គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ការចាក់​វ៉ាក់សាំង​នៅ​ស្រុកកណ្ដាលស្ទឹង ផ្ដល់​ភាព​កក់ក្ដៅ​កាន់តែ​ខ្ពស់​សម្រាប់​គ្រួសារ​នីមួយៗ​

2021/06/12 12:10:31 pm        453
កណ្ដាល ៖ ស្រុក​កណ្ដាលស្ទឹង ជា​ស្រុក​មួយ​នៃ​ខេត្តកណ្ដាល បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ១៨​ឆ្នាំ​ឡើងទៅ ចាប់ពី​ថ្ងៃទី ១០ខែមិថុនា ឆ្នាំ​២០២១​។ សម្រាប់​អ្នក​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នា​ថ្ងៃនេះ លើកឡើងថា ​ពួកគាត់​មាន​ភាព​កក់ក្ដៅ​កាន់តែ​ខ្ពស់ ​និង​សប្បាយចិត្ត​ក្រោយ​ពេល​ដែល​សមាជិក​គ្រួសា​រ​របស់​គាត់​គ្រប់រូប​បាន​ចាក់​សាំង​កូ​វីដ​-១៩​។សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​ព្រឹក​នេះ ភាគច្រើន​នៃ​អ្នក​មក​ទទួល​ការចាក់​ គឺជា​ក្រុម​មនុស្ស​ស្ថិតក្នុង​វ័យ​ចំណាស់ ដែល​ប្រកបរបរ​ចិញ្ចឹមជីវិត​នៅផ្ទះ​។ ​ការ​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​នាពេលនេះ​ គឺជា​ក្ដី​រីករាយ​សម្រាប់​គ្រួសារ​ពួកគាត់​ទាំងមូល​ ព្រោះ​កន្លងមក​ពួកគាត់​តែង​មាន​ការ​ព្រួយបារម្ភ​ពី​ការឆ្លង ​ដោយសារ​ពួកគាត់​មាន​សមាជិក​គ្រួសារ​ ចេញទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ និង​ធ្វើការ​ជា​កម្មករ​កម្មការិនី​នៅ​រោងចក្រ ទៅមក​ផ្ទះ​ជាប្រចាំ​។ពួកគាត់​ បន្តថា នៅពេល​សមាជិក​គ្រួសារ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ទាំងអស់គ្នា ​គឺ​មាន​ភាពកក់ក្ដៅ មាន​ទំនុក​ចិត្ត​ថា មាន​សុវត្ថិភាព​ជាង​មុន​។ ពួកគាត់​ក៏​នៅតែ​បន្ត​អនុវត្ត វិធានការ ៣​ការពារ ៣​កុំ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ជានិច្ច​ផងដែរ​។សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​ទីតាំង ស្រុក​កណ្ដាលស្ទឹង តាម​សេចក្ដីជូនដំណឹង​របស់ រដ្ឋបាល​ស្រុក បញ្ជាក់ថា ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​គឺ​ចាប់ពី​ថ្ងៃទី ១០​ខែមិថុនា ​ដោយ​ទីតាំង​ចាក់​ធ្វើ​ឡើងលើ ២០​ទីតាំង បែងចែក​ទៅតាម​ឃុំ នីមួយៗ​។ ​ជាការ​សម្រួល​និង​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​លឿន គឺ​ឃុំ​ខ្លះ​មាន​ទីតាំង​ចាក់​រហូតដល់​ពីរ​កន្លែង​។គិត​មក​ត្រឹម​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២១​ម្សិល​ម៉ិ​ញ​នេះ ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទូទាំង​ប្រទេស ​គឺមាន​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​រួចរាល់​ចំនួន​ជាង ២​លាន ៨​សែន ​នាក់ គិត​ជា​ភាគរយ​គឺ ២៨,៣៦% នៃ​ចំនួន​ប្រជាពលរដ្ឋ​គោលដៅ​ចំនួន ១០​លាន​នាក់​។ ​ចំពោះ​ករណី​ឆ្លង​វិញ កម្ពុ​ជា​មាន​ករណី​ឆ្លង​សរុប​ចំនួន ៣៧ ៩៥៩​ករណី ​ និង​មានការ​ស្លាប់​បាត់​បង់ជីវិត​ចំនួន ៣២០​ករណី​៕​អត្ថបទ​៖​គឹម​ហុក 

មន្ត្រី​ជំនាញ​ខេត្តឧត្ដរមានជ័យ​ ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ប្រែប្រួល​អាកាសធាតុ

2021/06/12 11:52:09 am        762
ឧត្ដរមានជ័យ​ ៖ មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តឧត្ដរមានជ័យ ​បាន​ជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជួរ​ភ្នំ ​ដងរ៉ែក​នេះ​ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​បម្រែបម្រួល​អាកាសធាតុ ដែល​បណ្ដាលមកពី​ឥទ្ធិពល ​សម្ពាធ​ទាប​ខ្យល់មូសុង​និរតី​ខ្លាំង​។លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បានឱ្យដឹងថា ចន្លោះ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៥ ​ខែមិថុនា​នេះ ជ្រលង​ប្រព័ន្ធ​សម្ពាធ​ទាប​ខ្យល់​មូល​សុង​និរតី​ខ្លាំង នឹង​បង្កើន​ឥទ្ធិពល​ដោយ​កូន​ព្យុះ​ឈ្មោះ កូ​ហ្គូ​ម៉ា លើក​ទី​៤ បោកបក់​មក​លើ​ប្រទេស​កម្ពុជា ​ស្ថាន​បែបនេះ​នៅតាម​បណ្តា ខេត្ត ដែល​ជាប់​ព្រំដែន​តំបន់​ជួរ​ភ្នំ​ដងរ៉ែក នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ចាប់ពី​កម្រិត​មធ្យម​ទៅ​បង្គួរ លាយ ឡំ​ដោយ​ខ្យល់​កន្ត្រាក់​ផង​។លោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់​នៅតាម​តំបន់​ជួរ​ភ្នំ​ដងរ៉ែក​ ក្នុងភូមិ​សាស្ត្រ ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់​ចំពោះ​បញ្ហា​ការ​បម្រែបម្រួល​អាកាសធាតុ ក្នុង​រយៈពេល ប៉ុន្មាន​ថ្ងៃនេះ​។ ប្រជាពលរដ្ឋ ត្រូវ​រក្សា​ការពារ​សុខភាព ​និង​ផ្ទះសម្បែង ​ទ្រព្យសម្បត្តិ ​ឲ្យ​បាន​ល្អ​ប្រសើរ ចៀសវាង​ការបាត់បង់​ ឬ​ខូចខាត ​ដោយ​ប្រការ​ណាមួយ​។លោក ញឺ​ន កួន បាន​បញ្ជាក់ថា ​ជាមួយគ្នា​នោះដែរ ប្រសិន​ជា​មាន​ករណីនេះ​កើតឡើង ​នៅតាម មូលដ្ឋាន​ណាមួយ ចំពោះ​ប្រជាពលរដ្ឋ ​អាជ្ញាធរខេត្ត​ ក៏បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុង​កា​រជួយ​អន្តរាគមន៍​សង្គ្រោះ​ភ្លាមៗ​៕​អត្ថបទ ​៖ ឃិន សារិទ្ធ 

ក្រសួងសុខាភិបាល ​ប្រកាស​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ មាន​ទារប្រាក់​ពី​ពលរដ្ឋ

2021/06/12 10:30:02 am        508
ភ្នំពេញ ​៖ ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩ ត្រូវ​បាន​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ប្រកាស​ថា ពលរដ្ឋ​មកពី​គ្រប់​ជាតិ​សាសន៍​គឺ​មាន​ការ​ចាក់​ដោយ​មិន​មាន​ការកំណត់​យក​ប្រាក់​សេវា​ណា​នោះទេ ហើយ​ប្រសិនបើ​ការ​ចាក់​វ៉ាក់សាំង​នោះ មានការ​ទារប្រាក់ ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល ឬ​នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង ​ឬ​មាន​បាតុភាព​ណា​ដែល​កើតឡើង​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​ទាមទារ​ការ​ដោះស្រាយ សូម​ពលរដ្ឋ​ទូរស័ព្ទ​ទៅ​លេខ ០១២ ៧៧៧ ៧៦០ និង​លេខ ០១២ ៩១៦ ០៩៩ ដើម្បី​ជំរុញ​ការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ និង​បច្ចេកទេស​សុខាភិបាល​។បើ​តាម​ការបញ្ជាក់​ពី​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង បាន​ថ្លែងថា ​កន្លងមក ក្រសួងសុខាភិបាល​បាន​ទទួល​បាន​ពាក្យ​ចចាមអារ៉ាម ​ជាច្រើនថា ការចាក់​វ៉ាក់សាំង​នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយចំនួន គឺមាន​ការ​ចំណាយ​ប្រាក់ ហើយ​តាមរយៈ​ពាក្យ​ចចាមអារ៉ាម​នេះ ​ក្រសួង​ក៏​កំពុង​ធ្វើ​តាមដាន​ដែរ ​ដើម្បី​វែកមុខ​ជនខិលខូច​នោះ​ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​អនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ជូន​ពលរដ្ឋ​ទូទៅ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ កន្លងទៅនេះ​ លោកជំទាវ ឱ វណ្ណឌី​ន ជារឿយៗ តែងតែ​ថ្លែងប្រាប់​បណ្តា​អ្នកសារព័ត៌មាន​ថា នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល ​និង​ទីតាំង​នានា​ដែល​បាន​បង្កើត​ដោយ​ក្រុម​ពេទ្យ ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ គឺ​ត្រូវ​ចាក់​ដោយ​មិន​មាន​ការ​គិតថ្លៃ​សេវា​ណា​នោះទេ​ ហើយ​ការចាក់​នោះ​មិន​ត្រូវ​ដណ្តើម​គ្នា​ទេ ​ពោល​គឺ​ត្រូវ​ចាប់​លេខ​រៀង​ចូល​ចាក់​បន្តបន្ទាប់​គ្នា អ្នក​មក​ក្រោយ​ត្រូវ​រង់ចាំ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ជា​ជនពិការ​ មនុស្ស​ចាស់ជរា និង ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ជាដើម​ គឺ​សូម​ផ្តល់​អាទិភាព​អោយ​គាត់​ចូល​ចាក់​មុន​។សូមបញ្ជាក់ថា នៅ​ដំណើរការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រើប្រាស់​កំលាំង​សរុប​ដែលមា​ន​ក្រុម​ពេទ្យ​មួយចំនួនធំ​មកពី​ក្រសួងសុខាភិបាល​ ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ​ឬ​ហៅ​ក្រុម​ពេទ្យ​ធីតា ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច សាយ ឈុំ និង​មានការ​ចូលរួម​ពី​ក្រុម​ពេទ្យ​កងទ័ព​ដែល​បើក​ចាក់​នៅក្នុង​តំបន់​ក្រហម ​និង​ក្រុម​ពេទ្យ​ក្រសួងមហាផ្ទៃ ​និង​ក្រុម​ពេទ្យ​នានា​ទៀត​ជាច្រើន​៕​អត្ថបទ ស៊ុម សុខ​ជា

ពលរដ្ឋ​បង្ហាញ​ក្តី​រីករាយ ក្រោយ​ទទួល​បាន​ថវិកា​ពី​កម្មវិធី​ជំនួយ​សង្គម​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​ពី​រាជរដ្ឋាភិបាល

2021/06/11 02:57:32 pm        269
ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជា​គ្រួសារ​ទទួល​ផល​ដែល​បាន​ជាប់​ក្នុង​ការ​សម្ភាសន៍ ​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ ​នៅថ្ងៃនេះ បាន​ទៅ​បើក​ថវិកា​នៅតាម​ភ្នាក់ងារ វី​ង ដែល​នៅ​ជិត​គេហដ្ឋាន​របស់​ពួកគាត់​។ ​បន្ទាប់ពី​ទទួល​បាន​ថវិកា​រួចរាល់ ពួកគាត់​បង្ហាញ​ភាព​ត្រេកអរ និង​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែង​យកចិត្តទុកដាក់ គិតគូរ​ដល់​ប្រជាពលរដ្ឋ​គ្រប់​កាលទេសៈ​។កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ ជា​កម្មវិធី​ជំនួយ​សង្គម​អនុវត្ត​តែមួយ​ដង សម្រាប់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ក្នុង​កំឡុងពេល​បិទ​ខ្ទប់ ក្នុង​ទីតាំង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ក្រុងព្រះសីហនុ និង​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ឆ្លង​ជំងឺ​កូ​វីដ​ ដែល​មាន​ជីវភាព​ខ្វះខាត និង​សម្រាប់​គ្រួសារ​ដែល​សមាជិក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ​សម្រាប់​ជំ​ហ៊ាន​ដំបូង​នេះ គឺ​មាន​គ្រួសារ​ទទួល​ផល​សរុប​ចំនួន ៦១៦៧៨ គ្រួសារ ដែល​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយ​ថវិកា​ជាង ៤​លាន​ដុល្លារ​អាមេរិក​។សម្រាប់​គ្រួសារ​ទទួលផល​ នា​ព្រឹក​នេះ បាន​អញ្ជើញ​ទៅតាម​ភ្នាក់ងារ ​វី​ង ដោយ​ភ្ជាប់​ជាមួយ អត្តសញ្ញាណប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​ដែល​ផ្ដល់​ជូន​ក្នុងការ​សម្ភាសន៍​ដើម្បី​បើក​សាច់ប្រាក់​ដែល​ជា​ការឧបត្ថម្ភ​រប​ស់​រដ្ឋាភិបាល​។ ក្រោយ​ទទួល​បាន​សាច់ប្រាក់​រួចរាល់​នាពេលនេះ ​ពួកគាត់​ បានបង្ហាញ​ការ​ត្រេកអរ និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​តែង​គិតគូរ ជួយ​សម្រួល​ជីវភាព​ដល់​ប្រជាពលរដ្ឋ គ្រប់​កាល​ទេសៈ​។ ពួកគាត់​បញ្ជាក់ថា ​ថវិកា​ទាំងនេះ នឹង​ជួយ​សម្រួល​ភាព​លំបាក​មួយចំនួន ក្រោយពេល​ពួកគាត់​បាត់បង់​ចំណូល​ដោយសារ​ការបិទ​ខ្ទប់​កន្លងមក​។សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយពេល​បិទ​ខ្ទប់​នេះ រដ្ឋាភិបាល​កម្ពុជា​នៅតែ​អនុញ្ញាត​និង​ទុក​ពេល​វេលា​ឱ្យ គ្រួសារ​មាន​ជីវភាព​លំបាក​កំឡុង​ពេល​បិទ​ខ្ទប់​ដទៃទៀត​ អាចមក​ដាក់ពាក្យ​ទៅ​សង្កាត់​ដើម្បី​ស្នើសុំ​ការ​សម្ភាសន៍​។ រយៈពេល​ដែល​អាច​បន្ត​ដាក់ពាក្យ​ស្នើសុំ​នេះ ​គឺមាន​រយៈពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៧​ខែមិថុនា​ ខាងមុខ​។ក្នុងនាម​ជា​អាជ្ញាធរ លោកស្រី សឿង សេរី ជា​ចៅសង្កាត់​ដង្កោ លើកឡើងថា ​មន្ត្រី​សង្កាត់​គឺ​នៅតែ​ទទួល​ការ​ស្នើសុំ​របស់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត និងជំរុញ​ឱ្យ​មន្ត្រី​ចុះ​សម្ភាសន៍​ឱ្យបាន​លឿន ​ដើម្បី​ប្រជាពលរដ្ឋ​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ជំនួយ​សង្គម​នេះ​។គួរ​បញ្ជាក់ថា សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ គឺ​មាន​ផ្ដោត​លើ​ចំណុច​សំខាន់​ចំនួន ៣ រួមមាន​ថ្លៃ​ស្បៀងអាហារ ថ្លៃ​ទឹកស្អាត និង​ថ្លៃ​អគ្គិសនី ដោយ​គ្រួសារ​ទទួល​ផល អាច​ទទួល​បាន​សាច់ប្រាក់​ខុសគ្នា ទៅតាម​ចំនួន​សមាជិក​នៃ​គ្រួសារ​នីមួយៗ​៕អត្ថបទ​៖ គឹម​ហុក ​ 

ពលរដ្ឋ​៩​ស្រុក ក្នុង​ខេត្តកណ្ដាល​ នឹង​ទទួល​បាន​អាទិភាព​ចាក់​វ៉ាក់សាំង​សម្រាប់​ជំហាន​បន្ទាប់​

2021/06/11 02:24:02 pm        174
កណ្ដាល​ ៖ លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ក្របខណ្ឌ​ទូទាំង​ប្រទេស​ បានឱ្យដឹងថា ​ពលរដ្ឋ​៩​ស្រុក ​ក្នុង​ខេត្តកណ្ដាល ​ដែល​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ ​នឹង​ទទួល​បាន​អាទិភាព​ចាក់​វ៉ាក់សាំង ​សម្រាប់​ជំហាន​បន្ទាប់ពី​រាជធានី​ភ្នំពេញ​។លោកជំទាវ ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ស្របតាម​យុទ្ធសាស្ត្រ​ផ្កា​រីក​របស់​ប្រមុខ​រាជរដ្ឋាភិបាល គោលដៅ​ជា​បន្តបន្ទាប់​នៅ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ ​គឺ​នឹង​បន្ត​ផ្តល់​ជូន​ពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​មួយចំនួន ​នៃ​ខេត្តកណ្តាល ​ខេត្ត​ព្រះសីហនុ ខេត្តតាកែវ ​ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ​។ការ​បញ្ជាក់​របស់​លោក​ជំទាវ ឱ វណ្ណឌី​ន គឺ​នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែមិថុនា​នេះ ​ខណៈពេល​លោកជំទាវ​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់ជូន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង ​នៃ​ក្រសួងការពារជាតិ ​តាមរយៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង ​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​បាន​ធ្វើការ​តាំងចិត្ត​ខ្ពស់​ក្នុងនាម​កងកម្លាំង នឹង​គោរព​អនុវត្ត​បទបញ្ជា​ពី​រាជរដ្ឋាភិបាល​ ក៏ដូចជា​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​ការ​សហការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ ​ក្នុង​យុទ្ធនាការ​ជា​បន្តបន្ទាប់​ទៀត ។របាយការណ៍​របស់​អនុគណៈកម្មការ​តាមដាន និង​វាយតម្លៃ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ក្របខណ្ឌ​ទូទាំងប្រទេស ​បាន​បង្ហាញថា ​ចាប់តាំងពី​ថ្ងៃទី​១០ ​ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ថ្ងៃទី​៧ ​ខែមិថុនា ឆ្នាំ​២០២១ ទាំង​ក្របខណ្ឌ​ក្រសួងសុខាភិបាល ​និង​ក្រសួង​ការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​បាន​ចំនួន​ជាង​២​លាន​៨​សែន​នាក់ ស្មើ​ហ្នឹង​ប្រមាណ​ជាង​២៧​ភាគរយ ​បើ​ធៀប​នឹង​គោលដៅ​១០​លាន​នាក់​៕​អត្ថបទ​៖ ជៀប សម្បត្តិ ​

WHO និង UNICEF ជំរុញ​ឲ្យ​មានការ​ចិត្ត​ទុកដាក់​ការពារ​កូ​វីដ​-១៩​ដល់​កុមារ ខណៈ​កម្ពុជា​មិន​ទាន់មាន​វ៉ាក់សាំង​សម្រាប់​កុមារ

2021/06/11 02:01:12 pm        97
ភ្នំពេញ ៖ អង្គការ​ធំៗ​ចំនួន​២ របស់​អង្គការសហប្រជាជាតិ រួមមាន​ ៖​ អង្គការ​សុខភាព​ពិភពលោក WHO និង​អង្គការ ​UNICEF ដែល​ធ្វើ​ការងារ​ដើម្បី​កុមារ​ប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ​អោយ​គ្រប់​អាណាព្យាបាល​កុមារ​ទាំងអស់​ ត្រូវ​ពង្រឹង​ការពារ​ឆ្លង​មេរោគ​កូ​វីដ-​១៩ ​លើ​កុមារ ខណៈ ដែល​កម្ពុជា មិន​ទាន់មាន​វ៉ាក់សាំង​ចាក់​ការពារ​កូ​វីដ-​១៩​លើ​កុមារ​។នៅក្នុង​ដំណើរ​ទស្សនកិច្ច​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ខេត្តកណ្តាល ​នា​ថ្ងៃទី​១០​មិថុនា ម្សិលមិញ​នេះ ​លោកស្រី វេជ្ជបណ្ឌិត Foroogh Foyouzat ​តំណាង​អង្គការ​UNICEF ​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​កុមារ​នៅ​កម្ពុជា​មួយចំនួន ​ក៏​មាន​ការឆ្លង​មេរោគ​កូ​វីដ​-១៩ដែរ ជាពិសេស​កុមារ​តូចៗ​ភាគច្រើន គឺ​ងាយ​ប្រឈម​នឹង​ក្នុង​ការ​ឆ្លង​ខ្លាំង ហើយ​កុមារ​ដែល​អាច​ពាក់​ម៉ាស់​បាន គឺ​ត្រូវតែ​ជំរុញ​ឲ្យ​គេ​ពាក់​ម៉ាស់ ជាពិសេស​ពេល​ធ្វើ​ដំណើរ​ និង​នៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្លាំង​។ការ​ថ្លែង​របស់​លោកស្រី បានធ្វើ​ឡើង បន្ទាប់ពី​គេ​មើលឃើញថា ​បច្ចុប្បន្ន មាន​អាណាព្យាបាល​កុមារ​មួយចំនួន ​នៅពេល​យក​កុមារ ឬ​កូនតូចៗ​របស់​ខ្លួន​ចេញ​ដើរ​កម្សាន្ត ឬ​ធ្វើដំណើរ​ទៅតាម​ទីសាធារណៈ​ផ្សេងៗ គឺ​ភាគច្រើន​អាណាព្យាបាល​មានការ​ពាក់​ម៉ាស់​ការពារ​ត្រឹមត្រូវ ​ប៉ុន្តែ​កុមារ​ ឬ​កូនតូចៗ របស់​ខ្លួន​នោះ ​មិនមាន​ពាក់​ម៉ាស់​ការពារ​កូ​វីដ​-១៩​ ជូន​នោះទេ​ ហើយ​បើ​ពាក់​គឺ​ភាគច្រើន​មិនបាន​ត្រឹមត្រូវ​នោះទេ ​ដែល​បញ្ហា​នោះ បង្ក​ការ​ងាយ​ឆ្លង​កូ​វីដ​-១៩​ខ្លាំង​ផងដែរ​។ពាក់ព័ន្ធ​នឹង​បញ្ហា​កុមារ​នេះដែរ លោកស្រី លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ WHO ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា ​បច្ចុប្បន្ន​មាន​បណ្តា​ប្រទេស​រីកចម្រើន​មួយចំនួន ​គឺ​គេ​មាន​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ សម្រាប់​ចាក់​ជូន​កុមារ​តូច រហូតដល់​កុមារ​ធំ​វ័យ​ក្រោម​១៧​ឆ្នាំ ​ប៉ុន្តែ​កម្ពុជា នៅ​មិន​ទាន់មាន​វ៉ាក់សាំង​សម្រាប់​កុមារ​នោះទេ ​ខណៈដែល​បច្ចុប្បន្ន WHO​ មិនទាន់មាន​ផែនការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​សម្រាប់​កុមារ​នោះទេ​។ទោះ​យ៉ាង​ក៏ដោយ​តំណាង​អង្គការ​ធំៗ​ទាំងពីរ​របស់​អង្គការសហប្រជាជាតិ​នេះ ​គឺ​បាន​អបអរសាទរ​ចំពោះ​ពលរដ្ឋ​ខ្មែរ ​ដែល​មាន​សំណាង​ជាង​បណ្តា​ប្រទេស​នានា ​ដែល​ទទួល​បាន​ការចាក់​វ៉ា​ក់​សាំង​ការពារ​កូ​វីដ-​១៩ ​ដោយ​មិន​មាន​ការ​គិតថ្លៃ ​ហើយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​គឺ​មាន​ចិត្ត​ចង់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ទាំងអស់គ្នា ​ខណៈ​កាលពី​ដំបូង​ពលរដ្ឋ​ខ្មែរ​មានចិត្ត​មិន​ចង់​ចាក់ ​ដោយសារ គេ​ជឿ​តាម​ពាក្យ​ញុះញង់ ថា​ចាក់​វ៉ាក់សាំង​ប៉ះពាល់​នេះ ​ប៉ះពាល់​នោះ​ទៅតាម​ការ​លើកឡើង​ពាក្យ​មិន​មាន​មូលហេតុ​៕​អត្ថបទ ស៊ុម សុខ​ជា

នៅថ្ងៃនេះ ​ខេត្តកណ្តាល​ចាប់ផ្តើម​ចាក់​សាំង​ការពារ​កូ​វីដ​-១៩ ​ជូន​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត

2021/06/11 01:45:06 pm        149
កណ្ដាល​ ៖ បើតាម​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ​បាន​ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​នេះ ​ខេត្តកណ្តាល គឺ​បាន​ចាប់ផ្តើម​បើក​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជូន​ចំពោះ​បណ្តា​អ្នក​ជាប់ឃុំ ​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ ដូច​បណ្តា​ពលរដ្ឋ​ទូទៅ​នៅក្នុង​ទឹកដី​នៃ​ខេត្តកណ្តាល​ផងដែរ​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​ថ្លែងថា នៅក្នុង​យុទ្ធនា​ការ​ចាក់​សាំង​ការពារ​កូ​វីដ​-១៩​ ជូន​បណ្តា​ពលរដ្ឋ​ទូទៅ នៅក្នុង​ខេត្ដកណ្តាល ​ដែល​បានចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ គឺ​ខេត្តកណ្តាល​បាន​ទទួល​វ៉ា​ក់​សាំង​ ពី​រាជរដ្ឋាភិបាល​ចំនួន​ជិត​៦០​ម៉ឺន​ដូ​ស​ ក្នុងនោះ​ មាន​មួយចំណែកខេត្ត​ក៏​ទទួលបាន​ពី​ក្រសួងមហាផ្ទៃ ​ដើម្បី​ផ្តល់​ជូន​ខេត្តកណ្តាល ​ចាក់​ជូន​បណ្តា​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ដែរ​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បន្តថា សម្រាប់​វ៉ា​ក់​សាំង​ការពារ​កូ​វីដ​-១៩​ ដែល​ត្រូវ​ចាក់​ជូន​បណ្តា​អ្នក​ជាប់ឃុំ​នៅ​ក្នុងពេល​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃទី​១១​ មិថុនា​នេះ ​គឺ​បាន​នឹង​កំពុង​ចាក់​ជូន​ដោយ​ក្រុម​គ្រូពេទ្យ​មកពី​មន្ទីរពេទ្យ​១៦ ឧសភា ​របស់​ក្រសួងមហាផ្ទៃ​។បើតាម​ការ​អោយដឹងពី​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ បាន​ថ្លែង​ថា​ នៅ​ក្នុង​ចំណោម​វ៉ាក់សាំង ​ដែល​ទើប​មកដល់​កាល​ពីពេល​ថ្មីៗ​នេះ ​គឺ​មាន​វ៉ាក់សាំង​ប្រមាណ​៦០០០​ដូ​ស ​ត្រូវ​បាន​ក្រសួងសុខាភិបាល​បែង​ជូន​ដល់​ក្រសួងមហាផ្ទៃ ​ដើម្បី​ចាក់​ជូន​បណ្តា​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ផងដែរ​។បើ​តាម​ប្រភពពី​ក្រុម​ពេទ្យ​នៃ​មន្ទីរពេទ្យ ១៦ ឧសភា របស់​ក្រសួងមហាផ្ទៃ ​បានឲ្យដឹងថា ​នៅ​ថ្ងៃទី​១១ ខែមិថុនា​នេះ ក្រុមគ្រូពេទ្យ ​បាន​បែង​ចែង​ក្រុមគ្រូពេទ្យ​ចំនួន​២​ក្រុម ​៖ ១​ក្រុម​មាន​គ្រូពេទ្យ​ប្រមាណ​ជាង​១០​រូប​បាន​បែងចែក​ទៅ​ចាក់​វ៉ាក់សាំង​ជូន​បណ្តា​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ហើយ​១​ក្រុម​ទៀត​មាន​គ្រូពេទ្យ​ប្រមាណ​ជាង​១០​នាក់​ទៀត​ ត្រូវ​ទៅ​ចាក់​ជូន​បណ្តា​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ​ហើយ​នៅ​ពេល​ដែលមាន​វ៉ាក់សាំង​ថ្មី​មកដល់​បន្ថែមទៀត​ ក្រុម​ពេទ្យ​នឹង​បន្តទៅ​ចាក់​ជូន​បណ្តា​អ្នក​ជាប់ឃុំ ​នៅក្នុង​ពន្ធនាគារ​ខេត្តកំពត​ ខេត្តស្វាយរៀង ​ខេត្ត​ត្បូងឃ្មុំ និង​បន្តទៅ​ខេត្ត​នានា​ទៀត​។ប្រភព​ដដែល​ក៏បាន​ បញ្ជាក់ថា ​មកដល់​ថ្ងៃនេះ​ មាន​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ​គឺ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​ទាំង​ដូ​ស​ទី​១ ​និង​ដូ​ស​ទី​២ ហើយ​រួចរាល់​។​​អត្ថបទ ៖ ស៊ុម សុខ​ជា

អូស្ត្រាលី​ផ្តល់​ជំនួយ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ជំរុញ​កា​រត​បណ្តាញ​អគ្គិសនី​តាម​ជនបទ

2021/06/11 01:04:47 pm        169
ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​ជំរុញ​ផែន​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​តាម​ភូមិ​ទាំងអស់​នៅក្នុង​ប្រទេស​។រដ្ឋាភិបាល​អូស្ត្រាលី សម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អគ្គិសនី​នៅ​តាម​ភូមិ​ជនបទ ​ដែល​មិនទាន់​មាន​ការ​ផ្គត់ផ្គង់​ទៅដល់​។ ​នេះ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​សម្រាប់​ប្រជាពលរដ្ឋ ​នៅ​តាម​តំបន់​ដែល​ដាច់​ស្រ​យោល ដែល​មិន​ទាន់មាន​អគ្គិសនី​ប្រើប្រាស់​។កិច្ចព្រមព្រៀង​នៃ​ការផ្តល់​ហិរញ្ញប្បទាន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​៩ ខែមិថុនា ​ដោយមាន​ចូលរួម​ដោយ ឯកឧត្តម​បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ឯកឧត្តម Luke Arnold ភារៈធារី នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។​ ហិរញ្ញប្បទាន​ឥត​សំណង​របស់​របស់​អូស្ត្រាលី​មាន​ទឹកប្រាក់ ១,២ លាន​ដុល្លារ អូស្ត្រាលី ឬ​ស្នើ​នឹង ៩២​ម៉ឺន​ដុល្លារ​អាមេរិក​។ ​ការអនុវត្ត​គម្រោង​មាន​រយៈពេល​ពីរ​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។ឯកឧត្តម​បណ្ឌិត ទី នរិន្ទ មានប្រសាសន៍​ឱ្យ​ដឹង ​នៅ​ថ្ងៃទី​១០​នេះ​ថា ​គម្រោង​នេះ​ពិត​ជា​មាន​សារ​សំខាន់ ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅកាន់​គ្រប់​ភូមិ​ទាំងអស់​នៅ​កម្ពុជា​។ គម្រោង​អភិវឌ្ឍ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​នៅ​ភូមិ​ដែល​មិន​ទាន់​មាន​ការ​ផ្គត់ផ្គង់ គឺ​ផ្តោតលើ​ការ​បំពាក់​ផ្ទាំង​សូ​ឡា ដើម្បី​ផលិត​ថាមពល​ប្រើប្រាស់​តាម​ខ្នង​ផ្ទះ​តាម​ទី​ជនបទ​។គិត​មក​ពេលបច្ចុប្បន្ន ​ការតភ្ជាប់​អគ្គិសនី​ទៅកាន់​ភូមិ​ទូទាំង​ប្រទេស​សម្រេច​បាន​ជាង ៩៧​ភាគរយ​នៃ​ភូមិ​សរុប ប្រមាណ ១៤ ១៦៨​ភូមិ​។ ផ្អែក​តាម​តួលេខ​នេះ កម្ពុជា​នឹង​សម្រេច​បាន​គោលដៅ​ ក្នុង​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​នៅ​ភូមិ​ទាំងអស់​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០២១​នេះ​៕​អត្ថ​ប​ទ វណ្ណៈ 

តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា ព្រមាន​ថា អ្នក​ជក់បារី​ ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ​

2021/06/11 06:03:34 am        1181
ភ្នំពេញ ៖ ​លោកស្រី លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោកប្រចាំ​កម្ពុជា បញ្ជាក់ថា អ្នក​ជក់បារី ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយសារ​ការជក់បារី ​មានន័យថា​ម្រាមដៃ (​និង​បារី​ដែលមាន​ជាតិ​កខ្វក់​) ​មាន​ទំនាក់ទំនង​ជាមួយ​បបូរមាត់​ដែល​បង្កើន​លទ្ធភាព​ឆ្លង​វីរុស​ពី​ដៃ​ទៅ​មាត់​។​លោកស្រី លី អាយ​ឡែ​ន ថ្លែងក្នុងឱកាស​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​ពានរង្វាន់​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ឆ្នាំ​២០២១ នាទី​សី្ត​ការ​ក្រសួង ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​។លោកស្រី បាន​បន្តថា អ្នក​ជក់បារី​ក៏​អាច​មាន​ជំងឺ​សួត​រួចទៅហើយ ​ឬ​បន្ថយ​សមត្ថភាព​សួត​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​។ ហើយ​ការប្រើប្រាស់​ផលិត​ថ្នាំ​ជក់​ដូចជា​ជក់​តាម​បំពង់​បឺត​មានទឹក ​ជា​ញឹកញាប់​អ្នកប្រើប្រាស់​មាន​ចែករំលែក​ទុយោ​បឺត ពី​មាត់​មួយ​ទៅ​មាត់​មួយទៀត ​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ​ចូលទៅក្នុង​សហគមន៍ និង​បរិយាកាស​សង្គម​។ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋម​ន្រី្ត​ក្រសួងសុខាភិបាល ​បាន​ថ្លែងថា​ ក្នុង​ឆ្នាំ​២០២០​កន្លងមក​ ក្នុងអំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-​១៩ ​ក្រសួងសុខាភិបាល ​កាន់តែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការពារ​ប្រជាជន​អំពី​ហានិភ័យ​នៃ​ផ្សែង​បារី​ផលិតផល​ថ្នាំជក់ ដោយ​បាន​តាមដាន​ជាប្រចាំ​ការអនុវត្ត​ច្បាប់ ​និង​បាន​ចាត់វិធានការ​ច្បាប់​ជាមួយ​ក្រុមហ៊ុន​ថ្នាំជក់​មួយ​ចំនួន​ដែល​ល្មើស​នឹង​ច្បាប់​នៃ​ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​ វិធានការ​ចំពោះ​ការផ្សាយពាណិជ្ជកម្ម ​ការ​ផ្សព្វផ្សាយ​លក់ ​និង​ការឧបត្ថម្ភ​កម្មវិធី​ដោយ​ឧស្សាហកម្ម​ថ្នាំជក់ ព្រមទាំង​ជំរុញ​ការអនុវត្ត​ទីកន្លែង​គ្មាន​ផ្សែង​បារី​ ឲ្យ​មាន​ប្រសិទ្ធភាព និង​ជាពិសេស​ពង្រឹង​ការ​លះបង់​ទម្លាប់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ​ដោយ​បាន​បណ្ដុះបណ្ដាល​ម​ន្រី្ត​សុខាភិបាល​តាម​មណ្ឌល​សុខភាព​ចំនួន​៥៨១​រូប ​និង​ធ្វើ​យុទ្ធនាការ​ជំរុញ​ការ​លះបង់​ទម្លាប់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ក្នុង​ដំណាក់កាល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩៕អត្ថបទ រដ្ឋា 

អាជ្ញាធរ​ជាតិ​អប្សរា​ បន្ដ​រៀបចំ​កន្លែង​ទេសចរណ៍ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ក្រោយ​បញ្ចប់​កូ​វីដ​-១៩

2021/06/11 04:56:33 am        284
សៀមរាប ៖ បើទោះបី​មានការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​តំបន់​ទេសចរណ៍​ខេត្ដ​សៀមរាប​ក្ដី ​ ក៏​ប៉ុន្ដែ​អាជ្ញាធរ​ជាតិ​អប្សរា នៅតែ​បន្ដ​ការរៀបចំ​រមណីយដ្ឋាន​អង្គរ​បន្តបន្ទាប់ ​ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​ចូល​មក​ទស្សនា នូវ​សោ​ភ័ណភាព​ទេសភាព ​នៅក្នុង​តំបន់​នោះ​។ឯកឧត្ដម ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ​មានប្រសាសន៍ថា ​តំបន់​រមណីយដ្ឋាន​អង្គរ ព្រមទាំង​ប្រាសាទ​នានា ត្រូវ​បាន​កែលម្អរ ​អោយមាន​ទេសភាព​ស្រស់ស្អាត ​ដូច​សួន​នៅ​បរិវេណ​អង្គរវត្ត ត្រពាំង​សេស ខាងមុខ​អង្គរវត្ដ​ ការរៀបចំ​រចនាសម្ព័ន្ធ​ផ្លូវ និង ប្រពន្ធ​លូ​បង្ហូរទឹក​នៅ​ទីលាន​នៃ​ទីក្រុង​អង្គរធំ​ជាដើម​ ដើម្បី​ជា​ការ​ទាក់ទាញ​អ្នក​ទេសចរណ៍​ក្រោយ​បញ្ចប់​ជំងឺ​កូវីដ​-១៩​។ឯកឧត្ដម​ បាន​បន្ដថា ​ នាពេល​បច្ចុប្បន្ននេះ ​កន្លែង​ខ្លះ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ព្រមទាំង​ប្រាង្គ​ប្រាសាទ ​មាន​ទិដ្ឋភាព​ស្រស់ស្អាត​ ដែល​ធ្វើ​អោយ​ភ្ញៀវទេសចរ​ជាតិ ​និង អន្តរជាតិ​ មានការ​កោតសរសើរ និង​បាន​នឹង​កំពុង​ទាក់ទាញ​ពួកគាត់​មក​ទស្សនា​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​ជំងឺ​កូ​វីដ​-១៩​នេះ និង ក្រោយពេល​បើក​អោយ​ចូល​ទស្សនា ​អស់​រយៈពេល​ជាង១​ខែ​ប៉ុណ្ណោះ​។ ភ្ញៀវ​ទាំងនោះ ភាគច្រើន​ជា​ភ្ញៀវ​ជាតិ ​ដែល​មកពី​បណ្តា​ខេត្ត​ផ្សេងៗ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង ភ្ញៀវ​ក្នុងស្រុក​នៃ​ខេត្តសៀមរាប​ផងដែរ​។​ជាង​នោះ​ទៅទៀត​ ក៏មាន​អ្នកជិះ​កង់​កំសាន្ដ​ក្នុង​រមណីយដ្ឋាន​ច្រើន​កុះករ​ផងដែរ ​ដោយសារ​ផ្លូវ​បាន​រៀបចំ​ស្រស់ស្អាត​។ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា តាម​ការ​ស្រង់​ទិន្នន័យ គិត​ត្រឹម​ថ្ងៃទី​១ ខែឧសភា មកទល់​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ​ឆ្នាំ​២០២១​នេះ ចំពោះ​ភ្ញៀវ​មាន​ចំនួន​សរុប ៧៩,១៨៧​នាក់ ក្នុងនោះ ​ភ្ញៀវ​ជាតិ ចំនួន​៧៥,៣៤៣​នាក់ ភ្ញៀវ​បរទេស​ចំនួន​៣,១៣៧​នាក់ និង​ព្រះសង្ឃ​ចំនួន​៦១៦​អង្គ​។ ​ឯកឧត្ដម បន្ថែមថា ក្រោយ​ការរៀបចំ​ហើយ​នេះ ចំនួន​ភ្ញៀវ​កើន​ឡើង​គួរ​ឲ្យ​គត់​សម្គាល់ ក្នុង​បរិបទ​ជំងឺ​កូ​វីដ-១៩​។​ប៉ុន្ដែ​ទោះជា​យ៉ាងណា ​តំបន់​ទេសចរណ៍​អង្គរ ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ប្រចាំការ​តាម​ច្រក​ត្រួតពិនិត្យ​នោះ ​នៅតែ​បន្ត​អនុវត្ដ​វិធានការ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ ​។​ជាមួយគ្នា​នោះ ​ករណី​ភ្ញៀវ​មិន​ព្រម​អនុវត្តតាម ​ដូចជា​ការ​បាញ់​វាស់​កម្ដៅ ពាក់​ម៉ាស់ បាញ់​អាកុល​ជាដើម​ គឺ​មិន​អនុញ្ញាត​អោយ​ចូល​ជាដាច់ខាត​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំង​កម្ពុជា​មិន​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ចូល​ក្នុង​ទឹក​ដី​ថៃ​ដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
09/23/2025 07:09 PM
សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
09/23/2025 06:09 PM
អ៊ីរ៉ង់ និង E3 នឹងបើកកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម តែឱកាសនៅ​តែស្ដួចស្ដើង
09/23/2025 06:09 PM
បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan
09/23/2025 05:09 PM
មនុស្សយ៉ាងតិច ២នាក់ ស្លាប់ និងជាច្រើននាក់ រងរបួស ក្រោយអគារបាក់រលំ នៅភាគកណ្តាលឥណ្ឌា
09/23/2025 05:09 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងពីការសម្លាប់បុគ្គលិកជំនួយក្នុងសុន្ទរកថា ស្តីពី​ការទទួល​ស្គាល់​ប៉ាឡេស្ទីន
09/23/2025 05:09 PM
ឧទ្ធម្ភាគចក្រ និងរថយន្ត ស្វែងរក និងជួយសង្គ្រោះអ្នកស្រុកជាប់ក្នុងទឹកជំនន់ នៅអ៊ីតាលី
09/23/2025 05:09 PM
លោក Trump នឹងជួបក្រុមមន្ត្រីមកពីប្រទេសមូស្លីមភាគច្រើន ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា
09/23/2025 05:09 PM
ជប៉ុនបដិសេធមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
09/23/2025 05:09 PM
អ្នកការទូតជាន់ខ្ពស់មកពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សម្តែងក្ដីបារម្ភ អំពីច្រកសមុទ្រតៃវ៉ាន់
09/23/2025 05:09 PM