គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុម​ពេទ្យ​យោធា​ក្រសួងការពារជាតិ​បន្ត​ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ តាម​ឃុំ​នានា​ក្នុងស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​

2021/06/22 03:30:26 pm        281
កំពង់ស្ពឺ ​៖ នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់​សាំង​របស់​ទ័ព​មួក​ខៀវ ចុះ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​ ប្រមាណ​ជាង​១​ម៉ឺន​នាក់​ឃុំ​វាល​ពង់​ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ។បើតាម​ឧ​ត្ត​ម​សេនីយ៍​ សែម រតនា ប្រធាន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​បាន​ថ្លែង​ប្រាប់ ​BTV ថា បន្ទាប់ពី​ទទួល​បទបញ្ជា​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង នៅថ្ងៃនេះ ​ក្រុម​ពេទ្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ចំនួន​ជិត​៦០​រូប ​បាន​និងកំពុង​ប្រើប្រាស់​រយៈពេល​ចំនួន​១៥​ថ្ងៃ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ ដូ​ស​ទី​១​ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​ឃុំ​វាល​ពង់​មុនគេ​ក្នុងចំណោម​ឃុំ​នានា​ទៀត​របស់​ស្រុក​ឧ​ត្តុ​ង្គ ​ខណៈ​ឃុំ​វាល​ខ្ពង់​គឺជា​តំបន់​ទីប្រជុំជន ​កម្មករ​បំរើការ​ងារ​តាម​រោងចក្រ ​និង​មាន​បញ្ហា​ប្រឈម​ខ្លាំងជាងគេ​។ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា បាន​បន្តថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នៅ​ស្រុក​ឧ​ត្តុ​ង្គ បាន​ធ្វើឡើង​បន្ទាប់​ក្រុម​ពេទ្យ​ទ័ព​មួក​ខៀវ ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ជូន​ពលរដ្ឋ​នៅក្នុង​អតីត​តំបន់​ក្រហម ​និង​តំបន់​លឿងទុំ ក្នុង​រាជធានី​ភ្នំពេញ ​ហើយ​ពង្រីក​ការ​ចាក់​មក​តាម​បណ្តា​ស្រុក​នានា​ ដែល​នៅ​ជិត​ជាប់​ជាយ​រាជធានី​ភ្នំពេញ​។ពលរដ្ឋ​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង ​បាន​ថ្លែងថា ​បន្ទាប់ពី​ទទួល​បាន​សំបុត្រ​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ពី​មេភូមិ​នៅ​តាម​បណ្តា​ភូមិ​នានា ​បណ្តា​ពលរដ្ឋ​បាន​សំដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ​និង​មានការ​ទន្ទឹង​រង​ចាំ​ចាក់​វ៉ាក់សាំង​នេះ ​ខណៈ​ក្នុងអំឡុងពេល​មូលដ្ឋាន​របស់​គាត់​បាន​និង​កំពុង​ជួប​ប្រឈម​នឹង​បញ្ហា​ការ​រាតត្បាត​កូ​វីដ-​១៩​នេះ​ផងដែរ​។បើតាម​ការ​បញ្ជាក់​ពី​ឧ​ត្ត​ម​សេនីយ៍ទោ សែម រតនា បានអោយដឹងថា ​បើ​ពិនិត្យ​ស្ថានភាព​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នៅក្នុង​ស្រុក​ឧ​ត្តុ​ង្គ​ជារួម គឺ ​ក្រសួងការពារជាតិ​បាន​បែងចែក​ក្រុម​ពេទ្យ​យោធា​ចាក់​វ៉ាក់សាំង​ចំនួន​៤​ក្រុម​ រួមមាន ៖ ក្រុមគ្រូពេទ្យ​មកពី​អង្គភាព​បញ្ជូន​សារ ​មកពី​ខាង​កង​ទ័ពជើងគោគ ខាង​កងទ័ព​មួក​ខៀវ ​និង​ក្រុម​នាយទាហាន​សកម្ម ​ បាន​និងកំពុង​ចាក់​នៅ​តាម​បណ្តា​ឃុំ​ផ្សេងៗ​គ្នា​ក្នុងស្រុក​ឧ​ត្តុ​ង្គ ​ខេត្តកំពង់ស្ពឺ​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ណែនាំ​អំពី​របៀប​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ ស្រាល​នៅផ្ទះ​ និង​ថែទាំ​សុខភាព​ផ្លូវចិត្ត

2021/06/22 01:26:56 pm        396
ភ្នំពេញ ៖ បើ​យោង​តាមផេក​ផ្លូវការ​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​នៃ​ក្រសួងសុខាភិបាល បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ណែនាំ​អំពី​របៀប​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ស្រាល​នៅផ្ទះ ​និង​ថែទាំ​សុខភាព​ផ្លូវចិត្ត​។នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ​បានបង្ហាញ​សារ​អប់រំ​ណែនាំ​ជា​វីដេអូ ​ដើម្បី​ណែនាំ អោយ​មាន​ការ​មើល​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩​ ស្រាល​នៅ​តាម​ផ្ទះ ​ដោយ​បាន​បញ្ជាក់ថា ប្រសិនបើ​មាន​អាការៈសង្ស័យ​ក្អក ​ក្តៅខ្លួន ឈឺ​ក គួរ​ទំនាក់ទំនង​ទៅកាន់​លេខ​១១៥​ ដើម្បី​ពិគ្រោះ​និង​ផ្តល់​យោបល់​។ បុគ្គល​មាន​រោគសញ្ញា​កូ​វីដ​-១៩​ មួយចំនួន ត្រូវ​បាន​គ្រូពេទ្យ​វាយ​តម្លៃថា អាច​ព្យាបាល​នៅផ្ទះ​បាន​ ដោយ​ណែនាំ​អោយ​ព្យាបាល​នៅផ្ទះ ​ប៉ុន្តែ​ក៏​អាច​ទំនាក់ទំនង​ទៅកាន់​គ្រូពេទ្យ​ប្រសិនបើ​អាការៈ​មានការ​ប្រែប្រួល​ធ្ងន់ធ្ងរ​។ ​ចំពោះ​អាការៈ​ធ្ងន់ធ្ងរ​បំផុត​គឺ​ពិបាក​ដកដង្ហើម​ត្រូវ​ចាំបាច់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ អ្នកជំងឺ​ព្យាបាល​នៅផ្ទះ​ត្រូវ​ពាក់​ម៉ាស​គ្រប់ពេលវេលា​ អ្នកមើល​ថែទាំ​ត្រូវ​ពាក់​ម៉ាស​ និង​រក្សា​គម្លាត​ឲ្យ​បាន​២​ម៉ែត្រ​។​ ដាក់​អ្នកជំងឺ​នៅ​បន្ទប់​ដាច់ដោយឡែក​ និង​មិន​អនុញ្ញាត​អោយ​មាន​ភ្ញៀវ​ចូល​ផ្ទះ​ឡើយ ទោះបី​មិត្ត ភក្តិ ឬ​ គ្រួសារ​សាច់ញាតិ​ក៏ដោយ​។ អ្នកជំងឺ​ត្រូវ​សម្រាក​អោយ​បាន​គ្រប់គ្រាន់ បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន និង​បរិភោគ​អាហារ​មាន​ជីវជាតិ ​តាមដាន​រោគសញ្ញា​សមាជិក​គ្រួសារ​អោយ​ទៀងទាត់ ។​ត្រូវ​លាងដៃ​អោយ​បាន​ញឹកញាប់​និង​អាកុល ​ហើយ​ត្រូវ​បើក​ចំហរ​បង្អួច និង​ទ្វារ ដើម្បី​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ។ សមាជិក​ក្នុង​គ្រួសារ​គួរតែ​ប្រើ​តែ​របស់របរ​ផ្ទាល់ខ្លួន ដោយ​មិន​ប្រើ​ឡូកឡំ​គ្នា​នោះទេ​ ។ អ្នកជំងឺ​ត្រូវ​ព្យាយាម​រក្សា​ភាព​វិជ្ជមាន​ផ្លូវចិត្ត ​និង​ប្រយ័ត្ន​ចំពោះ​អ្វីដែល​បាន​អាន​និង​ឃើញ​តាម​ប្រព័ន្ធ​ Internet ​ត្រូវ​មើល​ព័ត៌មាន​ពិត ​និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ និង​ជៀសវាង​ទម្លាប់​ណា​មិនល្អ​ដែល​ប៉ះពាល់​ដល់​សុខភាព​។សូម​រំលឹកថា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ស្តីពី ​ការដាក់​ឲ្យ​ប្រើ​នីតិវិធី​ប្រតិបតិ្ត​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ​ថែទាំ ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​នៅតាម​ផ្ទះ​ដោយ​អនុវត្ត​ជា​ជំហាន​ដំបូង​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ ​ដោយឡែក​ការ​ដាក់​ឲ្យ​ដំណើរការ ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល​ និង​គ្មាន​រោគសញ្ញា​នៅ​តាម​ផ្ទះ​សម្រាប់​ភូមិសាស្ត្រ​ខេត្ត​ផ្សេងទៀត ​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួងសុខាភិបាល​ នៅពេល​ក្រោយ ផ្អែក​តាម​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ក្នុងភូមិ​សាស្ត្រ​នីមួយៗ​។ ក្រៅពីនេះ ​សម្រាប់​អ្នកជំងឺ​ស្រាល​ដែល​ព្យាបាល​នៅតាម​ផ្ទះ ​ត្រូវយក​សំណាក​វិភាគ​ PCR ឡើងវិញ​នៅ​ថ្ងៃទី​១៣ បន្ទាប់​ពីថ្ងៃ​វិជ្ជមាន​ដំបូង ​បើ​លទ្ធផល​អវិជ្ជមាន ត្រូវ​បញ្ចប់​ការ​ព្យាបាល ​ដោយ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត ។ ក្នុង​ករណី​មិនបាន​យក​សំណាក​ពិនិត្យ​ឡើង​វិញ​នៅ​ថ្ងៃទី​១៣ ឬ​លទ្ធផល​ថ្ងៃទី​១៣​ វិជ្ជមាន​ត្រូវ​បន្ត​ព្យាបាល​រហូតដល់​ថ្ងៃទី​២១​ បូករួម​នឹង​អ្នកជំងឺ​អត់​មាន​រោគសញ្ញា​រយៈពេល​៣​ថ្ងៃ​ចុងក្រោយ​ ត្រូវ​បញ្ចប់​ការព្យាបាល​៕ អត្ថបទ ៖ រដ្ឋា

កម្ពុជា​អនុញ្ញាត​ឱ្យ​នាំ​សាច់​បង្កក និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា​ឡើងវិញ ​តែ​ត្រូវ​ប្រកាន់ខ្ជាប់​លក្ខខណ្ឌ​សុវត្ថិភាព

2021/06/22 01:05:02 pm        349
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា តាមរយៈ​លិខិត​ដែល​បាន​ចេញ​ផ្សាយ​ កាលពី​ថ្ងៃទី ១៩​ខែមិថុនា កន្លងទៅនេះ​ បញ្ជាក់ថា កម្ពុជា​បានសម្រេច​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​នៅ​សាច់​បង្កក និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា​ជាថ្មី ​ដោយ​គោរព​តាម​លក្ខខណ្ឌ​ពីរ​ជា​ចាំបាច់​ ដើម្បី​ធានា​សុវត្ថិភាព​ថា សាច់​បង្កក​និង​ទំនិញ​បង្កក​ទាំងនោះ​ពុំ​មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩​។សម្រាប់​ការ​អនុញ្ញាតឱ្យ​មានការ​នាំចូល​នូវ​សាច់​បង្កក​ ក៏ដូចជា​ទំនិញ​បង្កក​ពី​ប្រទេស ឥណ្ឌា​ ចូលមក​កម្ពុជា​ឡើងវិញ​នេះ ​គឺ​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី២១ ខែមិថុនា​ឆ្នាំ២០២១​។ ​ការអនុញ្ញាតឱ្យ​នាំចូល​ជាថ្មី​នេះ រាជរដ្ឋាភិបាល​កំណត់​នូវ​លក្ខខណ្ឌ​ចាំបាច់​ចំនួន​ពីរ​ជា​បណ្ដោះអាសន្ន ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាពថា​សាច់​បង្កក ​និង​ទំនិញ​បង្កក​ទាំងនោះ​ គ្មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩​នោះទេ​។លក្ខខណ្ឌ​ទី ១​ដែល​កំណត់ គឺ​តម្រូវ​ឱ្យមាន​វិញ្ញាបនបត្រ ឬ​លិខិត​បញ្ជាក់​បន្ថែម​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ដើមកំណើត​ទំនិញ ​ដែល​បញ្ជាក់ថា ​គ្មាន​វីរុស​កូ​វីដ​-១៩​ លើ​សាច់​បង្កក​ រឺ​ទំនិញ​បង្កក​នោះទេ​។​ រីឯ​លក្ខខណ្ឌ​ទី ២​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​នោះ ​គឺ​ពេលដែល​មក​កម្ពុជា ​ត្រូវមាន​ការ​យក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩​ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​មុននឹង​អនុញ្ញាត​ឱ្យ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។ចំពោះ​លក្ខខណ្ឌ​ទាំងពីរ​នេះ ​អាច​ត្រូវ​បាន​បន្ធូរបន្ថយ​ រឺ​ដកចេញ​ទាំងស្រុង​ ដោយ​អាស្រ័យ​លើ ស្ថានភាព​ធូរស្រាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​នៅ​ប្រទេស​នាំចេញ ​និង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្ក​ក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​បើ​រក​ឃើញ​អវិជ្ជមាន​ជា​បន្តបន្ទាប់​។គួរ​បញ្ជាក់ថា ​កម្ពុជា​បាន​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា ​ចូល​កម្ពុជា កាលពី​ដើមខែ ​ឧសភា កន្លងទៅ ដោយ​ការ​ផ្អាក​នេះ ​ធ្វើឡើង​ក្រោម​ហេតុផល​ព្រួយបារម្ភ​ថា ​សាច់​បង្កក​និង​ទំនិញ​បង្កក​ទាំងនោះ​អាច​បង្ក​ជា​ហានិភ័យ​ក្នុង​ការ​ចម្លង​កូ​វីដ​-១៩​ ចូលមក​កម្ពុជា ខណៈពេលដែល​ប្រទេស ឥណ្ឌា ​បាន​ឈរ​លើ​លំដាប់​តារាង ​ជា​ប្រទេស​ដែល​មាន​អាត្រា​ឆ្លង​ និង​ស្លាប់​ខ្ពស់​ដោយសារ កូ​វីដ​-១៩​។បើ​យោង​តាម វេ​ប​សាយ Worldometers បង្ហាញថា ប្រទេស​ឥណ្ឌា​គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ គឺ​ឈរ​លើ​លេខ​រៀង​ទី​២ ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ច្រើនបំផុត បន្ទាប់ពី​ប្រទេសអាមេរិក​។ ​គិត​ត្រឹម​ថ្ងៃនេះ​ប្រទេស ឥណ្ឌា មាន​ករណី​ឆ្លង​ចំនួន​ជិត៣០​លាន​នាក់​ និង​មាន​ករណី​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​កូ​វីដ​-១៩ ចំនួន ប្រមាណ​ជិត ៣៩​ម៉ឺន​នាក់​៕អត្ថបទ​៖ គឹម​ហុក  

កម្ពុជា​នឹង​ផ្តោតលើ​បញ្ហា​ពហុភាគី​និយម​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​កូ​វីដ​-១៩​ ក្នុង​(ASEM)

2021/06/22 12:52:50 pm        700
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ច​សន្ទនា​គោលនយោបាយ​ជាន់ខ្ពស់ ស្តីពី «​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប (ASEM) ខួប​២៥​ឆ្នាំ “​ការ​ពង្រឹង​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​នៅក្នុង​ពិភពលោក ដែល​កំពុង​ផ្លាស់ប្ដូរ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ ​នៅ​ប្រទេស​វៀតណាម តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ធ្វើជា​វាគ្មិន​កិត្តិយស​នៅ​ក្នុង​ពិធី​បើក​កិច្ច​ស​ន្ទនា​គោលនយោបាយ​ជាន់ខ្ពស់ ស្តីពី «​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប (ASEM) ខួប​២៥​ឆ្នាំ ​ជាមួយនឹង​ឯកឧត្តម ប៊ូ​យ ថា​ញ់​សឺ​ន រដ្ឋមន្ត្រីការបរទេស​វៀតណាម​។ ​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស ​និង​គោ​លន​យោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​។ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី និង​រដ្ឋមន្ត្រីការបរទេស នៃ​សហព័ន្ធរុស្ស៊ី ផងដែរ​។សុន្ទរកថា​គន្លឹះ​របស់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី នឹង​ផ្ដោត​លើ​ដំណើរការ​នៃ​ការ​ប្រព្រឹត្តទៅ របស់ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ តាំងពី​ការ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ តួនាទី​របស់​កិច្ចប្រជុំ​នេះ ​ជា​គ្រឹះ​មួយ ក្នុង ចំណោម​គ្រឹះ​នានា ​នៃ​អភិបាលកិច្ច​សកល ការ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ពហុភាគី​និយម​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​សកល ​ដូចជា​វិបត្តិ​កូ​វីដ​-១៩ ​និង​ផល​ប៉ះពាល់​របស់​ជំងឺ​នេះ​ ទៅលើ​វិស័យ​សេដ្ឋកិច្ច​-​សង្គម ជាដើម​។ ក្នុងន័យនេះ​ មូលបទ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​ ដែល​កម្ពុជា បាន​ដាក់​ចេញ «​ការ ពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា​» ​គឺ​ពិតជា​មាន​ភាព​ពាក់ព័ន្ធ​ជាង​ពេល​ណាៗ​ទាំងអស់​។ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​ចែករំលែក​ចក្ខុវិស័យ​លើ​អនាគត ​របស់​ASEM នៅ​ឆ្នាំ​ខាងមុខ ផងដែរ​ ជាពិសេស គឺ​កិច្ច​សហប្រតិបត្តិការ​ព​ហុ​វិស័យ របស់​ASEM​ ដើម្បី​សន្តិភាព ​និង​ការអភិវឌ្ឍ នៅ​អាស៊ី និង​អឺរ៉ុប​។ក្នុងការ​រំលឹក​ខួប​២៥​ឆ្នាំ នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប កិច្ច​សន្ទនា​ជាន់ខ្ពស់​នេះ នឹង​ផ្តល់​នូវ​កាលា​នុ​វត្ត ភាព សម្រាប់​ដៃគូ ​ASEM និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​របស់​ ASEM ​សម្រេច បាន​នា​ពេល​កន្លងមក​។ វាយតម្លៃ​ពី​ទំនោរ​ថ្មីៗ ​ដែល​នឹង​អាច​ជះឥទ្ធិពល​មក​លើ​តួនាទី ​របស់​ASEM​។ កំណត់​វិស័យ​សហប្រតិបត្តិ​ការ​សំខាន់ៗ ​របស់​ASEM និង​ជំរុញ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​ ឱ្យ​កាន់តែ​រីក ចម្រើន​ថែមទៀត​ នៅក្នុង​បរិបទ​នៃ​ពិភពលោក ​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​នាពេល​បច្ចុប្បន្ននេះ​៕អត្ថបទ ៖ មុត សុទ្ធ ​

ឯកឧត្តម ប្រាក់ សុខុន​ នឹង​ជំរុញ​ភាគី​និយម​បើកចំហ​ឲ្យ​ទទួល​វ៉ាក់សាំង​ជា​សកល​ដោយ​សមធម៌

2021/06/22 12:46:17 pm        440
ភ្នំពេញ ៖ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ​ចេញ​ថ្ងៃទី​២១​មិថុនា ម្សិលមិញនេះ ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​ជាន់ខ្ពស់​អាស៊ី​-​ប៉ាស៊ីហ្វិក​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ក្រោម​មូលបទ «​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការប្រយុទ្ធប្រឆាំង​ ជំងឺ​រាតត្បាត​សកល សម្រាប់​ការ​ងើប​ឡើងវិញ​ប្រកបដោយ​និរន្តរភាព ​ដែល​នឹង​ប្រព្រឹត្ត​ទៅតាម ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ បាន​បញ្ជាក់ថា ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង ធ្វើជា​ប្រធាន​ដឹកនាំ​សន្និសីទ ​ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស​មកពី​បណ្តា​ប្រទេស​ដៃគូ ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ ​និង​ផ្លូវ និង​តំណាង​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​។ សន្និសីទ ​នឹង​ពិភាក្សា ព្រមទាំង​ផ្លាស់ប្តូរ​យោបល់​រិះរក​មធ្យោបាយ ​ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែម ទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ និង​ដើម្បី​សម្រេច​បាន​នូវ​ការ​ស្ដារ​សេដ្ឋកិច្ច​ សង្គម​ឡើងវិញ ​ព្រមទាំង​លើកកម្ពស់​ភាពជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ថ្លែង​បទ​អន្តរាគមន៍ ​ដោយ​ផ្តោតលើ ​ទិដ្ឋភាព​សំខាន់ៗ រួមមាន ​ការលើកកម្ពស់​ពហុភាគី​និយម​ដែល​បើកចំហរ ​និង​ប្រកបដោយ​បរិ​យា​ប័ន្ន ការ​ជំរុញ​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​សំដៅ​ធានា​នូវ​ការ​ទទួលបាន​វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​-១៩ ​ប្រកបដោយ​សមធម៌​សម្រាប់​សកលលោក ​និង​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ប្រកបដោយ ចីរភាព​។ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ក៏​នឹង​ចែករំលែក​អនុសាសន៍​ប្រកបដោយ​អត្ថន័យ​ទូលំទូលាយ​និង​ជាក់លាក់​ដល់​សន្និសីទ​ផងដែរ​៕​អត្ថបទ​៖ មុត សុទ្ធ​

ពីរ​ថ្ងៃ​ទៀត រដ្ឋសភានឹង​ប្រជុំ​ពេញអង្គ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ប្រធាន​(​គជប​)​ថ្មី

2021/06/22 12:33:22 pm        244
ភ្នំពេញ ៖ រយៈពេល​ពីរ​ថ្ងៃ​ទៀត គឺ​ត្រូវ​នឹង​ថ្ងៃទី​២៤ខែមិថុនានេះ​ រដ្ឋសភា ​នឹង​ប្រជុំ​ពេញអង្គ​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ប្រធាន​ថ្មី​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២២ ​ខែមិថុនា នេះ ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា ​តាម​ប្រព័ន្ធ​វីដេអូ ​ដោយ​កិច្ចប្រជុំ ​បាន​អនុម័ត​កំណត់ កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា ​លើក​ទី​៦ ​នីតិកាល​ទី​៦ ​នៅ​ថ្ងៃទី​២៤ ​ខែមិថុនា​នេះ​។ ​អ្វីដែល​សំខាន់នោះ ​គឺ​ការ​ប្រជុំពេញអង្គ​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ ប្រធាន​ថ្មី ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។កិច្ចប្រជុំ​ព្រឹក​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​បានអនុម័ត​របៀបវារៈ​មួយ​ចំនួនទៀត សម្រាប់​សម័យប្រជុំ​រដ្ឋ​សភា ​លើក​ទី​៦ នីតិកាល​ទី​៦ រួមមាន ​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះបាទ ​សម្តេច ព្រះបរមនាថ ​នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦​។ របាយការណ៍​សង្ខេប ស្តីពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា ​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៥ និង​លើក​ទី​៦ ​នីតិកាល​ទី​៦​។ ​ការសម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាង​រាស្ត្រ នៃ​រដ្ឋសភា ​នីតិកាល​ទី​៦ ​ចំនួន​ពីររូប ​ជំនួស​សមាជិក​ ដែល​បាន​លាលែង​។ចំណែក​សេចក្តីព្រាងច្បាប់ ដែល​នឹង​លើក​យក​មក​ពិភាក្សា និង​អនុម័ត​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦​នោះ ​រួមមាន ​សេចក្តីព្រាងច្បាប់ ស្តីពីការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ឱ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក ខូ អិ​ល​ធី​ឌី ​សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែ​បណ្តាញ​បញ្ជូន អគ្គិសនី តង់ស្យុង ៥០០​គីឡូវ៉ុល ពី​ខេត្តបាត់ដំបង ​ទៅកាន់​ព្រំដែន​កម្ពុជា​-​ថៃ ​និង​សម្រាប់​គម្រោង​អភិវឌ្ឍ ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ​តង់ស្យុង​៥០០​គីឡូវ៉ុល ​ពី​រាជធានី​ភ្នំពេញ ​ទៅកាន់​ព្រំដែន​កម្ពុជា​-​ឡាវ​។ ​សេចក្តីព្រាងច្បាប់​ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ឱ្យ​ក្រុមហ៊ុន ​អគ្គិសនី​វៀតណាម ​សម្រាប់​ធានា​លើ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម ​និង​សេចក្តីព្រាងច្បាប់​ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ឱ្យ​ក្រុមហ៊ុន ​ឆាយ​ណា ណេ​សិន​ ណ​ល ហេ​វី ម៉ាស៊ីន​ណឺ​រី ខ​ប​ភើ​រេ​សិន សម្រាប់​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ​អានុភាព ១​៥០ មេ​ហ្កា​វ៉ា​ត់​ ខេត្តកោះកុង​៕​អត្ថបទ​៖ បាន ចក់

ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាត​ឲ្យ​​តំណាង​ UNDP ប្រចាំ​នៅ​កម្ពុជា​​ដែល​ចប់​អាណត្តិ​ ចូល​ជួប​សម្ដែង​ការគួរសម​ និង​ជម្រាបលា​​​​

2021/06/22 12:25:50 pm        140
ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ឯកឧត្តម ​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ លោក Nick Beresford តំណាង UNDP ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​ និង​ជម្រាបលា ​ក្នុងឱកាស​ដែល​លោក​បាន​បញ្ចប់​អាណត្តិ​បេសកកម្ម​រយៈពេល០៥​ឆ្នាំ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៦ មក​។ក្នុងជំនួប​នេះ លោក Nick Beresford ​មានប្រសាសន៍ថា លោក​មាន​សេចក្តី​សប្បាយរីករាយ​ដែល​បាន​បំពេញការងារ​នៅ​កម្ពុជា ព្រមទាំង​ទទួលបាន​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ាង​ល្អ ​និង​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​ការ​រួមចំណែក​អភិវឌ្ឍន៍​នៅ​កម្ពុជា ​ក្នុងនោះ​រួមមាន​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​ផងដែរ​ ​និង​បាន​ចូលរួមចំណែក​ក្នុង​ផ្តល់​ដី​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទីជនបទ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន​​ជាដើម។ ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ UNDP ដែល​បាន​ចូលរួមចំណែក​គាំទ្រ​ដល់​ការងារ​អភិវឌ្ឍន៍​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ក្នុងនោះ​​វិស័យ​បោសសម្អាត​មីន​ តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ចាប់​តាំងពី​ឆ្នាំ​២០០៦​ រហូតដល់​ឆ្នាំ​២០២៥ UNDP ​បាន​កៀរគរ​នូវ​ធនធាន​សរុប​ថវិកា​ប្រមាណ ៨៤,៨៦០,៨៩៥ ដុល្លារ​អាមេរិក ​ផ្តោតលើ​ខេត្តបាត់ដំបង ​ប៉ៃលិន ​និង​បន្ទាយមានជ័យ ក្រោម​ការចូលរួម​ផ្តល់​ជំនួយ​គាំទ្រ​ពី​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ ​និង​ដៃគូ​អភិវឌ្ឍន៍ រួមមាន​៖ UN អូស្ត្រាលី កាណាដា ​សាធារណរដ្ឋ​កូរ៉េ ស្វី​ស អេ​ស្ប៉ា​ញ ​សហរដ្ឋអាមេរិក អូទ្រីស អង់គ្លេស ន័​រវេ​ស្ស ស៊ុយអែដ អៀរ​ឡង់ បែ​ល​ហ្សិ​ក និង​បារាំង ​ដែល​ក្នុងនោះ​អង្គការ UNDP បានរួម​ចំណែក​ថវិកា​សរុប៦,០៧៩,៧៩៩ ដុល្លារ​អាមេរិក​។ឯកឧត្តម ​ទេសរដ្ឋមន្ត្រី បានចាត់ទុក​អង្គការ UNDP គឺជា​ដៃគូ​ការងារ​ដ៏​រឹងមាំ ​និង​ធ្វើ​ការងារ​មិន​ខ្លាច​ការនឿយហត់ ​ជាមួយ​អាជ្ញាធរ​មីន ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​ស្វែងរក​ការ​គាំទ្រ ​ដល់​គម្រោង​បោសសម្អាត​មីន ​ដើម្បី​លទ្ធផល​ទាំង​ផ្នែក​ថវិកា​ សម្ភារៈ និង​ការផ្តល់​ប្រឹក្សា​បច្ចេកទេស​។ទេសរដ្ឋមន្ត្រី លី ធុជ បាន​បន្តទៀតថា ​ក្រោម​ជំនួយ​គាំទ្រ​ខាងលើ និង​ក្រោម​ការ​សម្របសម្រួល​រប​ស់​លោក Nick Beresford ​ចាប់ពី​ឆ្នាំ​២០១៦ ​លោក​បាន​ខិតខំ​ប្រឹងប្រែង​កៀរគរ​នូវ​ធនធាន​គិត​ជា​ថវិកា​សរុប ៣២,២៣១,៤១៩ ដុល្លារ​អាមេរិក ​ដែល​នឹង​ត្រូវ​ប្រើប្រាស់​រហូតដល់​ឆ្នាំ​២០២៥​ ក្នុងការ​គោល​ដៅ​បញ្ចប់​ការ​គំរាមកំហែង​ដោយសារ​មីន​ ស្របតាម​ចក្ខុវិស័យ​របស់​រាជ​រ​ដ្ឋា​ភិ​បាល​កម្ពុជា​។សូមបញ្ជាក់ថា ក្នុង​បេសកកម្ម​រយៈពេល ០៥​ឆ្នាំនេះ សម្រាប់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌ ​លោក Nick Beresford បាន​ទទួល​នូវ​មេដាយ​សហ​មេត្រី ​ថ្នាក់​មហា​សិរី​វឌ្ឍន៍ ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឱកាស​ប្រារព្ធ​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​៕​

ក្រសួងទេសចរណ៍​ ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ទេសចរណ៍​ជំរុញ​យុវជន​បន្ត​សិក្សា​លើ​ជំនាញ​ទេសចរណ៍

2021/06/22 11:31:59 am        206
ភ្នំពេញ ៖ ដើម្បី​ជំរុញ​អោយ​យុវជន​កម្ពុជា​ដែល​បាន​បោះបង់​ការសិក្សា​នានា​ ទទួល​បាន​សិក្សា​ជំនាញ​នានា​ ជា​បន្តបន្ទាប់​ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ​នោះ ​និង​អាច​ចូល​បំរើ​ការងារ​​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បាន ​ក្រសួងទេសចរណ៍​បាន​សម្រេច​រៀបចំ​គុណវុឌ្ឍិ​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍ វិញ្ញាបនបត្រ​វិជ្ជាជីវៈ​កម្រិត​ដំបូង ជូន​ដល់​យុវជន​ដែល​សិក្សា​ជំនាញ​ទេសចរណ៍​ចប់​អាច​យក​វិញ្ញាបនបត្រ​នោះ​ទៅ​ប្រើ​ប្រាស់​ស្វែងរក​ការសិក្សា​ជំនាញ​បន្ត​រហូត​កម្រិត​ឧ​ត្ត​ម​សិក្សា​។​​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​ស្តីពី ការរៀបចំ​គុណវុឌ្ឍិ​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍ វិញ្ញាបនបត្រ​វិជ្ជាជីវៈ​លើ​ជំនាញ​សេវា​ម្ហូបអាហារ​ និង​ភេសជ្ជៈ ​ជំនាញ​ការិយាល័យ​ជួរមុខ ​និង​គេហកិច្ច ​នៅ​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា​នេះ ។លោក ជួប រតនា ​ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍទេសចរណ៍ ​និង​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​គ្រប់គ្រង​គម្រោង​ហូ​កា បាន​ថ្លែងថា​ នៅក្នុង​ដំណាក់​ដំបូង​នេះ ក្រសួងទេសចរណ៍​ចាប់ផ្តើម​រៀបចំ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​១ ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ ជូន​ដល់​បណ្តា​យុវជន​នានា​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​លើ ជំនាញ​សេវា​ម្ហូបអាហារ​និង​ភេសជ្ជៈ ​ជំនាញ​ការិយាល័យ​ជួរមុខ និង​គេហកិច្ច ដើម្បី​អោយ​គេ​យក​វិញ្ញាបនបត្រ​នោះ​ទៅប្រើ​ប្រាស់​ស្វែងរក​ការងារ​ធ្វើ​ផង និង​ប្រើប្រាស់​ដើម្បី​បន្ត​ការសិក្សា​ជំនាញ​ទេសចរណ៍ ​រហូតដល់​បរិញ្ញាបត្រ​រង​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជាដើម​។លោក បន្តថា អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ស្វី​ស​ខន​ថាក់​ នៅក្នុង​ដំណាក់កាល​បន្ទា​ប់​ក្រសួងទេសចរណ៍​នឹង​បន្ត​រៀបចំ​គុណវុឌ្ឍិ​ជាតិ​វិជ្ជាជីវៈ ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​លើ​ជំនាញ​បដិសណ្ឋារកិច្ច ​ជំនាញ​ចុងភៅ និង​ជំនាញ​នានា​ទៀត​ក្នុង​វិស័យ​ទេសចរណ៍ ​ហើយ​គ្រប់​យុវជន​ដែល​សិក្សា​ជំនាញ​ទេសចរណ៍​ ដែល​ទទួលស្គាល់​ក្នុង​កម្រិត​គុណវុឌ្ឍិ​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​នេះ ​គេ​ក៏​អាច​បន្ត​សិក្សា​ ឬ​ អាចដាក់​ពាក្យ​ស្នើ​ប្រឡង​តេស្ត​សមត្ថភាព​ដើម្បី​ទទួល​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ទេសចរណ៍ ​និង​សញ្ញាប័ត្រ​ដែល​ទទួលស្គាល់​កម្រិតស្តង់ដារ​អាស៊ាន​ផងដែរ​។ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ​ការបង្កើត​គុណវុឌ្ឍិ​ជាតិ វិជ្ជាជីវៈ​ទេសចរណ៍​នេះ ​គឺជា​ការ​បង្ក​លក្ខណៈ​អោយ​យុវជន​កម្ពុជា ​ជាពិសេស​យុវជន​បោះបង់​ការសិក្សា ​យុវជន​ក្នុង​ក្រុម​ងាយ​រងគ្រោះ ​ យុវជន​បាត់បង់​ឱកាស​ការងារ​នានា និង​ពលករ​ចំណាកស្រុក​នានា ​ទទួល​បាន​ឱកាស​ការសិក្សា ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ​ក្នុង​ប្រព័ន្ធ​ច្បាស់លាស់​ដើម្បី​ទទួល​បាន​ការ​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ចំណេះដឹង ​ជំនាញ និង​បទពិសោធន៍ ដែល​ខ្លួន​បាន​សិក្សា​និង​អនុវត្ត ព្រមទាំង​បើក​ច្រក​អោយ​យុវជន​កម្ពុជា​យើង​ទទួល​បាន​ការសិក្សា​ពេញ​មួយ​ជីវិត ។ឯកឧត្តម ប៉ាក់ សុខុម បញ្ជាក់ថា ​តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​តាម​ប្រព័ន្ធ VIDEO CONFERENCE នៅថ្ងៃនេះ ​គឺជា​ចំណុច​ផ្ដើម​ដ៏​មាន​អត្ថន័យ​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ការ​ផ្តល់​ឱកាស​អោយ​យុវជន​ជំនាន់​ក្រោយៗ ​ទទួល​បាន​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​តាម ប្រព័ន្ធ​ដែល​មាន​ការ​ទទួលស្គាល់​ត្រឹមត្រូវ​៕​​អត្ថបទ ស៊ុម សុខ​ជា

ខេត្តកណ្តាល​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ជូន​ពលរដ្ឋ​ទូទៅ​បាន​ជាង​៧០%​ហើយ លើកលែង​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អនុញ្ញាត​ចាក់​នោះទេ

2021/06/21 04:36:50 pm        1047
កណ្ដាល ៖ នៅសល់​ប្រមាណ​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ដូ​ស​ទី​១ ​នៅតាម​ទីប្រជុំជន និង​កម្មករ​រោងចក្រ​តាម​ក្រុង​ស្រុក​នៅ​ខេត្តកណ្តាល​ នឹងត្រូវ​បិទ​បញ្ចប់ ហើយ​ក្រុម​ពេទ្យ​នឹង​ដំណើរការ​ចាក់​តែ​ដូ​ស​ទី​២​។ សម្រាប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ​ សំគាល់​ឃើញថា បណ្តា​ស្ត្រី​ជា​ក​ម្មការិនី​មាន​ផ្ទៃពោះ​កំពុង​បំរើកា​រងារ​នៅ​តាម​រោងចក្រ​បាន​បង្ហាញ​ពី​ការ​សោកស្តាយ​ដោយសារ​មិន​អាច​ចាក់​វ៉ាក់សាំង​ពេល​ឱកាស​មកដល់​នេះ​។បើ​តាម​កម្ម​ការិនី​ដែល​មាន​ផ្ទៃពោះ​កំពុង​បំរើ​ការងារ​នៅ​ក្នុង​រោងចក្រ​ប្រូ​ពី​ស័ស​ ក្នុង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​បាន​ប្រាប់ BTV នៅ​ថ្ងៃទី​២១​ ខែមិថុនា​នេះ ថា ​នៅក្នុង​រោងចក្រ​ប្រូ​ពី​ស័ស​នេះ គ្រប់​កម្មករ​កម្ម​ការិនី​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ រួចរាល់​ហើយ ​ប៉ុន្តែ​សម្រាប់​កម្ម​ការិនី​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ ក្រុម​ពេទ្យ​បាន​ណែនាំ​ថា​មិន​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​នោះទេ ​ដោយសារ​បារម្ភ​ខ្លាច​ប៉ះពាល់​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ ​តែ​ទោះ​យ៉ាងណា ​បណ្តាក​ម្មការិនី​ដែល​មាន​ផ្ទៃពោះ​ទាំងនោះ ក៏បាន​ត្រៀម​ទៅ​ចាក់​ការពារ​ខ្លួន​ផង​ដែរ ​នៅ​ក្រោយពេល​សម្រាល​បាន​បី​ខែ​។កម្ម​ការិនី​កំពុង​ពរ​ពោះ​ បាន​ថ្លែងថា​ ទោះ​យ៉ាង​ណា​នៅក្នុង​អំឡុង​ពេលនេះ ​យើង​បាន​បន្ត​ធ្វើ​ការងារ​ក្នុង​រោងចក្រ​ជា​ធម្មតា​ តែ​ត្រូវ​ប្រកាន់ខ្ជាប់​អនុវត្ត​វិធាន​៣​កុំ​៣​ការពារ​យ៉ាង​ខ្លាំងក្លា​បំផុត ​ចៀសវាង​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ​អំឡុងពេល​ពរ​ពោះ​នេះ​អោយ​ខាងតែបាន​។បើ​តាម​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ​បាន​ថ្លែងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ ​ក្រុម​ពេទ្យ​បាន​និងកំពុង​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ដូ​ស​ទី​១ ជូន​ពលរដ្ឋ និង​កម្មករ​កម្ម​ការិនី​ទូទៅ​នៅ​​តាម​ទីប្រជុំជន​តាម​ភូមិ​ឃុំ​សង្កាត់ ​តាម​រោងចក្រ​នានា​នៅ​ទូទាំង​ខេត្តកណ្តាល​ បាន​ចំនួន​ជាង​៧០% ​នៃ​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ជិត​៦០​ម៉ឺន​នាក់ ​(៥៩៩២៥១​នាក់​) ហើយ​នៅសល់​ប្រមាណ​តែ​៣​ថ្ងៃ​ទៀត ​ការ​ចាក់​ដូ​ស​ទី​១​ នឹងត្រូវ​បិទ​បញ្ចប់ ​ហើយ​ក្រុម​ពេទ្យ​នឹង​ត្រូវ​បន្ត​ចាក់​តែ​ដូ​ស​ទី​២​ ជូន​ពលរដ្ឋ​ និង​កម្មករ​កម្ម​ការិនី​ណា​ដែល​បាន​ចាក់​ដូ​ស​ទី​១​តែប៉ុណ្ណោះ​។វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន បញ្ជាក់ថា ​នៅក្នុង​អំឡុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​អាទិភាព​មាន​មន្ត្រីរាជការ​ជួរមុខ​ នគរបាល​ មន្ត្រី​ចូលនិវត្តន៍ និង​អាជីវករ​ជាដើម​កន្លងមក ​គឺ​ក្រុម​ពេទ្យ​ចាក់​បាន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​ ហើយ​នៅ​ក្នុង​យុទ្ធនា​ការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​តាម​ទីប្រជុំជន ​និង​កម្មករ​រោងចក្រ​នានា​ ដែល​កំពុង​ដំណើរ​ចាក់​បាន​ចំនួន​១១​ថ្ងៃនេះ ​គឺ​យើង​ចាក់​បាន​ចំនួន​ជាង​៤២​ម៉ឺន​នាក់ ។បើតាម​ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ​អភិបាលខេត្ត​កណ្តាល បាន​ថ្លែងថា ​បច្ចុប្បន្ន រដ្ឋបាល​ខេត្តកណ្តាល មាន​ផែន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជូន​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ គឺ​មាន​ចំនួន​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់​៕​​អត្ថបទ ៖ ស៊ុម សុខ​ជា​

សិស្ស​ថ្នាក់​ទី​១២លើកឡើង​នូវ​មតិ​ផ្សេងគ្នា​ជុំវិញ​ការ​ប្រឡង ​ដែល​ក្រសួង​អប់រំ​ប្រកាស​ថា នៅតែ​បន្ត​រៀបចំ​

2021/06/21 04:14:25 pm        455
ភ្នំពេញ ៖ ថ្មីៗ​នេះ​ក្រសួង​អប់រំ បានប្រកាសថា ​ការប្រឡង​ថ្នាក់​ទី៩ ក៏ដូចជា​ ការប្រឡង​ថ្នាក់ជាតិ​ថ្នាក់​ទី១២ នៅតែ​បន្ត​រៀបចំ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ ​យុត្តិធម៌ តម្លាភាព​ និង​លទ្ធផល​ទទួល​យកបាន ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​។ ​ការអះអាង​រក្សា​ការប្រឡង​នេះ ​គឺមាន​ការចាប់អារម្មណ៍​ច្រើន ​ជាពិសេស​សិស្ស​ថ្នាក់​ទី១២ ដោយមាន​ទាំង​ការ​គាំទ្រ និង​ការ​មិនគាំទ្រ​។ក្រសួង​អប់រំ​យុវជន និង​កីឡា បានប្រកាស​នា​ពេល​ចុង​សប្ដាហ៍​មុន​ថា ​ការប្រឡង​ទាំង​ថ្នាក់​ទី៩ និង​ថ្នាក់​ទី២ ទាំង​រដ្ឋ​និង​ឯកជន នឹង​រៀបចំឡើង ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​ យុត្តិធម៌ តម្លាភាព ​និង​លទ្ធផល​ទទួលយកបាន ​ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​។ ក្រសួង​អប់រំ បាន​កំណត់​យក​ថ្ងៃទី១៥ វិច្ឆិកា ២០២១ សម្រាប់​ការ​ប្រឡង​ថ្នាក់​ទី៩ និង​កំណត់​យក​ថ្ងៃទី០៦ ធ្នូ២០២១ សម្រាប់​ការ​ប្រឡង​បាក់​ឌុប​សម្រាប់​សាលា​រដ្ឋ​។ ចំពោះ​សាលារៀន​ឯកជន​វិញ គឺ​កំណត់​យក​ថ្ងៃទី១១ តុលា ២០២១ សម្រាប់​សិស្ស​ថ្នាក់​ទី៩ និង​កំណត់​យក​ថ្ងៃទី២៥ តុលា ២០២១ សម្រាប់​សិស្ស​ថ្នាក់​ទី ១២​។ការរក្សា​ការប្រឡង​នេះ គឺមាន​ការចាប់អារម្មណ៍​ច្រើន ជាពិសេស​សិស្ស​ថ្នាក់​ទី១២​ដែល​ត្រូវ​បញ្ចប់​ថ្នាក់​វិទ្យាល័យ ចូលទៅ​សកល​វិទ្យាល័យ​។ សិស្ស​មួយ​ចំនួន​លើកឡើង​នូវ​ជំនឿ​ទុកចិត្ត​ចំពោះ​ការរៀបចំ របស់​ក្រសួង​អប់រំ ដោយ​ខ្លួន​កំពុង​ព្យាយាម​ខិតខំ​រៀន​សូត្រ​គ្រប់​វិធីសាស្ត្រ សម្រាប់​ការ​ឡង​ខាងមុខ​។យ៉ាងណា​ម៉ិ​ញ ការ​រក្សា​ការប្រឡង​នេះ ក៏​មាន​ការមិន​ពេញចិត្ត​មួយចំនួន ពី​សំណាក់​សិស្ស​ផងដែរ​។ ជាក់ស្ដែង គឺ​មាន​ការចូលទៅ​បញ្ចេញមតិ​សម្ដែង​ការ​មិន​ពេញ​មួយចំនួន ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ផ្ទាល់​តែម្ដង​។ ​ការលើកឡើង​នូវ​ភាព​មិន​ពេញចិត្ត ​ភាគច្រើន​គឺ​ក្រោម​ហេតុផល សិក្សា​នៅ​ថ្នាក់រៀន​បាន​តិច និង​ភាព​ពិបាក​នៃ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ​ដែល​ក្រសួង​បន្ត​ផ្ដល់​ជូន​រាល់ថ្ងៃ​។ ភាព​ពិបាក​កាន់​តែ​មាន​ច្រើន ​ពិសេស​សម្រាប់​សិស្ស​នៅតាម​បណ្ដា​ខេត្តជនបទ​។ ​សម្រាប់​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក មួយ​នាក់​ឈ្មោះ Dazai Sama បាន​លើកឡើងថា “ ទី ១២​ឆ្នាំនេះ ពិបាក​ជាង​ឆ្នាំមុន​ឆ្ងាយ​ណាស់ ឆ្នាំ​មុនគេ​បាន​រៀន​នៅ​សាលា​ខ្លះ ​តែ​ឆ្នាំនេះ​វិញ​រៀន​បាន​មួយខែ ​​បិទ​សាលាបាត់ រៀន​តាម​អន​ឡាញ ខ្ញុំ​ខំប្រឹង​កត់​មេរៀន​យក​ពិន្ទុ​ប្រចាំខែ​ហើយ ​តែបើ​ប្រឡង​បាក់​ឌុប​វិញ​គឺ​សង្ឃឹម​តិច​ណាស់ ​គណិត​រូប គីមី ជីវៈ​ មិន​សូវមាន​ការ​រៀន​តាម zoom ទេ ភាគច្រើន​គឺ​មុខវិជ្ជា​កត់​មេរៀន​បានតែ​ត្រឹម​កត់​មេរៀន​ហើយ ​ផ្ញើអោយ​គ្រូ​ដើម្បី​យក​ពិន្ទុ​។ និយាយ​តាម​ត្រង់​បើ​ខ្ញុំ​ធ្លាក់​មែន​គឺ អស់ចិត្ត​ហើយ​អត់​ស្ដាយក្រោយ​ទេ​។​” រីឯ​អ្ន​កប្រើ​ហ្វេ​ស​ប៊ុ​ក មួយនា​ក់ទៀត ​បាន​បាន​លើកឡើងថា “ សិស្ស​ធ្លាក់​យ៉ាងតិច ៧០ ទៅ ៨០% បើ​ប្រឡង​ទាំង​ខ្ញុំ​ទាំង​គេ តើ​យក​អ្វី​ទៅ​ប្រឡង​មួយឆ្នាំ​រៀន​បាន​ពីរ​ខែ​?” ។សម្រាប់​ឆ្នាំ ២០២១​នេះ ក្រសួង​អប់រំ​បានសម្រេច​ផ្អាក​ការសិក្សា​ក្នុង​ថ្នាក់រៀន​ទូទាំង​ប្រទេស គ្រប់​កម្រិតសិក្សា​ទាំង​រដ្ឋ និង​ឯកជន តាំងពី​ថ្ងៃទី ២០ ខែមីនា មក​ម្ល៉េះ​។ មកទល់ពេលនេះ​ ក៏​ពុំទាន់​មានការ​ជូនដំណឹង​ជាថ្មី ពី​ការបើក​ដំណើរការ​ថ្នាក់រៀន​វិញ​នោះទេ​ ព្រោះ​ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ មិន​ទាន់បាន​បិទ​បញ្ចប់​និង​ករណី​ឆ្លង​ស្ថិត​ក្នុង​ចំនួន​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ ​សព្វថ្ងៃ ក្រសួង​អប់រំ​នៅតែ​បន្ត​លើកទឹកចិត្ត ​ជំរុញ​ឱ្យ​សិស្ស​ព្យាយាម​ធ្វើ​ស្វ័យ​សិក្សា ​ក៏ដូចជា​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ក្រសួង​មាន​ផ្ដល់ជូន​៕​អត្ថបទ​ ៖ ​គឹម​ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំង​កម្ពុជា​មិន​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ចូល​ក្នុង​ទឹក​ដី​ថៃ​ដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
09/23/2025 07:09 PM
សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
09/23/2025 06:09 PM
អ៊ីរ៉ង់ និង E3 នឹងបើកកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម តែឱកាសនៅ​តែស្ដួចស្ដើង
09/23/2025 06:09 PM
បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan
09/23/2025 05:09 PM
មនុស្សយ៉ាងតិច ២នាក់ ស្លាប់ និងជាច្រើននាក់ រងរបួស ក្រោយអគារបាក់រលំ នៅភាគកណ្តាលឥណ្ឌា
09/23/2025 05:09 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងពីការសម្លាប់បុគ្គលិកជំនួយក្នុងសុន្ទរកថា ស្តីពី​ការទទួល​ស្គាល់​ប៉ាឡេស្ទីន
09/23/2025 05:09 PM
ឧទ្ធម្ភាគចក្រ និងរថយន្ត ស្វែងរក និងជួយសង្គ្រោះអ្នកស្រុកជាប់ក្នុងទឹកជំនន់ នៅអ៊ីតាលី
09/23/2025 05:09 PM
លោក Trump នឹងជួបក្រុមមន្ត្រីមកពីប្រទេសមូស្លីមភាគច្រើន ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា
09/23/2025 05:09 PM
ជប៉ុនបដិសេធមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
09/23/2025 05:09 PM
អ្នកការទូតជាន់ខ្ពស់មកពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សម្តែងក្ដីបារម្ភ អំពីច្រកសមុទ្រតៃវ៉ាន់
09/23/2025 05:09 PM