលើកទី៦ តាមប្រព័ន្ធវីដេអូ ដែលលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានជួប ជាមួយ​បណ្តា​ឥស្សរជន​នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងអាណត្តិ របស់លោក។អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានជួប ជាមួយឥស្សរជន និងតំណាងមកពីក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងយុត្តិធម៌។លោកសាស្ត្រាចារ្យ វិចិត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួល​ឲ្យមានការសន្ទនាដោយបើក ចំហនិងប្រកបដោយការស្ថាបនា ដែលបង្ហាញពីការផ្ដល់​កិច្ច​សហប្រតិបត្តិការល្អរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីរបស់លោក៕អត្ថបទ ៖ មុត សុត 

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចាត់​ឲ្យ​តំណាង​នាំ​យក​​អំណោយ​មនុស្ស​ធម៌​ជូន​កុមារ​កំព្រា ​ក្នុង​មណ្ឌលមែកឈើ​

2021/07/01 03:22:22 pm        496
ភ្នំពេញ ៖ ដោយទទួលដំណឹងតាមរយៈបណ្តាញសង្គមពីការលំបាករបស់មណ្ឌលមែកឈើ ស្ថិតនៅ​ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ាណា បាន​ចាត់ឲ្យ​លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌​នាំយក​អំណោយ​មួយចំនួនធំទៅប្រគល់ជូនមណ្ឌលមួយនេះ ​ដើម្បីជួយសម្រាលការលំបាក​បាន​មួយ​រយៈផងដែរ ។នាឱកាសនោះលោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម និង​លោកជំទាវ ​ដែលជានិច្ចកាលលោកតែងតែគិតគូរពីការលំបាករបស់កូនៗ ក្មួយៗ​ដែលរស់​នៅ​តាមអង្គការ សមាគម និងមណ្ឌលនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសក្មួយៗ​ក្នុង​មណ្ឌលមែកឈើ ដែលកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ។ សូមបញ្ជាក់ផងដែរថា ​លោក​ ផន​ ផល្លា​ ជា​អតីត​ក្មេងធ្លាប់រស់នៅក្នុងមណ្ឌល ត្រូវបាន​ឲ្យ​​កាន់​តួនាទីបន្តជាប្រធានថ្មីតាំងពីដើមឆ្នាំ២០២០ មកម្ល៉េះ​ ដើម្បីដឹកនាំ​និងស្វែងរកជំនួយពី សប្បុរសជន​នានា​ក្នុងស្រុក និងក្រៅស្រុកនាពេលកន្លងមក ។ ​តែបច្ចុប្បន្នលោក​មានផ្ទុកជំងឺកូវីដ-១៩ ក្នុង​ស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាល ​។ ចំណែកឯកុមារចំនួន​១០នាក់ផ្សេង ទៀត​ក៏បាន​ឆ្លងហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ទើបធ្វើឲ្យ​មណ្ឌលនេះ​ប្រឈម​នឹងការ​ខ្វះខាត​ដើម្បីបន្តចិញ្ចឹមកុមារក្នុងមណ្ឌល ។ សម្រាប់​អំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលត្ររូវ​​ផ្តល់ជូន មណ្ឌលកុមារកំព្រាមែកឈើរួមមាន ៖ ១-អង្ករចំនួន ១០ បេ ២- ត្រីខចំនួន ៥ កេស ៣-មីចំនួន ១០ កេសធំ៤-ត្រីងៀតចំនួន ១០ គីឡូ៥-សាច់ក្រកចំនួន ១០ គីឡូ៦-សាច់ជ្រូកផាត់ចំនួន ១០ គីឡូ៧-ទឹកដោះគោខាប់ចំនួន ៤ កេស ៨-អូវ៉ាន់ទីនចំនួន ៥ កញ្ចប់ធំ ៩-ស្ករសចំនួន ១ បេ១០-អំបិលចំនួន ១ បេ ១១-ទឹកត្រីចំនួន ៥ យួរ១២-ទឹកស៊ីអីវចំនួន ៥ យួរ១៣-ប៊ីចេងចំនួន ១ បេ១៤-ប្រេងឆាចំនួន ៥ ដបធំ ១៥-សាប៊ូដុំចំនួន ១០០ ដុំ១៦-វីតាមីនសេចំនួន ៣០ ១៧-ប្រេងក្រឡាចំនួន ៥ ដុំ១៨-ប្រេងខ្យល់ចំនួន ៥ ដុំ ១៩-ម៉ាសចំនួន ៦០ ប្រអប់។ សម្រាប់​បុគ្គលិកចំនួន២០នាក់​ចូល​រួមក្នុងកម្មវិធី ក្នុងម្នាក់ៗទទួលបានឃីដ០១មួយកញ្ចប់​ ។ ដោយឡែក​កុមារ​ចំនួន៨០នាក់ ក្នុងម្នាក់ៗ​ទទួលបាន​សម្ភារៈ​សិក្សា​១​ឈុត និង​ប្រដាប់ប្រដា​អនាម័យ​មួយ​ចំនួនផងដែរ ៕

កម្ពុជា​ចាត់ទុក​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​​ ធ្វើការ​ងារ​កាត់​បន្ថយ​ហានិភ័យ ​គ្រោះ​មហន្តរាយ​នៅ​​កម្ពុជា​បានច្រើន

2021/07/01 01:45:59 pm        347
ភ្នំពេញ ៖ ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោ ​នាយករដ្ឋមន្ត្រី ​និង​តំណាង​ដ៏ខ្ពស់ខ្ពង់​ឯកឧត្តម ​នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បានមានប្រសាសន៍​ថា ​ភាពជាដៃគូ ស្ថាប័នសំខាន់ៗ ​និងកិច្ចសហប្រតិបត្តិការ រួមមាន​ស្ថាប័ន​រាជរដ្ឋាភិបាល ​និងអង្គការ​ដៃគូអភិវឌ្ឍន៍​នានា បានធ្វើការងារ​កាត់​បន្ថយហានីភ័យ គ្រោះ​មហន្តរាយ​នៅកម្ពុជា។ ការលើកឡើងបែបនេះ​ ធ្វើឡើងក្នុងពិធីបើក​ កិច្ចប្រជុំសម្របសម្រួល​រវាង គ.ជ.គ.ម. និងអង្គការ​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា​ សហការ​ជាមួយ​ក្រុមការងារ អស់លោក​ជាសហប្រធាន ​HRF និង JAG -តំណាងភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការ PPC ដែលបានខិតខំប្រឹងប្រែងក្នុងការ រៀបចំឱ្យកិច្ចប្រជុំនាពេលនេះ​ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ​នៅកម្ពុជា​ នាព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១នេះ ។ក្នុងឱកាសបើក​កិច្ចប្រជុំនេះ ឯកឧត្តម ហង្ស សាមឿន ធ្វើការវាយតម្លៃខ្ពស់ចំ ពោះក្រុមការងារ បច្ចេកទេស​របស់ គ.ជ.គ.ម. ដែលដឹកនាំដោយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និង​ជានាយកគម្រោង​ ដែលសហការជាមួយ​ក្រុមការងារ HRF JAG និង PPC ដែលបាន​ខិតខំ​ប្រឹងប្រែង​លើការងារគ្រប់គ្រង​គ្រោះមហន្តរាយ នាពេលនេះ​ គឺជាការសមស្របបំផុត ដែលបម្រើជាគុណ​ប្រយោជន៍​ ក្នុង​ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត រវាងគណៈកម្មាធិការជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ និងអង្គការដៃគូ ក្នុងគោលបំណងកាត់បន្ថយ ផលប៉ះពាល់ ដល់សង្គម-សេដ្ឋកិច្ច នឹង បរិស្ថានដែលបង្កឡើង​ដោយមុខសញ្ញាគ្រោះថ្នាក់​ដោយធម្មជាតិ និង ដោយ​មនុស្ស​ ហើយក៏ជាការប្រយុទ្ធ​នឹង​ហានិភ័យ​ គ្រោះមហន្តរាយ។ឯកឧត្តម បន្តថា តាមរយៈប្រព័ន្ធអនឡាញ ​ដើម្បីជួបប្រជុំពិគ្រោះយោបល់ ​ក៏ដូចជាការអនុវត្តនូវ សកម្មភាព​ការងារចាំបាច់ផ្សេងៗ ។​ នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ប្រទេសកម្ពុជាមានការ អភិវឌ្ឍន៍ គួរឲ្យ​កត់​សម្គាល់ ​មិនត្រឹមតែក្នុង​ទិដ្ឋភាព​សន្តិសុខ និងនយោបាយ ​ថែមទាំងសេដ្ឋកិច្ច និង​សង្គ្រាមផងដែរ។ក្នុងឆ្នាំ២០២០កម្ពុជា​យើងបាន ​នៅពេលទឹកជំនន់ ​កំពុងវាយប្រហារខ្លាំង គណៈកម្មាធិការជាតិ ​គ្រោះ​មហន្តរាយ ​ដោយសហការជាមួយ HRF និង JAG ​ចុះ​ទៅកាន់​ខេត្តគោល​​ដៅ ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ ដើម្បី​ធ្វើការ​ប៉ាន់ប្រមាណ​អំពី​ ផល់​ប៉ះពាល់​ និង​តម្រូវ​ការ​របស់​ប្រជាជន។ ទទួលរង​គ្រោះមហន្តរាយ ​​ដោយ​​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ប៉ះពាល់​២៥រាជធានី-ខេត្ត ​ជាពិសេស ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងរាជធានីភ្នំពេញ។ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានបង្កើតឡើងជាសេនាធិការឱ្យ រាជរដ្ឋាភិបាល ដើម្បីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះ មហន្តរាយនៅកម្ពុជា៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំពិភពលោកថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើមេដឹកនាំក្រុមហាម៉ាសនៅទីក្រុង Doha ប្រទេសកាតា
09/10/2025 09:09 AM
ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
09/10/2025 09:09 AM
កាកបាទក្រហមអន្តរជាតិ៖ កងទ័ពកម្ពុជា១៨នាក់ ដែលថៃចាប់ទៅ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា
09/10/2025 09:09 AM
ការបញ្ជាជម្លៀសពីសំណាក់យោធាអ៊ីស្រាអែល បង្កឱ្យមានការភ័យស្លន់ស្លោ និងចលាចលនៅក្រុងហ្កាហ្សា
09/10/2025 09:09 AM
គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
09/10/2025 09:09 AM
ការតវ៉ាដោយហិង្សា នៅតែបន្តក្នុងប្រទេសនេប៉ាល់ ទោះបីជានាយករដ្ឋមន្ត្រីលាលែងពីតំណែងក៏ដោយ
09/10/2025 09:09 AM
ក្រុមហាម៉ាសអះអាងថាមេដឹកនាំរបស់ខ្លួនរួចជីវិតពីការវាយប្រហាររបស់អ៊ីស្រាអែលនៅកាតា ខណៈអាមេរិកនិយាយថានេះជាការព្រមានតិចតួច
09/10/2025 08:09 AM
ក្រុមហ៊ុន Apple របស់អាមេរិក បើកបង្ហាញទូរសព្ទ iPhone ថ្មី និងរក្សាតម្លៃឱ្យនៅដដែល
09/10/2025 08:09 AM
លោក Macron បានតែងតាំងលោក Sebastien Lecornu ជានាយករដ្ឋមន្រ្តីបារាំងថ្មី
09/10/2025 08:09 AM
សិប្បកម្មមួយនៅកំពង់ធំ គ្រោងពង្រីកការកែច្នៃផលនេសាទពីត្រឹម៤តោនក្នុង១ឆ្នាំ ទៅ៣០តោន ស្រប​នឹងសម្ទុះគាំទ្រសព្វថ្ងៃ
09/10/2025 08:09 AM