គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

WHO មាន​សុទិដ្ឋិនិយម​ចំពោះ​ល្បឿន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​កម្ពុជា ​ដែលជា​សញ្ញា​ល្អ​ឈាន​ទៅ​ទប់ស្កាត់​កូ​វីដ​-១៩

2021/06/16 03:20:37 pm        828
ភ្នំពេញ ៖ បន្ទាប់ពី​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា មាន​ល្បឿន​លឿន​ហួស​ផែនការមេ ​ដែល​បាន​គ្រោងទុក តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ បង្ហាញ​សញ្ញា​វិជ្ជមាន ដែល​កម្ពុជា ​អាច​នឹង​ឈានទៅ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​បាន​។លោកស្រី លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បានបញ្ជាក់​ប្រាប់​BTV កាលពី​ម្សិលមិញ​ថា ​ល្បឿន​លឿន នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា ​គឺជា​សញ្ញា​ល្អ បង្ហាញថា កម្ពុជា​អាច​ឈាន​ទៅ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​បាន ​ប៉ុន្តែ​នៅពេល​ទប់ស្កាត់បាន ប្រជាពលរដ្ឋ មិនត្រូវ​មាន​ភាព​សុទិដ្ឋិនិយម​ពេក​ចំពោះ​វ៉ាក់សាំង​នោះទេ ​ពោលគឺ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​បី​កុំ បី​ការពារ​។ការចាក់​វ៉ាក់សាំង គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធាន​សុខាភិបាល​ចាំបាច់​ដទៃទៀត ​ដែល​នឹង​បង្ការ​ការ​រាតត្បាត ការ​ចម្លង និង​កាត់បន្ថយ​ផល​បះ​ពាល់ នៃ​ជំងឺ​កូ​វីដ​-១៩ ​ទៅលើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម ។របាយការណ៍​របស់​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​បាន​បង្ហាញថា ​គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ​ រហូតដល់​ថ្ងៃទី​១៥ ខែមិថុនា នេះ ពលរដ្ឋ​កម្ពុជា ​ចំនួន​ជាង​បី​លាន​៧​ម៉ឺន​នាក់​ហើយ ដែល​បាន បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​សម្រាប់​ដូ​ស​ទី​១​ និង​ចំនួន​ជាង​២​លាន​៥​សែន​នាក់ បាន​ទទួល​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​២៕​អត្ថបទ​៖ ទូច សោភ័ណ 

ស្ត្រី​កំពុង​បំបៅកូន​ដោយ​ទឹកដោះ ​ចាប់ពី​បី​ខែ​ឡើងទៅ​ ត្រូវ​បាន​ផ្តល់​អាទិភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ

2021/06/16 01:32:37 pm        288
កណ្ដាល ​៖ បន្ទាប់ពី​មានការ​ជំរុញ​លើកទឹកចិត្ត​ពី​ក្រសួងសុខាភិបាល​ និង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ សំគាល់​ឃើញថា ​នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នានា ​នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល គឺមាន​ស្ត្រី​ក្រោយ​សម្រាល កូន​ចំនួន​បី​ខែ​ឡើងទៅ ​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដើម្បី​ការពារ​ខ្លួនឯង​ផង និង​ការពារ​ចំលង​កូ​វីដ​-១៩​ ពី​ម្តាយ​ទៅ​កូន​តូច​ផងដែរ​។បើតាម​បណ្តា​ស្ត្រី​កំពុង​បំបៅកូន​ដោយ​ទឹកដោះ ​នៅ​ក្រុង​តាខ្មៅ ​បាន​ថ្លែងប្រាប់​BTV ​នៅ​ថ្ងៃទី​១៦ ខែមិថុនា​នេះ​ថា ​បន្ទាប់ពី​មាន​ណែនាំ​ក្រុមគ្រូពេទ្យ ​និង​ពី​សំណាក​មេភូមិ​ចុះ​ចែក​សំបុត្រ​អញ្ជើញ​ចាក់​វ៉ាក់សាំង​នៅ​តាម​ខ្នង​ផ្ទះ​ពលរដ្ឋ ថា​ គ្រប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​បាន​ចំនួន​បី​ខែ​ឡើងទៅ​ អាច​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​បាន នៅពេលនេះ​ គឺមាន​ស្ត្រី​មួយ​ចំនួន​ដែល​ទើប​សម្រាលកូន​រួច​បាន​ចំនួន​បី​ខែ​ឡើង ​បាននាំគ្នា​ទៅ​ចាក់​វ៉ា​ក់​សាំង​ការពារ​កូ​វីដ​-១៩​ ដែលមាន​ការ​បី​នាំ​កូនតូចៗ​ទៅជា​មួយ​ផងដែរ​។សូម​បញ្ជាក់​ថា ​នៅ​ក្នុងឱកាស​មន្ត្រីជាន់ខ្ពស់​មកពី​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក WHO និង​អង្គការ UNICEF របស់​អង្គការ​ស​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ​ដែល​ធ្វើ​ការងារ​ដើម្បី​កុមារ​តូច ចុះ​ត្រួតពិនិត្យ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​នៅ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ កាលពីពេល​ថ្មីៗ​នេះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩ ថ្លែង​ដូចគ្នា​នឹង​តំណាង WHO និង​UNICEF​ថា ជារួម​គ្រប់​ស្ត្រី​ដែល​ទើប​សម្រាលកូន​បាន​បី​ខែ ​បើ​ស្ត្រី​នោះ​មាន​សុខភាព​ល្អ ​មិន​មាន​បញ្ហា​អ្វី​នោះទេ ​គឺ​គាត់​អាច​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​បាន ហើយ​ការ​ចាក់​នោះអាជ្ញាធរ ​និង​ក្រុម​ពេទ្យ​ត្រូវតែ​ផ្តល់​អាទិភាព​ចាក់​មុនគេ​ កុំអោយ​គាត់​រង​ចាំង​យូរ​។ទោះយ៉ាងណា​ដំណើរការ​ចាក់​វ៉ាក់សាំង​នោះ លោកជំទាវ ឱ វណ្ណឌី​ន ​ក៏បាន​អំពាវនាវ​អោយ​បងប្អូន​គ្រប់រូប ត្រូវ​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ អោយ​បាន​ចំនួន​២​ដូ​ស ​ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ​អោយ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​សិរី​រា​ង្គ​ដើម្បី​ទប់ស្កាត់​ភាព​ធ្ងន់ធ្ងរ ​និង​ កាត់បន្ថយ​អត្រា​ស្លាប់​ពី​ការ​ចំលង​មេរោគ​កូ​វីដ​-១៩​ ជាពិសេស​សម្រាប់​ជន​ដែល​មាន​វ័យចាស់ ​និង​ចៀសវាង​ចាក់​ដូ​ស​ទី​១​ហើយ​មិន​បន្ត​ចាក់​ដូ​ស​ទី​២ ​ដែល​បញ្ហា​នេះ​ធ្វើ​អោយ​ប្រព័ន្ធ​ការពារ​ឆ្លង​មេរោគ​កូ​វីដ​-១៩ ​មាន​កម្រិត​ការពារ​ទាប​បំផុត​៕​​អត្ថបទ​ស៊ុម សុខ​ជា

ប្រឡាយ​បឹងទំពន់​ កំពុង​ស្ដារ​បាន​៦០​ភាគរយ​ហើយ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ភ្នំពេញ

2021/06/16 12:46:37 pm        257
ភ្នំពេញ ​៖ ការស្តារ​ប្រឡាយ បឹងទំពន់ ដើម្បី​រំដោះ​ទឹក​រដូវវស្សា​ក្នុង​ខណ្ឌ​ចំនួន​៥ នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី​១៤ ​ខែមិថុនា​សម្រេចបាន​៦០​ភាគរយ​ហើយ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​និងកំពុង​ស្តារ​ប្រឡាយ​បឹងទំពន់ ​ដែលមាន​ប្រវែង​ជិត​៤​គីឡូម៉ែត្រ ​ដើម្បី​រំដោះ និង​បង្ហូរ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ ។បើតាម​លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក ​បូមទឹក​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹងថា ប្រឡាយ​បឹងទំពន់ មាន​ប្រវែង ៣៧១០​ម៉ែត្រ ​និង​មាន​ទទឹង​៣០​ម៉ែត្រ ដែល​ភ្ជាប់​ពី​ប្រឡាយ​ស្ទឹងមានជ័យ​ ដល់​ស្ថានីយ​បូមទឹក​បឹងទំពន់​ផ្លូវ​៣៧១ ​។ ប្រឡាយ​នេះ​បាន​ចាប់ផ្តើម​ស្តារ​កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ ហើយ​មកដល់ពេលនេះ ក្រុមការងារ​បាន​ស្តារ​ប្រឡាយ​បឹងទំពន់ ​សម្រេចបាន​៦០​ភាគរយ​ហើយ គិត​ជា​ប្រវែង ២២០០​ម៉ែត្រ ។លោក ​បាន​បន្ថែមថា ប្រឡាយ​បឹងទំពន់​នេះ​ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹក​ពី​ប្រឡាយ​ដើម​ស្លែង ប្រឡាយ​បារាំង ​ពិសេស​រំដោះ​ទឹក​ពី​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក ​និង​១​ផ្នែក​ខ្លះ​ក្នុង​ខណ្ឌចំការមន ​និង​ខណ្ឌ​៧​មករា​។លោក ដួង ចាន់​សារ៉ាត់ ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ​ទៅតាម​ទីតាំង​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​កំណត់ កុំ​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយទឹក​ នាំឱ្យ​បិទបាំង​ផ្លូវទឹក​មិនអាច​ហូរ​ដល់​ស្ថានីយ​បូមទឹក​បាន ដែល​បង្ក​ជា​ជំនន់​ និង​ស្ទះ​ទឹក​តាម​ប្រព័ន្ធ​លូ​ជាដើម​៕​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា

វិស័យ​អប់រំ​ឯកជន​ ស្នើសុំ​រាជរដ្ឋាភិបាល​បើក​សាលារៀន​ឡើងវិញ ដើម្បី​បញ្ចៀស​ការ​ក្ស័យធន

2021/06/16 12:35:00 pm        282
ភ្នំពេញ ៖ ​វិស័យ​អប់រំ​ឯកជន ដែលមាន​ចំនួន​ប្រមាណ ១៣៨​គ្រឹះស្ថានសិក្សា ​បានសម្រេច​រួមគ្នា ស្នើសុំ​រាជរដ្ឋាភិបាល​ ដើម្បី​បើក​ដំណើរការ​សាលារៀន​របស់​ខ្លួន​ឡើងវិញ ​ដើម្បី​បញ្ចៀស​ការ​ក្ស័យធន​។​ នេះ​ជាការ​លើកឡើង​របស់ ឯកឧត្តម ហេង វ៉ាន់ដា​ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ នៅ​រសៀល​ថ្ងៃទី ១៥ ខែមិថុនា ម្សិលមិញនេះ ​។ក្រោយពី​ផ្អាក​ដំណើរការ​សាលារៀន​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ​ វិស័យ​អប់រំ​ឯកជន ដោយមាន​អនុវិស័យ​ឧ​ត្ត​មសិក្សា អនុវិស័យ​ចំណេះដឹង​ទូទៅ ​អនុវិស័យ​សុខាភិបាល​ រួមទាំង​អនុវិស័យ​ការងារ​ និង​មុខរបរ ​ដែលមាន​គ្រឹះស្ថាន​អប់រំ​ប្រមាណ ​១៣៨ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Zoom ​ដើម្បី​លើកឡើង​ពី​ផល​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ ​និង​ដាក់ពាក្យ​ស្នើសុំ​ការ​ជួយ​ពី​រាជរដ្ឋាភិបាល​។ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ ឯកឧត្តម ហេង វ៉ាន់ដា បាន​បញ្ជាក់ថា ​គ្រប់​គ្រឹះស្ថានសិក្សា​ឯកជន​បានសម្រេច ដាក់ពាក្យ​ស្នើសុំ​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ដោយ​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​ SOP របស់​ក្រសួង​អប់រំ ដើម្បី​បញ្ចៀស​ការ​ក្ស័យធន​។ ឯកឧត្តម​ បន្តថា សំណើរ​នេះ​ក៏​ភ្ជាប់​ជាមួយ​ការ​ស្នើសុំ​ចាក់​វ៉ាក់សាំង​ដល់​សិស្ស​ចាប់ពី​អាយុ ​៣​ឆ្នាំ​ដល់ ១៧​ឆ្នាំ​ផងដែរ​។ជុំវិញ​ការស្នើ​របស់​គ្រឹះស្ថានសិក្សា​វិស័យ​ឯកជន​នាពេលនេះ ​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​លើកឡើងថា ​ក្រសួង​អប់រំ យុវជន និង​កីឡា ​មាន​ជំហរ​បន្ត​ផ្អាក​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដោយ​បន្ត​តាមដាន​និង​វាយតម្លៃ​ស្ថានភាព​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។ ចំពោះមុខ​នេះ ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​លើកទឹកចិត្ត​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​បុគ្គលិក​អប់រំ ​មាតាបិតា ​សិស្ស​-​និស្សិត ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ​។ឯកឧត្តម​ បន្តថា គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​បន្ត​ការបង្រៀន ​និង​រៀន​ពី​ចម្ងាយ ​និង​តាម​អន​ឡាញ​ស្របតាម​គន្លង​ជីវិត​ថ្មី​នៃ​វិស័យ​អប់រំ​។ ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ចេញ​រួចហើយ​នូវ​សេចក្តីណែនាំ​ស្ដីពី​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ​និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា​ និង​មធ្យមសិក្សា​សាធារណៈ ឆ្នាំ​សិក្សា ​២០២០-២០២១​។ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ចេញ​សេចក្តីណែនាំ​ស្ដីពី​ការបង្រៀន​និង​រៀន​ពី​ចម្ងាយ​និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន​ឆ្នាំ​សិក្សា​២០២០-២០២១​។គួរ​បញ្ជាក់ថា សាលារៀន​ទូទាំង​ប្រទេស ទាំង​សាល​រៀន​សាធារណៈ​ និង​សាល​រៀន​ឯកជន គ្រប់​កម្រិតសិក្សា ត្រូវ​បាន​ផ្អាក​ការសិក្សា​ក្នុង​ថ្នាក់រៀន​ តាំងពី​ថ្ងៃទី ២០ ខែមីនា​ ឆ្នាំ ២០២១​មក​ម្ល៉េះ​។ នេះ​បើ​ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ ​នាពេល​កន្លងទៅ​៕​អត្ថបទ​ ៖ គឹម​ហុក  

ក្រសួង​ការងារ គ្រោង​ចំណាយ​ជិត​៥០០​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ

2021/06/16 12:26:15 pm        206
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​មានប្រសាសន៍ថា ក្រសួង​គ្រោង​ចំណាយ​ថវិកា​ចំនួន​ប្រមាណ ​៤៩៣​លាន​ដុល្លារ សម្រាប់​រយៈពេល ៥​ឆ្នាំ ​(២០២១-២០២៥) ទៅមុខទៀត ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ (TVET) នៅ​កម្ពុជា​។នៅ​ព្រឹក​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​២០២១​នេះ ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ឲ្យ​ដឹងថា ថវិកា​ដែល​គ្រោង​ចំណាយ​នេះ គឺ​ផ្ដោតលើ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ រួមមាន ​ការកសាង​និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​, ការ​បំពាក់​ឧបករណ៍​បរិក្ខារ​និង​សម្ភារៈ​បណ្ដុះបណ្ដាល​, ការ​ពង្រឹង​សមត្ថភាព​អ្នកដឹកនាំ​គ្រប់គ្រង​មន្ត្រី​ជំនាញ ​និង​គ្រូ​បច្ចេកទេស​ និង និង​ទី​ការ​បង្កើន​បរិមាណ​និង​គុណភាព​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ប្រកបដោយ​បរិ​យាប​ន្ន​យេនឌ័រ​។ក្នុងឱកាសនោះដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចាត់ទុក​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ដើរតួនាទី​សំខាន់​ណាស់​នៅក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស ព្រមទាំង​ការបង្កើត​និង​ទទួល​បាន​ការងារ​ធ្វើ​កាន់តែ​ល្អ និង​ការជំរុញ​លើកកម្ពស់​ជីវភាព​កាន់តែ​ប្រសើរឡើង​សម្រាប់​ប្រជាជន​ម្នាក់ៗ ​ដើម្បី​ប្រែក្លាយ​ក្តី​សុបិន្ត​ក្នុង​ការ​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ធ្វើ​ការសិក្សា​ពេញ​មួយ​ជីវិត​ទៅជា​ការពិត​។សូមបញ្ជាក់ថា សម្រាប់​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​ហៅថា TVET DAY នៅ​ថ្ងៃ​ម្សិលមិញ​នេះ ធ្វើតាម​អន​ឡាញ ​បាន​ទាក់ទាញ​អ្នក​ចូល​ទស្សនា​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ផេ​ក​ក្រសួង​ការងារ​មាន​ចំនួន​រហូតដល់​ជាង ​៨​ម៉ឺន​នាក់​។ ​ទិវា​ជាតិ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​សិស្ស និស្សិត យុវជន មាតាបិតា ​អាណាព្យាបាល សាធារណជន និង​ផ្នែក​ឯកជន​ឱ្យ​បាន​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ក្នុង និង​ក្រៅប្រទេស​៕​អត្ថបទ​ ឈិ​ត បូរ៉ា​វី 

ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​ ៖​ ចិន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព និង​និរន្ត​ភាព​តំបន់

2021/06/16 11:33:43 am        411
ភ្នំពេញ ៖ ​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​ បាន​ថ្លែង​ថា ប្រទេស​ចិន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព ​និង​និរន្ត​ភាព​តំបន់​ ហើយ​មួយវិញទៀត​ប្រទេស​ចិន​បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី​កសាង​ទំនុកចិត្ត ​និង​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ ជាពិសេស​លើ​វិស័យ​សន្តិសុខ​លម្ហ​សមុទ្រ​នេះ​តែម្តង​។ថ្លែង​នៅក្នុង​កិច្ចប្រជុំ ក្រៅផ្លូវការ​រដ្ឋមន្ដ្រី​ការពារ ​ជាតិ​អាស៊ាន​-​ចិន តាម​ប្រព័ន្ធ​អន​ឡាញ ​(online ) នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១​នេះ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ បាន​សំដែង​ចូលរួម​អបអរសាទរ ចំពោះ​ខួប​លើក​ទី​៣០ ​នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន - ចិន​។ សម្តេច ​បាន​បន្តថា ​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អប្រសើរ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​អាស៊ាន​-​ចិន​ឈាន​ដល់​កម្រិត​ខ្ពស់​បន្ថែមទៀត ​ដើម្បី​កសាង​សហគមន៍​មួយ​ដែល​មាន​អនាគត​រួមគ្នា​ក្នុង​ការ​បើក​ទំព័រ​ថ្មី​ឆ្ពោះ​ទៅរក​វិបុលភាព​រួម អាស៊ាន​-​ចិន​។ប្រមុខ​ការពារជាតិ​កម្ពុជា​រូបនេះ​បាន​សង្កត់​ធ្ងន់ថា​« បី​ទសវត្សរ៍​កន្លងមកនេះ ​យើង​ឃើញថា ទំនាក់ទំនង​អាស៊ាន​-​ចិន ​បាន​រីក​ដុះដាល់​កាន់តែ​ជិតស្និទ្ធ ​និង​រឹងមាំ​ឡើង​ហើយ​ប្រទេស​ចិន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សន្តិភាព​ ស្ថិរភាព វិបុលភាព ​និង​និរន្ត​ភាព​តំបន់​។ ​ចាប់តាំងពី​ក្លាយ​ជា​ដៃគូ​សន្ទនា​របស់ អាស៊ាន​ក្នុង​ឆ្នាំ​១៩៩១​ មក​ ប្រទេស​ចិន​បាន​បន្ត​ចូល​រួមចំណែក​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​កិច្ចសន្ទនា ​និង​កិច្ច​សហប្រតិបត្តិការ​នយោបាយ ​សន្តិសុខ និង​តាមរយៈ​ក្របខ័ណ្ឌ​ផ្សេងៗ​ដែល​ដឹកនាំ​ដោយ​អាស៊ាន រួមមាន​ ៖ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ (EAS) អាស៊ាន​បូក​បី​(API) វេទិកា​តំបន់​អាស៊ាន (ARF) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​- បូក (ADMM-Plus) ​ជាដើម​នោះ​»​។សម្តេច​ពិជ័យ​សេនា បាន​បន្ថែមទៀត​ថា ​ចិន​បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី​កសាង​ទំនុកចិត្ត ​និង​ពង្រឹង​ចំណង ទំនាក់ទំនង​ជាមួយ ​អាស៊ាន ជាពិសេស ​លើ​វិស័យ​សន្តិសុខ​លម្ហ​សមុទ្រ​។ ​ក្នុងន័យនេះ ​សម្តេច​ពិជ័យ​សេនា ​បាន​វាយតម្លៃ​ខ្ពស់​លើ​ជោគជ័យ​នៃ​លំ​ហាត់​លម្ហ​សមុទ្រ​អាស៊ាន -​ចិន ​ដែល​អនុវត្ត​កាល​ខែសីហា ​ឆ្នាំ​២០១៨ ដែល​ជួយ​ពង្រឹង​អន្តរ​ប្រតិបត្តិការ​កងទ័ពជើងទឹក​របស់​យើង ​និង​សំខាន់​ជាង​នេះទៅទៀត ដើម្បី​កសាង​ទំនុក​ចិត្ត ​និង​ការ​ជឿជាក់​ក្នុង​ការ​ធ្វើការ​ជាមួយគ្នា ដើម្បី​ដោះស្រាយ ឧប្បត្តិហេតុ​នៅ​សមុទ្រ​ជាដើម​។សម្តេច​ពិជ័យ​សេនា ក៏បាន​សំដែង​ការចូលរួម​អបអរសាទរ​ដល់​ប្រទេស​ចិន​ ដែល​បាន​ធ្វើជា​សហប្រធាន​ក្រុមការងារ​ជំនាញ ​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​-​បូក ដោយ​ជោគជ័យ រួមមាន ​ការធ្វើជា​សហប្រធាន​ក្រុមការងារ​ជំនាញ ​ស្ដីពី​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ជាមួយ​ប្រទេស​វៀតណាម ក្នុង​ជុំ​ទី​១ និង​សហប្រធាន​ក្រុមការងារ​ជំនាញ ​ស្តីពី​ការ ប្រឆាំង​ភេរវកម្ម ជាមួយ​ប្រទេស​ថៃ​ក្នុង​ជុំ​ទី​៣​។ ​ហើយ​នៅក្នុង​ជុំ​ទី​៤​នេះ​ កម្ពុ​ជា​មាន​កិត្តិយស​ដែល​បាន​ធ្វើជា​សហប្រធាន​ក្រុមការងារ​ជំនាញ ​ស្ដីពី​សកម្មភាព​កំចាត់​មីន​មនុស្សធម៌ ​ជាមួយ​ប្រទេស​ចិន ផងដែរ​។ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រវាង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាស៊ាន និង​ចិន​នេះដែរ លោក​វេ ហ៊្វុង​ហឺ ( Wei Fenghe ) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ដ្រី​ការពារ​ជាតិចិន​ បាន​លើកឡើងថា ​អាស៊ាន និង​ចិន​ បានក្លាយ​ទៅជា​ទំនាក់ទំនង​មួយ​ដែល​មាន​ថាមពល ​និង​ប្រសិទ្ធភាព​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នៅ​ឆ្នាំនេះ​ គឺជា​ខួប​លើក​ទី​៣០ នៃ​កិច្ចទំនាក់ទំនង​រវាង​អាស៊ាន​ និង​ចិន ដូច្នេះ​៣០​ឆ្នាំកន្លងមក​នេះ​ គឺ​ប្រទេស​អាស៊ាន និង​ប្រទេស​ចិន​បាន​កសាង​ទំនាក់ទំនង​នៅ​ពេល​សង្គ្រាម​ត្រជាត់​ត្រូវ​បាន​បញ្ចប់ ជាពិសេស​នៅ​ពេល​ពិភពលោក​បានក្លាយ​ជា​ពហុប៉ូល​ក៏ដូចជា​កិច្ច​សហប្រតិបត្ដិការ​សេដ្ឋកិច្ច​ជាដើម​។លោក វេ បាន​បន្តទៀតថា ​ជាច្រើន​ឆ្នាំកន្លងមក​ប្រទេស​ចិន និង​អាស៊ាន​បាន​ធ្វើ​កិច្ច​សហប្រតិបត្ដិការ​ផ្នែក​សន្ដិសុខ​នេះ និង​បាន​ចូលរួម​ក្នុង​វិស័យ​ជាច្រើន​ ក្នុង​នោះ​បាន​ជំរុញ​អោយ​មាន​កិច្ច​សហប្រតិបត្ដិការ​ដែល​មាន​ខ្លឹមសារ​ជាច្រើន​ក្នុង​ការរក្សា​សន្ដិភាព ​និង​ស្ថិរភាព​ទាំង​លើ​ឆាក​អន្ដរ​ជាតិ​និង​តំបន់​។ នេះ​បានបង្ហាញ​អំពី​ភាព​ជោគជ័យ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​កសាង​សហគមន៍​របស់​យើង​ដែល​មាន​វាសនា​រួមគ្នា​រវាង​អាស៊ាន ​និង​ចិន យើង​ការ​ជឿ​ទុក​ចិ​ត្ដ​គ្នា​ទៅវិញទៅមក​ត្រូវបាន​ពង្រឹង យើង​ជា​អ្នកធ្វើការ​ក្នុង​វិស័យ​ការ​ពារជាតិ​ក៏បាន​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​ជិតស្និទ្ធ​គ្នា​ទៅវិញ​ទៅមក ក៏ដូចជា​វិស័យ​ពហុភាគី ​និង​ការធ្វើ​ទស្សនកិច្ច​ទៅវិញទៅមក​។ខណៈនោះ​ដែរ អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ប្រទេស​ព្រុយ​ណេ ​បាន​សំដែង​ការអបអរសាទរ​ខួប​លើក​ទី ៣០​ឆ្នាំ នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាស៊ាន ចិន ។ ​លោក​អនុរដ្ឋមន្ត្រី បាន​ថ្លែង​អំណរគុណ ដល់​បណ្តា​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​ទាំងអស់​ ដែល​បាន​ចូលរួម​ប្រជុំ​ក្រៅផ្លូវការ រដ្ឋមន្ត្រី​ការពារជាតិ​ នៃ​សាធារណរដ្ឋ​ចិន ​ដែល​ជា​ដៃគូ​ដ៏​មាន​សារសំខាន់ ​ជា​ដៃគូ​មិត្តភាព​ដ៏​ល្អ​បំផុត​របស់​អាស៊ាន​៕​អត្ថបទ ៖ ​បាន ចក់

ក្រុង​តាខ្មៅ​ដំណើរការ​ចាក់​វ៉ា​ក់​សាំង​​ការពារ​កូ​វីដ​-១៩​យ៉ាង​រលូន ​ជូន​ពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ

2021/06/15 01:41:50 pm        557
កណ្ដាល ​៖ មកដល់​ថ្ងៃទី​១៥​ ខែមិថុនា​នេះ នៅ​ទូទាំង​ខេត្តកណ្តាល​ បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ បាន​ចំនួន​៥​ថ្ងៃ ​ដោយឡែក​សម្រាប់​ភូមិសាស្ត្រ​នៅ​ក្នុង​ក្រុង​តាខ្មៅ​វិញ ​នៅថ្ងៃនេះ​គេ​សង្កេតឃើញថា​ នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ប្រមាណ​ជិត​១០​កន្លែង ​គឺ​បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ ​យ៉ាង​រលូន​បំផុត និង​មាន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​គ្រប់​ជាតិ​សាសន៍ ​និង​អ្នក​មកពី​ចម្ងាយ​ស្នាក់នៅ​រយៈពេល​យូរ​ក៏​ត្រូវ​បាន​​ទទួល​បាន​ការចាក់​ដែរ​។បើតាម​លោក​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​ក្រុង​តាខ្មៅ ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃនេះថា ក្នុងចំណោម​មណ្ឌល​ចាក់​វ៉ាក់សាំង​ទាំង​១០​កន្លែង​នៅ​ក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល គឺ​មានតែ​នៅក្នុង​មន្ទីរពេទ្យ​ជ័យជំនះ បច្ចុប្បន្ន​បាន​និងកំពុង​ដំណើរកា​រ​ចាក់​វ៉ាក់សាំង​ទាំងពីរ​ដូ​ស​គឺ​ដូ​ស​ទី​១ និង​ដូ​ស​ទី​២​។ សម្រាប់​ដូ​ស​ទី​២ ​កំពុងដំណើរការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​និង​ជនបរទេស​ដែល​ដល់ពេល​កំណត់ ។ ដោយឡែក​សម្រាប់​ការ​ចាក់​ដូ​ស​ទី​១​ កំពុង​ដំណើរការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​ និង​ជនបរទេស ​ដែល​មាន​ការអញ្ជើញ​អោយមក​ដោយ លោក​ចៅសង្កាត់ ឬ​មេភូមិ​។បើតាម​លោក ប្រាក់ ចន្ទី មេភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី បាន​ថ្លែងថា សម្រាប់​សង្កាត់​ព្រែក​ឫស្សី គឺ​យើង​បានដាក់​វេន​ពលរដ្ឋ​នៅតាម​ភូមិ​អញ្ជើញ​អោយ​គាត់​មក​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩ នៅក្នុង​មន្ទីរពេទ្យ​ជ័យជំនះ ហើយ​ការអញ្ជើញ​នោះ ​ក្រៅពី​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍ ខាង​ភូមិ​ក៏​មាន​ការអញ្ជើញ​ពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​រាជធានី និង​ជនបរទេស​នានា ដែល​បាន​មក​ជួល​ផ្ទះ ស្នាក់នៅ​រយៈពេល​យូរ​នៅក្នុង​មូលដ្ឋាន​របស់លោក ​អោយមក​ចាក់​វ៉ាក់សាំង​ផងដែរ​។សូមបញ្ជាក់ថា នៅក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅក្នុង​ខេត្តកណ្តាល ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១០​ ខែមិថុនា​មក​នោះ ​នៅ​ដំណាក់កាល​ដំបូង​ខេត្ត​បាន​ទទួល​វ៉ាក់សាំង​ប្រមាណ​ជិត​៦០​ម៉ឺន​ដូ​ស មាន​ផែនការ​ចាក់​លើ​មនុស្ស​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់​។ បើ​តាម​ការបញ្ជា​ក់​ពី​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ​អភិបាល​ខេត្តកណ្តាល​ បាន​ថ្លែងថា ​នៅក្នុង​យុទ្ធនា​ការចាក់​នេះ ​គោលដៅ​អាទិភាព​ដែល​ទទួល​បាន​ចាក់​មុនគេ​ គឺ​ពលរដ្ឋ​រស់​នៅក្នុង​តំបន់​ប្រឈម​ហានិភ័យ មាន​ដូចជា ពលរដ្ឋ​អតីត​តំបន់​ក្រហម​ តំបន់​លឿងទុំ ​និង​ក្រុម​កម្មករ​កម្ម​ការិនី ​បំរើការ​ងារ​តាម​រោងចក្រ ​ព្រមទាំង​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​ជាដើម​៕​អត្ថបទ ស៊ុម សុខ​ជា

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​បេក្ខជន​ពីររូប​ដើម្បី​ឈរ​ឈ្មោះ​ជា​ប្រធាន គ​.​ជ​.​ប ថ្មី

2021/06/15 01:25:33 pm        400
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥​ ខែមិថុនា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​តាម​ប្រព័ន្ធ​វីដេអូ ​ដើម្បី​អនុម័ត​របៀបវារៈ​មួយ​ចំនួន ដោយ​ក្នុងនោះ ​អង្គប្រជុំ​ក៏​សម្រេច​លើ​បេក្ខជន​ពីររូប​ដើម្បី​ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ​។កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ​បានអនុម័ត​យល់ព្រម​នូវ​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ចំនួន ២​រូប ​ដើម្បី​បញ្ជូន​ទៅ​គណបក្សនយោបាយ​ពាក់ព័ន្ធ​ជ្រើសរើស​បេក្ខជន​ចំនួន ១​រូប ហើយ​ផ្ញើ​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ​ដើម្បី​បន្ត​នីតិវិធី​។​ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​នេះ​។ តែ​យ៉ាងណា​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា ​នៅ​មិនទាន់​បញ្ជាក់​ពី​ឈ្មោះ​បេក្ខជន​ជា​សាធារណៈ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​អនុម័ត​យល់ព្រម​ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ដែល​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ នោះឡើយ​។ ​ការលាលែង​ពី​តំណែង​ជា​ប្រធាន​គ​.​ជ​.​ប របស់​ឯកឧត្តម ស៊ិ​ក ប៊ុន​ហ៊ុ​ក ​ដោយសារ​មាន​បញ្ហា​ជំងឺ​ប្រចាំកាយ​ ត្រូវ​បាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា អនុម័ត​យល់ព្រម​តាម​សំណើ​របស់​លោក​កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០២១​។ដោយឡែក ​នៅក្នុង​អង្គប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ដដែល​នោះ ​ក៏បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី ​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ​ពាណិជ្ជកម្ម​សេរី រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ​ជូន​ដល់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ​ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ នៃ​រដ្ឋសភា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ពិនិត្យ សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​៕ជា ធី​រិ​ទ្ធ រូបភាព ៖ ឯកសារ

ក្រសួង​ការងារ នឹង​ហៅ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​បំភ្លឺ​រឿង​គម្រោង​បញ្ឈប់​បុគ្គលិក​ នៅ​ថ្ងៃស្អែក​

2021/06/15 12:53:12 pm        453
ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នឹង​អញ្ជើញ​ភាគី​ក្រុមហ៊ុន​ណាហ្គា​វើ​ល ​មក​ប្រជុំ​នៅ​ថ្ងៃស្អែក​ ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​គម្រោង​បញ្ឈប់​បុគ្គលិក​ជាង​១​ពាន់​នាក់​។ ​ការហៅ​បំភ្លឺ​នេះ ធ្វើឡើង​តប​តាម​ការ​ស្នើសុំ​របស់​សហជីព​តំណាង​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល ​ដែល​ស្នើសុំ​អន្តរាគមន៍​ទៅ​ក្រសួង​ការងារ ​នាពេល​កន្លងមក​។មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានបញ្ជាក់​ប្រាប់​ប៊ី​ធី​វី ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា នេះ​ថា ​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើ​ល ត្រូវ​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​នៅ​ក្រសួង​ការងារ​នៅ​ថ្ងៃរសៀល​ថ្ងៃទី​ពុធ​ ទី១៦ ខែមិថុនានេះ ដើម្បី​បកស្រាយ​ជុំវិញ​ញត្តិ​របស់​សហជីព។ការប្រជុំ​ជាមួយ​ភាគី​ក្រុមហ៊ុន ធ្វើឡើង បន្ទាប់ពី​ក្រសួង​បាន​អញ្ជើញ​តំណាង​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ ដើម្បី​បកស្រាយ​លើ​ការ​ស្នើសុំ​ចំនួន៥​ចំណុច ​ក្នុង​ញត្តិ​ដែល​បាន​ដាក់​មកកាន់​ក្រសួង​ការងារ​កន្លងមក ។អ្នកនាង ឈុន សុខា អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០២១​នេះ​ថា ​ការ​អញ្ជើញ​លើក​ទី​១​នេះ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​គឺ​ដើម្បី​ទៅ​បំភ្លឺ​តាម​នីតិវិធី ដោយ​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​ការ​ទាមទារ​នៅក្នុង​លិខិត​។ អ្នក​នាង ​បាន​ឲ្យ​ដឹង​ទៀតថា ជាទូទៅ​ការ​កោះហៅ​នេះ ដំបូង​កោះហៅ​ជួប​ភាគី​ដើម​បណ្តឹង​ដែល​ជា​សហជីព​នាពេលនេះ ​បន្ទាប់មក​ទើប​ក្រសួង​នឹង​អញ្ជើញ​ភាគី​ក្រុមហ៊ុន​ជួប​តាម​ក្រោយ​។យោងតាម​ប្រភព​ដដែល ក្រសួង​នឹង​កំណត់​ពេលវេលា​សមស្រប​ណាមួយ ​ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​បាន​ជួប​តទល់​គ្នា​ ដើម្បី​ស្វែងរក​ដំណោះស្រាយ ​បន្ទាប់ពី​បាន​ជួប​ជាមួយ​ភាគី​សហជីព ​និង​តំណាង​ក្រុមហ៊ុន​រួចហើយ​។ការ​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​របស់​កម្មករ​និយោជិត និង​សមាជិក​សហជីព​ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ​បាន​ចាប់​ដំណើរការ​បញ្ឈប់​បុគ្គលិក​សរុប​ចំនួន​ជាង១ ៣០០​នាក់ ​ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ក្នុង​ញត្តិ​ដាក់​ទៅ​ក្រសួង​ការងារ ​សហជីព​​បាន​ស្នើ​សុំ​៥​ចំណុច រួមមាន​ ៖ ១.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បន្ទាន់​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​, ២.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាមរយៈ​កោះហៅ​កន្លងមក​, ៣.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​ផ្ដាច់​កិច្ចសន្យាការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​, ៤.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្ដល់​ឡើងវិញ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​និង​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​ជូន​បុគ្គលិក​ទាំងអស់​ ដែល​កំពុង​បំរើ​កា​រងារ ​និង​៥.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​កន្លែង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​ក្រសួងសុខាភិបាល ​និង​អង្គការ​សុខភាព​ពិភពលោក​ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​ក្រុមហ៊ុន​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

សម្តេច​តេ​ជោ​ អំពាវនាវ​ឱ្យ​បន្ត​គាំទ្រ​គោលនយោបាយ​ជាតិ​ ស្តីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ

2021/06/15 12:32:24 pm        255
ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​បន្ត​ការ​គាំទ្រ​អនុវត្ត​គោលនយោបាយ​ជាតិ ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។នៅថ្ងៃនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​អបអរ​ទិវា​ជាតិ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក ទេស និង​វិជ្ជាជីវៈ លើក​ទី​៤ ថ្ងៃទី​១៥ ខែមិថុនា ក្រោម​ប្រធានបទ "TVET" ។សម្តេច​តេ​ជោ បាន​យក​ឱកាស​នេះ​ អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ បន្ត​ចូល​គាំទ្រ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ជាតិ ​ស្តីពី​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ជំនាញ ​ដោយ​ក្នុង​ដំណាក់កាល​នេះ គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​បន្ត​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ពី​ចម្ងាយ ​ឬ​តាម​អន​ឡាញ ​និង​បត់បែន​តាម​ស្ថានភាព​ជាក់ស្តែង​។​- បន្ត​ជំរុញ​លើកទឹកចិត្ត និង​បង្កើន​ការចុះឈ្មោះ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីឱ្យ​មានចំណេះដឹង ​ជំនាញ​ច្បាស់លាស់ ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ​ល្អ ដូចដែល​ប្រធានបទ នៃ​ទិវា​ជាតិ​នេះ បាន​លើកឡើង “TVET ធ្វើឱ្យ​ជំនាញ​កាន់តែ​ប្រសើរ ​និង​ប្រាក់ចំណូល​ខ្ពស់​” ។​- គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ​សូម​បន្ត​ជួយ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ អំពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​ការយល់ដឹង​នូវ​សារសំខាន់​ នៃ​វិស័យនេះ​ ជូន​សាធារណជន​។​-​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល ​កម្មករ​និយោជិត និយោជក ផ្នែក​ឯកជន ​អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​ជនរួមជាតិ​ទាំងអស់ ​ចូលរួម​សហការ​ផ្សព្វផ្សាយ​ទិវា​ជាតិ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៤ នេះ ឱ្យបាន​ផុលផុស​ទូទាំងប្រទេស តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ​ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ក្នុង​ការខិតខំ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គោលនយោបាយ​អាទិភាព ​និង​ការកែទម្រង់​ស៊ីជម្រៅ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​សម្រាប់​វិស័យ​អប់រំ​បណ្តុះ​បណ្តាល ​បច្ចេកទេស និង​វិជ្ជាជីវៈ​៕​អត្ថបទ​៖ មុត សុទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំង​កម្ពុជា​មិន​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ចូល​ក្នុង​ទឹក​ដី​ថៃ​ដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
09/23/2025 07:09 PM
សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
09/23/2025 06:09 PM
អ៊ីរ៉ង់ និង E3 នឹងបើកកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម តែឱកាសនៅ​តែស្ដួចស្ដើង
09/23/2025 06:09 PM
បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan
09/23/2025 05:09 PM
មនុស្សយ៉ាងតិច ២នាក់ ស្លាប់ និងជាច្រើននាក់ រងរបួស ក្រោយអគារបាក់រលំ នៅភាគកណ្តាលឥណ្ឌា
09/23/2025 05:09 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងពីការសម្លាប់បុគ្គលិកជំនួយក្នុងសុន្ទរកថា ស្តីពី​ការទទួល​ស្គាល់​ប៉ាឡេស្ទីន
09/23/2025 05:09 PM
ឧទ្ធម្ភាគចក្រ និងរថយន្ត ស្វែងរក និងជួយសង្គ្រោះអ្នកស្រុកជាប់ក្នុងទឹកជំនន់ នៅអ៊ីតាលី
09/23/2025 05:09 PM
លោក Trump នឹងជួបក្រុមមន្ត្រីមកពីប្រទេសមូស្លីមភាគច្រើន ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា
09/23/2025 05:09 PM
ជប៉ុនបដិសេធមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
09/23/2025 05:09 PM
អ្នកការទូតជាន់ខ្ពស់មកពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សម្តែងក្ដីបារម្ភ អំពីច្រកសមុទ្រតៃវ៉ាន់
09/23/2025 05:09 PM