គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

គណៈកម្មការ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​បាន​លើក​យក​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​មក​ពិភាក្សា

2021/06/21 04:00:31 pm        370
ភ្នំពេញ ៖ គណៈកម្មការ​ជំនាញរដ្ឋ​សភា ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ​ដោយ​បាន​លើកយក​សេចក្តីព្រាងច្បាប់​ចំនួន​២ ដើម្បី​ពិភាក្សាគ្នា ដែល​សេចក្តីព្រាងច្បាប់​នោះ​គឺ​ស្តីពី ​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូរ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​និង​សេចក្តីព្រាងច្បាប់​ ស្តីពី​វិសោធនកម្ម​មាត្រា​១៨​ថ្មី ​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១៨ ​នៃ​ច្បាប់​ស្តីពី​សវនកម្ម ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា សហការ​ជាមួយ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ​ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា និង​ឯកឧត្តម នឹម ច័ន្ទ​តារា លេខាធិការ​គណៈកម្មកា​រ​កិច្ចការបរទេស ​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ដោយមាន​ការ​ចូលរួម​ពី​លោក លោកស្រី​អនុប្រធាន លេខាធិការ និង​សមាជិក សមាជិកា​គណៈកម្មការ​ជំនាញ​នានា​។​តំណាង​ភាគី​រាជរដ្ឋាភិបាល​រួមមាន ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី សោម គឹមសួគ៌ អគ្គសវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ​តំណាង​រាជរដ្ឋាភិបាល​ការពារ​សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ ដែល​ផ្សាយ​ចេញពី​សាលសន្និសីទ​បាយ័ន​ នៃ​វិមាន​រដ្ឋសភា ទៅកាន់​ក្រសួង​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​វីដេអូ​។នៅក្នុង​កិច្ចពិភាក្សា​នោះ​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូរ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ គឺជា​កិច្ចព្រមព្រៀង​ភាពជា​ដែគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ដែល​តទៅ​នេះ​ ហៅ​កាត់​ថា​កិច្ចព្រមព្រៀង​អា​សិប (Regional Comprehensive Economic Partnership RCEP)​ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី តំបន់ ដើមឡើយ​មាន​ប្រទេស​ចូលរួម​ចរចា​ចំនួន​១៦ រួមមាន ​៖ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ដៃគូរ​ពាណិជ្ជកម្ម​សេរី អាស៊ាន​ចំនួន​៦ ដូចជា ​៖ ប្រទេស​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង ណូ​វែ​ល​ហ្សេ​ឡង់​។ បន្ទាប់មកទៀត ​ដោយសារ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​ឥណ្ឌា បាន​ប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អា​សិប ក្នុង​កិច្ចប្រជុំ​កំពូល​អា​សិប​លើក​ទី​៣ កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​ថៃ​។ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​បន្ថែមថា ​កិច្ច​ព្រម​នេះ​ ត្រូវបាន​រចនា​ឡើង ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ដោយ​វិធីសាស្ត្រ​មួយចំនួន​ ដូចជា​ តាមរយៈ​ភាព​ទន់ភ្លន់​ដែល​សមស្រប និង​បទប្បញ្ញត្តិ​សម្រាប់​ប្រព្រឹត្ត​កម្ម​ពិសេស​ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ​និង​ភាព​ទន់ភ្លន់​បន្ថែម សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។ ​លើសពីនេះ​ទៀត​កិច្ចព្រមព្រៀង​អា​សិប ​បញ្ចូល​នូវ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស និង​ការ​កសាង​សមត្ថភាព ដើម្បី​អនុវត្តន៍​កាតព្វកិច្ច​នៅក្នុង​កិច្ចព្រមព្រៀង និង​ទាញ​យក​ផលប្រយោជន៍​ឱ្យ​បាន​ជា​អតិបរមា​។ កិច្ចព្រមព្រៀង​អា​សិប ក៏បាន​បញ្ចូល​នៅ​បទប្បញ្ញត្តិ ដែល​ធានា​ថា​ប្រទេស​ចូលរួម​ចរចា​ទោះបី​សេដ្ឋកិច្ច ​និង​ទំហំ​អាជីវកម្ម​ខុសៗ​គ្នា​ក៏ដោយ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ពាណិជ្ជកម្ម​។ដោយឡែក​សេចក្តីព្រាងច្បាប់ ​ស្តីពី​វិសោធនកម្ម​មាត្រា​១៨​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១៨ នៃ​ច្បាប់​ស្តីពី​សវនកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​បាន​លោកស្រី សោម​ គឹមសួគ៌ អគ្គសវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ពន្យល់ថា​ សេចក្តីព្រាងច្បាប់​នេះ​រៀបចំឡើង ក្នុង​គោលបំណង​បើកផ្លូវ​ឱ្យមាន​ការតែងតាំង​អគ្គសវនករ និង​អគ្គសវនកររង​ថ្មី ​នៅ​ពេលដែល​អាណត្តិ​៥​ឆ្នាំ ត្រូវ​បាន​បញ្ចប់​ដើម្បី​ទទួលស្គាល់​គុណវុឌ្ឍិ ស្នាដៃ ​បទពិសោធន៍​ សមត្ថភាព កិច្ចសហប្រតិបត្តិការ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​លើ​ការដឹកនាំ​អាជ្ញាធរ​សវនកម្ម​ជាតិ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សវនកម្ម ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ក្រោយពី​ស្តាប់​ការ​ពន្យល់​ពី​តំណាង​រដ្ឋាភិបាល​បាន​បកស្រាយ​ពី​អត្ថប្រយោជន៍​នៃ​សេចក្តី​ព្រាងច្បាប់​ទាំងពីរ​គណៈ​ជំនាញ​របស់​រដ្ឋសភា ​បាន​ចោទ​ជា​សំនួរ ​និង​មានការ​បកស្រាយ​ពី​ខាង​តំណាង​រដ្ឋាភិបាល ​ហើយ​អង្គ​ប្រជុំ​បាន​ឯក​ភាពគ្នា​ដោយ​រក្សា​ទម្រង់​អត្ថបទ​នៃ​សេចក្តី​ព្រាងច្បាប់​ទាំងពីរ​ឱ្យ​នៅ​ដែល ដោយ​គ្រាន់តែ​កែ​សម្រួល​អក្ខរាវិរុទ្ធ​ឱ្យ​ត្រឹមត្រូវ​តាម​អត្ថបទ​ច្បាប់​៕អត្ថបទ ៖ ​បាន ចក់

ប្រមុខ​ការទូត​អង់គ្លេស​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជា នៅ​ថ្ងៃទី​២៣ខែមិថុនា ​ខាងមុខនេះ

2021/06/21 01:37:46 pm        234
ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស ​លោក​ដូ​មី​នី រ៉ា​អាប់​(Dominic Raab) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេល​មួយថ្ងៃ​គឺ​ថ្ងៃទី​២៣ខែមិថុនា ឆ្នាំ​២០២១​ខាងមុខនេះ ដោយ​ដំណើរ​ទស្សនកិច្ច​នេះ ​នឹង​ជួយ​ជំរុញ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​អង់គ្លេស​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត​​។យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ទូរទស្សន៍​BTV​ ទទួលបាន​ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ​នេះ បាន​ឲ្យ​ដឹងថា ​តប​តាម​ការអញ្ជើញ របស់​ឯកឧត្តម ​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក​ដូ​មី​នី រ៉ា​អាប់​ នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ប្រទេស​កម្ពុជា ​នា​ថ្ងៃទី​២៣ ខែមិថុនាខាងមុខនេះ​។សេចក្តីប្រកាស​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ទៀតថា ​ប្រមុខ​ការទូត​កម្ពុជា ​និង​អង់គ្លេស ​នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី ដែល​នឹង​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​ជាដើម​។ប្រភព​ដដែល​ បានបន្ថែមទៀតថា​ ក្នុងឱកាស​ស្នាក់នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ​លោក​ដូ​មី​នី រ៉ា​អាប់ នឹង​មាន​កិច្ច​ជំនួប​ជាមួយ​ឯកឧត្តម សាល សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​ហើយក៏​នឹង​អញ្ជើញ​ទៅ ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទូល​ស្លែង​ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផង​ដែរ​។បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ​បានបញ្ជាក់​ទៀត​ថា ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​របស់​លោក​ដូ​មី​នី រ៉ា​អាប់​នេះ នឹង​ជួយ​រួមចំណែក​ជំរុញ ​និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ និង​អង់គ្លេស ​និង​ជា​ការ​បោះជំហាន​ទៅមុខ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផងដែរ​៕​អត្ថបទ​ ៖ បាន ចក់​​

ក្រោយ​បញ្ចប់​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គ្រោង​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិន​បង់ប្រាក់​ពីមួយ​សប្ដាហ៍​ទៅមួយ​ខែ

2021/06/21 12:20:03 pm        721
ព្រះសីហនុ ​៖ នៅ​ពេល​បើក​ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ក្រសួង​សាធារណ​ការ​គ្រោង​ពិចារណា​ជាមួយ​ក្រុមហ៊ុន​ចិន​ នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ ធ្វើដំណើរ​ដោយ​មិន​បង់​ប្រាក់​ពី​មួយ​សប្ដាហ៍​ទៅមួយ​ខែ ​ខណៈដំណើរ​ការសាងសង់​សម្រេច​បាន​ជាង​៥៥​ភាគរយ​ហើយ​។ក្នុង​ឱកាស​អញ្ជើញ​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ ព្រះសីហនុ​ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ​រដ្ឋ​មន្ដ្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​ថ្លែងថា ​ដំណើរការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ សម្រេច​បាន​ជាង​៥៥​ភាគរយ​ហើយ ចំពោះ​គុណភាព​សាងសង់​ គឺ​ល្អប្រសើរ​ណាស់​។ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី បន្ថែមថា ​នៅពេល​បើក​ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ព្រះសីហនុ​នេះ ក្រសួង​សាធារណ​ការគ្រោង​ពិចារណា​ជាមួយ​ក្រុមហ៊ុន​ចិន នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិន​បង់ប្រាក់​ពីមួយ​សប្ដាហ៍​ទៅមួយ​ខែ​​។ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា​ ផ្លូវ​ល្បឿន​លឿន​នេះ ​មិនអាច​ឱ្យមាន​ការឆ្លង​កាត់​ទេ គឺ​ផ្លូវ​ត្រូវ​បាន​សាងសង់​របង​សងខាង​ ដូច្នេះ​អ្នកដំណើរ​អាច​ប្រើ​ល្បឿន​បាន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​និង​មាន​ទីតាំង​ផ្ដល់​សេវា​៣​កន្លែង​ សម្រាប់​ឈប់សម្រាក ​ចាក់​ប្រេង​ជាដើម​។ ​សម្រាប់​ប្រជាពលរដ្ឋ​តាម​ភូមិ​អាច​ធ្វើ​ដំណើរ​បាន​នៅ​ខាងក្រោម​ផ្លូវ​ល្បឿន​លឿន​នេះ​ ដោយ​ក្រុមហ៊ុន​បាន​សាងសង់​ស្ពាន​ខាងក្រោម​ផ្លូវ​ចំនួន ២៧០​កន្លែង​។សូម​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ព្រះសីហនុ ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ខែមីនា ​ឆ្នាំ​២០១៩ ​ហើយ​គ្រោង​បើក​ដាក់​ឱ្យប្រើ​ប្រាស់​នៅ​ខែកញ្ញា ​ឆ្នាំ​២០២២​ ដែល​គម្រោង​បិទ​បញ្ចប់​ការសាងសង់ ​គឺ​នៅ​ខែឧសភា ឆ្នាំ​២០២៣​។ ផ្លូវ​នេះ​មាន​ប្រវែង​ជាង ១៨៧​គីឡូម៉ែត្រ​៕អត្ថបទ​ ៖ ប្រាក់ វ៉ាន់ដា 

សម្ដេច​តេ​ជោ​ ៖ រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ចងចាំ​ជានិច្ច​ចំពោះ​ការ​លះបង់​របស់​អតីត​យុទ្ធជន​គ្រប់រូប

2021/06/21 05:23:24 am        351
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២១​មិថុនា ​បាន​ផ្ញើ​សារលិខិត​អបអរសាទរ​ខួប​លើក​ទី​១៤​ អតីត​យុទ្ធជន​កម្ពុជា​ដែលជា​ទិវា​ប្រវត្តិសាស្ត្រ ប្រកបដោយ​មោទនភាព​បំផុត​សម្រាប់​បងប្អូន​អតីតយុទ្ធជន​ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។ខ្លឹមសារ​ក្នុង​សារលិខិត​របស់​សម្ដេច​តេ​ជោ ​សម្ដេច​បាន​សរសេរថា​ ទិវា​អតីត​យុទ្ធជន​កម្ពុជា​រៀប​ចំឡើង គឺ​ដើម្បី​រំឭក​ដល់​គំរូ​វីរភាព​ដ៏​មោះមុត​និង​គុណបំណាច់​ដ៏​ធំធេង​របស់ ​វីរយុទ្ធជន​យុទ្ធ​នារី​នៃ​កងកម្លាំងប្រដាប់អាវុធ ​និង ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ​ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន ​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​។ពលិកម្ម​ប្រកបដោយ​ស្មារតី​ស្នេហា​ជា តិ​របស់​វីរ​អតីត​យុទ្ធជន យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​ដំណាក់កាល​ នៃ​ប្រវត្តិសាស្ត្រ​គឺ​បានរួម ​ចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​​ ការ​កសាង​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម​សម្រាប់​កម្ពុជា សំដៅ​ធានា​ឱ្យមាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ក្នុងឱកាស​នេះ សម្តេច​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា សូម​បន្ត​រក្សា​ស្មារតី​វីរភាព​ដ៏​ឧត្ដុង្គឧត្ដម និង​សេចក្ដីថ្លៃថ្នូរ ជា​ពលរដ្ឋ​ឆ្នើម​របស់​ជាតិ ​មាតុភូមិ ដើម្បី​បន្ត​ធ្វើជា​គំរូ​ល្អ​ក្នុង​សង្គមជាតិ​។ រាជរដ្ឋាភិបាល ​និង​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ ពិតជា​ចងចាំ​ជានិច្ច​នូវ​ការ​លះបង់ និង​គុណ​បំណាច់​ដ៏​ធំធេង របស់​បងប្អូន​អតីត​យុទ្ធជន​គ្រប់រូប ចំពោះ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង ជា​ពិសេស​ក្រ​សួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​បន្ត​អនុវត្ត​ឱ្យ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​ផ្ដល់​សេវា​របប​សន្តិសុខ​សង្គម​សម្រាប់​អតីត​យុទ្ធជន ​និង​គ្រួសារ​អតីត​យុទ្ធជន​តាមរយៈ​បេឡា​ជាតិ អតីត​យុទ្ធជន​នៅ​ទូទាំងប្រទេស​។ម្យ៉ាងវិញទៀត ត្រូវខិតខំ​ជំរុញ​ការអនុវត្ត​គម្រោង​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន និង​គ្រួសារ​ដូចដែល​បាន​បញ្ចូល​ក្នុង​ផែនការ​វិនិយោគ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន ​និង​យុវនីតិសម្បទា ត្រូវ​សហការ​ជាមួយ​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ ​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ស្តីពី​កា​រផ្តល់​សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​ កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ចូលរួម​ក្នុង​ការ​ជួយឧបត្ថម្ភ គាំទ្រ​ដល់​អតីត​យុទ្ធជន ជាពិសេស​ត្រូវ​យក​ចិត្ត​ទុកដាក់​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​អតីត ​យុទ្ធជន​ដែល​កំពុង​ជួបប្រទះ​ការ​លំបាក​៕អត្ថបទ ៖ មុត សុទ្ធ 

មន្ទីសាធារណៈការ បានបន្តអ៊ុតកៅស៊ូនៅលើផ្លូវលេខ៤៧ មូលដ្ឋានខណ្ឌដូនពេញ រួចរាល់ហើយ

2021/06/20 09:53:29 am        286
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពីបញ្ហា ការខូចផ្លូវ រលុបគំនូសសញ្ញាចរាចរណ៍ ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗ ក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងលើកសោភ័ណភាពទីក្រុងផងដែរ។ជាក់ស្ដែងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពអ៊ុតកៅស៊ូផ្លូវលេខ ៤៧ ចាប់ពីរង្វង់មូលវត្តភ្នំ ដល់រង្វង់កួចកាណុង ក្នុងមូលដ្ឋានខណ្ឌដូនពេញរាជធានីភ្នំពេញ បានរួចរាល់ជាស្ថាពរ ដើម្បីដាក់អោយបងប្អូនធ្វើដំណើរចរាចរណ៍ បានងាយស្រួលជាងមុន។មន្រ្តីជំនាញ បានបញ្ជាក់ថា កន្លងនៅតាមបណ្ដោយផ្លូវលេខ៤៧នេះ គឺមន្ទីរសាធារណៈការ និងដឹកជញ្ជូន បានធ្វើការកាយផ្លូវដើម្បីផ្លាស់ប្ដូរប្រព័ន្ធលូមេ ដូច្នេះ មន្ទីរសាធារណៈការ បានចាត់ម្លាំងចុះអ៊ុតកៅស៊ូថ្មីឡើងវិញ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការបញ្ជាយានយន្ត។គួរបញ្ជាក់​ផងដែរ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានបន្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជរាធានីភ្នំពេញ ជំហានទី៤ ហិរញ្ញប្បទានឥតសំណងពីប្រជាជនជប៉ុន ជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ដាក់បណ្តាញលូមេ មានជាច្រើនគម្រោងមកហើយ រួមមាន ផ្លូវលេខ៣១៥ ផ្លូវលេខ៤៧ ផ្លូវលេខ៥៩២-ល-។ ដើម្បីដោះស្រាយទឹកលិចពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ បង្ហូរទឹកទាន់ពេលវេលា៕អត្ថបទ៖ កុម្ភះ

សមមិត្តហ៊ុន សែន៖ ខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់ ពេលឈានជើងចេញពីប្រជាជន និងប្រពន្ធកំពុងមានផ្ទៃពោះ

2021/06/20 02:00:53 pm        788
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លកាលពីជាង៤០ឆ្នាំមុន ត្រូវបានគេហៅថាសមមិត្ត ហ៊ុន សែន បានរៀបរាប់ជាថ្មីម្តងទៀតនូវប្រវត្តិដ៏ជូរចត់ និងគ្រោះថ្នាក់បំផុតពេលដែលបានឈានជើងផ្សងព្រេងទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងជួយស្រោចស្រងជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ចេញពីរបបវាលពិឃាត ប៉ុល ពតនោះ។ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) ដែលសមមិត្តហ៊ុន សែន និងកម្មាភិបាលចំនួន៤រូបទៀត បានសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុត ចោលប្រពន្ធកូន របស់ខ្លួនឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើកម្លាំងភាគីវៀតណាម មកផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពតនោះ។តាមរយៈហ្វេសបុក នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជំរើស​ប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ»។សម្តេចតេជោ លើកឡើងទៀតថា« ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេ​តើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំនួរបន្ទាប់តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាន នយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ? ។សំនួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយ​ជាមួយ​សំនួរនេះ​ដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ»។សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះគឺជាខួបគម្រប់ ៤៤ឆ្នាំហើយ នៃដំណើរ​តស៊ូ​ឆ្ពោះទៅរកការរំដោះជាតិរបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន​កម្ពុជាចេញពីកាប់សម្លាប់របស់ខ្មែរក្រហម។ ក្រសួងការពារជាតិកម្ពុជា បានយកថ្ងៃនេះ ប្រារព្ធ​ទិវាចងចាំ ហើយបានសាងសង់នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធជាច្រើន រួមទាំងសារមន្ទីរផង ដើម្បីទុក​ជាប្រវត្តិសាស្រ្តសម្រាប់​កូនខ្មែរជំនាន់​ក្រោយទៀតផងដែរ។ជាក់ស្តែងនៅថ្ងៃនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កម្ពុជា និងលោក ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់វៀតណាម បានធ្វើជាអធិបតីភាពរួមគ្នាប្រារព្ធពិធីរំលឹកខួប នៃដំណើរការតស៊ូនេះ ព្រមទាំងបញ្ចុះ​បឋមសិលា​សាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម និងសម្ពោធសមិទ្ធផលមួយចំនួន ដែលបានសាងសង់នៅភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែល​ជាទីតាំង​ស្លាកស្នាម​នៃតម្រាយផ្លូវរបស់សមមិត្តតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានភាសខ្លួន​ទាំងយប់ទៅកាន់វៀតណាម កាលពី ៤៤ឆ្នាំមុននោះ។ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧នោះ គឺជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាព​ដ៏តាន់តឹង​បំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរ​ជ្រែក​ស្បៃរាត្រី​ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុង​ការ​រំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោឃៅ របស់ប៉ុលពត។ទាក់ទងនឹងព្រឹត្តិការណ៍ ដ៏ជួរចត់របស់សមមិត្តហ៊ុន សែន និងកម្មាភិបាលចំនួន៤រូបទៀតនេះ ត្រូវ បានក្រសួងការពារជាតិកម្ពុជា បានយកទៅចារ និងឆ្លាក់ទុកជាប្រវត្តិសាសន៍​នៅក្នុងបរិវេនវិមាន ឈ្នះ ឈ្នះ ដែលស្ថិតនៅទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕អត្ថបទ ៖ បាន ចក់

ក្រសួងទេសចរណ៍​ប្រកាស​បញ្ឈប់​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក​និង​ផ្លូវទឹក

2021/06/19 03:07:58 pm        783
ភ្នំពេញ ​៖ ដើម្បី​ជួយ​សម្រួល​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ កាត់បន្ថយ​ការ​ចំណាយ​ថ្លៃ​ធ្វើ​អាជ្ញា​ប័ណ្ណ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ច្រើន​កន្លែង ចាប់ពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២១​នេះ​តទៅ ​គ្រប់​អាជីវកម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​គោក ​និង​ផ្លូវទឹក​ទាំងអស់​ ដែល​មាន​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ​ពី​ក្រសួង​សាធារណៈការ ​និង​ដឹកជញ្ជូន​រួចហើយ ​គឺ​អាច​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ នៅក្នុង​វិស័យ​ទេសចរណ៍​បាន​ផងដែរ​។បើ​តាម​ការបញ្ជាក់​ពី​ឯកឧត្តម តុ​ប សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​១៩ ខែមិថុនា​នេះ​ថា ​នៅពេល​កន្លងមកនេះ គ្រប់​អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​គោក និង​ផ្លូវទឹក​ទាំងអស់​ នៅពេលដែល​គេ​មាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​រួចហើយ ហើយ​ប្រសិនបើ​គេ​ចង់​ពង្រីក​អាជីវកម្ម​ប្រកប​របរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​បន្ថែមទៀត​ គឺ​ម្ចាស់​អាជីវកម្ម​នោះ​ត្រូវ​ទៅ​សុំ​ធ្វើ​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​បន្ថែមទៀត​ពី​ក្រសួងទេសចរណ៍​។ឯកឧត្តម តុ​ប សុភ័គ ថ្លែងថា ប៉ុន្តែ​នៅពេល​ថ្មី​នេះ ដោយសារ​យើង​មាន​សារាចរ​ពី​រាជរដ្ឋាភិបាល និង​ដើម្បី​ជួយ​សម្រួល​ដល់​អាជីវកម្ម​ធុន​តូច​ធុន​មធ្យម​ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​ទឹក​ផ្លូវគោគ​នោះ កុំ​អោយ​មាន​ការ​សុំ​អាជ្ញាប័ណ្ណ​ច្រើន​កន្លែង ដូចនេះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​អោយតែ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ជា​អ្នក​ផ្តល់​អាជ្ញា​ប័ណ្ណ​ដឹកជញ្ជូន​ទេសចរណ៍​នោះ​វិញ​។តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​១៧ ខែមិថុនា​នេះ ក៏បាន​ចេញផ្សាយ​ដែរ​ថា ក្រសួងទេសចរណ៍​នឹង​បញ្ឈប់​ការ​ចេញ​អាជ្ញា​ប័ណ្ណ​ទេសចរណ៍ ដល់​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក ​និង​ផ្លូវទឹក​ចាប់ពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២១​តទៅ ​ប៉ុន្តែ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក ផ្លូវទឹក​ណា​ពង្រឹង​គុណភាព​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍ ​គឺ​អាច​ស្នើ​ចូលរួម​ផ្តល់​ការ​បណ្តុះបណ្តាល​ និង​ដាក់ពាក្យ​ចូលរួម​ប្រឡងប្រណាំង​ផ្សេងៗ​នៅ​កម្រិត​ថ្នាក់ជាតិ ​និង​ថ្នាក់​តំបន់​តាមរយៈ​ក្រសួងទេសចរណ៍​។បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម វ៉ា​ស៊ីម សូរិយា ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ ​និង​ដឹកជញ្ជូន បានឲ្យដឹងថា ក្រសួង​សាធារណៈការ មិន​មាន​កា​រ​ផ្លាស់ប្តូរ​នីតី​វិធី ​នៃ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ជូន​ម្ចាស់​អាជីវកម្ម​ដឹក​អ្នកដំណើរ​នោះទេ ​ពោលគឺ ​គ្រប់​អាជ្ញា​ប័ណ្ណ​ដឹកជញ្ជូន​អ្នកដំណើរ​ទូទៅ​ក្តី ​និង​ដឹកជញ្ជូន​ទេសចរណ៍​ក្តី​ តាម​មធ្យោបាយ​ផ្លូវគោក និង​ផ្លូវទឹក គឺ​ត្រូវ​ធ្វើ​បន្ត​សុពលភាព​ធ្វើ​អាជ្ញាប័ណ្ណ​រៀងរាល់​មួយឆ្នាំ​ម្តង​ដូចៗ​គ្នា​៕​​អត្ថបទ ៖ ស៊ុម សុខ​ជា

ពលរដ្ឋ​ជាង​៦​ម៉ឺន​គ្រួសារ​ទៀត ​ដែល​មាន​បញ្ហា​ជីវភាព​នឹងត្រូវ​សម្ភាសន៍​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយពេល​បិទ​ខ្ទប់

2021/06/19 12:49:38 pm        384
ភ្នំពេញ ៖ ក្រសួងផែនការ​ជា​ក្រសួង​សាមី​ ក្នុង​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ទទួល​ផល​ពី​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​ បាន​បញ្ជាក់ថា ​សម្រាប់​ការ​សម្ភាសន៍​លើក​ទី២​នេះ គឺ​មាន​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ក្នុង​ទីតាំង​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ ក្រុង​តាខ្មៅ ​និង​ក្រុងព្រះសីហនុ ចំនួន​ជាង៦​ម៉ឺន​គ្រួសារ​បន្ថែមទៀត​ ដែល​នឹងត្រូវ​ទទួល​បាន​ការ​សម្ភាស​ន៍​។ជុំវិញ​ដំណើរ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ទទួល​ផល​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ថ្មី​នេះ ​ឯកឧត្តម ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ផែនការ ​នៃ​ក្រសួងផែនការ ​បញ្ជាក់ថា​សម្រាប់​ការ​សម្ភាសន៍​លើក​ទី២​នេះ​ គឺមាន​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ក្នុង​ទីតាំង​បិទ​ខ្ទប់​ទាំង​បី ចំនួន​ជាង៦​ម៉ឺន​គ្រួសារ​បន្ថែមទៀត​ នឹងត្រូវ​ទទួល​បាន​កា​រ​សម្ភាសន៍​។ឯក​ឧ​ត្តម បន្តថា​ ការ​សម្ភាសន៍​នេះ​ គឺមាន​រយៈពេល មួយ​សប្ដាហ៍ ក្រោយ​បិទ​បញ្ចប់​ការ​ដាក់​ពាក្យ​ស្នើសុំ​កាលពី​ថ្ងៃទី ១៧មិថុនា កន្លងទៅ​។ ឯកឧត្តម​ បញ្ជាក់ដែរថា ​ចំនួន​គ្រួសារ​ទាំង​ជាង៦​ម៉ឺន​គ្រួសារ​នេះ ​មិន​ប្រាកដថា​នឹង​ទទួល​បាន​សាច់ប្រាក់​ទាំងអស់​នោះទេ​។ ​ការ​ទទួលបាន​សាច់ប្រាក់​លុះត្រាតែ​ជាប់​ក្នុង​ការ​សម្ភាសន៍ ​ដែល​គណនា​ដោយ​ស្វ័យប្រវត្តិ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​។​ សម្រាប់​គ្រួសារ​ដែល​ទទួល​បាន​កា​រ​សម្ភាសន៍ ​នៅក្នុង​សង្កាត់​ដង្កោ​ នា​ព្រឹក​នេះ​ ក៏​បង្ហាញ​ក្ដីរំភើប នៅពេល​ពួកគាត់​នៅតែ​អាច​ទទួល​បាន​ការ​សម្ភាស​ន៍ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ​ផងដែរ​។ ​ពួកគាត់​សង្ឃឹម​ថា ​បើ​សម្ភាសន៍​ជាប់​ទទួល​បាន​ថវិកា​មួយចំនួន​ ពួកគាត់​នឹង​អាច​ប្រើប្រាស់​ថវិកា​ទាំងនោះ​ជួយ​ដោះស្រាយ​ជីវភាព​។កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ​ជា​កម្មវិធី​ថ្មី​ដែល​រាជរដ្ឋាភិបាល​ដាក់​ឱ្យអនុវត្ត​ដើម្បី​ជួយ​សម្រួល​ដល់​ គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ប៉ះពាល់​ក្នុង​កំឡុងពេល​បិទ​ខ្ទប់​នៅ​ទីតាំង​រាជធានី​ភ្នំពេញ ​ក្រុង​តាខ្មៅ ក្រុងព្រះសីហនុ ​ដោយ​មិន​រាប់បញ្ចូល​គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌ មាន​សុពលភាព​។ កម្មវិធី​នេះ​​ក៏​ជួយ​ដល់ គ្រួសារ​ដែល​មាន​សមាជិក​គ្រួសារ​ឆ្លង​កូ​វីដ​-១៩ និង​មាន​ជីវភាព​លំបាក​ និង​គ្រួសារ​ដែល​មាន​សមាជិក​ស្លាប់​ដោយសារ​កូ​វីដ​-១៩ ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​ ដែល​បាន​សម្ភាសន៍​ជាប់​អាច​ទទួល​បាន​សាច់ប្រាក់ សម្រាប់​លើក​ទី ១​កន្លងទៅ​ គឺមាន​ចំនួន ៦១ ៦៧៨​គ្រួសារ ​ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ជាង៤​លាន​ដុល្លារ​អាមេរិក​។ ​ចំពោះ​ការ​បើក​សាច់ប្រាក់ គឺ​ត្រូវ​ទៅ​បើក​នៅ​ភ្នាក់ងារ វី​ង ដោយ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​ប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​ដែល​ផ្ដល់ជូន​ពេល​សម្ភាសន៍​៕​អត្ថបទ​ ៖ គឹម​ហុក   

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ៖ កម្ពុជា​-​បារាំង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ

2021/06/19 12:35:20 pm        473
ភ្នំពេញ ៖ កាលពីថ្ងៃទី​​១៨ ខែមិថុនា ម្សិលមិញនេះ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ទទួល​ជួប​លោកជំទាវ Eva Nguyen Binh ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ជម្រាបលា​ដែល ​ត្រូវ​ចប់​អាណត្តិ​នៅ​កម្ពុជា​។ក្នុង​ជំនួប​នោះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បាន​កត់​សម្គាល់ថា​ ទំនាក់ទំនង​រវាង​កម្ពុ​ជា ​និង​បារាំង​តាំងពីកម្ពុជា​បាន​ទទួល​ឯករាជ្យ​នៅ​ថ្ងៃ​០៩ វិច្ឆិកា ឆ្នាំ​១៩៥៣​មក​ មាន​ភាពល្អប្រសើរ​ជិតស្និទ្ធ​ពុំដែល​មានទំនាស់​អ្វី​ទេ ហើយ​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់វិស័យ​ នយោបាយ សេដ្ឋកិច្ច វប្បធម៌​។ ទន្ទឹមនឹងនេះ ​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ ​ក៏មាន​ការចុះហត្ថលេខា​រវាង​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​និង​លោកជំទាវ ​ឯកអគ្គរដ្ឋទូត​បារាំ​ង អំពី​អនុសញ្ញា ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​បារាំង​ និង​កម្ពុជា​។​ បារាំង​ក៏បាន​ជួយ​កម្ពុជា​ច្រើន​ខាង​វិស័យ​វប្បធម៌ តាមរយៈ «​សាលា​បារាំង​ចុង​បូព៌ា​» ក្នុង​វិស័យ ជួសជុល​ប្រាសាទ​បុរាណ​នានា​របស់​កម្ពុជា​កន្លង​មក​។ក្នុងឱកាស​នោះដែរ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ បារាំង​ដែល​បាន​ផ្ដល់​អាហារូបករណ៍​ច្រើន​ដល់​និស្សិត​កម្ពុជា​ដែល​សិក្សា​កម្រិត​អនុបណ្ឌិត​ និង​បណ្ឌិត ព្រមទាំង​សិក្ខាកាម​កម្ពុជា​ខាង​វិស័យ​វេជ្ជសាស្ត្រ និង​ខាង​វិស័យ​យោធា​ជាច្រើន​។ទោះជា​ក្នុងពេល​ដែលមាន​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​ទាំង​នៅ​បារាំង និង​កម្ពុជា រដ្ឋាភិបាល​បារាំង ក៏​បានផ្ដល់​ជំនួយ​ដល់​កម្ពុជា ​នៅ​ខែធ្នូ ឆ្នាំ​២០២០​ តាមរយៈ​ទីភ្នាក់ងារ​បារាំង​ដើម្បី​អភិវឌ្ឍន៍​(AFD) ​ចំនួន​៩១​លាន​ដុល្លារ​អាមេរិក​។ ​ទន្ទឹមនឹងនេះ​ នៅ​ថ្ងៃទី​៣១​ ខែឧសភា ឆ្នាំ​២០២១​ ក្នុងឱកាស​សន្ទនា នយោបាយ​រវាង​កម្ពុជា ​និង AFD រដ្ឋាភិបាល​បារាំង​បាន​កំណត់​ទិសដៅ​ផ្ដល់ ​១០០ ទៅ​១២០​លាន​អឺរ៉ូ ដល់​កម្ពុជា ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើងថា ​ទោះជា​ប្រទេស​បារាំង​ត្រូវ​ជំងឺ​កូ​វីដ​-១៩​រាតត្បាត ​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ​ បញ្ជី​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​បារាំង ក្នុង​ឆ្នាំ​២០២០ ​បាន​ជាង​១​ពាន់​លាន​អឺរ៉ូ​៕

ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ក្នុង​ក្រុង​សួង​ កំពុង​ត្រូវបាន​ជួសជុល​កែ​លម្អ​ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​ពលរដ្ឋ​

2021/06/18 09:34:15 am        470
ត្បូងឃ្មុំ ៖ ​ជាការ​ឆ្លើយតប​ចំពោះ​តម្រូវការ និង​សម្រួល​ដល់​ការ​ធ្វើដំណើរ​ប្រកប​របរ​រកស៊ី​ប្រចាំថ្ងៃរបស់​ប្រជា​ពលរដ្ឋ អភិបាលខេត្ត​ត្បូងឃ្មុំ ​បានសម្រេច​ជួសជុល​ផ្លូវ​កៅស៊ូប្រភេទ​DBST ១​ខ្សែ ប្រវែង​៣១០០​ម៉ែត្រ ដែល​ត​ភ្ជាប់​ពីផ្លូវជាតិ​លេខ​៧ ចូល​មក​កាន់​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហា​ហ្លួង ក្រុង​សួង​។ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ កាលពី​ម្សិលមិញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ ចុះ​ពិនិត្យមើល​ដំណើរការ​ជួសជុល និង​ស្ថាបនា ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ដំណើរការ​ទៅបាន​លឿន​តាម​ការ​គ្រោងទុក ​និង​ជាពិសេស​ពិនិត្យមើល​ពី​គុណភាព​ និង​បទដ្ឋាន​បច្ចេកទេស ពោលគឺ​ត្រូវតែ​ធ្វើតាម​បទដ្ឋាន​បច្ចេកទេស ​ដែល​បាន​កំណត់ ​ដើម្បីឱ្យ​ផ្លូវ​មានគុណ​ភាពប្រើប្រាស់​បានយូរ ។ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ បាន​លើកឡើងថា ​ផ្លូវ​១​ខ្សែ ដែល​កំពុង​ត្រូវ​បាន​ជួសជុល​កែលម្អ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ប្រកបការងារ​របរ​រកស៊ី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ឯកឧត្តម បញ្ជាក់ថា សម្រាប់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ គឺ​នៅតែមាន​សកម្មភាព​អភិវឌ្ឍន៍​ឥត​ឈប់ឈរ ពិសេស​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដូចជា​ ការកសាង ​និង​ជួសជុល​ផ្លូវថ្នល់​ការស្តារ និង​ជួសជុល​ប្រឡាយ ស្រះ និង​ទ្វារ​ទឹក សម្រាប់​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ​និង​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដទៃទៀតនៅ​ទី​រួម​ខេត្ត​។ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ ក៏បាន​ផ្ដាំផ្ញើដល់​បងប្អូន​ប្រជាពលរដ្ឋដែល​រស់នៅ​អម​សងខាង​ផ្លូវ​ត្រូវ​ចូលរួម​ជួយ​ថែរក្សា​ផ្លូវ ​ដើម្បី​ធានា​ឱ្យ​ការប្រើប្រាស់​បាន​យូរ​អង្វែង​។លោក ជា ណា​រ៉ុ​ន អភិបាលក្រុង​សួង បាន​ឲ្យ​ដឹងថា ផ្លូវ​ដែល​កំពុង​ជួសជុល និង​ស្ថាបនានេះ​គឺជា​ប្រភេទ​ផ្លូវ​កៅស៊ូ DBST មាន​ប្រវែង៣១០០ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចំណុច ភូមិ​ថ្នល់​ថ្មី ដែល​អាច​បម្រើ​ផល​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ ​ភូមិ​ថ្នល់​ថ្មី ភូមិ​ព្នៅ​ ភូមិ​ព្រះ​ស្រែ ភូមិ​កណ្តាល ​ក្នុង​ក្រុង​សួង ​និង​ភូមិ​គៀន​ល្មៀត ភូមិ​សង្គម​ថ្មី ឃុំ​ស្រឡប់ ​ស្រុក​ត្បូងឃ្មុំ​។​ ផ្លូវ​នេះ ​ជា​គម្រោង​ថវិកា​របស់ខេត្ត ​ដែល​គ្រោង​ធ្វើ​ប្រវែង​៤៥០០​ម៉ែត្រ​ តែ​ជំហាន​ដំបូង​ធ្វើ​តែ​៣១០០​ម៉ែត្រ​សិន ដោយ​ចាប់​ដំណើរការ​តាំង​ពីដើម​ខែមិថុនា​ម​ក​ម្ល៉េះ​៕អត្ថបទ​៖ ថុង សីហា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំង​កម្ពុជា​មិន​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ចូល​ក្នុង​ទឹក​ដី​ថៃ​ដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
09/23/2025 07:09 PM
សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
09/23/2025 06:09 PM
អ៊ីរ៉ង់ និង E3 នឹងបើកកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម តែឱកាសនៅ​តែស្ដួចស្ដើង
09/23/2025 06:09 PM
បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan
09/23/2025 05:09 PM
មនុស្សយ៉ាងតិច ២នាក់ ស្លាប់ និងជាច្រើននាក់ រងរបួស ក្រោយអគារបាក់រលំ នៅភាគកណ្តាលឥណ្ឌា
09/23/2025 05:09 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងពីការសម្លាប់បុគ្គលិកជំនួយក្នុងសុន្ទរកថា ស្តីពី​ការទទួល​ស្គាល់​ប៉ាឡេស្ទីន
09/23/2025 05:09 PM
ឧទ្ធម្ភាគចក្រ និងរថយន្ត ស្វែងរក និងជួយសង្គ្រោះអ្នកស្រុកជាប់ក្នុងទឹកជំនន់ នៅអ៊ីតាលី
09/23/2025 05:09 PM
លោក Trump នឹងជួបក្រុមមន្ត្រីមកពីប្រទេសមូស្លីមភាគច្រើន ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា
09/23/2025 05:09 PM
ជប៉ុនបដិសេធមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
09/23/2025 05:09 PM
អ្នកការទូតជាន់ខ្ពស់មកពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សម្តែងក្ដីបារម្ភ អំពីច្រកសមុទ្រតៃវ៉ាន់
09/23/2025 05:09 PM